លោកហ្គ័របាឆូវ និងកំណែទម្រង់ប៉េរេស្ត្រយកា នៅសហភាពសូវៀត
នៅឆ្នាំ
១៩៧៩ នៅពេលដែលកងទ័ពសូវៀតចូលឈ្លានពានប្រទេសអាហ្វហ្កានីស្ថាន ការប្រឈមមុខដាក់គ្នា
ទាំងខាងការទូត សេដ្ឋកិច្ច និងជាពិសេស ខាងផ្នែកយោធា
ក៏បានចាប់ផ្តើមផ្ទុះឡើងវិញ រវាងមហាអំណាចទាំងពីរ គឺសហរដ្ឋអាមេរិក
និងសហភាពសូវៀត។ ការប្រឈមមុខដាក់គ្នានេះបានកើនឡើងកាន់តែខ្លាំង នៅក្រោយពេលដែលលោករ៉ូណាល់
រេហ្គែន (Ronald Reagan) បានឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក នៅដើមឆ្នាំ១៩៨១ ហើយអាមេរិកបានបង្កើនអន្តរាគមន៍
ទាំងសម្ងាត់ និងទាំងបើកចំហ ជួយដល់ក្រុមឧទ្ទាម
ឬចលនាប្រឆាំងនឹងរបបកុម្មុយនិស្ត នៅតាមបណ្តាប្រទេសនានានៅទូទាំងពិភពលោក
ទាំងនៅអាហ្វ្រិក អាមេរិកឡាទីន និងនៅតំបន់អាស៊ី។
ភាពតានតឹង
នៅក្នុងដំណាក់កាលទីពីរនៃសង្រ្គាមត្រជាក់នេះ ក៏បានធ្វើឲ្យកើនឡើងផងដែរ
នូវការប្រជែងគ្នាខាងផ្នែកសព្វាវុធ និងកម្លាំងយោធា រវាងសហរដ្ឋអាមេរិក
និងសហភាពសូវៀត ហើយគិតត្រឹមដើមទសវត្សរ៍ឆ្នាំ៨០ គឺសហភាពសូវៀតដែលបានបង្កើនកម្លាំងយោធាខ្លាំងជាងគេ
រហូតមានប្រៀបលើអាមេរិក ដែលជាគូប្រជែង។ ក៏ប៉ុន្តែ កម្លាំងយោធាដ៏ខ្លាំងក្លានេះបានមក
ដោយត្រូវបង់ថ្លៃយ៉ាងខ្ពស់ខាងផ្នែកសេដ្ឋកិច្ច ដោយការចំណាយខាងវិស័យយោធារបស់សហភាពសូវៀត
នៅអំឡុងដើមទសវត្សរ៍ឆ្នាំ៨០ បានកើនឡើង រហូតដល់ទៅ ២៥% នៃផលិតផលក្នុងស្រុកសរុប។
និយាយជារួម
ការចំណាយយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងសង្រ្គាមត្រជាក់ ទាំងការចំណាយ
ដើម្បីប្រជែងខាងផ្នែកអវកាស ការប្រជែងផ្នែកសព្វាវុធ ការពង្រឹងកម្លាំងទ័ព
ការធ្វើអន្តរាគមន៍យោធានៅក្រៅប្រទេស និងការផ្តល់ជំនួយទៅដល់រដ្ឋាភិបាល ឬចលនាឧទ្ទាមកុម្មុយនិស្តនៅទូទាំងពិភពលោក
បូករួមជាមួយនឹងអប្រសិទ្ធភាពនៃប្រព័ន្ធសេដ្ឋកិច្ចផែនការ តាមបែបកុម្មុយនិស្ត
បានបង្កនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់កំណើនសេដ្ឋកិច្ចជាតិរបស់ សូវៀត។
ការធ្លាក់ចុះនៃតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ៨០
ក៏បានក្លាយជាបន្ទុកកាន់តែធ្ងន់ធ្ងរថែមទៀតទៅលើសេដ្ឋកិច្ចរបស់ សូវៀត
ដែលពឹងផ្អែកខ្លាំងទៅលើចំណូលបានពីការលក់ប្រេង។
នៅក្នុងបរិបទនៃវិបត្តិសេដ្ឋកិច្ចនេះហើយ
ដែលលោកមីខាអ៊ីល ហ្គ័របាឆូវ (Mikhail Gorbachev) បានឡើងមកកាន់តំណែងជាប្រមុខដឹកនាំសហភាពសូវៀត
