សង្រ្គាមត្រជាក់៖ ដំណើរដើមហេតុ
ពាក្យថា
“សង្រ្គាមត្រជាក់” ត្រូវបានប្រើជាដំបូង
នៅឆ្នាំ១៩៤៥ ដោយអ្នកនិពន្ធអង់គ្លេសម្នាក់ ឈ្មោះថា George Orwell ដោយសំដៅទៅលើស្ថានភាពនៃការប្រឈមមុខដាក់គ្នាជាប្រចាំ
រវាងរដ្ឋ ក៏ប៉ុន្តែ មិនឈានដល់ការផ្ទុះសង្រ្គាមនឹងគ្នាដោយផ្ទាល់។ ក្រោយមក ពាក្យថា
“សង្រ្គាមត្រជាក់” នេះ ត្រូវបានគេយកមកប្រើជាទូទៅ
ដើម្បីសំដៅលើការប្រឈមមុខដាក់គ្នា រវាងមហាអំណាចធំៗទាំងពីរ នៅក្រោយសង្រ្គាមលោកលើកទី២
គឺសហរដ្ឋអាមេរិក និងសហភាពសូវៀត។
អ្នកប្រវត្តិសាស្រ្តមានការយល់ឃើញផ្សេងៗគ្នា
ជុំវិញដំណើរដើមហេតុ ដែលបង្កឲ្យមានសង្រ្គាមត្រជាក់ ដោយអ្នកខ្លះយល់ថា
សង្រ្គាមត្រជាក់បានចាប់ផ្តើមដុះពន្លកឡើង នៅក្រោយសង្រ្គាមលោកលើកទី២
ចំណែកឯអ្នកខ្លះទៀតយល់ថា ឫសគល់នៃការប្រឈមមុខដាក់គ្នា
រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត បានចាប់មានឡើង
តាំងពីមុនសង្រ្គាមលោកលើកទី២ គឺចាប់តាំងពីឆ្នាំ១៩១៧
នៅពេលដែលក្រុមកុម្មុយនិស្តរុស្ស៊ី ធ្វើបដិវត្តន៍ផ្តួលរំលំស្តេចត្សារ៍
ដណ្តើមអំណាចយកមកកាន់កាប់ រួចហើយបង្កើតជាសហភាពសូវៀត
ដែលជារដ្ឋកុម្មុយនិស្ត។ បដិវត្តន៍ខែតុលា ឆ្នាំ១៩១៧
គឺជាចំណុចរបត់ដ៏សំខាន់មួយ នៅក្នុងទំនាក់ទំនង រវាងរុស្ស៊ី
និងមហាអំណាចលោកខាងលិច ដែលធ្លាប់តែជាសម្ព័ន្ធមិត្តនឹងគ្នា
នៅក្នុងសង្រ្គាមលោកលើកទី១។
ភ្លាមៗក្រោយពីបក្សកុម្មុយនិស្តឡើងកាន់អំណាច
សហភាពសូវៀតបានដកខ្លួនចេញពីសង្រ្គាមលោកលើកទី១ ដោយបានទៅចរចាសន្ធិសញ្ញាសន្តិភាពជាមួយអាល្លឺម៉ង់
ហើយទុកឲ្យសម្ព័ន្ធមិត្តលោកខាងលិចច្បាំងតទល់នឹងអាល្លឺម៉ង់ តែម្នាក់ឯង
ដែលជាហេតុធ្វើឲ្យមហាអំណាចលោកខាងលិច ជាពិសេស សហរដ្ឋអាមេរិក
ចាប់ផ្តើមមិនទុកចិត្តនឹងសហភាពសូវៀត ដោយគេគិតថា ក្រុមកុម្មុយនិស្តសូវៀត
គឺជាបក្ខពួករបស់អាល្លឺម៉ង់។ ការមិនទុកចិត្តនេះ កើតមានកាន់តែខ្លាំង
ក្រោយពីគេមើលឃើញថា លេនីន ដែលជាមេដឹកនាំក្រុមកុម្មុយនិស្តសូវៀត ហើយដែលពីមុនធ្លាប់តែរស់នៅនិរទេសខ្លួន
នៅក្នុងប្រទេសស្វ៊ីស អាចវិលត្រឡប់ចូលទៅក្នុងប្រទេសរុស្ស៊ី
ដើម្បីរៀបចំធ្វើបដិវត្តន៍ គឺដោយសារតែមានការជួយជ្រោមជ្រែងពីសំណាក់អាល្លឺម៉ង់។
ម្យ៉ាងទៀត
មហាអំណាចលោកខាងលិច និងសហភាពសូវៀត មានចំណុចខ្វែងគ្នាដ៏ធំមួយ គឺមនោគមន៍វិជ្ជានយោបាយ។
មហាអំណាចលោកខាងលិចប្រកាន់យកនូវរបបដឹកនាំតាមបែបប្រជាធិបតេយ្យ និងនយោបាយសេដ្ឋកិច្ចទីផ្សារសេរី
