ប្រវត្តិសាស្រ្តពិភពលោក

Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

Recent Posts

អាញ់ស្តាញ់៖ បរាជ័យនៅក្នុងជីវិត

នៅចុងឆ្នាំ១៨៩៤ អាញ់ស្តាញ់ ដែល​រៀន​មិន​ចប់​ថ្នាក់​វិទ្យាល័យ​ផងនោះ​​ ​បាន​ចាកចេញ​ប្រទេស​អាល្លឺម៉ង់ ​ហើយ​ធ្វើ​ដំណើរ​ទៅ​រស់នៅ​ជួបជុំ​ជាមួយគ្រួសារ នៅ​ប៉ែក​ខាងជើង​ប្រទេស​អ៊ីតាលី។ ទៅដល់​មិនយូរ​ប៉ុន្មាន​ផង អាញ់ស្តាញ់​បាន​ដាក់ចិត្ត​ស្រឡាញ់​ប្រទេស​អ៊ីតាលី​ ដែល​ជា​ប្រទេស​មិនប្រកាន់​ទំនៀមទម្លាប់ និង​វិន័យតឹងរ៉ឹង​ដូចអាល្លឺម៉ង់ ហើយ​ប្រជាជន​អ៊ីតាលី​ក៏​​មាន​ភាពរាក់ទាក់ និង​ចិត្តគំនិត​បើក​ចំហ ដែល​ត្រូវនឹង​ផ្នត់គំនិត​របស់​អាញ់ស្តាញ់។

នៅ​ក្នុងដែនដី​ដែល​ជា​ប្រភព​អ្នក​ប្រាជ្ញ​សម័យកាល​ La Renaissance នេះ អាញ់ស្តាញ់​រស់​នៅ​ក្នុង​ជីវិត​មួយ​ពោរពេញ​​ដោយ​ភាពរីករាយ... រីករាយ​នឹង​ការ​ទស្សនា​ការ​​​ប្រគុំតន្រ្តី​បុរាណ, រីករាយ​នឹង​ការ​ទស្សនា​សារៈមន្ទីរ និង​ជាពិសេស រីករាយ​នឹង​ការ​មាន​ពេលវេលា​​គិតពិចារណា និង​អានសៀវភៅ​ទៅ​តាម​ចិត្តចង់។ នៅពេលនោះ អាញ់ស្តាញ់​ផ្តោត​អារម្មណ៍​ខ្លាំង​ទៅនឹង​ការ​សិក្សា​ឈ្វេងយល់ ពី​ប្រវត្តិ​អ្នក​ប្រាជ្ញ​មុនៗ ជាពិសេស អ្នក​ប្រាជ្ញ​ដែល​ទទួលរង​នូវការ​រិះគន់ ឬ​ការ​ដាក់ទោស ដោយ​សារ​តែ​ប្រកាន់​​គំនិត​ផ្ទុយ​ពី​ជំនឿ និង​ទំនៀមទម្លាប់ចាស់ រួមមាន​ដូចជា តារាវិទូ​ប៉ូឡូញ នីកូឡា កូពែរនិក និង​អ្នក​ប្រាជ្ញ​អ៊ីតាលី កាលីលេ ជាដើម។
 
អាល់ប៊ែរ អាញ់ស្តាញ់ កាលពីក្មេង អាយុ ១៤ឆ្នាំ
 
សម្រាប់​មនុស្ស​ដូចជា​អាញ់ស្តាញ់ ដែល​ចូលចិត្ត​មាន​សិទ្ធិសេរីភាព​ពេញលេញ​ក្នុង​ការ​គិតពិចារណា អានសៀវភៅ និង​សិក្សាឈ្វេងយល់​ទៅលើ​ប្រធានបទ​តាម​តែខ្លួន​ចង់ ដោយ​មិន​បារម្ភ​ពី​ការ​គោរពវិន័យសាលា និង​ការបង្រៀន​របស់​គ្រូ គ្មាន​អ្វី​ដែល​សប្បាយ​ជាង​ជីវិត អ្នកប្រាជ្ញ​ក្រៅសាលា" ដូចជា​​នៅ​អ៊ីតាលី​នេះ​ទេ។ ក៏ប៉ុន្តែ ជីវិត​សប្បាយរីករាយ​នេះ​មិនស្ថិតស្ថេរ​នៅ​បាន​យូរ​ប៉ុន្មាន​នោះទេ។

កិច្ចការ​រកស៊ី​របស់​ឪពុក​អាញ់ស្តាញ់​ត្រូវ​ទទួលបរាជ័យ​ជា​បន្តបន្ទាប់ ហើយ​ជីវភាព​គ្រួសារ​ក៏​ចាប់ ផ្តើម​ធ្លាក់ចុះ​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ។ អាញ់ស្តាញ់​ក៏​ចាប់ផ្តើម​ខ្វាយខ្វល់​ពី​ដំណើរជីវិត​ទៅថ្ងៃ​អនាគត។ អាញ់ស្តាញ់​ដឹងច្បាស់​ថា លោក​មិន​អាច​បន្ត​រស់នៅ​ដោយពឹងលើ​ឪពុកម្តាយ​បែបនេះ​តទៅទៀត​បានទេ ហើយ​ការរស់នៅ​តាមរបៀប​របស់​លោក នៅ​អ៊ីតាលី​នេះ ថ្វីដ្បិត​តែ​វា​ជា​ដំណើរជីវិត​ដ៏រីករាយមួយ ហើយ​លោក​ក៏​អាច​កើនចំណេះដឹង​ច្រើន​ជាងកាល​ពី​រៀន​នៅសាលា​ទៅទៀត ក៏ប៉ុន្តែ វា​មិន​អាច​ផ្តល់​ឱកាស ក្នុងការ​ស្វែងរក​ការងារ​ធ្វើ ដើម្បី​បាន​លុយ​មក​ចិញ្ចឹមជីវិត​បាន​នោះដែរ។

ក្រោយ​ពី​បាន​គិតពិចារណា​យ៉ាង​ល្អិតល្អន់ អាញ់ស្តាញ់​ក៏​បាន​កំណត់​ក្នុងចិត្ត​ថា​នឹង​ចាប់យក​អាជីព​ជា​សាស្រ្តាចារ្យ​ ខាង​រូបវិទ្យា ក៏ប៉ុន្តែ ដើម្បីអាច​ធ្វើជា​សាស្រ្តាចារ្យបាន លោក​ចាំបាច់​ត្រូវតែ​​ត្រឡប់​ទៅ​ចូលរៀន​នៅ​សាលាវិញ។ អាញ់ស្តាញ់​ចូលចិត្ត​សាលា​នៅ​អ៊ីតាលី តែ​លោក​មាន​ចំណោទខាងភាសា។ ដូច្នេះហើយ​ទើប​លោក​សម្រេច​ចិត្ត​ទៅ​​​រៀន​ ​នៅ​ស្វ៊ីស ដែល​ជាសាលា​​មាន​ផ្នត់គំនិត​សេរីនិយម​ប្រហាក់ប្រហែល​នឹង​អ៊ីតាលី តែ​ល្អ​ត្រង់​និយាយ​ភាសាអាល្លឺម៉ង់។

អាញ់ស្តាញ់​បាន​សន្យា​ជាមួយ​ឪពុកម្តាយ​ថា​នឹង​ខិតខំរៀន​ដោយ​ខ្លួនឯង​ នៅផ្ទះ ដើម្បី​ប្រឡង​ចូល​រៀន​នៅ​សាលា​ប៉ូលីតិចនិច​ក្រុងហ្ស៊ូរិច ដែល​ជា​សកលវិទ្យាល័យ​ដ៏ល្បីល្បាញ​មួយ​ខាង​ផ្នែក​វិស្វកម្ម និង​វិទ្យាសាស្រ្ត​ទូទៅ។ ក៏ប៉ុន្តែ ការប៉ុនប៉ង​​ប្រឡងចូល​សាលា​ប៉ូលីតិចនិច​​នេះ​ត្រូវ​ទទួល​បរាជ័យ ដោយ​នៅ​ក្នុង​ការ​ប្រឡង នៅឆ្នាំ១៨៩៥ អាញ់ស្តាញ់​បាន​ពិន្ទុ​ល្អ​តែ​ខាង​គណិតវិទ្យា និងរូបវិទ្យា ចំណែក​ឯ​មុខវិជ្ជាផ្សេងទៀត​ធ្លាក់ទាំងអស់។

អគារ​សាលា​ប៉ូលីតិចនិច​ហ្ស៊ូរិច (ស្វីស) ដែល​អាញ់ស្តាញ់​រៀន​បាន​សញ្ញាបត្រ​ជា​សាស្ត្រាចារ្យ​រូបវិទ្យា នៅឆ្នាំ១៩០០


