Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

ភេរវកម្ម១១កញ្ញា៖ ដំណើររឿងនៃការវាយប្រហារ ភេរវកម្មដែលនឹងធ្វើឲ្យពិភពលោកត្រូវផ្លាស់ប្តូរ

នៅព្រឹកព្រលឹម​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០០១ ម៉ោង ៦ និង​៤៥នាទី នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្រុង​បូស្តុន ភេរវជន ១០នាក់ ចែកចេញ​ជាពីរ​ក្រុម​ កំពុង​រៀបចំ​ឡើង​យន្តហោះ ក្នុងជើងហោះហើរ​ពីរ​ដាច់​ពីគ្នា គឺ​ជើងហោះហើរ​លេខ​១១ របស់​ក្រុមហ៊ុន Amercian Airlines ពី​បូស្តុន​​ទៅ Los Angeles និង​មួយទៀត គឺ​ជើងហោះហើរ​លេខ ១៧៥ នៃ​ក្រុមហ៊ុន United Airlines ឆ្ពោះទៅកាន់​ទីក្រុង Los Angeles ដូចគ្នា។

នៅ​ក្នុង​អំឡុង​ពេល​ប្រហាក់ប្រហែល​គ្នា​នោះ ភេរវជន​២ក្រុមផ្សេងទៀត កំពុង​រៀបចំ​ឡើង​យន្តហោះ នៅ​ឯ​ព្រលាន​យន្តហោះ​ពីរផ្សេងទៀត គឺ​ជើងហោះហើរ​លេខ ៩៣ របស់​ក្រុមហ៊ុន United Airlines ពី Newark​ (New Jersey) ទៅកាន់​ San Francisco និង​ ជើងហោះហើរ​លេខ​ ៧៧ របស់​ក្រុមហ៊ុន American Airlines ពីព្រលាន​យន្តហោះ​អន្តរជាតិ Dulles ក្បែរ​រដ្ឋធានីវ៉ាស៊ីងតោន ឆ្ពោះ​ទៅកាន់​ទីក្រុង Los Angeles
 
អគារ​ភ្លោះ​ World Trade Center នៅ​ទីក្រុង​ញូវយ៉ក នៅ​ពេល​ដែល​ត្រូវ​ភេរវជន​បើក​យន្តហោះ​បុក នៅ​ព្រឹកថ្ងៃ​ទី១១ កញ្ញា ២០០១
 
ម៉ោង ៨ និង​១៩នាទី ២០នាទី​ក្រោយ​ពី​ជើងហោះហើរ​លេខ១១ ហោះចេញ​ពី​ព្រលាន​យន្តហោះ​ក្រុង​បូស្តុន ក្រសួង​ស៊ើបអង្កេត FBI ទទួល​ទូរស័ព្ទ​ពី​នារី​អ្នក​បម្រើការ​លើ​យន្តហោះម្នាក់​ ដែល​​បាន​ប្រាប់​ថា យន្តហោះ​ត្រូវ​បាន​ក្រុម​ភេរវជន​ចាប់ពង្រត់។ នៅលើ​យន្តហោះ គឺ​មហាម៉េដ អាតា មេក្រុម​ភេរវជន ដែល​​ជា​អ្នក​បញ្ជាយន្តហោះ ក្រោយ​ពី​បាន​វាយប្រហារ​ទៅលើ​អ្នក​បើក​យន្តហោះ​ទាំងពីរ​រូប។ មហាម៉េដ អាតា បាន​ប្រាប់​អ្នក​ដំណើរ​លើ​យន្តហោះ​ទាំងអស់​ឲ្យ​រក្សាភាព​​ស្ងាត់ស្ងៀម ដោយសន្យា​ថា នឹង​បើក​យន្តហោះ​ត្រឡប់​ទៅកាន់​ព្រលាន​យន្តហោះវិញ។​

ម៉ោង ៨ និង​៤០នាទី កងឯកភាព​ការពារដែន​អាកាស​អាមេរិក​បាន​ចេញ​បញ្ជា​ឲ្យ​យន្តហោះ​ចម្បាំង​ ពីរគ្រឿង ហោះ​ទៅ​ស្ទាក់​យន្តហោះ​ដែល​ត្រូវ​ភេរវជន​ចាប់ពង្រត់ ក៏ប៉ុន្តែ យន្តហោះ​ចម្បាំង​ទាំងពីរ​គ្រឿង​នៅមិនទាន់​បាន​ហោះចេញ​ពី​មូលដ្ឋាន​ទ័ព​អាកាស ​ផង នៅ​ម៉ោង ៨ និង​៤៦នាទី យន្តហោះ​នៃ​ជើងហោះហើរ​លេខ​១១ ដែល​ជា​ប្រភេទ​យន្តហោះ​ធុន ៧៦៧ ដឹកអ្នក​ដំណើរ​ចំនួន ៩២នាក់ ត្រូវ​បាន​មហាម៉េដ អាតា បើកទៅបុក​ អគារ​ទីមួយ​នៃ​អគារភ្លោះ​ World Trade Center

