Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

ផលវិបាកដែលបន្សល់ទុកដោយសង្រ្គាមលោកលើកទី២

នៅ​ក្នុង​តំបន់​អឺរ៉ុប សង្រ្គាម​លោកលើកទី២​​​បាន​បញ្ចប់ នៅ​ខែ​ឧសភា ឆ្នាំ​១៩៤៥ នៅ​​ក្រោយ​ពេល​ដែល​កងទ័ព​សហភាព​សូវៀត និង​កងទ័ព​សម្ព័ន្ធមិត្ត​លោកខាងលិច​បាន​វាយកាន់កាប់​ប្រទេស​អាល្លឺម៉ង់​ ហើយ​ពុះដែនដី​អាល្លឺម៉ង់​ចែកគ្នា​កាន់កាប់។ នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​វិញ សង្រ្គាម​បាន​បន្ត​រហូត​ដល់​ខែ​សីហា ទើប​អធិរាជ​ជប៉ុន​ព្រម​ចុះចាញ់សង្រ្គាម ក្រោយ​ពី​អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ​លើ​ទីក្រុង​ ហ៊ីរ៉ូស្ហ៊ីម៉ា និង​ណាហ្កាសាគី។

នៅថ្ងៃ​ទី២ ខែ​កញ្ញា ឆ្នាំ​១៩៤៥ កិច្ចព្រមព្រៀង​ចុះចាញ់​សង្រ្គាម​ដោយ​ឥតលក្ខខណ្ឌ​ត្រូវ​បាន​​ជប៉ុន តំណាង​ដោយ​រដ្ឋមន្រ្តី​ការបរទេស ចុះហត្ថលេខា នៅលើ​នាវាចម្បាំង​អាមេរិក និង​នៅ​ចំពោះ​មុខ​មេទ័ព​អាមេរិក​ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក។ សង្រ្គាម​លោកលើកទី២ ដែល​បាន​ផ្ទុះឡើង កាល​ពីថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​១៩៣៩ ក៏​ត្រូវ​បាន​បញ្ចប់​ជាផ្លូវការ ក៏ប៉ុន្តែ សង្រ្គាម​រយៈពេល ៦ឆ្នាំ​នេះ បាន​បន្សល់​ទុក​នូវ​ការ​ខូចខាត​ដ៏​ធ្ងន់ធ្ងរ​បំផុត​ដល់​មនុស្ស​ជាតិ។

សង្រ្គាម​លោកលើកទី២​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​សង្រ្គាម ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​បំផុត នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​របស់​មនុស្ស​ជាតិ។ ចំនួន​អ្នក​ស្លាប់ នៅ​ក្នុង​សង្រ្គាម​លោកលើកទី២ ត្រូវ​បាន​គេ​វាយតម្លៃ​ផ្សេងៗ​គ្នា នៅ​ក្នុង​ចន្លោះ​ពី ៤០លាន ទៅ ៦០លាននាក់ ដោយ​នៅ​ក្នុង​ចំណោម​នោះ មាន​ជាង​ពាក់កណ្តាល គឺ​ជា​ជនស៊ីវិល។

ប្រជាជន​ដែល​ទទួលរងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ គឺ​សហភាព​សូវៀត និង​ចិន ដែល​ប្រទេស​នីមួយៗ ​មាន​ប្រជាជន​ប្រមាណ ពី ១០លាន ទៅ​ជិត ២០លាន​នាក់ ត្រូវ​ស្លាប់​ដោយ​សង្រ្គាម ក្នុងនោះ ពាក់កណ្តាល​គឺ​ជា​ជនស៊ីវិល។ បើ​គិត​តាម​សមាមាត្រ​នៃ​ចំនួន​ប្រជាជន​សរុបវិញ ​ប៉ូឡូញ គឺ​ជា​ប្រទេស​ដែល​មាន​​អត្រា​ស្លាប់​ខ្ពស់​ជាងគេ គឺ​រហូតដល់​ទៅ​ជិត ២០% ហើយ​ក្នុង​ចំណោម​ប្រជាជន​ប៉ូឡូញ​ទាំង​ជិត ៦លាននាក់ ដែល​ត្រូវ​ស្លាប់​ក្នុង​សង្រ្គាម មាន​ពាក់កណ្តាល គឺ​ជា​ជនជាតិ​ជ្វីហ្វ ដែល​ត្រូវ​ទទួល​រងការ​សម្លាប់​រង្គាល ពីសំណាក់​​របបណាហ្ស៊ី​ហ៊ីត្លែរ។

