Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

សង្រ្គាមត្រជាក់៖ "វាំងននដែក" ខណ្ឌចែក តំបន់អឺរ៉ុបជាពីរ

ពាក្យថា វាំងននដែក (Iron Curtain) ត្រូវ​បាន​ប្រើ​ជាលើកដំបូង​ដោយ​លោក​ Winston Churchill អតីត​នាយករដ្ឋមន្រ្តី​អង់គ្លេស នៅ​ក្នុង​សន្ទុរកថា នៅ​រដ្ឋមីស៊ូរី សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី៥ ខែ​មីនា ឆ្នាំ​១៩៤៦ ដោយ​លោក​ចង់សំដៅ​ទៅលើ​ការ​ខណ្ឌ​ចែក​តំបន់​អឺរ៉ុប​ដាច់ពី​គ្នា​​ ដោយ​​បណ្តា​ប្រទេស​ដែល​ស្ថិត​នៅ​ខាង​កើត​ វាំងននដែក ត្រូវ​ជាប់ផុងខ្លួន​ក្នុង​អំណាច​កុម្មុយនិស្ត​ផ្តាច់ការ ក្រោម​ឥទ្ធិពល​របស់​សូវៀត។

តាមការពិត ​ការ​ពុះចែក​តំបន់​អឺរ៉ុប​ គឺ​ជា​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ រវាង​សហភាព​សូវៀត និង​សម្ព័ន្ធមិត្ត​លោក​ខាងលិច នៅ​ក្នុង​អំឡុង​ឆ្នាំ​ចុងក្រោយ​នៃ​សង្រ្គាមលោក​លើកទី២ ជាពិសេស ក្នុង​អំឡុង​សន្និសីទ​យ៉ាល់តា នៅ​ឆ្នាំ​១៩៤៥។
  
ផែនទី​តំបន់​អឺរ៉ុប​ដែល​ត្រូវ​ពុះចែក​ជាពីរ ក្នុង​អំឡុង​សង្រ្គាម​ត្រជាក់
 
នៅ​ពេល​ដែល​សង្រ្គាម​លោកលើកទី២​ទើប​នឹង​ចាប់ផ្តើម​ផ្ទុះឡើង​ភ្លាម ប្រទេស​ចំនួន ៣ នៅ​ជុំវិញ​សមុទ្រ​បាល់ទិក គឺ​លីទុយអានី អេស្តូនី និង​ឡេតូនី ព្រមទាំង​ដែនដី​មួយចំណែក​នៃ​ប្រទេស​ប៉ូឡូញ ហ្វាំងឡង់ និង​រូម៉ានី ត្រូវ​បាន​ស្តាលីន​កាត់​យក​ទៅ​ដាក់​បញ្ចូល​​ជា​រដ្ឋ​ក្នុង​សហភាព​សូវៀត​ រួចទៅហើយ ស្រប​ទៅតាម​កិច្ចព្រមព្រៀង​ដែល​បាន​ចុះ​ជាមួយ​ហ៊ីត្លែរ ពោលគឺ នៅ​ក្នុង​អំឡុង​ពេល​ដែល​ស្តាលីន និង​ហ៊ីត្លែរ​ នៅ​ត្រូវរ៉ូវគ្នា​នៅឡើយ។

នៅ​ក្រោយ​ពេល​ដែល​ហ៊ីត្លែរ​ចូល​ឈ្លានពាន​ទឹកដី​សូវៀត ស្តាលីន​ក៏​បាន​ងាក​ទៅ​សហការ​ជាមួយ​សម្ព័ន្ធមិត្ត​លោក​ខាងលិច ដើម្បី​រួមដៃគ្នា​ច្បាំង​ទល់​នឹង​កងទ័ព​អាល្លឺម៉ង់ ដោយ​កងទ័ព​អាមេរិក និង​អង់គ្លេស​ វាយលុក​ចូល​ពីទិស​ខាងលិច ចំណែក​កងទ័ព​សូវៀត​វាយលុក​ពី​ទិស​ខាងកើត។

