Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

ការផុងខ្លួនរបស់អាមេរិកនៅអ៊ីរ៉ាក់

នៅយប់ថ្ងៃ​ទី១៩ ខែមីនា ឆ្នាំ២០០៣ លោក​ចច ដាបិលយូ ប៊ូស បាន​ធ្វើ​​ថ្លែងការណ៍មួយ​​​ចេញ​ពី​ការិយាល័យ​ក្នុង​សេតវិមាន​ ដោយ​បាន​ប្រកាស​ថា លោក​បាន​ចេញ​បញ្ជា​ឲ្យ​កងទ័ព​អាមេរិក​បើក​ការ​វាយប្រហារ​ទៅលើ​អ៊ីរ៉ាក់ ដើម្បី​ផ្តួលរំលំ​របបផ្តាច់ការ​សាដាមហ៊ូសេន ដែលកំពុងតែ​បង្ក​ការ​គំរាមកំហែង​ដល់​សុខសន្តិភាព​តាមរយៈអាវុធ​ប្រល័យលោក

គ្រាន់តែ​លោក​ប៊ូស​ធ្វើ​សេចក្តីថ្លែងការណ៍​ចប់ភ្លាម កងទ័ព​ជើងគោក​អាមេរិក​បាន​ចាប់ផ្តើម​ឆ្លងព្រំដែន​​ពី​ប្រទេស​កូវ៉ែត វាយលុក​ចូល​ទៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ក្នុងពេលដែល​​យន្តហោះ​ចម្បាំងអាមេរិក​បាន​ចាប់ផ្តើម​ទម្លាក់គ្រាប់បែក​​លើ​ ទីក្រុង​បាកដាដ​ តាំង​ពី​ជិតមួយ​ម៉ោងមុន​មកម៉្លេះ។

ត្រឹមតែ​ប្រមាណ​ជា​៣សប្តាហ៍​ក្រោយ​មក កងទ័ព​អាមេរិក​បាន​វាយលុក​ចូល​កាន់កាប់​រដ្ឋធានី​បាកដាដ, របបដឹកនាំ​សាដាមហ៊ូសេន​ត្រូវ​ដួលរលំ, សាដាមហ៊ូសេន​ផ្ទាល់​បាន​រត់គេចខ្លួន ហើយ​នៅថ្ងៃ​ទី១ ខែឧសភា លោក​ប៊ូស​បាន​ចេញមុខ​ប្រកាស​ជោគជ័យ ហើយ​បិទបញ្ចប់​ប្រតិបត្តិការ​យោធា​នៅ​អ៊ីរ៉ាក់។ ក៏ប៉ុន្តែ តាមការពិត​ដំណើរផ្សងព្រេង​ដ៏សែនស្មុគស្មាញ​របស់​កងទ័ព​អាមេរិក​នៅ​អ៊ីរ៉ាក់​ ទើប​តែ​នឹង​ចាប់ផ្តើម​ប៉ុណ្ណោះ។
 
កងទ័ព​អាមេរិក​ពេលចូលកាន់កាប់​​រដ្ឋធានី​បាកដាដ ប្រទេស​អ៊ីរ៉ាក់ នៅ​ឆ្នាំ២០០៣
 
ជាការពិត​ថា របបដឹកនាំ​សាដាមហ៊ូសេន​ត្រូវ​ដួលរលំ​ទៅតាម​ការ​ចង់​បាន​របស់លោក​ប៊ូស ក៏ប៉ុន្តែ អ្វី​ដែល​កើតឡើង​ជា​បន្តបន្ទាប់​មកទៀត គឺ​ភាព​អនាធិបតេយ្យ និង​សង្រ្គាម​រ៉ាំរ៉ៃ​ជាមួយ​នឹ​ងចលនា​បះបោរ​ប្រដាប់អាវុធ​អ៊ីរ៉ាក់ ដែល​អូសបន្លាយ​ពេល​ជាង​១០ឆ្នាំ រហូត​មកទល់​នឹង​ពេល​បច្ចុប្បន្ន​ក៏​នៅតែ​មិន​ទាន់​ត្រូវ​បញ្ចប់​នៅឡើយ។

តាមការពិត នៅ​ក្នុង​ការ​សិក្សា​ស៊ើបអង្កេត​ក្រោយៗ​មកទៀត គេ​បាន​រកឃើញ​ថា នៅ​ពេល​ដែល​អាមេរិក​ចូល​ឈ្លានពាន​អ៊ីរ៉ាក់ លោក​ប៊ូស​មាន​គម្រោងការណ៍​ត្រឹមតែ​ផ្តួលរំលំ​សាដាមហ៊ូសេន​តែ​ប៉ុណ្ណោះ តែ​គ្មាន​ផែនការអ្វី​ពិតប្រាកដ នៅ​ក្នុង​ការ​ចាត់ចែង​ប្រទេស​អ៊ីរ៉ាក់ ក្រោយ​ការដួលរលំសាដាមហ៊ូសេន​នោះទេ។

