បដិវត្តន៍អ៊ីរ៉ង់និងវិបត្តិចំណាប់ខ្មាំង អាមេរិក ឆ្នាំ១៩៧៩
អស់រយៈពេលជាង
៣០ឆ្នាំមកហើយ ដែលគេតែងតែសង្កេតឃើញមានជាប្រចាំនូវភាពជាសត្រូវ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
និង រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។ ក៏ប៉ុន្តែ តាមការពិត អ្វីៗគឺមិនដូចនេះទេ
កាលពីមុនឆ្នាំ១៩៧៩។
អ៊ីរ៉ង់នៅមុនបដិវត្តន៍ឆ្នាំ១៩៧៩
គឺជារបបរាជានិយម ដែលស្ថិតក្រោមអំណាចរបស់ស្តេចស្ហា មហាម៉ាត់ រ៉េសា ផាឡាវី (Mohammad Reza Pahlavi) ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុតជាមួយអាមេរិក
និងបណ្តាប្រទេសលោកខាងលិច។
នៅឆ្នាំ១៩៥២ ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យមួយត្រូវបានរៀបចំធ្វើឡើង
ហើយអ្នកដែលជាប់ឆ្នោតឡើងមកធ្វើជានាយករដ្ឋមន្រ្តី គឺជាអ្នកនយោបាយជាតិនិយមម្នាក់
ដែលមានឈ្មោះថា មហាម៉ាត់ ម៉ូសាដេក
(Mohammad Mossadegh)។
គ្រាន់តែបានឡើងមកកាន់តំណែងភ្លាម
លោកមហាម៉ាត់ ម៉ូសាដេក ក៏បានចាប់ផ្តើមដាក់ចេញនូវនយោបាយជាច្រើន
ដែលមានលក្ខណៈជាតិនិយម ជាពិសេស គឺការធ្វើជាតូបនីយកម្មលើវិស័យប្រេង ដោយដកហូតសិទ្ធិធ្វើអាជីវកម្មបូមប្រេងពីក្រុមហ៊ុនបរទេស។
ជម្លោះជាមួយនឹងបណ្តាប្រទេសលោកខាងលិចក៏ចាប់ផ្តើមផ្ទុះឡើង ហើយនៅឆ្នាំ១៩៥៣
កាន់អំណាចបានត្រឹមតែមួយឆ្នាំ លោកមហាម៉ាត់ ម៉ូសាដេក ក៏ត្រូវបានគេទម្លាក់ចេញពីតំណែង
នៅក្នុងរដ្ឋប្រហារយោធាមួយ ដែលរៀបចំធ្វើឡើងដោយសេអ៊ីអា
ដើម្បីប្រមូលផ្តុំអំណាចរដ្ឋទាំងអស់ យកមកឲ្យស្តេចស្ហា មហាម៉ាត់ រ៉េសា
ផាឡាវីវិញ។
រដ្ឋប្រហារឆ្នាំ១៩៥៣នេះ
គឺជាចំណុចចាប់ផ្តើមដ៏សំខាន់មួយ ដែលនាំឲ្យមានការរីកដុះដាលនៃចលនាប្រឆាំងនឹងសហរដ្ឋអាមេរិកនៅ
អ៊ីរ៉ង់ ដោយចាប់ផ្តើមដំបូង ចេញពីមជ្ឈដ្ឋានបញ្ញវន្ត និងមេដឹកនាំសាសនា ហើយក្រោយៗមកទៀត
ដោយសារតែនយោបាយនិយមអាមេរិក បូករួមជាមួយនឹងការកាន់អំណាចផ្តាច់ការ
រំលោភសិទ្ធិមនុស្ស និងអំពើពុករលួយ ចលនាប្រឆាំងនឹងរបបដឹកនាំរបស់ស្តេចស្ហា
ផាឡាវី ក៏បានរីករាលដាលកាន់តែខ្លាំង ទៅជាចលនាមហាជន។
នៅក្នុងចំណោមមេដឹកនាំចលនាប្រឆាំងនឹងស្តេចស្ហា
នៅអ៊ីរ៉ង់ មានមេដឹកនាំសាសនាម្នាក់ ដែលក្រោយមកនឹងក្លាយទៅជាមេដឹកនាំបដិវត្តន៍
គឺអាយ៉ាតូឡា ខូម៉ីនី (Ayatollah
Ruhollah Khomeini)។ នៅក្នុងការធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាល
អាយ៉ាតូឡា ខូម៉ីនី ត្រូវបានអាជ្ញាធរចាប់ដាក់គុក ហើយក្រោយមកត្រូវបង្ខំចិត្តរត់ទៅរស់នៅនិរទេសខ្លួនឯក្រៅប្រទេស
គឺពីដំបូងនៅអ៊ីរ៉ាក់ និងក្រោយមកទៀត នៅប្រទេសបារាំង។ ក៏ប៉ុន្តែ នៅពេលដែលអាជ្ញាធរតាមធ្វើទុក្ខបុកម្នេញកាន់តែខ្លាំង
ប្រជាប្រិយភាពរបស់អាយ៉ាតូឡា ខូម៉ីនី កាន់ឡើងកាន់តែខ្លាំង ហើយបើទោះបីជាលោករស់នៅនិរទេសឯក្រៅប្រទេស
ក៏ប៉ុន្តែ
នៅតែជាមេដឹកនាំប្រឆាំងដែលមានអ្នកគាំទ្រយ៉ាងច្រើននៅក្នុងប្រទេស
អ៊ីរ៉ង់។
នៅដើមឆ្នាំ១៩៧៨
ចលនាបាតុកម្មបានផ្ទុះឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាល។
ចលនាប្រឆាំងនេះ កើតចេញពីសិស្សសាលាសាសនា ដែលជាអ្នកគាំទ្រយ៉ាងពេញទំហឹងរបស់អាយ៉ាតូឡា
ខូម៉ីនី និងចេញពីមជ្ឈដ្ឋានយុវជន ដែលកំពុងប្រឈមមុខនឹងវិបត្តិអត់ការងារធ្វើ។
ប្រឈមមុខនឹងចលនាបាតុកម្មប្រឆាំងនេះ
ស្តេចស្ហា ផាឡាវី បានជ្រើសរើសចម្លើយតបដោយប្រើកម្លាំងបង្រ្កាប ក៏ប៉ុន្តែ នៅពេលដែលអាជ្ញាធរធ្វើការបង្រ្កាបកាន់តែខ្លាំង
ចលនាបាតុកម្មប្រឆាំងមានសន្ទុះកាន់តែខ្លាំង ជាពិសេស នៅពេលដែលមានបាតុករស្លាប់ដោយការបង្រ្កាបពីសំណាក់អាជ្ញាធរ
ពិធីបុណ្យសពបាតុករតែងតែបានប្រែក្លាយទៅជាចលនាបាតុកម្មថ្មីមួយទៀត ជាបន្តបន្ទាប់។
ចលនាបាតុកម្មប្រឆាំងនឹងស្តេចស្ហាបានកើនឡើងដល់កម្រិតកំពូល
នៅខែធ្នូឆ្នាំ១៩៧៨ ដោយមានអ្នកចូលរួមក្នុងចន្លោះពី ៦លាន ទៅ ៩លាននាក់
នៅទូទាំងប្រទេសអ៊ីរ៉ង់។ កម្លាំងបដិវត្តន៍មហាជនដ៏មហិមានេះក៏បានធ្វើឲ្យស្តេចស្ហា
ផាឡាវី ត្រូវបង្ខំចិត្តរត់ចេញពីប្រទេស ហើយនិរទេសខ្លួនទៅកាន់ប្រទេសអេហ្ស៊ីប
នៅថ្ងៃទី១៦ ខែមករា ឆ្នាំ១៩៧៩។ របបរាជានិយមអ៊ីរ៉ង់ត្រូវដួលរលំ
ហើយជំនួសមកវិញដោយរដ្ឋាភិបាលបដិវត្តន៍ ក្រោមការដឹកនាំរបស់អាយ៉ាតូឡា ខូម៉ីនី ដែលបានធ្វើដំណើរពីការរស់នៅនិរទេសក្នុងប្រទេសបារាំង
ចូលមកកាន់ប្រទេសអ៊ីរ៉ង់វិញ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩៧៩។
នៅក្រោយជ័យជម្នះនៃបដិវត្តន៍អ៊ីរ៉ង់
ភាពជាសត្រូវជាមួយសហរដ្ឋអាមេរិក ដែលជាអ្នកគាំទ្ររបបចាស់ក៏ចាប់ផ្តើមផ្ទុះឡើង
ហើយស្ថានទូត មន្រ្តីទូតអាមេរិកក៏ត្រូវទទួលរងនូវការវាយប្រហារជាច្រើនលើក ពីសំណាក់ក្រុមបាតុករគាំទ្របដិវត្តន៍។
ក្រុមបាតុករនិស្សិតអ៊ីរ៉ង់ សម្រុកចូលទៅក្នុងស្ថានទូតអាមេរិក ហើយចាប់មន្រ្តី និងបុគ្គលិកទូតអាមេរិកធ្វើជាចំណាប់ខ្មាំង នៅក្រោយបដិវត្តន៍ឆ្នាំ១៩៧៩ |
ចលនាប្រឆាំងនឹងអាមេរិកបានពុះកញ្ជ្រោលកាន់តែខ្លាំង