ទោះជាយ៉ាងណា អាញ់ស្តាញ់​ក៏​មិនសុខចិត្ត​បោះបង់​ការ​ព្យាយាម​​តែ​ត្រឹមនោះដែរ ដោយ​បាន​ទៅ​រៀនត្រៀម​មួយឆ្នាំ មុននឹង​ត្រឡប់​មក​ប្រឡង​ម្តងទៀត នៅ​ឆ្នាំ១៨៩៦ ហើយ​​បាន​ជាប់​​ចូលរៀន​សាលា​ប៉ូលីតិចនិច​ហ្ស៊ូរិច​។ នៅ​ក្នុង​អំឡុង​ពេល​ជាមួយគ្នា​នោះ អាញ់ស្តាញ់​បាន​សម្រេច​ចិត្ត​បោះបង់​ចោល​​​សញ្ជាតិ​អាល្លឺម៉ង់​ ដែល​ជា​សញ្ជាតិកំណើត ហើយ​ដាក់ពាក្យ​​សុំសញ្ជាតិ​ស្វ៊ីស។ សញ្ជាតិ​ស្វ៊ីស ដែល​អាញ់ស្តាញ់​ទទួល​បាន នៅ​ឆ្នាំ១៩០១ ក្រោយ​ពី​​បញ្ចប់​ការ​សិក្សា​ថ្នាក់​សកលវិទ្យាល័យ។
នៅសាលា​ប៉ូលីតិចនិក​ក្រុងហ្ស៊ូរិច អាញ់ស្តាញ់​បានបង្កើត​នូវ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មិត្តរួមថ្នាក់​ ម្នាក់​មាន​ដើម​កំណើត​មក​ពី​ស៊ែរប៊ី គឺ មីឡេវ៉ា ម៉ារីច ដែល​ជា​សិស្សស្រីតែម្នាក់​គត់​នៅ​ក្នុងថ្នាក់ តែ​ជា​សិស្ស​ដ៏​ពូកែ​ម្នាក់។ អាញ់ស្តាញ់ និង​ មីឡេវ៉ា ម៉ារីច ចំណាយពេល​ច្រើន​រៀន​ជាមួយគ្នា ជជែកដេញដោលគ្នា​ពី​រូបវិទ្យា ហើយ​បន្តិចម្តងៗ ភាពជិតស្និទ្ធិ​​នៅ​ក្នុង​ទំនាក់ទំនង​ក្នុងការ​សិក្សា​ក៏​បាន​រាលដាល​ទៅ​ជា​ ទំនាក់ទំនង​ផ្ទាល់ខ្លួន។ អ្នក​ទាំងពីរ​​​ចាប់ចិត្ត​ស្រឡាញ់គ្នា ហើយ​សន្យា​ថា​នឹង​រៀបការ​នឹងគ្នា នៅ​ក្រោយ​ពេល​បញ្ចប់​ការសិក្សា។
នៅ​ឆ្នាំ១៩០០ ក្នុងវ័យ ២១ឆ្នាំ អាញ់ស្តាញ់​បាន​ប្រឡង​ជាប់ ទទួល​សញ្ញាបត្រ​ជា​សាស្រ្តចារ្យ​ខាង​រូបវិទ្យា។ នេះ​គួរតែ​ជា​ការ​បើក​ទំព័រ​ជីវិត​ដ៏​មាន​សុភមង្គល​មួយ​សម្រាប់​អាញ់ស្តាញ់។ អាញ់ស្តាញ់​មាន​​គូស្នេហ៍, ​មាន​សញ្ញាបត្រ​ក្នុងដៃ, ​អាច​ចាប់អាជីព​ជា​សាស្រ្តាចារ្យ​ទៅតាម​ក្តីស្រមៃ និង​អាច​រៀបការ​សាងគ្រួសារ​ជាមួយ​គូស្នេហ៍... ក៏ប៉ុន្តែ អ្វីៗ​មិនបាន​​ដំណើរការ​ទៅ​តាម​ក្តីបំណង​ទាំងអស់​នេះ​ទេ។ ក្នុងរយៈពេល​ប្រមាណ​ជា​ជិត២ឆ្នាំ​​ចាប់តាំង​ពី​បញ្ច​ប់​ការ​សិក្សា​ អាញ់ស្តាញ់​ដាក់ពាក្យ​សុំ​បង្រៀន​​នៅ​គ្រប់កន្លែង ក៏ប៉ុន្តែ គ្មាន​សាលាណាមួយ​ទទួល​ឲ្យ​អាញ់​ស្តាញ់​ធ្វើ​ជា​សាស្រ្តាចារ្យ​នោះទេ។
អាញ់ស្តាញ់​ក្លាយ​ជា​អ្នក​អត់ការងារ​ធ្វើ​ដើរទាត់ខ្យល់ ហើយក្រុមគ្រួសារ​ដែល​កំពុងឆ្លងកាត់​បញ្ហា​ក្នុង​ការ​រកស៊ី​ផងនោះ​ក៏​មិន​​ អាច​ផ្ញើ​លុយកាក់​មកជួយ​បាន។ អាញ់ស្តាញ់​ត្រូវ​ធ្លាក់​ក្នុង​សភាពតោកយ៉ាកសុខភាពធ្លាក់ចុះទន់ខ្សោយ ហើយសូម្បីតែលុយបង់ថ្លៃឈ្នួលផ្ទះ ក៏មិនមាន​​​ផង កុំថាឡើយ​ដល់​មាន​លុយ​ទៅ​រៀបការ​ និង​ចិញ្ចឹម​គ្រួសារ។
អាញ់ស្តាញ់​ចាប់ផ្តើម​អស់សង្ឃឹម​ក្នុងជីវិត ហើយ​នៅ​ក្នុង​សំបុត្រ​ខ្លះ​ដែល​ផ្ញើ​ទៅ​ក្រុម​គ្រួសារ​​ដែល​នៅ​អ៊ីតាលី អាញ់ស្តាញ់​ថែម​ទាំង​បាន​សរសេរ​ថា លោក​មិនគួរ​នឹង​ចាប់កំណើត​នៅលើ​លោក​នេះទេ ពីព្រោះ​ថា ជីវិត​របស់​លោក​គឺ​គ្មាន​ន័យ​អ្វី​ទាំងអស់។
ទុក្ខជាន់លើទុក្ខ! នៅ​ក្នុងពេល​ដែល​អាញ់ស្តាញ់​កំពុងតែ​ប្រឈមមុ​ខ​នឹង​ភាពអត់ការងារ​ធ្វើ និង​ជីវភាព​តោកយ៉ាក ឪពុក​របស់​អាញ់ស្តាញ់​​ក៏​ស្រាប់​តែ​ទទួល​មរណភាព ដោយ​ជំងឺ​គាំងបេះដូង ដែល​ជាហេតុ​ធ្វើ​ឲ្យ​ខ្សែជីវិត​របស់​អាញ់ស្តាញ់​កាន់តែ​ត្រូវ​កណ្តោចកណ្តែង​ ថែម​មួយ​កម្រិតទៀត។
ប្រឈមមុខ​នឹង​ជីវភាព​តោកយ៉ាក​ អាញ់ស្តាញ់​ក៏​សម្រេច​ចិត្ត​​​​បោះបង់​ក្តីបំណង​ចង់​ធ្វើ​ជា​សាស្រ្តាចារ្យ​ រូបវិទ្យា ហើយ​សុខចិត្ត​ទទួល​យក​ការងារ​​​ជា​ជំនួយការ​បច្ចេកទេស នៅឯ​​ការិយាល័យ​ចុះបញ្ជី​ប្រកាសនីយបត្រ​តក្កកម្ម​ (Swiss Patent Office) ដែល​​ជា​ស្ថាប័ន​រដ្ឋ​ស្វីស ទទួល​បន្ទុក​​ត្រួតពិនិត្យ​ និង​ចុះបញ្ជី​ការពារ​សិទ្ធិ​លើ​រូបមន្តវិទ្យាសាស្រ្ត ឬ​ការ​ច្នៃប្រឌិត​ថ្មីៗ​ណាមួយ ទៅតាម​ការ​ស្នើសុំ​របស់​ម្ចាស់ស្នាដៃ។ វាមិនមែន​ជាអាជីព​ក្នុងក្តីស្រមៃ​របស់​អាញ់ស្តាញ់​នោះទេ តែ​ទោះជាយ៉ាងណា​វា​ក៏​ជា​ការងារ ដែល​អាច​ផ្តល់​ប្រាក់​ខែ​​គ្រប់គ្រាន់ ក្នុង​ផ្គត់ផ្គង់​ជីវភាព និង​អាច​​ចិញ្ចឹម​គ្រួសារ​បាន។
ក្រោយ​ពី​បាន​ការងារ​ធ្វើ អាញ់ស្តាញ់​បាន​រៀបការ​ជាមួយ​មីឡេវ៉ា ម៉ារីច នៅ​ឆ្នាំ​១៩០៣ ជាមួយ​នឹង​ចំណងដៃ​​​កូនប្រុសទីមួយ នៅ​ឆ្នាំ១៩០៤ មុននឹង​កើតបាន​កូនប្រុស​ទីពីរ ៦ឆ្នាំក្រោយ​មក​ទៀត៕

អាល់ប៊ែរ អាញ់ស្តាញ់ (១៨៧៩-១៩៥៥)

អាល់ប៊ែរ អាញ់ស្តាញ់ ធ្លាប់​ជា​ក្មេង​រៀន​មិន​បាន​លទ្ធផល​ល្អ រហូត​​​ត្រូវ​​សាលា​ដេញចេញ តែ​បាន​ក្លាយ​ជា​អ្នកវិទ្យាសាស្រ្ត​ដែល​ទទួល​រង្វាន់​ណូបែល​ខាង​រូបវិទ្យា, ជា​សកម្មជន​សន្តិភាព​និយម តែ​បាន​បង្កើត​ទ្រឹស្តី ដែល​នាំ​ទៅដល់​ការ​ផលិត​អាវុធ​នុយក្លេអ៊ែរ ដែល​ជា​អាវុធ​ប្រល័យលោក... នេះ​គឺ​ជា​ប្រវត្តិ​នៃ​ដំណើរ​ជីវិត​របស់​អ្នក​ប្រាជ្ញ​ដ៏​ធំបំផុត​មួយ​ក្នុង ​ប្រវត្តិ​សាស្រ្ត ចាប់តាំង​ពី​ក្រោយ​សម័យកាល​អ៊ីសាក់ ញូតុន។

អាល់ប៊ែរ អាញ់ស្តាញ់ កើតនៅថ្ងៃ​ទី១៤ ខែមីនា ឆ្នាំ១៨៧៩ នៅ​ទីក្រុង​អ៊ូម (Ulm) ប្រទេស​អាល្លឺម៉ង់ តែ​ធំដឹងក្តី​​នៅ​ក្នុង​ទីក្រុង​មុយនិច។ អនាគត​អ្នក​ប្រាជ្ញ​ដ៏ល្បី​មួយ​នេះ កើតមក​មិនមាន​លក្ខណៈពិសេស​អ្វី​ឲ្យ​លើស​ពី​ក្មេង​ដទៃ​ទៀត​នោះទេ គឺ​មានតែ​ផ្ទុយ​ទៅវិញ។ អាញ់ស្តាញ់​ជា​ក្មេង​ដែល​ក្រ​ចេះនិយាយ​ រហូត​ធ្វើ​ឲ្យ​ឪពុកម្តាយ​ព្រួយបារម្ភ​ខ្លាំង ហើយ​នាំ​យក​ទៅ​ជួប​គ្រូពេទ្យ។ ទាល់តែ​ដល់​អាយុ​ ៣ ទៅ ៤ឆ្នាំ ទើប​អាញ់ស្តាញ់​ចេះនិយាយ។
 
លោក​អាល់ប៊ែរ អាញ់ស្តាញ់ (Albert Einstein) អ្នក​ប្រាជ្ញ​ដ៏ល្បី​នៅ​ក្នុង​សតវត្សរ៍​ទី២០

នៅវ័យកុមារ នៅ​ក្នុងពេល​ដែល​ក្មេងៗស្របាលគ្នា​នៅ​សម័យនោះ ចូលចិត្ត​លេង​ច្បាំងគ្នា អាញ់ស្តាញ់វិញ ចូលចិត្ត​លេង​សង់ផ្ទះ ជាពិសេស សង់ផ្ទះ​ជាច្រើន​ជាន់​ដោយ​ប្រើ​សន្លឹកបៀរ ហើយ​​ចូលចិត្ត​នៅ​តែឯង អង្គុយ​សញ្ជប់សញ្ជឹង និង​ស្រមើស្រមៃ។ នៅ​ក្នុង​ការស្រមើស្រមៃ​នេះ អាញ់​ស្តាញ់​ចូលចិត្ត​គិត​ពី​អ្វីៗ​ដែល​ហួស​ពី​ការ​មើលឃើញ​ដោយ​ភ្នែក, ពី​អ្វីៗ​ដែល​គេ​ពិបាក​នឹង​ពន្យល់ ហើយ​ក្រោយមក ទម្លាប់​គិតស្រមើស្រមៃ​នេះ​ក៏ក្លាយ​ទៅ​ជា​វិធីសាស្រ្ត​មួយ ក្នុងការ​សិក្សា​ស្រាវជ្រាវ​របស់​អាញ់ស្តាញ់។ វិធីសាស្រ្ត​សិក្សា​ដែល​គេ​ឲ្យឈ្មោះ​ថា ការធ្វើ​ពិសោធន៍​ដោយ​គិត​ក្នុងចិត្ត) ” Thought Experiment)

គ្រឿងលេង​មួយ​ទៀត ដែល​ទាក់ទាញ​អារម្មណ៍​អាញ់ស្តាញ់​យ៉ាងខ្លាំង​ដែរ​​កាល​ពី​ក្មេង គឺ​ត្រីវិស័យ ដែល​អាញ់ស្តាញ់​បាន​ទទួល​ជា​អំណោយ​​ពី​ឪពុក តាំង​ពី​ពេល​មាន​អាយុ​ទើប​នឹង​បាន ៤ ទៅ ៥ឆ្នាំ។ អាញ់ស្តាញ់​មាន​ការ​ចម្លែក​ក្នុងចិត្ត​យ៉ាងខ្លាំង នៅពេល​ដែល​មើលឃើញ​ទ្រនិចត្រីវិស័យ​តែងតែ​ចង្អុល​ទៅ​ទិសដៅមួយ​ជាប់ជានិច្ច គឺ​ទិស​ខាងជើង។ អាញ់ស្តាញ់​សាកល្បង​គ្រប់មធ្យោបាយ ដោយ​យក​ត្រីវិស័យ​ទៅដាក់​ពី​កន្លែងមួយ ទៅ​កន្លែងមួយ ទាំង​ដាក់​ផ្កាប់ ឬ​ផ្ងា ឬក៏​ចាប់បង្វិល​យ៉ាងណា ក៏​​​ទ្រនិច​របស់​វា​នៅតែត្រឡប់​មក​រក​កន្លែង​ដើម គឺ​ចង្អុល​ទៅ​ទិស​ខាងជើង។ អាញ់ស្តាញ់​ឆ្ងល់​ខ្លាំងណាស់ ក៏​សួរ​ទៅ​ឪពុក​ថា តើ​ហេតុអ្វី​បាន​ជា​ទ្រនិច​ត្រីវិស័យ​តែងតែ​ចង្អុល​ទៅ​ទិសតែមួយ​បែបនេះ? ឪពុក​របស់​អាញ់ស្តាញ់​បាន​ពន្យល់​ថា ផែនដី​យើង គឺ​ប្រៀបបាន​នឹង​ដែកឆក់​ដ៏ធំមួយ ដែល​មាន​កម្លាំង​ម៉ាញេទិក​ទាញ​ទ្រនិច​ត្រីវិស័យ​ឲ្យ​ចង្អុល​ទៅ​ទិស​ខាងជើង។ អាញ់ស្តាញ់​កាន់តែ​មាន​ភាព​អស្ចារ្យ​ក្នុងចិត្ត​​ខ្លាំងឡើង​ថែមទៀត នៅពេលដែល​ដឹង​ថា នៅជុំវិញ​ខ្លួនយើង​មាន​កម្លាំង​ដ៏​ចម្លែក​មួយ ដែល​យើង​មើល​មិនឃើញ តែ​មាន​ឥទ្ធិពល​អាច​បង្វិល​ទ្រនិច​ត្រីវិស័យ​បាន។

អនុស្សាវរីយ៍​ជាមួយ​នឹង​ត្រីវិស័យ​បាន​បន្ត​ដក់ជាប់​ក្នុង​គំនិត​របស់​ អាញ់ស្តាញ់ រហូត​ដល់​វ័យ​ចំណាស់​ក៏​លោក​នៅតែ​ចងចាំ ហើយ​បានសរសេររំឭក​ថា គឺ​ចេញ​ពី​ត្រីវិស័យ​នេះហើយ​ ដែល​ធ្វើ​ឲ្យ​លោក​មាន​គំនិត​ដក់​ជាប់មក​រហូត​ថា នៅ​ពី​ខាង​ក្រោយ​អ្វីៗ​ដែល​យើង​មើល​ឃើញ​ដោយ​ភ្នែក គឺ​មាន​អ្វីៗ​ជាច្រើន​ទៀត​ដែល​យើង​មើល​មិនឃើញ។

