Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

សង្រ្គាមលោកលើកទី២នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក


នៅ​ពេល​ដែល​សង្រ្គាម​លោកលើកទី២ ចាប់ផ្តើម​ផ្ទុះឡើង នៅ​ខែ​កញ្ញា ឆ្នាំ​១៩៣៩ ភ្លើងសង្រ្គាម​បាន​ឆាបឆេះ​រួចទៅហើយ នៅ​ក្នុង​តំបន់​អាស៊ី គឺ​សង្រ្គាម​រវាង​ជប៉ុន និង​ចិន ដែល​ចាប់ផ្ទុះឡើង តាំង​ពី​ឆ្នាំ​១៩៣៧។ នៅ​ពេល​ដែល​សង្រ្គាម​លោកលើកទី២​ចាប់ផ្ទុះឡើង នៅ​ខែ​កញ្ញា ឆ្នាំ​១៩៣៩ ទឹកដី​មួយផ្នែក​ធំ​នៅ​ប៉ែក​ខាង​កើត​ប្រទេស​ចិន​ត្រូវ​បាន​កងទ័ព​ជប៉ុន​ ឈ្លានពាន​កាន់កាប់​រួច​ទៅហើយ។ ចំណែក​ឯ​ទឹកដី​ដែល​នៅ​សេសសល់ មួយចំណែក​ត្រូវ​កាន់កាប់​ដោយ​រដ្ឋាភិបាល​សាធារណរដ្ឋ​ចិន​​របស់​លោក​ចាង កាយចៀក និង​មួយ​ចំណែក​តូចទៀត​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ក្រុមកុម្មុយនិស្ត​​ របស់​ម៉ៅសេទុង។

នៅ​ក្នុង​ឆ្នាំ​ដំបូងៗ នៃ​សង្រ្គាម​លោកលើកទី២ នៅ​​ពេល​ដែល​អាល្លឺម៉ង់ អ៊ីតាលី និង​សហភាព​សូវៀត នាំគ្នា​ឈ្លានពាន​ពង្រីក​ទឹកដី នៅ​​ក្នុង​តំបន់​អឺរ៉ុប អាស៊ីប៉ាស៊ីហ្វិក​វិញ គឺ​ជា​ដែន​ប្រមាញ់​របស់​ចក្រភព​ជប៉ុន ដែល​ស្ថិត​ក្នុង​បក្សសម្ព័ន្ធ​ត្រី​ភាគី​ អាល្លឺម៉ង់-អ៊ីតាលី-ជប៉ុន ហើយ​ដែល​បាន​ចុះ​សន្ធិសញ្ញា​រក្សា​អព្យាក្រឹត​ជាមួយ​សហភាព​សូវៀត។
 
