វិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២៖ ពិភពលោកនៅមាត់ជ្រោះ នៃសង្រ្គាមនុយក្លេអ៊ែរ
នៅថ្ងៃទី១៤
ខែតុលា ឆ្នាំ១៩៦២ យន្តហោះស៊ើបការណ៍ធុន U-2
របស់សហរដ្ឋអាមេរិកបានហោះកាត់ពីលើគុយបា ហើយរូបថតដែលគេថតបានពីគុយបានឹងធ្វើឲ្យពិភពលោកត្រូវប្រឈមមុខនឹង
មាត់ជ្រោះនៃសង្រ្គាមនុយក្លេអ៊ែរ។
កាលពីប៉ុន្មានខែមុន គឺនៅខែឧសភា
សហភាពសូវៀត ដោយមានការព្រមព្រៀងពីសំណាក់ហ្វីដែល កាស្រ្តូ បានរៀបចំដំឡើងមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរជាច្រើនគ្រឿង
នៅក្នុងទឹកដីគុយបា។ ការដំឡើងមីស៊ីលនៅគុយបានេះត្រូវបានធ្វើឡើង នៅក្នុងគោលដៅធំៗពីរ។
ទីមួយ គឺដើម្បីកំញើញអាមេរិកកុំឲ្យចូលឈ្លានពានគុយបា ក្រោយពីអាមេរិកធ្លាប់បានចូលឈ្លានពានម្តងរួចមកហើយ
នៅ Bay of Pigs កាលពីខែមេសា
ឆ្នាំ១៩៦១ ក៏ប៉ុន្តែ ត្រូវទទួលបរាជ័យ។ គោលដៅទីពីរ គឺដើម្បីឆ្លើយតបនឹងយុទ្ធសាស្រ្តនុយក្លេអ៊ែររបស់អាមេរិក
ដែលបានដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែរនៅអឺរ៉ុបខាងលិច ជាពិសេស គឺការដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែរ
នៅក្នុងប្រទេសតួកគី ដែលជាប្រទេសមានព្រំដែនជាប់នឹងសហភាពសូវៀត។
នៅថ្ងៃទី១៦ ខែតុលា
ឆ្នាំ១៩៦២ រូបថតមីស៊ីលនុយក្លេអ៊ែរ ដែលយន្តហោះស៊ើបការណ៍សម្ងាត់ U-2 ថតបាននៅគុយបា ត្រូវបានបញ្ជូនទៅដល់សេតវិមាន
ហើយគ្រាន់តែបានទទួលដំណឹងនេះភ្លាម លោកប្រធានាធិបតី Kennedy ក៏បានកោះប្រជុំមន្រ្តីជំនិតៗជាបន្ទាន់ភ្លាមៗ ដើម្បីពិភាក្សាគ្នាអំពីវិធានការតបនឹងការដំឡើងមីស៊ីលសូវៀតនៅ
គុយបានេះ។
សម្រាប់រដ្ឋការរបស់លោក John Kennedy មីស៊ីលនុយក្លេអ៊ែរសូវៀតនៅលើទឹកដីគុយបា
ដែលស្ថិតនៅចម្ងាយតែប្រមាណជាង ១០០គីឡូម៉ែត្រពីទឹកដីអាមេរិក គឺជាការគំរាមកំហែងដ៏ធំដល់សន្តិសុខជាតិអាមេរិក
ដែលជារឿងមិនអាចទទួលយកបានជាដាច់ខាត។ ដូច្នេះ អាមេរិកចាំបាច់ត្រូវតែប្រើគ្រប់មធ្យោបាយទាំងអស់
ដើម្បីកម្ចាត់មីស៊ីលនុយក្លេអ៊ែរសូវៀតចេញពីគុយបា។
ជម្រើសជាច្រើនត្រូវបានមេទ័ពអាមេរិកដាក់ជូនលោកប្រធានាធិបតី
John Kennedy ធ្វើការសម្រេច
ក្នុងនោះក៏រួមមានផងដែរ ការបើកការវាយប្រហារតាមផ្លូវអាកាសទៅលើទីតាំងមីស៊ីលនុយក្លេអ៊ែរ
