Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

សង្រ្គាមវៀតណាម៖ អាមេរិកដកទ័ព កុម្មុយនិស្តវាយចូលកាន់កាប់ វៀតណាមខាងត្បូង

កិច្ចព្រមព្រៀង ដែល​ភាគីជម្លោះ​ក្នុង​សង្រ្គាម​វៀតណាម​បាន​ចុះហត្ថលេខា នៅ​ថ្ងៃ​ទី២៧ ខែមករា ឆ្នាំ​១៩៧៣ ត្រូវបាន​គេ​ឲ្យឈ្មោះ​ថា កិច្ចព្រមព្រៀង​ស្តីពី​ការ​បញ្ចប់​សង្រ្គាម​និង​ស្តារឡើងវិញ​នូវ​ សុខសន្តិភាព​នៅ​វៀតណាម ក៏ប៉ុន្តែ កិច្ចព្រមព្រៀង​នេះ​មិនបាន​បិទបញ្ចប់​សង្រ្គាម​វៀតណាម​នោះទេ។ សង្រ្គាម​ត្រូវ​បាន​បញ្ចប់​តែ​រវាង​វៀតណាម​ខាងជើង និង​សហរដ្ឋ​អាមេរិក​តែប៉ុណ្ណោះ។ រីឯ​សង្រ្គាម​​រវាង​វៀតណាម​ទាំងពីរ​នៅតែ​បន្ត​ដោយ​គ្មាន​ដំណោះស្រាយ។

សកម្មភាព​ជម្លៀស​បុគ្គលិក CIA ពី​ទីក្រុង​សៃហ្កន នៅថ្ងៃ​ទី២៩ ខែមេសា ឆ្នាំ​១៩៧៥
 
តាមការពិត កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ឆ្នាំ​១៩៧៣​នេះ ក៏​​មិនខុស​ពី​កិច្ចព្រមព្រៀង​ក្រុង​ហ្សឺណែវ កាល​ពីឆ្នាំ​១៩៥៤ នៅក្រោយ​សង្រ្គាម​ឥណ្ឌូចិន​លើកទី១​នោះដែរ គឺ​​មិនបាន​ចែងច្បាស់លាស់ អំពី​ដំណោះស្រាយ​ជម្លោះ​ផ្ទៃក្នុង​វៀតណាម​នោះទេ ដោយ​បាន​ត្រឹមតែ​ចែង​ថា វៀតណាម​ទាំងពីរ​នឹង​បន្ត​ចរចាគ្នា ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ចប់ជម្លោះ​ដោយ​សន្តិវិធី។ លើសពីនេះ​ទៅទៀត កិច្ចព្រមព្រៀង​នេះ​​បាន​ចែងតម្រូវ​ឲ្យតែ​ខាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ សម្ព័ន្ធមិត្ត​ផ្សេងទៀត​​ប៉ុណ្ណោះ ដែល​ត្រូវ​ដកកងទ័ព​ទាំងអស់​ចេញ​ពី​វៀតណាម ចំណែក​ឯ​កងទ័ព​វៀតណាម​ខាងជើង​វិញ​នៅតែ​អាច​បន្ត​ឈរជើង​នៅ​ក្នុង​ទឹកដី​ វៀតណាម​ខាង​ត្បូងបាន​ដូចពីមុន​ដដែល ពោលគឺ ផ្ទុយស្រឡះទាំងស្រុង​ពី​អ្វី​ដែល​អាមេរិក និង​វៀតណាម​ខាង​ត្បូង​ធ្លាប់បាន​ទាមទារ​កាល​ពីដើមដំបូង គឺ​ទាមទារ​ឲ្យ​មាន​ការ​ដកទ័ព​ទាំងសងខាង​ក្នុងពេល​ជាមួយគ្នា។

ចន្លោះប្រហោងដ៏ធំ​ត្រង់ចំណុច​ទាំងពីរ​នេះ គឺ​ជា​លទ្ធផល​នៃ​សម្បទាន​ដ៏ច្រើន​លើសលុប​របស់​រដ្ឋាភិបាល​លោក Richard Nixon ដែល​នៅពេលនោះ​មាន​អាទិភាព​តែមួយគត់ គឺ​ធ្វើ​យ៉ាងណា​ឲ្យ​អាមេរិក​អាច​ដកខ្លួន​ចេញ​ពី​សង្រ្គាម​វៀតណាម​ឲ្យ​បាន​ ឆាប់។ នៅក្នុង​ការ​សម្រេច​ធ្វើ​សម្បទាន​ដ៏ច្រើន​លើសលុប​ ហើយ​ដែល​អាច​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ជោគវាសនា​របស់​វៀតណាម​ខាង​ត្បូង​នេះអាមេរិក​ក៏​មិនបាន​សួរយោបល់​រដ្ឋាភិបាល​ក្រុង​សៃហ្កន​នោះដែរ គឺ​ធ្វើ​ឡើង​ដោយ​ស្ងាត់​តែពីរនាក់ នៅ​ក្នុង​ការចរចា​សម្ងាត់ រវាង​លោក​ហិនរី ឃីស៊ីងហ្គ័រ និង​លោក​ឡេ ឌឹកថូ។