ហ៊ីដេគី តូចូ )Hideki Tojo) នាយករដ្ឋមន្រ្តី​ជប៉ុន​ ក្នុង​សម័យសង្រ្គាម​លោកលើកទី២


តាមពិត ជប៉ុន​ធ្លាប់​ជា​សម្ព័ន្ធមិត្ត​របស់​បារាំង អង់គ្លេស និង​សហរដ្ឋ​អាមេរិក ច្បាំងទល់​នឹង​អាល្លឺម៉ង់ នៅ​ក្នុង​អំឡុង​សង្រ្គាម​លោកលើកទី១។ ហេតុដូច្នេះ​ហើយ​បាន​ជា​នៅ​ក្រោយ​ពេល​ឈ្នះ​សង្រ្គាម​លោកលើកទី១​ ប្រទេស​មហាអំណាច​អស់ទាំងនេះ​បើកដៃ​ឲ្យ​ជប៉ុន​ធ្វើ​ភ្លៀង​ធ្វើ​ផ្គរ​ស្រេចនឹង ​ចិត្ត នៅ​ក្នុង​ប្រទេស​ចិន។ ក៏ប៉ុន្តែ ការទទួល​បានសិទ្ធិ​កាន់កាប់​ទឹកដី​អាណានិគម​នៅ​ចិន និង​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​នេះ​ មិនបាន​ធ្វើ​ឲ្យ​ជប៉ុន​ស្កប់ចិត្ត​នោះទេ ដោយសារតែ​​នៅ​ពេលនោះ ជប៉ុន​​​យល់ថា​ខ្លួន​គឺ​ជា​ចក្រភព​មួយ ដែល​គួរ​ត្រូវ​បាន​ប្រទេស​មហាអំណាច​ទុក​ក្នុងកែវភ្នែក​ជា​ដៃគូ​​ យុទ្ធសាស្រ្ត​ស្មើមុខស្មើ​មាត់​នឹង​គ្នា តែ​ប្រទេស​មហាអំណាច​បាន​ទុក​ជប៉ុន​ត្រឹមតែ​ជា​ដៃគូ​តូចតាច​មួយ​ប៉ុណ្ណោះ។ ហេតុដូច្នេះ​ហើយ​បាន​ជា​​នៅ​ក្នុង​សង្រ្គាម​លោកលើកទី២ ជប៉ុន​ងាក​​ទៅ​ចូល​រួម​ក្នុង​បក្សសម្ព័ន្ធ​ជាមួយ​អាល្លឺម៉ង់ ដែល​ជា​អតីត​គូសត្រូវ​ ហើយ​ត្រូវ​ប្រឈមមុខ​នឹង​អតីត​សម្ព័ន្ធមិត្ត​កាលពី​សង្រ្គាម​លោកលើកទី១​ ទៅវិញ។
នៅ​ខែ​កញ្ញា​ ឆ្នាំ​១៩៤០ នៅ​ក្រោយ​ពេល​ដែល​បារាំង​ត្រូវ​ទទួល​បរាជ័យ ស្ថិត​ក្រោម​ការ​កាន់កាប់​របស់អាល្លឺម៉ង់ ហើយ​រដ្ឋាភិបាល​ថ្មី​របស់​បារាំង ដែល​ដឹកនាំ​ដោយ​សេនាប្រមុខ Philippe Pétain ក៏​ត្រូវ​ក្លាយ​ជា​រដ្ឋាភិបាល​រណប​របស់​ហ៊ីត្លែរ​ដែរ​នោះ ជប៉ុន​ក៏​បាន​ចាប់ផ្តើម​បញ្ជូន​ទ័ព​ចូល​ឈ្លានតំបន់​ឥណ្ឌូចិន ដែល​ជា​ដែនដី​អាណានិគម​របស់​បារាំង។ គោលដៅ​របស់​ជប៉ុន គឺ​កាត់ផ្តាច់​ផ្លូវ​ដឹក​ជញ្ជូន​ស្បៀង ប្រេង និង​សព្វាវុធ ពី​កំពង់ផែ​ហាយហ្វុង​ប្រទេស​វៀតណាម កាត់តាម​ហាណូយ​ ចូល​ទៅ​ក្នុង​ខេត្ត​យូណាន​ យក​ទៅ​ផ្គត់ផ្គង់​កម្លាំង​ទ័ព​របស់​ចាង កាយចៀក និង​ម៉ៅសេទុង ដើម្បី​ច្បាំង​ទល់​នឹង​កងទ័ព​ជប៉ុន។
នៅថ្ងៃ​ទី២២ កញ្ញា ១៩៤០ បារាំង​បាន​សុខចិត្ត​​ឲ្យ​កងទ័ព​ជប៉ុន​កាន់កាប់​តំបន់​តុងកឹង (ប៉ែក​ខាងជើង​ប្រទេស​វៀតណាម ជាប់នឹង​ព្រំដែន​ចិន)។ ក៏ប៉ុន្តែ ជប៉ុន​មិនសុខចិត្ត​ទទួល​យក​ត្រឹម​តំបន់​តុងកឹង​នេះ​មួយទេ។ ចាប់​ពី​ឆ្នាំ​១៩៤១ កងទ័ព​ជប៉ុន​ក៏​បាន​វាតទី​កាន់កាប់​ទីតាំង​ជាច្រើន​ផ្សេង​ទៀត នៅ​ក្នុង​តំបន់​ឥណ្ឌូចិន​ទាំងមូល។
ប្រឈមមុខ​នឹង​ការ​វាតទី​របស់ជប៉ុន​នេះ សហរដ្ឋ​អាមេរិក​ ដោយ​មាន​ការ​ព្រមព្រៀង​ពី​សំណាក់​អង់គ្លេស​ ក៏​បាន​សម្រេច​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ជប៉ុន ហើយ​បាន​ទាមទារ​ឲ្យ​ជប៉ុន​ដក​ខ្លួន​ចេញ​ពី​ឥណ្ឌូចិន។ ទណ្ឌកម្ម​នេះ​បាន​ធ្វើ​ឲ្យ​ជប៉ុន​ត្រូវ​ទទួល​រងនូវការ​ខូចខាត​យ៉ាងខ្លាំង ដោយ​ត្រូវ​បាត់បង់​ប្រភព​ផ្គត់ផ្គង់ប្រេង​រហូតដល់​ទៅ​ ៩០% និង​បាត់បង់​ចំណូល​ពី​​ការ​ដោះដូរ​ពាណិជ្ជកម្ម​អន្តរជាតិ រហូតដល់​ទៅ ៧៥%។
