សង្រ្គាមអ៊ីរ៉ាក់ឆ្នាំ២០០៣
នៅខែតុលាឆ្នាំ២០០១
មួយខែក្រោយភេរវកម្មនៅទីក្រុងញូវយ៉ក និងវ៉ាស៊ីងតោន
អាមេរិកបញ្ជូនកងទ័ពចូលឈ្លានពានប្រទេសអាហ្វហ្កានីស្ថាន ដើម្បីផ្តួលរំលំរដ្ឋាភិបាលតាលីបង់
និងកម្ទេចទីជម្រករបស់ពួកអាល់កៃដា។ ១ឆ្នាំកន្លះក្រោយមក នៅខែមីនា ឆ្នាំ២០០៣
អាមេរិកបានលើកទ័ពចូលឈ្លានពានប្រទេសមួយទៀត គឺអ៊ីរ៉ាក់។
តាមការពិត
តាំងពីយប់ថ្ងៃទី១១កញ្ញា២០០១ នៅពេលដែលភ្លើងនៅអគារ World Trade Center និងនៅមន្ទីរប៉ង់តាហ្គោននៅមិនទាន់ពន្លត់អស់
ហើយការស៊ើបអង្កេតនៅមិនទាន់បានកំណត់មុខសញ្ញានៃអ្នកទទួលខុសត្រូវ ពិតប្រាកដនៅឡើយ
គំនិតធ្វើសង្រ្គាមទម្លាក់របបសាដាមហ៊ូសេននៅអ៊ីរ៉ាក់បានចាប់ផ្តើម ដុះឡើងភ្លាមរួចទៅហើយ
នៅក្នុងរដ្ឋការរបស់លោកប៊ូស។ គេគួរនិយាយថា សង្រ្គាមអ៊ីរ៉ាក់នៅឆ្នាំ២០០៣
ថ្វីដ្បិតតែកើតឡើង ក្រោយភេរវកម្ម១១កញ្ញា ក៏ប៉ុន្តែ ឫសគល់ពិតប្រាកដ គឺមានតាំងពីសង្រ្គាមអ៊ីរ៉ាក់លើកទី១
គឺសង្រ្គាមឈូងសមុទ្រពែក្ស ឆ្នាំ១៩៩១។
នៅឆ្នាំ១៩៩១
ក្រោយពីអ៊ីរ៉ាក់លើកទ័ពចូលឈ្លានពានកូវ៉ែត អាមេរិកបានបញ្ជូនទ័ពចូលទៅធ្វើសង្រ្គាមនៅឈូងសមុទ្រពែក្ស
ដើម្បីជួយរំដោះកូវ៉ែត។ កងទ័ពអាមេរិកបានវាយបំបាក់កងទ័ពអ៊ីរ៉ាក់ ក៏ប៉ុន្តែ
បានសម្រេចរក្សាទុកសាដាមហ៊ូសេនឲ្យនៅបន្តកាន់អំណាច។ មិនយូរប៉ុន្មានក្រោយមក
អាមេរិកក៏បានចាប់ផ្តើមស្តាយក្រោយ ហើយចាប់ពីឆ្នាំ១៩៩៨ ក្រោយពីសាដាមហ៊ូសេនបណ្តេញក្រុមអធិការកិច្ចរបស់អ.ស.ប
លែងឲ្យត្រួតពិនិត្យមើលកម្មវិធីអាវុធប្រល័យលោករបស់អ៊ីរ៉ាក់ អាមេរិកក៏បានចាប់ផ្តើមកំណត់យកការផ្តួលរំលំសាដាមហ៊ូសេនជាគោលដៅ
ចម្បងមួយនៃនយោបាយការបរទេសរបស់ខ្លូន។
នៅឆ្នាំ២០០១
នៅពេលដែលក្រុមអាល់កៃដាវាយប្រហារលើទីក្រុងញូវយ៉ក និងវ៉ាស៊ីងតោន
អាមេរិកស្ថិតក្រោមការដឹកនាំរបស់លោកចច ដាបិលយូ ប៊ូស ដែលជាកូនប្រុសបង្កើតរបស់លោកចច
ប៊ូស ប្រធានាធិបតីអាមេរិក ក្នុងសម័យសង្រ្គាមឈូងសមុទ្រពែក្ស ហើយមន្រ្តីកំពូលៗដែលនៅជុំវិញលោកចច
ដាបិលយូ ប៊ូស នៅឆ្នាំ២០០១ ក៏សុទ្ធសឹងជាអ្នកដែលមានជាប់ពាក់ព័ន្ធដោយផ្ទាល់នឹងសង្រ្គាមអ៊ីរ៉ាក់
កាលពីឆ្នាំ១៩៩១៖ លោកឌីក ឆេនី អនុប្រធានាធិបតី គឺជាអតីតរដ្ឋមន្រ្តីការពារជាតិ
