ញូតុន៖ រវាងភាពល្បីល្បាញ និងភាពចម្រូងចម្រាស
ញូតុនត្រូវបានគេស្គាល់ថាជាអ្នកប្រាជ្ញដែលមានជំនាញខាងផ្នែក វិទ្យាសាស្រ្តជាទូទៅ
ហើយបានបង្កើតស្នាដៃជាច្រើន នៅក្នុងផ្នែកខុសៗគ្នា ទាំងខាងគណិតវិទ្យា
(ដូចជា ការបង្កើតទ្រឹស្តីទាក់ទងនឹងការគណនាឌីហ្វេរ៉ង់ស្យែលនិងអាំងតេក្រាល) ខាងផ្នែកអុបទិក
(ជាពិសេស ការបង្កើតតេឡេស្កុបប្រភេទថ្មី និងការសិក្សាទៅលើពណ៌និងពន្លឺ) និងទាំងខាងផ្នែករូបវិទ្យានិងតារាសាស្រ្ត។
ស្នាដៃរបស់ញូតុនដែលត្រូវបានគេស្គាល់ច្រើនជាងគេ គឺទាក់ទងនឹងកម្លាំងទំនាញសកល
និង “ច្បាប់នៃចលនា”។ ច្បាប់នៃចលនាដែលមានមូលដ្ឋានគ្រឹះចេញពីទ្រឹស្តីរបស់កាលីលេត្រូវ
បានញូតុនយកមកសិក្សាលម្អិតហើយបង្កើតជាទ្រឹស្តីសំខាន់ៗចំនួន៣។
ទ្រឹស្តីទី១កំណត់ថា វត្ថុមួយដែលនៅនឹងថ្កល់គ្មានចលនានឹងនៅតែបន្តស្ថិតនៅនឹងថ្កល់
គ្មានចលនា ហើយវត្ថុដែលមានចលនានឹងនៅតែបន្តមានចលនានៅក្នុងទិសដៅនិងល្បឿន
ដដែល លុះត្រាតែមានអន្តរាគមន៍ពីកម្លាំងមកពីខាងក្រៅ។ ទ្រឹស្តីទី២កំណត់ថា
កម្លាំងគឺស្មើនឹងម៉ាសគុណនឹងសន្ទុះ។ ចំណែកឯទ្រឹស្តីទី៣កំណត់ថា រាល់កម្លាំងនៃវត្ថុមួយទៅលើវត្ថុណាមួយផ្សេងទៀត
គឺតែងតែមានប្រតិកម្មជាកម្លាំងស្មើគ្នាតបមកវិញ។
ទ្រឹស្តីអស់ទាំងនេះត្រូវបានញូតុនចងក្រងជាសៀវភៅ ដែលមានចំណងជើងថា Principia ហើយចេញផ្សាយជាលើកដំបូង នៅឆ្នាំ១៦៨៧។
ក្រោយពីមានការចេញផ្សាយសៀវភៅ Principia នេះហើយ ដែលកេរ្តិ៍ឈ្មោះរបស់ញូតុនចាប់ផ្តើមល្បីរន្ទឺ
នៅក្នុងចំណោមអ្នកវិទ្យាសាស្រ្ត ទាំងនៅក្នុងប្រទេសអង់គ្លេស និងនៅលើឆាកអន្តរជាតិ។
នៅឆ្នាំ១៦៨៩ ញូតុនត្រូវបានក្លាយជាសមាជិកសភាអង់គ្លេស ហើយនៅឆ្នាំ១៧០៣ត្រូវបានតែងតាំងជាប្រធានបណ្ឌិតសភាវិទ្យាសាស្រ្ត
អង់គ្លេស (The Royal
Society) និងជាសមាជិកកិត្តិយសនៃបណ្ឌិតវិទ្យាសាស្រ្តវិទ្យាសាស្រ្តបារាំង។
ព្រមជាមួយនឹងភាពល្បីល្បាញនេះ ជីវិតរបស់ញូតុនក៏ពោរពេញទៅដោយភាពចម្រូងចម្រាសយ៉ាងច្រើនផងដែរ