ប្រមាណ​ជា ១៥នាទី​ក្រោយ​មក​ទៀត នៅ​ម៉ោង ៩ និង​៣នាទី នៅ​ក្នុងពេល​ដែល​ក្រសែភ្នែក​មនុស្សម្នា​ជាច្រើន ព្រមទាំង​កាមេរ៉ា​ជាច្រើន​គ្រឿង​កំពុងតែ​សំឡឹង​មើល និង​ផ្តិត​យក​រូបភាព​អគារ​ទីមួយ​នៃ World Trade Center ស្រាប់តែ​យន្តហោះ​មួយគ្រឿងទៀត​ គឺ​យន្តហោះ​ធុន​ប៊ូអ៊ីង ៧៦៧ នៃ​ជើងហោះហើរ​លេខ​១៧៥ ដឹកអ្នក​ដំណើរ​ចំនួន ៦៥នាក់ ពី​បូស្តុន ទៅ Los Angeles ត្រូវ​បាន​ភេរវជន​ក្រុម​ទីពីរ​​​​ហោះ​ទៅ​​​បុក​អគារ​ទីពីរ។

គិត​ត្រឹម​​ពេលនោះ គេ​លែង​មាន​​មន្ទិលសង្ស័យ​អ្វី​ទៀតហើយ​ថា អ្វី​ដែល​កំពុងកើតឡើង​មិនមែន​ជា​គ្រោះថ្នាក់​យន្តហោះ​នោះទេ ប៉ុន្តែ ជា​ការ​វាយប្រហារ​ភេរវកម្ម​​ទៅលើ​សហរដ្ឋ​អាមេរិក។

នៅ​ព្រឹកថ្ងៃ​ទី១១​កញ្ញា ពេល​ដែល​ភេរវជន​បើក​យន្តហោះ​បុកអគារ World Trade Center នៅ​ឯ​ទីក្រុង​ញូវយ៉ក លោក​ចច ដាបិលយូ ប៊ូស កំពុង​បំពេញទស្សនកិច្ច​នៅ​សាលារៀន​មួយកន្លែង នៅ​ក្នុង​រដ្ឋ​ហ្វ្លរីដា។ ម៉ោង ៩ និង​៥នាទី លោក​ប៊ូស​កំពុង​អង្គុយ​ស្តាប់​កូនសិស្ស​សូត្រ​មេរៀន នៅចំពោះ​មុខ​​កាមេរ៉ា និង​អ្នក​សារព័ត៌មាន​ជាច្រើន​នាក់ ស្រាប់តែ​លោក​អេនឌ្រូ ខាដ (Andrew Card) នាយកខុទ្ទកាល័យ​នៃ​សេតវិមាន​​បាន​ចូល​ទៅ​ខ្សិប​ដាក់​ត្រចៀក​ប្រាប់​ដោយ​ខ្លី ​ថា មាន​យន្តហោះ​មួយគ្រឿងទៀត​​បើក​បុកអគារ​ទីពីរ អាមេរិក​កំពុង​ទទួលរង​​ការ​វាយប្រហារ។ ខ្សិបរួចហើយ លោក​អេនឌ្រូ ខាដ ក៏​ដើរចេញ​ទៅវិញ​ភ្លាម ចំណែក​ឯ​លោក​ប៊ូស បន្ត​ស្ថិត​នៅ​ក្នុង​ថ្នាក់រៀន​ជាមួយ​កូនសិស្ស​តាម​កម្មវិធី​ធម្មតា ដើម្បី​ចៀសវាង​មិន​បង្ហាញ​ភាព​ច្រួលច្របល់​ នៅ​ចំពោះ​មុខ​ម៉ាស៊ីនថត។

ប្រមាណ​ជា​ជិត​កន្លះម៉ោងក្រោយ​មក ទើប​លោក​ប៊ូស​ថ្លែងទៅកាន់​អ្នក​សារព័ត៌មាន ដោយ​បាន​បញ្ជាក់ថា អ្វី​ដែល​បាន​កើតឡើង​នៅ​ញូវយ៉ក គឺ​ជា​ការ​វាយប្រហារ​ភេរវកម្ម​ទៅលើ​សហរដ្ឋ​អាមេរិក។ បន្ទាប់​មក​លោក​ប៊ូស​បាន​ឡើង​ជិះ​យន្តហោះ​ប្រធានាធិបតី (Air Force One) ចាកចេញ​ពី​ហ្វ្លរីដា។
 