សូវៀតនៅគុយបា និងការវាយលុកចូលឈ្លានពានគុយបាដោយពេញទំហឹង។ ក៏ប៉ុន្តែ នៅទីបំផុត
លោក John Kennedy ដែលចង់បញ្ចៀសសង្រ្គាមនុយក្លេអ៊ែរ ក៏បានសម្រេចជ្រើសរើសវិធានការតបជាដំណាក់កាល
ដោយចាប់ផ្តើមដំបូងពីការឡោមព័ទ្ធឆ្នេរសមុទ្រគុយបា ដើម្បីទប់ស្កាត់កុំឲ្យសូវៀតដឹកជញ្ជូនមីស៊ីលនុយក្លេអ៊ែរបន្ថែមចូល
ទៅគុយបា ហើយជំហានបន្ទាប់នឹងដាក់ឱសានវាទឲ្យសូវៀតដកមីស៊ីលចេញពីគុយបា ទៅវិញ។
ក្នុងពេលជាមួយគ្នា លោកប្រធានាធិបតីអាមេរិកក៏បានដាក់បញ្ជាផងដែរឲ្យមេទ័ពអាមេរិកបន្ត
រៀបចំផែនការវាយប្រហារលើទីតាំងមីស៊ីល និងផែនការវាយលុកចូលឈ្លានពានគុយបា ដើម្បីបម្រុងទុកជាជម្រើសចុងក្រោយ។
នៅថ្ងៃទី២២ តុលា លោកប្រធានាធិបតី John Kennedy បានធ្វើសេចក្តីថ្លែងការណ៍តាមទូរទស្សន៍
ដើម្បីប្រាប់ពលរដ្ឋអាមេរិកទាំងអស់ឲ្យដឹង អំពីវត្តមានមីស៊ីលនុយក្លេអ៊ែរសូវៀតនៅគុយបា
និងប្រកាសជាសាធារណៈអំពីវិធានការរបស់អាមេរិក ក្នុងការដាក់ពង្រាយនាវាចម្បាំងឡោមព័ទ្ធជុំវិញគុយបា។
ក្នុងពេលជាមួយគ្នា លោកប្រធានាធិបតីអាមេរិកក៏បានសង្កត់ធ្ងន់ផងដែរថា លោកត្រៀមខ្លួននឹងប្រើកម្លាំងទ័ពប្រសិនចាំបាច់
ដើម្បីកម្ចាត់មីស៊ីលនុយក្លេអ៊ែរឲ្យចេញពីគុយបា។
|
ការប្រឈមមុខដាក់គ្នា
រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀតបានកើនឡើងដល់កម្រិតកំពូល
នៅថ្ងៃទី២៤តុលា នៅពេលដែលនាវាចម្បាំងសូវៀតជាច្រើនគ្រឿងបានបើកជិតទៅដល់គុយបា
ហើយលោកនីគីតា គ្រូសឆេវ បានផ្ញើតេលេក្រាមមួយច្បាប់ទៅលោក John Kennedy ដោយព្រមានទុកជាមុនថា
សម្រាប់សូវៀត ការឡោមព័ទ្ធឆ្នេរសមុទ្រគុយបាដោយនាវាចម្បាំងអាមេរិក គឺជា “អំពើឈ្លានពាន” ហើយថា នាវាចម្បាំងរបស់សូវៀតនឹងបើកទម្លាយខ្សែត្រៀមអាមេរិក
ដើម្បីចូលទៅប្រទេសគុយបា។
មួយថ្ងៃក្រោយមកទៀត គឺនៅថ្ងៃទី២៥តុលា
សហរដ្ឋអាមេរិកបានស្នើឲ្យកោះប្រជុំបន្ទាន់ ក្រុមប្រឹក្សាសន្តិសុខ ដើម្បីជជែកអំពីវិបត្តិមីស៊ីលគុយបានេះ។
ក្នុងពេលជាមួយគ្នា លោក John
Kennedy បានចេញបញ្ជាដាក់កងកម្លាំងនុយក្លេអ៊ែរអាមេរិកទាំងអស់ឲ្យស្ថិត
ក្នុងស្ថានភាពប្រុងជើងការខ្ពស់លំដាប់ទី២ (DEFCON2) ពោលគឺតែមួយកម្រិតប៉ុណ្ណោះ
មុនការផ្ទុះសង្រ្គាមនុយក្លេអ៊ែរ។ នៅពេលនោះ យន្តហោះទម្លាក់គ្រាប់បែកធុន B-52
ជាច្រើនគ្រឿងបំពាក់ទៅដោយគ្រាប់បែកនុយក្លេអ៊ែរ ត្រូវបានអាមេរិកបញ្ជូនឲ្យទៅហោះក្រវែលក្បែរដែនអាកាសរបស់