នៅ​ក្រោយ​​សង្រ្គាម​លោក​លើកទី២​ បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត និង​អឺរ៉ុប​កណ្តាល​ ដែល​កងទ័ព​សូវៀត​ជា​អ្នក​រំដោះ រួមមាន ប៉ូឡូញ រូម៉ានី ប៊ុលហ្ការី ហុងគ្រី អាល់បានី យូហ្គោស្លាវី និង​ឆេកូស្លូវ៉ាគី ត្រូវ​ស្ថិត​ក្នុង​ប្លុក​កុម្មុយនិស្ត។ ប្រទេស​ក្រៅពីនោះ គឺ​ប្រទេស​នៅ​អឺរ៉ុប​ខាងលិច ហើយដែល​​កងទ័ព​សម្ព័ន្ធមិត្ត​លោកខាងលិច​ជា​អ្នក​រំដោះ ក៏​ត្រូវ​ក្លាយ​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក ឬ​ជា​ប្រទេស​ដែល​មាន​ប្រព័ន្ធ​នយោបាយ និង​សេដ្ឋកិច្ច​ស្និទ្ធិ​នឹង​អាមេរិក។ លើកលែង​តែ​ប្រទេស​ស៊្វីស និង​ហ្វាំងឡង់​​ចេញ ដែល​ប្រកាស​តាំងខ្លួន​ជា​ប្រទេស​អព្យាក្រឹត។

ចំណែក​​អាល្លឺម៉ង់វិញ ដែល​ជា​ប្រទេស​ស្ថិត​នៅ​ចំកណ្តាល ជា​ចំណុច​ប្រសព្វ​រវាង ប្លុក​ខាងកើត និង​ប្លុក​សេរី ត្រូវ​ វាំងននដែក ពុះចែក​ប្រទេស​ជាពីរ គឺ​មួយផ្នែក​ខាងកើត ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​សូវៀត  និង​ខាងលិច​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​  សម្ព័ន្ធមិត្ត​លោកខាងលិចគឺ  អាមេរិក អង់គ្លេស និង​បារាំង។

នៅ​ឆ្នាំ​១៩៤៧ លោក​ចច ម៉ារស្ហាល (George Marshall) ដែល​ទើប​នឹង​ត្រូវ​បាន​លោក Harry Truman តែងតាំង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក បាន​រៀបចំ​ផែនការ​ដ៏ធំមួយ ដែល​ត្រូវបាន​គេ​ហៅ​ជា​ទូទៅ​ថា ប្លង់ម៉ារស្ហាល (ជាភាសាអង់គ្លេស Marshall Plan) ដើម្បី​ផ្តល់​ជំនួយ​ជួយ​​ស្តារ​សេដ្ឋកិច្ច​របស់​ប្រទេស​នៅ​អឺរ៉ុប ដែល​ត្រូវ​ខ្ទេចខ្ទី​ដោយសារ​សង្គ្រាម។

តាមគម្រោង​ពី​ដំបូង ប្លង់​ម៉ារស្ហាល​នេះ​ត្រូវ​បើក​ចំហ​ដល់​គ្រប់​ប្រទេស​ទាំងអស់ ដោយ​រាប់បញ្ចូល​ទាំង​សហភាព​សូវៀត និង​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត​ផងដែរ ក៏ប៉ុន្តែ ប្រទេស​ដែល​អាច​ទទួល​ជំនួយ​ពី​ប្លង់ម៉ារស្ហាល​នេះ​បាន ត្រូវ​តែ​បំពេញ​តាមលក្ខខណ្ឌ​មួយ​ដោយ​ខាន​មិនបាន គឺ​ត្រូវ​រៀបចំ​ឲ្យ​មាន​​កំណែទម្រង់​សេដ្ឋកិច្ច​បែបទីផ្សារ​សេរី។ ដោយសារ​តែ​មាន​លក្ខខណ្ឌ​នេះ​ហើយ ទើប​សហភាព​សូវៀត​បដិសេធ​មិន​ចូលរួម​ក្នុង​ប្លង់​ម៉ារស្ហាល ហើយ​ព្រមទាំង​បាន​រារាំង​ប្រទេស​ផ្សេងទៀត នៅ​ក្នុង​ប្លុក​អឺរ៉ុប​ខាងកើត​មិន​ឲ្យ​ទទួល​ជំនួយ​ពី​អាមេរិក។