ហើយលោកខូលីន ផោវែល រដ្ឋមន្រ្តីការបរទេស គឺជាអតីតនាយសេនាធិការចម្រុះកងទ័ព ចំណែកលោកដូណាល់
រ៉ុមស្វែលដ៍ ដែលជារដ្ឋមន្រ្តីការពារជាតិ ធ្លាប់ធ្វើជាប្រេសិតពិសេសទៅកាន់អ៊ីរ៉ាក់។
និយាយជារួម រដ្ឋាភិបាលអាមេរិកនៅឆ្នាំ២០០១
គឺជារដ្ឋាភិបាលទីពីរនៃអាមេរិកសម័យសង្រ្គាម ឈូងសមុទ្រពែក្ស ហើយមេដឹកនាំរដ្ឋាភិបាលនេះចង់កែប្រែកំហុសឆ្គង
ដែលពួកគេមិនបានធ្វើ កាលពីឆ្នាំ១៩៩១ គឺផ្តួលរំលំរបបដឹកនាំសាដាមហ៊ូសេន។
នៅយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ លោកប្រធានាធិបតីប៊ូសបានដាក់បញ្ជាដល់ទីភ្នាក់ងារចារកិច្ចសេអ៊ីអា
ឲ្យស្វែងរកភស្តុតាងដែលអាចភ្ជាប់សាដាមហ៊ូសេន ទៅនឹងភេរវកម្មនៅញូវយ៉ក និងវ៉ាស៊ីងតោន។
នៅទីបំផុត ភស្តុតាងភ្ជាប់សាដាមហ៊ូសេន ទៅនឹងភេរវកម្ម១១កញ្ញា
មិនត្រូវបានគេរកឃើញ តែលោកប៊ូសនៅតែសម្រេចឈ្លានពានអ៊ីរ៉ាក់ ដោយផ្អែកលើហេតុផលថ្មីមួយទៀត
គឺចោទសាដាមហ៊ូសេនថាបាន ឬកំពុងផលិតអាវុធប្រល័យលោក។
នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០០២
មួយថ្ងៃក្រោយខួបមួយឆ្នាំ នៃភេរវកម្ម១១កញ្ញា លោកប៊ូស បានឡើងថ្លែងនៅចំពោះមុខអង្គសន្និបាតអ.ស.ប
អំពីគោលនយោបាយរបស់អាមេរិកប្រឆាំងនឹងរបបសាដាមហ៊ូសេន ដោយលើកហេតុផលចម្បងទាក់ទងនឹងកម្មវិធីអាវុធប្រល័យលោករបស់អ៊ីរ៉ាក់។
នៅពេលនោះ
អង់គ្លេសបានបង្ហាញនូវជំហរគាំទ្រអាមេរិក ក៏ប៉ុន្តែ ប្រទេសសម្ព័ន្ធមិត្តអាមេរិកដ៏សំខាន់ពីរទៀត
គឺអាល្លឺម៉ង់ និងបារាំងបានជំទាស់នឹងគម្រោងឈ្លានពានអ៊ីរ៉ាក់ ដោយបានទាមទារឲ្យបន្តដោះស្រាយបញ្ហាតាមផ្លូវទូត
ជាពិសេស តាមរយៈការបញ្ជូនក្រុមអធិការកិច្ចឲ្យទៅត្រួតពិនិត្យកម្មវិធីអាវុធ
ប្រល័យលោករបស់អ៊ីរ៉ាក់។
ក្រោយពីមានការជជែកគ្នាយ៉ាងតឹងតែង
នៅទីបំផុត ក្រុមប្រឹក្សាសន្តិសុខអ.ស.បបានអនុម័តសេចក្តីសម្រេចមួយ (លេខ១៤៤១)
ចែងពីការបញ្ជូនក្រុមអធិការកិច្ចសព្វាវុធឲ្យទៅអ៊ីរ៉ាក់ ព្រមទាំងបានដាក់កាតព្វកិច្ចតាមផ្លូវច្បាប់ឲ្យសាដាមហ៊ូសេនគោរពតាម
សេចក្តីសម្រេចនេះ។ សាដាមហ៊ូសេនគោរពតាម ដោយសុខចិត្តអនុញ្ញាតឲ្យមន្រ្តីទីភ្នាក់ងារថាមពលនុយបរមាណូអន្តរជាតិ
ចូលទៅធ្វើអធិការកិច្ចកម្មវិធីសព្វាវុធរបស់អ៊ីរ៉ាក់ ហើយនៅខែកុម្ភៈឆ្នាំ២០០៣
