ការចាប់ផ្ទុះឡើងនៃសង្រ្គាមឈូងសមុទ្រពែក្ស ឆ្នាំ១៩៩១
នៅថ្ងៃទី២
ខែសីហា ឆ្នាំ១៩៩០ សាដាមហ៊ូសេនបានបញ្ជូនកងទ័ពអ៊ីរ៉ាក់ឲ្យចូលឈ្លានពានប្រទេសកូវ៉ែត
ដែលជាប្រទេសជិតខាងដ៏តូចមួយ ស្ថិតនៅជាប់នឹងឈូងសមុទ្រពែក្ស។ សង្រ្គាម
រវាងអ៊ីរ៉ាក់ និងកូវ៉ែតនៅពេលនោះ គឺប្រៀបដូចជាពងមាន់ជល់នឹងថ្ម ពីព្រោះថា អ៊ីរ៉ាក់ដែលទទួលបានជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសហរដ្ឋអាមេរិក
និងអារ៉ាប៊ីសាអ៊ូឌីត នៅក្នុងពេលធ្វើសង្រ្គាមទល់នឹងអ៊ីរ៉ង់ គឺជាប្រទេសដែលមានកម្លាំងទ័ពខ្លាំងជាងគេលំដាប់ទី៤
នៅលើពិភពលោក។ ចំណែកឯកូវ៉ែតវិញ គ្រាន់តែជាកូនប្រទេសតូចមួយ ដែលមានប្រជាជនប្រមាណតែ
២លាននាក់ និងកងទ័ពតិចតួចតែប៉ុណ្ណោះ។
ហេតុដូច្នេះហើយបានជាគ្រាន់តែក្នុងរយៈពេលត្រឹមតែ
១២ម៉ោង កងទ័ពអ៊ីរ៉ាក់ក៏អាចវាយលុកចូលកាន់កាប់រដ្ឋធានីរបស់កូវ៉ែតបាន ហើយក្រុមគ្រួសាររាជវង្ស
ព្រមទាំងសមាជិករដ្ឋាភិបាលកូវ៉ែត ក៏បាននាំគ្នារត់ភៀសខ្លួនទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
ក៏ប៉ុន្តែ ថ្វីដ្បិតតែអាចយកឈ្នះលើកូវ៉ែតយ៉ាងងាយនៅលើសមរភូមិទ័ព តែនៅលើសមរភូមិការទូតវិញ
សាដាមហ៊ូសេនត្រូវប្រឈមមុខនឹងការបរិហាររិះគន់ស្ទើរតែគ្រប់ទិសទី។
![]() |
លោកចច ប៊ូស ប្រធានាធិបតីអាមេរិក នៅពេលជួបជាមួយកងទ័ពអាមេរិក ដែលកំពុងឈរជើងក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត មុនពេលបើកការវាយប្រហារលើអ៊ីរ៉ាក់ |
ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ
ក្រោយពីអ៊ីរ៉ាក់ចាប់ផ្តើមចូលឈ្លានពានកូវ៉ែត ក្រុមប្រឹក្សាសន្តិសុខអ.ស.ប
បានជួបប្រជុំគ្នា ហើយចេញសេចក្តីសម្រេចមួយ (សេចក្តីសម្រេចលេខ
៦៦០) ទាមទារឲ្យអ៊ីរ៉ាក់ដកកងទ័ពចេញពីកូវ៉ែតជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។
មួយថ្ងៃក្រោយមក នៅថ្ងៃទី៣ សីហា សម្ព័ន្ធអារ៉ាប់ ដែលទាំងអ៊ីរ៉ាក់
និងទាំងកូវ៉ែតសុទ្ធតែជាសមាជិកដូចគ្នានោះ ក៏បានចេញសេចក្តីសម្រេចមួយទាមទារឲ្យអ៊ីរ៉ាក់ដកទ័ពផងដែរ។