ក្រៅពី​កម្លាំង​ម៉ាញេទិក នៅ​មាន​កម្លាំង​អរូបិយមួយទៀត ដែល​ទាក់ទាញ​អារម្មណ៍​អាញ់ស្តាញ់​តាំងពី​ក្មេងមក​ដែរ គឺ​អគ្គិសនី។ ឪពុក​របស់​អាញ់ស្តាញ់ គឺ​ជា​​វិស្វករ ហើយ​រួម​ជាមួយ​នឹង​ឪពុកមា​របស់​អាញ់ស្តាញ់ ពួកគាត់​បាន​បង្កើត​​ជា​សហគ្រាស​មួយ ដែល​មាន​ជំនាញ​ខាង​គ្រឿងអគ្គិសនី។ អាញ់ស្តាញ់​មាន​ការ​អស្ចារ្យ​ក្នុង​ចិត្ត​ចំពោះ​ចរន្ត​អគ្គិសនី វាជា​របស់​ដែល​គេ​មិនអាច​មើល​ឃើញ តែ​មាន​អំណាច​ខ្លាំងអស្ចារ្យ ហើយ​ក្នុងពេល​ជាមួយគ្នា ក៏​ពោរពេញ​ទៅ​ដោយ​គ្រោះថ្នាក់។ អាញ់ស្តាញ់​ក៏​មាន​ចម្ងល់​យ៉ាងច្រើន​ផងដែរ​ទាក់ទង​នឹង​អគ្គិសនី ដោយ​​ចោទជា​​សំណួរ​យ៉ាងច្រើន​ មិនចេះចប់​មិនចេះហើយ ចំពោះ​ឪពុក និង​ឪពុកមា។ តើ​អគ្គិសនី​ធ្វើឡើង​ពី​អ្វី? ​មាន​ល្បឿនលឿន​ប៉ុណ្ណា? តើ​គេ​មាន​វិធី​អាច​មើល​វាឃើញ​ដែរទេ? ។ល។ និង​ ។ល។

អាញ់ស្តាញ់​កើតក្នុង​ត្រកូល​ជ្វីហ្វ តែ​មិនមែន​ជា​អ្នក​គោរពប្រតិបត្តិ​តាម​សាសនា​និង​ទំនៀមទម្លាប់​ជ្វីហ្វ​ នោះទេ។ មិនត្រឹមតែ​ប៉ុណ្ណោះ អាញ់ស្តាញ់​ត្រូវ​បាន​ឪពុកម្តាយ​ចុះឈ្មោះ​ឲ្យ​ចូលរៀន​នៅ​សាលាបឋមសិក្សា​ កាតូលិក​ ដោយ​យល់ថា ជា​សាលា​ដែល​មាន​គុណភាព។

ការសិក្សា​របស់​អាញ់ស្តាញ់​​នៅ​ថ្នាក់​បឋមសិក្សា​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ រលូន ដោយ​គ្មាន​ចោទជា​បញ្ហា​អ្វីនោះទេ។ ក៏ប៉ុន្តែ អ្វីៗ​ចាប់ផ្តើម​ប្រែប្រួល នៅ​ពេល​ចូល​ថ្នាក់​អនុវិទ្យាល័យ។ គ្រូរបស់​អាញ់ស្តាញ់​មិនចូលចិត្ត​អាញ់ស្តាញ់​ដែល​ចូលចិត្ត​សួរដេញដោល​ច្រើន​ ហួសហេតុ ហើយ​ជាពិសេស គឺ​សួរ​ពី​រឿង​ដែល​ហួស​ពី​កម្មវិធី​សិក្សា ឬ​ក្រៅកម្មវិធី​សិក្សា។ ចំណែក​ឯ​អាញ់ស្តាញ់​វិញ ក៏​មិនចូលចិត្ត​​សាលា៖​ មិនចូលចិត្ត​ទាំង​​ការ​តម្រូវ​ឲ្យ​ស្លៀកពាក់ឯកសណ្ឋាន និង​វិន័យតឹងតែង​ដូច​សាលាទាហាន, មិនចូលចិត្ត​ទាំង​បរិយាកាស​ជុំវិញ ដោយសារ​តែ​អាញ់ស្តាញ់​មាន​គំនិត​ខុសគេ មានចំណាប់អារម្មណ៍ និង​ចំណូលចិត្ត​ខុសគេ ពិបាក​ក្នុងការ​រាប់អានមិត្ត និង​ជាពិសេស គឺ​អាញ់ស្តាញ់​មិនចូលចិត្ត​ការ​បង្រៀន ដែល​តម្រូវ​ឲ្យ​មាន​ការ​អាន និង​​ទន្ទេញចាំមាត់ និង​ទាមទារ​ឲ្យ​សិស្ស​​គោរព​តាម​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​សេចក្តីបង្រៀន​របស់​ គ្រូ ដោយ​មិន​បើក​ចំហ​ឲ្យ​មាន​ការចោទសួរ ឬ​ជជែកដេញដោល។

បន្តិចម្តងៗ អាញ់ស្តាញ់​ក៏​មាន​ការ​សោះល្វើយ​ក្នុងការ​រៀនសូត្រ លើកលែងតែ​មុខវិជ្ជា​មួយ ដែល​អាញ់ស្តាញ់​​ចូលចិត្ត​ជាងគេ គឺ​គណិតវិទ្យា ដោយសារ​តែ​វា​ជា​មុខវិជ្ជាមួយ ដែល​ទាមទារ​ឲ្យ​មាន​ការ​ត្រិរិះពិចារណា ហើយ​មិនចេះតែ​អាន និង​ទន្ទេញចាំមាត់។

នៅពេល​អាញ់ស្តាញ់​មាន​អាយុ ១៦ឆ្នាំ ដោយសារ​តែ​មុខ​ជំនួញ​របស់​ឪពុក ក្រុមគ្រួសារ​របស់​អាញ់ស្តាញ់​​បាន​រើចេញ​ពី​អាល្លឺម៉ង់​ទៅ​រស់​នៅ​អ៊ីតាលី​ ក៏ប៉ុន្តែ ឪពុក​របស់​អាញ់ស្តាញ់​ដែល​មាន​ក្តីស្រមៃ​ចង់​ឲ្យ​កូន​ក្លាយ​ជា​វិស្វករ​ ក៏​បាន​ទុក​ឲ្យ​អាញ់ស្តាញ់​បន្ត​ការ​រៀនសូត្រ​នៅ​ទីក្រុង​មុយនិច​ តែម្នាក់ឯង។

ការបែកពី​ក្រុមគ្រួសារ​បាន​ធ្វើ​ឲ្យ​អាញ់ស្តាញ់​មាន​ភាពកណ្តោចកណ្តែង ហើយរួម​ជាមួយ​នឹង​ការ​មិនចូលចិត្ត​សាលា​ស្រាប់ អាញ់ស្តាញ់​ក៏​រៀន​លែងចូល ហើយ​ជារឿយៗ តែងតែ​​រង​ទណ្ឌកម្ម ដោយ​ការ​ធ្វើ​ល្មើស​នឹង​វិន័យសាលា។ អាញ់ស្តាញ់​មាន​ផ្នត់គំនិត​មួយ​ថា ការ​ស្តាប់​តែ​តាម​បញ្ជាគ្រូ ឬ​គោរព​តាមតែ​​វិន័យ​ដោយមិនគិតពិចារណា វា​គឺ​ជា​សត្រូវ​ដ៏ធំបំផុត​​នៃ​ការស្វែងរក​សេចក្តីពិត។​​ នៅទីបំផុត អាញ់ស្តាញ់​ក៏​ត្រូវគេ​បណ្តេញ​ចេញ​ពី​សាលា​ឈប់​ឲ្យ​រៀន​តទៅទៀត។ 

ការបណ្តេញចេញ​ពី​សាលា បើទោះបីជាសាលា​ដែល​អាញ់ស្តាញ់​មិនចូលចិត្ត តែ​វា​ជា​បទពិសោធន៍​ដ៏ជូរចត់​មួយ សម្រាប់​អាញ់ស្តាញ់។ អាញ់ស្តាញ់​ខឹង​នឹង​គ្រូ ព្រមទាំង​​មានភាព​អាម៉ាស់ និង​ខកចិត្ត​ចំពោះ​ខ្លួនឯង ដែល​ទទួលបរាជ័យ​​នៅ​សាលា។ ក៏ប៉ុន្តែ នៅក្នុងពេល​ជាមួយគ្នា អាញ់ស្តាញ់​ក៏​សប្បាយចិត្ត​ដែរ... សប្បាយចិត្តនឹង​​បាន​ទៅ​រស់នៅ​ជួបជុំ​គ្រួសារ​នៅ​អ៊ីតាលី៕

ញូតុន៖ រវាងភាពឆ្លាតវៃខាងប្រាជ្ញា និងភាពផុយស្រួយ ខាងផ្លូវចិត្ត

អ៊ីសាក់ ញូតុន ចាប់កំណើតឡើង​ជាទារក​ដែល​កើតមិនគ្រប់ខែ ​មាន​សុខភាព​ផុយស្រួយ រហូត​ធ្វើ​ឲ្យ​ម្តាយ​គិត​ថា​​ប្រហែល​ជា​មិន​អាច​រស់ ក៏ប៉ុន្តែ នៅទីបំផុត​ទៅ ញូតុន​មិន​ត្រឹមតែ​អាច​រស់នៅ​មាន​សុខភាព​ល្អ​រហូតដល់​ចាស់​ប៉ុណ្ណោះទេ តែ​រស់នៅ​ក្នុង​ជីវិត​ដែល​ពោរពេញ​ទៅដោយ​ភាព​ជោគជ័យ និង​មានឈ្មោះ​ជា​អ្នក​ប្រាជ្ញ​គ្មានពីរលើលោក។

ក៏ប៉ុន្តែ ព្រមជាមួយ​នឹង​ភាព​មាំមួន​ខាង​សុខភាព​ផ្លូវកាយ និង​ភាពឈ្លាសវៃ​ខាង​សុខភាព​ផ្លូវ​បញ្ញា ញូតុន​គឺ​ជា​មនុស្ស​ដែល​មាន​បញ្ហា​ច្រើន​ខាង​ផ្លូវចិត្ត។ ភាពផុយស្រួយ​ខាង​ផ្លូវចិត្ត ដែល​កើតឡើង​ ដោយសារ​តែ​​ការ​ឆ្លងកាត់​ជីវិត​កុមារភាព​ដែល​ខ្វះភាពកក់ក្តៅ​ពី​ឪពុកម្តាយ​ ផង និង​ដោយសារ​តែ​ការ​ចំណាយ​ពេល​ច្រើន​ហួសហេតុ​​ក្នុងការ​សិក្សាស្រាវជ្រាវ។

នៅ​ពេញ​ក្នុង​មួយជីវិត​របស់​ញូតុន គេ​ដឹង​ថា ញូតុន​ធ្លាប់​មាន​បញ្ហា​ផ្លូវចិត្ត​ធ្ងន់ធ្ង​រយ៉ាងតិច​ចំនួន​ពីរលើក។ វិបត្តិ​ផ្លូវចិត្ត​ដែល​គេ​តែងតែ​លើក​យក​មក​និយាយ​ច្រើន​ជាងគេ គឺ​នៅ​ក្នុង​ចន្លោះ​ឆ្នាំ១៦៩២-១៦៩៣។ នៅ​មុនពេលនោះ ញូតុន​បាន​ចំណាយ​ពេល​ច្រើន ស្នាក់​នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ជាពិសេស នៅ​ក្រោយ​ពេល​ដែល​ត្រូវ​បាន​ក្លាយ​ជា​សមាជិក​សភា​អង់គ្លេស។

សៀវភៅ Principia Mathematica របស់​ញូតុន ដែល​​ជា​មូលដ្ឋាន​គ្រឹះ​នៃ​រូបវិទ្យា​

នៅ​ក្នុង​ពេល​ស្នាក់នៅ​ទីក្រុងឡុងដ៍​នោះហើយ ដែល​ញូតុន​បាន​ជួប​​ទស្សនវិទូ​ដ៏ល្បីល្បាញ​​ក្នុងប្រវត្តិសាស្រ្ត គឺ​ចន ឡុក (John Locke)។ អ្នក​ប្រាជ្ញ​ទាំងពីរ​ចូលចិត្ត​ទ្រឹស្តី​គ្នា​ទៅវិញ​ទៅមក គោរពគ្នា​ទៅវិញ​ទៅមក ហើយ​​ចន ឡុក បាន​ក្លាយ​ជា​មិត្តដ៏ជិតស្និទ្ធ​ និង​ដ៏​កម្រ​មួយ​របស់​ញូតុន។

