Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

វិបត្តិប៊ែរឡាំង៖ ការប្រឈមមុខដាក់គ្នាដោយផ្ទាល់​ ជាលើកដំបូងរវាងសូវៀតនិងអាមេរិកក្នុងសង្រ្គាមត្រជាក់

ការពុះចែក​ប្រទេស​អាល្លឺម៉ង់ រវាង​ប្រទេស​មហាអំណាច​ឈ្នះ​សង្រ្គាម​លោកលើកទី២ ត្រូវ​បាន​ធ្វើឡើង នៅ​ក្នុង​អំឡុង​សន្និសីទ​នៅ​​យ៉ាល់តា និងប៉តស្តាំ​ នៅ​ឆ្នាំ​១៩៤៥។ ប្រទេស​អាល្លឺម៉ង់ ដែល​ចាញ់​សង្រ្គាម​​ ត្រូវ​ពុះចែក​ជា ៤ចំណែក គឺ​មួយ​ចំណែក​នៅ​ប៉ែក​ខាង​កើត​ត្រូវ​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​សូវៀត និង​បីចំណែក​ផ្សេងទៀត​នៅ​ប៉ែក​ខាង​លិច​ត្រូវ​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់ ​សហរដ្ឋ​អាមេរិក អង់គ្លេស និង​បារាំង។

ទីក្រុង​ប៊ែរឡាំង ដែល​ជា​រដ្ឋ​ធានី​របស់​អាល្លឺម៉ង់ ក៏​ត្រូវ​បាន​បែងចែក​ជា ៤​ចំណែក​ដូចគ្នា​នេះ​ដែរ។ ក៏ប៉ុន្តែ ប្រទេស​មហាអំណាច​ទាំង៤ មិនបាន​​កំណត់​គ្នា​ឲ្យ​បាន​ច្បាស់​ជាមុន អំពី​ច្រកផ្លូវ​ចេញចូល​ទីក្រុង​ប៊ែរឡាំង​នេះ​ទេ ក្នុងពេល​ដែល​ក្រុង​នេះ​​ស្ថិត​នៅ​ប៉ែក​ខាងកើត ​ចំកណ្តាល​ដែនដី​ក្រោម​ការ​កាន់កាប់​របស់សហភាព​​សូវៀត ហើយ​ស្ថិត​នៅ​ចម្ងាយ​ជាង ១០០គីឡូម៉ែត្រ​ពី​ព្រំដែន​​អាល្លឺម៉ង់​ខាងលិច។
 មិនយូរ​ប៉ុន្មាន នៅ​ពេល​ដែល​​ទំនាក់ទំនង រវាង​សហភាព​សូវៀត និងសហរដ្ឋ​អាមេរិក​​កាន់តែ​ធ្លាក់​ចុះ​ដុនដាប ទីក្រុង​ប៊ែរឡាំង​ក៏​បាន​ក្លាយ​ទៅ​ជា​ចំណុច​ប្រឈមមុខគ្នា​ដ៏​ធំ និង​ដោយ​ផ្ទាល់​ជាលើក​ដំបូង រវាង​គូសត្រូវ​សង្រ្គាម​ត្រជាក់​ទាំងពីរ។
 
យន្តហោះ​ដឹកជញ្ជូន​អាមេរិក ដែល​ដឹកស្បៀង​ទៅ​ផ្គត់ផ្គង់​ក្រុង​ប៊ែរឡាំង​ខាង​លិច ក្នុង​អំឡុង​វិបត្តិ​ប៊ែរឡាំង
 
នៅ​ពាក់កណ្តាល​ឆ្នាំ​១៩៤៨ អាមេរិក អង់គ្លេស និង​បារាំង​ បាន​ប្រកាស​អំពី​គម្រោង​យក​ទឹកដី​អាល្លឺម៉ង់​ខាងលិច ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​គេ​មក​ច្របាច់​បញ្ចូល​គ្នា ដើម្បី​រៀបចំ​ឲ្យ​អាល្លឺម៉ង់​បង្កើត​ជា​រដ្ឋឯករាជ្យ​ឡើងវិញ។ សហភាព​សូវៀត ដែល​ប្រឆាំង​នឹង​គម្រោង​នេះ​ ក៏​បាន​បិទ​គ្រប់​ច្រកផ្លូវ​ទាំងអស់ លែង​ឲ្យ​ប្រទេស​លោកខាងលិច​ ធ្វើ​ដំណើរ​កាត់​តាម​តំបន់​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​សូវៀតចេញ​និង​ចូល ​ទៅក្នុង​ទីក្រុង​ប៊ែរឡាំង។ 
 
