សង្រ្គាមអាហ្វហ្កានីស្ថានឆ្នាំ២០០១
នៅល្ងាចថ្ងៃទី១១
ខែកញ្ញា ឆ្នាំ២០០១ ក្រោយពីបានចំណាយពេលពេញមួយថ្ងៃ នៅកន្លែងមានសុវត្ថិភាព
លោកប្រធានាធិបតី ចច ដាបិលយូ ប៊ូស បានវិលត្រឡប់មកសេតវិមានវិញ ហើយបានធ្វើសេចក្តីថ្លែងការណ៍ទៅកាន់ប្រជាជាតិអាមេរិក
នៅម៉ោង ៨ និង៣០នាទីយប់។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ លោកប្រធានាធិបតីអាមេរិកបានលើកឡើងនូវចំណុចសំខាន់ចំនួនពីរ
ដែលនឹងក្លាយទៅជាគោលនយោបាយរបស់អាមេរិក នៅក្នុងការប្រយុទ្ធប្រឆាំង នឹងភេរវកម្ម
នារយៈពេលជាច្រើនឆ្នាំ ក្រោយមក ទៀត។
សម្រាប់អាមេរិក
ភេរវកម្មលែងជាបទឧក្រិដ្ឋធម្មតាដូចពីមុនទៀតហើយ តែវាជាសកម្មភាពនៃសង្រ្គាម ដែលអាមេរិកត្រូវឆ្លើយតបទៅវិញដោយសង្រ្គាម
ហើយនៅក្នុងសង្រ្គាមប្រឆាំងនឹងភេរវកម្មនេះ អាមេរិកនឹងមិនធ្វើការបែងចែកទេ
រវាងក្រុមភេរវជន និងអ្នកដែលផ្តល់ទីជម្រកដល់ពួកភេរវជន
ឬអាចនិយាយបានម្យ៉ាងទៀតថា សង្រ្គាមប្រឆាំងភេរវកម្មដែលអាមេរិកនឹងបើកធ្វើមិនសំដៅតែទៅលើក្រុម
ភេរវជននោះទេ តែក៏សំដៅផងដែរទៅលើប្រទេសណាដែលគាំទ្រ ឬផ្តល់ទីជម្រកដល់ពួកភេរវជន។
ប្រទេសដែលនឹងត្រូវក្លាយជាចំណុចស៊ីបមុនគេ គឺអាហ្វហ្កានីស្ថាន។
ចាប់តាំងពីឆ្នាំ១៩៩៦ អាហ្វហ្កានីស្ថានស្ថិតក្រោមអំណាចរបស់ក្រុមតាលីបង់
ដែលជាក្រុមអ៊ីស្លាមប្រកាន់តឹង និងជាសម្ព័ន្ធមិត្តរបស់អាល់កៃដា។ នៅក្រោយពេលដែលប៊ិនឡាដិនត្រូវបានគេបណ្តេញចេញពីប្រទេសស៊ូដង់
គឺពួកតាលីបង់ ដែលបានផ្តល់ទីជម្រកដល់ប៊ិនឡាដិន និងអាល់កៃដា ហើយចេញពីក្នុងទឹកដីអាហ្វហ្កានីស្ថាននេះហើយ
ដែលក្រុមអាល់កៃដាបានបង្កើតជំរំហ្វឹកហ្វឺន រៃអង្គាសលុយ និងរៀបចំផែនការវាយប្រហារភេរវកម្មលើសហរដ្ឋអាមេរិករួមទាំងគម្រោងការណ៍ភេរវកម្ម១១កញ្ញាផងដែរ។
នៅថ្ងៃទី១៤ខែកញ្ញា
៣ថ្ងៃក្រោយការវាយប្រហារភេរវកម្ម សហរដ្ឋអាមេរិកបានដាក់ឱសានវាទដល់ពួកតាលីបង់
ឲ្យប្រគល់ខ្លួនប៊ិនឡាដិន និងអ្នកពាក់ព័ន្ធផ្សេងទៀត ព្រមទាំងទាមទារឲ្យកម្ទេចចោលទាំងអស់នូវជំរំរបស់អាល់កៃដា
នៅក្នុងទឹកដីអាហ្វហ្កានីស្ថាន។ រដ្ឋាភិបាលតាលីបង់បដិសេធមិនព្រមធ្វើតាម កងទ័ពអាមេរិកក៏បានបើកការវាយប្រហារទៅលើអាហ្វហ្កានីស្ថាន
នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០០១។