ក៏ប៉ុន្តែ សាមដាមហ៊ូសេនមិនធ្វើតាម ហើយថែមទាំងប្រកាសកាត់យកប្រទេសកូវ៉ែតទាំងមូលទៅដាក់ជាខេត្តមួយ
របស់អ៊ីរ៉ាក់។
នៅថ្ងៃទី៨ ខែសីហា
ថ្ងៃដែលអ៊ីរ៉ាក់ប្រកាសកាត់យកប្រទេសកូវ៉ែត សហរដ្ឋអាមេរិកបានបញ្ជូនកងទ័ពរបស់ខ្លួនទៅដល់ប្រទេស
អារ៉ាប៊ីសាអ៊ូឌីត នៅក្នុងក្របខ័ណ្ឌនៃប្រតិបត្តិការរួមជាមួយកងកម្លាំងអូតង់
និងកងទ័ពមកពីប្រទេសអារ៉ាប់ផ្សេងទៀត ដើម្បីត្រៀមការពារប្រទេសអារ៉ាប៊ីសាអ៊ូឌីត
ពីការវាយប្រហាររបស់អ៊ីរ៉ាក់ ដោយសារតែគេឃើញថា ក្រោយពី វាយចូលកាន់កាប់កូវ៉ែតបានហើយ
សាដាមហ៊ូសេនបានបង្កើនការវាយប្រហារដោយពាក្យសម្តីកាន់តែខ្លាំងទៅលើ អារ៉ាប៊ីសាអ៊ូឌីត។
តាមការពិត ការណ៍ដែលអាមេរិកចូលមកបោះទីតាំងទ័ពនៅក្នុងទឹកដីអារ៉ាប៊ីសាអ៊ូឌីត
នៅពេលនោះ គឺជាដើមឫសដ៏សំខាន់មួយ ដែលនាំទៅរកការវាយប្រហារភេរវកម្មជាប្រវត្តិសាស្រ្តមួយនៅក្នុង
ទឹកដីអាមេរិក ១០ឆ្នាំក្រោយមកទៀត គឺព្រឹត្តិការណ៍ ១១កញ្ញា ឆ្នាំ២០០១។
នៅពេលដែលសាដាមហ៊ូសេនបង្កើនការគំរាមកំហែងដល់អារ៉ាប៊ីសាអ៊ូឌីត
មេដឹកនាំវ័យក្មេង នៃក្រុមមូចាហ៊ីឌីន ដែលធ្លាប់មានបទពិសោធន៍ធ្វើសង្រ្គាមនៅអាហ្វហ្កានីស្ថាន
គឺអូសាម៉ា ប៊ិនឡាដិន ដែលជាពលរដ្ឋអារ៉ាប៊ីសាអ៊ូឌីតផងនោះ បានស្នើទៅរដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត
ឲ្យយកក្រុមមូចាហ៊ីឌីនរបស់ខ្លួនយកមកធ្វើជាកម្លាំងការពារ អារ៉ាប៊ីសាអ៊ូឌីត
ពីការឈ្លានពានរបស់អ៊ីរ៉ាក់។ ក៏ប៉ុន្តែ មេដឹកនាំអារ៉ាប៊ីសាអ៊ូឌីតបដិសេធ ដោយជ្រើសរើសយកអាមេរិកមកធ្វើជាខែលការពារវិញ
ដែលជាហេតុធ្វើឲ្យអូសាម៉ាប៊ិនឡាដិនមានកំហឹងយ៉ាងខ្លាំង ហើយចងគំនុំទុកក្នុងចិត្ត
ដោយចាត់ទុកវត្តមានកងទ័ពអាមេរិកនៅលើទឹកដីអារ៉ាប៊ីសាអ៊ូឌីតថាជាការ ប្រមាថដល់សាសនាអ៊ីស្លាម។
នៅថ្ងៃទី១២ ខែសីហា
ដោយប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិ ក្នុងនោះរួមមានទាំងប្រទេសអារ៉ាប់គ្នាឯងផង
