សង្រ្គាមលោកលើកទី២៖ ហ៊ីត្លែរចូលឈ្លានពាន សហភាពសូវៀត
នៅពាក់កណ្តាលឆ្នាំ១៩៤១
ក្រោយពីទទួលបរាជ័យ មិនអាចឈ្លានពានកាន់កាប់ប្រទេសអង់គ្លេស ហើយក៏មិនអាចបង្ខំឲ្យអង់គ្លេសចូលមកចរចាចែកអំណាចគ្នាគ្រប់គ្រង
អឺរ៉ុបបាន ហ៊ីត្លែរក៏បានផ្អាកសកម្មភាពយោធានៅអឺរ៉ុបខាងលិច ហើយងាកទៅរកអឺរ៉ុបខាងកើតវិញម្តង។
គោលដៅរបស់ហ៊ីត្លែរ គឺចូលឈ្លានពានសហភាពសូវៀត។
តាមការពិត នៅមុនពេលសង្រ្គាមលោកលើកទី២ចាប់ផ្តើមផ្ទុះឡើង ហ៊ីត្លែរ និងស្តាលីន
បានព្រមព្រៀងសហការគ្នា និងបែងចែកដែនឥទ្ធិពលគ្នា តាមរយៈការចុះសន្ធិសញ្ញាមិនឈ្លានពានគ្នា
កាលពីខែសីហា ឆ្នាំ១៩៣៩ ពោលគឺនៅតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនពេលអាល្លឺម៉ង់ចូលឈ្លានពានប៉ូឡូញ។
នៅខែកញ្ញា នៅពេលហ៊ីត្លែរបញ្ជូនទ័ពចូលឈ្លានពានប៉ូឡូញពីទិសខាងលិច កងទ័ពរបស់ស្តាលីនក៏វាយលុកមកលើប៉ូឡូញចូលតាមទិសខាងកើតដែរ
ហើយប្រទេសប៉ូឡូញក៏ត្រូវបានហ៊ីត្លែរ និងស្តាលីនពុះជាពីរចែកគ្នាកាន់កាប់។
បន្ទាប់ពីបានកាន់កាប់ប៉ូឡូញម្នាក់មួយចំណែកហើយ
ហ៊ីត្លែរបានបន្តធ្វើការឈ្លានពានអឺរ៉ុបដោយវាតទីទៅទិសខាងលិច គឺឈ្លានពានប្រទេសន័រវែស
ដាណឺម៉ាក ហូឡង់ លុចសំបួ ប៊ែលហ្ស៊ិក បារាំង និងអង់គ្លេស (តែមិនបានសម្រេច)។
ចំណែកស្តាលីនវិញ វាតទីនៅទិសខាងកើត ដោយឈ្លានពានហ្វាំងឡង់
ប្រទេសបីនៅជុំវិញសមុទ្របាល់ទិក គឺលីទុយអានី ឡេតូនី និងអេស្តូនី ព្រមទាំងចូលកាន់កាប់ទឹកដីមួយផ្នែករបស់ប្រទេសរូម៉ានី។
បើពិនិត្យមើលជារួម
នៅឆ្នាំដំបូងនៃសង្រ្គាមលោកលើកទី២ អាល្លឺម៉ង់ និងសហភាពសូវៀតមានទំនាក់ទំនងល្អនឹងគ្នា
ទាំងខាងផ្នែកការទូត និងសេដ្ឋកិច្ច។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា ហ៊ីត្លែរ
និងស្តាលីន សំឡឹងមើលគ្នាទៅវិញទៅមកប្រកបដោយការមិនទុកចិត្តគ្នា ហើយម្ខាងៗសុទ្ធតែនាំគ្នាត្រៀមជើងព្រួលរៀងៗខ្លួន
ដើម្បីត្រៀមធ្វើសង្រ្គាមនឹងគ្នា។
តាមការពិត
នៅពេលដែលអាល្លឺម៉ង់ និងសហភាពសូវៀតចុះសន្ធិសញ្ញាមិនឈ្លានពានគ្នា អ្នកណាៗក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែរ
ដោយសារតែគេមើលឃើញពីភាពជាសត្រូវនឹងគ្នា រវាងគណបក្សណាហ្ស៊ីអាល្លឺម៉ង់
និងគណបក្សកុម្មុយនិស្តសូវៀត។ សម្រាប់ហ៊ីត្លែរ ក្រុមបុលឆេវិកសូវៀត សុទ្ធតែជាក្រុមបម្រើផលប្រយោជន៍ឲ្យពួកជ្វីហ្វ។
ម្យ៉ាងទៀត
នៅក្នុងសៀវភៅ Mein Kampf ដែលហ៊ីត្លែរសរសេរកាលពីមុនពេលឡើងកាន់អំណាច
ហ៊ីត្លែរក៏បានបង្ហើបឲ្យដឹងផងដែរ អំពីគម្រោងចង់ឈ្លានពានកាន់កាប់សហភាពសូវៀត
