សង្រ្គាមវៀតណាម៖ ដំណើរដើមហេតុ
សង្រ្គាមវៀតណាម
គឺជាជម្លោះប្រដាប់អាវុធដ៏សំខាន់មួយ នៅក្នុងប្រវត្តិនៃសង្រ្គាមត្រជាក់។
វាគឺជាសង្រ្គាម រវាងវៀតណាមខាងជើង (វៀតណាមកុម្មុយនិស្ត)
គាំទ្រដោយប្លុកកុម្មុយនិស្ត និងវៀតណាមខាងត្បូង
ដែលមានជំនួយពីកងទ័ពអាមេរិក។ សង្រ្គាមនេះត្រូវបានគេហៅជាទូទៅថា “សង្រ្គាមវៀតណាម” ប៉ុន្តែតាមពិត
វាមិនមែនកើតឡើងតែនៅក្នុងប្រទេសវៀតណាមមួយនោះទេ គឺបានរាលដាលទៅដល់ផ្នែកខ្លះនៃទឹកដីកម្ពុជា
និងឡាវផងដែរ។
ហេតុដូច្នេះហើយបានជាអ្នកប្រវត្តិសាស្រ្តខ្លះ
បានហៅសង្រ្គាមនេះថា “សង្រ្គាមឥណ្ឌូចិនលើកទី២” បន្តពីសង្រ្គាមឥណ្ឌូចិនលើកទី១
គឺសង្រ្គាម រវាងមហាអំណាចអាណានិគមបារាំង និងវៀតណាម នៅចន្លោះពីឆ្នាំ១៩៤៥ ដល់ឆ្នាំ១៩៥៤។
តាមការពិត គឺផលវិបាកដែលបន្សល់ទុកដោយសង្រ្គាមឥណ្ឌូចិនលើកទី១នេះហើយ ដែលជាឫសគល់នាំឲ្យមានសង្រ្គាមឥណ្ឌូចិនលើកទី២
ឬសង្រ្គាមវៀតណាម។
ប្រទេសវៀតណាមត្រូវបានពុះចែកជាពីរ
នៅក្នុងអំឡុងសង្រ្គាមឥណ្ឌូចិនលើកទី១ គឺនៅឆ្នាំ១៩៤៩ ហើយគឺបារាំង ដែលជាអ្នកផ្តួចផ្តើមគំនិតបង្កើតរដ្ឋាភិបាលវៀតណាមខាងត្បូង
ដោយដាក់ឲ្យស្ថិតក្រោមការដឹកនាំរបស់ព្រះចៅបាវដាយ អតីតអធិរាជនៃនគរអាណ្ណាម
ដោយនៅពេលនោះ បារាំងមានការគាំទ្រពីសហរដ្ឋអាមេរិក។
លោកង៉ូ ឌិនហ្សៀម (Ngo Dinh Diem) ប្រធានាធិបតីវៀតណាមខាងត្បូង និងលោក Dwight D. Eisenhower ប្រធានាធិបតីអាមេរិក ពេលជួបគ្នានៅវ៉ាស៊ីងតោន ថ្ងៃទី៨ ឧសភា ១៩៥៧ |
តាមការពិត
នៅក្នុងអំឡុងសង្រ្គាមលោកលើកទី២ សហរដ្ឋអាមេរិកធ្លាប់គាំទ្រចលនាតស៊ូវៀតណាម
ដឹកនាំដោយហូជីមិញ ដើម្បីប្រឆាំងនឹងជប៉ុន ហើយមេដឹកនាំអាមេរិកក៏តែងតែប្រកាន់ជំហរប្រឆាំងនឹងអាណានិគមផងដែរ
ទាំងអាណានិគមនៅឥណ្ឌូចិន ក៏ដូចជាអាណានិគមនៅបណ្តាប្រទេសផ្សេងៗទៀតនៅទូទាំងពិភពលោក។
ក៏ប៉ុន្តែ
នៅក្រោយពីសង្រ្គាមលោកលើកទី២ត្រូវបញ្ចប់ ហើយនៅពេលដែលពិភពលោកត្រូវធ្លាក់ចូលទៅក្នុងសង្រ្គាមត្រជាក់
អាមេរិកបែរជាទៅគាំទ្របារាំងក្នុងការបង្រ្កាបចលនាទាមទារឯករាជ្យនៅ វៀតណាមទៅវិញ។
នេះក៏ដោយសារតែបារាំងគឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិក ចំណែកឯចលនាទាមទារឯករាជ្យវៀតណាម
