Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

សង្រ្គាមត្រជាក់៖ ការប្រជែងគ្នាខាងផ្នែកអវកាស រវាងអាមេរិកនិងសូវៀត

នៅ​ក្នុង​អំឡុង​សង្រ្គាម​ត្រជាក់ សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត ធ្វើការ​​ប្រកួតប្រជែងគ្នា​នៅ​ស្ទើរតែ​គ្រប់​វិស័យ ដើម្បី​បង្ហាញ​ពីឫទ្ធានុភាព​រៀងខ្លួន ក្នុងគោលដៅ​ឆ្ពោះទៅ​​ត្រួតត្រា​ពិភពលោក។ ការប្រកួតប្រជែងគ្នា​នេះ​បាន​កើតមាន​តាំងពី​​ផ្នែក​នយោបាយ សេដ្ឋកិច្ច គ្រឿងសព្វាវុធ ​រហូត​ទៅដល់​ទីអវ  កាស។

នៅ​ឆ្នាំ​១៩៤៩ នៅ​ក្រោយ​ពេល​ដែល​សហភាព​សូវៀត​មាន​សមត្ថភាព​ផលិត​​អាវុធ​នុយក្លេអ៊ែរ ភាព​ជា​មហាអំណាច​នុយក្លេអ៊ែរ​ផ្តាច់មុខ​របស់​សហរដ្ឋ​អាមេរិក​ត្រូវ​ បិទបញ្ចប់ ​ហើយ​គូបដិបក្ខ​ទាំងពីរ​​បាន​ចាប់ផ្តើម​ធ្វើការ​ ប្រណាំងប្រជែងគ្នា​កាន់តែ​ខ្លាំងខាងផ្នែក​នុយក្លេអ៊ែរ ជាពិសេស គឺ​ការ​​អភិវឌ្ឍ​បច្ចេកវិទ្យា​ផលិត​មីស៊ីល​នុយក្លេអ៊ែរ ដែល​អាច​បាញ់​ឆ្លងទ្វីប​ទៅដល់ទឹកដី​របស់​គូសត្រូវ។
ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​មីស៊ីល​អន្តរទ្វីប​នេះ​​ក៏ជា​ការ​បើកផ្លូវ​ ផងដែរ ឆ្ពោះទៅរក​ការ​ប្រកួតប្រជែងគ្នា​​ក្នុង​ទីអវកាស ដែល​ចាប់ផ្តើម​ឡើង នៅ​ឆ្នាំ​១៩៥៥ នៅ​ពេល​ដែល​មេដឹកនាំ​សហរដ្ឋ​អាមេរិក និង​មេដឹកនាំ​សហភាព​សូវៀត​បាន​ប្រកាស​ស្ទើរតែ​ព្រមពេល​ជាមួយគ្នា​ថា ពួកគេ​នឹង​ប្រើ​បច្ចេកវិទ្យា​មីស៊ីល​អន្តរទ្វីប ដើម្បី​បាញ់​បង្ហោះ​ផ្កាយរណប​​ទៅ​ក្នុង​ទីអវកាស នៅ​ក្នុង​ចន្លោះ​ពេល​ពី២ ទៅ​៣ឆ្នាំ​ខាងមុខ។
 
ការបញ្ជូន​មនុស្ស​ឲ្យ​ទៅ​ចុះចត​នៅ​លើ​ព្រះចន្ទ​នៅ​ ឆ្នាំ​១៩៦៩ គឺ​ជា​ជោគជ័យ​របស់​អាមេរិក នៅ​ក្នុង​ការ​ប្រជែង​ផ្នែក​អវកាស​ជាមួយ​សហភាព​សូវៀត
ក៏ប៉ុន្តែ នៅ​ក្នុង​​ការប្រកួតប្រជែង​គ្នា​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​នេះ គឺ​សហភាព​សូវៀត​ដែល​បាន​ឈាន​មួយ​ជំហាន​មុន ដោយ​បាន​បាញ់​បង្ហោះ​ផ្កាយរណប​របស់​ខ្លួន​ប្រកប​ដោយ​ជោគជ័យ នៅ​​ថ្ងៃ​ទី៤ ខែ​តុលា​ ឆ្នាំ​១៩៥៧។ ផ្កាយរណប​របស់​សូវៀត​ដែល​​មាន​ឈ្មោះ​ថា Sputnik បាន​ក្លាយ​ទៅជា​ឧបករណ៍​ដំបូង​បង្អស់​ ដែល​ផលិត​ដោយ​មនុស្ស​ ហើយ​ដែល​អាច​ត្រូវ​បាន​គេ​បាញ់​បង្ហោះ​យក​ទៅដាក់​ក្នុង​​​គន្លង​តារាវិថី​ ជុំវិញ​ផែនដី​។