ការចូលឈ្លានពានប្រទេសអាហ្វហ្កានីស្ថានដោយកងទ័ពអាមេរិក
គឺជាការសម្រេចទៅតាមក្តីបំណងរបស់ប៊ិនឡាដិន ពីព្រោះថា នៅពេលដែលអាល់កៃដារៀបចំគម្រោងការណ៍វាយប្រហារភេរវកម្មទៅលើអាមេរិក
ប៊ិនឡាដិនមានគោលដៅចម្បងមួយ គឺធ្វើយ៉ាងណាទាក់ទាញអាមេរិកឲ្យចូលឈ្លានពានប្រទេសអាហ្វហ្កានីស្ថាន
ដើម្បីអាចប្រមែរប្រមូល និងបង្រួបបង្រួមក្រុមជីហាត ក្នុងការធ្វើសង្រ្គាមវាយបំបាក់ប្រទេសមហាអំណាចមិនមែនអ៊ីស្លាម
ដូចជា អ្វីដែលក្រុមមូចាហ៊ីឌីនបានធ្វើទៅលើកងទ័ពសូវៀត កាលពីក្នុងអំឡុងទសវត្សរ៍ឆ្នាំ៨០។
ក៏ប៉ុន្តែ
ប៊ិនឡាដិនមើលស្រាលកម្លាំងទ័ពរបស់អាមេរិក និងជាពិសេស ភ្លេចខ្លួនថា
ជ័យជម្នះរបស់ពួកមូចាហ៊ីឌីនទៅលើកងទ័ពសូវៀត គឺបានមកដោយសារតែមានជំនួយពីអាមេរិក
ដែលកំពុងតែប្រជែងជាមួយនឹងសូវៀតក្នុងសង្រ្គាមត្រជាក់។ នៅពេលនេះ សង្រ្គាមត្រជាក់បានបញ្ចប់ទៅហើយ។
អាល់កៃដា និងតាលីបង់ត្រូវប្រឈមមុខនឹងកងទ័ពអាមេរិកតែម្នាក់ឯង។
ក្នុងរយៈពេលត្រឹមតែមួយខែ កងទ័ពអាមេរិកបានវាយលុកចូលកាន់កាប់រដ្ឋធានីកាប៊ុល។
របបដឹកនាំតាលីបង់ក៏ត្រូវដួលរលំ ហើយនៅខែធ្នូ ឆ្នាំ២០០១ រដ្ឋាភិបាលបណ្តោះអាសន្នថ្មីមួយត្រូវបានបង្កើតឡើង
ដឹកនាំដោយលោកហាមីដ កាហ្សៃ។
ក្រោយការដួលរលំនៃរដ្ឋធានីកាប៊ុល
កងកម្លាំងតាលីបង់បានរត់ភៀសខ្លួនទៅបោះទីតាំងនៅតំបន់ភ្នំ បង្កើតជាចលនាឧទ្ទាម
បន្តប្រយុទ្ធប្រឆាំងនឹងកងទ័ពអាមេរិក និងកងទ័ពនៃរដ្ឋាភិបាលថ្មីរបស់អាហ្វហ្កានីស្ថាន។
ចំណែកប៊ិនឡាដិនវិញបានរត់ទៅលាក់ខ្លួននៅតំបន់ភ្នំមួយកន្លែង ឈ្មោះថា
តូរ៉ាបូរ៉ា ដែលស្ថិតនៅជាប់នឹងព្រំដែន រវាងអាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន។ តូរ៉ាបូរ៉ាត្រូវបានកងទ័ពអាមេរិកវាយបែកនៅអំឡុងខែធ្នូឆ្នាំ២០០១
ហើយប៊ិនឡាដិន ក៏បានរត់ភៀសខ្លួនឆ្លងព្រំដែន ចូលទៅលាក់ខ្លួនក្នុងទឹកដីប៉ាគីស្ថាន។
នៅក្នុងរយៈពេលមួយឆ្នាំទៅពីរឆ្នាំក្រោយមក
អ្នកពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្ម១១កញ្ញាត្រូវបានអាមេរិក ចាប់ខ្លួនបានជាបន្តបន្ទាប់
ក្នុងនោះ ខាលីត មហាម៉េដ ដែលជាមេគំនិតធំ ត្រូវបានចាប់ខ្លួន នៅថ្ងៃទី១ ខែមីនា
ឆ្នាំ២០០៣ នៅក្បែរទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។ ក៏ប៉ុន្តែ អូសាម៉ា ប៊ិនឡាដិនវិញ