ប្រឈមមុខ​នឹង​ទណ្ឌកម្ម​សេដ្ឋកិច្ច​នេះ គណៈរដ្ឋមន្រ្តី​ជប៉ុន​បាន​បើក​កិច្ចប្រជុំ​មួយ នៅ​ខែ​កញ្ញា ឆ្នាំ​១៩៤១ ក្រោម​អធិបតីភាព​របស់​អធិរាជ​ហ៊ីរ៉ូហ៊ីតូ (Hirohito) ដើម្បី​ជជែក​គ្នា អំពី​ជម្រើស​៣៖ ទីមួយ ​ដក​ថយ​ពី​​តំបន់​ឥណ្ឌូចិន​តាម​ការ​ទាមទារ​របស់​អាមេរិក ទីពីរ ធ្វើការ​​ចរចា​​ស្វែងរក​សម្បទាន​ពី​អាមេរិក និង​ទីបី ​បើក​ធ្វើ​សង្រ្គាម​ទល់​នឹងអាមេរិក​តែម្តង។ នៅ​ក្នុង​កិច្ចប្រជុំ​នេះ ជប៉ុន​ក៏​បាន​សម្រេច​​ថា​នឹង​ធ្វើការ​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក ក៏ប៉ុន្តែ ក្នុងពេល​ជាមួយ​គ្នា​​ត្រូវ​ចាប់ផ្តើម​រៀបចំ​​ទ័ព​ធ្វើ​សង្រ្គាម ប្រសិនបើ​ការ​ចរចា​មិនបាន​សម្រេច។
មួយខែ​ក្រោយមក នៅ​ថ្ងៃ​ទី១៧ ខែតុលា ឆ្នាំ​១៩៤១ ការផ្លាស់ប្តូរ​ដ៏សំខាន់​មួយ​បាន​កើតឡើង នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ជប៉ុន ដោយ​លោក ហ៊ីដេគី តូចូ (Hideki Tojo) ឧត្តមសេនីយ៍ និង​ជា​រដ្ឋមន្រ្តី​កិច្ចការសង្រ្គាម ត្រូវ​បាន​តែងតាំង​ជា​នាយករដ្ឋមន្រ្តី។ នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​ថ្មីមួយទៀត នៅ​ខែ​វិច្ឆិកា ហ៊ីដេគី តូចូ បាន​លើកឡើង នៅ​ចំពោះមុខ​អធិរាជ​ហ៊ីរ៉ូហ៊ីតូ​ ថា ប្រសិនបើ​ជប៉ុន​មិន​ឆក់​ឱកាស​​​ល្អ​ដែល​ខ្លួន​មាន​នៅ​ក្នុង​ដៃ​នៅ​ពេលនេះទេ នៅ​ក្នុងរយៈពេល​ពីរ ទៅបី​ឆ្នាំ​ទៀត ជប៉ុន​​ប្រាកដ​ជា​នឹង​ក្លាយ​ទៅជា​ប្រទេស​តតិយលោក។
នៅថ្ងៃ​ទី៥ វិច្ឆិកា ជប៉ុន​ក៏​បាន​សម្រេច​ថា​នឹង​ត្រូវ​ធ្វើ​សង្រ្គាម​​ទល់​នឹង​អាមេរិក ដោយ​កំណត់​យក​ថ្ងៃ​ទី​៣០​វិច្ឆិកា​ជា​ថ្ងៃ​ចុងក្រោយ ​សម្រាប់​ឲ្យមន្រ្តី​ទូត​ជប៉ុន​​ចរចា​ស្វែងរក​​សម្បទាន​សមស្រប​មួយ​ពី​ សហរដ្ឋ​អាមេរិក។ ក្នុងពេល​ជាមួយគ្នា​នោះ រដ្ឋាភិបាល​ជប៉ុន​បាន​ដាក់បញ្ជា​ឲ្យ​កងទ័ព​ជើងទឹក​ត្រៀម​ខ្លួន​ធ្វើ​ដំណើរ​ ចេញ​ពី​បន្ទាយ នៅ​ថ្ងៃ​ទី២៥​វិច្ឆិកា ដើម្បី​សំដៅ​ទៅ​បើក​ការ​វាយប្រហារ​លើ​សហរដ្ឋ​អាមេរិក។ ចំណែក​ឯ​​កងទ័ព​ជប៉ុន​នៅ​ក្នុង​តំបន់​ឥណ្ឌូចិន​វិញ​ត្រូវ​ត្រៀម​ខ្លួន​ វាយលុក​ចូល​ប៉ែក​ខាង​ត្បូង​ប្រទេស​ថៃ ដើម្បីបើក​ផ្លូវ​ចូល​ឈ្លានពាន​​កាន់កាប់​ដែនដី​អាណានិគម​របស់​​អង់គ្លេស​នៅ​ ម៉ាឡេស៊ី និង​ភូមា និង​ដែនដី​អាណានិគម​​របស់​ហូឡង់នៅ​ឥណ្ឌូណេស៊ី។ នៅ​ក្នុង​ការ​រៀបចំ​ផែនការ​ធ្វើ​សង្រ្គាម​នេះ ជប៉ុន​មិនបានដឹង​ទេ​ថា អាមេរិក​រកឃើញ​វិធី​បំបែកកូដ​អាន​សារ​សម្ងាត់​ឆ្លងឆ្លើយគ្នា​​ រវាង​រដ្ឋាភិបាល​ក្រុង​តូក្យូ និង​កងទ័ព ព្រមទាំង​មន្រ្តី​ទូត​ជប៉ុន​នៅ​វ៉ាស៊ីងតោន។ តាមរយៈ​ការ​អានសារ​សម្ងាត់​នេះ អាមេរិក​ដឹង​ថា ជប៉ុនបន្ត​ចរចា​ក៏ពិតមែន ក៏ប៉ុន្តែ តាមពិត​បាន​​សម្រេច​ថា​នឹង​ធ្វើ​សង្រ្គាម​ជាមួយ​អាមេរិក​ទៅហើយ។ ហេតុដូច្នេះ​ហើយបាន​ជា នៅ​ក្នុង​ការចរចា ​មន្រ្តី​ទូត​អាមេរិក​ មិន​ត្រឹមតែ​មិន​សុខចិត្ត​​ធ្វើ​សម្បទាន​​ទៅ​ភាគី​ជប៉ុន​​នោះទេ ក៏ប៉ុន្តែ នៅថ្ងៃ​ទី២៦​វិច្ឆិកា រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​បាន​បន្ថែម​ការ​ទាមទារ​កាន់តែ​ច្រើន​ ថែមទៀត​ ជាថ្នូរ​នឹង​ការ​ដកទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​ជប៉ុន។ អាមេរិក​បាន​ទាមទារ​ឲ្យ​ជប៉ុន​ដកទ័ព​ចេញ​ទាំង​ពី​តំបន់​ឥណ្ឌូចិន និង​ពី​ប្រទេសចិន​ទាំងមូល ហើយ​ត្រូវ​ដក​ខ្លួន​ចេញ​ពី​បក្ស​សម្ព័ន្ធ​ត្រី​ភាគី​ជាមួយ​អាល្លឺម៉ង់ និង​អ៊ីតាលី។

