សង្រ្គាមត្រជាក់៖ ៤ទសវត្សរ៍នៃការប្រឈមមុខ ដាក់គ្នារវាងប្លុកសេរីនិងប្លុកកុម្មុយនិស្ត
ដើមហេតុដំបូងនៃសង្រ្គាមត្រជាក់បានចាក់ឫសតាំងពីចុងសង្រ្គាម
លោកលើកទី១ គឺចាប់តាំងពីបដិវត្តន៍ខែតុលារបស់កុម្មុយនិស្តសូវៀត នៅឆ្នាំ១៩១៧។
ក៏ប៉ុន្តែ ហេតុការណ៍សំខាន់ៗ ដែលនាំឲ្យផ្ទុះជាសង្រ្គាមត្រជាក់បានកើតមានឡើង
នៅក្នុងរយៈពេល ២ឆ្នាំ ក្រោយសង្រ្គាមលោកលើកទី២។
នៅឆ្នាំ១៩៤៥
នៅពេលដែលសង្រ្គាមលោកលើកទី២ ជិតឈានដល់ទីបញ្ចប់ លោក Franklin Roosevelt
ត្រូវទទួលមរណភាពដោយជំងឺ ហើយតំណែងជាប្រធានាធិបតីអាមេរិកត្រូវធ្លាក់ទៅលោក
Harry Truman ដែលជាអនុប្រធានាធិបតី។
នៅពេលនោះ សហរដ្ឋអាមេរិក និងសហភាពសូវៀត ថ្វីដ្បិតតែសហការគ្នាក្នុងការធ្វើសង្រ្គាមទល់នឹងអាល្លឺម៉ង់
ក៏ប៉ុន្តែ គឺជាប្រទេសដែលមានមនោគមន៍វិជ្ជាផ្ទុយគ្នារួចទៅហើយ។ អាមេរិកប្រកាន់យកនូវរបបនយោបាយបែបប្រជាធិបតេយ្យសេរី
និងសេដ្ឋកិច្ចបែបមូលធននិយម ដែលអនុញ្ញាតឲ្យពលរដ្ឋម្នាក់ៗមានកម្មសិទ្ធិឯកជន
និងសិទ្ធិស្វែងរកភាពមានបានផ្ទាល់ខ្លួន។ ចំណែកសហភាពសូវៀតវិញប្រកាន់យកនូវរបបនយោបាយបែបកុម្មុយនិស្តផ្តាច់ការ
និងសេដ្ឋកិច្ចផែនការ ដែលគ្រប់អ្វីៗទាំងអស់ត្រូវជាកម្មសិទ្ធិរបស់រដ្ឋ នៅក្នុងជំនឿមួយថា
ភាពមានបានត្រូវតែបែងចែកឲ្យបានស្មើៗគ្នាទៅគ្រប់ពលរដ្ឋទាំងអស់។
![]() |
ជញ្ជាំងក្រុងប៊ែរឡាំង ដែលជានិមិត្តរូបនៃការពុះចែកតំបន់អឺរ៉ុប រវាងប្លុកលោកខាងលិច និងប្លុកកុម្មុយនិស្ត |
ការឡើងកាន់តំណែងរបស់លោក Harry Truman គឺជារបត់ថ្មីមួយ នៅក្នុងទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត ដោយសារតែលោក Truman គឺជាអ្នកដែលមានគំនិតស្អប់កុម្មុយនិស្តបំផុត គឺដូចគ្នានឹងស្តាលីន ដែលស្អប់ពួកមូលធននិយមយ៉ាងនោះដែរ។ លើសពីនេះទៅទៀត ប្រមុខដឹកនាំអាមេរិក និងសូវៀត មានគោលដៅផ្ទុយគ្នាទាំងស្រុងចំពោះអាល្លឺម៉ង់។ អាមេរិកចង់ឃើញអាល្លឺម៉ង់ក្លាយជាប្រទេសមួយរឹងមាំឡើងវិញ ដើម្បីអាចជាដៃគូពាណិជ្ជកម្មនឹងគ្នា។ ចំណែកឯសូវៀតវិញចង់ជាន់អាល្លឺម៉ង់ឲ្យកាន់តែធ្លាក់ទន់ខ្សោយ ដើម្បីងាយស្រួលគ្រប់គ្រង និងយកធ្វើជាតំបន់ទ្រនាប់ទប់ទល់នឹងមហាអំណាចលោកខាងលិច។