សាដាមហ៊ូសេនក៏បានព្យាយាមភ្ជាប់បញ្ហាកូវ៉ែតទៅនឹងសំណុំរឿងប៉ាឡេស្ទីន ក្នុងគោលដៅទាក់ទាញការគាំទ្រពីសំណាក់អ្នកកាន់សាសនាអ៊ីស្លាម។
សាដាមហ៊ូសេនបានប្រកាសថា អ៊ីរ៉ាក់នឹងសុខចិត្តដកកងទ័ពចេញពីកូវ៉ែត លុះត្រាតែអ៊ីស្រាអែលសុខចិត្តដកកងទ័ពចេញពីទឹកដីប៉ាឡេស្ទីន
ហើយកងទ័ពបរទេសទាំងអស់ត្រូវដកចេញពីតំបន់មជ្ឈិមបូព៌ា។
ក៏ប៉ុន្តែ
នេះគឺជាការថ្លែងជាសាធារណៈ។ រីឯនៅពីខាងក្រោយឆាកវិញ សាដាមហ៊ូសេន បានបញ្ជូនមន្រ្តីរបស់ខ្លួនឲ្យទៅចរចាដោយសម្ងាត់ជាមួយមន្រ្តីអាមេរិក
ដោយបានលើកឡើងនូវលក្ខខណ្ឌចំនួន ៣ ជាថ្នូរនឹងការដកទ័ពចេញពីកូវ៉ែត គឺទី១
ការដកចេញវិញទាំងអស់នូវទណ្ឌកម្មរបស់អ.ស.ប ទី២ ការធានាឲ្យមានការបើកច្រកផ្លូវពីទឹកដីអ៊ីរ៉ាក់ទៅកាន់ឈូងសមុទ្រ
ពែក្សដោយឆ្លងកាត់តាមទឹកដីកូវ៉ែត និងទី៣ កាត់ផ្តាច់ប្លុកប្រេងកាតមួយផ្នែករបស់កូវ៉ែតយកទៅឲ្យអ៊ីរាក់
គ្រប់គ្រង។ ក៏ប៉ុន្តែ លក្ខខណ្ឌអស់ទាំងនេះត្រូវបានអាមេរិកច្រានចោល ដោយនៅពេលនោះ
លោកប្រធានាធិបតីប៊ូសបានប្រកាន់នូវជំហរដ៏តឹងរ៉ឹងមួយថា ប្រសិនបើគេសុខចិត្តធ្វើតាមការទាមទាររបស់អ៊ីរ៉ាក់
គឺមានន័យស្មើនឹងការផ្តល់រង្វាន់ដល់សកម្មភាពឈ្លានពាន ដែលសាដាមហ៊ូសេនធ្វើទៅលើកូវ៉ែត។
នៅថ្ងៃទី២៩
ខែវិច្ឆិកា ឆ្នាំ១៩៩០ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ក៏បានអនុម័តសេចក្តីសម្រេចថ្មីមួយទៀត
ដោយបានដាក់ឱសានវាទឲ្យអ៊ីរ៉ាក់ដកកងទ័ពទាំងអស់ចេញពីប្រទេសកូវ៉ែត យ៉ាងយូរបំផុតត្រឹមថ្ងៃទី១៥
មករា ១៩៩១ ព្រមទាំងបានផ្តល់សិទ្ធិដល់ប្រទេសសមាជិកទាំងអស់ក្នុងការប្រើ កម្លាំងទ័ពទៅលើអ៊ីរ៉ាក់
ប្រសិនបើអ៊ីរ៉ាក់នៅតែមិនព្រមដកទ័ពទៅតាមឱសានវាទនេះ។
នៅក្នុងពេលជាមួយគ្នានោះ
បក្សសម្ព័ន្ធយោធាអន្តរជាតិមួយត្រូវបានបង្កើតឡើង ដឹកនាំដោយសហរដ្ឋអាមេរិក
និងមានការចូលរួមពីសំណាក់ប្រទេសចំនួន ៣៤ ដោយក្នុងនោះក៏មានផងដែរបណ្តាប្រទេសកាន់សាសនាអ៊ីស្លាម
ដូចជា អារ៉ាប៊ីសាអ៊ូឌីត អេហ្ស៊ីប និងប៉ាគីស្ថាន ជាដើម។ បក្សសម្ព័ន្ធអន្តរជាតិនេះមានកងទ័ពសរុបប្រមាណជា៧៥ម៉ឺននាក់ក្នុងនោះប្រមាណជា៥៤ម៉ឺននាក់ជាកងទ័ពអាមេរិក។