តែងតែរត់រួចពីការតាមប្រមាញ់របស់អាមេរិក ហើយត្រូវបាត់សម្រោលសូន្យឈឹង
រហូតដល់ឆ្នាំ២០១១ ទើបអាមេរិករកមុខឃើញ និងបាញ់សម្លាប់
នៅក្នុងប្រទេសប៉ាគីស្ថាន។
ការចូលឈ្លានពានទៅលើអាហ្វហ្កានីស្ថានដោយកងទ័ពអាមេរិក
បានចាប់ផ្តើមធ្វើឡើង ដោយមានការចូលរួមពីសំណាក់កងទ័ពអង់គ្លេស ព្រមទាំងប្រទេសមួយចំនួនផ្សេងទៀតនៅក្នុងបក្សសម្ព័ន្ធអូតង់
ហើយបានទទួលការឯកភាពពីសំណាក់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប តាមរយៈសេចក្តីសម្រេច
លេខ១៣៨៦ អនុម័តថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០០១។ នៅខែសីហា ឆ្នាំ២០០៣ ការដឹកនាំប្រតិបត្តិការយោធានៃកងទ័ពចម្រុះអន្តរជាតិនៅក្នុងទឹកដី
អាហ្វហ្កានីស្ថានត្រូវបានផ្ទេរពីអាមេរិក ទៅដាក់ឲ្យស្ថិតក្រោមបញ្ជាការដ្ឋានរបស់អង្គការអូតង់
ស្របទៅតាមអាណត្តិដែលផ្តល់ឲ្យដោយក្រុមប្រឹក្សាសន្តិសុខអ.ស.ប។
និយាយជារួម
សង្រ្គាមរបស់អាមេរិកនៅអាហ្វហ្កានីស្ថាន នៅឆ្នាំ២០០១ ទទួលបានទាំងនីត្យានុកូលភាព
និងធម្មានុរូបភាព។ នីត្យានុកូលភាព (ភាពស្របច្បាប់) ទទួលបានតាមរយៈសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប។
ចំណែកឯធម្មានុរូបភាពទទួលបានតាមរយៈការគាំទ្រពីសំណាក់ក្រុម សម្ព័ន្ធមិត្ត
និងជាពិសេស ការគាំទ្រពីសំណាក់សាធារណមតិអន្តរជាតិជាទូទៅ ដោយសារតែគេយល់ឃើញថា
អាហ្វហ្កានីស្ថាន ដែលនៅពេលនោះស្ថិតក្រោមការគ្រប់គ្រងរបស់ពួកតាលីបង់ គឺជាអ្នកផ្តល់ទីជម្រក
និងកិច្ចការពារដល់ប៊ិនឡាដិន និងក្រុមភេរវជនអន្តរជាតិអាល់កៃដា
ដែលជាអ្នកទទួលខុសត្រូវ ក្នុងការវាយប្រហារភេរវកម្មលើអាមេរិក។
ក៏ប៉ុន្តែ
នៅក្នុងការឆ្លើយតបនឹងភេរវកម្ម១១កញ្ញា លោកប៊ូសមិនបញ្ចប់ត្រឹមការផ្តួលរំលំរបបតាលីបង់នៅអាហ្វហ្កានីស្ថាន
តែប៉ុណ្ណោះទេ តែបានសម្រេចចូលឈ្លានពានផ្តួលរំលំរបបដឹកនាំសាដាមហ៊ូសេននៅអ៊ីរ៉ាក់
នៅឆ្នាំ២០០៣។
ខុសពីសង្រ្គាមនៅអាហ្វហ្កានីស្ថាន
ការចូលឈ្លានពានអ៊ីរ៉ាក់ នៅឆ្នាំ២០០៣
បានបង្កឲ្យមានបញ្ហាចម្រូងចម្រាសជាច្រើន ទាំងខាងផ្លូវច្បាប់
និងសាធារណមតិអន្តរជាតិ ហើយភាពចម្រូងចម្រាសនៃសង្រ្គាមនៅអ៊ីរ៉ាក់នេះបានបង្កជាបញ្ហាតាមលង
អាមេរិក ទាំងនៅក្នុងអំឡុងអាណត្តិរបស់លោប៊ូស ហើយបន្តរហូតមកទល់នឹងពេលបច្ចុប្បន្ន៕