សង្រ្គាមវៀតណាម៖ ដំណើរការចរចាសន្តិភាព
ការចរចា
រវាងអាមេរិក និងវៀតណាមខាងជើងបានចាប់ផ្តើមធ្វើ តាំងពីឆ្នាំ១៩៦៨ នៅក្រោយពេលដែលរដ្ឋាភិបាលអាមេរិកមើលឃើញថាសង្រ្គាមនៅឥណ្ឌូចិននេះ
អូសបន្លាយពេលយូរហួសពីការរំពឹងទុក និងជាពិសេស នៅក្រោយពីចលនាប្រឆាំងនឹងសង្រ្គាមបានរីកដុះដាលខ្លាំង
នៅផ្ទៃក្នុងប្រទេសអាមេរិកខ្លួនឯងផ្ទាល់។
នៅដើមឆ្នាំ១៩៦៨
នៅក្នុងអំឡុងរដូវបុណ្យចូលឆ្នាំវៀតណាម កងទ័ពកុម្មុយនិស្តវៀតណាមខាងជើងនិងក្រុមឧទ្ទាមវៀតកុងបានបើក
ប្រតិបត្តិការយោធាទ្រង់ទ្រាយធំមួយ ដែលគេឲ្យឈ្មោះថា “យុទ្ធនាការវាយលុកបុណ្យចូលឆ្នាំ” (Tet Offensive)
ដោយកងកម្លាំងកុម្មុយនិស្តប្រមាណ ៧ម៉ឺននាក់ ក្រោមបញ្ជារបស់ឧត្តមសេនីយ៍
វ៉ូ ង្វៀន ចាប់ (Vo Nguyen Giap) បានបើកការវាយប្រហារព្រមៗគ្នា
ទៅលើទីតាំងសំខាន់ៗជាង ១០០កន្លែង នៅក្នុងទឹកដីវៀតណាមខាងត្បូង។
បើនិយាយពីតាក់ទិកទ័ព យុទ្ធនាការវាយលុកបុណ្យចូលឆ្នាំនេះត្រូវទទួលបរាជ័យយ៉ាងដំណំ
ដោយកងទ័ពកុម្មុយនិស្តត្រូវបានកងទ័ពវៀតណាមខាងត្បូង និងកងទ័ពអាមេរិកវាយបកឲ្យបែកខ្ចាត់ខ្ចាយ
ព្រមទាំងត្រូវទទួលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត។ ក៏ប៉ុន្តែ ទោះជាយ៉ាងនេះក៏ដោយ
យុទ្ធនាការវាយលុកបុណ្យចូលឆ្នាំ គឺជាចំណុចរបត់ដ៏សំខាន់មួយ
នៅក្នុងសង្រ្គាមវៀតណាម ដែលគេអាចនិយាយបានថាវៀតណាមកុម្មុយនិស្តចាញ់លើសមរភូមិតែបោះជំហានទៅរកជោគជ័យនៃសង្រ្គាម។
![]() |
លោកហិនរី ឃីស៊ីងហ្គ័រ(ស្តាំ) និងលោកឡេ ឌឹកថូ នៅក្នុងពេលចរចាលើកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់សង្រ្គាមវៀតណាម |
នៅទីក្រុងវ៉ាស៊ីងតោន ដោយមើលឃើញពីកម្លាំងទ័ពនិងភាពប្តូរផ្តាច់របស់ទាហានកុម្មុយនិស្ត
វៀតណាម នៅក្នុងយុទ្ធនាការវាយលុកបុណ្យចូលឆ្នាំ លោកប្រធានាធិបតី Lyndon Johnson បានទាញនូវក្តីសន្និដ្ឋានមួយថា
កងទ័ពអាមេរិកនៅវៀតណាមមិនអាចយកឈ្នះលើកងកម្លាំងកុម្មុយនិស្តក្នុង ពេលឆាប់ៗដូចការរំពឹងទុកកាលពីមុននោះទេ។
ដោយសារតែមានចលនាប្រឆាំងនឹងសង្រ្គាម ដែលកាន់តែរីកដុះដាលខ្លាំង ហើយប្រជាប្រិយភាពក៏ត្រូវធ្លាក់ចុះយ៉ាងខ្លាំងផងនោះ