ក៏ប៉ុន្តែ នៅ​ក្នុង​អំឡុង​ឆ្នាំ១៦៩២ ចន ឡុក បាន​សង្កេតឃើញ​ភាព​មិន​ប្រក្រតី​កើតឡើង នៅ​ក្នុង​ឥរិយាបថ​របស់​ញូតុន។ ញូតុន​លែង​ជួប​ជជែក និង​ចែកចាយ​ទ្រឹស្តី​របស់​លោក​ជាមួយ​នឹង​ចន ឡុក​ ដូចដែល​ធ្លាប់​ធ្វើ​កាល​ពីមុន ហើយ​កាន់តែ​ចម្លែក​ជាងនេះ​ទៅទៀត ចន ឡុក បាន​ទទួល​សំបុត្រ​ពី​ញុតុន ដែល​សរសេរ​រឿងចម្លែកៗ រួមមាន​ដូចជា​ការ​ចោទ​ចន ឡុក ថា មាន​គម្រោង​ធ្វើ​បាប​លោក ជាដើម។ តាមការពិត នៅ​ពេលនោះ ញូតុន​កំពុង​ឆ្លងកាត់​នូវ​ជំងឺ​ផ្លូវចិត្ត​ដ៏ធ្ងន់ធ្ងរ ហើយ​វិបត្តិ​ផ្លូវចិត្ត​នេះ​បាន​អូសបន្លាយពេល​ប្រមាណ​ជា ១៨ខែ ទើប​ញូតុន​បាន​ជា​សះស្បើយ​មកវិញ។ ក្រោយ​ពី​ជា​ពី​ជម្ងឺផ្លូវចិត្ត ញូតុន​​ត្រូវ​បាន​រដ្ឋាភិបាល​តែងតាំង​ឲ្យ​ធ្វើ​ជា​អ្ន​កចាត់ចែង​ខាង​ បោះពុម្ពលុយ​ ដែល​ជាមុខតំណែង​មួយ ទទួល​បាន​ប្រាក់​ខែ​យ៉ាងច្រើន​ជាង​កាល​ពី​ពេល​ធ្វើ​ជា​សាស្រ្តាចារ្យ។

តាមការពិត បើ​គេ​ពិនិត្យ​មើល​ជារួម​ក្នុង​ជីវិត​របស់​ញូតុន ក្រៅតែ​ពី​បញ្ហា​ស្មុគស្មាញ​ក្នុង​គ្រួសារ​ពី​កុមារភាព និង​វិបត្តិ​ផ្លូវចិត្ត ញូតុន​មាន​ជីវិត​ប្រកប​ដោយ​ភាព​រុងរឿង មានទាំង​កេរ្តិ៍ឈ្មោះ កិត្តិយស ឋានៈ និង​ទ្រព្យសម្បត្តិ​។ បើ​ប្រៀបធៀប​ជាមួយ​នឹង​កាលីលេ ដែល​ជា​អ្នក​វិទ្យាសាស្រ្ត​មាន​គំនិត​បដិវត្តន៍​ផ្ទុយ​ពីគំនិត​ចាស់បុរាណ និង​ផ្ទុយ​ពី​ការបង្រៀន​របស់​សាសនា​កាតូលិក​ដូចគ្នា ជីវិត​របស់​ញូតុន​ គឺ​ខុសគ្នា​ស្រឡះ​ដូចមេឃ​និង​ដី ពី​ជីវិត​របស់​កាលីលេ។ ញូតុន​មិន​ត្រឹមតែ​មិន​ត្រូវ​បាន​គេ​ផ្តន្ទាទោស​ជា​អ្នក​ប្រឆាំង​នឹង​សាសនា​ នោះទេ តែ​ត្រូវ​បាន​គេ​គោរព​ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅប្រទេស ទាំង​ក្នុង​ចំណោម​អ្នក​វិទ្យាសាស្រ្ត និង​​ខាង​នយោបាយ។

លោក​អ៊ីសាក់ ញូតុន នៅ​ក្នុង​វ័យ​ចំណាស់
 
ញូតុន​បាន​ធ្វើ​ជា​សមាជិក​សភា ធ្វើ​ជា​អ្នក​គ្រប់គ្រង​ការ​បោះពុម្ពលុយ​របស់​អង់គ្លេស បាន​ធ្វើ​ជា​ប្រធាន​បណ្ឌិតសភា​វិទ្យាសាស្រ្ត​អង់គ្លេស និង​ជា​សមាជិក​កិត្តិយស​នៃ​បណ្ឌិតសភា​វិទ្យាសាស្រ្ត​បារាំង។ នៅ​ឆ្នាំ​១៧០៥ ញូតុន​ត្រូវ​បាន​ព្រះមហាក្សត្រិយ​អង់គ្លេស​ប្រទាន​គ្រឿង​ឥស្សរិយយស​​ថ្នាក់​ ខ្ពស់​មួយ ហើយ​អ៊ីសាក់ ញូតុន បាន​ទទួល​ងារ​ជា ស័រ អ៊ីសាក់ ញូតុន (Sir Isaac Newton)

ញូតុន​​ទទួល​មរណភាព នៅថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ១៧២៧ ក្នុង​ជន្មាយុ ៨៥ឆ្នាំ។ សព​របស់​ញូតុន​ត្រូវ​បាន​គេ​យក​ទៅ​បញ្ចុះ​ នៅ​ឯ​វិហារ​វេសមីនស្ទ័រ (Westminster Abbey) ស្ថិត​នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ទល់មុខ Big Ben និង​​វិមាន​សភា​អង់គ្លេស​បច្ចុប្បន្ន។ វិហារ​វេសមីនស្ទ័រ​​​ជាទូទៅ​ត្រូវ​បាន​គេ​យក​ធ្វើ​ជា​ទីកន្លែង​សម្រាប់​ ស្តេចឡើង​គ្រងរាជ្យ និង​ជា​ទី​បញ្ចុះសព​ព្រះមហាក្សត្រ និង​រាជវង្សានុវង្ស​របស់អង់គ្លេស។ ញូតុន​គឺ​ជា​អ្ន​កវិទ្យាសាស្រ្ត​ទីមួយ ដែលត្រូវ​បាន​គេ​ផ្តល់​កិត្តិយស ឲ្យ​បញ្ចុះសព​នៅ​ទីនោះ។

សម្រាប់​អ្នក​ប្រវត្តិសាស្រ្ត និង​អ្នក​វិទ្យាសាស្រ្ត​ជាទូទៅ មរតក​ដែល​ញូតុន​បាន​បន្សល់ទុក​សម្រាប់​វិទ្យាសាស្រ្ត​សម័យ​ទំនើប គឺ​មានតម្លៃ​កាត់ថ្លៃ​មិនបាន។ ច្បាប់​នៃ​ចលនា, កម្លាំងទំនាញសកល, វិធីសាស្រ្តគណនា​ឌីហ្វេរ៉ង់ស្យេល​និង​អាំងតេក្រាល, អុបទិក ពន្លឺ​និង​ពណ៌... ទាំងអស់នេះ សុទ្ធសឹង​ជា​ទ្រឹស្តី​សំខាន់ៗ​ ដែល​ញូតុន​បាន​បន្សល់ទុក ហើយ​ដែល​បាន​នាំមក​នូវការ​ផ្លាស់ប្តូរ មិនត្រឹមតែ​ចំណេះដឹង​ខាង​ផ្នែក​ទ្រឹស្តី​នៃ​វិទ្យាសាស្រ្ត និង​ការ​យល់ដឹង​របស់​មនុស្ស​ចំពោះ​បាតុភូត​ធម្មជាតិ​តែ​ប៉ុណ្ណោះទេ តែ​ក៏​បាន​នាំមក​នូវ​ការ​រីកចម្រើន​​យ៉ាងច្រើន​ផងដែរ ចំពោះ​បច្ចេកវិទ្យា​នៅ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​មនុស្ស​ជាទូទៅ។

មនុស្ស​នៅ​ក្នុង​ជំនាន់ញូតុន និង​នៅ​ក្នុងរយៈពេល​រាប់រយឆ្នាំក្រោយៗមកទៀត ចាត់ទុក​ញូតុន​ថា​ជា​អ្នក​ប្រាជ្ញ​ដែល​មានប្រាជ្ញាញាណ​កំពូល​ស្ទើរដូចព្រះ, ជាអ្នក​ដែល​មាន​ចំណេះដឹង​ស្ទើរគ្មាន​ដែនកំណត់។ រហូត​ប្រមាណ​ជា ២០០ឆ្នាំក្រោយមក ទើប​ទ្រឹស្តី​របស់​ញូតុន​ត្រូវ​បានសើរើ និង​កែតម្រូវ ដោយ​អ្នក​ប្រាជ្ញ​ថ្មី​មួយរូបទៀត គឺ​អាល់ប៊ែរ អាញ់ស្តាញ់។ ក៏ប៉ុន្តែ សម្រាប់​ញូតុន​ នេះ​​ប្រហែល​មិនមែន​ជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ ពីព្រោះថា ញូតុន​ខ្លួនឯង​ផ្ទាល់​ធ្លាប់​បាន​លើកឡើង​ថា ខ្ញុំ​មិនដឹង​ ថាតើ​មនុស្ស​ម្នាទូទៅ​ចាត់ទុក​​ខ្ញុំ​ជា​មនុស្ស​បែបណា​នោះទេ តែ​សម្រាប់​ខ្លួនខ្ញុំ​ផ្ទាល់ ខ្ញុំ​ប្រៀបដូចជា​កូនក្មេងម្នាក់ ដែល​កំពុងលេង​នៅលើ​ឆ្នេរសមុទ្រ ហើយ​​ក៏​អាច​រកឃើញ​ដុំគ្រួស ឬ​សម្បក​ខ្យង​ដ៏ស្រស់ស្អាត​ខុសពីធម្មតា​​មួយ​ដុំ ក្នុងពេល​ដែល​​​នៅ​ចំពោះ​មុខខ្ញុំ មាន​មហាសាគរ​ដ៏ធំល្វឹងល្វើយ ដែលបង្កប់​នូវ​វត្ថុ​កាន់តែ​ស្រស់ស្អាត​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ផ្សេងទៀត មិន​ទាន់​ត្រូវ​បាន​រកឃើញ​នៅឡើ

 ចំពោះ​អ្នក​ប្រាជ្ញ​ដែល​ជា​រៀមច្បង​ជំនាន់មុនវិញ ញូតុន​ក៏​បាន​បង្ហាញ​នូវ​ការគោរព​យ៉ាងច្រើន​ផងដែរ ទាំង​ចំពោះ​អ្នក​ប្រាជ្ញ​ដែល​បាន​បង្កើត​ទ្រឹស្តី ដែល​ញូតុន​ខ្លួនឯង​យល់ថា​មាន​ការ​ខ្វះចន្លោះ​ច្រើន​នៅឡើយ​ក៏ដោយ។ ផ្នត់គំនិត​បែបនេះ​ត្រូវ​បាន​ឆ្លុះបញ្ចាំង​ឲ្យឃើញ​តាម​រយៈសម្តីមួយឃ្លា​របស់ ​ញូតុន ​ដែល​គេត្រូវបាន​គេ​​កត់ចំណាំ​ទុក​មកទល់​នឹង​ពេល​បច្ចុប្បន្ន៖ ខ្ញុំ​អាច​មើល​ឃើញ​បាន​ឆ្ងាយ​ជាង​អ្នក​ផ្សេង គឺ​ដោយសារ​តែ​ខ្ញុំ​​ឈរនៅ​​លើ​ស្មា​យក្ស ដែល​មាន​អត្ថន័យ​ជា​រួម​ថា ការណ៍​ដែល​លោក​អាច​​សិក្សា​រហូត​​ឈាន​ទៅដល់​ការ​បង្កើត​ ទ្រឹស្តីវិទ្យាសាស្រ្ត​​ជាច្រើន​បាន គឺដោយសារ​តែ​លោក​ឈរលើ​ទ្រឹស្តី​ដែល​អ្នក​ផ្សេង​បាន​រកឃើញ៕

ញូតុន៖ រវាងភាពល្បីល្បាញ និងភាពចម្រូងចម្រាស

ញូតុន​ត្រូវបានគេ​ស្គាល់​ថា​ជា​អ្នកប្រាជ្ញ​​ដែល​មាន​ជំនាញ​ខាង​ផ្នែក​ វិទ្យាសាស្រ្ត​ជាទូទៅ ហើយ​បាន​បង្កើត​ស្នាដៃ​ជាច្រើន នៅ​ក្នុង​ផ្នែក​ខុសៗគ្នា ទាំង​​ខាង​គណិតវិទ្យា (ដូចជា ការ​បង្កើត​ទ្រឹស្តី​ទាក់ទង​នឹង​ការគណនា​ឌីហ្វេរ៉ង់ស្យែល​និង​អាំងតេក្រាល) ខាងផ្នែក​អុបទិក (ជាពិសេស ការ​បង្កើត​តេឡេស្កុប​ប្រភេទ​ថ្មី និង​ការ​សិក្សា​ទៅលើ​ពណ៌​និង​ពន្លឺ) និង​ទាំងខាងផ្នែក​រូបវិទ្យា​និង​តារាសាស្រ្ត។

