Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

សង្រ្គាមអាហ្វហ្កានីស្ថានឆ្នាំ ១៩៧៩-១៩៨៩

នៅ​ក្នុង​អំឡុង​សង្រ្គាម​ត្រជាក់ សង្រ្គាម​វៀតណាម​ត្រូវ​បាន​ប្រវត្តិសាស្រ្ត​ចារទុក​ជា​បរាជ័យ​ដ៏​សែន​ជូរចត់ ​មួយ​សម្រាប់​សហរដ្ឋ​អាមេរិក។ ក៏ប៉ុន្តែ មហាអំណាច​ដ៏ធំមួយ​ទៀត គឺ​សហភាព​សូវៀត ក៏​ឆ្លងកាត់​នូវ​បរាជ័យ​ដ៏សែន​ជូរចត់​ស្រដៀងគ្នា​នេះ​ដែរ គឺ​សង្រ្គាម​នៅ​អាហ្វហ្កានីស្ថាន ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨៩។

អាហ្វហ្កានីស្ថាន គឺ​ជា​ប្រទេស​ដែល​មាន​ព្រំដែន​ជាប់ជាមួយ​នឹង​តួកម៉េនីស្ថាន អ៊ូសបេគីស្ថាន និង​តាហ្ស៊ីគីស្ថាន ដែល​នៅ​ក្នុង​អំឡុង​សង្រ្គាម​ត្រជាក់ គឺ​ជា​ដែនដី​របស់​​​សហភាព​សូវៀត ឬ​និយាយ​ម្យ៉ាងទៀត​ថា អាហ្វហ្កានីស្ថាន គឺ​ជា​ប្រទេស​ដែល​មាន​ព្រំដែន​ជាប់​ជាមួយ​នឹង​សហភាព​សូវៀត។ លើសពីនេះ​ទៅទៀត ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​​នៅ​ពេលនោះ គឺ​ជា​រដ្ឋាភិបាល​កុម្មុយនិស្ត ដែល​រណប​សហភាព​សូវៀត។ ក៏ប៉ុន្តែ ចាប់តាំង​ពី​ឆ្នាំ​១៩៦៧ បក្ស​កុម្មុយនិស្ត​អាហ្វហ្កានីស្ថាន​មាន​ជម្លោះផ្ទៃក្នុង ហើយ​ត្រូវ​បែក​ចេញ​ជា​ពីរ​ក្រុម ដោយ​ក្រុម​នីមួយៗ​ប្រជែង​ដណ្តើម​អំណាចគ្នា តាមរយៈ​ការ​ធ្វើ​រដ្ឋប្រហារ។
 
កងឧទ្ទាម​មូចាហ៊ីឌីន នៅ​ក្នុង​អំឡុង​សង្រ្គាម​សូវៀត-អាហ្វហ្កានីស្ថាន ឆ្នាំ១៩៧៩-១៩៨៩
 
នៅ​ក្នុង​ពេល​ជាមួយគ្នា​នោះ របបកុម្មុយនិស្ត​​អាហ្វហ្កានីស្ថាន​ក៏​ត្រូវ​ប្រឈមមុខ​នឹង​ចលនា​ប្រឆាំងដែល​ មិនមែន​កុម្មុយនិស្ត​ផងដែរ ជាពិសេស ពួក​អភិរក្ស​និយម​​​ខាង​សាសនា​ ដែល​ចាត់ទុក​​​ពួក​កុម្មុយនិស្ត​ថា​ជា​សត្រូវ​របស់​សាសនា​អ៊ីស្លាម។ នៅ​ឆ្នាំ​១៩៧៨ នៅ​ក្នុង​ពេល​ដែល​របប​​កុម្មុយនិស្ត​អាហ្វហ្កានីស្ថាន​កំពុង​ធ្លាក់​ ចុះខ្សោយ ដោយ​ការ​ដណ្តើម​អំណាច​ផ្ទៃក្នុង ចលនា​បះបោរ​ក៏​បាន​​រីកដុះដាល រហូត​​រាលដាល​​​ទៅ​ជា​សង្រ្គាម​ស៊ីវិល​។

នៅ​ឆ្នាំ​១៩៧៩ ដោយ​មើលឃើញ​ពី​ភាព​អនាធិបតេយ្យ និង​ការ​ធ្លាក់​ចុះខ្សោយ​នៃ​របបកុម្មុយនិស្ត​នៅ​កាប៊ុល លោក​ឡេអូនីត ប្រេស្នេវ មេដឹកនាំ​សហភាព​សូវៀត ក៏​បាន​សម្រេច​បញ្ជូន​កងទ័ព​ចូល​ទៅ​ឈ្លានពាន​អាហ្វហ្កានីស្ថាន​ ដើម្បី​លើកបន្តុប និង​ការពារ​រដ្ឋាភិបាល ដែល​មាន​គំនិត​ស្មោះស្ម័គ្រ​នឹង​សហភាព​សូវៀត។

នៅថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​១៩៧៩ ទាហាន​សូវៀត​ប្រមាណ​ជា ៧០០នាក់ ក្នុងនោះ​មាន​ទាំង​កងកុម្ម៉ង់ដូ​ពិសេស និង​កងចារកិច្ច KGB ផង នាំគ្នា​ស្លៀក​ឯកសណ្ឋាន​ជា​ទាហាន​អាហ្វហ្កានីស្ថាន ហើយ​ចូល​កាន់កាប់​ទីតាំង​សំខាន់ៗ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ទីក្រុង​កាប៊ុល ជាពិសេស គឺ​វិមាន​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន។ មេដឹកនាំ​កុម្មុយនិស្ត​​ ដែល​ជា​មនុស្ស​ជំនិត​របស់​សូវៀត ក៏​ត្រូវ​បាន​លើក​បន្តុប​ឲ្យ​ធ្វើ​ជា​ប្រមុខដឹកនាំ​ថ្មី​របស់​ អាហ្វហ្កានីស្ថាន។

ក្នុងពេល​ជាមួយគ្នា​នោះ កងទ័ព​សូវៀត​ប្រមាណ​ជា ៨ម៉ឺននាក់ អមដោយ​រថក្រោះ​និង​រថពាសដែក​ជិត​៣ពាន់គ្រឿង បាន​ឆ្លង​ព្រំដែន​ចូល​ឈ្លានពាន​អាហ្វហ្កានីស្ថាន​​ពីទិសខាងជើង ចំណែក​ឯ​ទាហាន​និង​បរិក្ខា​យោធា​ជាច្រើន​ផ្សេងទៀត​ត្រូវ​បាន​ដឹកតាម​យន្តហោះ ​ចូល​តាម​ព្រលានយន្តហោះ​ក្រុង​កាប៊ុល។ គិត​ត្រឹមពាក់​កណ្តាល​ខែ​មករា ឆ្នាំ​១៩៨០ ចំនួន​កងទ័ព​សូវៀត នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន បានកើនឡើង​រហូតដល់​ទៅ​ជាង ១០ម៉ឺននាក់។

អន្តរាគមន៍​យោធា​របស់​សូវៀត​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន ត្រូវ​ទទួលរងនូវការ​ថ្កោលទោស​​ពី​សំណាក់​សហគមន៍​អន្តរជាតិ ជាពិសេស បណ្តា​ប្រទេស​កាន់​សាសនា​អ៊ីស្លាម។

នៅថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​១៩៨០ មហាសន្និបាត​អ.ស.ប បាន​អនុម័ត​លើ​សេចក្តីសម្រេច​មួយ ដោយ​សំឡេង​១០៤ទល់​នឹង​៨ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​សូវៀត​ទៅលើ​អាហ្វហ្កានីស្ថាន។ ចំណែក​ឯ​រដ្ឋមន្រ្តី​ការបរទេស​នៃ​បណ្តា​ប្រទេស​កាន់​សាសនាអ៊ីស្លាម​​​ចំនួន ៣៤​ប្រទេស បាន​ចេញសេចក្តី​សម្រេច​រួមគ្នា​មួយ​ថ្កោលទោស​​ការឈ្លានពាន​របស់​សូវៀត ហើយ​បាន​ទាមទារ​ឲ្យ​កងទ័ព​សូវៀត​ដកថយ​​ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ ចេញ​ពី​ប្រទេស​អាហ្វហ្កានីស្ថាន ដែល​ជា​ប្រជាជាតិ​អ៊ីស្លាម។

នៅ​ផ្ទៃក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​វិញ ចលនា​ឧទ្ទាម​ប្រឆាំង​នឹង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ក៏​បាន​ប្រែក្លាយ​ ទៅជា​ចលនា​ឧទ្ទាម​ប្រឆាំង​នឹង​សូវៀត ដែល​គេ​ស្គាល់​ជាទូទៅ​ថា​ជា​ពួក​មូចាហ៊ីឌីន ហើយ​នៅ​ពាក់​កណ្តាល​ឆ្នាំ​១៩៨០ ចលនា​ឧទ្ទាម​មូចាហ៊ីឌីន​នេះ​ចាប់ផ្តើម​មាន​សន្ទុះកើនឡើង​យ៉ាងខ្លាំង ដោយសារ​តែ​​ពួកគេ​បាន​ទទួល​នូវ​ការ​គាំទ្រ​ពី​សំណាក់​ប្រជាជន​ អាហ្វហ្កានីស្ថាន ព្រមទាំង​អ្នក​កាន់សាសនា​អ៊ីស្លាម​ជាទូទៅ ​នៅ​ទូទាំង​ពិភពលោក។