បេសកកម្មអធិការកិច្ចអន្តរជាតិដឹកនាំដោយលោកហាន ប្ល៊ីចស៍ (Hans Blix) និងលោកមហាម៉េដ អេលបារ៉ាដាយ (Mohamed
ElBaradei) ត្រូវបានបញ្ចប់ ដោយបានធ្វើសេចក្តីសន្និដ្ឋានថា “គេមិនបានរកឃើញភស្តុតាង ឬតម្រ៉ុយជាក់លាក់ណាមួយ ដែលអាចបញ្ជាក់ថា អ៊ីរ៉ាក់កំពុងអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរនោះទេ”។
បើទោះបីជាយ៉ាងនេះក៏ដោយ លោកប៊ូសនៅតែមិនបោះបង់គម្រោងចូលឈ្លានពានអ៊ីរ៉ាក់
ដោយបានបញ្ជូនលោកខូលីន ផោវែល រដ្ឋមន្រ្តីការបរទេសឲ្យទៅបញ្ចុះបញ្ចូលក្រុមប្រឹក្សាសន្តិសុខ
តាមរយៈការបង្ហាញភស្តុតាងដែលសេអ៊ីអាប្រមូលបាន ហើយដែលអាមេរិកអះអាងថាជាភស្តុតាងបញ្ជាក់ពីកម្មវិធីអាវុធប្រល័យលោក
របស់សាដាមហ៊ូសេន។
លោក ខូលីន ផោវែល (Colin Powell) រដ្ឋមន្រ្តីការបរទេសអាមេរិក
នៅពេលថ្លែងក្នុងក្រុមប្រឹក្សាសន្តិសុខអ.ស.ប ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០០៣
|
ក្រោយពីបានស្តាប់បទបង្ហាញរបស់លោកខូលីន
ផោវែល អាមេរិក រួមជាមួយនឹងអង់គ្លេស អ៊ីតាលី ប៉ូឡូញ អេស្ប៉ាញ ដាណឺម៉ាក អូស្រ្តាលី
និងជប៉ុន បានស្នើឲ្យក្រុមប្រឹក្សាសន្តិសុខអនុម័តសេចក្តីសម្រេចអនុញ្ញាតឲ្យ
ចូលឈ្លានពានអ៊ីរ៉ាក់ ក៏ប៉ុន្តែ រុស្ស៊ី រួមជាមួយនឹងប្រទេសសមាជិកអូតង់ផ្សេងទៀតរួមមាន
បារាំង អាល្លឺម៉ង់ និងកាណាដា បានជំទាស់។ នៅទីបំផុតទៅ ដោយត្រូវប្រឈមមុខនឹងវ៉េតូរបស់រុស្ស៊ី
និងបារាំង សេចក្តីសម្រេចនេះក៏មិនអាចចេញរួច។ រីឯនៅតាមដងផ្លូវវិញ មនុស្សប្រមាណពី
៦លាន ទៅ១០លាននាក់ បាននាំគ្នាចេញធ្វើបាតុកម្ម នៅតាមទីក្រុងប្រមាណជា
៨០០នៅទូទាំងពិភពលោក ដើម្បីប្រឆាំងនឹងការចូលឈ្លានពានអ៊ីរ៉ាក់។
ក៏ប៉ុន្តែ
បើទោះបីជាយ៉ាងនេះក៏ដោយ លោកប៊ូសបានចាប់ដៃគូជាមួយនឹងប្រទេសសម្ព័ន្ធមិត្តមួយចំនួន
ហើយបានលើកទ័ពចូលឈ្លានពានអ៊ីរ៉ាក់ ដោយគ្មានការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខ។
សង្រ្គាមដែលរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ ត្រូវបានក្រុមអ្នកជំនាញភាគច្រើនលើសលុបចាត់ទុកថាជាការរំលោភច្បាប់
អន្តរជាតិ។ អ្នកជំនាញខ្លះថែមទាំងបានចាត់ទុកការឈ្លានពានអ៊ីរ៉ាក់នៅឆ្នាំ២០០៣
នេះថាជាឧក្រិដ្ឋកម្មសង្រ្គាមថែមទៀតផង៕