លោក Lyndon Johnson ក៏បានសម្រេចដកខ្លួនលែងឈរឈ្មោះជាប្រធានាធិបតសម្រាប់អាណត្តិថ្មី
ហើយសន្យាថានឹងចំណាយពេលសេសសល់នៃអាណត្តិរបស់លោក ដើម្បីស្វែងរកសន្តិភាពបញ្ចប់សង្រ្គាមនៅវៀតណាម។
លោក Lyndon Johnson បានចេញបញ្ជាឲ្យបញ្ឈប់ការទម្លាក់គ្រាប់បែកនៅផ្នែកខ្លះនៃទឹកដី
វៀតណាមខាងជើង ដើម្បីជាការបើកផ្លូវឲ្យមានការចរចាសន្តិភាព។ សំណើចរចារបស់អាមេរិកត្រូវបានមេដឹកនាំក្រុងហាណូយឆ្លើយតបជា
វិជ្ជមាន ហើយការចរចា រវាងអាមេរិក និងវៀតណាមខាងជើងក៏ចាប់បើកធ្វើ នៅក្នុងទីក្រុងប៉ារីស
នៅខែឧសភា ឆ្នាំ១៩៦៨។ ក៏ប៉ុន្តែ ដំណើរការចរចានេះបានធ្វើឡើងដោយយឺតយ៉ាវបំផុត
ដោយត្រូវជាប់គាំងជាច្រើនលើក ហើយអូសបន្លាយពេលជាច្រើនខែ រហូតដល់លោក
Lyndon Johnson ត្រូវផុតអាណត្តិ នៅចុងឆ្នាំ១៩៦៨។
នៅពេលដែលលោក Richard Nixon ឡើងមកកាន់តំណែងជាប្រធានាធិបតីអាមេរិក
ជំនួសលោក Lyndon Johnson នៅខែមករា ឆ្នាំ១៩៦៩ អាមេរិកនៅតែបន្តប្រកាន់ជំហរចង់បញ្ចប់សង្រ្គាមវៀតណាមតាមរយៈការចរចា
ក៏ប៉ុន្តែ លោក Richard Nixon បានដាក់ចេញនូវយុទ្ធសាស្រ្តមួយ
គឺបង្កើនប្រតិបត្តិការយោធានៅលើសមរភូមិ ដើម្បីយកប្រៀបនៅលើតុចរចា។
នៅខែសីហាឆ្នាំ១៩៦៩ ទន្ទឹមនឹងដំណើរការចរចាដោយចំហនៅទីក្រុងប៉ារីស
អាមេរិក និងវៀតណាមខាងជើងបានបើកការចរចាដោយសម្ងាត់ គឺកិច្ចចរចា រវាងលោកហិនរី
ឃីស៊ីងហ្គ័រ (Henry
Kissinger) ទីប្រឹក្សាសន្តិសុខជាតិរបស់លោក Richard
Nixon និងលោកឡេ ឌឹកថូ (Le Duc Tho) រដ្ឋមន្រ្តីការបរទេសវៀតណាមខាងជើង
និងជាសមាជិកគណៈអចិន្រ្តៃយ៍នៃបក្សកុម្មុយនិស្តវៀតណាម។ ក្នុងពេលជាមួយគ្នានោះ
លោក Richard Nixon ចេញបញ្ជាឲ្យកងទ័ពអាមេរិកពង្រីកប្រតិបត្តិការយោធាចូលឈ្លានពានក្នុង
ទឹកដីកម្ពុជា ក្នុងគោលដៅតាមកម្ទេចទីតាំងវៀតកុង ដែលតាំងពីពេលផ្ទុះសង្រ្គាមមក
បានយកទឹកដីកម្ពុជាធ្វើជាទីជម្រក ដើម្បីធ្វើការវាយឆ្មក់ទៅលើកងទ័ពអាមេរិក
និងកងទ័ពវៀតណាមខាងត្បូង។
ការសម្រេចចូលឈ្លានពានកម្ពុជា ត្រូវបានអ្នកប្រវត្តិសាស្រ្តជាទូទៅចាត់ទុកថាជាកំហុសឆ្គងដ៏ធំមួយ
របស់លោក Richard Nixon នៅក្នុងសង្រ្គាមវៀតណាម ព្រោះវាបានដុតបញ្ឆេះចលនាប្រឆាំងនឹងសង្រ្គាម
