ការដួលរលំនៃប្លុកកុម្មុយនិស្តនៅ អឺរ៉ុបខាងកើត
ចាប់តាំងពីក្រោយការបញ្ចប់សង្រ្គាមលោកលើកទី២
នៅឆ្នាំ១៩៤៥ សង្រ្គាមត្រជាក់បានបង្កើតជា "វាំងននដែក" ខ័ណ្ឌចែកតំបន់អឺរ៉ុបជាពីរ
គឺអឺរ៉ុបខាងលិចស្ថិតក្នុងប្លុកសេរីជាមួយសហរដ្ឋអាមេរិក (បក្សសម្ព័ន្ធអូតង់) និងអឺរ៉ុបខាងកើតស្ថិតក្នុងប្លុកកុម្មុយនិស្តជាមួយសហភាពសូវៀត
(បក្សសម្ព័ន្ធវ៉ាសូវី)។ ក៏ប៉ុន្តែ ប្លុកកុម្មុយនិស្តអឺរ៉ុបខាងកើតត្រូវដួលរលំ
នៅចុងទសវត្សរ៍ឆ្នាំ៨០ នៅក្នុងបដិវត្តន៍មួយ ដែលគេឲ្យឈ្មោះថា “បដិវត្តន៍ឆ្នាំ១៩៨៩”។
អ្វីៗចាប់ផ្តើមជាមួយនឹងកំណែទម្រង់របស់លោកហ្គ័របាឆូវ
នៅសហភាពសូវៀត គឺកំណែទម្រង់ “ប៉េរ៉េស្រ្តយកា” និង “ហ្ក្លាស្នូស្ត” ដែលបើកចំហទាំងខាងវិស័យសេដ្ឋកិច្ច
និងនយោបាយ ពីការគ្រប់គ្រងដ៏តឹងរ៉ឹងរបស់បក្សកុម្មុយនិស្ត។
ក្នុងពេលជាមួយគ្នា លោកហ្គ័របាឆូវ
បានសម្រេចកាត់បន្ថយអន្តរាគមន៍យោធារបស់សូវៀតនៅបរទេស ដើម្បីងាកមកផ្តោតអាទិភាព
ទៅលើការស្តារសេដ្ឋកិច្ច ក្នុងប្រទេសខ្លួន
ឯង។ នយោបាយកាត់បន្ថយអន្តរាគមន៍យោធានៅបរទេស ដែលនាំទៅរកការដកទ័ពសូវៀតពីអាហ្វហ្កានីស្ថាន
នៅឆ្នាំ១៩៨៩ និងជាពិសេស ការបន្ធូរបន្ថយអំណាចកុម្មុយនិស្ត នៅអឺរ៉ុបខាងកើត។
ការដួលរលំនៃជញ្ជាំងប៊ែរឡាំងនៅឆ្នាំ១៩៨៩ គឺជានិមិត្តរូបនៃការបិទបញ្ចប់ការខណ្ឌចែកតំបន់អឺរ៉ុប រវាងប្លុកកុម្មុយនិស្ត និងប្លុកសេរី |
នៅខែធ្នូឆ្នាំ១៩៨៨
នៅក្នុងសុន្ទរកថាជាប្រវត្តិសាស្រ្តមួយ នៅក្នុងមហាសន្និបាតអ.ស.ប
លោកហ្គ័របាឆូវបានប្រកាសថា គ្រប់ប្រជាជាតិទាំងអស់គួរតែមានសិទ្ធិសេរីភាពក្នុងការជ្រើសរើស
ផ្លូវដើរដោយខ្លួនឯង ដោយគ្មានការជ្រៀតជ្រែកពីខាងក្រៅ។ អ្វីដែលធ្វើឲ្យគេកាន់តែភ្ញាក់ផ្អើលទៅទៀតនោះ
លោកហ្គ័របាឆូវបានប្រកាសឲ្យដឹងអំពីផែនការកាត់បន្ថយចំនួន កងទ័ពសូវៀតដែលកំពុងឈរជើង
នៅតាមបណ្តាប្រទេសកុម្មុយនិស្តក្នុងតំបន់អឺរ៉ុបខាងកើត។
នយោបាយរបស់លោកហ្គ័របាឆូវបានបង្កនូវផលវិបាកដ៏សំខាន់មួយ
ដែលគេមិនរំពឹងទុក គឺការធ្លាក់ចុះទន់ខ្សោយនៃរបបកុម្មុយនិស្តនៅអឺរ៉ុបខាងកើត
និងការផ្ទុះឡើងនៃចលនាប្រឆាំងរបស់ប្រជាជននៅទូទាំងតំបន់អឺរ៉ុប នៅឆ្នាំ១៩៨៩។
ឆ្នាំ១៩៨៩
គឺជាខួបគម្រប់២០០ឆ្នាំនៃបដិវត្តន៍បារាំង ដែលប្រជាជនសាមញ្ញធម្មតាបានងើបឡើងបះបោររហូតបានជោគជ័យក្នុងការ