អាល្លឺម៉ង់​ខ្លួនឯង​ផ្ទាល់ ដែល​ជា​អ្នក​ដុត​បញ្ឆេះ​សង្រ្គាម ក៏​ទទួល​រងនូវការ​ខូចខាត​មិនតិច​នោះដែរ ដោយ​មាន​ប្រជាជន​ស្លាប់​រហូតដល់​ទៅ ៦លាននាក់ ប៉ុន្តែ អ្នក​ស្លាប់​ភាគច្រើន​លើសលុប គឺ​ជា​ទាហាន។ ដូចគ្នា​ដែរ​ចំពោះ​សម្ព័ន្ធមិត្ត​ហ៊ីត្លែរ​នៅ​អាស៊ី គឺ​ចក្រភព​ជប៉ុន ដែល​មាន​ទាហាន​ស្លាប់​ប្រមាណ ២លាននាក់ ឯ​ជនរងគ្រោះស៊ីវិល​មាន​ប្រមាណ​ជា ៥០ម៉ឺននាក់ ក្នុងនោះ​មាន​ប្រមាណ​ជា ១២ម៉ឺននាក់​ជាជនរងគ្រោះ​ក្នុង​ការ​ទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ​នៅ​ ហ៊ីរ៉ូស្ហ៊ីម៉ា និង​ណាហ្កាសាគី។
           
ទីក្រុង​ស្តាលីនក្រាត (សហភាព​សូវៀត) នៅ​ក្រោយ​សង្រ្គាម​លោកលើកទី២

 នៅ​​​ឆ្នាំ​១៩៤៦ ប៉ុន្មានខែ​​ក្រោយ​ពី​ចប់​​សង្រ្គាម​លោកលើកទី២ មេដឹកនាំ​​នៃ​​របប​ណាហ្ស៊ី​អាល្លឺម៉ង់​​ ត្រូវ​បាន​គេ​នាំ​យក​ទៅ​កាត់ទោស នៅ​ក្នុង​តុលាការ​យោធា​អន្តរជាតិ​មួយ ដែល​រៀបចំ​បង្កើត​ឡើង​ដោយ​ប្រទេស​មហាអំណាច​ដែល​ជា​អ្នក​​ឈ្នះ​សង្រ្គាម ហើយ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​នូរ៉ាំប៊ែរ (Nuremberg) ប្រទេស​អាល្លឺម៉ង់។ នៅ​ឯ​ទីក្រុង​តូក្យូវិញ តុលាការ​យោធា​អន្តរជាតិ​មួយ​ទៀត​ក៏​ត្រូវ​បាន​គេ​បង្កើត​ឡើង​ដែរ ដើម្បី​ជំនុំជម្រះ​លើ​បទឧក្រិដ្ឋ ដែល​ប្រព្រឹត្ត​ដោយ​មេដឹកនាំ និង​កងទ័ព​ជប៉ុន។