តាមការពិត ពីដំបូង លោក​ង្វៀន វ៉ាន់ធៀវ (Nguyen Van Thieu) ប្រធានាធិបតី​វៀតណាម​ខាង​ត្បូង​​បាន​បដិសេធ​ដាច់ខាត​ថា លោក​​មិនព្រម​ទទួល​យក​កិច្ចព្រមព្រៀង ដែល​អនុញ្ញាត​ឲ្យ​កងទ័ព​វៀតណាម​ខាងជើង​បន្ត​បោះទីតាំង​ក្នុងទឹកដី​វៀតណាម​ ខាង​ត្បូង​បែបនេះទេ។ ក៏ប៉ុន្តែ ដោយសារ​តែ​​ត្រូវ​ទទួល​រងសម្ពាធ​ខ្លាំង​ពី​អាមេរិក វៀតណាម​ខាង​ត្បូង​ក៏​បង្ខំចិត្ត​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ ដោយ​លោក Richard Nixon បាន​សន្យា​ដោយផ្ទាល់​ជាមួយ​លោក​ង្វៀន វ៉ាន់ធៀវ ថា អាមេរិក​នឹង​បញ្ជូន​កងទ័ព​ឲ្យ​វិលត្រឡប់​មក​ជួយវៀតណាម​ខាង​ត្បូងវិញ ប្រសិនបើ​មានការ​វាយប្រហារ​ពី​សំណាក់​វៀតណាម​ខាងជើង។ ពាក្យ​សន្យា ដែល​អាមេរិក​មិន​ដែល​គោរពតាម។

ក្រោយ​ពី​ចុះកិច្ចព្រមព្រៀង​ក្រុងប៉ារីស នៅខែមករា ឆ្នាំ​១៩៧៣ សហរដ្ឋ​អាមេរិក និង​វៀតណាម​ខាងជើង​បាន​ចាប់ផ្តើម​អនុវត្តនូវ​កាតព្វកិច្ចរៀងៗខ្លួន៖ បទឈប់បាញ់​បាន​ចូល​ជាធរមាន វៀតណាមខាងជើង​ដោះលែង​ឈ្លើយសឹក​អាមេរិក​ទាំង​ជិត ៦០០នាក់ ចំណែក​ឯ​សហរដ្ឋ​អាមេរិកវិញ​បាន​ចាប់ផ្តើម​ដក​កងទ័ព​ចេញ​ពីវៀតណាម។ គិតត្រឹមខែ​សីហា​ កងទ័ព​អាមេរិក​ស្ទើរតែ​ទាំងអស់​ត្រូវ​បាន​ដកចេញ​ពី​វៀតណាម ដោយ​ទុកតែ​កងម៉ារីន​មួយក្រុមតូចប៉ុណ្ណោះ ដើម្បី​រក្សា​សន្តិសុខ​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​សៃហ្កន។

រវាង​វៀតណាម​ខាងជើង និង​វៀតណាម​ខាង​ត្បូង​វិញ មិនមាន​ភាគី​ណាមួយ​មាន​ឆន្ទៈ​អនុវត្ត​កិច្ចព្រមព្រៀង​​ក្រុង​ប៉ារីស​នេះ​ទេ។ នៅពេល​ដែល​អាមេរិក​ដក​កងទ័ព​ទាំងអស់​ចេញ​ពី​វៀតណាម​ខាងត្បូង វៀតណាម​ទាំងពីរ​ចាប់ផ្តើម​ពង្រឹង​កម្លាំង​​រៀងៗខ្លួន ដើម្បី​បន្ត​ធ្វើ​សង្រ្គាម​ ក្នុងគោលដៅ​យកជ័យជម្នះ​លើ​គូសត្រូវ​តាមរយៈកម្លាំង​ទ័ព។

