Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

ផលវិបាកដែលបន្សល់ទុកពីសង្រ្គាមវៀតណាម

សង្រ្គាម​វៀតណាម ដែល​បិទបញ្ចប់​ទៅ នៅ​ឆ្នាំ​១៩៧៣ សម្រាប់​សហរដ្ឋ​អាមេរិក និង​នៅ​ខែ​មេសា ឆ្នាំ​១៩៧៥ សម្រាប់​វៀតណាម​ខាងជើង​ និង​វៀតណាម​ខាង​ត្បូង បាន​បន្សល់ទុក​នូវ​ផលវិបាក​​យ៉ាងច្រើន ទាំង​ចំពោះ​វៀតណាម និង​អាមេរិក ទាំង​ប្រទេស​ជាច្រើន​ផ្សេងទៀត ជាពិសេស ប្រទេស​នៅ​ក្នុង​តំបន់​ឥណ្ឌូចិន។

រហូតមកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ អ្នក​ប្រវត្តិសាស្រ្ត​នៅតែ​មិនទាន់​មាន​ការឯកភាពគ្នា​នៅឡើយទេ ជុំវិញ​តួលេខ​អ្នក​ស្លាប់ និង​របួស ដោយសារ​សង្រ្គាមវៀតណាម។ ការសិក្សា​ជាច្រើន​បាន​បង្ហាញ​តួលេខ​ខុសៗគ្នា ដោយសារ​តែ​មាន​ការ​កំណត់ពេល​ខុសគ្នា។ អ្នក​ខ្លះ​កំណត់​យក​ឆ្នាំ​១៩៦៥ ដែល​អាមេរិក​ចាប់ផ្តើម​ចូល​ធ្វើ​អន្តរាគមន៍​យោធា​នៅវៀតណាម​ដោយ​ពេញទំហឹង និង​ដោយ​ចំហ ជា​ចំណុច​ចាប់ផ្តើម​នៃ​សង្រ្គាម​វៀតណាម។ អ្នកខ្លះ​ទៀត កំណត់​យក​ឆ្នាំ​១៩៥៥ ជា​ចំណុច​ចាប់ផ្តើម ដោយសារ​តែ​គេ​គិត​ថា ថ្វីដ្បិត​តែ​អាមេរិក​មិន​ទាន់​ចូល​ធ្វើ​អន្តរាគមន៍​ដោយ​ផ្ទាល់ និង​ជាផ្លូវការ ក៏ប៉ុន្តែ សង្រ្គាម​ក្នុង​ទ្រង់ទ្រាយ​តូចធំ បាន​កើតមានឡើង​នៅ​វៀតណាម​តាំងពីពេល​នោះមកម៉្លេះ។ បញ្ហា​ចោទ​ដ៏ធំមួយ​ទៀត នៅ​ក្នុងការ​កំណត់​ចំនួន​អ្នក​ស្លាប់​ដោយ​សង្រ្គាម​វៀតណាម ជាពិសេស ការ​ស្លាប់​ជនស៊ីវិល គឺ​ដោយសារ​តែ​មាន​ប្រតិបត្តិការ​យោធា​ជាច្រើន​ត្រូវ​បាន​ធ្វើឡើង​ដោយ​ សម្ងាត់។

តាមការ​ប៉ាន់ស្មាន​ជាទូទៅ សង្រ្គាម​វៀតណាម​បាន​សម្លាប់​មនុស្ស​ក្នុង​ចន្លោះ​ប្រមាណ​ពី ២លាន ទៅ​ជាង​​៣លាន​នាក់ ដោយ​ក្នុងនោះ ភាគច្រើន គឺ​ជា​ជនស៊ីវិល។ អ្នក​រងគ្រោះ​ខ្លាំងជាងគេ គឺ​ជនស៊ីវិល​វៀតណាម​ខ្លួនឯង​ផ្ទាល់ ដែល​មាន​ចំនួន​អ្នក​ស្លាប់​រហូតដល់​ទៅ​ប្រមាណ​ជា ២លាននាក់ ទាំង​នៅ​វៀតណាម​ខាងជើង និង​នៅ​វៀតណាម​ខាង​ត្បូង។ ក៏ប៉ុន្តែ ជនស៊ីវិល​នៅ​ក្នុង​ប្រទេស​ពីរទៀត ដែល​នៅ​ក្បែរខាង​ក៏​ត្រូវ​រងគ្រោះ​មិនតិច​នោះដែរ​ដោយសារ​សង្រ្គាម​វៀតណាម គឺ​នៅ​ឡាវ​មាន​​ស្លាប់​​​ប្រមាណ​ជា ២០ម៉ឺននាក់ និង​នៅកម្ពុជា​ប្រមាណ​ជា ៣០ម៉ឺននាក់។