ចំណែកពីខាងអ៊ីរ៉ាក់វិញ សាដាមហ៊ូសេនទទួលបាននូវការគាំទ្រពីសំណាក់ប្រទេសហ្សកដានី
អាល់ហ្សេរី ស៊ូដង់ យេម៉ែន ទុយនីស៊ី និងប៉ាឡេស្ទីន។
![]() |
យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ ធុន F-117 Nighthwawk ដែលអាមេរិកប្រើក្នុងសង្រ្គាមទល់នឹងអ៊ីរ៉ាក់
នៅឆ្នាំ១៩៩១
|
នៅថ្ងៃទី១៧ ខែមករា
ឆ្នាំ១៩៩១ ពីរថ្ងៃក្រោយផុតឱសានវាទរបស់ក្រុមប្រឹក្សាសន្តិសុខ អាមេរិកក៏បានចាប់ផ្តើមបើកការវាយប្រហារទៅលើអ៊ីរ៉ាក់
ដោយចាប់ផ្តើមដំបូង ពីការវាយប្រហារតាមផ្លូវអាកាស។ ប្រតិបត្តិការយោធារបស់អាមេរិកនៅពេលនោះ
ត្រូវបានធ្វើឡើង ដោយយកទឹកដីអារ៉ាប៊ីសាអ៊ូឌីតធ្វើជាមូលដ្ឋាន បូករួមជាមួយនឹងនាវាផ្ទុកយន្តហោះជាច្រើនគ្រឿង
ដែលបោះទីតាំងនៅក្នុងឈូងសមុទ្រ
ពែក្ស និងក្នុងសមុទ្រក្រហម ក្បែរប្រទេសអេហ្ស៊ីប។
កងទ័ពអ៊ីរ៉ាក់ ថ្វីដ្បិតតែនៅពេលនោះជាប់ឈ្មោះជាកងទ័ពខ្លាំងជាងគេលំដាប់ទី៤
នៅលើពិភពលោក ក៏ប៉ុន្តែ ចាញ់ប្រៀបយ៉ាងដាច់ឆ្ងាយកងទ័ពអាមេរិក ដែលបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗបំផុត
រួមមាន ដូចជាយន្តហោះបំបាំងកាយ (យន្តហោះធុន F-117) មីស៊ីលបណ្តែត
(Tomahawk Cruise missiles) និងគ្រាប់បែកកំណត់ចំណុចស៊ីបដោយប្រើកាំរស្មីឡាស៊ែរ
(Laser-guided Smart Bombs)។
គ្រាន់តែក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ កងទ័ពអាមេរិកអាចគ្រប់គ្រងដែនអាកាសអ៊ីរ៉ាក់បានស្ទើរតែទាំងស្រុង
រួចហើយក៏ចាប់ផ្តើមធ្វើការទម្លាក់គ្រាប់បែកទៅលើទីបញ្ជាការដ្ឋាន សំខាន់ៗរបស់អ៊ីរ៉ាក់
ហើយនៅពាក់កណ្តាលខែកុម្ភៈ ឆ្នាំ១៩៩១ អាមេរិកនិងសម្ព័ន្ធមិត្តក៏បានចាប់ផ្តើមបើកប្រតិបត្តិការទ័ពជើងគោក
វាយលុកចូលរំដោះប្រទេសកូវ៉ែត។ គិតត្រឹមចុងខែកុម្ភៈ ឆ្នាំ១៩៩១ កងទ័ពអាមេរិករំដោះបានទាំងស្រុងនូវទឹកដីកូវ៉ែត
មុននឹងបើកការវាយលុកឆ្លងដែនចូលទៅក្នុងប៉ែកខាងត្បូងប្រទេស អ៊ីរ៉ាក់៕