ដោយហ៊ីត្លែរលើកឡើងថា អាល្លឺម៉ង់ត្រូវការពង្រីកទឹកដី
ដើម្បីឲ្យប្រជាជនរស់នៅផង និងដើម្បីទាញយកធនធានធម្មជាតិផង ហើយទឹកដីនេះ អាល្លឺម៉ង់ត្រូវពង្រីកទៅទិសខាងកើត។
ក្រោយៗមកទៀត នៅពេលបានឡើងកាន់អំណាច ហ៊ីត្លែរបានបង្ហាញនូវចក្ខុវិស័យកាន់តែច្បាស់ថា
ទៅថ្ងៃអនាគត អាល្លឺម៉ង់ប្រាកដជាចៀសមិនផុតនឹងចូលឈ្លានពានកាន់កាប់សហភាពសូវៀត
នោះទេ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា ហ៊ីត្លែរក៏បានគិតទុកជាមុនផងដែរថា នៅក្នុងជំហានដំបូង
អាល្លឺម៉ង់អាចសហការជាមួយសូវៀតជាបណ្តោះអាសន្ន ប្រសិនបើវាអាចផ្តល់ផលប្រយោជន៍ដល់អាល្លឺម៉ង់។
នៅចុងឆ្នាំ១៩៤០ ហ៊ីត្លែរបានចេញបញ្ជាឲ្យមេទ័ពអាល្លឺម៉ង់រៀបចំគម្រោងការណ៍ឈ្លានពាន
សហភាពសូវៀត ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា ហ៊ីត្លែរបានព្យាយាមទាក់ទាញស្តាលីនឲ្យចូលរួមក្នុងបក្សសម្ព័ន្ធត្រី
ភាគី រួមជាមួយនឹងអ៊ីតាលី និងជប៉ុន ដើម្បីបង្កើតជាបក្សសម្ព័ន្ធចតុភាគីអាល្លឺម៉ង់-អ៊ីតាលី-ជប៉ុន-សូវៀត។
ស្តាលីនក៏ដឹងអំពីចេតនារបស់ហ៊ីត្លែរដែលចង់លេបយកទឹកដីសហភាព សូវៀតដែរ។
ក៏ប៉ុន្តែ ស្តាលីនគិតថា ការចូលក្នុងបក្សសម្ព័ន្ធជាមួយហ៊ីត្លែរយ៉ាងហោចណាស់ក៏អាចបញ្ចៀស
សង្រ្គាមជាមួយអាល្លឺម៉ង់បានមួយរយៈដែរ ដើម្បីទុកពេលឲ្យសូវៀតអាចពង្រឹងកម្លាំងទ័ពទុកទប់ទល់នឹងហ៊ីត្លែរ។
នៅខែវិច្ឆិកា ឆ្នាំ១៩៤០ ស្តាលីនក៏បានបញ្ជូនរដ្ឋមន្រ្តីក្រសួងការបរទេសឲ្យទៅចរចា
ជាមួយអាល្លឺម៉ង់ អំពីការចូលក្នុងបក្សសម្ព័ន្ធហ៊ីត្លែរ។
នៅពេលបើកកិច្ចចរចា រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់បានប្រាប់ទៅសមភាគីសូវៀតថា
បើមើលទៅលើស្ថានភាពយោធាបច្ចុប្បន្ន បក្សសម្ព័ន្ធត្រីភាគីប្រាកដជានឹងទទួលជោគជ័យក្នុងសង្រ្គាមលោក
លើកទី២នេះ គ្រាន់តែមិនដឹងថាតើជោគជ័យនេះនឹងមកដល់ឆាប់ប៉ុណ្ណាតែប៉ុណ្ណោះ។ ដូច្នេះ
វាល្មមដល់ពេលដែលប្រទេសមហាអំណាចទាំង ៤ (អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន
និងសហភាពសូវៀត) ត្រូវធ្វើការបែងចែកគ្នា ដើម្បីត្រួតត្រាពិភពលោក។
នៅក្នុងសេចក្តីព្រាងនៃកិច្ចព្រមព្រៀងដែលអាល្លឺម៉ង់ដាក់លើតុចរចា
ជាមួយសហភាពសូវៀត ប្រទេសទាំង ៤ ត្រូវបន្តកាន់កាប់ទឹកដីដែលខ្លួនកំពុងកាន់កាប់បច្ចុប្បន្ន
ហើយអាចធ្វើការឈ្លានពានវាតទីពង្រីកទឹកដីទៅតាមទិសដៅរៀងៗខ្លួន គឺអាល្លឺម៉ង់
នៅអាហ្វ្រិកប៉ែកកណ្តាល អ៊ីតាលី នៅអាហ្វ្រិកខាងជើង និងខាងកើត ជប៉ុន