ចំពោះ​សហរដ្ឋ​អាមេរិក សង្រ្គាម​វៀតណាម​ គឺ​ជា​បរាជ័យ​ដ៏សែនជូរចត់​បំផុត​មួយ នៃ​សង្រ្គាម​ត្រជាក់ ហើយ​បរាជ័យ​របស់​អាមេរិក មិនមែន​ត្រឹមតែ​ជា​បរាជ័យ​ខាង​ផ្នែក​យោធា​ប៉ុណ្ណោះទេ តែ​សំខាន់បំផុត គឺ​បរាជ័យ​ខាង​ផ្នែក​នយោបាយ និ​ង​ការទូត។

គេ​មិន​ត្រូវ​ភ្លេចទេ​ថា នៅពេល​ដែល​​មេដឹកនាំ​អាមេរិក​​សម្រេច​​បញ្ជូន​កងទ័ព​ទៅ​ធ្វើ​សង្រ្គាម​​ នៅវៀតណាម ដែល​ស្ថិត​នៅ​ចម្ងាយ​រាប់ពាន់​គីឡូម៉ែត្រ​ពី​ប្រទេស​របស់​ខ្លួន​ គោលដៅ​ធំបំផុត គឺ​ដើម្បី​បណ្តេញ​ពួក​កុម្មុយនិស្ត​ចេញ​ពី​វៀតណាម​ខាង​ត្បូង និង​ទប់ស្កាត់​កុំ​ឲ្យ​ចលនា​កុម្មុយនិស្ត​រីករាលដាល​ទៅ​កាន់​ប្រទេស​ ផ្សេងទៀត នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ ក៏ប៉ុន្តែ ក្រោយ​ពី​ធ្វើ​សង្រ្គាម​អស់រយៈពេល​ជាច្រើន​ឆ្នាំ ចំណាយលុយ​រហូតដល់​ទៅ​ប្រមាណ​ជា ១៣០ពាន់លាន​ដុល្លារ មាន​ទាហាន​ស្លាប់​​ដល់​ទៅ​ជិត ៦ម៉ឺននាក់ និង​រាប់សិបម៉ឺននាក់​ផ្សេងទៀតត្រូវ​របួស នៅ​ទីចុងបំផុត​ទៅ គោលដៅ​ណាមួយ​ក៏​អាមេរិក​មិន​អាច​ សម្រេច​បាន​តាម​ការ​គ្រោង​ទុក​នោះដែរ។
 
ជនជាតិ​វៀតណាម​ខាង​ត្បូង​ដែល​រត់ភៀសខ្លួន​ចេញ​ពី​ប្រទេស នៅ​ក្រោយ​ពេល​កងទ័ព​កុម្មុយនិស្ត​វាយ​ចូល​កាន់កាប់​ក្រុង​សៃហ្កន

អាមេរិក​មិន​ត្រឹមតែ​មិន​អាច​បណ្តេញ​ពួក​កុម្មុយនិស្ត​​បាន​នោះទេ តែ​សូម្បីតែ​វៀតណាម​ខាង​ត្បូង​​ដែល​ជា​សម្ព័ន្ធមិត្ត​ក៏​អាមេរិក​មិន​អាច​ ការពារ​បានដែរ។ របបសាធារណរដ្ឋ​វៀតណាម​ត្រូវ​ដួលរលំ ហើយ​នៅថ្ងៃ​ទី២ ខែ​កក្កដា ឆ្នាំ​១៩៧៦ វៀតណាម​ទាំងពីរ​ត្រូវ​បាន​រំលាយ​បញ្ចូល​គ្នា​​ជាផ្លូវការ បង្កើត​ទៅជា​ប្រទេស​តែមួយ គឺ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម។ នៅ​ក្នុង​រយៈពេល​ប្រមាណ​ជាង​ ១០​ឆ្នាំ​ ក្រោម​ការដឹកនាំ​របស់​បក្ស​កុម្មុយនិស្ត​វៀតណាម ប្រជាជន​វៀតណាម​ខាង​ត្បូង ក្នុងចន្លោះ​ពី ១លាន ទៅ២,៥​លាននាក់ ត្រូវ​បាន​របបកុម្មុយនិស្ត​ចាប់យក​ទៅដាក់​ក្នុង​ជំរំ​លត់ដំ ហើយ​ក្នុងចំណោម​នោះ មាន​ប្រមាណ​ជា ១៦ម៉ឺននាក់​ត្រូវ​ស្លាប់​ ដោយ​ត្រូវគេ​សម្លាប់ចោល ឬ​ស្លាប់​ដោយ​ការ​ធ្វើការ​ធ្ងន់ហួស​កម្លាំង។ ក៏ប៉ុន្តែ សោកនាដកម្ម​នេះ​នៅតិចតួចណាស់ ប្រើប្រៀបធៀប​នឹង​ប្រទេស​កម្ពុជា។