ជាពិសេស គឺជម្លោះជាមួយនឹងអ្នកប្រាជ្ញផ្សេងទៀត។ ជម្លោះដ៏ខ្លាំងក្លាជាងគេ ហើយដែលជាបញ្ហាចម្រូងចម្រាសតាមជាប់នឹងជីវិតរបស់ញូតុន
ព្រមទាំងដក់ជាប់នឹងប្រវត្តិរបស់ញូតុនក្រោយៗមកទៀត គឺជម្លោះជាមួយ រ៉ូបឺត
ហ៊ូក (Robert Hooke) និងជម្លោះជាមួយ ហ្កតហ្វ្រីដ ឡែបនីតស៍ (Gottfried Leibnitz)។
រ៉ូបឺត ហ៊ូក
គឺជាអ្នកប្រាជ្ញអង់គ្លេស ហើយដែលគេអាចនិយាយថាជារៀមច្បងរបស់ញូតុន
ជាពិសេស នៅបណ្ឌិតសភាវិទ្យាសាស្រ្ត ដែលរ៉ូបឺត ហ៊ូក មានតួនាទីដ៏សំខាន់ តាំងពីមុនពេលដែលញូតុនបានចូលជាសមាជិកទៅទៀត។
លោករ៉ូបឺត ហ៊ូក អ្នកវិទ្យាសាស្រ្តអង់គ្លេស ដែលជាគូជម្លោះដ៏ធំរបស់ញូតុន |
នៅបណ្ឌិតសភាវិទ្យាសាស្រ្ត រ៉ូបឺត ហ៊ូក មានតួនាទីជាអ្នកធ្វើពិសោធន៍។ ធ្វើពិសោធន៍សម្រាប់ខ្លួនឯង
ឬធ្វើពិសោធន៍ទៅតាមសំណើរបស់អ្នកវិទ្យាសាស្រ្តផ្សេងទៀត ឬក៏ធ្វើពិសោធន៍ដើម្បីផ្ទៀងផ្ទាត់ទ្រឹស្តីថ្មីៗដែលគេទើបនឹង
រកឃើញ។ នៅក្នុងបរិបទនេះហើយដែលជម្លោះ រវាងរ៉ូបឺត ហ៊ូក និងញូតុន បានចាប់ផ្ទុះឡើង
នៅអំឡុងឆ្នាំ១៦៧២ នៅពេលដែលញូតុនបានចូលជាសមាជិកបណ្ឌិតសភាវិទ្យាសាស្រ្ត ហើយជម្លោះនេះកើតចេញដំបូង
ពីទ្រឹស្តីទាក់ទងនឹងពន្លឺ។
នៅក្នុងអំឡុងឆ្នាំ១៦៦៦ ញូតុនបានចំណាយពេលសិក្សាលម្អិតទៅលើចំណាំងផ្លាតនៃពន្លឺ។
តាមរយៈការពិសោធន៍ ញូតុនបានរកឃើញថា ពន្លឺថ្ងៃ ដែលយើងមើលទៅឃើញថាមានពណ៌
ស តាមការពិតទៅ គឺផ្សំឡើងដោយពន្លឺ ដែលមានចម្រុះពណ៌គ្នា។ ប្រសិនបើគេឲ្យពន្លឺថ្ងៃចាំងកាត់តាមកែវចំណាំងផ្លាត
(Prisme) ពន្លឺនេះនឹងចាំងចេញមកវិញ
ដោយបំបែកទៅជាពណ៌ដើមរៀងៗខ្លួន ដែលមានតាំងពីពណ៌ ក្រហម លឿង បៃតង ខៀវ ស្វាយ
ពោលគឺពណ៌ឥន្ទធនូ។ តាមការពិត គឺចំណាំងផ្លាតនៃពន្លឺព្រះអាទិត្យដែលចាំងកាត់តាមតំណក់ទឹកភ្លៀង
ដែលបង្កើតទៅជាឥន្ទធនូ។
ចេញពីការសិក្សាទៅលើពណ៌ និងចំណាំងផ្លាតនៃពន្លឺនេះ ញូតុនបានរកឃើញនូវវិធីសាស្រ្តថ្មីមួយ