ដែលដឹកនាំដោយហូជីមិញ គឺជាចលនាកុម្មុយនិស្តគាំទ្រដោយសហភាពសូវៀត និងចិន។
និយាយជារួម មេដឹកនាំអាមេរិកបានក្បត់នឹងគោលគំនិតប្រឆាំងអាណានិគមរបស់ខ្លួន
ធ្វើយ៉ាងណាឲ្យតែអាចបញ្ចៀសកុំឲ្យតំបន់ឥណ្ឌូចិនត្រូវធ្លាក់ក្រោម ការកាន់កាប់របស់ពួកកុម្មុយនិស្ត។
ក៏ប៉ុន្តែ នៅទីបំផុត បារាំងនៅតែត្រូវចាញ់ពួកកុម្មុយនិស្តវៀតណាម
គឺបរាជ័យនៅឌៀនបៀនភូ នៅឆ្នាំ១៩៥៤ ហើយអាមេរិកក៏ចាប់ផ្តើមផុងខ្លួនបន្តិចម្តងៗកាន់តែជ្រៅទៅក្នុង
ជម្លោះនៅឥណ្ឌូចិន។
នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ១៩៥៤ បារាំងបានចុះកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមឥណ្ឌូចិន
នៅក្នុងសន្និសីទក្រុងហ្សឺណែវ ដោយបារាំងបានសុខចិត្តប្រគល់ឯករាជ្យដល់វៀតណាម
ក៏ប៉ុន្តែ នៅក្នុងសន្និសីទក្រុងហ្សឺណែវនេះ ប្រទេសវៀតណាមត្រូវបានគេបន្តទុកឲ្យនៅពុះចែកជាពីរដដែល
ដោយបានត្រឹមតែកំណត់ថា វៀតណាមទាំងពីរនឹងត្រូវបង្រួបបង្រួមគ្នាមកវិញ នៅក្រោយការបោះឆ្នោតជាតិមួយ
ដែលគេគ្រោងរៀបចំធ្វើឡើងនៅទូទាំងប្រទេសវៀតណាម នៅឆ្នាំ១៩៥៦។
ក៏ប៉ុន្តែ
ផែនការរៀបចំការបោះឆ្នោតជាតិនេះ ត្រូវបានច្រានចោលដោយវៀតណាមខាងត្បូង
និងសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្ត។ នៅពេលនោះ វៀតណាមខាងត្បូងបានបដិសេធមិនគោរពតាមកិច្ចព្រមព្រៀងក្រុងហ្សឺណែវ
ដោយលើកហេតុផលថា វៀតណាមខាងត្បូងមិនមែនជាហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងហ្សឺណែវនេះ
ទេ គឺមានតែគណៈប្រតិភូមកពីវៀតណាមខាងជើងតែប៉ុណ្ណោះ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។
ចំណែកឯសហរដ្ឋអាមេរិកវិញ បានរិះគន់ផែនការបោះឆ្នោតដែលចែងក្នុងកិច្ចព្រមព្រៀងក្រុងហ្សឺណែវ
ដោយលើកហេតុផលថា ខ្លួនបានទាមទារឲ្យការបោះឆ្នោតជាតិវៀតណាមនេះត្រូវរៀបចំធ្វើដោយ
អ.ស.ប ដើម្បីធានានូវភាពសេរី និងយុត្តិធម៌ ក៏ប៉ុន្តែ សហភាពសូវៀត ដែលជាសម្ព័ន្ធមិត្តរបស់វៀតណាមខាងជើងបានជំទាស់។
ក្តីសង្ឃឹមអំពីការបង្រួបបង្រួមប្រទេសវៀតណាមកាន់តែត្រូវរលាយ