តាមការពិត នៅ​ក្រោយ​ពី​បរាជ័យរបស់​អាមេរិក​នៅ​វៀតណាម មិនមែនមាន​តែ​វៀតណាម​មួយទេ ដែល​ត្រូវធ្លាក់​ក្នុងដៃ​ពួក​កុម្មុយនិស្ត។ កម្ពុជា និង​ឡាវ ដែល​ជា​ប្រទេស​ជាប់ពាក់ព័ន្ធ​យ៉ាងជ្រៅ នៅ​ក្នុង​សង្រ្គាម​វៀតណាម ក៏​ត្រូវ​ធ្លាក់​ក្រោម​ការ​កាន់កាប់​របស់​ពួក​កុម្មុយនិស្ត​ដែរ នៅ​ក្នុង​ឆ្នាំ​១៩៧៥តែមួយ។

នៅ​កម្ពុជា របបសាធារណរដ្ឋ​ខ្មែរ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ក្នុង​សង្រ្គាម​វៀតណាម ត្រូវ​បាន​កងទ័ព​ឧទ្ទាម​កុម្មុយនិស្ត​ខ្មែរក្រហម​ផ្តួលរំលំ នៅ​ថ្ងៃ​ទី១៧ មេសា ឆ្នាំ​១៩៧៥ ហើយ​ប៉ុន្មាន​ខែ​ក្រោយ​មក​ទៀត របបរាជានិយម​ឡាវ​ក៏​ត្រូវ​បាន​បក្ស​កុម្មុយនិស្ត ប៉ាថេតឡាវ ផ្តួលរំលំ​​ដែរ។ នៅទីចុង​បំផុត គឺ​តំបន់​ឥណ្ឌូចិន​ទាំងមូល ដែល​ត្រូវ​ធ្លាក់​ក្រោម​ការ​កាន់កាប់​របស់​ពួក​កុម្មុយនិស្ត។
 
ទាហាន​ខ្មែរក្រហម​ចូល​កាន់កាប់​ទីក្រុង​ភ្នំពេញ នៅថ្ងៃ​ទី​១៧ មេសា ១៩៧៥ (រូបថតឯកសារ) AFP

នៅ​សហរដ្ឋ​អាមេរិក សង្រ្គាម​វៀតណាម​បាន​បន្សល់ទុក​នូវ​ស្នាម​របួស​យ៉ាងជ្រៅ ទាំង​ខាង​ផ្នែក​នយោបាយ សេដ្ឋកិច្ច ​សង្គម និង​ខាង​ផ្លូវចិត្ត។ ការចំណាយ​ដ៏ច្រើន​សន្ធឹកសន្ធាប់ នៅ​ក្នុងការ​ធ្វើ​សង្រ្គាម​នៅ​វៀតណាម បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អាមេរិក​ត្រូវ​ជួប​នឹង​វិបត្តិ​ ជាពិសេស គឺ​វិបត្តិ​អតិផរណា ហើយ​វិបត្តិ​នេះ​​បាន​ធ្លាក់ចុះ​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត នៅក្រោយ​ពី​មាន​វិបត្តិប្រេងពិភពលោក នៅ​ឆ្នាំ​១៩៧៣។