នៅ​ពេលនោះ ស្តាលីន​យល់ថា ប្រសិនបើ​​ទុក​បណ្តោយ​ឲ្យ​ប្រទេស​នៅ​អឺរ៉ុប​ខាង​កើត​ចូលរួម​ក្នុង​ប្លង់​ ម៉ារស្ហាល ប្រទេស​ទាំងនេះ​អាច​នឹង​ត្រូវ​​​​របូត​ចេញ​ពីដែន​ឥទ្ធិពល​របស់​សូវៀត។ ហេតុដូច្នេះ​ហើយ​បាន​ជា​សូវៀត​បាន​សម្រេច​បង្កើត​ផែនការ​​ផ្តល់​ជំនួយ​ សេដ្ឋកិច្ច​មួយ​ដែរ សម្រាប់​ប្រទេស​ក្នុង​ប្លុក​កុម្មុយនិស្ត គឺផែនការ ដែល​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា ប្លង់ម៉ូឡូតូវ (Molotov Plan) ដោយ​យក​តាម​ឈ្មោះ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សូវៀត ហើយ​ដែល​ក្រោយ​មក​ត្រូវ​បាន​ប្រែក្លាយ​ជា​ស្ថាប័ន​ជាផ្លូវការ​មួយ មាន​ឈ្មោះ​ថា កូមេកុន (COMECON)

ការបង្កើត​ប្លង់ម៉ារស្ហាល និង​ប្លង់​ម៉ូឡូតូវ គឺ​ជា​ជំហាន​មួយ​ថ្មី​ទៀត ដែល​បានរុញ​​អឺរ៉ុប​ខាងលិច និង​អឺរ៉ុប​ខាងកើត ឲ្យ​​ឃ្លាត​​​​ឆ្ងាយ​ពី​គ្នា​កាន់តែ​ខ្លាំង ទាំង​ខាង​នយោបាយ និង​សេដ្ឋកិច្ច ហើយ​មិន​យូរ​ប៉ុន្មាន​ក្រោយ​មក​ទៀត ប្លុក​ទាំងពីរ​ក៏​ចាប់ផ្តើម​ប្រឈមមុខ​ដាក់គ្នា​ខាងផ្នែក​យោធា​មួយទៀត តាមរយៈ​ការ​បង្កើត​បក្សសម្ព័ន្ធ​យោធា​រៀងៗខ្លួន។

ប្រទេស​លោកខាងលិច​បាន​​បង្កើត​ជា​បក្សសម្ព័ន្ធ​អូតង់ តាមរយៈ​ការ​ចុះ​សន្ធិសញ្ញា​អាត្លង់ទិក​ខាងជើង នៅ​ឆ្នាំ​១៩៤៩ នៅ​រដ្ឋធានីវ៉ាស៊ីងតោន ដោយ​មាន​ប្រទេស​ស្ថាបនិក​ចំនួន ១២ គឺ សហរដ្ឋ​អាមេរិក កាណាដា ព្រមទាំង​ប្រទេស ១០ នៅ​អឺរ៉ុប​ខាងលិច រួមមាន អង់គ្លេស បារាំង អ៊ីតាលី ព័រទុយហ្កាល់ ប៊ែលហ្ស៊ិក លុចសំបួ ហូឡង់ ដាណឺម៉ាក ន័រវែស និង​អ៊ីស្លង់។ មូលដ្ឋានគ្រឹះ​នៃ​បក្ស​សម្ព័ន្ធ​នេះ គឺ​មាន​ចែង​ក្នុង​មាត្រា ៥​ នៃ​សន្ធិសញ្ញា​អាត្លង់ទិក​ខាងជើង ដែល​ចែង​ថា ការ​វាយប្រហារ​ទៅលើ​ប្រទេស​ណាមួយ ដែល​ជា​សមាជិក​អូតង់ គឺ​មានន័យ​ស្មើ​នឹង​ការ​វាយប្រហារ​ទៅលើ​បក្ស​សម្ព័ន្ធ​អូតង់​ទាំងមូល ដែល​គ្រប់​សមាជិក​ទាំងអស់​ត្រូវ​តែ​ចេញមុខ​ជួយការពារ​ទប់ទល់​នឹង​ការ​ វាយប្រហារ​នេះ។