 ការទាមទារ​នេះ​បាន​ធ្វើ​ឲ្យ​ហ៊ីដេគី តូចូ ផ្ទុះកំហឹង​យ៉ាងខ្លាំង ហើយ​បាន​រៀបចំ​លិខិត​មួយ​ឲ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ទីក្រុង​វ៉ាស៊ីងតោន ប្រគល់​ឲ្យ​រដ្ឋាភិបាល​អាមេរិក នៅ​ព្រឹកថ្ងៃ​ទី៧​ធ្នូ ដើម្បី​ជា​ការ​ប្រកាស​សង្រ្គាម។ នៅ​ក្នុងពេល​ជាមួយគ្នា​នោះ កងទ័ព​ជប៉ុន​បាន​ចាប់ផ្តើម​ចេញ​ដំណើរ​ចេញ​ពី​បន្ទាយ​រៀងៗ​ខ្លួន​រួចទៅហើយ ដោយ​សម្តៅ​ទៅ​បើក​ការ​វាយប្រហារ​លើ​សហរដ្ឋ​អាមេរិក។

 នៅ​ពេលនោះ ថ្វីដ្បិត​តែ​អាមេរិក​​អាច​អាន​សារ​សម្ងាត់​របស់​ជប៉ុន ហើយ​ដឹង​ថា ជប៉ុន​កំពុងរៀបចំ​​សកម្មភាព​ធ្វើ​សង្រ្គាម​ ក៏ប៉ុន្តែ ដោយសារ​តែ​ ហ៊ីដេគី តូចូ បាន​ដាក់​បញ្ជា​យ៉ាង​ដាច់ណាត់​មិន​ឲ្យ​កងទ័ព​និយាយ​ទាក់ទងគ្នា​​អំពី​ សកម្មភាព ទីតាំង និង​ទិសដៅ​របស់​ពួកគេ អាមេរិក​មិនបានដឹង​ថា តើ​ជប៉ុន​គ្រោង​បើក​ការ​វាយប្រហារ​ទៅលើ​ទីតាំង​ណា​ពិតប្រាកដ​នោះទេ។ រហូត​ទាល់តែ​ដល់​ព្រឹកថ្ងៃ​ទី៧ ខែ​ធ្នូ ទើប​អាមេរិក​អាច​ដឹង​ច្បាស់ នៅ​ពេល​ដែល​កងទ័ព​ជប៉ុន​បើក​ការ​វាយប្រហារ​ទៅលើ​មូលដ្ឋានទ័ព​ជើងទឹក​អាមេរិក នៅ​ Pearl Harbor រដ្ឋ​ហាវ៉ៃ៕