ទម្លាក់របបរាជានិយមសក្តិភូមិ កាលពីឆ្នាំ១៧៨៩។ ២០០ឆ្នាំក្រោយមក ចលនាបះបោររបស់ប្រជាជនបានចាប់កក្រើកឡើង
ដើម្បីប្រឆាំងនឹងរបបដឹកនាំតាមបែបកុម្មុយនិស្តផ្តាច់ការ នៅតាមបណ្តាប្រទេសក្នុងប្លុកកុម្មុយនិស្តនៅអឺរ៉ុបខាងកើត។
ចលនាបះបោរប្រឆាំងកុម្មុយនិស្តនេះក៏បានកើតមានឡើងផងដែរ នៅក្នុងប្រទេសចិន
ប៉ុន្តែ ចលនាបះបោរនេះត្រូវទទួលបរាជ័យ ដោយត្រូវទទួលរងនូវការបង្រ្កាបយ៉ាងឃោរឃៅ
ពីសំណាក់កងទ័ពចិន នៅទីលានធៀនអានមេន នៅខែមិថុនាឆ្នាំ១៩៨៩។
នៅសូវៀតដែលជាប្រទេសធ្លាប់តែប្រើវិធានការក្តៅលើចលនាបះបោរ
ប្រឆាំងកុម្មុយនិស្តដែរនោះ លោកហ្គ័របាឆូវមិនបានអបអរជោគជ័យរបស់របបកុម្មុយនិស្តចិនទៅលើចលនា
បះបោរនេះទេ ផ្ទុយពីនេះ គឺមានតែអះអាងនៅចំពោះមុខក្រុមប្រឹក្សាអឺរ៉ុបថា សូវៀតនឹងមិនប្រើកម្លាំងបង្រ្កាបចលនាប្រឆាំងដូចអ្វីដែលចិនបាន
ធ្វើនោះទេ។ លើសពីនេះទៅទៀត លោកហ្គ័របាឆូវក៏បានប្រាប់ផងដែរទៅបណ្តាមេដឹកនាំកុម្មុយនិស្តរណបសូវៀតនៅអឺរ៉ុបខាងកើតឲ្យបង្ហាញនូវភាពទន់ភ្លន់ចំពោះចលនាប្រឆាំង។
នៅទីបំផុត ចលនាបដិវត្តន៍ឆ្នាំ១៩៨៩បានធ្វើឲ្យរបបកុម្មុយនិស្តអឺរ៉ុបខាងកើត
ត្រូវដួលរលំជាបន្តបន្ទាប់ ដោយចាប់ផ្តើមពីប្រទេសប៉ូឡូញ រាលដាលទៅដល់ប្រទេសហុងគ្រី
អាល្លឺម៉ង់ខាងកើត ឆេកូស្លូវ៉ាគី ប៊ុលហ្ការី និងរ៉ូម៉ានី។
នៅក្នុងឆ្នាំបន្ទាប់ៗមកទៀត អតីតប្រទេសកុម្មុយនិស្តអស់ទាំងនេះបានធ្វើការជ្រើសរើសមេដឹកនាំថ្មី
តាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យជាលើកទី១ ហើយព្រមទាំងបានដកខ្លួនចេញពីបក្សសម្ព័ន្ធយោធានៃប្លុក
កុម្មុយនិស្ត គឺកតិកាសញ្ញាវ៉ាសូវី។
ព្រឹត្តិការណ៍ដ៏សំខាន់ជាប្រវត្តិសាស្រ្តនៃបដិវត្តន៍ឆ្នាំ១៩៨៩
ហើយដែលបច្ចុប្បន្ន នៅតែត្រូវបានគេចាត់ទុកថា ជានិមិត្តរូបនៃការបិទបញ្ចប់ការខ័ណ្ឌចែក តំបន់អឺរ៉ុប
គឺការដួលរលំ នៃជញ្ជាំងក្រុងប៊ែរ ឡាំង។
ជញ្ជាំងក្រុងប៊ែរឡាំងត្រូវបានអាជ្ញាធរកុម្មុយនិស្តអាល្លឺម៉ង់
ខាងកើតសាងសង់ឡើង កាលពីឆ្នាំ១៩៦១ ដើម្បីទប់ស្កាត់កុំឲ្យពលរដ្ឋលួចរត់ភៀសខ្លួនទៅកាន់អាល្លឺម៉ង់
ខាងលិច។ ក៏ប៉ុន្តែ បើទោះបីជាមានវិធានការយ៉ាងតឹងរ៉ឹងបែបនេះក៏ដោយ ពលរដ្ឋអាល្លឺម៉ង់ខាងកើតជាច្រើន