នៅដើមឆ្នាំ១៩៤៦
មន្រ្តីទូតអាមេរិកម្នាក់ប្រចាំទីក្រុងម៉ូស្គូ ឈ្មោះថា Georges
Kennan បានផ្ញើតេឡេក្រាមដ៏វែងមួយ ទៅវ៉ាស៊ីងតោន ដោយបានសរសេរលម្អិត
អំពីយុទ្ធសាស្រ្តដែលអាមេរិកគួរដាក់ចេញចំពោះសហភាពសូវៀត។ នៅក្នុងតេឡេក្រាមនេះ
លោក Georges Kennan បានលើកឡើងថា សហភាពសូវៀតបច្ចុប្បន្នត្រូវស្ថិតក្រោមការដឹកនាំរបស់ចលនានយោបាយមួយ
ដែលមានជំនឿយ៉ាងងប់ងល់ថា សហភាពសូវៀត និងសហរដ្ឋអាមេរិក នឹងមិនអាចឈរនៅជាមួយគ្នាបានជាដាច់ខាត។
ដូច្នេះ សហរដ្ឋអាមេរិកមិនមានជម្រើសអ្វីក្រៅតែពីការដាក់ចេញនូវយុទ្ធសាស្រ្ត
រយៈពេលវែងមួយ ដោយប្រើគ្រប់មធ្យោបាយ ដើម្បីរាំងខ្ទប់ការរីកសាយភាយនៃឥទ្ធិពលកុម្មុយនិស្តសូវៀត។
យុទ្ធសាស្រ្ត
ដែលត្រូវបានគេស្គាល់ជាទូទៅ តាមភាសាអង់គ្លេសថា « Containment » ត្រូវបានលោកប្រធានាធិបតីអាមេរិក
Harry Truman ឯកភាពតាម ហើយនៅឆ្នាំ១៩៤៧ លោកប្រធានាធិបតីអាមេរិកបានថ្លែងនៅក្នុងសភាពេញអង្គថា
អាមេរិកត្រូវតែប្រកាន់ខ្ជាប់នូវនយោបាយមួយ គឺអាមេរិកត្រូវតែចេញមុខជួយប្រជាជននៅគ្រប់ទីកន្លែងទាំងអស់
ដែលត្រូវប្រឈមមុខនឹងការកៀបសង្កត់ពីប្រទេសក្រៅ។ នៅពេលនោះហើយ ដែលលោក Harry
Truman បានស្នើសុំឲ្យសភាផ្តល់លុយចំនួន ៤០០លានដុល្លារ ដើម្បីយកទៅជួយតួកគី
និងក្រិក ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមកុម្មុយនិស្ត ដែលទទួលបានការគាំទ្រពីសំណាក់ប្លុកសូវៀត។
សន្ទុរកថារបស់លោក Harry
Truman នៅចំពោះសភាអាមេរិក ត្រូវបានគេដាក់ឈ្មោះថាជា « Truman Doctrine » ហើយឆ្នាំ១៩៤៧ ត្រូវបានអ្នកប្រវត្តិសាស្រ្តទូទៅកំណត់យកជាចំណុចចាប់ផ្តើមនៃ
សង្រ្គាមត្រជាក់ ដែលបានអូសបន្លាយពេលអស់រយៈពេលជាង ៤ទសវត្សរ៍។
សង្រ្គាមត្រជាក់បានចាប់ផ្ទុះឡើងជាផ្លូវការ
នៅឆ្នាំ១៩៤៧ ជាមួយនឹង « Truman
Doctrine » ហើយបិទបញ្ចប់
