សង្រ្គាមវៀតណាម៖ ចលនាប្រឆាំងនឹងសង្រ្គាម
ចលនាប្រឆាំងនឹងអន្តរាគមន៍យោធាអាមេរិកនៅវៀតណាមបានចាប់កំណើតឡើង
តាំងពីពេលសង្រ្គាមទើបនឹងផ្ទុះឡើងភ្លាម ដោយដុះពន្លកដំបូងចេញពីចលនានិស្សិតអាមេរិក
ដែលមាននិន្នាការឆ្វេងនិយម។ ក៏ប៉ុន្តែ នៅពេលនោះ ចលនាប្រឆាំងនឹងសង្រ្គាមវៀតណាមនេះ
គ្រាន់តែជាសំឡេងភាគតិចតែប៉ុណ្ណោះ នៅអាមេរិក។ ប្រជាជនអាមេរិកភាគច្រើននាំគ្នាគាំទ្រអន្តរាគមន៍យោធាអាមេរិកនៅ
វៀតណាម ដោយសារតែពួកគេយល់ថា វាជារឿងចាំបាច់ ដើម្បីការពារលទ្ធិប្រជាធិបតេយ្យទល់នឹងពួកកុម្មុយនិស្ត។
ក៏ប៉ុន្តែ បន្តិចម្តងៗ នៅពេលដែលសង្រ្គាមវៀតណាមត្រូវអូសបន្លាយពេលកាន់តែយូរ
ចំណាយអាយុជីវិតទាហានអាមេរិក និងថវិកាកាន់តែច្រើន ហើយព័ត៌មានស្តីពីការស្លាប់ជនស៊ីវិលស្លូតត្រង់ចេះតែលេចឮជាហូរហែរ
ចលនាប្រឆាំងនឹងសង្រ្គាមវៀតណាមក៏បានរីករាលដាលចេញពីមជ្ឈដ្ឋាន សកលវិទ្យាល័យ
ទៅជាចលនាប្រឆាំងទ្រង់ទ្រាយធំ នៅទូទាំងសហរដ្ឋអាមេរិកទាំងមូល។
មានកត្តាដ៏សំខាន់មួយ ដែលធ្វើឲ្យចលនាប្រឆាំងនឹងសង្រ្គាមវៀតណាមរីកដុះដាលនៅក្នុង
មជ្ឈដ្ឋាននិស្សិតអាមេរិក នោះគឺកាតព្វកិច្ចយោធា ពោលគឺ ការតម្រូវឲ្យយុវជនចូលធ្វើទាហាន
ហើយកេណ្ឌយកទៅច្បាំងនៅវៀតណាម។ បន្ថែមពីលើនេះទៅទៀត
ការបើកចំហនូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ លំហូរដោយសេរីនៃសារព័ត៌មាន បូករួមជាមួយនឹងការរីកដុះដាលនៃចលនាទាមទារសិទ្ធិពលរដ្ឋរបស់ពួកស្បែក
ខ្មៅអាមេរិក សុទ្ធសឹងជាកត្តាសំខាន់ៗ ដែលធ្វើឲ្យចលនាប្រឆាំងនឹងសង្រ្គាមវៀតណាមត្រូវរីករាលដាលនៅសហរដ្ឋ
អាមេរិក។
![]() |
បាតុកម្មប្រឆាំងនឹងសង្រ្គាមវៀតណាម នៅរដ្ឋធានីវ៉ាស៊ីងតោន សហរដ្ឋអាមេរិក ថ្ងៃទី២១ ខែតុលា ឆ្នាំ១៩៦៧ |
គិតត្រឹម១៩៦៧ ចំនួនកងទ័ពអាមេរិកដែលត្រូវបញ្ជូនទៅច្បាំងនៅវៀតណាមបានកើនឡើង
ដល់ជិតកន្លះលាននាក់, ចំនួនកងទ័ពអាមេរិកដែលស្លាប់ក្នុងសង្រ្គាមបានកើនឡើងដល់ទៅជាង ១ម៉ឺន៥ពាន់នាក់
ហើយរបួសរហូតដល់ទៅជិត១១ម៉ឺននាក់, ថវិកាដែលត្រូវចំណាយក្នុងការធ្វើសង្រ្គាមបានកើនឡើងដល់ទៅប្រមាណជា
២៥ពាន់លានដុល្លារក្នុងមួយឆ្នាំ ហើយចំនួនអ្នកជាប់កាតព្វកិច្ចយោធានិងដែលអាចត្រូវបញ្ជូនទៅច្បាំង
នៅវៀតណាមបានកើនឡើងដល់ទៅ៤ម៉ឺននាក់ក្នុងមួយខែ។ នៅពេលនោះហើយដែលចលនាប្រឆាំងនឹងសង្រ្គាមវៀតណាមចាប់ផ្តើមផ្ទុះឡើង
ខ្លាំង។
អ្នកដែលធ្លាប់ជឿថា
អន្តរាគមន៍យោធារបស់អាមេរិកនៅវៀតណាម គឺជារឿងត្រឹមត្រូវ