មិនយូរ​ប៉ុន្មាន​ ការវាយប្រយុទ្ធគ្នា​ រវាង​ប្រទេស​ទាំងពីរ​ក៏​បាន​ចាប់ផ្តើម​ឡើងវិញ ដោយ​ភាគី​ម្ខាងៗ​ចោទគ្នា​ទៅវិញ​ទៅមក​ថា​ជា​អ្នក​រំលោភ​បទឈប់បាញ់មុន។ ហើយ​នៅ​ដើមឆ្នាំ​១៩៧៤ ប្រធានាធិបតី​វៀតណាម​ខាង​ត្បូង​បាន​ប្រកាស​ជា​សាធារណៈ​ថា កិច្ចព្រមព្រៀង​ក្រុងប៉ារីស ឆ្នាំ​១៩៧៣ លែង​មាន​សុពលភាព​តទៅទៀត​ហើយៗ សង្រ្គាម​​ជាមួយ​វៀតណាម​ខាងជើង​ត្រូវ​ចាប់ផ្តើម​ឡើងវិញ​ជាផ្លូវការ។

នៅ​ទីក្រុង​ហាណូយ មេដឹកនាំ​កុម្មុយនិស្ត​បាន​ប្រជុំគ្នា​រៀបចំ​គម្រោងការណ៍ វាយ​លុក​ចូល​កាន់កាប់​ក្រុង​សៃហ្កន ដើម្បី​ផ្តួលរំលំ​របបសាធារណរដ្ឋ​វៀតណាម។ នៅ​ក្នុង​អំឡុង​ពេលនោះ ដោយ​អាមេរិក​ដកទ័ព​ទាំងអស់​ចេញ​ពីវៀតណាម ហើយ​ប្រតិបត្តិការ​ទម្លាក់គ្រាប់បែក​របស់​អាមេរិក​ក៏​លែង​មាន ពួកកុម្មុយនិស្ត​ក៏​ចាប់ផ្តើម​ជួសជុល​និង​កែលម្អ​ឡើងវិញ នូវ​ផ្លូវ​ដឹកជញ្ជូន ជាពិសេស ផ្លូវលំ​ហូជីមិញ ព្រមទាំង​​ពង្រឹង​ឡើងវិញ​មូលដ្ឋាន​ទ័ព​របស់​ខ្លួន​ទាំងនៅ​ក្នុង​ទឹកដី​ វៀតណាម​ខាង​ត្បូង និង​ទាំង​នៅ​ក្នុង​តំបន់​ព្រំដែន​ក្នុង​ទឹកដីកម្ពុជា និង​ឡាវ។ ក៏ប៉ុន្តែ នៅពេលនោះ មេដឹកនាំ​កុម្មុយនិស្ត​វៀតណាម​នៅមាន​ការ​ញញើតញញើម​មិនទាន់​ហ៊ាន​បើក​ ការវាយលុក​ទៅលើ​រដ្ឋធានី​របស់​វៀតណាម​ខាង​ត្បូង​នៅឡើយ ដោយ​សារ​តែ​លោក​ប្រធានាធិបតី​និចសុន​ បាន​ប្រកាស​ជាសាធារណៈ​ថា អាមេរិក​នឹង​បញ្ជូន​ទ័ព​ឲ្យ​មក​វៀតណាមវិញ ប្រសិនបើ​ពួក​កុម្មុយនិស្ត​ហ៊ាន​វាយលុក​ចូល​ឈ្លានពាន​វៀតណាម​ខាង​ត្បូង។
ក៏ប៉ុន្តែ នៅ​ខែ​សីហា ឆ្នាំ​១៩៧៤ លោក​និចសុន​ដែល​ជាប់រឿង​អាស្រូវ Watergate បាន​ចុះចេញ​ពី​តំណែង ហើយ​លោក​ជេរ៉ាល ហ្វ័រដ (Gerald Ford) ដែល​ជា​អនុប្រធានាធិបតី​បាន​ឡើង​មក​កាន់តំណែង​ជំនួស​លោក​និចសុន។ ប្រមាណ​ជា ៤ខែ​ក្រោយមក នៅ​ខែធ្នូ ឆ្នាំ​១៩៧៤ ដោយ​ចង់​ធ្វើ​តេស្តមើល​ពី​ប្រតិកម្ម​​របស់​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក កងទ័ព​វៀតណាម​ខាងជើង​បាន​បើក​ប្រតិបត្តិការ​ធំបង្គួរមួយ ដោយ​ចាប់ផ្តើម​ចេញ​ពី​ទឹកដី​កម្ពុជា ហើយ​កាន់កាប់​ខេត្ត​មួយ​របស់​​វៀតណាម​ខាង​ត្បូង។
 