គិតជា​សរុប មេដឹកនាំ​នយោបាយ​និង​យោធា​កំពូលៗ​ ចំនួន ២៣រូប នៃ​របប​ណាហ្ស៊ី​អាល្លឺម៉ង់ និង​មេដឹកនាំ​កំពូលៗ​ចំនួន ២៨រូប នៃ​ចក្រភព​ជប៉ុន ត្រូវ​បាន​គេ​នាំ​ខ្លួន​យក​ទៅ​ជំនុំជម្រះ​ដោយ​ចោទប្រកាន់​ពី​បទ​ ឧក្រិដ្ឋកម្ម​សង្រ្គាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ។ ជនជាប់ចោទ​ភាគច្រើន​ត្រូវ​បាន​តុលាការ​កាត់ទោស​ប្រហារ​ជីវិត ក្នុងនោះ ក៏​រួមមាន​ផងដែរ ហ៊ីដេគី តូចូ នាយករដ្ឋមន្រ្តី​ជប៉ុន​ក្នុង​សម័យ​សង្រ្គាម។

ដំណើរការ​កាត់ទោស​នៅ​តូក្យូ និង​នូរ៉ាំប៊ែរ ត្រូវ​បាន​អ្នក​ខ្លះ​ចាត់ទុក​ថា​ជាដំណើរការ​កាត់ទោស​ដ៏​សំខាន់​បំផុត​មួយ នៅ​ក្នុង​សតវត្សរ៍​ទី២០ ក៏ប៉ុន្តែ ក្នុង​ពេល​ជាមួយគ្នា តុលាការ​អន្តរជាតិ​ទាំងពីរ​នេះ​ក៏​ត្រូវ​ទទួលរងនូវ​ការ​រិះគន់​មិនតិច​ដែរ ដោយសារតែ​គេ​យល់ថា វា​ជា​ដំណើរការ​កាត់ទោស​ដែល​ធ្វើឡើង​ដោយ​ប្រទេស​អ្នក​ឈ្នះ​សង្រ្គាម ទៅលើ​តែ​ប្រទេស​អ្នក​ចាញ់ ឬ​អាច​និយាយ​ដោយ​សាមញ្ញ​ថា ​អ្នក​ឈ្នះ​ជា​ស្តេច អ្នក​ចាញ់​ជា​ចោរ

សំណួរ​សួរថា ចុះ​បើ​សិន​ជា​ការ​កាត់ទោស​ត្រូវ​បាន​ធ្វើឡើង​ដោយ​ទូលំទូលាយ ទាំងទៅលើ​ប្រទេស​អ្នក​ឈ្នះ និង​អ្នក​ចាញ់ តើ​អាមេរិក​នឹង​ត្រូវ​ជាប់ទោស​យ៉ាងណា ចំពោះ​ការ​ទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ​ សម្លាប់​ជនស៊ីវិល​រាប់សែននាក់ នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា និង​ណាហ្កាសាគី? តើ​ការ​ទម្លាក់គ្រាប់បែក​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​​ដោយ​អាមេរិក និង​អង់គ្លេស លើ​ទីក្រុង​របស់​អាល្លឺម៉ង់ ដោយ​មិនរើស​មុខ​ថា​ជា​ទីតាំង​ស៊ីវិល ឬ​យោធា នឹង​ត្រូវ​កាត់ទោស​បែបណា?