នៅ​អាមេរិក លោក​​ប្រធានាធិបតី Harry Truman ព្រមទាំង​មេទ័ព​កំពូលៗ បាន​ឯកភាព​គ្នា​​ថា អាមេរិកមិន​ត្រូវ​ចុះញ៉ម​​សូវៀត​ ហើយ​​ដកថយ​ចេញ​ពី​ប៊ែរឡាំង​ជាដាច់ខាត។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា អាមេរិក​ក៏​មិន​ចង់​ប្រើ​កម្លាំង​ទ័ព ដើម្បី​ទម្លាយ​​ច្រក​ផ្លូវ​​ចូល​ទៅ​ក្នុង​ក្រុង​ប៊ែរឡាំង​នោះ​ដែរ ដោយ​មិន​ចង់​​ឲ្យ​សង្រ្គាម​ត្រជាក់​ត្រូវ​ក្លាយ​ទៅ​ជា​សង្រ្គាម​លោក​ថ្មី​ មួយ​ទៀត។ ដូច្នេះ ដំណោះស្រាយ​ដែល​សមរម្យ គឺ​ត្រូវ​រក​វិធី​ផ្សេង ដើម្បី​ដឹកជញ្ជូន​​ស្បៀង​អាហារ និង​សម្ភារៈ​ចាំបាច់ ចូល​ទៅ​ផ្គត់ផ្គង់​​ដល់​ប្រជាជន​ដែល​រស់នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង​ខាងលិច ហើយ​​ភ្លាមៗ​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​លោកខាងលិច​ក៏​បាន​ឯកភាព​ទៅលើ​វិធីមួយ គឺ​ផ្គត់ផ្គង់​ក្រុង​ប៊ែរឡាំង​តាមផ្លូវ​អាកាស (ដែល​ត្រូវ​បាន​គេ​ហៅ​ជាទូទៅ​ថា Berlin Airlift Air Bridge)
 
ផែនទី​បង្ហាញ​ពី​ការ​បែងចែក​ប្រទេស​អាល្លឺម៉ង់​ជា​ ៤តំបន់ ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​​សូវៀត អាមេរិក អង់គ្លេស និង​បារាំង
       
សហភាព​សូវៀត ដែល​​ក៏​មិន​ចង់​ឲ្យ​ផ្ទុះ​ជា​​សង្រ្គាម​ដែរ​នោះ​​ ជាពិសេស ដោយ​ខ្លាច​អាវុធ​នុយក្លេអ៊ែរ​របស់​សហរដ្ឋ​អាមេរិក ក៏​ទុក​បណ្តោយ​ឲ្យ​​យន្តហោះ​របស់​សម្ព័ន្ធមិត្ត​លោកខាងលិច​ហោះកាត់​ដែន​ អាកាសអាល្លឺម៉ង់​ខាង​កើត ដើម្បី​ដឹកជញ្ជូន​ស្បៀង​ទៅ​ផ្គត់ផ្គង់​ក្រុង​ប៊ែរឡាំង​ខាងលិច។

កាល​ពី​ដំបូង សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​គិត​​ថា ការផ្គត់ផ្គង់​ស្បៀង​ដល់​​ក្រុងប៊ែរឡាំង​​តាម​ផ្លូវ​អាកាស​ គឺ​គ្រាន់តែ​ជា​វិធានការ​បណ្តោះអាសន្ន​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ ដោយ​រំពឹង​ថា សូវៀត​នឹង​បើក​ច្រកផ្លូវ​គោកឡើងវិញ​ឆាប់ៗ។ ក៏ប៉ុន្តែ នៅ​ទីបំផុត វិបត្តិ​នៅ​ប៊ែរឡាំង​នៅតែ​បន្ត​កើតមាន​ ហើយ​ប្រតិបត្តិការ​ផ្គត់ផ្គង់​ក្រុង​ប៊ែរឡាំង​តាម​ផ្លូវ​អាកាស​ក៏​ត្រូវ​ អូសបន្លាយ​ពេល​រហូត​ដល់​ទៅ​ជិត​មួយ​ឆ្នាំ។

ចាប់តាំង​ពី​​ខែ​មិថុនា ឆ្នាំ​១៩៤៨ រហូតដល់​ខែ​ឧសភា ឆ្នាំ​១៩៤៩ យន្តហោះ​រាប់រយគ្រឿង​របស់​អាមេរិក អង់គ្លេស និង​បារាំង ដឹកជញ្ជូន​ស្បៀង​ប្រមាណ​ពី ៥ពាន់​ ទៅ ៨ពាន់​តោន​ ក្នុងមួយថ្ងៃៗ ដើម្បី​យក​ទៅ​ផ្គត់ផ្គង់​ក្រុង​ប៊ែរឡាំង​ខាងលិច។ គិតជាសរុប​ពេញ​ក្នុង​អំឡុង​វិបត្តិ​ប៊ែរឡាំង យន្តហោះ​របស់​សម្ព័ន្ធមិត្ត​លោកខាងលិច​​ធ្វើការ​ហោះហើរ​ចំនួន​ជិត ៣០ម៉ឺន​ជើង និង​ដឹកស្បៀង ព្រមទាំង​​សម្ភារៈ​ផ្សេងៗ​ចំនួន​ជាង​ជាង ២លាន​តោន។
  