ដែលជារបបនយោបាយផ្ទុយគ្នាទាំងស្រុង ពីសហភាពសូវៀត ដែលប្រកាន់យកនូវរបបនយោបាយ
និងសេដ្ឋកិច្ច តាមបែបកុម្មុយនិស្តផ្តាច់ការ ហើយមិនចូលចិត្តរបបមូលធននិយមតាមបែបលោកខាងលិច។
លើសពីនេះទៅទៀត នៅឆ្នាំ១៩១៩
បក្សកុម្មុយនិស្តសូវៀតបានបង្កើតអង្គការអន្តរជាតិមួយ ឈ្មោះថា Comintern
(Communist International) ក្នុងគោលដៅផ្សព្វផ្សាយលទ្ធិកុម្មុយនិស្តនៅទូទាំងពិភពលោក
ដើម្បីប្រជែងជាមួយនឹងលទ្ធិមូលធននិយមលោកខាងលិច។
ទាំងនេះហើយជាពន្លកនៃការប្រឈមមុខដាក់គ្នា
រវាងសហភាពសូវៀត និងមហាអំណាចលោកខាងលិច។ នៅក្រោយសង្រ្គាមលោកលើកទី១ សហភាពសូវៀតត្រូវបានគេផាត់ចេញពីក្នុងចំណោមប្រទេសឈ្នះសង្រ្គាម។
សូវៀតមិនមានចំណែកក្នុងការចរចាសន្ធិសញ្ញាក្រុងវែរសៃ (Versailles)។ សូវៀតមិនត្រូវបានគេអនុញ្ញាតឲ្យចូលជាសមាជិកសង្គមប្រជាជាតិ។ សូវៀតក៏ចិញ្ចឹមចិត្តខឹងនឹងប្រទេសលោកខាងលិច
ដែលមិនចាត់ទុកខ្លួនជាប្រទេសមហាអំណាចមួយនឹងគេ។
ពីឆ្វេងទៅស្តាំ៖ Winston Churchill នាយករដ្ឋមន្រ្តីអង់គ្លេស Franklin Roosevelt ប្រធានាធិបតីអាមេរិក និងស្តាលីន លេខាបក្សកុម្មុយនិស្តសូវៀត ក្នុងសន្និសីទក្រុងយ៉ាល់តា ឆ្នាំ១៩៤៥ |
នៅក្នុងសង្រ្គាមលោកលើកទី២
សហភាពសូវៀត និងសហរដ្ឋអាមេរិកបានសហការគ្នា ក្នុងការច្បាំងទល់នឹងអាល្លឺម៉ង់
ក៏ប៉ុន្តែ ការសហការគ្នានេះត្រូវធ្វើឡើងដោយសារតែកាលៈទេសៈតម្រូវតែប៉ុណ្ណោះ
មិនមែនធ្វើឡើងក្នុងលក្ខណៈជាមិត្តភាពនឹងគ្នានោះទេ។ សហភាពសូវៀត និងសហរដ្ឋអាមេរិកសហការគ្នា
ក្នុងសង្រ្គាមលោកលើកទី២ គឺដោយសារតែនៅពេលនោះ ប្រទេសទាំងពីរមានសត្រូវរួមគ្នា
គឺហ៊ីត្លែរ ប៉ុន្តែ ធាតុពិត ទំនាក់ទំនងរវាងមហាអំណាចទាំងពីរ គឺជាទំនាក់ទំនងដែលប្រកបទៅដោយភាពតានតឹង
និងការមិនទុកចិត្តគ្នា។
ភាពតានតឹង
និងការមិនទុកចិត្តគ្នានេះ ត្រូវបានឆ្លុះបញ្ចាំងឲ្យឃើញ តាមរយៈសន្និសីទធំៗចំនួន
៣ ដែលមេដឹកនាំអាមេរិក អង់គ្លេស និងសហភាពសូវៀត បានបើកធ្វើ
នៅក្នុងអំឡុងសង្រ្គាមលោកលើកទី២។
សន្និសីទទីមួយ
ធ្វើឡើង នៅក្នុងស្ថានទូតសូវៀត ប្រចាំទីក្រុងតេហេរ៉ង់ (អ៊ីរ៉ង់)
ពីថ្ងៃទី២៨ វិច្ឆិកា ដល់ថ្ងៃទី១ធ្នូ ឆ្នាំ១៩៤៣ ដែលត្រូវបានគេហៅជាទូទៅថា “សន្និសីទក្រុងតេហេរ៉ង់”។ នៅក្នុងសន្និសីទនេះ
លោក Franklin Roosevelt ប្រធានាធិបតីអាមេរិក លោក Winston Churchill នាយករដ្ឋមន្រ្តីអង់គ្លេស
និងលោកស្តាលីន លេខាបក្សកុម្មុយនិស្តសូវៀត ជជែកគ្នា អំពីយុទ្ធសាស្រ្តវាយបកទៅលើហ៊ីត្លែរ