ទោះជាយ៉ាងណា ដំណើរការ​កាត់ទោស​នៅ​តូក្យូ និង​នូរ៉ាំប៊ែរ ថ្វីដ្បិត​តែ​ជា​យុត្តិធម៌​​មិនគ្រប់ជ្រុងជ្រោយ ដោយ​​ការកាត់ទោស​ត្រូវ​ធ្វើឡើង​តែ​លើ​ប្រទេស​ចាញ់​សង្រ្គាម ក៏ប៉ុន្តែ វា​ជាជំហាន​​ដ៏​សំខាន់​មួយ​​ ឆ្ពោះទៅកែលម្អ​ច្បាប់​អន្តរជាតិ និង​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​អន្តរជាតិ។ ការស៊ើបអង្កេត​​នៅ​ក្នុង​ដំណើរការ​កាត់ទោស​នេះ​បាន​បើក​កកាយ​នូវ​ ឧក្រិដ្ឋកម្ម​ធំៗ​ជាច្រើន ជាពិសេស ឧក្រិដ្ឋកម្ម​ប្រព្រឹត្ត​ដោយ​ពួក​ណាហ្ស៊ី​អាល្លឺម៉ង់​ទៅលើ​ពួក​ជ្វីហ្វ។ ការ​បើក​កកាយ​ឧក្រិដ្ឋកម្ម ដែល​នាំ​ទៅ​រក​ការ​បង្កើត​​អនុសញ្ញា​ក្រុង​ហ្សឺណែវ​ស្តីពី​បទ​ឧក្រិដ្ឋ​ ប្រល័យ​ពូជសាសន៍ និង​សេចក្តីប្រកាស​ជា​សកលស្តីពី​សិទ្ធិមនុស្ស នៅ​ឆ្នាំ​១៩៤៨។ ច្បាប់​សង្រ្គាម​ក៏​ត្រូវ​បាន​កែលម្អ​យ៉ាង​ច្រើន​ផងដែរ តាមរយៈ​​ការ​បង្កើត​អនុសញ្ញា​ក្រុង​ហ្សឺណែវ នៅឆ្នាំ​១៩៤៩។
 
សង្រ្គាម​លោកលើកទី២​បាន​​បញ្ចប់​នៅ​ឆ្នាំ​១៩៤៥ ក៏ប៉ុន្តែ បានបន្សល់ទុក​នូវ​មរតក​យ៉ាងច្រើន​ដល់​ពិភពលោក នៅក្នុង​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​ក្រោយៗមកទៀត។ ភាព​ខ្ទេចខ្ទាំ​ដែល​បង្ក​ឡើង​ដោយ​សង្រ្គាម​បាន​ដាស់​ស្មារតី​សហគមន៍​ អន្តរជាតិ​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​ការ​បង្កើត​យន្តការ​ដោះស្រាយ​ជម្លោះ​ ដោយ​សន្តិវិធី​ជាជាង​ការ​ប្រើ​កម្លាំង​ទ័ព។ នៅ​ថ្ងៃ​ទី២៥ ខែ​តុលា ឆ្នាំ​១៩៤៥ (ជាងមួយខែ​ក្រោយ​ពី​ចប់​សង្រ្គាម​លោកលើកទី២) អង្គការ​សហប្រជាជាតិ​ត្រូវ​បាន​បង្កើតឡើង ដោយ​មាន​ការ​ចូលរួម​យ៉ាងទូលំទូលាយ​ពី​សំណាក់​ប្រទេស​ចំនួន ៥១ នៅទូទាំង​ពិភពលោក។
 
អាគារទីស្នាក់ការកណ្ដាល អ.ស.ប នៅទីក្រុង ញូយ៉ក (ឆ្វេង)
ការ​សម្លាប់​រង្គាល​ជនជាតិ​ជ្វីហ្វ នៅ​ក្នុង​សង្រ្គាម​លោកលើកទី២ បាន​នាំ​ទៅរក​ការ​បង្កើត​រដ្ឋ​អ៊ីស្រាអែល នៅ​ឆ្នាំ​១៩៤៩ ហើយ​បង្ក​ជា​សង្រ្គាម​ និង​ជម្លោះ​រ៉ាំរ៉ៃ​នៅ​តំបន់​ដើម​បូព៌ា​រហូត​មក​ទល់​នឹង​ពេល​  បច្ចុប្បន្ន។

ការ​រីកដុះដាល​នៃ​ចលនា​ជាតិ​និយម ក្នុង​អំឡុង​សង្រ្គាម​បានបង្កើត​ឲ្យ​មាន​​ចលនា​ទាមទារ​ឯករាជ្យ​ ឈាន​ទៅ​​លុបបំបាត់​​​អាណានិគម នៅ​ស្ទើរតែ​គ្រប់កន្លែង​​ទូទាំង​ពិភពលោក។