នៅ​ក្នុង​ពេល​ជាមួយគ្នា​នោះ យន្តហោះ​ដឹកអ្នក​ដំណើរ​ពីរគ្រឿងផ្សេងទៀត​​ សុទ្ធតែ​ត្រូវ​ធ្លាក់​ក្នុងដៃ​ក្រុម​ភេរវជន។ ជើងហោះហើរ​លេខ ៧៧ ដែល​ជា​ប្រភេទ​យន្តហោះ​ធុន​ប៊ូអ៊ីង ៧៥៧ ដឹកអ្នក​ដំណើរ​ចំនួន ៦៤នាក់ ក្នុងទិសដៅ ពី​រដ្ឋធានី​វ៉ាស៊ីងតោន ទៅកាន់​ Los Angeles ត្រូវ​បាន​ក្រុម​ភេរវជន​ហោះ​ទៅបុក​មន្ទីរប៉ង់តាហ្គោន នៅម៉ោង ៩ និង​៣៧នាទី។ ចំណែក​ឯ​ជើងហោះហើរ​លេខ ៩៣ ក្នុងទិសដៅ​ពី New Jersey ទៅកាន់​ San Francisco ត្រូវ​បាន​ក្រុម​ភេរវជន​បញ្ជា​ឲ្យ​ហោះ​សំដៅ​ទៅកាន់​រដ្ឋធានីវ៉ាស៊ីងតោន។ គោលដៅ គឺ​វិមាន​កាពីតូល។

នៅវ៉ាស៊ីងតោន ក្រោយ​ពី​មាន​ការ​វាយប្រហារ​ទៅលើ​មន្ទីរប៉ង់តាហ្គោន បុគ្គលិក​ដែល​កំពុង​ធ្វើការ​នៅ​ឯ​សេតវិមាន និង​វិមាន​កាពីតូល ព្រមទាំង​ទីតាំង​សំខាន់ៗ​មួយ​ចំនួន​ផ្សេងទៀត ត្រូវ​បាន​គេ​ជន្លៀសចេញ​។ ចំណែក​ឯ​មន្រ្តី​រដ្ឋាភិបាល​សំខាន់ៗ ក្នុងនោះ រួមមាន​ទាំង​អនុប្រធានាធិបតី ឌិក ឈេនី ផង​ត្រូវបាន​ជន្លៀស​ទៅ​កាន់​ការិយាល័យ​ក្រោមដី នៃ​សេតវិមាន គឺ​ទីតាំង​ដែល​គេ​សាងសង់​ឡើង​ជា​ពិសេស សម្រាប់​ករណី​មាន​ការ​វាយប្រហារ​នុយក្លេអ៊ែរ។

ពីការិយាល័យ​ក្រោម​ដី​នៃ​សេតវិមាន លោក​ ឌិក ឈេនី បាន​ទូរស័ព្ទ​ទៅកាន់​លោក​ប្រធានាធិបតី​ប៊ូស ហើយ​បាន​សម្រេច​គ្នា​ថា លោក​ប៊ូស​ត្រូវ​បន្ត​​​ស្ថិត​នៅលើ​យន្តហោះ​ Air Force One​ ដោយ​មាន​យន្តហោះ​ចម្បាំង​ហោះ​អមការពារ រហូត​ទាល់តែ​ដឹង​ច្បាស់​ថា រដ្ឋវ៉ាស៊ីងតោន​​មាន​សុវត្ថិភាព​គ្រប់គ្រាន់ ចាំ​វិលត្រឡប់​មក​សេតវិមាន​វិញ។

ក្នុងពេល​ជាមួយគ្នា​នោះ ក្រសួង​អាកាសចរណ៍​ស៊ីវិល​អាមេរិក​បាន​​សម្រេច​បិទដែន​អាកាស​អាមេរិក​ ទាំងស្រុង ដោយ​យន្តហោះ​ដែល​នៅ​លើ​ដី​ត្រូវ​ហាម​មិន​ឲ្យ​ហោះ​ចេញ ចំណែក​ឯ​យន្តហោះ​រាប់ពាន់​គ្រឿង ដែល​កំពុង​ហោះលើ​អាកាស ត្រូវ​ទទួល​បញ្ជា​ឲ្យ​ចុះ​ចត​ជា​បន្ទាន់ នៅ​ឯ​ព្រលាន​យន្តហោះ​ដែល​ជិត​បំផុត។

