Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

ផលវិបាកដែលបន្សល់ទុកដោយសង្រ្គាមលោកលើកទី១

     នៅថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​១៩១៨ នៅ​វេលា​ម៉ោង ១១​ព្រឹក ស្នូរជួង​បាន​បន្លឺឡើង នៅ​តាម​បណ្តា​​​វិហារ​កាតូលិក​ទាំងអស់ នៅ​ទូទាំង​​ប្រទេស​បារាំង ដើម្បី​អបអរ​សាទរ​បទឈប់​បាញ់ ដែល​បាន​ចុះ​ដោយ​ភាគី​ជម្លោះ នៅ​ក្នុង​សង្រ្គាម​លោក​លើកទី១។ គេ​ត្រូវ​រង់ចាំ​រហូត​ដល់​ថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ​បន្ទាប់ ទើប​សន្ធិសញ្ញា​សន្តិភាព​មួយ​ត្រូវ​បាន​ចុះ​ហត្ថលេខា នៅ​ទីក្រុង Versailles ប្រទេស​បារាំង ដើម្បី​បញ្ចប់​​សង្រ្គាម​ជា​ផ្លូវការ ក៏ប៉ុន្តែ រាល់​ការ​វាយប្រយុទ្ធគ្នា​នៅលើ​សមរភូមិ​ត្រូវ​បាន​បញ្ចប់ ចាប់ពីថ្ងៃ​ទី១១ ខែ១១ ម៉ោង ១១ ឆ្នាំ​១៩១៨។
        ការវាយប្រយុទ្ធគ្នា អស់រយៈពេល ៤ឆ្នាំ ៤ខែ ក្នុង​សង្រ្គាម​លោក​លើកទី១ បាន​បន្សល់ទុក​នូវ​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​ដល់​បណ្តា​ប្រទេស​ជាប់ជម្លោះ ទាំងផលវិបាក​​ខាង​ប្រជាសាស្រ្ត ភូមិសាស្រ្ត​នយោបាយ សេដ្ឋកិច្ច សង្គម និង​វប្បធម៌។
      គិតជាសរុប សង្រ្គាម​លោកលើកទី១​បាន​សម្លាប់​ជីវិត​មនុស្ស​ប្រមាណ​ ១៧លាននាក់ ក្នុងនោះ មាន​ទាហាន ១០លាននាក់ និង​ជនស៊ីវិល ៧លាន​នាក់។ ចំនួន​អ្នក​របួស​វិញ មានរហូត​ដល់​ទៅ​ប្រមាណ​ជា ២០លាននាក់។ ប្រទេស​ដែល​ទទួល​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ជាងគេ គឺ​អាល្លឺម៉ង់ និង​បារាំង។
 