នៅឆ្នាំ១៩៩១ ជាមួយនឹងការដួលរលំនៃសហភាពសូវៀត។ នៅក្នុងរយៈពេលជាង
៤០ឆ្នាំនេះ សង្រ្គាមត្រជាក់ត្រូវបានគេបែងចែកជាច្រើនដំណាក់កាល។
នៅដំណាក់កាលដំបូង
ការប្រឈមមុខដាក់គ្នា រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀតបានផ្តោតតែទៅលើតំបន់អឺរ៉ុប
ជាមួយនឹងការបង្កើត “វាំងននដែក” ពុះចែកតំបន់អឺរ៉ុបជាពីរ
គឺអឺរ៉ុបខាងកើត ស្ថិតក្រោមឥទ្ធិពលសូវៀត និងអឺរ៉ុបខាងលិចស្ថិតក្រោមឥទ្ធិពលអាមេរិក។
ប្រទេសអាល្លឺម៉ង់ក៏ត្រូវបានពុះចែកជាពីរប្រទេសផងដែរ គឺអាល្លឺម៉ង់ខាងកើតគ្រប់គ្រងដោយកុម្មុយនិស្ត
និងអាល្លឺម៉ង់ខាងលិចជាសម្ព័ន្ធមិត្តរបស់អាមេរិក។
យុគសម័យនៃការប្រឈមមុខដាក់គ្នាដោយអាវុធនុយក្លេអ៊ែរបានចាប់ផ្តើមឡើង
នៅឆ្នាំ១៩៤៩ នៅក្រោយពេលដែលសហភាពសូវៀតបានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរ
ប្រកបដោយជោគជ័យ ហើយបិទបញ្ចប់ភាពជាមហាអំណាចនុយក្លេអ៊ែរផ្តាច់មុខរបស់សហរដ្ឋអាមេរិក។
នៅដំណាក់កាលបន្ទាប់មកទៀត
សង្រ្គាមត្រជាក់បានចាប់ផ្តើមរីករាលចេញពីតំបន់អឺរ៉ុប ទៅជាសង្រ្គាមត្រជាក់ពិភពលោក
ជាមួយនឹងជ័យជម្នះរបស់ចលនាកុម្មុយនិស្តម៉ៅសេទុងនៅចិន និងការផ្ទុះសង្រ្គាមកូរ៉េ
ពីឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣។
នៅក្រោយឆ្នាំ១៩៥៣
ក្រោយពេលដែលស្តាលីនទទួលមរណភាព ទំនាក់ទំនង រវាងសហរដ្ឋអាមេរិក
និងសហភាពសូវៀតមានការប្រែប្រួល មានចុះមានឡើង ពេលខ្លះក៏ធូរស្រាល
ហើយពេលខ្លះក៏តានតឹង ជាពិសេស នៅក្នុងអំឡុងសង្រ្គាមវៀតណាម មុននឹងត្រូវប្រឈមមុខដាក់គ្នាខ្លាំងបំផុតស្ទើរតែផ្ទុះជាសង្រ្គាម
នុយក្លេអ៊ែរ នៅក្នុងអំឡុងវិបត្តិមីស៊ីលគុយបា នៅឆ្នាំ១៩៦២។
នៅក្រោយវិបត្តិមីស៊ីលគុយបា
សង្រ្គាមត្រជាក់បានឈានចូលដំណាក់កាលថ្មីមួយទៀត គឺសហភាពសូវៀត និងចិន
ដែលសុទ្ធសឹងជាមហាអំណាចកុម្មុយនិស្តបានបែកបាក់គ្នា ហើយការប្រឈមមុខដាក់គ្នា
រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀតក៏មានភាពធូរស្រាលច្រើន