សូវៀត។ ចំណែកឯមីស៊ីលអន្តរទ្វីបចំនួន ១៤៥ដើម ដែលបំពាក់ទៅដោយក្បាលគ្រាប់នុយក្លេអ៊ែរ
ក៏ត្រូវបានគេត្រៀមជាស្រេចផងដែរ រង់ចាំតែបញ្ជា ដើម្បីបាញ់សម្តៅទៅកាន់ទីតាំងសំខាន់ៗនៅក្នុងទឹកដីសហភាពសូវៀត។
នៅក្នុងប្រវត្តិសាស្រ្ត មានតែនៅក្នុងអំឡុងវិបត្តិមីស៊ីលគុយបានេះមួយទេ
ដែលអាមេរិកដាក់កងកម្លាំងនុយក្លេអ៊ែរឲ្យស្ថិតក្នុងសភាពប្រុងជើងការ ខ្ពស់លំដាប់ទី២បែបនេះ។
ហើយពេញនៅក្នុងសង្រ្គាមត្រជាក់ទាំងមូល មានតែវិបត្តិមីស៊ីលគុយបានេះមួយទេ ដែលការប្រឈមមុខដាក់គ្នាខាងផ្នែកយោធាបានកើនឡើងដល់កម្រិតខ្ពស់
បំផុត ស្ទើរតែត្រូវផ្ទុះទៅជាសង្រ្គាមនុយក្លេអ៊ែរ។
ទាំងប្រជាជនអាមេរិក
ទាំងប្រជាជននៅតាមបណ្តាប្រទេសជាច្រើនផ្សេងទៀត នៅទូទាំងពិភពលោក
សុទ្ធតែនាំគ្នាទន្ទឹងរង់ចាំមើល ដោយក្តីបារម្ភថា ប្រសិនបើនាវាចម្បាំងសូវៀតពិតជាបើកទម្លាយខ្សែត្រៀមអាមេរិកចូលទៅ
គុយបាពិតមែន សង្រ្គាមអាចនឹងត្រូវផ្ទុះឡើង ហើយសង្រ្គាមរវាងមហាអំណាចនុយក្លេអ៊ែរទាំងពីរនេះ
ប្រាកដជានឹងធ្វើឲ្យពិភពលោកត្រូវជួបនឹងគ្រោះមហន្តរាយពិបាកនឹង ពិពណ៌នាជាមិនខាន។
នៅទីបំផុត នាវាចម្បាំងសូវៀតបានឈប់មុនពេលទៅដល់ខ្សែត្រៀមនៃនាវាចម្បាំងរបស់
អាមេរិក។ ការប្រឈមមុខដាក់គ្នាខាងផ្នែកយោធា រវាងអាមេរិក និងសូវៀតនៅតែបន្តកើតមាន
ក៏ប៉ុន្តែ នៅពីក្រោយឆាក គូបដិបក្ខទាំងពីរបានចាប់ផ្តើមធ្វើការចរចាគ្នាដោយសម្ងាត់
ដើម្បីស្វែងរកដំណោះស្រាយបញ្ចៀសសង្រ្គាម ដោយមិនឲ្យភាគីណាមួយត្រូវបាក់មុខ។
នៅថ្ងៃទី២៧ ខែតុលា លោក John Kennedy និងលោក នីគីតា
គ្រូសឆេវ បានព្រមព្រៀងគ្នាបញ្ចប់វិបត្តិ ដោយសហភាពសូវៀតសុខចិត្តដកមីស៊ីលចេញពីគុយបា
ចំណែកឯសហរដ្ឋអាមេរិកវិញសុខចិត្តដកមីស៊ីលនុយក្លេអ៊ែរចេញពីប្រទេស តួកគី
ព្រមទាំងសន្យាថានឹងមិនឈ្លានពានគុយបា។
វិបត្តិមីស៊ីលគុយបា ដែលមានរយៈពេល
១៣ថ្ងៃ ត្រូវបិទបញ្ចប់។ គ្រោះថ្នាក់នៃសង្រ្គាមនុយក្លេអ៊ែរ ដែលបង្ករឡើង
នៅក្នុងវិបត្តិនេះ បានជំរុញឲ្យអាមេរិក និងសូវៀត សម្រេចបង្កើតបណ្តាញទំនាក់ទំនងពិសេសមួយ
ដែលគេច្រើនតែហៅថា “ទូរស័ព្ទក្រហម” ដើម្បីឲ្យមេដឹកនាំប្រទេសទាំងពីរអាចជជែកពិភាក្សាគ្នាដោយផ្ទាល់
នៅក្នុងពេលមានការប្រឈមមុខដាក់គ្នា ដូចក្នុងវិបត្តិមីស៊ីលគុយបា៕