ចំណុច​សំខាន់​មួយដែល​រដ្ឋការ​របស់​លោក​ប៊ូស​ហាក់ដូចជា​បាន​ខ្ជីខ្ជា​មិន​បាន ​គិតគូរ​ឲ្យដិតដល់ គឺ​លក្ខណៈ​ពិសេស​នៃ​ប្រទេស​អ៊ីរ៉ាក់ ដែល​ជា​ប្រទេស​ពោរពេញ​ទៅដោយ​ការ​ប្រកាន់​បក្សពួក សហគមន៍ និង​និកាយ​សាសនា ជាពិសេស គឺ​ជម្លោះ រវាង​អ្នក​កាន់​សាសនា​អ៊ីស្លាម​និកាយ​ស្ហ៊ីអ៊ីត និង​ស៊ុននីត។

អ៊ីរ៉ាក់​គឺ​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ភាគច្រើន​កាន់​និកាយ​ស្ហ៊ីអ៊ីត ក៏ប៉ុន្តែ ត្រូវ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​ក្រុមសាដាមហ៊ូសេន ដែល​មកពីនិកាយ​ស៊ុននីត ហើយ​អស់រយៈពេល​ជាច្រើន​ឆ្នាំមកហើយ ដែល​ពួក​ស្ហ៊ីអ៊ីតអ៊ីរ៉ាក់​ចងគំនុំ​ចិញ្ចឹមចិត្ត​រង់ចាំតែ​ឱកាស​សងសឹក​ទៅលើ​ ពួក​ស៊ុននីត​។ ការដួលរលំ​នៃ​របបផ្តាច់ការ​សាដាមហ៊ូសេន​គឺជាការ​បើក​ផ្លូវ​​ឲ្យ​ផ្ទុះឡើង​ នូវ​ជម្លោះ​សហគមន៍​ពី​ស្ទើរតែគ្រប់ទិស ហើយ​បូករួម​ជាមួយ​នឹងអសមត្ថភាព​របស់​អាមេរិក​ក្នុងការ​គ្រប់គ្រង​ប្រទេស​ អ៊ីរ៉ាក់​ក្រោយ​សាដាមហ៊ូសេន​ផងនោះ ប្រទេស​អ៊ីរ៉ាក់​ក៏​ត្រូវ​ធ្លាក់​ទៅក្នុង​ភាព​អនាធិបតេយ្យ​។ ​ទាហាន​អាមេរិក ដែល​ពីដំបូង​​ត្រូវ​បាន​ទទួល​ស្វាគមន៍​ក្នុងនាម​ជា​កងទ័ព​រំដោះ ក៏​ត្រូវ​បាន​ប្រែក្លាយ​មុខមាត់​ទៅជា​កងទ័ព​អាណានិគម។

នៅ​វ៉ាស៊ីងតោន លោក​ប៊ូស​បាន​​សម្រេច​បញ្ជូន​​មន្រ្តី​ការទូត​ម្នាក់ គឺ​លោក ប៉ូល ប្រេម័រ (Paul Bremer) ឲ្យ​ទៅ​អ៊ីរ៉ាក់ ដើម្បី​ចាត់ចែង​ប្រទេស​​ឲ្យ​មាន​សណ្តាប់ធ្នាប់ និង​ទាញ​អ៊ីរ៉ាក់​ឲ្យ​ចេញ​ផុត​ពី​ភាព​អនាធិបតេយ្យ។

នៅខែ​ឧសភា​ឆ្នាំ​២០០៣ លោក​ប៉ូល ប្រេម័រ បាន​ធ្វើ​ដំណើរទៅដល់​ប្រទេស​អ៊ីរ៉ាក់ ហើយ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក លោក​បាន​ចេញ​សេចក្តីសម្រេច​ចំនួន២ ដែល​ជា​សេចក្តីសម្រេច​ពីរដំបូងគេ​បង្អស់​ក្នុងឋានៈ​​ជា​​​ប្រមុខអាជ្ញាធរ​ បណ្តោះអាសន្ន​ ហើយ​ជា​សេចក្តីសម្រេច​ដែល​ត្រូវ​បាន​ប្រវត្តិសាស្រ្ត​ចារទុក​ថា​ជា​ កំហុសឆ្គង​ដ៏ធំបំផុត ដែល​បង្ក​ឲ្យ​មាន​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ ​រហូតមកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ។