ស្នាដៃ​របស់​ញូតុន​ដែល​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​ជាងគេ គឺ​ទាក់ទង​នឹង​កម្លាំង​ទំនាញ​សកល និង ​ច្បាប់​នៃ​ចលនា។ ច្បាប់​នៃ​ចលនា​ដែល​មាន​មូលដ្ឋាន​គ្រឹះ​ចេញ​ពី​ទ្រឹស្តី​របស់​កាលីលេ​ត្រូវ​ បានញូតុន​យក​មក​សិក្សា​លម្អិត​ហើយ​បង្កើត​ជា​ទ្រឹស្តី​សំខាន់ៗ​ចំនួន៣។

ទ្រឹស្តីទី១​កំណត់​ថា វត្ថុមួយ​ដែលនៅនឹងថ្កល់​គ្មាន​ចលនា​នឹងនៅតែ​​បន្ត​ស្ថិតនៅ​នឹងថ្កល់​ គ្មានចលនា ហើយ​វត្ថុ​​ដែល​មាន​ចលនា​នឹង​នៅតែ​បន្ត​មាន​ចលនា​នៅ​ក្នុង​ទិសដៅ​និង​ល្បឿន​ ដដែល លុះត្រាតែមាន​អន្តរាគមន៍​ពី​កម្លាំង​មក​ពី​ខាងក្រៅ។ ទ្រឹស្តីទី២​កំណត់​ថា កម្លាំង​​គឺ​ស្មើ​នឹង​ម៉ាស​គុណ​នឹង​សន្ទុះ។ ចំណែក​ឯ​ទ្រឹស្តីទី៣​កំណត់​ថា រាល់​កម្លាំង​នៃ​វត្ថុមួយ​ទៅលើ​វត្ថុណាមួយ​ផ្សេងទៀត គឺ​តែងតែ​មាន​​ប្រតិកម្ម​​​ជា​កម្លាំងស្មើគ្នា​តបមកវិញ។

ទ្រឹស្តី​អស់ទាំងនេះ​ត្រូវ​បាន​ញូតុន​ចងក្រង​ជាសៀវភៅ ដែល​មាន​ចំណងជើង​ថា Principia ហើយ​ចេញផ្សាយ​ជាលើកដំបូង នៅ​ឆ្នាំ​១៦៨៧។ ក្រោយ​ពី​មាន​ការ​ចេញផ្សាយ​សៀវភៅ Principia នេះហើយដែល​កេរ្តិ៍ឈ្មោះ​របស់​ញូតុន​ចាប់ផ្តើម​ល្បីរន្ទឺ នៅ​ក្នុង​ចំណោម​អ្នក​វិទ្យាសាស្រ្ត ទាំង​នៅ​ក្នុង​ប្រទេស​អង់គ្លេស និង​នៅលើ​ឆាកអន្តរជាតិ។

នៅឆ្នាំ១៦៨៩ ញូតុន​ត្រូវ​បាន​ក្លាយ​ជា​សមាជិក​សភា​អង់គ្លេស ហើយ​នៅ​ឆ្នាំ​១៧០៣ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​បណ្ឌិតសភា​វិទ្យាសាស្រ្ត​ អង់គ្លេស (The Royal Society) និង​ជា​សមាជិក​កិត្តិយស​នៃ​បណ្ឌិតវិទ្យាសាស្រ្ត​វិទ្យាសាស្រ្ត​បារាំង។

ព្រមជាមួយ​នឹង​ភាពល្បីល្បាញ​នេះ ជីវិត​របស់​ញូតុន​ក៏​ពោរពេញទៅដោយ​ភាពចម្រូងចម្រាស​យ៉ាងច្រើន​ផងដែរ ជាពិសេស គឺ​ជម្លោះ​ជាមួយ​នឹង​អ្នក​ប្រាជ្ញ​ផ្សេងទៀត។ ជម្លោះ​ដ៏ខ្លាំងក្លា​ជាងគេ ហើយ​ដែល​ជា​បញ្ហា​ចម្រូងចម្រាស​តាមជាប់​នឹង​ជីវិត​របស់​ញូតុន ព្រមទាំង​ដក់​ជាប់នឹង​ប្រវត្តិ​របស់​​ញូតុន​​ក្រោយៗមកទៀត គឺ​ជម្លោះ​ជាមួយ រ៉ូបឺត ហ៊ូក (Robert Hooke) និង​ជម្លោះ​ជាមួយ ហ្កតហ្វ្រីដ ឡែបនីតស៍ (Gottfried Leibnitz)

រ៉ូបឺត ហ៊ូក គឺ​ជា​អ្នក​ប្រាជ្ញអង់គ្លេស ហើយ​ដែល​គេ​អាច​និយាយ​ថា​ជា​រៀមច្បង​របស់​ញូតុន ជាពិសេស នៅ​បណ្ឌិតសភា​វិទ្យាសាស្រ្ត ដែល​រ៉ូបឺត​ ហ៊ូក មាន​តួនាទី​ដ៏សំខាន់ តាំង​ពីមុន​ពេល​ដែល​ញូតុន​​បាន​ចូល​ជា​សមាជិកទៅទៀត។
 
លោក​រ៉ូបឺត ហ៊ូក អ្ន​កវិទ្យាសាស្រ្ត​អង់គ្លេស ដែល​ជា​គូជម្លោះ​ដ៏ធំ​របស់​ញូតុន
 
នៅ​បណ្ឌិតសភា​វិទ្យាសាស្រ្ត រ៉ូបឺត ហ៊ូក មានតួនាទី​ជា​អ្នក​ធ្វើ​ពិសោធន៍។ ធ្វើ​ពិសោធន៍​សម្រាប់ខ្លួនឯង ឬ​ធ្វើ​ពិសោធន៍​ទៅ​តាម​សំណើ​​របស់​អ្នក​វិទ្យាសាស្រ្ត​ផ្សេងទៀត ឬ​ក៏​ធ្វើ​ពិសោធន៍​ដើម្បី​ផ្ទៀងផ្ទាត់​​ទ្រឹស្តី​ថ្មីៗ​ដែល​គេ​ទើប​នឹង​ រកឃើញ។ នៅ​ក្នុង​បរិបទនេះ​ហើយ​ដែល​ជម្លោះ​ រវាង​រ៉ូបឺត ហ៊ូក និង​ញូតុន​ បាន​ចាប់ផ្ទុះឡើង នៅ​អំឡុង​ឆ្នាំ១៦៧២ នៅពេល​ដែល​ញូតុន​បាន​ចូល​ជា​សមាជិក​បណ្ឌិតសភា​វិទ្យាសាស្រ្ត ហើយ​ជម្លោះ​នេះ​កើតចេញ​ដំបូង ពី​ទ្រឹស្តី​ទាក់ទង​នឹង​​ពន្លឺ។

នៅ​ក្នុង​អំឡុង​ឆ្នាំ​១៦៦៦ ញូតុន​បាន​ចំណាយពេល​សិក្សា​​លម្អិត​ទៅលើ​ចំណាំងផ្លាត​នៃ​ពន្លឺ។ តាមរយៈ​ការពិសោធន៍​ ញូតុន​បាន​រកឃើញ​ថា ពន្លឺថ្ងៃ​ ដែល​យើង​មើល​ទៅ​ឃើញ​ថា​មាន​ពណ៌​ ស តាមការពិត​ទៅ គឺ​ផ្សំឡើង​ដោយពន្លឺ ដែល​មាន​ចម្រុះពណ៌​គ្នា។ ប្រសិន​បើ​គេ​ឲ្យ​ពន្លឺថ្ងៃ​ចាំង​កាត់​តាម​កែវចំណាំងផ្លាត (Prisme) ពន្លឺនេះ​នឹង​ចាំងចេញមកវិញ ដោយ​បំបែកទៅ​ជា​ពណ៌​ដើម​រៀងៗខ្លួន ដែល​មាន​តាំង​ពី​ពណ៌ ក្រហម លឿង បៃតង ខៀវ ​ស្វាយ ពោលគឺ​ពណ៌​ឥន្ទធនូ។ តាមការពិត គឺ​ចំណាំងផ្លាត​នៃ​ពន្លឺព្រះអាទិត្យ​ដែល​​ចាំងកាត់​តាម​តំណក់​ទឹកភ្លៀង ដែល​បង្កើត​ទៅ​ជា​​​ឥន្ទធនូ។

ចេញ​ពី​ការ​សិក្សា​ទៅលើ​ពណ៌ និង​​ចំណាំងផ្លាតនៃ​ពន្លឺ​នេះ ញូតុន​បាន​រកឃើញ​នូវ​វិធីសាស្រ្ត​ថ្មីមួយ ដែល​អាច​បង្កើត​តេឡេស្កុប​ដែល​មាន​ប្រសិទ្ធភាព​ល្អ​ដាច់ឆ្ងាយ​ជាង​ប្រភេទ​ តេឡេស្កុប ដែល​បង្កើត​ឡើង​ដោយ​កាលីលេ។ នៅឆ្នាំ១៦៧២ ទៅតាម​សំណើ​របស់​បណ្ឌិតសភា​វិទ្យាសាស្រ្ត​អង់គ្លេស​ ញូតុន​បាន​យក​លទ្ធផល​នៃ​ការ​សិក្សា​របស់​លោក​ទៅ​ដាក់​បង្ហាញ​ដល់​សមាជិក​ ផ្សេងទៀត ក្នុង​បណ្ឌិតសភា។ នៅពេលនោះ ទ្រឹស្តី​នៃ​ពន្លឺ និង​តេឡេស្កុប​របស់​ញូតុន​បាន​ទទួល​នូវការ​កោតសើរសើរ​ពី​សំណាក់​អ្នក​ វិទ្យាសាស្រ្ត​ជាច្រើន​ផ្សេងទៀត ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា​ ក៏មានដែរ​ការ​រិះគន់។ ការរិះគន់​ខ្លាំងជាងគេ គឺ​ចេញ​ពី​រ៉ូបឺត ហ៊ូក។

រ៉ូបឺត ហ៊ូក បានបង្ហាញ​នូវ​ការ​ឯកភាព​ទៅលើ​លទ្ធផល​នៃ​ការ​សិក្សា​របស់​ញូតុន​ជាទូទៅ ក៏ប៉ុន្តែ បាន​បង្ហាញ​នូវ​មន្ទិល​សង្ស័យ​ទៅលើ​ភាព​ត្រឹមត្រូវ​នៃ​វិធីសាស្រ្ត​ក្នុង​ ការ​ធ្វើ​ពិសោធន៍​របស់​ញូតុន។ តាមការពិត នេះ​គឺ​ជា​រឿងធម្មតា នៅ​ក្នុង​ចំណោម​អ្ន​កវិទ្យាសាស្រ្ត។ ក៏ប៉ុន្តែ រវាង​ញូតុន និង​ហ៊ូក ដែល​សុទ្ធសឹង​ជា​មនុស្ស​ចិត្តស្រាល ឆេវឆាវ និង​មាន​មោទនភាព​លើ​ខ្លួនឯង​ខ្លាំង​ដូចគ្នា ការរិះគន់​តាមលក្ខណៈ​ធម្មតានេះ បានប្រែក្លាយ​ជា​ការ​បោះពាក្យសម្តីដាក់គ្នា​ទៅវិញ​ទៅមក ហើយ​រាលដាល​ទៅ​ជា​ជម្លោះ​ដ៏ក្តៅគគុក។

ក្រោយមកទៀត ជម្លោះ​នេះ​បានរាលដាល​កាន់តែ​ខ្លាំង ទៅដល់​ប្រធានបទមួយ​ទៀត គឺ​ទ្រឹស្តី​នៃ​កម្លាំង​ទំនាញសកល ដែល​ញូតុន និង​ហ៊ូក បាន​ចោទគ្នាទៅវិញទៅមក ដោយ​ម្នាក់​ចោទម្នាក់ទៀត​ថា​ លួច​ចម្លង​ស្នាដៃ​របស់ខ្លួន ​រហូត​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញទាំងពីរ​​យក​គ្នា​ជា​សត្រូវ​អស់មួយជីវិត។
 

លោកហ្កតហ្វ្រីដ ឡែបនីតស៍ (Gottfried Leibniz) អ្នក​ប្រាជ្ញ​អាល្លឺម៉ង់ ដែល​មាន​ជម្លោះ​ជាមួយ​ញូតុន ទាក់ទង​នឹង​ ​​ទាក់ទង​នឹង​ការគណនា​ឌីហ្វេរ៉ង់ស្យែល​និង​អាំងតេក្រាល
  