ដើម្បីការពារលទ្ធិប្រជាធិបតេយ្យ ទល់នឹងរបបកុម្មុយនិស្តផ្តាច់ការ ក៏នាំគ្នាបាត់បង់ជំនឿ
ដោយសារតែគេមើលឃើញថា របបដឹកនាំវៀតណាមខាងត្បូង ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកនោះ
ក៏មិនមែនជារបបប្រជាធិបតេយ្យសេរីនោះដែរ តែតាមពិតមេដឹកនាំវៀតណាមខាងត្បូង ក៏ជាមេដឹកនាំឃោរឃៅផ្តាច់ការដូចតែគ្នា
ហើយអាក្រក់ជាងរបបកុម្មុយនិស្តវៀតណាមខាងជើងទៅទៀតនោះ គឺរដ្ឋាភិបាលវៀតណាមខាងត្បូងជារដ្ឋាភិបាល
ដែលពោរពេញទៅដោយអំពើ ពុករលួយ និងអសមត្ថភាពក្នុងការចាត់ចែងកិច្ចការប្រទេស ជាតិ។
នៅខែមេសា ឆ្នាំ១៩៦៧ លោក Martin Luther King មេដឹកនាំចលនាទាមទារសិទ្ធិជនជាតិអាមេរិកស្បែកខ្មៅបានចេញមុខជា
សាធារណៈប្រឆាំងនឹងអន្តរាគមន៍យោធាអាមេរិកនៅវៀតណាម។ សំឡេងរបស់លោក
Martin Luther King បានទាក់ទាញជនជាតិអាមេរិកស្បែកខ្មៅជាច្រើនឲ្យចូលរួមក្នុងចលនា
ប្រឆាំងនឹងសង្រ្គាមវៀតណាម។ ជនជាតិអាមេរិកស្បែកខ្មៅ ដែលមានច្រើនត្រូវជាប់កាត្វកិច្ចយោធា
ហើយត្រូវស្លាប់ និងរបួសជាច្រើននៅក្នុងសង្រ្គាមវៀតណាម។
![]() |
លោក Martin Luther King នៅពេលថ្លែងសន្ទុរកថាប្រឆាំងនឹងសង្រ្គាមវៀតណាម នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៦៧ |
នៅថ្ងៃទី២១ ខែតុលា ឆ្នាំ១៩៦៧ បាតុកម្មដ៏ធំមួយបានផ្ទុះឡើងនៅរដ្ឋធានីវ៉ាស៊ីងតោន
ដោយបាតុករប្រមាណជា១០ម៉ឺននាក់បានមកប្រមូលផ្តុំគ្នានៅឯ Lincoln Memorial ដើម្បីធ្វើការតវ៉ាប្រឆាំងនឹងសង្រ្គាមវៀតណាម។
ក្នុងចំណោមនោះ មានបាតុករប្រមាណជា ៣ម៉ឺននាក់ បាននាំគ្នាដើរដង្ហែក្បួនទាំងយប់
ឆ្ពោះទៅកាន់មន្ទីរប៉ង់តាហ្គោន រហូតដល់មានការប៉ះទង្គិចគ្នាដោយហិង្សាជាមួយនឹងទាហាននិងកងសន្តិសុខ
ហើយបាតុកររាប់រយនាក់ត្រូវបានចាប់ខ្លួន។
នៅដើមឆ្នាំ១៩៦៨
ការស្ទាបស្ទង់មតិមួយបង្ហាញថា ប្រជាជនអាមេរិកប្រមាណជា ៥០%
ប្រឆាំងនឹងនយោបាយរបស់លោកប្រធានាធិបតី Lyndon Johnson នៅវៀតណាម ហើយមានតែ ៣៥%ប៉ុណ្ណោះដែលគាំទ្រ។ ចលនាប្រឆាំងនឹងសង្រ្គាមវៀតណាមក៏បានក្លាយទៅជាបញ្ហានយោបាយ
ផ្ទៃក្នុងអាមេរិកកាន់តែធ្ងន់ធ្ងរ រហូតធ្វើឲ្យលោក Lyndon Johnson ត្រូវបង្ខំចិត្តដកខ្លួនលែងឈរឈ្មោះជាប្រធានាធិបតីសម្រាប់អាណត្តិ ថ្មី។
លោក Richard Nixon បានជាប់ឆ្នោតឡើងមកធ្វើជាប្រធានាធិបតីជំនួសលោក
Lyndon Johnson នៅឆ្នាំ១៩៦៩ ក៏ប៉ុន្តែ ការផ្លាស់ប្តូរប្រធានាធិបតីអាមេរិកនេះមិនបានធ្វើឲ្យចលនាប្រឆាំង
នឹងសង្រ្គាមវៀតណាមត្រូវថមថយចុះនោះទេ ផ្ទុយទៅវិញ មានតែកើនឡើងកាន់តែខ្លាំង ជាពិសេស