នៅ​ក្នុង​ក្រុង​ប៊ែរឡាំង​ខាងលិច ស្បៀង​អាហារ ថ្នាំសង្កូវ និង​ប្រេងឥន្ធនៈ ត្រូវ​បាន​គេ​កំណត់​របប​យ៉ាង​តឹងរ៉ឹង​បំផុត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ជីវភាព​ប្រជាជន​​ត្រូវ​ប្រឈមមុខ​នឹង​ការ​លំបាក​យ៉ាង​ ខ្លាំង ជាពិសេស នៅ​ក្នុង​អំឡុង​រដូវ​រងារ។ ក៏ប៉ុន្តែ បើទោះបី​ជា​យ៉ាងនេះ​ក៏ដោយ អ្នក​ក្រុង​ប៊ែរឡាំង​ខាងលិច​នាំគ្នា​គាំទ្រ​យ៉ាងពេញ​ទំហឹង​ចំពោះ​ចំណាត់ការ​ របស់​សម្ព័ន្ធមិត្ត​លោក​ខាងលិច ដោយ​មាន​ពាក្យ​មួយឃ្លា​​​ដែល​គេតែងតែ​នាំ​គ្នា​និយាយ នៅ​ក្នុង​អំឡុង​វិបត្តិ​នោះ គឺ នៅ​ប៊ែរឡាំង​​វារងារ​ខ្លាំងណាស់! តែ​យ៉ាងណា​ក៏​មិន​រងារ​ដូច​នៅ​ស៊ីបេរី​នោះដែរ

គិតត្រឹម​ខែ​ឧសភា ឆ្នាំ​១៩៤៩ សហភាព​សូវៀត​បាន​ចាប់ផ្តើម​មើល​ឃើញ​យ៉ាង​ច្បាស់​ថា ការបិទច្រក​ផ្លូវ​គោក​មិន​អាច​ខ្ទប់ដង្ហើម​ក្រុងប៊ែរឡាំង​ខាងលិច​បាន មិនអាច​បំផុស​ឲ្យ​អ្នក​ក្រុង​ប៊ែរឡាំង​បះបោរ​ប្រឆាំង​នឹង​លោកខាងលិច​បាន ចំណែក​ឯ​គម្រោង​បង្កើត​រដ្ឋ​អាល្លឺម៉ង់​ខាងលិច​ក៏​មិន​អាច​រារាំង​បាន សហភាព​សូវៀត​ក៏​បាន​សម្រេច​បិទបញ្ចប់​ការ​បិទខ្ទប់​ក្រុងប៊ែរឡាំង ដោយ​ចាប់ផ្តើម​បើក​ច្រកផ្លូវគោក​​ឲ្យ​សម្ព័ន្ធមិត្ត​លោក​ខាងលិច​ធ្វើ​ដំណើរ​ ចេញចូល​ក្រុង​ប៊ែរឡាំង​ខាងលិច​ឡើងវិញ។

វិបត្តិ​នៅ​ប៊ែរឡាំង​ត្រូវ​បិទបញ្ចប់ ដោយ​គ្មាន​ការ​ប៉ះទង្គិចគ្នា​​ដោយ​​អាវុធ ក៏ប៉ុន្តែ វា​គឺ​ជា​ចំណុច​ដ៏សំខាន់​មួយ ដែល​ធ្វើ​ឲ្យ​ភាព​តានតឹង​នៃ​សង្រ្គាម​ត្រជាក់​​ត្រូវ​កើនឡើង​ដល់​កម្រិត​ កំពូល ដោយ​ចាប់ពីពេលនោះ​មក គូបដិបក្ខ​ទាំងពីរ គឺ​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត សំឡឹង​មើល​គ្នា​​ថាជា​គូសត្រូវ​ដែល​មិន​អាច​ផ្សះផ្សា​បាន។

នៅថ្ងៃ​ទី២៣ ខែ​ឧសភា ឆ្នាំ​១៩៤៩ ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ (អាល្លឺម៉ង់​ខាងលិច(ត្រូវ​បាន​បង្កើត​ឡើង ក៏ប៉ុន្តែ ប៊ែរឡាំង ដែល​ស្ថិត​នៅ​ចំ​កណ្តាល​ទឹកដី​អាល្លឺម៉ង់​ខាងកើត ហើយ​ដែល​ធ្លាប់​ទទួលរង​ការ​បិទខ្ទប់​ដង្ហើម​ពី​សំណាក់​សូវៀត​ម្តងរួចមកហើយ​ នោះ មិន​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​ជា​រដ្ឋធានី​របស់​រដ្ឋ​​អាល្លឺម៉ង់​ខាងលិច​​​ ថ្មី​នេះ​ទេ។ រដ្ឋធានី​របស់​អាល្លឺម៉ង់​ខាងលិច​ត្រូវ​បាន​គេ​យក​ទៅ​តាំងទី នៅ​ក្នុង​ទីក្រុងបន (Bonn) 