សេចក្តីសម្រេច​ទី១ គឺ​ការ​រំលាយ​គណបក្ស​បាត​របស់​សាដាមហ៊ូសេន ដោយ​ហាមឃាត់​សមាជិក​ទាំងអស់​មិន​ឲ្យ​កាន់​មុខងារ​សាធារណៈ។ សេចក្តីសម្រេច​ទី២ គឺ​ការ​រំសាយ​ចោលទាំងស្រុង​នូវ​កងទ័ព​ជាតិអ៊ីរ៉ាក់ ដែល​បន្សល់ទុក​តាំង​ពី​សម័យ​សាដាមហ៊ូសេន។ សេចក្តីសម្រេច​ទាំងពីរ​នេះ​ត្រូវ​បាន​ធ្វើឡើង ក្នុងគោលដៅ​គាស់រំលើងចោលទាំងស្រុង​នូវ​អំណាច​ និង​ឥទ្ធិពល​របស់​សាដាមហ៊ូសេន និង​បក្ស​ពួក ដើម្បី​កុំ​ឲ្យ​ពួកគេ​បង្ក​ការគំរាមកំហែង​ដល់​អំណាច​នៃ​រដ្ឋាភិបាល​ថ្មី​។ ក៏ប៉ុន្តែ លទ្ធផល គឺ​បញ្ច្រាស​ពី​អ្វី​ដែល​គេ​ចង់បាន។

សមាជិក​គណបក្ស​បាត​របស់​សាដាមហ៊ូសេន ដែល​ភាគច្រើន​ជា​អ្នក​មាន​ចំណេះដឹង និង​បទពិសោធន៍​ក្នុង​កិច្ចការ​សាធារណៈ​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​ការងារ។ ទាហាន​អ៊ីរ៉ាក់ ដែល​សុទ្ធសឹង​ជា​យុវជន​ពេញកម្លាំង ហើយ​ទទួលបាន​ការហ្វឹកហ្វឺន​ខ្ពស់​ពី​សម័យ​សាដាមហ៊ូសេន​ក៏​ត្រូវ​បានគេ​រំសាយ ​ចោល។ ទាំងអស់​នេះបាន​ធ្វើ​ឲ្យ​អ៊ីរ៉ាក់​ត្រូវ​បាត់បង់​ធនធានមនុស្ស​ដ៏មាន​តម្លៃ នៅ​ក្នុង​ការ​ស្តារឡើងវិញ​នូវ​សណ្តាប់ធ្នាប់ សន្តិសុខ និង​សេវាសាធារណៈ។

ជាងនេះ​​ទៅទៀត ការ​បណ្តេញ​​មន្រ្តី​សាធារណៈ និង​ទាហាន​ដែល​សុទ្ធសឹង​ជា​​អ្នក​មក​ពី​និកាយ​​ស៊ុននីត គឺ​ជា​​ការ​រុញច្រាន​ពួកគេ​ឲ្យ​ក្លាយ​ទៅ​ជា​ចលនា​បះបោរ ប្រឆាំង​នឹង​អាមេរិក ក៏ដូចជា ប្រឆាំង​នឹង​រដ្ឋាភិបាល​អ៊ីរ៉ាក់​ថ្មី ដែល​គ្រប់គ្រង​ដោយ​ពួក​ស្ហ៊ីអ៊ីត ហើយ​ធ្វើ​ឲ្យ​អ៊ីរ៉ាក់​ត្រូវ​ធ្លាក់​ចូល​ទៅ​ក្នុង​សង្រ្គាម​ស៊ីវិល​រ៉ាំរ៉ៃ បាត់បង់​ទាំង​ស្រុង​នូវ​ស្ថិរភាព​នយោបាយ សន្តិសុខ និង​ជាពិសេស ​បាត់បង់​ឯកភាព​ជាតិ រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​។

អ្នក​ប្រវត្តិសាស្រ្ត​ជាច្រើន​យល់ថា គឺ​ដោយសារ​តែ​ការ​ឈ្លានពាន​របស់​អាមេរិក និង​ការ​រំសាយកងទ័ព​ជាតិ​អ៊ីរ៉ាក់​នៅ​ឆ្នាំ​២០០៣​នេះ​ហើយ ដែល​ជា​ដើមហេតុ​ដ៏សំខាន់​មួយ ដែលនាំ​ឲ្យ​មាន​ការ​កកើត​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម នៅ​អ៊ីរ៉ាក់ និង​ស៊ីរី ហើយ​បង្ក​ការ​គំរាមកំហែង​ដល់​សន្តិសុខ​អន្តរជាតិ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ៕