Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

សង្រ្គាមលោកលើកទី១៖ អាមេរិកឈានជើងចូលក្នុងសង្រ្គាម រុស្ស៊ីដកខ្លួនថយ

     នៅ​ពេល​ដែល​សង្រ្គាម​លោក​លើកទី១​ចាប់ផ្តើម​ផ្ទុះឡើង នៅ​ឆ្នាំ​១៩១៤ កងទ័ព​អាល្លឺម៉ង់​ត្រូវ​ប្រឈមមុខ​នឹង​​សមរភូមិ​​​ទាំង​ពីរទិស គឺ​​បារាំង (ដែលមាន​ជំនួយ​ពី​អង់គ្លេស) នៅ​ទិស​ខាង​លិច និង​ចក្រភព​រុស្ស៊ី នៅ​ទិស​ខាងកើត។
         នៅ​ដើមខែ​សីហា ឆ្នាំ​១៩១៤ អាល្លឺម៉ង់​បាន​លើកទ័ព​វាយសម្រុក​ចូល​តាម​ប្រទេស​ប៊ែលហ្ស៊ិក សំដៅ​ចូល​កាន់​កាប់​ប្រទេស​បារាំង។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា អាល្លឺម៉ង់​ត្រូវ​បង្វែរ​កងទ័ព​មួយ​ផ្នែក​ធំ យក​ទៅ​ទប់ទល់​នឹង​កងទ័ព​រុស្ស៊ី ដែល​វាយលុក​ចូល​ក្នុង​​តំបន់​ប៉ែក​ខាង​កើត​អាល្លឺម៉ង់ និងក្នុង​​​ដែនដី​ប៉ូឡូញ ដែល​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​អាល្លឺម៉ង់។
         នៅ​ចុងខែ​សីហា កងទ័ព​អាល្លឺម៉ង់ ដោយ​មាន​ជំនួយ​ពី​កងទ័ព​អូទ្រីស​​បាន​វាយ​បំបាក់​កងទ័ព​រុស្ស៊ី លែង​ឲ្យ​រុល​ទៅមុខ​ទៀត​បាន។ ក៏ប៉ុន្តែ ការ​បំបែក​កងទ័ព​ជា​ពីរ​មុខព្រួញ​បាន​ធ្វើ​ឲ្យ​កងទ័ព​អាល្លឺម៉ង់​ត្រូវ​ ធ្លាក់​ចុះខ្សោយ នៅ​​ក្នុង​សមរភូមិ​ប៉ែក​ខាងលិច ហើយ​ត្រូវ​​កងទ័ព​បារាំង ដែល​មាន​ជំនួយ​ពី​កងទ័ព​អង់គ្លេស វាយ​ទប់ស្កាត់​មិន​ឲ្យ​វាយលុក​ចូល​កាន់កាប់​ក្រុង​ប៉ារីស​បាន។
            នៅ​ក្នុង​រយៈពេល ៣ឆ្នាំ បន្តមកទៀត សង្រ្គាម​លោក​លើកទី១​ត្រូវ​ស្ថិត​ក្នុង​ស្ថានភាព​គ្មាន​អ្នក​ឈ្នះ គ្មាន​អ្នក​ចាញ់។ ​នៅ​ខាង​លិច​កងទ័ព​​អាល្លឺម៉ង់​ និង​កងទ័ព​បារាំង​ ប្រឈមមុខ​ដាក់គ្នា ក្នុង​សង្រ្គាម​លេណដ្ឋាន។ ចំណែក​ឯ​នៅ​សមរភូមិ​ខាង​កើតវិញ ទាហាន​អាល្លឺម៉ង់ និង​ទាហាន​រុស្ស៊ី បាន​វាយ​រុញច្រាន​គ្នា​ទៅវិញ​ទៅមក ដោយ​​គ្មាន​ខាង​ណា​អាច​វាយបំបាក់​គូបដិបក្ខ​ឲ្យ​បរាជ័យ​ទាំងស្រុង​បាន។