នៅចុងខែតុលា ឆ្នាំ១៩៧៩ នៅក្រោយពេលដែលសហរដ្ឋអាមេរិកទទួលឲ្យអតីតស្តេចស្ហា
ផាឡាវី ធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក ដើម្បីទទួលការព្យាបាលជំងឺ។
ប្រមាណជា ២សប្តាហ៍ក្រោយមក
នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ១៩៧៩ និស្សិតប្រមាណជា
៣ពាន់នាក់បាននាំគ្នាធ្វើបាតុកម្ម នៅមុខស្ថានទូតអាមេរិកប្រចាំទីក្រុងតេហេរ៉ង់
បន្ទាប់មក ពួកគេបាននាំគ្នាសម្រុកចូលទៅក្នុងស្ថានទូត ហើយចាប់មន្រ្តី និងបុគ្គលិកស្ថានទូតចំនួន
៦៣នាក់ធ្វើជាចំណាប់ខ្មាំង។
ក្រុម បាតុករនិស្សិតអ៊ីរ៉ង់
សម្រុកចូលទៅក្នុងស្ថានទូតអាមេរិក ហើយចាប់មន្រ្តី
និងបុគ្គលិកទូតអាមេរិកធ្វើជាចំណាប់ខ្មាំង នៅក្រោយបដិវត្តន៍ឆ្នាំ១៩៧៩
ការរំលោភលើអភ័យឯកសិទ្ធិនៃស្ថានទូត
និងមន្រ្តីទូតបរទេសបែបនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងវីយ៉ែន
(១៩៦១) ស្តីពីទំនាក់ទំនងការទូត ហើយសហគមន៍អន្តរជាតិ រួមទាំងក្រុមប្រឹក្សាសន្តិសុខអ.ស.ប
និងតុលាការអន្តរជាតិក្រុងឡាអេ សុទ្ធតែបានទម្លាក់ការទទួលខុសត្រូវទៅលើរដ្ឋាភិបាលអ៊ីរ៉ង់។
ជាការពិតថា
សកម្មភាពចាប់ចំណាប់ខ្មាំងនៅស្ថានទូតអាមេរិក មិនមែនធ្វើឡើងដោយកងកម្លាំងរដ្ឋាភិបាល
ក៏ប៉ុន្តែ រដ្ឋាភិបាលក្រុងតេហេរ៉ង់ត្រូវតែមានការទទួលខុសត្រូវ ដោយសារតែខកខានមិនបានបំពេញតាមកាតព្វកិច្ចការពារសុវត្ថិភាពស្ថានទូត
ហើយជាពិសេសទៅទៀត ក្រោយពីមានការចាប់ចំណាប់ខ្មាំងនេះ អាយ៉ាតូឡា ខូម៉ីនី មិនត្រឹមតែមិនបានទាមទារឲ្យបាតុករដោះលែងចំណាប់ខ្មាំងនោះទេ
តែថែមទាំងបានធ្វើសេចក្តីថ្លែងការណ៍ខ្លះ ដែលមានអត្ថន័យគាំទ្រសកម្មភាពចាប់ចំណាប់ខ្មាំងនេះថែមទៀតផង។
លើសពីនេះទៅទៀត នៅក្នុងការចរចាជាមួយអាមេរិក គឺរដ្ឋាភិបាលតេហេរ៉ង់ផ្ទាល់
ដែលជាអ្នកដាក់លក្ខខណ្ឌ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង។
ក្រោយពីឆ្លងកាត់ការចរចាយ៉ាងតឹងតែង ចំណែកឯប្រតិបត្តិការរំដោះចំណាប់ខ្មាំងដោយកងកុម្ម៉ង់ដូអាមេរិកក៏ ត្រូវទទួលបរាជ័យ រដ្ឋាភិបាលក្រុងវ៉ាស៊ីងតោនក៏បានព្រមព្រៀងតាមលក្ខខណ្ឌរបស់អ៊ីរ៉ង់ ហើយចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែង
នៅថ្ងៃទី២០ ខែមករា ឆ្នាំ១៩៨១។ គិតជាសរុប ចំណាប់ខ្មាំងអស់ទាំងនេះត្រូវជាប់ឃុំឃាំងអស់រយៈពេល
៤៤៤ថ្ងៃ ហើយចាប់ពីមានវិបត្តិចំណាប់ខ្មាំងនេះហើយ ដែលទំនាក់ទំនងការទូត រវាងអាមេរិក
និងអ៊ីរ៉ង់ត្រូវកាត់ផ្តាច់ទាំងស្រុង រហូតមកទល់នឹងពេលបច្ចុប្បន្ន៕