ឆ្លើយតប​នឹង​ការ​បង្កើត​រដ្ឋ​អាល្លឺម៉ង់​ខាងលិច សហភាព​សូវៀត​ក៏​បាន​យក​ទឹកដី​អាល្លឺម៉ង់​ខាងកើត ដែល​ខ្លួន​គ្រប់គ្រង​ ទៅ​រៀបចំ​បង្កើត​ជា​រដ្ឋ​មួយឡើងដែរ នៅ​ថ្ងៃ​ទី៧ ខែតុលា ឆ្នាំ​១៩៤៩ ដោយ​ដាក់​ឈ្មោះ​ថា សាធារណរដ្ឋ​ប្រជាធិបតេយ្យ​អាល្លឺម៉ង់ (អាល្លឺម៉ង់​ខាងកើត) ដោយ​យក​ទីក្រុង​ប៊ែរឡាំង​ខាងកើត​ធ្វើ​ជា​រដ្ឋធានី។

ចាប់ពី​ឆ្នាំ​១៩៥២ រដ្ឋាភិបាល​អាល្លឺម៉ង់​ខាង​កើត​បាន​បិទ​គ្រប់ច្រក​ព្រំដែន​ទាំងអស់​ជាមួយ​ អាល្លឺម៉ង់​ខាងលិច ដើម្បី​រារាំង​កុំ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​​លួចរត់ភៀសខ្លួន​ឆ្លងដែន​ទៅ​ ខាងលិច។ នៅ​ក្នុង​ទីក្រុងប៊ែរឡាំង​វិញ ជញ្ជាំង​បេតុង​ត្រូវ​បាន​អាជ្ញាធរ​អាល្លឺម៉ង់​ខាង​កើត​សាងសង់​ឡើង នៅ​ឆ្នាំ​១៩៦១ ដើម្បី​ខណ្ឌចែក​​ក្រុង​ប៊ែរឡាំង​កើត ពី​ប៊ែរឡាំង​ខាងលិច ដែល​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​​សម្ព័ន្ធមិត្ត​លោក​ខាងលិច។ ជញ្ជាំង​ប៊ែរឡាំង ដែល​ជា​និមិត្តរូប​នៃ​ការ​ពុះចែក​អឺរ៉ុប រវាង​ប្លុក​សេរី និង​ប្លុក​កុម្មុយនិស្ត ពេញ​ក្នុង​អំឡុង​សង្រ្គាម​ត្រជាក់។
 
នៅ​ក្នុង​អំឡុង​សង្រ្គាម​ត្រជាក់ ការពុះចែក​ប្រទេស​​​ជាពីរ រវាង​ម្ខាង​រណប​ប្លុក​កុម្មុយនិស្ត​សូវៀត និង​ម្ខាង​ទៀត​រណប​ប្លុក​អាមេរិក​ដូចជា​ករណី​ប្រទេស​អាល្លឺម៉ង់​ ក៏​ត្រូវ​បាន​គេ​យក​ទៅ​អនុវត្ត​​ផងដែរ​ទៅលើ​ប្រទេស​មួយចំនួន​ផ្សេងទៀត ដូចជា កូរ៉េ​ ត្រូវ​ចែក​ជា​កូរ៉េ​ខាងជើង​ (កុម្មុយនិស្ត) និង​កូរ៉េ​ខាង​ត្បូង (សេរី) យេម៉ែន ត្រូវ​ចែក​ជា​យេម៉ែន​ខាង​ជើង( សេរី) និង​យេម៉ែន​ខាង​ត្បូង (កុម្មុយនិស្ត) និង​វៀតណាម ​ត្រូវ​ចែក​ជា​វៀតណាម​ខាងជើង (កុម្មុយនិស្ត) និង​វៀតណាម​ខាង​ត្បូង ( សេរី)។ នៅ​ក្រោយ​សង្រ្គាម​ត្រជាក់​ត្រូវ​បញ្ចប់ ប្រទេស​ទាំងអស់​នេះ​សុទ្ធសឹង​តែ​ត្រូវ​បង្រួបបង្រួម​ជា​ប្រទេស​តែមួយ​វិញ លើកលែង​តែ​កូរ៉េ ដែល​នៅ​បន្ត​បាក់បែក​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន៕