       ក៏ប៉ុន្តែ មកដល់​ចុងឆ្នាំ​១៩១៧ ការវិវឌ្ឍ​ដ៏​សំខាន់មួយ​បាន​កើតឡើង នៅ​សមរភូមិ​ខាង​កើត​។ ប្រជាជន​រុស្ស៊ី ដែល​ភាគច្រើន​ជា​​កម្មករ និង​កសិករ​ក្រីក្រ ចាប់ផ្តើម​ធុញទ្រាន់នឹង​សង្រ្គាម​កាន់តែ​ខ្លាំង ហើយ​ចលនា​ប្រឆាំង​នឹង​របបរាជានិយម​ផ្តាច់ការ​រុស្ស៊ី​ក៏​កើតមាន​កាន់តែ​ ច្រើន រហូត​ផ្ទុះ​ទៅ​ជា​ចលនា​បដិវត្តន៍​ផ្តួលរំលំ​ស្តេចត្សារ៍ ​នីកូឡាទី២ និង​បង្កើត​ទៅ​ជា​របបកុម្មុយនិស្ត​ដឹកនាំ​ដោយ​លេនីន នៅ​ខែ​តុលា​ ឆ្នាំ​១៩១៧។ គ្រាន់តែ​បាន​ឡើង​មក​កាន់​អំណាច​ភ្លាម លេនីន​ក៏បាន​សម្រេច​​ឲ្យ​រុស្ស៊ី​ដកខ្លួន​ចេញ​ពី​សង្រ្គាម​លោក​លើកទី១ ដោយ​បាន​ចុះ​យុទ្ធសន្តិភាព​ជាមួយ​​អាល្លឺម៉ង់ និង​សម្ព័ន្ធមិត្ត នៅ​ខែ​ធ្នូ ឆ្នាំ​១៩១៧។
        ការដកខ្លួន​ថយ​របស់​រុស្ស៊ី បាន​ធ្វើ​ឲ្យ​អាល្លឺម៉ង់​ធូរ​ចិត្ត និង​ធូរ​កម្លាំង​ច្រើន ដោយ​អាច​​បង្វែរ​កម្លាំង​ទ័ព យក​ទៅ​ប្រមូល​ផ្តុំ នៅសមរភូមិ​ខាងលិច គឺ​នៅ​ប្រទេស​បារាំង។ ក៏ប៉ុន្តែ នៅ​ពេលនោះ បក្សសម្ព័ន្ធ បារាំង និង​អង់គ្លេស ថ្វីដ្បិត​តែ​បាត់បង់​រុស្ស៊ី​មួយ តែ​​បាន​ទទួល​​​ជំនួយ​ពី​ប្រទេស​មួយ​ថ្មី​មក​ជំនួស​វិញ គឺ​សហរដ្ឋ​អាមេរិក ដែល​ចូល​អន្តរាគមន៍​ក្នុង​សង្រ្គាម​លោក​លើកទី១ នៅ​ក្នុង​ឆ្នាំ​១៩១៧​នោះដែរ។
     ចាប់តាំង​ពី​មុន​ពេល​ផ្ទុះ​សង្រ្គាម​លោក​លើកទី១ សហរដ្ឋ​អាមេរិក ដែល​យល់ថា ខ្លួន​ជា​ប្រទេស​នៅ​ដាច់ឆ្ងាយ​ពីគេ ហើយ​មាន​មហាសមុទ្រ​ធំៗ​ពីរ​នៅ​សងខាង ដើម្បី​ជា​ខែល​ការពារ​ខ្លួន ​តែងតែ​ប្រកាន់​យក​នូវ​នយោបាយ​ការពារជាតិ និង​​នយោបាយ​ការបរទេស​ ដែល​ឈរលើ​​មនោគមន៍​វិជ្ជា ឯកោនិយម (Isolationism)​ ពោលគឺ អាមេរិក​​មិន​លូកដៃ​ចូល​ទៅ​ធ្វើ​អន្តរាគមន៍ នៅ​បរទេស ដើម្បី​បញ្ចៀស​កុំ​ឲ្យ​​នាំ​បញ្ហា​ដល់​សន្តិសុខ​ជាតិ​របស់​ខ្លួន។
     នៅពេល​ដែល​​សង្រ្គាម​លោក​លើកទី១​ផ្ទុះឡើង នៅ​ឆ្នាំ​១៩១៤ រហូត​ដល់​ឆ្នាំ​១៩១៧ លោក​វូដ្រូ   វីលសុន (Woodrow Wilson) ​ប្រធានាធិបតី​អាមេរិក បាន​ព្យាយាម​រក្សា​ជំហរ​អព្យាក្រឹត ដើម្បី​បញ្ចៀស​កុំ​ឲ្យ​​​អាមេរិក​ផុងខ្លួន​ក្នុង​សង្រ្គាម​ជាមួយ​អឺរ៉ុប។ ពលរដ្ឋ​អាមេរិក​ភាគច្រើន​ ដែល​ប្រកាន់​ជំហរ​សន្តិភាព​និយម ក៏​បាន​គាំទ្រ​ជំហរ​អព្យាក្រឹត​នេះ​ដែរ។ ក៏ប៉ុន្តែ អ្នកដែល​ទាញ​អាមេរិក​ឲ្យ​​ធ្លាក់ចូល​ទៅ​ក្នុង​សង្រ្គាម​លោក​លើកទី១ គឺ​អាល្លឺម៉ង់។
 