នៅក្នុងដំណាក់កាលមួយ ដែលគេច្រើនហៅតាមភាសាបារាំងថា « Détente »។
នៅឆ្នាំ១៩៧៩
នៅក្រោយពេលដែល អាមេរិក និងសូវៀតបានលូកដៃចូលអន្តរាគមន៍ ក្នុងសង្រ្គាមស៊ីវិល
នៅអាហ្វហ្កានីស្ថាន ដំណាក់កាលធូរស្រាល (ឬ Détente) ក៏ត្រូវបញ្ចប់
ហើយសង្រ្គាមត្រជាក់ក៏ចាប់ពុះកញ្ជ្រោលឡើងវិញ។
នៅឆ្នាំ១៩៨៥
លោកមីកាអ៊ីល ហ្កូបាឆូវ (Makhail Gorbachev) បានឡើងកាន់អំណាចជាលេខាបក្សកុម្មុយនិស្ត
ហើយបានរៀបចំធ្វើកំណែទម្រង់បើកចំហទាំងខាងផ្នែកនយោបាយ និងសេដ្ឋកិច្ច
គឺកំណែទម្រង់ ដែលគេហៅថា ប៉េរេស្ត្រយកា (Perestroika) និងហ្ក្លាស្នូស្ត
(Glasnost)។ នៅឆ្នាំ១៩៨៨ សូវៀតបានប្រកាសដកទ័ពចេញពីអាហ្វហ្កានីស្ថាន
ហើយលោកហ្កូបាឆូវបានប្រកាសបិទបញ្ចប់នយោបាយជ្រៀតជ្រែកក្នុងកិច្ចការ ផ្ទៃក្នុងប្រទេសក្នុងប្លុកសូវៀត
ហើយបើកសិទ្ធិសេរីភាពឲ្យបណ្តាប្រទេសនៅអឺរ៉ុបខាងកើតអាចជ្រើសរើស ផ្លូវដើរដោយខ្លួនឯង។
ចាប់ពីពេលនោះមក ចលនាបះបោរប្រឆាំងនឹងរបបកុម្មុយនិស្តក៏បានផ្ទុះឡើងនៅពាសពេញអឺរ៉ុប
ខាងកើត រដ្ឋាភិបាលរណបសូវៀតក៏ចាប់ផ្តើមដួលរលំម្តងមួយៗ ហើយនៅចុងឆ្នាំ១៩៨៩
ជញ្ជាំងក្រុងប៊ែរឡាំង ដែលខណ្ឌចែករវាងដែនដីកុម្មុយនិស្ត និងដែនដីលោកខាងលិច
ត្រូវដួលរលំ។ ការដួលរលំនៃជញ្ជាំងប៊ែរឡាងត្រូវបានគេចាត់ទុកថាជានិមិត្តរូបនៃការ
បិទបញ្ចប់ “វាំងននដែក” ដែលខណ្ឌចែកតំបន់អឺរ៉ុបចាប់តាំងពីក្រោយសង្រ្គាមលោកលើកទី២។
នយោបាយបើកចំហរបស់លោកហ្កូបាឆូវមិនត្រឹមតែបានធ្វើឲ្យរង្គោះរង្គើ ដល់របបកុម្មុយនិស្ត នៅក្នុងតំបន់អឺរ៉ុបខាងកើតប៉ុណ្ណោះទេ សូម្បីតែនៅក្នុងសហភាពសូវៀតខ្លួនឯងក៏ត្រូវរង្គោះរង្គើផងដែរ ដោយបណ្តារដ្ឋជាសមាជិកចាប់ផ្តើមបះបោរប្រឆាំងនឹងរដ្ឋាភិបាលសហព័ន្ធ រួចហើយក៏បាននាំគ្នាប្រកាសផ្តាច់ខ្លួនជាប្រទេសឯករាជ្យម្តងមួយៗ ដោយចាប់ផ្តើមពីប្រទេសនៅជុំវិញសមុទ្របាល់ទិក គឺលីទុយអានី អេស្តូនី និងឡេតូនី។ នៅទីចុងបំផុត សហភាពសូវៀតក៏ត្រូវដួលរលំបាត់រូប នៅឆ្នាំ១៩៩១ ហើយសង្រ្គាមត្រជាក់ក៏ត្រូវបិទបញ្ចប់ជាផ្លូវការ៕