នៅឆ្នាំ១៩៨៥។
នៅខែមីនា ឆ្នាំ១៩៨៥
នៅពេលដែលលោកមីខាអ៊ីល ហ្គ័របាឆូវ ឡើងមកកាន់តំណែងជាលេខាបក្សកុម្មុយនិស្តសូវៀត
លោកមានវ័យ ៥៤ឆ្នាំ ហើយត្រូវបានមជ្ឈដ្ឋានទូទៅសំឡឹងឃើញថាជាមេដឹកនាំជំនាន់ថ្មីនៃសហភាព
សូវៀត។ ជាការពិត មេដឹកនាំជំនាន់ថ្មី ដែលកើតក្រោយបដិវត្តន៍ខែតុលានេះ គឺពិតជាមានចក្ខុវិស័យខុសពីមេដឹកនាំមុនៗមែន
ដោយលោកបានបង្វែរអាទិភាពពីការពង្រឹងកម្លាំងយោធា មកផ្តោតលើការដោះស្រាយបញ្ហាសេដ្ឋកិច្ចវិញ
ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបង្កើនជីវភាពរបស់ប្រជាជន។
នៅក្នុងគោលដៅនេះហើយ
ដែលលោកហ្គ័របាឆូវ បានដាក់ចេញនូវនយោបាយកំណែទម្រង់ដ៏សំខាន់មួយ
ដែលគេស្គាល់ជាទូទៅថា “ប៉េរេស្ត្រយកា” ដោយបានបន្ធូរបន្ថយនូវប្រព័ន្ធសេដ្ឋកិច្ចផែនការ
ហើយបើកចំហឲ្យមាននូវទម្រង់ខ្លះៗនៃសេដ្ឋកិច្ចទីផ្សារ។ ក្រសួង មន្ទីរ
សហករណ៍ ព្រមទាំងសហគ្រាសរបស់រដ្ឋចាប់ផ្តើមទទួលបាននូវសិទ្ធិអំណាចទូលំទូលាយ ក្នុងការកំណត់ទំហំផលិតកម្មរបស់ខ្លួន
គឺខុសកាលពីពេលមុន ដែលគ្រប់តួអង្គសេដ្ឋកិច្ចទាំងអស់អនុវត្តតែទៅតាមអ្វី ដែលកំណត់ដោយបក្សនិងរដ្ឋបាលកណ្តាល។
ចំណុចកាន់តែគួរឲ្យចាប់អារម្មណ៍ទៅទៀត នៅក្នុងកំណែទម្រង់ប៉េរេស្រ្តយកា គឺការបើកចំហឲ្យក្រុមហ៊ុនបរទេសអាចបោះទុនរកស៊ី
នៅក្នុងទម្រង់ជាវិនិយោគរួម (Joint
Venture) ជាមួយក្រុមហ៊ុនក្នុងស្រុក ដែលជារឿងមិនធ្លាប់មាន
នៅក្នុងសូវៀតកុម្មុយនិស្ត។
ក៏ប៉ុន្តែ កំណែទម្រង់ប៉េរេស្ត្រយកានេះមិនមែនចេះអាចប្រព្រឹត្តទៅដោយរលូន
ដោយគ្មានបញ្ហានោះទេ ហើយបញ្ហាដែលលោកហ្គ័របាឆូវត្រូវប្រឈមខ្លាំងជាងគេ គឺចលនាប្រឆាំងនឹងកំណែទម្រង់
ដែលកើតចេញពីក្រុមអ្នកអភិរក្សនិយមនៅក្នុងបក្សកុម្មុយនិស្ត សូវៀតខ្លួនឯងផ្ទាល់។
ប្រឈមមុខនឹងចលនាប្រឆាំងនៅក្នុងបក្សបែបនេះ លោកហ្គ័របាឆូវគិតឃើញថា
វិធីដ៏ល្អ ដើម្បីជំរុញនយោបាយកំណែទម្រង់របស់លោក គឺត្រូវស្វែងរកការគាំទ្រពីសំណាក់ប្រជាជន
ពីព្រោះលោកគិតថា កំណែទម្រង់នេះ គឺធ្វើឡើង
ដើម្បីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចជាតិ បានជាប្រយោជន៍ទៅដល់ប្រជាជនសូវៀតជាទូទៅ
ដូច្នេះ ប្រជាជនប្រាកដជាគាំទ្រ។ ហើយដើម្បីឲ្យប្រជាជនអាចវិនិច្ឆ័យ និងបញ្ចេញទស្សនៈជុំវិញកំណែទម្រង់នេះបាន
គឺត្រូវតែបើកឲ្យមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិក្នុងការទទួលព័ត៌មាន។