គឺនៅក្រោយពេលដែលលោក Richard Nixon សម្រេចពង្រីកប្រតិបត្តិការយោធាចូលទៅឈ្លានពានដល់ទឹកដីកម្ពុជា។
![]() |
លោក រីឆាត និចសុន (Richard Nixon) ប្រធានាធិបតីអាមេរិក នៅក្នុងពេលប្រកាសឲ្យដឹងអំពីការទម្លាក់គ្រាប់បែកលើកម្ពុជា នៅថ្ងៃទី៣០ មេសា ១៩៧០ |
នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧០ លោក Richard Nixon បានចេញមុខលើកញ្ចក់ទូរទស្សន៍ជាតិ
ដោយប្រកាសជាសាធារណៈអំពីប្រតិបត្តិការយោធាអាមេរិកឈ្លានពានទៅលើ ទឹកដីកម្ពុជា
ព្រមទាំងប្រកាសកេណ្ឌទាហានចំនួន ១៥ម៉ឺននាក់បន្ថែមទៀត ដើម្បីពង្រីកសង្រ្គាមនៅវៀតណាម។
ភ្លាមៗក្រោយពីមានសេចក្តីប្រកាសនេះ បាតុកម្មទ្រង់ទ្រាយធំជាច្រើនបានកើតមានឡើងនៅស្ទើរតែគ្រប់កន្លែង
នៅពាសពេញសហរដ្ឋអាមេរិក ជាពិសេស នៅតាមសកលវិទ្យាល័យ។
នៅថ្ងៃទី៤ឧសភា
បាតុកម្មប្រឆាំងនឹងការឈ្លានពានកម្ពុជា ដែលធ្វើឡើងដោយនិស្សិតនៅសកលវិទ្យាល័យ
Kent State រដ្ឋ Ohio
បានរាលដាលទៅជាអំពើហិង្សា ហើយទាហាន (National Guard) ដែលត្រូវបានដាក់ពង្រាយឲ្យទៅទប់ស្កាត់បាតុកម្ម បានបើកការបាញ់ប្រហារទៅលើហ្វូងបាតុករ
ដោយឥតរើសមុខ ដោយបណ្តាលឲ្យនិស្សិត ៤នាក់ ត្រូវបាត់បង់ជីវិត និង៩នាក់ផ្សេងទៀត ត្រូវរងរបួស។
១០ថ្ងៃក្រោយមកទៀត ហេតុការណ៍ស្រដៀងគ្នាបានកើតមានឡើង នៅឯសកលវិទ្យាល័យ Jackson
State ក្នុងរដ្ឋ Mississipi ដោយបាតុករនិស្សិត២នាក់ត្រូវស្លាប់
ដោយការបាញ់បង្រ្កាបពីសំណាក់កងកម្លាំងសមត្ថកិច្ច។
ហេតុការណ៍ទាំងពីរនេះបានដុតបញ្ឆេះចលនាប្រឆាំងនឹងសង្រ្គាមវៀតណាមឲ្យ
ឆេះសន្ធោរសន្ធៅកាន់តែខ្លាំង បង្កឲ្យមានបាតុកម្មហិង្សានៅទូទាំងប្រទេស ហើយសកលវិទ្យាល័យរហូតដល់ទៅជិត៥០០កន្លែងត្រូវបិទទ្វារលែងដំណើរការ
ដោយសារតែបាតុកម្មប្រឆាំងសង្រ្គាម។
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៧១ អតីតទាហានអាមេរិកដែលធ្លាប់ទៅច្បាំងនៅវៀតណាមបាននាំគ្នាយកមេដាយ
ប្រមាណជា ៧០០ ទៅបោះចោលនៅជើងជណ្ដើរវិមានកាពីតូល (វិមានសភាអាមេរិក) ដើម្បីបង្ហាញពីការប្រឆាំងនឹងសង្រ្គាម
ហើយមួយថ្ងៃក្រោយមកទៀត បាតុកម្មដ៏ធំបំផុតមិនធ្លាប់មាន បានផ្ទុះឡើងនៅក្នុងរដ្ឋធានីវ៉ាស៊ីងតោន
ដោយបាតុករប្រមាណ ៥០ម៉ឺននាក់ បាននាំគ្នាដើរដង្ហែក្បួនទាមទារឲ្យអាមេរិកដកទ័ពចេញពីវៀតណាម។
ចលនាប្រឆាំងនឹងសង្រ្គាមវៀតណាមនេះចេះតែបន្តកើតមានរហូតទាល់តែអាមេរិកដកកងទ័ពចេញពី វៀត ណាម
នៅឆ្នាំ១៩៧៣៕