Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

កម្ពុជានៅក្នុងសង្រ្គាមវៀតណាម

សង្រ្គាម​វៀតណាម ត្រូវ​បាន​អ្នក​ប្រវត្តិសាស្រ្ត​ជាច្រើន​នាំគ្នា​ដាក់ឈ្មោះ​ថា សង្រ្គាម​ឥណ្ឌូចិន​លើកទី២ ដោយសារ​តែ​សង្រ្គាម​នេះ​មិនមែន​កើតមាន​ឡើង​តែ​នៅ​ក្នុង​ប្រទេស​វៀតណាម​មួយ​ នោះទេ តែ​វា​បាន​រាលដាល​ទៅកាន់​ប្រទេស​ពីរទៀត ក្នុង​តំបន់​ឥណ្ឌូចិន ហើយ​ដែល​ធ្លាប់​ជា​អាណានិគម​របស់​បារាំង គឺ​ប្រទេស​កម្ពុជា និង​ឡាវ។

តាំងពីក្រោយ​សង្រ្គាម​ឥណ្ឌូចិន​លើកទី១ (សង្រ្គាម​រវាង​វៀតណាម និង​បារាំង) កម្ពុជា​បាន​ប្រកាស​ខ្លួន​ជា​ប្រទេស​អព្យាក្រឹត ហើយ​អព្យាក្រឹតភាព​នេះ​ត្រូវ​បាន​ទទួលស្គាល់​យ៉ាងពេញលេញ នៅ​ក្នុង​សន្និសីទ​ក្រុង​ហ្សឺណែវ ឆ្នាំ​១៩៥៤។ ក៏ប៉ុន្តែ នៅពេលដែល​សង្រ្គាម​វៀតណាម​កាន់តែ​រីករាលដាល អព្យាក្រឹតភាព​របស់​កម្ពុជា​ក៏​កាន់តែ​ត្រូវ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ រហូត​ត្រូវ​បាត់បង់​តម្លៃ​ទាំងស្រុង​នៅ​ក្នុងការ​អនុវត្ត​ជាក់ស្តែង។ បញ្ហា​ដ៏ធំបំផុត ដែល​កម្ពុជា​ត្រូវ​ប្រឈម​នៅ​ក្នុង​សង្រ្គាម​វៀតណាម គឺ​ការ​ណ៍​ដែល​ពួក​វៀតកុង​​យក​ទឹកដី​កម្ពុជា​ធ្វើ​ជា​ទីជម្រក នៅ​ក្នុង​ការ​ប្រយុទ្ធតទល់​នឹង​វៀតណាម​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក។

កាលពីដំបូង ពួកវៀតកុង​​បានជ្រៀតចូល​មក​ក្នុង​ទឹកដី​កម្ពុជា ដោយ​មិនបាន​សុំ​ការអនុញ្ញាត​អ្វី​ទាំងអស់ ពោលគឺ ជា​ការ​រំលោភ​ទាំងស្រុង​ទៅលើ​បូរណភាព​ទឹកដី​របស់​កម្ពុជា។ តាមការពិត តាំងពីដើម​រៀងមក មេដឹកនាំ​វៀតណាម ដែល​តែងតែ​មាន​មហិច្ឆតា​ត្រួតត្រា​តំបន់​ឥណ្ឌូចិន​ទាំងមូល​នោះ មិនដែល​ទុក​ប្រទេស​កម្ពុជា និង​ឡាវ​ជា​ប្រទេស​ឯករាជ​នោះទេ។ ហេតុដូច្នេះ​ហើយ​បាន​ជា​វៀតណាម​កុម្មុយនិស្ត​បាន​ជ្រៀតចូល​មក​ក្នុង​ទឹកដី​ កម្ពុជា ក៏ដូចជា​ទឹកដីឡាវ​ស្រេចតែ​អំពើ​ចិត្ត។ កម្ពុជា​វិញ ដែល​មាន​កម្លាំង​ទ័ព​ទន់ខ្សោយ​នោះ ក៏​គ្មាន​សមត្ថភាព​អ្វី​ទៅ​ពង្រឹង​សន្តិសុខ​តាម​ព្រំដែន ឬ​បណ្តេញ​ពួក​វៀតកុង​ចេញ​ពី​ទឹកដី​របស់​ខ្លួន​នោះដែរ។ ក្នុងពេល​ជាមួយគ្នា​នេះ កម្ពុជា​ត្រូវ​ប្រឈមមុខ​នឹងការគំរាមកំហែង​ដ៏ធំមួយ​ទៀត គឺ​ពី​សំណាក់​សហរដ្ឋ​អាមេរិក។