ដោយកងទ័ពសូវៀតវាយលុកពីទិសខាងកើត ចំណែកកងកម្លាំងសម្ព័ន្ធមិត្តលោកខាងលិចវាយលុកពីទិសខាងលិច។
ជាថ្នូរនឹងកិច្ចសហប្រតិបត្តិការនេះ ប្រមុខដឹកនាំអាមេរិក និងអង់គ្លេសបានយល់ព្រមតាមការទាមទាររបស់ស្តាលីនដែលចង់កាន់កាប់
តំបន់អឺរ៉ុបខាងកើត នៅក្រោយពេលទទួលជ័យជម្នះលើហ៊ីត្លែរ។ សម្ព័ន្ធមិត្តលោកខាងលិចក៏បានព្រមព្រៀងផងដែរឲ្យសូវៀតកាត់យកដែនដី
មួយផ្នែកខាងកើតរបស់ប៉ូឡូញ ដោយកាត់យកដីអាល្លឺម៉ង់មួយផ្នែកទៅឲ្យប៉ូឡូញជាជំនួសវិញ។
នៅខែកុម្ភៈ
ឆ្នាំ១៩៤៥ (ថ្ងៃទី៤ ដល់ថ្ងៃទី១១) នៅពេលដែលកងកម្លាំងសម្ព័ន្ធមិត្តកំពុងតែមានប្រៀបលើកងទ័ពអាល្លឺម៉ង់
នៅសមរភូមិខាងលិច ហើយកងទ័ពសូវៀតបានចូលកាន់កាប់តំបន់អឺរ៉ុបខាងកើតបានមួយផ្នែកធំ
លោក Franklin Roosevelt, Winston Churchill និងស្តាលីន បានជួបគ្នាជាលើកទី២
នៅក្នុងសន្និសីទក្រុងយ៉ាល់តា (តំបន់គ្រីមេ) ដោយផ្តោតជាពិសេសលើការគ្រប់គ្រងប្រទេសអាល្លឺម៉ង់នៅក្រោយសង្រ្គាម។
មេដឹកនាំទាំងបីបានព្រមព្រៀងគ្នាពុះចែកប្រទេសអាល្លឺម៉ង់ជា
៤ចំណែក ដើម្បីចែកគ្នាកាន់កាប់ គឺអាមេរិកកាន់កាប់មួយចំណែក អង់គ្លេសមួយចំណែក
សូវៀតមួយចំណែក ហើយចំណែកទី៤ ត្រូវបានទៅបារាំង។ ទីក្រុងប៊ែរឡាំង ដែលជារដ្ឋធានីរបស់អាល្លឺម៉ង់
ហើយដែលស្ថិតនៅក្នុងចំណែកដែនដីក្រោមការគ្រប់គ្រងរបស់សហភាពសូវៀត ក៏ត្រូវបែងចែកជា
៤ចំណែកផងដែរ។
ការបែងចែកដែនដីគ្នាកាន់កាប់ក្រោយសង្រ្គាម
ត្រូវបានមេដឹកនាំអាមេរិក អង់គ្លេស និងសូវៀតបន្តធ្វើ នៅក្នុងសន្និសីទលើកទី៣
នៅទីក្រុងប៉តស្តាំ (Potsdam) ក្បែររដ្ឋធានីប៊ែរឡាំង ពីថ្ងៃទី១៧ខែកក្កដា
ដល់ថ្ងៃទី២ខែសីហា ឆ្នាំ១៩៤៥។
នៅក្រោយពេលដែលសង្រ្គាមលោកលើកទី២ត្រូវបញ្ចប់ តំបន់អឺរ៉ុបត្រូវពុះខណ្ឌចែកជាពីរ គឺអឺរ៉ុបខាងកើតស្ថិតក្រោមការកាន់កាប់របស់សូវៀតកុម្មុយនិស្ត និងអឺរ៉ុបខាងលិចស្ថិតក្រោមឥទ្ធិពលរបស់សហរដ្ឋអាមេរិក។ អាល្លឺម៉ង់ណាហ្ស៊ីដែលជាសត្រូវរួមត្រូវដួលរលំ សហភាពសូវៀត និងសហរដ្ឋអាមេរិកក៏បង្វែរពីការសហការគ្នា ទៅជាការប្រកួតប្រជែងគ្នា ដើម្បីបង្កើនឥទ្ធិពលរៀងៗខ្លួន ដែលបង្កឲ្យមានការប្រណាំងប្រជែងផ្នែកសព្វាវុធ ទាំងគ្រឿងសព្វាវុធធម្មតា និងអាវុធនុយក្លេអ៊ែរ ការប្រណាំងប្រជែងគ្នាតាំងពីលើផែនដីរហូតដល់ទីអវកាស ព្រមទាំងការរុកគួនគ្នាបង្កើតឲ្យមានជាសង្រ្គាមស៊ីវិលនៅតាមបណ្តា ប្រទេសជាច្រើន នៅទូទាំងពិភពលោក៕