វិមានសព​កងទ័ព​បារាំង ដែល​ពលី​ជីវិត​នៅ​ក្នុង​សង្រ្គាម​លោក​លើកទី១
            ក្រៅពីការ​បាត់បង់​ជីវិត​មនុស្ស សង្រ្គាម​លោក​លើកទី១ ក៏​បាន​បង្កការខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ផងដែរ ខាង​ផ្នែក​សេដ្ឋកិច្ច ជាពិសេស ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​បាត់បង់​កម្លាំង​ពលកម្ម។ ម្យ៉ាងទៀត ប្រទេស​ជាប់ជម្លោះ​នីមួយៗ​​សុទ្ធតែ​បាន​នាំគ្នា​​ចំណាយ​លុយ​រាប់​សិបពាន់លាន ​​ដុល្លារក្នុងការ​ធ្វើ​សង្រ្គាម ហើយ​ភាគច្រើន​លុយ​ទាំងនេះ​បាន​មក​ពី​ការ​ខ្ចី​បំណុល ទាំង​នៅ​ក្នុង ​និង​ក្រៅ​ប្រទេស។
         ក្រោយ​ពី​សង្រ្គាម​បញ្ចប់​ទៅ បំណុល​អស់​ទាំងនេះ​ក៏​ត្រូវ​ដល់​ពេល​សងគេ​វិញ ហើយ​ក្នុង​ពេល​ជាមួយ​គ្នា តម្រូវការ​ចំណាយ​ក៏​មាន​ច្រើន ដើម្បី​ស្តារ​ការ​ខូចខាត​ ជាពិសេស ខាង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ត្រូវ​បំផ្លិចបំផ្លាញ​ដោយសារ​សង្រ្គាម ចំណែក​ឯ​សេដ្ឋកិច្ច​វិញ​ក៏​មិនមាន​កំណើន ដោយសារ​តែ​ខ្វះខាត​កម្លាំង​ពលកម្ម។
      ប្រឈមមុខ​នឹង​បញ្ហា​នេះ ប្រទេស​នីមួយៗ​បាន​នាំគ្នា​ធ្វើការ​បោះពុម្ពលុយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ដើម្បី​យក​មក​បង្រ្គប់​ការ​ចំណាយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អត្រាអតិផរណា​ត្រូវ​កើនឡើង​ខ្ពស់​កប់ពពក ជាពិសេស នៅ​អាល្លឺម៉ង់។ នៅ​អំឡុង​ចុងឆ្នាំ​១៩២៣ លុយ​ម៉ាក (Mark) របស់​អាល្លឺម៉ង់​បាន​ធ្លាក់ថ្លៃ​ដល់​កម្រិត​ទាប​បំផុត ​ស្ទើរតែ​លែង​មាន​តម្លៃ​អ្វី​ទាំងអស់ ពោលគឺ ជាង​៤ពាន់ពាន់លាន​ម៉ាក (៤ ០០០ ០០០ ០០០ ០០០) ទើប​ដូរ​បាន​មួយ​ដុល្លារ​អាមេរិក។
      នៅ​ក្នុង​ពេល​ដែល​អឺរ៉ុប​កំពុង​ប្រឈមមុខ​នឹង​ភាពចលាចល​ខាង​ផ្នែក​សេដ្ឋកិច្ច និង​រូបិយវត្ថុ សហរដ្ឋ​អាមេរិក​វិញ ដែល​បាន​ផ្តល់​ប្រាក់​កម្ចី​រាប់ពាន់លាន​ដុល្លារ ដល់​បណ្តា​ប្រទេស​អឺរ៉ុប ដើម្បី​យក​ទៅ​ធ្វើ​សង្រ្គាម ក៏បាន​លេចមុខ​ឡើង​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក។ មណ្ឌល​ហិរញ្ញវត្ថុ​ពិភពលោក​លែង​ស្ថិត​នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ដូចជា​ពីពេល​មុន​ទៀត​ហើយ ក៏ប៉ុន្តែ ទៅស្ថិតនៅ​ឯ​ទីក្រុង​ញូវយ៉ក​ សហរដ្ឋ​អាមេរិក​ឯណោះវិញ។
       សង្រ្គាម​លោក​លើកទី១​ក៏​បាន​បង្ក​ផលវិបាក​ខាង​ផ្នែក​ភូមិសាស្រ្ត​នយោបាយ​ យ៉ាង​សម្បើម​ផងដែរ ដល់​តំបន់​អឺរ៉ុប។ របបរាជានិយម​​ត្រូវ​ដួលរលំ​ជា​បន្ត​បន្ទាប់ ដោយ​នាំ​យក​ទៅ​ជាមួយ​នូវ​​ក្រុមគ្រួសារ​រាជវង្ស​ធំៗ ដែល​ធ្លាប់តែ​​គ្រប់គ្រង​អឺរ៉ុប​ជាច្រើន​តំណ​កន្លងមកហើយ។
        ចក្រភព​ធំៗ​​នៅ​អឺរ៉ុប រួមមាន ចក្រភព​អាល្លឺម៉ង់ អូទ្រីសហុងគ្រី រុស្ស៊ី និង​អូតូម៉ង់​ត្រូវ​ដួលរលំ ដោយ​បែក​ខ្ញែក​គ្នា​ទៅ​ជា​ប្រទេស​តូចៗ​ជាច្រើន ដូចជា ប្រទេស​អូទ្រីស ហុងគ្រី ឆេកូស្លូវ៉ាគី ប្រទេស​ក្នុង​អតីត​យូហ្គោស្លាវី កើតចេញ​ពី​ការដួលរលំ​នៃ​ចក្រភព​អូទ្រីសហុងគ្រី ​ប្រទេស​ហ្វាំងឡង់ និង​ប្រទេស​ជុំវិញ​សមុទ្រ​បាល់ទិក​​ កើតចេញ​ពី​ការ​ដួលរលំ​នៃ​ចក្រភព​រុស្ស៊ី ចំណែក​តួកគី និង​បណ្តា​ប្រទេស​ជាច្រើន​ផ្សេងទៀត នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​សព្វថ្ងៃ កើតចេញ​ពី​ការ​ដួលរលំ​នៃ​ចក្រភព​អូតូម៉ង់។


ពិធី​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព ក្រុង Versailles ថ្ងៃ​ទី២៨ មិថុនា ឆ្នាំ​១៩១៩
         