ដើម្បី​ជាការ​ឆ្លើយ​តប​នឹង​ការ​បង្កើត​បក្ស​សម្ព័ន្ធ​អូតង់ សហភាព​សូវៀត​ក៏​បាន​រៀបចំ​បង្កើត​បក្ស​សម្ព័ន្ធ​យោធា​មួយ​ដែរ សម្រាប់​ប្រទេស​នៅ​ប្លុក​ខាងកើត គឺ​បក្ស​សម្ព័ន្ធ​នៃ​កតិកាសញ្ញា​វ៉ាសូវី បង្កើត​ឡើង នៅ​ឆ្នាំ​១៩៥៥ ហើយ​ដែល​មាន​លក្ខណៈ​ស្រដៀងគ្នា​ទៅនឹង​បក្ស​សម្ព័ន្ធ​អូតង់។

តាមការពិត នៅ​ក្រោយ​ពេល​ដែល​សហរដ្ឋ​អាមេរិក​បង្កើត​បក្ស​សម្ព័ន្ធ​អូតង់ សហភាព​សូវៀត​មិនបាន​បង្កើត​បក្ស​សម្ព័ន្ធ​វ៉ាសូវី​តបតវិញ​ភ្លាមនោះទេ។ កត្តា​សំខាន់ ដែល​ជំរុញ​ឲ្យ​ស្តាលីន​សម្រេច​បង្កើត​បក្សសម្ព័ន្ធ​វ៉ាសូវី គឺ​អាល្លឺម៉ង់។

នៅ​ឆ្នាំ​១៩៤៩ សហរដ្ឋ​អាមេរិក អង់គ្លេស និង​បារាំង បាន​ព្រមព្រមគ្នា យកដែនដី​អាល្លឺម៉ង់​ខាងលិច​​មក​ច្របាច់​បញ្ចូល​គ្នា រួចហើយ​សម្រេច​បញ្ឈប់ការ​ត្រួតត្រា​លើ​អាល្លឺម៉ង់ ដោយ​​ផ្តល់​ឯករាជ្យ​ឲ្យ​អាល្លឺម៉ង់​បង្កើត​ជា​រដ្ឋ​​​ឯករាជ្យ​មួយ ដែលមាន​​ឈ្មោះ​ថា សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់។ តាមគម្រោង​អាមេរិក អង់គ្លេស និង​បារាំង​ ចង់​ឲ្យ​រដ្ឋ​ឯករាជ្យ​ថ្មី​នេះ​ត្រូវ​បង្រួបបង្រួម​គ្នា​ជាមួយ​អាល្លឺម៉ង់​ ខាងកើត ដែល​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​សហភាព​សូវៀត។ ក៏ប៉ុន្តែ ស្តាលីន​មិនព្រម ក៏​បាន​រៀបចំ​ឲ្យ​បក្ស​កុម្មុយនិស្ត​អាល្លឺម៉ង់​ប្រកាស​បង្កើត​រដ្ឋ​ឯករាជ្យ ​មួយ​ដាច់​ដោយឡែក នៅ​អាល្លឺម៉ង់​ខាងកើត ដោយ​ដាក់​ឈ្មោះ​ថា សាធារណរដ្ឋ​ប្រជាធិបតេយ្យ​អាល្លឺម៉ង់
            ចាប់ពីពេលនោះមក ប្រទេស​អាល្លឺម៉ង់​ក៏​ត្រូវ​ពុះចែក​ជា​ពីរដាច់ពីគ្នា គឺ​អាល្លឺម៉ង់​ខាងលិច និង​អាល្លឺម៉ង់​ខាងកើត ហើយ​អាល្លឺម៉ង់​ខាងលិច​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ជា​សមាជិក​អង្គការ​អូតង់ នៅថ្ងៃ​ទី៩ ខែ​ឧសភា ឆ្នាំ​១៩៥៥។ ការ​ដាក់​បញ្ចូល​អាល្លឺម៉ង់​ខាងលិច ទៅ​ក្នុង​បក្សសម្ព័ន្ធ​អូតង់​នេះ​ហើយ ដែល​ជំរុញ​ឲ្យ​សូវៀត​បង្កើត​ជា​បក្ស​សម្ព័ន្ធ​វ៉ាសូវី​ឡើង ដោយ​ដាក់​បញ្ចូល​អាល្លឺម៉ង់​ខាងកើត​ជា​សមាជិក៕