សង្រ្គាមលោកលើកទី២៖ ការទម្លាក់គ្រាប់បែក នុយក្លេអ៊ែរ លើហ៊ីរ៉ូស្ហ៊ីម៉ា និងណាហ្កាសាគី
នៅដើមខែឧសភា
ឆ្នាំ១៩៤៥ សង្រ្គាមលោកលើកទី២ នៅក្នុងតំបន់អឺរ៉ុបត្រូវបិទបញ្ចប់។ អាល្លឺម៉ង់ណាហ្ស៊ីត្រូវទទួលបរាជ័យ
ដោយនាំទៅជាមួយនូវអ៊ីតាលីហ្វាស៊ីស ដោយមេដឹកនាំផ្តាច់ការអ៊ីតាលី បេនីតូ
មូសូលីនី ត្រូវបានក្រុមបះបោរអ៊ីតាលីចាប់ខ្លួន និងបាញ់សម្លាប់ចោល នៅថ្ងៃទី២៨មេសា
ចំណែកឯហ៊ីត្លែរវិញបានសម្លាប់ខ្លួនឯង នៅថ្ងៃទី៣០មេសា។
នៅក្នុងចំណោមប្រទេសទាំង៣ នៅក្នុងបក្សសម្ព័ន្ធត្រីភាគី
នៅសល់តែជប៉ុនមួយប៉ុណ្ណោះ ដែលនៅមិនទាន់ចុះចាញ់សង្រ្គាម។
នៅថ្ងៃទី១៧កក្កដា ឆ្នាំ១៩៤៥
ប្រមុខដឹកនាំអាមេរិក អង់គ្លេស និងសហភាពសូវៀត បានបើកធ្វើសន្និសីទមួយ
នៅទីក្រុងប៉ុតស្ដាំ (Potsdam) ក្បែរទីក្រុងប៊ែរឡាំង
ប្រទេសអាល្លឺម៉ង់។ ភាគីអាមេរិកតំណាងដោយ លោក Harry Truman ដែលទើបនឹងឡើងមកធ្វើជាប្រធានាធិបតីជំនួសលោក Franklin
Roosevelt ដែលទទួលមរណភាពដោយជំងឺ កាលពីថ្ងៃទី១២មេសា ភាគីអង់គ្លេសតំណាងដោយនាយករដ្ឋមន្រ្តី
Winston Churchill ហើយភាគីសហភាពសូវៀតតំណាងដោយលេខាបក្សកុម្មុយនិស្ត
Joseph Staline។
![]() | |
ការផ្ទុះគ្រាប់បែកនុយក្លេអ៊ែរនៅហ៊ីរ៉ូស្ហ៊ីម៉ា (ឆ្វេង) និងនៅណាហ្កាសាគី ថ្ងៃទី៦ និងទី៩ សីហា ១៩៤៥ |
សន្និសីទក្រុងប៉ុតស្តាំនេះផ្តោតជាចម្បងទៅលើបញ្ហាធំៗពីរ គឺការគ្រប់គ្រងតំបន់អឺរ៉ុប ក្រោយសម័យសង្រ្គាម និងការរួមកម្លាំងគ្នាធ្វើសង្រ្គាមប្រឆាំងជប៉ុន ដើម្បីឈានទៅបញ្ចប់សង្រ្គាមនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
បើនិយាយពីរចនាសម្ព័ន្ធនៃបក្សសម្ព័ន្ធនៅក្នុងសង្រ្គាមលោកលើកទី២
គេត្រូវដឹងថា សហភាពសូវៀតមិនស្ថិតក្នុងចំណោមប្រទេសសម្ព័ន្ធមិត្តជាមួយអាមេរិក
អង់គ្លេស និងបារាំងនោះទេ។ តាមការពិត នៅពេលសង្រ្គាមលោកលើកទី២ទើបនឹងចាប់ផ្តើមផ្ទុះឡើង
ស្តាលីននិងហ៊ីត្លែរធ្លាប់សហការគ្នា ហើយស្តាលីនថែមទាំងធ្លាប់ធ្វើការចរចាជាមួយហ៊ីត្លែរ
ដើម្បីចូលក្នុងបក្សសម្ព័ន្ធត្រីភាគីជាមួយអាល្លឺម៉ង់ អ៊ីតាលី និងជប៉ុនទៀតផង
ប៉ុន្តែ ចរចាមិនបានសម្រេច ទើបហ៊ីត្លែរចូលឈ្លានពានសូវៀត នៅឆ្នាំ១៩៤១។
ទោះជាយ៉ាងណា