សម្រាប់​អ្នក​កាន់​សាសនា​អ៊ីស្លាម ការឈ្លានពាន​របស់​សូវៀត​ទៅលើ​អាហ្វហ្កានីស្ថាន គឺ​ជា​បំពាន​ទៅលើ​សាសនា​អ៊ីស្លាម ដែល​ប្រជាជន​អ៊ីស្លាម​គ្រប់រូប​ត្រូវតែ​​ងើបឡើង​ប្រឆាំង។ នៅពេលនោះ​ហើយ ដែល​យុវជន​ជាច្រើន​​មក​ពី​បណ្តា​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​បាន​នាំគ្នា​ ធ្វើ​ដំណើរ​ចូល​ទៅ​អាហ្វហ្កានីស្ថាន ដើម្បី​ចូលរួម​​ជាមួយ​ពួក​មូចាហ៊ីឌីន ធ្វើ​សង្រ្គាម​ជីហាត​ប្រឆាំង​នឹង​កងទ័ព​សូវៀត ហើយ​ក្នុង​ចំណោម​​ជីហាត​បរទេស​ដែល​ចូល​ទៅ​ធ្វើ​សង្រ្គាម​ប្រឆាំង​នឹង​កងទ័ព​ សូវៀត​នៅ​អាហ្វហ្កានីស្ថាន​នេះ ក៏មានដែរ យុវជន​វ័យ​ជាង ២០ឆ្នាំ មក​ពី​អារ៉ាប៊ីសាអ៊ូឌីត ឈ្មោះ​ថា អូសាម៉ា ប៊ិនឡាដិន ដែល​ក្រោយ​មក​បាន​ក្លាយ​ទៅ​ជា​មេដឹកនាំ​ក្រុម​ភេរវជន​អន្តរជាតិ​អាល់កៃដា។

នៅ​ក្នុងការ​​ធ្វើ​សង្រ្គាម​ប្រឆាំង​នឹង​កងទ័ព​សូវៀត​នៅ​អាហ្កានីស្ថាន ក្រុម​មូចាហ៊ីឌីន​​ទទួល​បាន​នូវ​ជំនួយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ទាំងជំនួយ​ជាលុយ និង​ជា​គ្រឿងសព្វាវុធ ពី​បណ្តា​ប្រទេស​ជាច្រើន ទាំង​បណ្តា​ប្រទេស​កាន់សាសនា​អ៊ីស្លាម រួមមាន អារ៉ាប៊ីសាអ៊ូឌីត អេហ្ស៊ីប និង​ប៉ាគីស្ថាន និង​ទាំង​បណ្តា​ប្រទេស​ក្នុង​ប្លុក​សេរី ជាពិសេស សហរដ្ឋ​អាមេរិក។

សង្រ្គាម​អាហ្វហ្កានីស្ថាន​ បាន​ធ្វើ​ឲ្យ​រយៈកាលធូរស្រាល​នៃ​សង្រ្គាម​ត្រជាក់ ដែល​មាន​រយៈពេល​ជិត ២០ឆ្នាំ ហើយ​ដែល​​គេហៅ​តាមភាសា​បារាំង​ថា Détente ត្រូវ​ឈាន​ដល់​ទី​បញ្ចប់។ ការប្រឈមមុខដាក់គ្នា រវាង​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត​ក៏​បាន​​ផ្ទុះឡើងវិញ ដែល​អ្នក​ប្រវត្តិសាស្រ្ត​ជាច្រើន​បាន​​ហៅថា​ជា​សង្រ្គាមត្រជាក់​លើកទី២។

គិតជា​សរុប សង្រ្គាម​អាហ្វហ្កានីស្ថាន​មានរយៈពេល​ជាង ៩ឆ្នាំ គឺ​ចាប់ពី​ខែ​ធ្នូ​ឆ្នាំ​១៩៧៩ រហូត​ដល់​​ខែ​កុម្ភៈ ឆ្នាំ​១៩៨៩ នៅ​ពេល​ដែល​កងទ័ព​សូវៀត​បាន​ដកថយ​ចេញ​អស់​ពី​អាហ្វហ្កានីស្ថាន។ សង្រ្គាម​នេះ​បាន​បណ្តាល​ឲ្យ​ទាហាន​សូវៀត​ប្រមាណ​ជាង​២ម៉ឺននាក់​ត្រូវ​ ស្លាប់ ហើយ​បរាជ័យ​របស់​សូវៀត​នៅ​អាហ្វហ្កានីស្ថាន គឺ​ជា​ដើមហេតុ​ដ៏ចម្បងមួយ ដែល​នាំ​ទៅ​រក​ការ​ដួលរលំ​នៃ​សហភាព​សូវៀត និង​ការ​បិទបញ្ចប់​នៃ​សង្រ្គាម​ត្រជាក់ នៅឆ្នាំ​១៩៩១៕