ដែលអាចបង្កើតតេឡេស្កុបដែលមានប្រសិទ្ធភាពល្អដាច់ឆ្ងាយជាងប្រភេទ តេឡេស្កុប
ដែលបង្កើតឡើងដោយកាលីលេ។ នៅឆ្នាំ១៦៧២ ទៅតាមសំណើរបស់បណ្ឌិតសភាវិទ្យាសាស្រ្តអង់គ្លេស
ញូតុនបានយកលទ្ធផលនៃការសិក្សារបស់លោកទៅដាក់បង្ហាញដល់សមាជិក ផ្សេងទៀត
ក្នុងបណ្ឌិតសភា។ នៅពេលនោះ ទ្រឹស្តីនៃពន្លឺ និងតេឡេស្កុបរបស់ញូតុនបានទទួលនូវការកោតសើរសើរពីសំណាក់អ្នក
វិទ្យាសាស្រ្តជាច្រើនផ្សេងទៀត ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា ក៏មានដែរការរិះគន់។
ការរិះគន់ខ្លាំងជាងគេ គឺចេញពីរ៉ូបឺត ហ៊ូក។
រ៉ូបឺត ហ៊ូក បានបង្ហាញនូវការឯកភាពទៅលើលទ្ធផលនៃការសិក្សារបស់ញូតុនជាទូទៅ
ក៏ប៉ុន្តែ បានបង្ហាញនូវមន្ទិលសង្ស័យទៅលើភាពត្រឹមត្រូវនៃវិធីសាស្រ្តក្នុង
ការធ្វើពិសោធន៍របស់ញូតុន។ តាមការពិត នេះគឺជារឿងធម្មតា នៅក្នុងចំណោមអ្នកវិទ្យាសាស្រ្ត។
ក៏ប៉ុន្តែ រវាងញូតុន និងហ៊ូក ដែលសុទ្ធសឹងជាមនុស្សចិត្តស្រាល ឆេវឆាវ និងមានមោទនភាពលើខ្លួនឯងខ្លាំងដូចគ្នា
ការរិះគន់តាមលក្ខណៈធម្មតានេះ បានប្រែក្លាយជាការបោះពាក្យសម្តីដាក់គ្នាទៅវិញទៅមក
ហើយរាលដាលទៅជាជម្លោះដ៏ក្តៅគគុក។
ក្រោយមកទៀត ជម្លោះនេះបានរាលដាលកាន់តែខ្លាំង ទៅដល់ប្រធានបទមួយទៀត គឺទ្រឹស្តីនៃកម្លាំងទំនាញសកល
ដែលញូតុន និងហ៊ូក បានចោទគ្នាទៅវិញទៅមក ដោយម្នាក់ចោទម្នាក់ទៀតថា
លួចចម្លងស្នាដៃរបស់ខ្លួន រហូតធ្វើឲ្យអ្នកប្រាជ្ញទាំងពីរយកគ្នាជាសត្រូវអស់មួយជីវិត។
លោក ហ្កតហ្វ្រីដ ឡែបនីតស៍ (Gottfried Leibniz) អ្នកប្រាជ្ញអាល្លឺម៉ង់ ដែលមានជម្លោះជាមួយញូតុន ទាក់ទងនឹង ទាក់ទងនឹងការគណនាឌីហ្វេរ៉ង់ស្យែលនិងអាំងតេក្រាល |
ក្រៅពីជម្លោះជាមួយរ៉ូបឺត ហ៊ូក ញូតុនមានបញ្ហាដ៏សែនចម្រូងចម្រាសមួយទៀត
គឺជម្លោះជាមួយអ្នកប្រាជ្ញអាល្លឺម៉ង់ ឈ្មោះ ហ្កតហ្វ្រីដ ឡែបនីតស៍ ទាក់ទងនឹងការគណនាឌីហ្វេរ៉ង់ស្យែលនិងអាំងតេក្រាល។
ញូតុនបានធ្វើការសិក្សារហូតបង្កើតបានជាទ្រឹស្តីសំខាន់ៗទាក់ទងនឹង ប្រធានបទនេះ