តាមការពិត ការណ៍​ដែលពួក​​វៀតកុង​អាច​ប្រើប្រាស់​ទឹកដី​កម្ពុជា​ធ្វើ​ជា​ទីជម្រក ដើម្បី​រត់គេច​ពី​ការវាយប្រហារ​ រួចហើយ​​ប្រមូលផ្តុំគ្នាឡើងវិញ ដើម្បី​​លប​ចូល​ទៅ​វាយឆ្មក់​លើ​កងទ័ព​វៀតណាម​ខាង​ត្បូង និង​កងទ័ព​អាមេរិក នៅ​ក្នុង​ទឹកដី​វៀតណាម​ខាង​ត្បូង វា​គឺ​ជា​បញ្ហា​ចោទ​ដ៏ធំ​ សម្រាប់​អាមេរិក​ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​វៀតណាម​កុម្មុយនិស្ត។ ហេតុដូច្នេះហើយ​បាន​ជា​អាមេរិក​តែងតែ​ដាក់សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ធ្វើការ​បណ្តេញ​ពួកវៀតកុង​ចេញ​ពី​តំបន់​ព្រំដែន​របស់ខ្លួន ហើយ​ជាញឹកញយ កងទ័ព​អាមេរិក​បាន​បើក​ប្រតិបត្តិការ​យោធា​ឆ្លងព្រំដែន​វាយប្រហារ​ទៅលើ​ ភូមិខ្មែរ ដើម្បី​តាម​ប្រមាញ់​ពួកវៀតកុង ក៏ប៉ុន្តែ ការវាយប្រហារ​ទាំងនេះ​តែងតែ​បង្ក​ការខូចខាត​ដល់​ជនស៊ីវិល​ខ្មែរ ច្រើន​ជាង​ដល់​ពួក​វៀតកុង។

បន្តិចម្តងៗ កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​ព្រះនរោត្តម​សីហនុ​ក៏​បាន​ងាកចេញ​ពី​ នយោបាយ​អព្យាក្រឹត បែរ​ទៅ​ជា​ប្រកាន់​នយោបាយ​ស្និទ្ធ​នឹង​ចិន​កុម្មុយនិស្ត ហើយ​​ប្រឆាំង​អាមេរិកទៅវិញ។ នៅពេលនោះ​ហើយ ដែល​កម្ពុជា​ត្រូវ​ផុងខ្លួន​កាន់តែ​ជ្រៅ នៅ​ក្នុង​សង្រ្គាម​វៀតណាម។
 
លោក​រីឆាត និចសុន(Richard Nixon) ប្រធានាធិបតី​អាមេរិក នៅថ្ងៃ​ទី៣០ មេសា ១៩៧០ ​ក្នុង​ពេល​ប្រកាស​ឲ្យដឹង​អំពី​​ប្រត្តិបត្តិការ​យោធា​អាមេរិក​នៅ​ក្នុង​ ទឹកដី​កម្ពុជា
នៅ​​​ឆ្នាំ​១៩៦៥ ដោយសំឡឹង​មើល​ឃើញ​ថា ចលនា​កុម្មុយនិស្ត​កំពុងតែ​មាន​ប្រៀប​ ហើយ​អាច​នឹង​ទទួល​ជ័យជម្នះ​​ត្រួតត្រា​តំបន់​អាស៊ីអាគ្នេយ៍ សម្តេច​ព្រះនរោត្តម​ សីហនុ ក៏​បាន​សម្រេច​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​អាមេរិក ហើយ​ងាក​ទៅ​គាំទ្រ​ប្លុក​កុម្មុយនិស្ត​ ដោយ​នៅ​ឆ្នាំ​​​១៩៦៦ ព្រះអង្គ​​បាន​ព្រមព្រៀង​ជាមួយ​មេដឹកនាំ​ចិន ឲ្យវៀតណាម​ខាងជើង និង​ពួក​វៀតកុង​​ប្រើប្រាស់​ទឹកដី​កម្ពុជា​ធ្វើ​ជា​មូលដ្ឋាន​ក្នុងការ​ធ្វើ​ សង្រ្គាម​ទល់​នឹង​អាមេរិក។ លើសពីនេះ​ទៅទៀត កម្ពុជា​បាន​បើក​កំពង់ផែ​ក្រុង​ព្រះសីហនុ​ឲ្យ​ចិន​ប្រើ ដើម្បី​ដឹកជញ្ជូន​ជំនួយ​ទៅ​ឲ្យ​ពួក​វៀតកុង។ ចាប់ពីពេលនោះ​មក កម្ពុជា​ចាប់ផ្តើម​ផុងខ្លួន​កាន់តែ​ជ្រៅ ទៅក្នុង​សង្រ្គាម​វៀតណាម។

