Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

សង្រ្គាមឈូងសមុទ្រពែក្ស១៩៩១៖ ដំណើរដើមហេតុ

សង្រ្គាម​ឈូងសមុទ្រ​ពែក្ស​​នៅ​ឆ្នាំ​១៩៩១​បាន​ចាប់​ឆាបឆេះឡើង ជាមួយ​នឹង​​ការឈ្លានពាន​​របស់​អ៊ីរ៉ាក់​ទៅលើ​កូវ៉ែត ក៏ប៉ុន្តែ ដើមឫសនៃ​សង្រ្គាម​បាន​កើតមាន​តាំង​ពី​រាប់ឆ្នាំ​មុន​មកម៉្លេះ គឺ​ចាប់​តាំង​ពី​សង្រ្គាម​អ៊ីរ៉ាក់-អ៊ីរ៉ង់ (ឆ្នាំ១៩៨០-១៩៨៨)។

នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​៨០ ពិភពលោក​កំពុងតែ​ស្ថិត​នៅ​ក្នុង​សង្រ្គាម​ត្រជាក់ ហើយ​ទាំង​អ៊ីរ៉ាក់ និង​ទាំង​អ៊ីរ៉ង់ សុទ្ធតែ​ជា​ប្រទេស​ដែល​​កំពុងមាន​ទំនាស់​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។ អ៊ីរ៉ាក់​​នៅពេលនោះ​ គឺ​ជា​ប្រទេស​សម្ព័ន្ធមិត្ត​របស់​សហភាព​សូវៀត ចំណែក​ឯ​អ៊ីរ៉ង់វិញ បាន​ក្លាយ​ទៅជា​សត្រូវ​ដ៏ធំមួយ​របស់​អាមេរិក ក្រោយ​ពីមាន​វិបត្តិ​ចំណាប់ខ្មាំង​អាមេរិក​នៅ​អ៊ីរ៉ង់​ នៅ​ក្រោយ​បដិវត្តន៍​ឆ្នាំ​១៩៧៩។

ហេតុដូច្នេះហើយ​បាន​ជា​នៅពេលដែល​សង្រ្គាម​អ៊ីរ៉ាក់-អ៊ីរ៉ង់​ចាប់ផ្តើម​ ផ្ទុះឡើង នៅ​ឆ្នាំ​១៩៨០ សហរដ្ឋ​អាមេរិក​​បាន​ប្រកាន់​យក​ជំហរ​កណ្តាល​មួយ ​ដោយ​មិន​​លូកដៃ​ចូល​ជួយ​ភាគី​ណាមួយ​នោះទេ។ ក៏ប៉ុន្តែ ជំហរ​របស់​អាមេរិក​បាន​ចាប់ផ្តើម​ប្រែប្រួល នៅ​ពេល​ដែល​អ៊ីរ៉ង់​មានប្រៀបខ្លាំង​ទៅលើ​អ៊ីរ៉ាក់ នៅ​ក្នុង​សង្រ្គាម។ ក្តីបារម្ភ​ដ៏ធំ​របស់​អាមេរិក​នៅពេលនោះ គឺ​ខ្លាច​អ៊ីរ៉ង់​ទទួល​ជ័យជម្នះ​លើ​អ៊ីរ៉ាក់ រួចហើយ​វាតទី​ចូល​ឈ្លាន​ពាន​ប្រទេស​ផ្សេងៗ​ទៀត នៅ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក។
 
រថក្រោះ​ធុន T72 របស់​កងទ័ព​អ៊ីរ៉ាក់ នៅ​ក្នុង​អំឡុង​សង្រ្គាម​ឈូងសមុទ្រ​ពែក្ស ឆ្នាំ​១៩៩១

អ៊ីរ៉ង់ ដែល​ជា​ប្រទេស​មហាអំណាច​អ៊ីស្លាម​និកាយ​ស្ហ៊ីអ៊ីត គឺ​ជា​គូប្រជែង​ដ៏ធំ​របស់​អារ៉ាប៊ីសាអ៊ូឌីត ព្រមទាំង​ប្រទេស​ផ្សេងទៀត​​នៅ​តំបន់​ឈូងសមុទ្រ​ពែក្ស ដែល​សុទ្ធសឹង​ជា​ប្រទេស​អ៊ីស្លាម​ស៊ុននីត។ អ៊ីរ៉ាក់​វិញ ថ្វីដ្បិត​តែ​ជា​ប្រទេស​មាន​ប្រជាជន​ភាគច្រើន​កាន់​និកាយ​ស្ហ៊ីអ៊ីត ក៏ប៉ុន្តែ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​ស៊ុននីត គឺ​គណបក្ស​របស់​សាដាមហ៊ូសេន។