នៅក្នុងចន្លោះឆ្នាំ១៦៦៥ដល់ឆ្នាំ១៦៦៧ ពោលគឺ ក្នុងរយៈពេលពីរឆ្នាំដែលសកលវិទ្យាល័យបិទទ្វារដោយសារជំងឺរាតត្បាត
ហើយដែលញូតុនវិលត្រឡប់ទៅរស់នៅផ្ទះឯស្រុកស្រែ។ ក៏ប៉ុន្តែ នៅពេលនោះ និងរយៈពេលជាច្រើនឆ្នាំក្រោយៗមកទៀត
ញូតុនមិនដែលយកស្នាដៃនេះទៅចុះផ្សាយជាសាធារណៈនោះទេ។
នៅឆ្នាំ១៦៧៥ ហ្កតហ្វ្រីដ ឡែបនីតស៍ ក៏បានធ្វើការសិក្សាលើការគណនាឌីហ្វេរ៉ង់ស្យែល
និងអាំងតេក្រាលនេះដែរ ក៏ប៉ុន្តែ ខុសពីញូតុន ឡែបនីតស៍បានយកទ្រឹស្តីដែលខ្លួនបង្កើតបានទៅចុះផ្សាយជាសាធារណៈ
នៅឆ្នាំ១៦៨៤។ ចាប់ពីពេលនោះហើយ ដែលសាធារណជនចាប់ផ្តើមឮពីទ្រឹស្តីនៃការគណនាឌីហ្វេរ៉ង់ស្យែលនិង
អាំងតេក្រាល ហើយចាប់ពីពេលនោះហើយដែរដែលជម្លោះបានផ្ទុះឡើង រវាងញូតុន និងឡែបនីតស៍
ដោយចោទគ្នាពីរឿងលួចចម្លងស្នាដៃ។
មកទល់នឹងពេលបច្ចុប្បន្ននេះ អ្នកវិទ្យាសាស្រ្តនិងអ្នកប្រវត្តិសាស្រ្តបានទទួលស្គាល់ជាទូទៅថា
ញូតុន និងឡែបនីតស៍បានធ្វើការសិក្សានិងរកឃើញទ្រឹស្តីនៃការ គណនាឌីហ្វេរ៉ង់ស្យែលនិងអាំងតេក្រាល
ដាច់ដោយឡែកពីគ្នា ដោយមិនមានអ្នកណាលួចចម្លងអ្នកណានោះទេ។ ក៏ប៉ុន្តែ កាលពីពេលនោះ
ជម្លោះរវាងញូតុន និងឡែបនីតស៍ គឺមានសភាពជូរចត់បំផុត ជាពិសេស ញូតុនដែលជាមនុស្សមិនសូវចេះទទួលការរិះគន់
និងមានស្ថានភាពផ្លូវចិត្តផុយស្រួយផងនោះ បានធ្វើការវាយប្រហារយ៉ាងធ្ងន់ៗបំផុតទៅលើឡែបនីតស៍។
ញូតុនថែមទាំងបានប្រើប្រាស់ឥទ្ធិពលជាប្រធានបណ្ឌិតសភាវិទ្យាសាស្រ្ត អង់គ្លេស
រៀបចំឲ្យមានគណៈកម្មការមួយ ដែលមានឈ្មោះជាគណៈកម្មការឯករាជ្យ ក៏ប៉ុន្តែ បានធ្វើការសិក្សានិងសរសេររបាយការណ៍ដែលមានភាពលម្អៀងទៅខាងញូតុន
ហើយកំណត់ឲ្យឡែបនីតស៍ជាអ្នកខុស។
ភាពចម្រូងចម្រាសនេះនៅតែបន្តតាមជាប់ក្នុងជីវិតរបស់ញូតុន
ក្នុងរយៈពេលប្រមាណជា ២៥ឆ្នាំក្រោយមកទៀត ហើយបើទោះបីជាក្រោយពេលដែលឡែបនីតស៍ទទួលមរណភាពបាត់ទៅនៅឆ្នាំ
១៧១៦ក៏ដោយ ក៏ញូតុននៅតែបន្តអរិភាពជាមួយឡែបនីតស៍តទៅទៀត៕