នៅ​សហរដ្ឋ​អាមេរិក អប្រជាប្រិយភាព​នៃ​សង្រ្គាម​វៀតណាម បាន​ធ្វើ​ឲ្យ​លោក Lyndon Johnson ត្រូវ​ធ្លាក់​ពី​អំណាច ហើយ​​លោក​ Richard Nixon បាន​ជាប់ឆ្នោត​ឡើងមកធ្វើ​​ជា​ប្រធានាធិបតី ជំនួស​លោក​ Lyndon Johnson នៅ​ឆ្នាំ​១៩៦៩។ ប្រឈមមុខ​នឹង​ចលនា​ប្រឆាំង ដែល​កំពុងតែ​កើតមាន​យ៉ាង​ខ្លាំងក្លា​នោះ លោក Richard Nixon ក៏​បាន​ដាក់ចេញ​នូវ​នយោបាយ​ជាអាទិភាព​មួយ គឺ​ត្រូវ​តែ​ធ្វើ​យ៉ាងណា​បញ្ចប់​សង្រ្គាម​វៀតណាម​ឲ្យ​បាន​ឆាប់។ ក៏ប៉ុន្តែ យុទ្ធសាស្រ្ត​ចម្បង​របស់​លោក Richard Nixon ដើម្បី​​បញ្ចប់​សង្រ្គាម​វៀតណាម គឺ​មុនដំបូង​ត្រូវ​តែ​ពង្រីក​សង្រ្គាម គឺ​ពង្រីក​​ប្រតិបត្តិការ​ទម្លាក់​គ្រាប់បែក ដើម្បី​កម្ទេច​ជម្រក​របស់​ពួក​វៀតកុង នៅ​ក្នុង​ទឹកដី​កម្ពុជា។

តាមការពិត យន្តហោះ​អាមេរិក​បាន​ធ្វើ​ការទម្លាក់​គ្រាប់បែក​ចូល​ទៅ​ក្នុង​ទឹកដី​កម្ពុជា តាំង​ពីឆ្នាំ​១៩៦៥ ពោលគឺ តាំង​ពី​សម័យរដ្ឋការ​របស់​លោក Lyndon Johnson មកម៉្លេះ គ្រាន់តែ​ថា នៅ​ពេលនោះ ប្រតិបត្តិការ​ទម្លាក់​​គ្រាប់បែក​នៅ​កម្ពុជា​ត្រូវ​បាន​ធ្វើឡើង​ដោយ​មានការ ​លាក់លៀម និង​កម្រិត​នៅ​ត្រឹម​តែ​តំបន់​​ដែល​នៅ​ជាប់​នឹង​ព្រំដែន​ជាមួយ​វៀតណាម។ នៅ​ក្រោម​អាណត្តិ​លោក Richard Nixon ប្រតិបត្តិការ​ទម្លាក់គ្រាប់បែក​លើ​កម្ពុជា​ត្រូវ​បាន​បើក​ធ្វើ​​ដោយ​ចំហ​ ជាងមុន និង​ក្នុង​លក្ខណៈ​ទូលំទូលាយ​ ដោយ​គ្មាន​បែងចែក​ថា​ជា​តំបន់​នៅ​ជាប់ ឬ​មិន​ជាប់ព្រំដែន​នោះទេ។ 

ប្រតិបត្តិការ​ទម្លាក់គ្រាប់បែក​លើ​កម្ពុជា
 ដែល​អាមេរិក​ដាក់ឈ្មោះ​ ថា Operation Menu ​បាន​ចាប់ផ្តើម​ឡើង នៅយប់ថ្ងៃ​ទី១៨ ខែមីនា ឆ្នាំ​១៩៦៩ ហើយ​នៅ​ពេល​ដែល​ប្រតិបត្តិការ​នេះ​ត្រូវ​បាន​លោក Richard Nixon ប្រកាស​ឲ្យដឹង​ជា​សាធារណៈ ​នៅថ្ងៃ​ទី៣០​ ខែមេសា ឆ្នាំ​១៩៧០ វាបាន​ដុតបញ្ឆេះ​ចលនា​ប្រឆាំង​នឹង​សង្រ្គាម​វៀតណាម​ឲ្យ​កាន់តែ​ឆេះ​ សន្ធោរសន្ធៅ​ខ្លាំងឡើង​ថែម​ទៀត។ សមាជិក​សភា​អាមេរិក​ជាច្រើន​បាន​នាំគ្នា​ផ្ទុះកំហឹង​នឹង​ការណ៍​ដែល​លោក​ Richard Nixon ហ៊ាន​ពង្រីក​សង្រ្គាម​វៀតណាម ទៅចូលឈ្លានពាន​កម្ពុជា​ ដែល​ជា​ប្រទេស​អធិបតេយ្យ​មួយ ដោយ​មិន​សុំ​ការ​អនុញ្ញាត​ពី​សភា​ជា  មុន។ ក៏ប៉ុន្តែ បើទោះបីជា​មាន​ចលនា​ប្រឆាំង​បែបនេះ​ក៏ដោយ ប្រតិបត្តិការ​ទម្លាក់គ្រាប់បែក​លើ​កម្ពុជា​នៅតែ​បន្ត​ធ្វើ ហើយ​នៅ​ក្នុង​ពេល​ជាមួយគ្នា​នោះ ​រដ្ឋការ​របស់​លោក Richard Nixon បាន​ព្យាយាម​ប្រើ​គ្រប់មធ្យោបាយ ដើម្បី​ធ្វើ​យ៉ាងណា​ទាញ​កម្ពុជា​ឲ្យ​ឈប់​ជួយ​​ពួក​វៀតកុង។
 