នៅតែនាំគ្នាជម្នះដោយខ្លះត្រូវប្តូរជីវិត ព្យាយាមរត់ភៀសខ្លួនចេញពីរបបកុម្មុយនិស្ត។
នៅខែតុលាឆ្នាំ១៩៨៩ នៅក្នុងបរិបទនៃចលនាបដិវត្តន៍ប្រឆាំងកុម្មុយនិស្ត បក្សកុម្មុយនិស្តអាល្លឺម៉ង់ខាងកើតបានធ្វើការរុះរើរដ្ឋាភិបាល និងផ្លាស់ប្តូរមេដឹកនាំកំពូលៗរបស់ខ្លួន ហើយមួយខែក្រោយមកទៀត នៅថ្ងៃទី៩វិច្ឆិកា អាជ្ញាធរកុម្មុយនិស្តក្រុងប៊ែរឡាំងខាងកើតបានប្រកាសឲ្យដឹងថា ចាប់ពីពាក់កណ្តាលអធ្រាតថ្ងៃ៩វិច្ឆិកានោះទៅ ប្រជាជនដែលរស់នៅប៊ែរឡាំងខាងកើតទាំងអស់នឹងត្រូវអនុញ្ញាតឲ្យ ឆ្លងកាត់ដោយសេរី ទៅប៊ែរឡាំងខាងលិច។
ភ្លាមៗក្រោយពីមានសេចក្តីប្រកាសនេះ
បណ្តាជនទាំងនៅប៊ែរឡាំងខាងកើត និងនៅប៊ែរឡាំងខាងលិច បានមកប្រមូលផ្តុំគ្នានៅតាមបណ្តោយជញ្ជាំងក្រុងប៊ែរឡាំង
ដើម្បីនាំគ្នាអបអរសាទរវិធានការថ្មី និងរង់ចាំឆ្លងព្រំដែន ហើយចាប់ពីពេលនោះមក
ជញ្ជាំងក្រុងប៊ែរឡាំងត្រូវបានគេវាយទម្លាយបន្តិចម្តងៗរហូត ទាល់តែអស់។
ជាការពិតថា
គេត្រូវរង់ចាំរហូតដល់មួយឆ្នាំក្រោយ គឺនៅថ្ងៃទី៣ ខែតុលា ឆ្នាំ១៩៩០ ទើបអាល្លឺម៉ង់ទាំងពីរអាចបង្រួបបង្រួមគ្នាជាប្រទេសតែមួយឡើងវិញ
ក្រោយពីរបបកុម្មុយនិស្តនៅអាល្លឺម៉ង់ខាងកើតត្រូវគេរំលាយចោល។ ក៏ប៉ុន្តែ ការដួលរលំនៃជញ្ជាំងក្រុងប៊ែរឡាំងត្រូវបានគេចាត់ទុកថាជានិមិត្ត
រូបនៃការដួលរលំ “វាំងននដែក” ដែលមិនត្រឹមតែខណ្ឌចែកប្រជាជាតិអាល្លឺម៉ង់មួយនោះទេ
តែខណ្ឌចែកប្រជាជាតិអឺរ៉ុបទាំងមូល អស់រយៈពេលជិតកន្លះសតវត្សរ៍។
ការផ្លាស់ប្តូរដែលបានកើតឡើងនៅអឺរ៉ុបខាងកើតនៅឆ្នាំ១៩៨៩
គឺជាផលផ្លែនៃភាពក្លាហានរបស់ប្រជាជន ដែលហ៊ានងើបឈរឡើងរើបម្រះពីការដឹកនាំតាមបែបផ្តាច់ការនៃរបប
កុម្មុយនិស្ត ក៏ប៉ុន្តែ អ្នកប្រវត្តិសាស្រ្តជាច្រើនសុទ្ធតែយល់ថា ក្តីក្លាហានមោះមុតរបស់ប្រជាជននៅអឺរ៉ុបខាងកើតនេះក៏មិនអាចសម្រេច
បានជោគជ័យដែរ ប្រសិនបើគ្មានលោកហ្គ័របាឆូវ។ លោកហ្គ័របាឆូវត្រូវបានគេផ្តល់ពានរង្វាន់ណូបែលសន្តិភាព
នៅឆ្នាំ១៩៩០ ពោលគឺ មួយឆ្នាំក្រោយបដិវត្តន៍ឆ្នាំ១៩៨៩។
ក៏ប៉ុន្តែ អ្វីដែលលោកហ្គ័របាឆូវមិនបានរំពឹងទុក ចំហាយនៃបដិវត្តន៍ឆ្នាំ១៩៨៩បានរាលដាលចេញពីអឺរ៉ុបខាងកើត ទៅដល់សហភាពសូវៀតខ្លួនឯងផ្ទាល់ រហូតធ្វើឲ្យសហភាពសូវៀតត្រូវដួលរលំ នៅឆ្នាំ១៩៩១៕