លោក Woodrow Wilson ប្រធានាធិបតី​អាមេរិក​ដែល​ប្រកាស​សង្រ្គាម​លើ​អាល្លឺម៉ង់ ក្នុង​សង្រ្គាម​លោក​លើកទី១
      
      អាល្លឺម៉ង់ ដែល​ចង់​ខ្ទប់ដង្ហើម​សេដ្ឋកិច្ច​អង់គ្លេស បាន​ប្រើ​នាវាមុជទឹក ធ្វើការ​វាយប្រហារ​​ដោយ​ឥតរើស​មុខ​ទៅលើ​នាវា​​ដឹកទំនិញ ដែល​ធ្វើ​ដំណើរ​​ចេញ​ចូល​ប្រទេស​អង់គ្លេស។ នៅ​ខែ​ឧសភា ឆ្នាំ​១៩១៥ នាវាមុជទឹកអាល្លឺម៉ង់​បាន​បាញ់​ពន្លិច​នាវា​ដ៏​ធំ​មួយ​របស់​អង់គ្លេស បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដំណើរ​​ជាង​១ពាន់នាក់​ ដោយ​ក្នុងនោះ រួមមាន​ពលរដ្ឋ​អាមេរិក ១២០នាក់។
 
ការ​បាញ់​ពន្លិចនាវាដឹកទំនិញ​អង់គ្លេស​និង​អាមេរិក ​ដោយ​នាវាមុជទឹក​អាល្លឺម៉ង់ គឺ​ជា​ដើមហេតុ​ដែល​នាំ​ឲ្យ​អាមេរិក​ប្រកាស​សង្រ្គាម​លើ​អាល្លឺម៉ង់
        ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ផ្នែក​ការទូត រវាង​អាមេរិក និង​អាល្លឺម៉ង់។ ក៏ប៉ុន្តែ ក្រៅ​ពី​ធ្វើការ​តវ៉ា​តាមផ្លូវ​ទូត អាមេរិក​មិនបាន​​​ចាត់វិធានការ​អ្វី​​​តបត​ទៅ​អាល្លឺម៉ង់វិញ​នោះទេ។ តែ​ទោះជា​យ៉ាងណា​ ​ពលរដ្ឋ​អាមេរិក​វិញ ដែល​ធ្លាប់​តែ​ប្រកាន់​ជំហរ​សន្តិភាព​និយម ក៏​​ចាប់ផ្តើម​មានគំនិត​ប្រឆាំង​នឹង​អាល្លឺម៉ង់។
       នៅ​​ខែមករា​ឆ្នាំ​១៩១៧ នៅ​ពេល​ដែល​សង្រ្គាម​នៅ​អឺរ៉ុប​អូសបនា្លយ​ពេល​​កាន់តែ​យូរ​ជាង​ការ​រំពឹង​ ទុក អាល្លឺម៉ង់​ ដែល​ចង់​កាត់ផ្តាច់​ផ្លូវ​ដឹកជញ្ជូន​តាម​សមុទ្រ​របស់​បច្ចាមិត្ត ក៏​បាន​ប្រកាស​បង្កើន​ការ​វាយប្រហារ​ដោយ​ឥតរើស​មុខ ទៅលើ​រាល់​នាវា​ទាំងអស់ ដែល​ធ្វើ​ដំណើរ​​​ចេញចូល​ប្រទេស​ជាប់សង្រ្គាម ដែល​មាន​ន័យថា នាវា​ដែល​បើក​ឆ្លងកាត់​មហាសមុទ្រ​អាត្លង់ទិក​ រវាង​សហរដ្ឋ​អាមេរិក និង​​​អង់គ្លេស ក៏​នឹង​ត្រូវ​ទទួល​រងនូវ​ការ​វាយប្រហារ​ដោយ​មិន​ប្រាប់​ជាមុន​នោះដែរ។