សម្តេច​ព្រះនរោត្តម សីហនុ នៅ​ពេល​ជួប​ជាមួយ​ម៉ៅសេទុង​នៅ​ប៉េកាំង

 
នៅថ្ងៃ​ទី១៨ ខែមីនា ឆ្នាំ​១៩៧០ ក្រុម​អ្នក​នយោបាយ​ខ្មែរ ដែល​​ស្និទ្ធិ​នឹង​អាមេរិក ដឹកនាំ​ដោយ​សេនាប្រមុខ លន់ នល់ ក៏​បាន​ទម្លាក់​សម្តេច​ព្រះ​នរោត្តម សីហនុ ពី​អំណាច នៅ​ក្នុងពេល​ដែល​ព្រះអង្គ​កំពុង​បំពេញ​ទស្សនកិច្ច នៅ​ក្នុង​ទីក្រុង​ម៉ូស្គូ សហភាព​សូវៀត។ ចាប់តាំង​ពីពេលនោះមក កម្ពុជា ក្រោម​របបសាធារណរដ្ឋ​ខ្មែរ ក៏​បាន​ក្លាយ​ទៅជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក នៅ​ក្នុង​សង្រ្គាម​​​វៀតណាម ក៏ប៉ុន្តែ ក្រៅពី​ត្រូវ​ធ្លាក់ចូល​ទៅ​ក្នុង​សង្រ្គាម​ប្រឆាំង​នឹង​កុម្មុយនិស្ត​វៀតណាម កងទ័ព​សាធារណរដ្ឋ​ខ្មែរ​ក៏​ត្រូវ​ប្រឈមមុខ​នឹង​សង្រ្គាម​ទល់​នឹង​ចលនា​ កុម្មុយនិស្ត​ក្នុង​ស្រុក​ខ្លួនឯង​ផងដែរ គឺ​​ក្រុមឧទ្ទាម​ខ្មែរក្រហម ដែល​ចូលរួមដៃគ្នា​ជាមួយ​នឹង​ចលនា​តស៊ូ​ដឹកនាំ​ដោយ​សម្តេច​ព្រះនរោត្តម សីហនុ និង​ដែល​មាន​ការ​គាំទ្រ​យ៉ាងពេញ​ទំហឹង​ពី​សំណាក់​សាធារណរដ្ឋ​​ប្រជាមានិត​ ចិន។
 
និយាយ​សរុប​ជារួមមកវិញ សង្រ្គាម ដែល​គេ​ឲ្យ​ឈ្មោះ​ថា សង្រ្គាមវៀតណាម មាន​ជាប់ពាក់ព័ន្ធ​យ៉ាងជ្រៅ​ជាមួយ​នឹង​កម្ពុជា។ គិតជាសរុប នៅ​ពេញ​ក្នុង​អំឡុង​សង្រ្គាម​វៀតណាម គ្រាប់បែក​ប្រមាណ​ជា ៥សែន​​តោន ត្រូវ​បាន​អាមេរិក​ទម្លាក់​លើ​កម្ពុជា ហើយ​​ប្រជាជន​កម្ពុជា​ប្រមាណ​ពី ៥ម៉ឺន ទៅ ១៥ម៉ឺននាក់ ត្រូវ​បាត់បង់​ជីវិត​ដោយ​ការ​ទម្លាក់គ្រាប់បែក​នេះ។ ការប្រទាញប្រទង់គ្នា​ក្នុង​សង្រ្គាម​វៀតណាម​នេះ​ក៏​ជា​ដើមហេតុ​ដ៏សំខាន់​មួយ ​ដែរ​ដែល​បាន​រុញច្រាន​កម្ពុជា​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ភ្នក់ភ្លើង​នៃ​​ សង្រ្គាម​ស៊ីវិល​ ដែល​អូសបន្លាយពេល​ជាច្រើន​ឆ្នាំ​ក្រោយៗ​មក​ទៀត៕