មហាអំណាច​អឺរ៉ុប រួមមាន អង់គ្លេស និង​បារាំង​ត្រូវ​បាត់បង់​​ដែនដី​អាណានិគម​ម្តងមួយៗ។ បូករួម​ទាំង​ការ​ខូចខាត​យ៉ាង​ខ្ទេចខ្ទាំ​បង្ក​ឡើង​ដោយ​សង្រ្គាម​ផងនោះ អង់គ្លេស និង​បារាំង ដែល​ធ្លាប់​តែ​ជា​មហាអំណាច​ត្រួតត្រា​ពិភពលោក​កាល​ពីមុន​សង្រ្គាម​ក៏​ ចាប់ផ្តើម​ធ្លាក់ចុះ​ទន់ខ្សោយ ហើយ​មហាអំណាច​ជំនាន់ថ្មី​ក៏​ចាប់ផ្តើម​លេចមុខឡើង។

សហរដ្ឋ​អាមេរិក គឺ​ជា​ប្រទេស​ដែល​ទទួល​រង​ការ​ខូចខាត​ដោយ​សង្រ្គាម​​តិចតួច​ជាងគេ បើ​ប្រៀបធៀប​នឹង​ប្រទេស​មហាអំណាច​ផ្សេងៗ​ទៀត។ ក្រៅ​ពី​នៅ​កោះ​ហាវ៉ៃ និង​បណ្តា​កោះ​តូចៗ​​មួយចំនួន ​នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដែល​ទទួលរងការ​វាយប្រហារ​ពី​សំណាក់​កងទ័ព​ជប៉ុន ទឹកដី​របស់​​អាមេរិក​​ ដែល​នៅ​ដាច់ឆ្ងាយ​ពី​គេឯង ហើយ​មាន​មហាសមុទ្រ​ពីរ​ជា​រនាំង​ការពារ បាន​ចៀសផុតទាំងស្រុង​ពី​ការ​វាយប្រហារ​របស់​សត្រូវ។ រោងចក្រ សហគ្រាស ព្រមទាំង​សកម្មភាព​សេដ្ឋកិច្ច​ផ្សេងទៀត​ បន្ត​ដំណើរការ​ដោយ​គ្មាន​អាក់ខាន នៅ​ពេញ​ក្នុង​អំឡុង​សង្រ្គាម​ ហើយ​នៅ​ក្រោយ​សង្រ្គាម ការរីកចម្រើន​នៃ​វិស័យ​ឧស្សាហកម្ម​​ ដែល​មាន​​ទាំង​នៅ​ក្នុង​វិស័យ​ស៊ីវិល និង​ក្នុង​វិស័យ​យោធា បាន​​ធ្វើ​ឲ្យ​អាមេរិក​ក្លាយ​ខ្លួន​ទៅ​ជា​មហាអំណាច​សេដ្ឋកិច្ច​ និង​​​យោធា​ដ៏​ធំបំផុត​នៅលើ​ពិភពលោក។

ក៏ប៉ុន្តែ មិនយូរប៉ុន្មាន មហាអំណាច​ពិភពលោក​ថ្មី​នេះ ត្រូវ​ប្រឈមមុខ​​នឹង​មហាអំណាច​ដ៏ធំមួយ​ទៀត ដែល​ជា​អ្នក​ឈ្នះ​សង្រ្គាម​លោកលើកទី២​ដែរ គឺ​មហាអំណាច​កុម្មុយនិស្ត​​សហភាពសូវៀត។ សង្រ្គាម​លោកលើកទី២​បាន​បិទបញ្ចប់ សង្រ្គាម​ថ្មីមួយទៀត​បាន​ចាប់ផ្តើម​ឡើង គឺ សង្រ្គាមត្រជាក់