នៅក្នុងគោលដៅនេះហើយ
ដែលនៅឆ្នាំ១៩៨៨ លោកហ្គ័របាឆូវបានចាប់ផ្តើមពង្រីកកំណែទម្រង់ចូលទៅដល់ផ្នែកនយោបាយ
មួយទៀត គឺការបើកចំហខាងផ្នែកនយោបាយ ដែលគេហៅថា “ហ្ក្លាស្នូស្ត” (Glasnost)។
តាមរយៈកំណែទម្រង់នយោបាយនេះ
ប្រជាជនសូវៀតចាប់ផ្តើមទទួលបាននូវសិទ្ធិសេរីភាពទូលំទូលាយជាងមុន ជាពិសេស
សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ, ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយត្រូវបានបន្ធូរបន្ថយ
ហើយអ្នកទោសនយោបាយជាច្រើនត្រូវបានដោះលែងឲ្យមានសិទ្ធិសេរីភាព។
នៅក្នុងវិស័យគ្រប់គ្រងរដ្ឋបាលវិញ
សមាសភាពនៃរចនាសម្ព័ន្ធដឹកនាំក្រសួង មន្ទីរ និងស្ថាប័នសាធារណៈ ដែលកាលពីមុន
បម្រុងទុកឲ្យតែបក្ខជន ក៏ត្រូវបានបើកចំហដល់អ្នកដែលមិនមែនជាសមាជិកបក្សកុម្មុយនិស្ត
ហើយនៅឆ្នាំ១៩៨៩ កំណែទម្រង់ប្រជាធិបតេយ្យដ៏សំខាន់មួយត្រូវបានរៀបចំធ្វើឡើង
គឺការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ដែលជាការបោះឆ្នោតដោយសេរីជាលើកដំបូងបង្អស់នៅសហភាពសូវៀត
ចាប់តាំងពីបដិវត្តន៍កុម្មុយនិស្ត ខែតុលា ឆ្នាំ១៩១៧។
ទន្ទឹមនឹងការធ្វើកំណែទម្រង់សេដ្ឋកិច្ចនិងនយោបាយនៅក្នុងស្រុក
លោកហ្គ័របាឆូវក៏បានផ្លាស់ប្តូរនយោបាយការបរទេសរបស់សហភាពសូវៀតផងដែរ ដោយបានព្យាយាមបន្ធូរបន្ថយភាពតានតឹងជាមួយសហរដ្ឋអាមេរិក
ក្នុងគោលដៅកាត់បន្ថយការប្រជែងខាងសព្វាវុធ ដែលជាមុខចំណាយដ៏ធំ និងជាបន្ទុកដល់សេដ្ឋកិច្ចសូវៀត។
នៅក្នុងចន្លោះពីឆ្នាំ១៩៨៥
ដល់ឆ្នាំ១៩៨៨ លោកហ្គ័របាឆូវបានបើកធ្វើជំនួបកំពូលរហូតដល់ទៅ៣លើកជាមួយលោករ៉ូណាល់
រេហ្គែន ហើយជំនួបទាំងនេះបានសម្រេចចេញជាផ្លែផ្កាដ៏សំខាន់មួយ គឺកិច្ចព្រមព្រៀងកាត់បន្ថយអាវុធនុយក្លេអ៊ែររយៈចម្ងាយ
មធ្យម(Intermediate-Range Nuclear Forces Treaty) នៅឆ្នាំ១៩៨៧
និងសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរអន្តរទ្វីប (Strategic Arms
Reduction Treaty) នៅឆ្នាំ១៩៩១។
ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា នយោបាយកំណែទម្រង់បើកចំហខាងផ្នែកនយោបាយរបស់លោកហ្គ័របាឆូវ បានធ្វើឲ្យមានភាពរង្គោះរង្គើ ទាំងនៅតាមបណ្តាប្រទេសក្នុងប្លុកកុម្មុយនិស្ត និងទាំងនៅក្នុងសហភាពសូវៀតខ្លួនឯងផ្ទាល់ ហើយវាគឺជាចំណុចចាប់ផ្តើមដ៏សំខាន់មួយ ដែលនាំទៅរកការដួលរលំនៃសហភាពសូវៀត និងប្លុកកុម្មុយនិស្ត៕