       នៅ​អាល្លឺម៉ង់ របបរាជានិយម​​របស់​ព្រះបាទ Wilhem II ត្រូវ​ដួលរលំ ហើយ​បង្កើត​ទៅជា​របបសាធារណរដ្ឋ​ ដែល​គេ​ឲ្យឈ្មោះ​ថា សាធារណរដ្ឋ​វ៉ៃម៉ា (Weimar)។ តំបន់​អាល់សាស់-ឡូរ៉ែន (Alsace-Lorraine) ដែល​អាល្លឺម៉ង់​ដណ្តើម​យក​ពី​បារាំង កាល​ពី​អំឡុង​សង្រ្គាម​អាល្លឺម៉ង់-បារាំង ឆ្នាំ​១៨៧១ ត្រូវ​បាន​កាត់​ប្រគល់​ទៅ​ឲ្យ​ប្រទេស​បារាំង​វិញ។ លើសពីនេះ​ទៅទៀត អាល្លឺម៉ង់​ ដែល​ជា​ប្រទេស​ចាញ់​សង្រ្គាម ត្រូវគេ​បង្ខំ​ឲ្យ​សង​ការ​ខូចខាត រហូត​ដល់​ទៅ​ជាង រាប់ពាន់លាន​ដុល្លារ ដល់​ប្រទេស​ដែល​ជា​អ្នក​ឈ្នះ​សង្រ្គាម។ សន្ធិសញ្ញា​សន្តិភាព​ក្រុង​ Versailles ក៏​បាន​តម្រូវ​ផងដែរ​ឲ្យ​អាល្លឺម៉ង់​កាត់បន្ថយ​ចំនួន​កងទ័ព​ឲ្យ​នៅ​យ៉ាង​ ច្រើន​បំផុត​ត្រឹម ១០ម៉ឺននាក់ ហើយ​ការ​ផលិត​គ្រឿង​សព្វាវុធ​ធុនធ្ងន់ ដូចជា រថក្រោះ យន្តហោះ​ចម្បាំង និង​នាវាច​ម្បាំង​ធំៗ​ក៏​ត្រូវ​បាន​ហាមឃាត់។
       ការ​ដាក់​កម្រិត​​​​បែបនេះ ត្រូវ​បាន​ធ្វើឡើង ក្នុងគោលដៅ​បញ្ចៀស​កុំ​ឲ្យ​មហិច្ឆតា​ឈ្លានពាន​ពង្រីក​ទឹកដី​របស់​អាល្លឺម៉ង់ ​ត្រូវ​ផ្ទុះឡើងវិញ ហើយ​បង្ក​ទៅ​ជា​សង្រ្គាម​សាជាថ្មី​ទៀត។ ក្នុងពេល​ជាមួយ​គ្នា ស្ថាប័ន​អន្តរជាតិ​ដ៏ថ្មី​ស្រឡាង​មួយ​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ដែរ គឺ​ សង្គមប្រជាជាតិ (League of Nations/Société des nations) ក្នុង​បេសកកម្ម​ធានា​ឲ្យ​បាន​នូវ​សុខសន្តិភាព​នៅទូទាំង​ពិភពលោក​។ ក៏ប៉ុន្តែ ទាំង​ការ​បង្កើត​សង្គមប្រជាជាតិ និង​ទាំង​ការ​ដាក់​កម្រិត​ផ្នែក​យោធា​ដល់​អាល្លឺម៉ង់ មិន​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​បញ្ចៀស​ពិភពលោក​ពី​សង្រ្គាម​សាជាថ្មី​ទៀត​ នោះទេ។
     ប្រជាជន​អាល្លឺម៉ង់​ជាច្រើន​យល់ថា សន្ធិសញ្ញា​ក្រុង​ Versailles មាន​ភាព​អយុត្តិធម៌​ច្រើន​ចំពោះ​អាល្លឺម៉ង់ ហើយ​មិនយូរ​ប៉ុន្មាន​ រដ្ឋាភិបាល​អាល្លឺម៉ង់​ក៏​ចាប់ផ្តើម​ឈប់​​​គោរព​ទៅតាម​បម្រាម ដែល​មាន​ចែង​នៅ​ក្នុង​សន្ធិសញ្ញា​សន្តិភាព ហើយ​បាន​លួច​​ផលិត​គ្រឿងសព្វាវុធ​ទំនើបៗ និង​បង្កើត​កម្លាំង​ទ័ព​របស់​ខ្លួន​ឡើងវិញ។ ចំណែក​ឯ​សង្គមប្រជាជាតិវិញ គឺ​ជា​ស្ថាប័ន​ដែល​មិនមាន​អំណាច ដោយសារ​តែ​បណ្តា​ប្រទេសធំៗ​មួយ​ចំនួន ជាពិសេស សហរដ្ឋ​អាមេរិក បាន​បដិសេធ​មិនព្រម​ចូល​ជា​សមាជិក។
     ប្រមាណ​ជា ២០ឆ្នាំ ក្រោយ​ការ​បញ្ចប់​សង្រ្គាម​លោក​លើកទី១ សង្រ្គាម​លោក​មួយថ្មី​ទៀត ក៏​ត្រូវ​ផ្ទុះឡើង នៅ​ឆ្នាំ​១៩៣៩ ហើយ​សង្រ្គាម​ថ្មី​នេះ​បង្ក​ឲ្យ​មាន​ការ​ខូចខាត​កាន់តែ​ធ្ងន់ធ្ងរ​ជាង​ សង្រ្គាម​លោក​លើកទី១​ទៅទៀត៕