ជោគជ័យ​របស់ Sputnik បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ផង និង​ព្រួយបារម្ភ​ផង នៅ​ក្នុង​ចំណោម​មេដឹកនាំ​សហរដ្ឋ​អាមេរិក។ ភ្ញាក់ផ្អើល​ដោយ​មើលឃើញ​ពី​ភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា​អវកាស​​របស់​សូវៀត និង​ព្រួយបារម្ភ​ខ្លាច​ចាញ់​ប្រៀប​សូវៀត​ក្នុងវិស័យ​មីស៊ីល​ នុយក្លេអ៊ែរអន្តរទ្វីប។ លោក Dwight Eisenhower ប្រធានាធិបតី​អាមេរិក​ក៏​បាន​ចេញ​បញ្ជា​ឲ្យ​ក្រុមការងារ​ផ្នែក​អវកាស​ អាមេរិក​ពន្លឿន​គម្រោង​បាញ់បង្ហោះ​ផ្កាយរណប​ឲ្យ​បាន​ឆាប់​ជាងការ​គ្រោង​ទុក​ ពីមុន។ ក៏ប៉ុន្តែ ការ​បាញ់​បង្ហោះ​ផ្កាយរណប​នេះ​ត្រូវ​ទទួល​បរាជ័យ នៅ​ថ្ងៃ​ទី៧ ខែ​ធ្នូ ឆ្នាំ​១៩៥៧ ដោយ​រ៉ុកកែត​ផ្ទុក​ផ្កាយរណប​ត្រូវ​ផ្ទុះ​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ក្រោយ​ពេល​ហោះ​ចេញ​ពី Cape Canaveral (Florida)

រហូត​ទាល់តែ​ដល់​​ថ្ងៃ​ទី៣១ ខែ​មករា ឆ្នាំ១៩៥៨ ពោលគឺ ៤ខែ​ក្រោយ​ពី​ជោគជ័យ​របស់​សហភាព​សូវៀត ទើប​សហរដ្ឋ​អាមេរិក​អាច​ទទួល​ជោគជ័យ​ក្នុងការ​​បាញ់​បង្ហោះ​ផ្កាយរណប​របស់​ ខ្លួន​​ទៅអវកាស។ ប៉ុន្មាន​ខែ​ក្រោយមកទៀត លោក Eisenhower ក៏​បាន​សម្រេច​បង្កើត​ស្ថាប័ន​ស៊ីវិល​មួយ​ឲ្យ​ទទួលបន្ទុក​ខាង​វិស័យ​អវកាស គឺ​ទីភ្នាក់ងារ​NASA(National Aeronautics and Space Administration)

ចាប់ពីឆ្នាំ​១៩៥៨ ការប្រកួតប្រជែង​ខាងផ្នែក​អវកាស​ រវាង​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត​បាន​កើតឡើង​​យ៉ាង​ពេញ​ទំហឹង ក៏ប៉ុន្តែ សហភាព​សូវៀត​នៅតែ​ដើរមួយជំហាន​មុន​អាមេរិក ដោយ​បាន​បញ្ជូនយាន​គ្មាន​មនុស្ស​បើក​មួយគ្រឿង​ (Space probe/Sonde spatiale) ឲ្យ​ទៅ​ចុះចត​នៅលើ​ព្រះចន្ទ នៅ​ខែ​កញ្ញា ឆ្នាំ​១៩៥៩ ហើយ​ជិត​២ឆ្នាំ​ក្រោយ​មកទៀត គឺ​នៅ​ខែ​មេសា ឆ្នាំ​១៩៦១ អវកាសយានិក​សូវៀត គឺ​លោក Yuri Gagarin ក៏​បាន​ក្លាយ​ទៅជា​មនុស្ស​ដំបូង​បង្អស់​ ដែល​បាន​ធ្វើ​ដំណើរ​​ទៅដល់​ទីអវកាស ព្រមទាំង​បាន​ហោះ​​​មួយ​ជុំ​ផែនដី​នៅ​ក្នុង​គន្លង​តារាវិថី។