ក្រៅពី​ជម្លោះ​ជាមួយ​រ៉ូបឺត ហ៊ូក ញូតុន​មាន​បញ្ហា​ដ៏សែន​ចម្រូងចម្រាស​មួយ​ទៀត គឺ​ជម្លោះ​ជាមួយ​​អ្ន​កប្រាជ្ញ​អាល្លឺម៉ង់ ឈ្មោះ ហ្កតហ្វ្រីដ ឡែបនីតស៍ ​​ទាក់ទង​នឹង​ការគណនា​ឌីហ្វេរ៉ង់ស្យែល​និង​អាំងតេក្រាល។
ញូតុន​បាន​ធ្វើការ​សិក្សា​រហូត​បង្កើត​បាន​ជា​ទ្រឹស្តី​សំខាន់ៗ​ទាក់ទង​នឹង​ ប្រធានបទ​នេះ នៅ​ក្នុង​ចន្លោះ​ឆ្នាំ​១៦៦៥ដល់​ឆ្នាំ១៦៦៧ ពោលគឺ ក្នុង​រយៈពេល​ពីរឆ្នាំ​ដែល​សកលវិទ្យាល័យបិទទ្វារ​ដោយសារ​ជំងឺ​រាតត្បាត ហើយ​ដែល​ញូតុន​វិលត្រឡប់​ទៅរស់​នៅ​ផ្ទះ​ឯស្រុកស្រែ។ ក៏ប៉ុន្តែ នៅពេលនោះ និង​រយៈពេល​ជាច្រើន​ឆ្នាំក្រោយៗ​មក​ទៀត ញូតុន​មិនដែល​យក​ស្នាដៃ​នេះ​ទៅ​ចុះផ្សាយ​ជា​សាធារណៈនោះទេ។

នៅ​​ឆ្នាំ​១៦៧៥ ហ្កតហ្វ្រីដ ឡែបនីតស៍ ក៏​​បាន​ធ្វើការ​សិក្សា​លើការ​គណនា​ឌីហ្វេរ៉ង់ស្យែល និង​អាំងតេក្រាល​​​នេះ​ដែរ ក៏ប៉ុន្តែ ខុសពី​ញូតុន ឡែបនីតស៍​បាន​យក​ទ្រឹស្តី​ដែល​ខ្លួន​បង្កើត​បាន​ទៅចុះផ្សាយ​ជា​សាធារណៈ នៅ​ឆ្នាំ​១៦៨៤។ ចាប់ពី​ពេលនោះហើយ ដែល​សាធារណជន​ចាប់ផ្តើម​ឮ​ពី​ទ្រឹស្តី​នៃ​ការ​គណនា​ឌីហ្វេរ៉ង់ស្យែល​និង​ អាំងតេក្រាល ហើយ​ចាប់ពីពេល​នោះហើយ​ដែរ​ដែល​ជម្លោះ​​បាន​ផ្ទុះឡើង រវាង​ញូតុន និង​ឡែបនីតស៍ ដោយ​ចោទគ្នា​ពី​រឿង​លួចចម្លង​ស្នាដៃ។

មកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ អ្នក​វិទ្យាសាស្រ្ត​និង​អ្នក​ប្រវត្តិសាស្រ្ត​បាន​ទទួលស្គាល់​ជាទូទៅ​ថា ញូតុន និង​ឡែបនីតស៍​បាន​ធ្វើការ​សិក្សា​និង​រកឃើញ​ទ្រឹស្តី​នៃ​ការ​ គណនាឌីហ្វេរ៉ង់ស្យែល​និង​អាំងតេក្រាល ដាច់ដោយឡែកពីគ្នា ដោយ​មិនមាន​អ្នកណា​លួចចម្លង​អ្នកណា​នោះទេ។ ក៏ប៉ុន្តែ កាលពីពេលនោះ ជម្លោះ​រវាង​ញូតុន និង​ឡែបនីតស៍​ គឺ​មាន​សភាព​ជូរចត់​បំផុត ជាពិសេស ញូតុន​ដែល​ជា​មនុស្ស​មិនសូវ​ចេះ​ទទួល​ការរិះគន់ និង​មាន​ស្ថានភាពផ្លូវចិត្ត​ផុយស្រួយ​ផងនោះ បាន​ធ្វើការ​វាយប្រហារ​យ៉ាងធ្ងន់ៗ​បំផុត​ទៅលើ​ឡែបនីតស៍។
  
ញូតុន​ថែម​ទាំង​បាន​ប្រើប្រាស់​ឥទ្ធិពល​​​ជា​ប្រធានបណ្ឌិតសភា​វិទ្យាសាស្រ្ត ​អង់គ្លេស រៀបចំ​ឲ្យ​មាន​គណៈកម្មការ​មួយ ដែល​មាន​ឈ្មោះ​ជា​គណៈកម្មការ​ឯករាជ្យ ក៏ប៉ុន្តែ បាន​ធ្វើការ​សិក្សា​និង​សរសេររបាយការណ៍​ដែល​មាន​ភាព​លម្អៀង​ទៅ​ខាង​ញូតុន ហើយ​​កំណត់​ឲ្យ​ឡែបនីតស៍​ជា​អ្នក​ខុស។ ភាពចម្រូងចម្រាស​នេះ​នៅតែ​បន្ត​តាម​ជាប់​ក្នុង​ជីវិត​របស់ញូតុន ក្នុងរយៈពេល​ប្រមាណ​ជា ២៥ឆ្នាំក្រោយ​មក​ទៀត ហើយ​បើទោះបីជា​ក្រោយ​ពេល​ដែល​ឡែបនីតស៍​ទទួលមរណភាព​បាត់ទៅ​នៅ​ឆ្នាំ​ ១៧១៦ក៏ដោយ ក៏​ញូតុន​នៅតែ​បន្ត​អរិភាព​ជាមួយ​ឡែបនីតស៍​តទៅទៀត៕

ញូតុន ផ្លែប៉ោម និងកម្លាំងទំនាញសកល

នៅ​ក្នុង​អំឡុង​សតវត្សរ៍​ទី​១៧ ការសិក្សា​​ខាង​ផ្នែក​វិទ្យាសាស្រ្ត​នៅតែ​​មាន​មូលដ្ឋាន​គ្រឹះ​ឈរលើ​ ទ្រឹស្តី​របស់​អារីស្តូត អ្នក​ប្រាជ្ញ​ដ៏ល្បីល្បាញ​របស់​ក្រិក​តាំង​ពី​សម័យកាល​មុន​គ្រិស្តសករាជ។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា ឥទ្ធិពល​នៃ​​ទ្រឹស្តីវិទ្យាសាស្រ្ត​សម័យទំនើប​​ក៏​កំពុងតែ​ចាប់ផ្តើម​ រីកសាយភាយ​កាន់តែ​ច្រើន​ឡើង​ផងដែរ ដែល​គេ​ហៅថា​ជាបដិវត្តន៍​នៃ​វិទ្យាសាស្រ្ត។
 


ញូតុន​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ផ្តោត​​ការ​យកចិត្ត​ទុកដាក់​ខ្លាំង ​​​​ទៅលើ​ទ្រឹស្តី​របស់​អ្ន​កវិទ្យាសាស្រ្ត​សម័យ​ទំនើប​ រួមមាន​ដូចជា​ទស្សនវិទូបារាំង រ៉ឺនេ ដេកាត អ្ន​កប្រាជ្ញ​អ៊ីតាលី​ កាលីលេ តារាវិទូ​ប៉ូឡូញ នីកូឡា កូពែរនិក និងតារាវិទូ​អាល្លឺម៉ង់ ហ្សូហាន កេព្ល័រ។ ទ្រឹស្តី​ដែល​កំណត់​ថា ផែនដី​មិនមែន​ជា​ចំណុចកណ្តាល​នៃ​ចក្រវាល ហើយ​អ្វីៗ​ទាំងអស់​សុទ្ធតែ​វិល​ជុំវិញ​ផែនដី​នោះទេ តែតាមពិត មាន​តារារណបខ្លះ​វិលជុំវិញ​ភព ដូចជា ព្រះចន្ទ​របស់​ភពព្រហស្បតិ៍​វិលជុំវិញ​ភពព្រហស្បតិ៍ ព្រះចន្ទ​របស់​យើង​វិលជុំវិញ​ភពផែនដី ក៏ប៉ុន្តែ ទាំង​ភព​ព្រហស្បតិ៍ ទាំង​ភពផែនដី​ និង​ភព​ផ្សេងទៀត​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ សុទ្ធតែ​ធ្វើ​ដំណើរ​វិល​ជុំវិញ​ព្រះអាទិត្យ។

គឺ​នីកូឡា កូពែរនិក ដែល​បាន​បង្កើត​នូវ​ទ្រឹស្តី ស្តីពី​​ចលនា​វិលជុំវិញ​ព្រះអាទិត្យ ដោយ​ថែម​ទាំង​បាន​ធ្វើការ​គណនា​​ថា ភពទាំងអស់​ធ្វើ​ដំណើរ​ជុំវិញ​ព្រះអាទិត្យ ក្នុងគន្លង​ដែល​មាន​ទម្រង់​ជា​រង្វង់ ហើយ​ព្រះអាទិត្យ​ស្ថិត​នៅ​ត្រង់​ផ្ចិត​នៃ​រង្វង់។ ក៏ប៉ុន្តែ ក្រោយ​មក​ទៀត តារាវិទូ​អាល្លឺម៉ង់ ហ្សូហាន កេព្ល័រ បាន​​ធ្វើការ​គណនា​បង្កើត​បាន​នូវ​ទ្រឹស្តី​ថ្មី​មួយ​ទៀត ដែល​កំណត់​ថា ភពទាំងអស់​ពិតជា​វិល​ជុំវិញ​ព្រះអាទិត្យ​មែន តែ​​​មាន​គន្លង​មូលទ្រវែង (ឬពងក្រពើ) ​មិន​មែន​​ជា​រង្វង់​នោះទេ ហើយ​​ព្រះអាទិត្យ​មិនស្ថិត​នៅ​ត្រង់​ចំណុច​ផ្ចិត​នោះដែរ។ ទ្រឹស្តី​របស់​​លោក​ហ្សូហាន កេព្ល័រ ត្រូវបាន​គេ​ទទួលស្គាល់​ជាទូទៅ ក៏ប៉ុន្តែ នៅពេលនោះ​មាន​សំណួរ​ដ៏​សំខាន់​មួយ​ដែល​ចោទឡើង ហើយ​ដែល​គេ​នៅមិនទាន់​មាន​ចម្លើយ៖ តើ​ចលនា​វិល​ជុំវិញព្រះអាទិត្យ​​នេះ​កើតមាន​ដោយសារអ្វី?

នៅថ្ងៃមួយ ញូតុន​កំពុង​​អង្គុយ​សញ្ជប់សញ្ជឹង​​នៅ​ក្រោម​ដើមប៉ោម ក្នុង​សួនច្បារ​នៅ​ឯ​ផ្ទះ​​នៅ​ស្រុកស្រែ ក៏​ឃើញ​ផ្លែប៉ោម​​​របេះពីមែក​ធ្លាក់​ចុះ​មក​លើដី។ នៅពេលនោះ មនុស្ស​ម្នា​ជា​ទូទៅ រាប់ទាំង​អារីស្តូតផង ​តែងតែ​នាំគ្នា​គិត​ថា វត្ថុទាំងឡាយណា​ដែល​មាន​ទម្ងន់​ដូចជា​ផ្លែប៉ោម​នេះ​ជាដើម​តែងតែ​ធ្លាក់​ចុះ​ មក​ក្រោម គឺ​ជា​រឿងធម្មតា​ទៅតាម​ក្រឹត្យក្រម​នៃ​ធម្មជាតិ។ ក៏ប៉ុន្តែ ញូតុន​វិញ​​មិនបាន​ស្កប់ចិត្ត​នឹង​ត្រឹម​ពាក្យថា វាជារឿងធម្មតា​ទៅតាម​ក្រឹត្យក្រម​ធម្មជាតិ នេះទេ តែបាន​ចោទ​ជា​សំណួរ​កាន់តែ​ស៊ីជម្រៅថែមទៀត​ថា តើ​ហេតុអ្វី​​បាន​ជា​​​​​ផ្លែប៉ោម​ធ្លាក់​ចុះ​មក​ដី ហើយ​មិន​ទៅលើ ឬក៏ទៅខាងឆ្វេង ឬ​ខាងស្តាំ?
សម្រាប់​ញូតុន វាច្បាស់ណាស់​ថា ពិតជា​មាន​កម្លាំង​អ្វី​មួយ ដែល​ទាញ​ផ្លែប៉ោម​ឲ្យ​ធ្លាក់​ចុះ​មក​ខាងក្រោម គឺកម្លាំងដែល​គេហៅ​ថា ទំនាញផែនដី ក៏ប៉ុន្តែ ញូតុន​ក៏​មិន​បាន​បញ្ឈប់​តែ​ត្រឹមនេះដែរ ដោយ​បាន​ចោទ​ជា​សំណួរ​ជា​គន្លឹះសំខាន់​មួយ​បន្ថែម​ទៀត​ថា បើ​សិន​ជា​ផែនដី​មាន​កម្លាំងទំនាញ​អាច​ទាញ​ផ្លែប៉ោម​ឲ្យ​ធ្លាក់​ចុះ​មក​បាន តើ​កម្លាំងនេះ​អាច​មាន​ឥទ្ធិពល​ទៅដល់​ត្រឹមណា? តើ​កម្លាំងទំនាញ​នេះ​មាន​ឥទ្ធិពល​ទៅដល់​ព្រះចន្ទ​ដែល​នៅលើមេឃ​ដែរឬទេ? តើ​ហេតុអ្វី​បាន​ជា​ព្រះចន្ទ​មិនធ្លាក់ចុះ​មក​ផែនដី​ដូចជា​ផ្លែប៉ោម? ហើយ​ផ្ទុយទៅវិញ តើ​ហេតុអ្វី​បាន​ជា​ព្រះចន្ទ​មិន​រសាត់​ចេញ​ពី​គន្លងផែនដី​ទាំងស្រុង? ញូតុន​បានសញ្ជឹងគិត​​ជុំវិញ​សំណួរ​ទាំងនេះ ដោយ​​សិក្សា​ទៅលើ​​​ករណី​គ្រាប់ផ្លោង (Cannonball)
 