ដែលកំពុងតែមានសន្ទុះខ្លាំងស្រាប់ ឲ្យកាន់តែឆេះសន្ធោរសន្ធៅខ្លាំងឡើងថែមទៀត។
ចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧០
នៅពេលដែលលោក Richard Nixon ប្រកាសឲ្យដឹងជាសាធារណៈ អំពីប្រតិបត្តិការឈ្លានពានកម្ពុជា បាតុកម្មប្រឆាំងនឹងសង្រ្គាមបានកើតមានឡើងជាប់ជាប្រចាំ
ដោយមានអ្នកចូលរួមរាប់លាននាក់នៅទូទាំងសហរដ្ឋអាមេរិក រហូតបង្កឲ្យមានអំពើហិង្សា
សាលារៀនត្រូវបិទទ្វារ ហើយនិស្សិតជាច្រើននាក់ត្រូវស្លាប់
និងរបួសនៅក្នុងហេតុការណ៍បាញ់បង្រ្កាបបាតុកម្ម។
ចលនាប្រឆាំងនឹងសង្រ្គាមនេះ មិនត្រឹមតែជាសម្ពាធនយោបាយដ៏ធ្ងន់ដល់លោក
Richard Nixon នៅឯរដ្ឋធានីវ៉ាស៊ីងតោនប៉ុណ្ណោះទេ
តែវាក៏ជាសម្ពាធផ្លូវចិត្តដ៏ធ្ងន់ធ្ងរផងដែរ ដល់ទាហាន ដែលកំពុងច្បាំងនៅលើសមរភូមិ។
នៅពេលដែលដឹងថា សង្រ្គាមដែលខ្លួនកំពុងតែច្បាំងដោយត្រូវប្រថុយអាយុជីវិតតែគ្មាន
ការគាំទ្រពីប្រជាជន ទាហានអាមេរិកក៏នាំគ្នាបាក់ទឹកចិត្តក្នុងការច្បាំង ហើយនៅពេលដែលចលនាប្រឆាំងកាន់តែកើនឡើង
ហេតុការណ៍ទាហានរត់ចោលជួរ កូនទាហានបាញ់សម្លាប់មេបញ្ជាការខ្លួនឯង
ទាហានប្រើប្រាស់ថ្នាំញៀន ព្រមទាំងវិបត្តិផ្លូវចិត្តក៏កើតមានឡើងកាន់តែច្រើន
នៅក្នុងជួរកងទ័ពអាមេរិក ដែលកំពុងឈរជើងនៅវៀតណាម។ ចំណែកឯប្រទេសសម្ព័ន្ធមិត្តអាមេរិក
ដែលចូលរួមធ្វើសង្រ្គាមនៅវៀតណាមក៏ត្រូវបាក់ទឹកចិត្ត ដោយអូស្រ្តាលី និងនូវែលសេឡង់
បាននាំគ្នាដកកងទ័ពចេញពីវៀតណាម នៅឆ្នាំ១៩៧១។
នៅទីបំផុតទៅ នយោបាយរបស់លោក Richard Nixon មិនត្រឹមតែមិនអាចយកប្រៀបលើវៀតណាមខាងជើងនៅលើតុចរចាប៉ុណ្ណោះទេ
តែបែរជាត្រូវចាញ់ប្រៀបទៅវិញ ដោយត្រូវត្រូវបង្ខំចិត្តធ្វើសម្បទានយ៉ាងច្រើនទៅតាមការទាមទាររបស់
វៀតណាមខាងជើង ធ្វើយ៉ាងណាឲ្យតែអាចបញ្ចប់សង្រ្គាម ហើយអាចដកកងទ័ពចេញពីវៀតណាមឲ្យបានឆាប់។
នៅថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៧៣
កិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះ នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង
ហើយប្រមាណជា ៧ខែក្រោយមក អាមេរិកក៏បានដកកងទ័ពស្ទើរតែទាំងអស់ចេញពីវៀតណាម
ក៏ប៉ុន្តែ សង្រ្គាមនៅតែបន្តកើតមាន រហូតដល់ឆ្នាំ១៩៧៥៕