នៅលើ​យន្តហោះ​នៃ​ជើងហោះហើរ​លេខ​៩៣ អ្នក​ដំណើរ​មួយ​ចំនួន​បាន​ទូរស័ព្ទ​ទៅ​កាន់សាច់ញាតិ ដើម្បី​ប្រាប់​អំពី​ការ​ចាប់​ពង្រត់យន្តហោះ​ដោយ​ក្រុម​ភេរវជន។ នៅ​ក្នុងការ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នឹង​​សាច់ញាតិ​ដែល​នៅលើ​ដី​នោះហើយ ​ដែល​ពួកគេ​បាន​ដឹង​អំពី​ហេតុការណ៍​ដែល​បាន​កើតឡើង​នៅ​ញូវយ៉ក។ ពួកគេ​ក៏​បាន​សន្និដ្ឋាន​ថា ពួក​ភេរវជន​​មិនមែន​ចាប់ពង្រត់​យន្តហោះ​ ដើម្បី​យក​ធ្វើ​ជា​ថ្នូរ​ទៅនឹង​ការ​ទាមទារ​អ្វី​​មួយ​នោះទេ។ គោលដៅ​មានតែ​មួយ​គត់ គឺ​ហោះ​ទៅបុក​ចំណុចស៊ីបណាមួយ ដូចអ្វី​ដែល​បាន​កើតឡើង​នៅ World Trade Center ។ ពួកគេ​ក៏​បាន​សម្រេចគ្នាថា​នឹង​សុខចិត្ត​ប្តូរ​ជីវិត​​វាយដណ្តើម​​យក​ យន្តហោះ​ពី​ដៃ​ភេរវជន​មកវិញ។

ម៉ោង ៩ និង​៥៧នាទី អ្នក​ដំណើរនៃ​ជើងហោះហើរ​លេខ៩៣ បាន​ចាប់ផ្តើម​ធ្វើការ​វាយលុក​​ទៅលើ​ក្រុម​ភេរវជន ក៏ប៉ុន្តែ នៅ​ពេល​ដែល​ពួកគេ​កំពុងតែ​ព្យាយាម​វាយទម្លាយ​ទ្វារបន្ទប់​បើកបរ ភេរវជន​ដែល​ដឹងខ្លួន​ថា​មិន​អាច​ធ្វើការ​វាយប្រហារ​លើ​គោលដៅដូចការ​គ្រោងទុក ក៏​បាន​បើក​យន្តហោះ​​បុក​ដី សម្លាប់​មនុស្ស​ទាំងអស់​ដែល​​នៅលើ​យន្តហោះ។ ជើងហោះហើរ​លេខ៩៣ ដែល​ជា​យន្តហោះ​ធុន​ប៊ូអ៊ីង ៧៥៧ ដឹកអ្នក​ដំណើរ​ចំនួន ៤៤នាក់ បាន​ធ្លាក់​នៅ​ឯទីវាល​មួយ​កន្លែង នៅ​ក្នុង​រដ្ឋ​ Pennsylvania

នៅ​ក្នុង​ពេល​ជាមួយគ្នា​នោះ នៅឯ​ទីក្រុង​ញូវយ៉ក អគារ​ទីមួយ​នៃ​ World Trade Center បាន​រលំ​រាបដល់ដី នៅ​ម៉ោង​​១០ព្រឹក ចំណែក​ឯ​អគារ​ទីពីរ​ត្រូវរលំ​ប្រមាណ​ជា​កន្លះម៉ោងក្រោយ​មក​ទៀត។

គិតជាសរុប ការ​វាយប្រហារភេរវកម្ម​​ទាំងបួនកន្លែង គឺ​នៅ​អគារ​ទាំងពីរ​នៃ World Trade Center នៅ​មន្ទីរប៉ង់តាហ្គោន និង​​នៅ Pennsylvania បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​សរុប​​ជិត ៣ពាន់នាក់។ គឺ​ជា​ការ​វាយប្រហារ​ភេរវកម្ម​ដ៏ធំ​មិន​ធ្លាប់​មាន​នៅ​ក្នុង​ ប្រវត្តិសាស្រ្ត ហើយ​វា​ជា​ចំណុច​ចាប់ផ្តើម​​នៃ​សករាជ​ថ្មី​មួយ​នៃ​ទំនាក់ទំនង​អន្តរជាតិ ដែល​គេ​តែងតែ​ហៅ​ថា ពិភពលោក​ក្រោយ​១១កញ្ញា។ ជា​ចំណុច​ចាប់ផ្តើម ដែល​នាំ​ទៅ​រក​សង្រ្គាម​ដ៏​ធំ​ចំនួន២​នៃ​សតវត្សរ៍​ទី២១ គឺ​សង្រ្គាម​នៅ​អាហ្វហ្កានីស្ថាន និង​សង្រ្គាម​នៅ​អ៊ីរ៉ាក់ ហើយ​វា​ក៏​ជា​ចំណុច​ចាប់ផ្តើម​មួយ​ដែរ នៃ​អ្វី​ដែល​កំពុងតែ​​កើតមាន​ឡើង​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​បច្ចុប្បន្ន ជាមួយ​នឹង​ការ​លេចមុខឡើង​នៃ​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម៕