ញូតុន​គិត​ថា ប្រសិនបើ​គេ​​បាញ់​​​កាំភ្លើង​ផ្លោងពីលើ​លើ​កំពូល​ភ្នំ​ដ៏​ខ្ពស់​មួយ ហើយ​បាញ់​ក្នុង​ទិសដៅ​ផ្តេកស្របនឹង​ផ្ទៃដី បើសិន​ជា​គ្មាន​ឥទ្ធិពល​ពី​កម្លាំង​ណា​ផ្សេងទៀត​ទេ​នោះ គ្រាប់ផ្លោង​គួរតែ​ធ្វើ​ដំណើរក្នុងគន្លងជា​ខ្សែបន្ទាត់​ត្រង់​ទៅមុខ។ ផ្ទុយទៅវិញ ក្នុងការ​ពិតជាក់ស្តែង គ្រាប់ផ្លោង​ធ្វើ​ដំណើរ​ក្នុងគន្លង​ជា​ខ្សែកោង គឺ​ឆ្ពោះទៅមុខ​ហើយ​កោងចុះ​មក​លើ​ផ្ទៃដីវិញ។ នេះគឺ​ដោយសារ​តែ​គ្រាប់ផ្លោង​ទទួល​ឥទ្ធិពល​ពី​កម្លាំង២​ក្នុងពេល​តែមួយ ហើយ​ក្នុងទិសដៅ​កែងគ្នា គឺ​កម្លាំង​ដែល​បាញ់​ចេញទៅមុខ និង​កម្លាំងទំនាញផែនដី​ដែល​ទាញចុះ​ទៅខាងក្រោម។
បើ​សិន​ជា​គេ​បង្កើន​កម្លាំងបាញ់កាន់តែ​ខ្លាំង គ្រាប់ផ្លោង​មាន​ល្បឿន​កាន់តែ​លឿន ហើយ​ធ្វើ​ដំណើរ​បាន​កាន់តែ​ឆ្ងាយ​។ គ្រាប់ផ្លោង​នៅតែ​ធ្វើ​ដំណើរ​ក្នុងគន្លង​ជា​ខ្សែកោង ក៏ប៉ុន្តែ ភាព​កោងកាន់តែ​ថយចុះ​។ ចុងក្រោយ ញូតុន​បាន​លើក​ជា​សម្មតិកម្ម​មួយ​ថា ប្រសិនបើ​គេ​អាច​រកវិធី​បាញ់​គ្រាប់ផ្លោង​ក្នុងល្បឿន​មួយ​គ្រប់គ្រាន់​​អាច​ ឲ្យ​គ្រាប់ផ្លោង​​​​ធ្វើ​ដំណើរ​ក្នុង​គន្លង​ជា​ខ្សែកោង​មួយ ដែល​ស្មើ​នឹង​ភាពកោង​នៃ​ភពផែនដី គ្រាប់ផ្លោង​នេះនឹងធ្វើ​ដំណើរ​វិល​ជុំវិញ​ភពផែនដី ហើយ​ញូតុន​គិ​តថា យន្តការនៃ​កម្លាំងទំនាញ​នេះ គឺ​ជា​យន្តការតែមួយ ដែល​ធ្វើ​ឲ្យ​ព្រះចន្ទ​វិល​ក្នុង​គន្លងជុំវិញ​ផែនដី ហើយ​ផែនដី ព្រមទាំង​ភពផ្សេងទៀត​វិលជុំវិញ​ព្រះអាទិត្យ។ ឬ​អាច​និយាយ​បាន​ម្យ៉ាងទៀត​ថា កម្លាំងទំនាញ​ដែល​ទាញ​ផ្លែប៉ោម​ឲ្យ​ធ្លាក់​ និង​ទាញ​ព្រះចន្ទ​ឲ្យ​វិលជុំវិញ​ភពផែនដី វា​​​មិនមែន​ជា​កម្លាំង​ទំនាញ​ដែល​មាន​សម្រាប់តែ​ផែនដីតែ​មួយ​​នោះដែរ តែ​ជា​កម្លាំង​ដែល​មាន​នៅ​ពេញ​ក្នុង​ចក្រវាល​ទាំងមូល ដែល​ញូតុន​កំណត់​ថា​ជា កម្លាំងទំនាញសកល
ទ្រឹស្តី​របស់​ញូតុន​ គឺ​ជា​គន្លឹះ​ដ៏សំខាន់មួយ ដើម្បី​ឆ្លើយ​នឹង​ចម្ងល់​របស់​អ្ន​កវិទ្យាសាស្រ្ត​ជាច្រើន​ទាក់ទង​នឹង​ចលនា​ របស់​ភព​ជុំវិញ​ព្រះអាទិត្យ ក៏ប៉ុន្តែ នៅពេលនោះ ដោយសារ​តែ​ញូតុន​មិនយក​ទ្រឹស្តី​ទៅ​ចុះផ្សាយ មិនមាន​អ្នកណា​បាន​ដឹង​ពី​ការ​រកឃើញ​ទ្រឹស្តី​ដ៏សំខាន់​នេះទេ ក្រៅតែ​ពី​ញូតុន​ខ្លួនឯង។
នៅឆ្នាំ១៦៨៤ តារាវិទូ​អង់គ្លេស​ឈ្មោះ អ៊ែដម៉ុន ហ៊ែលី បាន​ជជែកវែកញែក​គ្នា​​ជាមួយ​នឹង​អ្នក​វិទ្យាសាស្រ្ត​ពីររូបផ្សេងទៀត ស្តីអំពី​ចលនា​​របស់​ភព​ដែល​ធ្វើ​ដំណើរ​ក្នុងគន្លងជុំវិញ​ព្រះអាទិត្យ។ អ្នក​ប្រាជ្ញទាំង៣រូប​ បាននាំគ្នា​លើកឡើង​ពី​ទឡ្ហីករណ៍​ជាច្រើន ក៏ប៉ុន្តែ គ្មាន​អ្នកណា​ម្នាក់​អាច​បង្ហាញ​ពី​ទ្រឹស្តីបទ ឬ​រូបមន្ត​ ដែល​អាច​ពន្យល់​អំពី​ចលនា​ទាំងអស់​នេះ​បាន​នោះទេ។
ប៉ុន្មានខែក្រោយមក ហ៊ែលី​បាន​ធ្វើ​ដំណើរ​ទៅ​ខេមប៊្រិច ដើម្បី​ជជែក​ជាមួយ​ញូតុន ជុំវិញ​រឿងនេះ ហើយ​​នៅ​ក្នុង​ការជជែក​នោះ ​ហ៊ែលី​មាន​ការភ្ញាក់​ផ្អើល​យ៉ាងខ្លាំង ដោយ​ដឹងថា ញូតុន​បាន​រក​ឃើញ​​ដំណោះស្រាយ​បំបែក​ចម្ងល់​ស្តីពី​ចលនា​របស់​ភព តាំង​ពី​យូរណាស់មកហើយ ដោយ​ថែម​ទាំង​បាន​បង្កើត​នូវ​ទ្រឹស្តីបទ និង​រូបមន្ត​តាមបែប​គណិតវិទ្យា ដើម្បី​ពន្យល់​ពី​ចលនា​នេះ​ថែមទៀតផង។

 ក្រោយ​ពី​បាន​ឃើញ​ទ្រឹស្តី និង​រូបមន្ត​ដែល​ញូតុន​កត់ត្រា​ទុក​ដោយ​ដៃ អ៊ែដម៉ុន ហ៊ែលី ក៏​បាន​រាយការណ៍​ទៅ​ឲ្យ​រាជ្យបណ្ឌិតសភា (Royal Society) បានដឹង រួចហើយ​ព្យាយាម​បញ្ចុះបញ្ចូល​ញូតុន​ឲ្យ​យក​ស្នាដៃ​នេះ​ទៅ​សរសេរលម្អិត ដើម្បី​បោះពុម្ពផ្សាយ​ជា​សៀវភៅ។ ញូតុន​យល់ព្រម ហើយនៅ​ឆ្នាំ​១៦៨៧ សៀវភៅដែល​មាន​ចំណងជើង​ថា Principia Mathematica ​ត្រូវបាន​បោះពុម្ពផ្សាយ​​មួយ​ភាគដំបូង មុននឹង​ចេញ​ភាគទី២ និង​ទី៣ នៅ​ឆ្នាំ​១៧១៣ និង​ឆ្នាំ១៧២៦៕

អ៊ីសាក់ញូតុន (១៦៤២-១៧២៧)

នៅថ្ងៃទី២៥ ខែ​ធ្នូ ឆ្នាំ១៦៤២ ឆ្នាំតែមួយ​ដែល​កាលីលេ​ទទួលមរណភាព​នៅ​អ៊ីតាលី អ្ន​កប្រាជ្ញ​មួយរូបទៀត​បាន​ចាប់កំណើតឡើង នៅ​ក្នុង​ប្រទេស​អង់គ្លេស... អ៊ីសាក់ ញូតុន ​ចាប់កំណើតឡើង​នៅ​ក្នុង​កាលៈទេសៈ​ដ៏លំបាក​មួយ ទាំង​នៅ​ក្នុង​គ្រួសារ និង​នៅ​ក្នុង​ប្រទេស។

ញូតុន​​ចាប់កំណើត​ឡើង​​​ជា​កូនកំព្រា​ឪពុក។ ឪពុក​របស់​ញូតុន​​បាន​ទទួលមរណភាព​ តាំង​ពី ៣ខែមុន​ញូតុន​កើត ហើយ​នៅពេល​ដែល​ញូតុន​មាន​អាយុ​ទើប​នឹង​បាន ៣ឆ្នាំ ម្តាយ​បាន​រៀបការ​ប្តីថ្មី ហើយ​ទុកចោល​​ញូតុន​ឲ្យ​រស់នៅ​ជាមួយ​នឹង​ជីដូនជីតា ដោយសារ​តែ​ប្តីថ្មី​មិនចង់​ឲ្យ​ញូតុន​ទៅ​រស់នៅ​ជាមួយ។
 
រូបគំនូរ​បង្ហាញ​ពី​លោក​អ៊ីសាក់ ញូតុន អ្នកប្រាជ្ញ​​​អង់គ្លេស​ដ៏ល្បីល្បាញខាង​រូបវិទ្យា
 
លើសពីនេះ​ទៅទៀត ឆ្នាំដែល​ញូតុន​កើត ក៏​ជា​ឆ្នាំ​ដែល​អង់គ្លេសត្រូវ​​ធ្លាក់​ទៅ​ក្នុង​កលយុគ​នយោបាយ​ដ៏​ធ្ងន់ធ្ងរ ​មួយ​ផងដែរ។ នៅ​ឆ្នាំ១៦៤៩ នៅពេល​ដែល​ញូតុន​ទើប​នឹង​មាន​អាយុ​មិនដល់ ៧ឆ្នាំ​ស្រួលបួល​ផង សង្រ្គាម​ស៊ីវិល​នៅ​អង់គ្លេស​​បាន​ឈាន​ទៅដល់​ការ​ផ្តួលរំលំ​របបរាជានិយម, ព្រះមហាក្សត្រ​ត្រូវ​បាន​គេ​ចាប់មក​កាត់ក្បាល​ជា​សាធារណៈ, របបសាធារណរដ្ឋ​ត្រូវ​បាន​បង្កើតឡើង ក៏ប៉ុន្តែ ត្រូវ​បាន​ប្រែក្លាយ​ទៅជា​របបផ្តាច់ការ ក្រោមការដឹកនាំ​របស់​អូលីវ័រ ក្រុមវែល។ រហូត​ទាល់តែ​ដល់​១១ឆ្នាំ​ក្រោ​យមក ទើប​វិបត្តិ​នយោបាយ​ត្រូវ​បញ្ចប់ ហើយ​របបរាជានិយម​អង់គ្លេស​ត្រូវ​បាន​បង្កើតឡើងវិញ។