នៅពេញក្នុងអំឡុងសង្រ្គាមលោកលើកទី២ សហភាពសូវៀតនិងជប៉ុនបានរក្សាជំហរអព្យាក្រឹតនឹងគ្នាទៅវិញទៅមក
ស្របទៅតាមកិច្ចព្រមព្រៀង ដែលបានចុះ កាលពីថ្ងៃទី១៣ មេសា ឆ្នាំ១៩៤១ ពោលគឺ
ប្រទេសទាំងពីរនឹងមិនសហការគ្នា ដើម្បីធ្វើសង្រ្គាមទល់នឹងប្រទេសផ្សេង ហើយក៏មិនត្រូវសហការជាមួយប្រទេសផ្សេង
ដើម្បីធ្វើសង្រ្គាមនឹងគ្នានោះដែរ។
ក៏ប៉ុន្តែ ក្រោយមក
ស្តាលីនបានព្រមព្រៀងដោយសម្ងាត់ជាមួយអាមេរិកថា នឹងចូលធ្វើសង្រ្គាមទល់នឹងជប៉ុន
នៅក្នុងតំបន់អាស៊ី ជាថ្នូរនឹងការណ៍ដែលអាមេរិកនិងសម្ព័ន្ធមិត្តបើកការវាយប្រហារលើ
អាល្លឺម៉ង់ នៅអឺរ៉ុបខាងលិច ដើម្បីបំបែកកម្លាំងទ័ពអាល្លឺម៉ង់ពីសូវៀត។
នៅក្នុងអំឡុងសន្និសីទនៅយ៉ាល់តា
នៅខែកុម្ភៈ ឆ្នាំ១៩៤៥ ស្តាលីនធ្លាប់បានព្រមព្រៀងជាមួយលោក Franklin
Roosevelt រួចទៅហើយថា កងទ័ពសូវៀតនឹងចាប់ផ្តើមបើកការវាយប្រហារលើជប៉ុន
ក្រោយពីអាល្លឺម៉ង់ប្រកាសចុះចាញ់សង្រ្គាម ហើយនៅក្នុងសន្និសីទក្រុងប៉ុតស្តាំ
ខែកក្កដា លោក Harry Truman បានបន្តទទូចឲ្យស្តាលីនចូលធ្វើសង្រ្គាមទល់នឹងជប៉ុន
ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា លោកទើបនឹងបានទទួលដំណឹងពីសហរដ្ឋអាមេរិក អំពីជោគជ័យនៃការសាកល្បងអាវុធប្រភេទថ្មីមួយ
ដែលពិភពលោកមិនធ្លាប់ស្គាល់ពីមុន ហើយដែលអាចធ្វើឲ្យជប៉ុនចុះចាញ់ដោយមិនចាំបាច់មានជំនួយពីសហភាព
សូវៀត។ អាវុធប្រភេទថ្មីនោះ គឺគ្រាប់បែកនុយក្លេអ៊ែរ (គ្រាប់បែកបរមាណូ)។
សហរដ្ឋអាមេរិកបានរៀបចំបង្កើតគម្រោងផលិតអាវុធនុយក្លេអ៊ែរ
តាំងពីឆ្នាំ១៩៤០ គឺតាំងពីពេលដែលសង្រ្គាមលោកលើកទី២ទើបនឹងចាប់ផ្ទុះឡើង ហើយអាមេរិកនៅមិនទាន់លូកដៃចូលក្នុងសង្រ្គាមនៅឡើយ។
គម្រោងផលិតអាវុធនុយក្លេអ៊ែរនេះមានឈ្មោះថា “The Mahnatan Project” ហើយត្រូវបានអាមេរិកលាក់ការណ៍យ៉ាងសម្ងាត់បំផុត។
គ្រាប់បែកនុយក្លេអ៊ែរដំបូងបង្អស់នៅក្នុងប្រវត្តិសាស្រ្ត
ត្រូវបានអាមេរិកធ្វើការសាកល្បងប្រកបដោយជោគជ័យ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា
ឆ្នាំ១៩៤៥។ នៅពេលនោះ អាល្លឺម៉ង់បានចុះចាញ់សង្រ្គាមរួចទៅហើយ។
នៅសល់តែជប៉ុនមួយប៉ុណ្ណោះ ដែលនៅចចេសមិនព្រមចុះចាញ់។ ក៏ប៉ុន្តែ
បើទោះបីជាមើលឃើញយ៉ាងច្បាស់ថា កងទ័ពជប៉ុនតែឯងប្រាកដជាមិនអាចទប់ទល់នឹងកងទ័ពអាមេរិក