        ៣ថ្ងៃ​ក្រោយ​ការ​ប្រកាស​នេះ អាមេរិក​ក៏​បាន​ប្រកាស​ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​អាល្លឺម៉ង់ ក៏ប៉ុន្តែ នៅតែ​មិន​ចូល​អន្តរាគមន៍​ក្នុង​សង្រ្គាម។ រហូត​ដល់​ខែ​មេសា ឆ្នាំ​១៩១៧ នៅ​ក្រោយ​ពេល​ដែល​​​នាវាមុជទឹក​អាល្លឺម៉ង់​បាញ់​ពន្លិចនាវាដឹកទំនិញ ៤គ្រឿង​​របស់​អាមេរិក ទើប​លោក​ប្រធានាធិបតី​វីលសុន​ ស្នើ​កោះ​ប្រជុំ​សភា​អាមេរិក​ជា​បន្ទាន់ ដើម្បី​ប្រកាស​សង្រ្គាម​លើ​អាល្លឺម៉ង់។ នៅ​ខែ​វិច្ឆិកា​ឆ្នាំ​ដដែល ទាហាន​អាមេរិក​បាន​ចាប់ផ្តើម​ធ្វើ​ដំណើរ​ទៅដល់​ប្រទេស​បារាំង ដើម្បី​ជួយ​ទាហាន​​បារាំង និង​អង់គ្លេស វាយ​តទល់​នឹង​ទាហាន​អាល្លឺម៉ង់។ តាមពិត នៅ​ពេលនោះ អាមេរិក​មិន​ទាន់​ជា​មហាអំណាច​យោធា ដូច​បណ្តា​ប្រទេស​អឺរ៉ុប​នោះទេ។ ទាហាន​អាមេរិក​មាន​ចំនួន​ក៏តិច មិនសូវ​មាន​​ការ​ហ្វឹកហ្វឺន និង​បទពិសោធន៍​ក្នុងការ​ធ្វើ​សង្រ្គាម ហើយ​ក៏​មិន​សូវ​មាន​អាវុធ​យុទ្ធភ័ណ្ឌ​ទំនើបៗ​ប៉ុន្មាន​ដែរ។ ក៏ប៉ុន្តែ អន្តរាគមន៍​របស់​អាមេរិក​ គឺ​ជា​របត់​ដ៏​សំខាន់​មួយ​នៃ​សង្រ្គាម។
            អាមេរិក​ ថ្វីដ្បិត​តែ​មាន​ទាហាន​តិច ក៏ប៉ុន្តែ មាន​សមត្ថភាព​កេណ្ឌ​ទ័ព​បាន​រាប់លាន​នាក់​ នៅ​ក្នុង​ពេល​ដ៏ខ្លី។ ម្យ៉ាងទៀត នៅ​ក្នុង​ពេល​ដែល​ទាហាន​អឺរ៉ុប ទាំង​ទាហាន​បារាំង និង​អង់គ្លេស និង​ទាហាន​អាល្លឺម៉ង់ សុទ្ធតែ​ទទួល​រងនូវការ​ខូចខាត​យ៉ាង​ដំណំ​ទាំង​ខាង​ផ្លូវកាយ និង​ផ្លូវ​ចិត្ត ពី​ការ​វាយប្រយុទ្ធគ្នា ដោយ​គ្មាន​អ្នកឈ្នះ គ្មាន​អ្នក​ចាញ់ អស់រយៈពេល​ជាង ៣ឆ្នាំ​មក​ហើយ​នោះ ទាហាន​អាមេរិកវិញ គឺ​ជា​កម្លាំង​ថ្មី។
       ដោយសារ​តែ​មាន​ជំនួយ​ពី​​កម្លាំង​ថ្មី​នេះ​ហើយ ទើប​​បារាំង និង​អង់គ្លេស​​ចាប់ផ្តើម​មាន​ប្រៀប​លើ​សមរភូមិ។ នៅ​ខែ​សីហា ឆ្នាំ​១៩១៨ កងទ័ព​សម្ព័ន្ធមិត្ត​ក៏​បាន​ចាប់ផ្តើម​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ វាយរុញច្រាន​កងទ័ព​អាល្លឺម៉ង់​​ឲ្យ​​ដកថយ​បន្តិចម្តងៗ​ចេញ​ពី​ប្រទេស​ បារាំង។
    អាល្លឺម៉ង់​ដែល​ទទួល​បរាជ័យ​នៅ​ស្ទើរតែ​គ្រប់​សមរភូមិ ក៏​សុខចិត្ត​ចរចា​សុំ​ចុះ​ចាញ់ ហើយ​​ ​ចុះ​ហត្ថលេខា​លើ​បទ​ឈប់​បាញ់ នៅ​ថ្ងៃ​ទី១១​ ខែ​វិច្ឆិកា ឆ្នាំ​១៩១៨ មុននឹង​ឈាន​ទៅ​ចុះ​សន្ធិសញ្ញា​សន្តិភាព​ នៅ​ទីក្រុង​ Versailles (ប្រទេស​បារាំង) ដើម្បី​បញ្ចប់​សង្រ្គាម​លោក​លើកទី១​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ​១៩១៩៕