នៅអាស៊ីអាគ្នេយ៍ ចំណែកសហភាពសូវៀត នៅតំបន់អាស៊ីកណ្តាលចាក់ចុះទៅទិសខាងត្បូងសំដៅទៅមហាសមុទ្រឥណ្ឌា។
សំណើនេះមិនត្រូវបានសហភាពសូវៀតទទួលយកទាំងស្រុងនោះទេ
ដោយស្តាលីនទាមទារឲ្យហ៊ីត្លែរកំណត់ឲ្យបានច្បាស់លាស់ អំពីការបែងចែកដែនឥទ្ធិពល
នៅក្នុងតំបន់អឺរ៉ុបខាងកើត ជាពិសេស ប្រទេសហ្វាំងឡង់ ប៊ុលហ្ការី និងរូម៉ានី
ដែលអាល្លឺម៉ង់ និងសហភាពសូវៀតកំពុងតែប្រជែងគ្នាកាន់កាប់។ ស្តាលីនបានផ្ញើសេចក្តីព្រាងកិច្ចព្រមព្រៀងថ្មីមួយជាសំណើតបទៅ
ហ៊ីត្លែរវិញ ក៏ប៉ុន្តែ ហ៊ីត្លែរមិនឆ្លើយតប ហើយការចរចាបង្កើតបក្សសម្ព័ន្ធចតុភាគីក៏ត្រូវជាប់គាំង។
នៅថ្ងៃទី២២
ខែមិថុនា ឆ្នាំ១៩៤១ កងទ័ពអាល្លឺម៉ង់ក៏បានបើកការវាយលុកចូលឈ្លានពានសហភាពសូវៀត
ក្នុងប្រតិបត្តិការដែលអាល្លឺម៉ង់ដាក់ឈ្មោះថា “Barbarossa”។
ការឈ្លានពានរបស់អាល្លឺម៉ង់ទៅលើសហភាពសូវៀតនៅពេលនោះ
ត្រូវបានគេចាត់ទុកថាជាប្រតិបត្តិការឈ្លានពានដ៏ធំបំផុត នៅក្នុងប្រវត្តិសឹកសង្រ្គាមពិភពលោក។
ទាហានអាល្លឺម៉ង់ជាង ៣លាននាក់ ចែកចេញជា ១៥០កងពលធំ អមដោយរថក្រោះជាង ៤ពាន់គ្រឿង
យន្តហោះនិងឧទ្ធម្ភាគចក្រជិត ៥ពាន់គ្រឿង ព្រមទាំងកាំភ្លើងធំជាង ៧ពាន់ដើម
បានបើកការវាយលុកចូលទៅក្នុងទឹកដីសហភាពសូវៀត នៅក្នុងសមរភូមិដែលបើកមុខរហូតដល់ទៅជិត៣ពាន់គីឡូម៉ែត្រ។
នៅមួយខែដំបូង កងទ័ពអាល្លឺម៉ង់បានវាយលុកចូលយ៉ាងជ្រៅទៅក្នុងទឹកដីរុស្ស៊ី
រហូតចូលទៅដល់ទ្វារក្រុងម៉ូស្គូ នៅដើមខែតុលា។ ក៏ប៉ុន្តែ មិនយូរប៉ុន្មាន
រដូវត្រជាក់ក៏ឈានចូលមកដល់ ហើយកងទ័ពអាល្លឺម៉ង់ដែលនៅឆ្ងាយពីមូលដ្ឋាន ហើយមិនមានសម្ភារៈគ្រប់គ្រាន់
ដើម្បីប្រឈមមុខនឹងអាកាសធាតុត្រជាក់នៃរដូវរងាររុស្ស៊ីក៏ចាប់ផ្តើម ធ្លាក់ចុះខ្សោយ
ហើយត្រូវបានកងទ័ពរុស្ស៊ី ដែលជាម្ចាស់ស្រុកវាយទប់ជាប់មិនឲ្យចូលកាន់កាប់ក្រុងម៉ូស្គូបាន។
បន្ទាប់ពីបរាជ័យនៃប្រតិបត្តិការ
“តោសមុទ្រ” (Sealion) នៅអង់គ្លេស ប្រតិបត្តិការ “Barbarrossa” បានក្លាយជាបរាជ័យដ៏ជូរចត់មួយទៀតរបស់ហ៊ីត្លែរ នៅក្នុងសង្រ្គាមលោកលើកទី២។
ការឈ្លានពានលើសហភាពសូវៀត ដែលហ៊ីត្លែររំពឹងថានឹងអាចទទួលជោគជ័យឆាប់ៗ
បានក្លាយជាសង្រ្គាម ដែលអូសបន្លាយពេលរហូតដល់ទៅ ៤ឆ្នាំ។
បរាជ័យនៃប្រតិបត្តិការ “Barbarrossa” នៅសហភាពសូវៀតបានធ្វើឲ្យអាល្លឺម៉ង់ត្រូវប្រឈមមុខនឹងសមរភូមិពីរ
ទិសធំៗក្នុងពេលតែមួយ នៅពេលដែលកងកម្លាំងនៃចលនាតស៊ូបារាំង រួមជាមួយនឹងកងទ័ពអង់គ្លេស
និងអាមេរិក ចាប់ផ្តើមវាយបកមកលើហ៊ីត្លែរវិញ នៅសមរភូមិអឺរ៉ុបខាងលិច៕