ប្រមាណ​ជា ១ខែ​ក្រោយ​ពី​ជោគជ័យ​របស់ Yuri Gagarin លោក​ប្រធានាធិបតី​អាមេរិក John Kennedy ក៏​បាន​ប្រកាស​ជា​សាធារណៈ​ថា អាមេរិក​នឹង​បញ្ជូន​មនុស្ស​ឲ្យ​ទៅចុះចត​លើ​ដី​ព្រះចន្ទ​​ឲ្យ​បាន​មុន​ដំណាច់ ​ទសវត្សរ៍​ឆ្នាំ​៦០។ បេសកកម្ម​ទៅ​កាន់​ព្រះចន្ទ ដែល​គេ​ឲ្យឈ្មោះ​ថា Apollo ក៏​ត្រូវ​បាន​បង្កើតឡើង នៅ​ឆ្នាំ​១៩៦២ ថវិកា​របស់​ទីភ្នាក់ងារ NASA ត្រូវ​បាន​សភា​អាមេរិក​បង្កើន​រហូតដល់​ទៅ​ជិត ៥០០% ហើយ​បន្តិចម្តងៗ កម្មវិធី​អវកាស​របស់​អាមេរិក​ក៏​ចាប់ផ្តើម​​មាន​ប្រៀប​លើ​សហភាព​សូវៀត​វិញ​ ម្តង ដោយ​បាន​ទទួល​ជោគជ័យ​ក្នុងការ​​បញ្ជូន​យាន​ដឹក​អវកាសយានិក​ ៣នាក់ ឲ្យ​ទៅ​ហោះ​ជុំវិញ​ព្រះចន្ទ​ជាលើកដំបូង​បង្អស់​​ នៅ​ខែ​ធ្នូ ឆ្នាំ​១៩៦៨។

ថ្ងៃ​ទី១៧ ខែ​កក្កដា ឆ្នាំ​១៩៦៩ ម៉ោង ៩ និង​៣២នាទីព្រឹក ម៉ោង​នៅ​រដ្ឋ​ Florida សហដ្ឋ​អាមេរិក យានអវកាស​ដែល​គេ​ឲ្យឈ្មោះ​ថា Apollo 11 ត្រូវ​បាន​អាមេរិក​បាញ់​បង្ហោះ​ចេញ​ពី Cape Canaveral ដោយ​នាំ​ទៅ​ជាមួយ​នូវ​អវកាស​យានិក​៣រូប គឺ​ Neil Armstrong, Buzz Aldrin និង Michael Collins។ គោលដៅ គឺ​ទៅ​ចុះចត​លើ​ព្រះចន្ទ។

៧៦ម៉ោងក្រោយមក ក្រោយ​ពី​បាន​ធ្វើ​ដំណើរ​កាត់ទីអវកាស​ ក្នុង​ចម្ងាយផ្លូវ​ជិត ៤០ម៉ឺន​គីឡូម៉ែត្រ Apollo 11 ក៏​បាន​មក​ដល់​គន្លង​តារាវិថី​ជុំវិញ​ព្រះចន្ទ នៅថ្ងៃ​ទី១៩​កក្កដា ហើយ​មួយ​ថ្ងៃ​ក្រោយមក គឺ​នៅថ្ងៃ​ទី២០​កក្កដា Neil Armstrong និង Buzz Aldrin បាន​ធ្វើដំណើរ​តាម​យានតូច​មួយ​សំដៅ​ទៅ​ចុះចត​លើ​ព្រះចន្ទ ដោយ​ទុក​ឲ្យ Michael Collins ជា​អ្នក​បើកបរ​យានធំ នៅ​ចាំ​ក្នុង​គន្លង​តារាវិថី​ជុំវិញ​ព្រះចន្ទ។