ហេតុដូច្នេះ​ហើយ​បាន​ជា​អារ៉ាប៊ីសាអ៊ូឌីត​ និង​សម្ព័ន្ធមិត្ត​នៅ​ឈូងសមុទ្រ​ពែក្ស បាន​នាំគ្នា​​សហការ​ជាមួយ​​អាមេរិក ក្នុងការ​ផ្តល់ជំនួយ​យោធា​ទៅ​ឲ្យ​សាដាមហ៊ូសេន ដើម្បី​ទប់ទល់​ជាមួយ​នឹង​អ៊ីរ៉ង់។ ដោយសារ​តែ​បាន​ជំនួយ​អស់ទាំងនេះ​ហើយ ទើប​​អ៊ីរ៉ាក់​​អាច​មាន​តុល្យភាព​កម្លាំង​​ទ័ព​​ជាមួយ​នឹង​អ៊ីរ៉ង់ ហើយ​នៅ​ឆ្នាំ​១៩៨៨ ភាគីជម្លោះ​ទាំងពីរ​ក៏​បាន​ចុះកិច្ចព្រមព្រៀង​ឈប់បាញ់ ដើម្បី​ឈាន​ទៅបញ្ចប់​សង្រ្គាម។

នៅ​ក្រោយ​ពេលដែល​សង្រ្គាម​អ៊ីរ៉ាក់-អ៊ីរ៉ង់​ត្រូវ​បញ្ចប់ នៅ​ឆ្នាំ​១៩៨៨ គេ​រំពឹង​ថា សាដាមហ៊ូសេន និង​ប្រទេស​នៅ​ឈូងសមុទ្រ​ពែក្ស​អាច​នឹង​បន្ត​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ នឹងគ្នា ដូចកាល​ពី​អំឡុង​សង្រ្គាម ដោយ​គេឃើញ​ថា នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៨៩ អ៊ីរ៉ាក់​​បាន​ចុះ​សន្ធិសញ្ញា​មិនឈ្លានពានគ្នា និង​មិនជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​គ្នា​ទៅវិញ​ទៅមក​ជាមួយ​នឹង​ អារ៉ាប៊ីសាអ៊ូឌីត និង​​បន្ទាប់មកទៀត ​ចុះ​កិច្ចព្រមព្រៀង​ផ្គត់ផ្គង់​ទឹកសាប​ទៅ​ឲ្យ​កូវ៉ែត។ ក៏ប៉ុន្តែ ភាព​ល្អូកល្អឺន​នេះ​មាន​រយៈពេល​ប្រមាណ​​តែ​មួយឆ្នាំ​ប៉ុណ្ណោះ!

នៅ​អ៊ីរ៉ាក់ សាដាមហ៊ូសេន​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ដោយសារ​តែ​ការ​ខូចខាត​ក្នុង​សង្រ្គាម​ជាមួយ​អ៊ីរ៉ង់។ បន្ថែម​ពីលើ​នេះ​ទៅទៀត បំណុល​ដែល​អ៊ីរ៉ាក់​ខ្ចី​ពី​អារ៉ាប៊ីសាអ៊ូឌីត ដើម្បី​យក​ទៅ​ចំណាយ​ធ្វើ​សង្រ្គាម​ក៏​មាន​ទំហំធំធេង​ដែល​ជា​បន្ទុក​​កាន់តែ​ ធ្ងន់​សម្រាប់​​សេដ្ឋកិច្ច​ជាតិ​ ហើយ​ក្នុងពេល​ជាមួយគ្នា តម្លៃប្រេងឆៅ​នៅលើ​ទីផ្សារ​អន្តរជាតិ​ក៏​មាន​កម្រិត​ទាប ដែល​​ហេតុ​ធ្វើ​ឲ្យ​អ៊ីរ៉ាក់ ដែល​ជា​ប្រទេស​នាំចេញ​ប្រេងឆៅ ពិបាក​នឹង​បង្កើន​ប្រាក់​ចំណូល​យក​មក​ស្តារ​សេដ្ឋកិច្ច​របស់​ខ្លួន។

ប្រឈមមុខ​នឹង​បញ្ហា​នេះ សាដាមហ៊ូសេន​បាន​ស្នើសុំ​ឲ្យ​អារ៉ាប៊ីសាអ៊ូឌីត​​ និង​ប្រទេស​ផ្សេងទៀត នៅ​ក្នុង​តំបន់​ឈូងសមុទ្រ​ពែក្ស លុបចោល​បំណុលប្រមាណ​ជា​ ៣០ពាន់លាន​ដុល្លារ​ដែល​អ៊ីរ៉ាក់​ខ្ចី កាល​ពីសម័យសង្រ្គាម​ជាមួយ​អ៊ីរ៉ង់ ព្រមទាំង​ទាមទារ​ឲ្យ​អង្គការ OPEC ចាត់វិធានការ ដើម្បី​បង្កើន​តម្លៃ​ប្រេងឆៅ។ ក៏ប៉ុន្តែ ការទាមទារ​ទាំង​​នេះ​ត្រូវ​បាន​ច្រានចោល​ដោយ​អារ៉ាប៊ីសាអ៊ូឌីត។

នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៩០ សាដាមហ៊ូសេន​ក៏​បាន​ចាប់ផ្តើម​ធ្វើការ​បរិហា​រិះគន់​យ៉ាងធ្ងន់ៗ​ទៅលើ​​ អារ៉ាប៊ីសាអ៊ូឌីត និង​សម្ព័ន្ធមិត្ត​នៅ​ឈូងសមុទ្រ​ពែក្ស ដោយ​បាន​ចោទ​ប្រទេស​អស់ទាំងនេះ​ថា​កំពុងតែ​ធ្វើ​នយោបាយ​បម្រើ​ផលប្រយោជន៍​ អាមេរិក ហើយ​បំផ្លិចបំផ្លាញ​​ប្រទេស​អារ៉ាប់​គ្នាឯង។ សម្រាប់​សាដាមហ៊ូសេន ការណ៍​ដែល​អារ៉ាប៊ីសាអ៊ូឌីត​ដាក់សម្ពាធ​លើ​ប្រទេស​ផ្សេងទៀត​ក្នុង​អង្គការ OPEC កុំ​ឲ្យ​ចាត់វិធានការ​ដំឡើង​តម្លៃ​ ប្រេងឆៅ   គឺ​ដើម្បី​តម្រូវ​ចិត្ត  ​សហរដ្ឋ​អាមេរិក ដែល​ចង់​ទិញប្រេង​ពី​មជ្ឈិមបូព៌ា  ​ក្នុង​តម្លៃ ​ថោក។

នៅ​ខែកក្កដា​ឆ្នាំ​១៩៩០ សាដាមហ៊ូសេន​បាន​ចោទ​កូវ៉ែត​ថា​បាន​លួច​បូមប្រេង​ចូល​មក​ក្នុង​ទឹកដី​ អ៊ីរ៉ាក់ ហើយ​បាន​ប្រកាស​គំរាម​ជាសាធារណៈ​ចង់​ប្រើ​កម្លាំង​ទ័ព​​បើក​ការ​វាយប្រហារ​ ទៅលើ​កូវ៉ែត។ ព្រមជាមួយ​នឹង​ពាក្យ​គំរាម សាដាមហ៊ូសេន​បាន​ចល័ត​ទ័ព​ប្រមាណ​ជា ៣ម៉ឺននាក់​ឲ្យ​ទៅកាន់​ព្រំដែន​ជាមួយ​កូវ៉ែត។

ដោយមើលឃើញ​ពីស្ថានភាព​ក្តៅគគុក​បែបនេះ លោក​ហ៊ូស្នី មូបារ៉ាក់ ប្រធានាធិបតី​អេហ្ស៊ីប ក្នុងនាម​បក្សសម្ព័ន្ធ​អារ៉ាប់ បាន​ព្យាយាម​សម្រុះសម្រួល​ភាគី​ជម្លោះ ឲ្យ​ដោះស្រាយ​វិវាទ​តាមរយៈ​ការចរចា ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​​សង្រ្គាម រវាង​ប្រទេស​អារ៉ាប់​គ្នាឯង។

នៅថ្ងៃ​ទី៣១​កក្កដា កិច្ចចរចា រវាង​អ៊ីរ៉ាក់ និង​កូវ៉ែត​​​ក៏​បាន​ចាប់បើក​ធ្វើឡើង នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដោយ​មាន​លោក​ហ៊ូស្នី​ មូបារ៉ាក់ ធ្វើ​ជា​អន្តរការី។ នៅ​ក្នុង​ការចរចា​នេះ អ៊ីរ៉ាក់​បាន​ទាមទារ​ឲ្យ​     កូវ៉ែត ​បង់លុយ​​ជា​សំណង​ចំនួន​​ ១០ពាន់លាន​ដុល្លារ​អាមេរិក ដើម្បី​ជា​ការ​ប៉ះប៉ូវ  ​ការ​ខាតបង់ប្រេង​របស់   ​អ៊ីរ៉ាក់។ កូវ៉ែត​បាន​យល់​ព្រម​បង់​សំណង​ទៅតាម​ការ​ទាមទារ ក៏ប៉ុន្តែ សុំ​តថ្លៃ​បញ្ចុះ​សំណង​មកនៅ​ត្រឹម​ ៩ពាន់លាន​ដុល្លារ។ ឆ្លើយតបមកវិញ សាដាមហ៊ូសេន​ស្រាប់តែ​បាន​ប្រកាស​ចេញ​បញ្ជា​ឲ្យ​កងទ័ព​អ៊ីរ៉ាក់​​បើក​ការ​ វាយលុក​ភ្លាមៗ​ដោយ​ឥតបង្អង់​ទៅលើ​ទឹកដី​កូវ៉ែត។

នៅថ្ងៃ​ទី២ ខែ​សីហា ឆ្នាំ​១៩៩០ កងទ័ព​អ៊ីរ៉ាក់​បាន​ចាប់ផ្តើម​បើក​ការ​វាយ​លុក​ចូល​ឈ្លានពាន​ប្រទេស​កូវ៉ែត។ អាមេរិក​ចូល​មក​ជួយ​កូវ៉ែត ហើយ​សង្រ្គាម​ឈូងសមុទ្រ​ពែក្ស​ក៏​ចាប់ផ្តើម​ផ្ទុះឡើង នៅ​ខែ​មករា ឆ្នាំ​១៩៩១៕