និងសម្ព័ន្ធមិត្តបានក៏ដោយ លោក Harry Truman នៅតែសម្រេចចិត្តប្រើអាវុធប្រល័យលោក
ដែលទើបនឹងផលិតបាននេះ យកទៅវាយប្រហារលើជប៉ុន។
ហេតុផលធំបំផុត
ដែលជំរុញឲ្យលោក Harry Truman សម្រេចប្រើអាវុធនុយក្លេអ៊ែរលើជប៉ុន
គឺដើម្បីបញ្ចប់សង្រ្គាមឲ្យបានឆាប់ ដោយមិនចាំបាច់បញ្ជូនកម្លាំងទ័ពធម្មតាឲ្យចូលឈ្លានពានប្រទេសជប៉ុន។
គម្រោងវាយលុកលើប្រទេសជប៉ុន ដែលនៅពេលនោះ ត្រូវបានមេទ័ពអាមេរិកព្យាករថាអាចនឹងបណ្តាលឲ្យទាហានអាមេរិក
ស្លាប់រហូតដល់ទៅ ១លាននាក់ ដោយសារតែគេមើលឃើញពីភាពប្តូរផ្តាច់របស់ទាហានជប៉ុន
នៅក្នុងសមរភូមិមុនៗ ជាពិសេស នៅកោះអ៊ីវ៉ូជីម៉ា និងអូគីណាវ៉ា ដែលកងទ័ពជប៉ុន
ថ្វីដ្បិតតែទទួលបរាជ័យ តែបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតដល់កងទ័ពអាមេរិក។
ម្យ៉ាងទៀត
លោកប្រធានាធិបតីអាមេរិក និងមន្រ្តីជំនិតៗមួយចំនួនផ្សេងទៀត យល់ថា ការវាយប្រហារលើជប៉ុនដោយប្រើអាវុធនុយក្លេអ៊ែរ
ក្រៅពីអាចបញ្ចប់សង្រ្គាមបានឆាប់ ហើយបញ្ចៀសការបាត់បង់ជីវិតទាហានអាមេរិក
វាក៏អាចនឹងបង្កើនឥទ្ធិពលរបស់អាមេរិកនៅលើពិភពលោកផងដែរ តាមរយៈបង្ហាញឲ្យគេឃើញ
អំពីកម្លាំងដ៏អស្ចារ្យនៃអាវុធប្រល័យលោកនេះ។
ថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥ វេលាម៉ោង ៨ និង១៥នាទីព្រឹក ម៉ោងក្នុងស្រុក គ្រាប់បែកនុយក្លេអ៊ែរទីមួយ
(ដែលគេឲ្យឈ្មោះថា « Little Boy ») ត្រូវបានអាមេរិកទម្លាក់ពីលើយន្តហោះ ទៅលើទីក្រុងហ៊ីរ៉ូស្ហ៊ីម៉ា។ ៣ថ្ងៃក្រោយមក
នៅថ្ងៃទី៩ សីហា អាមេរិកបានទម្លាក់គ្រាប់បែកនុយក្លេអ៊ែរមួយគ្រាប់ទៀត (ដែលគេឲ្យឈ្មោះថា « Fat
Man ») ទៅលើទីក្រុងណាកាសាគី។ ការវាយប្រហារដោយគ្រាប់បែកនុយក្លេអ៊ែរទាំងពីរគ្រាប់នេះ បានបណ្តាលឲ្យប្រជាជនជប៉ុនប្រមាណ
១២ម៉ឺននាក់ត្រូវស្លាប់ភ្លាមៗ (ដោយមិនទាន់រាប់អ្នកស្លាប់ក្រោយៗមកទៀត ដោយសារធាតុវិទ្យុសកម្ម) ហើយនៅថ្ងៃទី១៥ សីហា អធិរាជហ៊ីរ៉ូហ៊ីតូក៏បានប្រកាសចុះចាញ់សង្រ្គាមដោយឥតលក្ខខណ្ឌ។ កិច្ចព្រមព្រៀងចុះចាញ់សង្រ្គាមនេះត្រូវបានចុះហត្ថលេខាដោយជប៉ុន និងសហរដ្ឋអាមេរិក
នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ជាថ្ងៃដែលសង្រ្គាមលោកលើកទី២ត្រូវបញ្ចប់ជាផ្លូវការ៕