នៅក្រោយ​ពេលដែល​កូនយាន​បាន​ចុះចត​ដោយ​ជោគជ័យ​លើ​ព្រះចន្ទ Neil Armstrong គឺ​ជា​អ្នក​ដែល​បាន​ចេញ​ពី​យាន​​ឈានជើង​ជាន់ដី​ព្រះចន្ទ​មុន ហើយ ១៩នាទី​ក្រោយមក​ទៀត Buzz Aldrin ចេញ​ពី​កូនយាន។ បើទោះបី​ជា​មាន​គម្លាតគ្នា​តែ​ប៉ុន្មាន​នាទី Neil Armstrong ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​មនុស្ស​ដំបូងបង្អស់ ដែល​បាន​ឈានជើង​ជាន់ដី​ព្រះចន្ទ ដោយ​បាន​ពោលពាក្យ​មួយ​ឃ្លា ដែល​ល្បីល្បាញ​រហូតមកទល់​នឹង​សព្វថ្ងៃ Thats one small step for man, one giant leap for mankind
  
Buzz Aldrin នៅ​ពេល​កំពុង​ចុះ​ពី​យាន​នៅលើ​ព្រះចន្ទ Neil Armstrong ដែល​ជា​អ្នក​ចុះ​ពី​យានមុន គឺ​ជា​អ្នក​ថតរូបនេះ
ជោគជ័យ​នៃ​បេសកកម្ម Apollo 11 នៅ​ឆ្នាំ​១៩៦៩ គឺ​ជា​ជោគជ័យ​ដ៏ធំមួយ​របស់​សហរដ្ឋ​អាមេរិក ដែល​បំពេញ​ទៅតាម​​ការ​ប្តេជ្ញា​របស់​លោក​ប្រធានាធិបតី John Kennedy ដែល​ថា​នឹង​បញ្ជូន​មនុស្ស​ទៅស្ថានព្រះចន្ទ​ឲ្យ​បាន​មុន​ដំណាច់​ទសវត្សរ៍​ ឆ្នាំ​៦០ ហើយ​តាមរយៈ​ជោគជ័យ​ក្នុងការ​បញ្ជូន​មនុស្ស​ទៅ​ចុះចត​នៅ​លើ​ដី​ព្រះចន្ទ​នេះ សហរដ្ឋ​អាមេរិក​ត្រូវ​បាន​ប្រវត្តិសាស្រ្ត​កត់ត្រា​ទុក​ថា​ជា​អ្នក​ឈ្នះ នៅ​ក្នុង​ការ​ប្រកួតប្រជែង​អវកាស ក្នុង​សង្រ្គាម​ត្រជាក់។

គិត​ជាសរុប នៅ​ក្នុង​ចន្លោះ ពី​ឆ្នាំ​១៩៦៩ ដល់​ឆ្នាំ១៩៧២​ សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​មនុស្ស ១២នាក់​ឲ្យ​ទៅចុះចត​លើ​ព្រះចន្ទ នៅ​ក្នុង​បេសកកម្ម​ចំនួន ៦លើក។ សហភាព​សូវៀតវិញ បាន​ព្យាយាម​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ចុះចត​លើ​ព្រះចន្ទ​ចំនួន ៤លើក ក៏ប៉ុន្តែ សុទ្ធតែ​ត្រូវ​​ទទួល​បរាជ័យ​។ មេដឹកនាំ​សូវៀត ក៏​បាន​សម្រេច​បញ្ឈប់​ជា​ស្ថាពរ​នូវ​​គម្រោង​បញ្ជូន​មនុស្ស​ទៅ​កាន់​ ស្ថានព្រះចន្ទ នៅ​​ត្រឹម​ឆ្នាំ​១៩៧៤៕