សាបសូន្យ នៅឆ្នាំ១៩៥៥ នៅពេលដែលនាយករដ្ឋមន្រ្តីវៀតណាមខាងត្បូង គឺលោក ង៉ូ
ឌិន ហ្សៀម (Ngo Dinh Diem) ដែលជាអ្នកមានគំនិតប្រឆាំងនឹងកុម្មុយនិស្តដ៏ស្រួចស្រាវនោះ បានរៀបចំការបោះឆ្នោត
នៅតែក្នុងរង្វង់ទឹកដីវៀតណាមខាងត្បូង។ នៅពេលនោះ ង៉ូ ឌិនហ្សៀម
បានបណ្តេញព្រះចៅបាវដាយពីអំណាច រួចហើយបង្កើតជារបបសាធារណរដ្ឋមួយឡើង ដោយប្រកាសតាំងខ្លួនឯងជាប្រធានាធិបតី។
នៅក្នុងពេលជាមួយគ្នានោះ ចលនាឧទ្ទាមកុម្មុយនិស្តស្និទ្ធនឹងវៀតណាមខាងជើងក៏បានចាប់ផ្តើម
រីកដុះដាលឡើងកាន់តែខ្លាំង នៅក្នុងទឹកដីវៀតណាមខាងត្បូង គឺចលនាឧទ្ទាមដែលត្រូវបានគេហៅជាទូទៅថា
“វៀតកុង”។ ដើម្បីកុំឲ្យមានការច្រលំគ្នា
គេគួរធ្វើការបែងចែកឲ្យច្បាស់ថា “វៀតមិញ” គឺចលនាកុម្មុយនិស្តដឹកនាំដោយហូជីមិញ ដែលប្រយុទ្ធទាមទារឯករាជ្យពីបារាំង
ហើយដែលក្រោយមកបានឡើងកាន់អំណាចនៅវៀតណាមខាងជើង ចំណែកឯ “វៀតកុង” គឺចលនាកុម្មុយនិស្ត
ដែលជាក្រុមឧទ្ទាមស្ថិតនៅក្នុងទឹកដីវៀតណាមខាងត្បូង។
ជាមួយនឹងការកើនឡើងនៃចលនាឧទ្ទាមកុម្មុយនិស្តវៀតកុង
នៅវៀតណាមខាងត្បូង លោក Dwight
Eisenhower ប្រធានាធិបតីអាមេរិកបានបង្កើនការគាំទ្រកាន់តែខ្លាំងដល់របបដឹកនាំ
របស់លោក ង៉ូ ឌិន ហ្សៀម តាមរយៈការផ្តល់ជំនួយជាលុយ និងគ្រឿងសព្វាវុធ ព្រមទាំងបញ្ជូនទីប្រឹក្សាយោធាជាច្រើននាក់ឲ្យទៅជួយហ្វឹកហ្វឺន
ពង្រឹងកម្លាំងទ័ពវៀតណាមខាងត្បូង ដើម្បីប្រយុទ្ធតទល់នឹងវៀតណាមកុម្មុយនិស្ត។
បានជំនួយពីអាមេរិក
កងកម្លាំងរបស់លោក ង៉ូ ឌិន ហ្សៀម បានចាប់បើកប្រតិបត្តិការវាយបង្រ្កាបដោយឥតប្រណីដៃ ទៅលើចលនាឧទ្ទាមវៀតកុង
នៅវៀតណាមខាងត្បូង ដែលជាចំណុចចាប់ផ្តើមនៃសង្រ្គាមវៀតណាម។ ក៏ប៉ុន្តែ នៅពេលចាប់ផ្តើមដំបូងនោះ ជម្លោះប្រដាប់អាវុធបានកើតមានឡើងតែរវាងកងកម្លាំងរដ្ឋាភិបាលវៀតណាម ខាងត្បូង
និងចលនាឧទ្ទាមវៀតកុងតែប៉ុណ្ណោះ ដោយមិនទាន់មានអន្តរាគមន៍ដោយផ្ទាល់ពីសំណាក់កងទ័ពអាមេរិក និងកងទ័ពវៀតណាមខាងជើងនៅឡើយទេ។
រហូតទាល់តែដល់ដើមទសវត្សរ៍ឆ្នាំ៦០ ទើបជម្លោះប្រដាប់អាវុធនេះរាលដាលកាន់តែធំ រហូតមានអន្តរាគមន៍យោធាដោយផ្ទាល់ពីសហរដ្ឋអាមេរិក
ចាប់ពីឆ្នាំ១៩៦៥៕