ស្ថានភាព​ចលាចល​ទាំង​នៅ​ក្នុង​ប្រទេស និង​នៅ​ក្នុង​គ្រួសារ​បែបនេះ​បានបង្ក​ឲ្យ​មាន​ការ​ប៉ះពាល់​ខាង​ផ្លូវចិត្ត​ យ៉ាងខ្លាំង​ដល់​ញូតុន។ ញូតុន​ធំដឹង​ក្តី​ជាមួយ​នឹង​ភាពឯកោ ខ្វះភាព​កក់ក្តៅ ខ្វះការ​ស្រឡាញ់​ថ្នាក់ថ្ម​មពី​ឪពុក​ម្តាយ​, ជាមួយ​នឹង​​កំហឹង​និង​គំនុំ​​​ចំពោះ​ឪពុកចុង​ដែល​ផ្តាច់​ក្តីស្រឡាញ់​របស់​ ម្តាយ​ពី​ខ្លួន, ជាមួយ​នឹង​អំពើ​ហិង្សា​នៃ​សង្រ្គាមស៊ីវិល... ​ទាំងអស់​នេះ​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​បុគ្គលិក​លក្ខណៈ​របស់​ញូតុន។ ពេញ​ក្នុងមួយ​ជីវិត ញូតុន​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មនុស្ស​ខ្វះ​ភាព​រាក់ទាក់ ឆេវឆាវ ពោរពេញ​ទៅដោយ​ការច្រណែន និង​ជា​មនុស្ស​ឯកោ​ គ្មាន​មិត្តភក្តិ គ្មាន​គូស្នេហ៍ គ្មាន​ទំនាក់ទំនង​ក្នុង​សង្គម។ ​ប្រហែល​ជា​ដោយសារ​តែ​ការចូលចិត្ត​ភាពឯកោ​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​ញូតុន​ចំណាយពេល​ភាគច្រើន​នៅ​ក្នុង​ជីវិត ជាមួយ​នឹង​ការ​សិក្សា ការ​ត្រិះរិះពិចារណា​ ទៅលើ​ធម្មជាតិ រហូត​បង្កើត​បាន​ជា​ទ្រឹស្តី​ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​វិទ្យាសាស្រ្ត​ រហូតមកទល់​នឹង​ពេល​បច្ចុប្បន្ន។

នៅពេល​ដែល​ញូតុន​មាន​អាយុ ១០ឆ្នាំ ឪពុកចុង​​បាន​ទទួល​មរណភាព ហើយ​ម្តាយ​របស់​ញូតុន​ក៏​បាន​វិលត្រឡប់​មក​រស់នៅ​ជាមួយ​ញូតុនវិញ ដោយ​នាំមកជាមួយ​នូវ​កូនក្រោយ​ចំនួន ៣នាក់។ អាយុបាន ១២ឆ្នាំ ញូតុន​ត្រូវ​បាន​ម្តាយ​ចុះឈ្មោះ​ឲ្យ​ចូលរៀន​នៅ​សាលា​ ដែល​មាន​ចម្ងាយ​ជាង ១០គីឡូម៉ែត្រ​ពីផ្ទះ ហើយញូតុន​​ក៏​ត្រូវ​បែក​ពី​ម្តាយ​ម្តងទៀត ដើម្បី​ទៅ​រស់នៅ​ជាមួយ​គេ​នៅក្បែរ​សាលារៀន។ ក៏ប៉ុន្តែ រៀនបានតែ ៥ឆ្នាំ ញូតុន​ត្រូវបាន​ម្តាយ​ឈប់​ឲ្យ​រៀន ដើម្បី​​មក​ធ្វើ​​ការងារ​កសិកម្ម​​​ជួយ​គ្រួសារ។ 

ញូតុន​ស្អប់ការងារ​ស្រែចម្ការ ចំណែក​ឯ​​គ្រូ​របស់​ញូតុន​ក៏​មាន​ការ​សោកស្តាយ ដែល​​ឃើញ​កូនសិស្ស​ដ៏មាន​បញ្ញាវាងវៃ​ដូចជា​ញូតុន​បែរ​ជា​ទៅ​ធ្វើ​ជា​កសិករ ដូច្នេះ ក៏​បាន​ព្យាយាម​ទៅ​បញ្ចុះបញ្ចូល​ម្តាយ​​របស់​ញូតុន ឲ្យ​បញ្ជូន​កូន​ទៅ​រៀន​នៅ​សកលវិទ្យាល័យ។ ម្តាយ​របស់​ញូតុន​បាន​​យល់ព្រម ហើយនៅ​ឆ្នាំ​១៦៦១ ញូតុន​ក៏​បាន​ចុះឈ្មោះ​ចូលរៀន​នៅ​សកលវិទ្យាល័យ​ដ៏ល្បីមួយ​នៅ​អង់គ្លេស គឺ​សកលវិទ្យាល័យ​ខេមប្រ៊ិច (Trinity Colledge, University of Cambridge)
 
សកលវិទ្យាល័យ​ខេមប៊្រិច (University of Cambridge) ទីដែល​ញូតុន​ធ្លាប់រៀន និង​ធ្វើ​ជា​សាស្រ្តាចារ្យ
 
ពីដំបូង ញូតុន​ត្រូវ​រៀន​បណ្តើរ ធ្វើការ​បណ្តើ (ធ្វើការ​ជា​អ្នក​បម្រើ​ក្នុងផ្ទះ) ដើម្បី​យក​លុយ​មក​ផ្គត់ផ្គង់​ការ​រៀនសូត្រ។ នៅ​ឆ្នាំចុងក្រោយ ញូតុន​ត្រូវ​បាន​សាលា​ផ្តល់​អាហារូបករណ៍ ដើម្បី​រៀនបញ្ចប់ថ្នាក់​បរិញ្ញាបត្រ និង​បន្ត​យក​ថ្នាក់​អនុបណ្ឌិត។ ក៏ប៉ុន្តែ ភ្លាមៗ​ក្រោយ​ពី​ញូតុន​រៀនចប់​ថ្នាក់​បរិញ្ញា សកលវិទ្យាល័យ​ខេមប៊្រិច​ក៏​ដូចជា​គ្រឹះស្ថាន​ជាច្រើន​ផ្សេងទៀត​​​ត្រូវ​ បិទទ្វារ​ជា​បណ្តោះអាសន្ន ដោយសារ​តែ​​មាន​ជំងឺ​​ដ៏​កាចសហាវ កំពុង​ឆ្លង​រាតត្បាត នៅ​ទីក្រុង​ឡុងដ៍ និង​តំបន់​ជុំវិញ។

ក្នុងអំឡុង​ពេល​ដែល​សាលារៀន​បិទទ្វារ ញូតុន​បាន​​វិលត្រឡប់​ទៅ​ផ្ទះ​នៅ​ឯស្រុកស្រែ​ ដើម្បី​គេច​​ពី​ជំងឺ​ឆ្លង ហើយ​នៅ​ក្នុង​រយៈពេលជិត​​ពីរឆ្នាំ​ ញូតុន​បាន​ចំណាយ​ពេល​ភាគច្រើន​ នៅតែម្នាក់ឯង ​ធ្វើការ​សិក្សា​ស៊ីជម្រៅ​ រហូត​ឈាន​ទៅ​បង្កើត​នូវ​ទ្រឹស្តី​ជាច្រើន រាប់ចាប់តាំង​ពី​​ខាង​ផ្នែក​អុបទិក កម្លាំងទំនាញ​សកល រហូត​ទៅដល់​វិធីសាស្រ្ត​គណនា​ស្មុគស្មាញ​ខាង​គណិតវិទ្យា គឺ​ការគណនា​ឌីហ្វេរ៉ង់ស្យែល និង​អាំងតេក្រាល។

ក៏ប៉ុន្តែ នៅ​ពេលនោះ ទ្រឹស្តី​អស់ទាំងនេះ​ត្រូវ​បាន​​ញូតុន​រក្សា​ទុក​សម្រាប់​តែ​ខ្លួនឯង ដោយ​​មិនបាន​ចុះផ្សាយ​អ្វី​ទាំងអស់។ ការ​មិន​ចុះផ្សាយ​​អំពី​ស្នាដៃ​​របស់​ខ្លួនបែបនេះ គឺ​ដោយសារ​តែ​ញូតុន​គឺ​ជា​មនុស្ស​ដែល​មាន​ចរិក​ឯកោនិយម មិនចូលចិត្ត​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ ចូលចិត្ត​ធ្វើ​អ្វីៗ​តែ​ម្នាក់ឯង​ដោយ​មិន​បង្ហាញ​ឲ្យ​គេ​ឃើញ និង​ជាពិសេស ញូតុន​ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​ថា​ជា​មនុស្ស​ចិត្ត​ស្រាល ឆាប់ខឹង និង​មិនចេះទ្រាំទ្រ​នឹង​ការ​រិះគន់។ ហេតុដូច្នេះហើយ​បាន​ជា​លោក​មិនចង់​បង្ហាញ​ស្នាដៃ​​​ឲ្យគេឃើញ ដរាបណា​ស្នាដៃ​នោះ​មិនទាន់​មាន​ភាព​ឥតខ្ចោះ​ចាកផុត​ពី​ការ​រិះគន់។

នៅ​ឆ្នាំ​១៦៦៧ នៅពេល​ដែល​សកលវិទ្យាល័យ​ចាប់បើក​ទ្វារឡើងវិញ ញូតុន​ក៏​បាន​វិលត្រឡប់​ទៅ​ខេមប៊្រិច​វិញ ហើយ​បាន​សិក្សា​រហូត​ដល់​ចប់​​ថ្នាក់​អនុបណ្ឌិត រួចហើយ​ត្រូវ​បាន​សកលវិទ្យាល័យ​តែងតាំង​ឲ្យ​ធ្វើ​ជា​សាស្រ្តាចារ្យ​ គណិតវិទ្យា​នៅ​ឆ្នាំ​១៦៦៩។ ៣ឆ្នាំក្រោយមក​ទៀត នៅ​ឆ្នាំ​១៦៧២ ញូតុន ក្នុង​វ័យ​ត្រឹមតែ ៣០ឆ្នាំ ត្រូវបាន​គេ​ជ្រើសរើស​ឲ្យ​ចូល​ជា​សមាជិករាជបណ្ឌិតសភា​វិទ្យាសាស្រ្ត​ អង់គ្លេស ដែល​គេ​តែងស្គាល់​ជាទូទៅ​ថា « The Royal Society »

នៅពេលនោះ The Royal Society មាន​ទម្លាប់មួយ គឺ​សមាជិក​តែងតែ​ជួប​ប្រជុំគ្នា​ជា​រឿយៗ ដើម្បី​ជជែក​ដេញដោលគ្នា ជុំវិញ​ប្រធានបទ​ទាក់ទង​នឹង​​វិទ្យាសាស្រ្ត។ សមាជិកម្នាក់ៗ​លើកបង្ហាញ​នូវ​លទ្ធផល​នៃ​ការ​សិក្សាស្រាវជ្រាវ​របស់​ខ្លួន ក្នុងគោលដៅ​ចែកចាយ​ចំណេះដឹងផង និង​ដើម្បី​ឲ្យ​មាន​ការ​ជជែក​ដេញដោល ចោទ​ជា​សំណួរ និង​លើក​បង្ហាញ​នូវ​ទឡ្ហីករណ៍​​ការពារ។​

សកម្មភាព​អស់ទាំងនេះ​​ផ្ទុយស្រឡះ​ពី​ទម្លាប់ និង​អត្តចរិក​របស់​ញូតុន ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ ញូតុន​បាន​ព្យាយាម​សម្របខ្លួន ហើយ​បាន​យក​ស្នាដៃ​របស់​លោក​ទៅ​លើកបង្ហាញ និង​ដាក់​ឲ្យ​មាន​ការ​ជជែក​ដេញដោលគ្នា។ ប៉ុន្តែ​មិនបាន​យូរ​ប៉ុន្មាន​ផង បញ្ហា​ចម្រូងចម្រាស​ក៏​ចាប់ផ្ទុះឡើង។ លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​របស់​ញូតុន​ត្រូវ​ទទួល​រងនូវការ​រិះគន់​ ហើយ​ញូតុន​ឆ្លើយតប​ទៅវិញ​ដោយ​កំហឹង រហូតរាលដាល​ទៅ​ជា​ជម្លោះ​ជាមួយ​សមាជិក​ផ្សេងទៀត ក្នុង Royal Society

 ញូតុន​មិន​អាច​ទ្រាំទ្រ​នឹង​ស្ថានភាព​អស់ទាំងនេះ​បាន ក៏​សម្រេច​ចិត្ត​ដកខ្លួន​​​បន្តិចម្តងៗ ពី​វេទិកា​ជជែកដេញដោលគ្នា។ ក៏ប៉ុន្តែ នៅ​ឆ្នាំ១៦៨៧ ក្រោម​ការ​ផ្តួចផ្តើម​គំនិត​របស់​តារាវិទូអង់គ្លេស​ឈ្មោះ អែដម៉ុន ហ៊ែលី (Edmond Halley) ញូតុន​បាន​សុខចិត្ត​យក​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក​ទៅ​ បោះពុម្ពផ្សាយ​ជា​សៀវភៅ។ Principia បាន​ក្លាយ​ទៅជា​មូលដ្ឋាន​គ្រឹះ​ នៃវិទ្យាសាស្រ្ត​សម័យ​ទំនើប ព្រមទាំង​ត្រូវ​បាន​គេ​ទទួលស្គាល់​​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ថា​ជា​ ស្នាដៃ​ដ៏សំខាន់​បំផុត​មួយ នៅ​ក្នុង​ប្រវត្តិ​នៃ​វិទ្យាសាស្រ្ត៕