ជនភៀសខ្លួន​វៀតណាម ដែល​អាមេរិក​ជម្លៀស​ចេញ​ពី​វៀតណាម​ខាង​ត្បូង ចុះចត​នៅលើ​នាវាចម្បាំង​អាមេរិក
 
នៅ​រដ្ឋធានីវ៉ាស៊ីងតោន លោកជេរ៉ាល ហ្វ័រដ មិនត្រឹមតែ​មិន​បញ្ជូន​ទ័ព​ឲ្យ​ចូល​មក​ជួយ​វៀតណាម​ខាង​ត្បូង​តាម​ការសន្យា​ របស់​លោក​និចសុន​នោះទេ ក៏ប៉ុន្តែ សូម្បីតែ​ជំនួយ​ហិរញ្ញវត្ថុ និង​បរិក្ខា​យោធា​ក៏​​រដ្ឋាភិបាល​អាមេរិក​មិន​អាច​បញ្ជូន​ទៅ​ឲ្យ​វៀតណាម​ខាង ​ត្បូង​បានដែរ ដោយសារ​តែ​មាន​ការ​ជំទាស់​ពី​សំណាក់​សភា​ទាំងពីរ។ ចាប់ពីពេលនោះ​មក គេ​អាច​និយាយ​បាន​ថា អាមេរិក​បាន​បោះបង់​ចោល​វៀតណាម​ខាង​ត្បូង​ដែល​ជា​សម្ព័ន្ធមិត្ត​ឲ្យ​ ប្រឈមមុខ​នឹង​វៀតណាម​ខាងជើង​តែ​ម្នាក់ឯង។

នៅ​ទីក្រុង​ហាណូយ ឡេ ហ្ស័ន លេខា​បក្ស​កុម្មុយនិស្ត​បាន​ប្រាប់​ទៅ​មេបញ្ជាការ​កងទ័ព​វៀតណាម​ខាងជើង​ថា ចាប់តាំង​ពី​ផ្ទុះសង្រ្គាម​​មក នេះគឺ​ជា​លើកដំបូងបង្អស់​ដែល​មាន​លក្ខខណ្ឌ​អំណោយ​ផល​បំផុត ទាំង​ខាង​នយោបាយ យោធា និង​យុទ្ធសាស្រ្ត សម្រាប់​ឲ្យ​វៀតណាម​ខាងជើង​វាយកាន់កាប់​វៀតណាម​ខាង​ត្បូង។ នៅ​ខែ​មីនា ឆ្នាំ​១៩៧៥ កងទ័ព​វៀតណាម​ខាង​ជើង​ក៏​បាន​បើក​ប្រតិបត្តិការ​ផ្តាច់ព្រ័ត វាយលុក​សម្តៅ​កាន់កាប់​រដ្ឋធានី​សៃហ្កន។

នៅថ្ងៃ​ទី២១ ខែមេសា ឆ្នាំ​១៩៧៥ នៅពេលដែល​កងទ័ព​វៀតណាម​ខាងជើង​វាយលុក​ចូល​ទៅដល់​ជាយក្រុង​សៃហ្កន លោក​ប្រធានាធិបតី​ង្វៀន វ៉ាន់ធៀវ បាន​ប្រកាស​លាឈប់​ពីមុខ​តំណែង​ទាំង​ទឹកភ្នែក​ ហើយ​មុននឹង​លោក​រត់គេចខ្លួន​ទៅ​កោះតៃវ៉ាន់ លោក​បាន​ប្រកាស​ថ្កោលទោស​សហរដ្ឋ​អាមេរិក​ថា បាន​​ក្បត់​វៀតណាម​ខាង​ត្បូង បាន​បោកប្រាស់​លោក​ឲ្យ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារិស ដោយសន្យា​បន្ត​ផ្តល់​ជំនួយ​យោធា តែ​មិនគោរព​តាម។

នៅថ្ងៃ​ទី២៩​មេសា អាមេរិក​បាន​ជម្លៀស​មន្រ្តី និង​បុគ្គលិក​ស្ថានទូត​ទាំងអស់​របស់​ខ្លួន​ចេញ​ពី   វៀតណាម​ខាង​ត្បូង ហើយ​មួយថ្ងៃ​ក្រោយមក នៅថ្ងៃ​ទី៣០​មេសា ក្រុង​សៃហ្កន   ​ក៏​ត្រូវ​ធ្លាក់​ក្រោម ​ការកាន់កាប់​របស់​​កងទ័ព​វៀតណាម​ខាងជើង ហើយ​​របបសាធារណរដ្ឋ​វៀតណាម​ខាង​ត្បូង​ក៏​ត្រូវ​ដួលរលំ​ជា​ស្ថាពរ៕