កាន់តែ​ធ្ងន់ធ្ងរ​ទៅទៀត គឺ​ការបាក់បែក​នៅ​ក្នុង​សង្គម​អាមេរិក គឺ​ការបាក់បែក​ រវាង​អ្នក​គាំទ្រ និង​អ្នក​ប្រឆាំង​នឹង​សង្រ្គាម​វៀតណាម និង​ជាពិសេស គឺ​ការបាក់បែក រវាង​ប្រជាជន និង​មេដឹកនាំ​នយោបាយ​និង​កងទ័ព។

នៅមុន​សង្រ្គាម​វៀតណាម ប្រជាជន​អាមេរិក​ភាគច្រើន​លើសលុប ដែល​មាន​មោទនភាព​នឹង​ជោគជ័យ​ក្នុង​សង្រ្គាម​លោកលើកទី២ បាន​បង្ហាញ​នូវ​ជំនឿទុកចិត្ត​​ដោយ​គ្មាន​មន្ទិល​សង្ស័យ​​​ចំពោះ​ មេដឹកនាំរបស់ខ្លួន។ ក៏ប៉ុន្តែ នៅក្រោយ​សង្រ្គាម​វៀតណាម អ្វីៗ​ត្រូវ​ផ្លាស់ប្តូរ ដោយ​ការ​ស្ទាបស្ទង់មតិ​ជាច្រើន​សុទ្ធតែ​បង្ហាញ​ថា ប្រជាជន​អាមេរិកភាគច្រើន​លើសលុប​ លែង​មាន​ជំនឿ​លើ​មេដឹកនាំ​របស់​ខ្លួន ទាំង​ប្រធានាធិបតី ទាំង​សភា និង​ទាំង​កងទ័ព។ 

ការបាត់បង់​ទំនុកចិត្ត​នេះ​កើតមានឡើង ក្រោយ​ពី​មាន​ការ​លេចធ្លាយ​ការណ៍​សម្ងាត់​ជាច្រើន ដែល​បង្ហាញ​ថា គ្រប់រដ្ឋាភិបាល​អាមេរិក​​ទាំងអស់​នៅ​ក្នុង​អំឡុង​សង្រ្គាម​វៀតណាម ទាំង​រដ្ឋាភិបាល​លោក​លីនដុន ចនសុន ​ដែល​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​រដ្ឋាភិបាល​របស់​លោក​រីឆាដ និចសុន ដែល​មក​ពី​គណបក្ស​សាធារណរដ្ឋ សុទ្ធតែ​បាន​នាំគ្នា​បិទបាំង បំប៉ោង ឬ​បំភ្លៃ​ព័ត៌មាន​ទាក់ទង​នឹង​សង្រ្គាម​វៀតណាម។

លោក​លីនដុន ចនសុន បាន​បំប៉ោង​ព័ត៌មាន​ទាក់ទង​នឹង​ហេតុការណ៍​នៅ​ឈូងសមុទ្រ​តុងកឹង កាល​ពីឆ្នាំ​១៩៦៤ ដើម្បី​បំភ័ន​មតិសាធារណៈ និង​បញ្ចុះបញ្ចូល​ឲ្យ​សភា​អនុម័ត​សេចក្តីសម្រេច​អនុញ្ញាត​ឲ្យ​កងទ័ព​អាមេរិក ​ចូល​ធ្វើ​សង្រ្គាម​នៅវៀតណាម។ ចំណែក​ឯ​លោក​រីឆាដ និចសុន​វិញ ដែល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ដោយ​ផ្តោត​លើ​ការ​សន្យា​បញ្ចប់​សង្រ្គាម​វៀតណាម ក៏ប៉ុន្តែ នៅ​ពេល​ជាប់ឆ្នោត​ បែរ​ជា​បាន​លួច​ពង្រីក​សង្រ្គាម ហើយ​ចូល​ឈ្លាន​ប្រទេស​កម្ពុជា ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​សភា។ នេះ​នៅមិនទាន់​និយាយ​ដល់​រឿងអាស្រូវ​ដ៏ធ្ងន់ធ្ងរមួយ​ទៀត គឺ​រឿងអាស្រូវ Watergate ដែល​សុទ្ធតែ​មាន​ជាប់ពាក់ព័ន្ធ​នឹង​ការ​កុហក បោកប្រាស់ និង​ការ​រំលោភ​អំណាច ដោយ​រដ្ឋការ​របស់​លោក​រីឆាដ និចសុន នៅ​ក្នុង​អំឡុង​ដើម​ទសវត្សរ៍​ឆ្នាំ​៧០៕