Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

ការដួលរលំនៃសហភាពសូវៀត និងការបញ្ចប់ នៃសង្រ្គាមត្រជាក់

នៅ​ឆ្នាំ​១៩៨៩ ចលនា​បដិវត្តន៍​ប្រជាជន​បាន​ផ្ទុះឡើង​នៅ​ក្នុង​តំបន់​អឺរ៉ុប​ខាង​កើត រហូត​ធ្វើ​ឲ្យ​របបកុម្មុយនិស្ត​​រណបសូវៀត​ត្រូវ​ដួលរលំ​ជា​បន្តបន្ទាប់ រហូត​ធ្វើ​ឲ្យ​ប្លុក​កុម្មុយនិស្ត​នៅ​អឺរ៉ុប​ខាង​កើត​ត្រូវ​ បាក់បែកខ្ចាត់ខ្ចាយ​ស្ទើរតែ​អស់​គ្មាន​សល់ ជំនួស​មកវិញ​ដោយ​របបប្រជាធិបតេយ្យ​តាមបែប​លោកខាងលិច។
 
នយោបាយ​កំណែទម្រង់​របស់​លោក​ហ្គ័របាឆូវ គឺ​ជា​កត្តា​ដ៏ធំមួយ ដែល​ជួយជំរុញ​ឲ្យ​ចលនា​បដិវត្តន៍​នេះ​បាន​ទទួល​ជោគជ័យ។ ក៏ប៉ុន្តែ ​អ្វី​ដែល​លោក​ហ្គ័របាឆូវ​មិនបាន​រំពឹងទុក​នោះ គឺ​​បដិវត្តន៍​ឆ្នាំ​១៩៨៩ ​នេះ​មិនមែន​កើតមានឡើង​តែ​នៅ​អឺរ៉ុប​ខាង​កើត​នោះទេ តែ​បាន​រាលដាល​ទៅ​ដល់​សហភាព​សូវៀត​ខ្លួន​ឯងផ្ទាល់។

ដំណើរឆ្ពោះទៅរក​ការ​ដួលរលំ​នៃ​សហភាព​សូវៀត​បាន​ចាប់ផ្តើម​ឡើង​ពី​រដ្ឋ​ ជាប់នឹង​សមុទ្រ​បាល់ទិក គឺ​អេស្តូនី ឡេតូនី និង​លីទុយអានី។ ប្រទេស​ទាំង៣នេះ​ធ្លាប់​ជា​ប្រទេស​ឯករាជ្យ ក៏ប៉ុន្តែ​ត្រូវ​បាន​សូវៀត​កាត់យក​មក​ដាក់​ជា​ទឹកដី​របស់ខ្លួន តាមរយៈ​កិច្ចព្រមព្រៀង រវាង​ស្តាលីន និង​ហ៊ីត្លែរ នៅ​ឆ្នាំ​១៩៣៩។ ហេតុដូច្នេះ​ហើយ​បាន​ជា​ប្រជាជន​នៅ​ក្នុង​ប្រទេស​ទាំង៣​នេះ តែងតែ​ចាត់ទុក​ខ្លួន​ឯង​ជា​ប្រទេស​ឯករាជ្យ តែ​ស្ថិត​ក្រោម​ការ​កាន់កាប់​ដោយ​ខុសច្បាប់​ពី​សំណាក់​សហភាព​សូវៀត។
 
លោក​បូរីស យែលស៊ីន ប្រធានាធិបតី​រុស្ស៊ី
 
នៅ​ខែ​សីហា ឆ្នាំ​១៩៨៩ នៅ​ក្នុង​ពេល​ដែល​ចលនា​បដិវត្តន៍​​កំពុងតែ​ផ្ទុះឡើង​យ៉ាង​ពេញ​ទំហឹង នៅ​​អឺរ៉ុប​ខាងកើត​ ហើយ​ឆ្លៀត​ក្នុង​ឱកាស​ខួប​ ៥០ឆ្នាំ នៃ​​កិច្ចព្រមព្រៀង​ស្តាលីន-ហ៊ីត្លែរ​ឆ្នាំ​១៩៣៩​ (តាមពិត​គឺ​កិច្ចព្រមព្រៀង​ម៉ូឡូតូវ-រីបេនត្រុប ដោយ​យក​តាម​ឈ្មោះ​រដ្ឋមន្រ្តី​ការបរទេស​​សូវៀត-អាល្លឺម៉ង់ ដែល​ជា​អ្នក​ចុះហត្ថលេខា) ប្រជាជន​​អេស្តូនី ឡេតូនី និង​លីទុយអានី ប្រមាណ​ជា ១លាននាក់​​បាន​នាំគ្នា​ចេញ​ធ្វើ​បាតុកម្ម​ ដើម្បី​ប្រឆាំង​នឹង​អ្វី​ដែល​ពួកគេ​ហៅ​ថា​ជា​ការ​កាន់កាប់​ដោយ​ខុសច្បាប់​ របស់​សូវៀត​។ មួយឆ្នាំក្រោយ​មក ប្រទេស​ទាំងបី​ក៏​បាន​ប្រកាស​ផ្តាច់ខ្លួន​ជា​ប្រទេស​ឯករាជ្យ​ពី​សហភាព​ សូវៀត។

ការប្រកាស​ផ្តាច់ខ្លួន​របស់​ប្រទេស​ទាំង៣​នេះ​មិន​ត្រូវ​បាន​​រដ្ឋាភិបាល ​សហព័​ន្ធ​សូវៀត​ទទួល​ស្គាល់​នោះទេ ក៏ប៉ុន្តែ ទោះជា​យ៉ាងនេះ​ក៏ដោយ បណ្តា​រដ្ឋ​មួយ​ចំនួន​ផ្សេងទៀត រួមមាន ហ្សកហ្ស៊ី អ៊ុយក្រែន អាមេនី និង​ម៉ុលដាវី ក៏​បាន​នាំគ្នា​ប្រកាស​ផ្តាច់ខ្លួន​ពី​សូវៀត​ជា​បន្តបន្ទាប់ ដោយ​យក​គំរូ​​តាម​ប្រទេស​នៅ​បាល់ទិក។ ចំណុចរបត់​ដ៏សំខាន់​ គឺ​ការ​ប្រកាស​ឯករាជ្យ​របស់​រុស្ស៊ី ដែល​ជា​រដ្ឋ​ធំជាងគេ មាន​ប្រជាជន​ច្រើន​ជាងគេ និង​ជាពិសេស មាន​អំណាច​នយោបាយ​ខ្លាំងជាងគេ នៅ​ក្នុង​សហភាព​សូវៀត។ ការប្រកាស​ផ្តាច់ខ្លួន​ជា​រដ្ឋ​ឯករាជ្យ​ពី​សភាព​សូវៀត​​ត្រូវ​បាន​ ចុះហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី​រុស្ស៊ី បូរីស យែលស៊ីន នៅថ្ងៃ​ទី១២ ខែ​មិថុនា ឆ្នាំ​១៩៩០។

ប្រឈមមុខ​នឹង​ចលនា​ផ្តាច់ខ្លួន​នៃ​បណ្តា​រដ្ឋ​សមាជិក​ទាំង ១៥ របស់​សហភាព​សូវៀត លោក​ហ្គ័របាឆូវ​នៅតែ​ប្រកាន់​យក​នូវ​នយោបាយ​ដូច​ពីមុន គឺ​ជ្រើសរើស​យក​ការចរចា ជាជាង​ការ​ប្រើកម្លាំង​បង្រ្កាប។ នៅ​ក្នុងការ​ចរចា​នេះ លោក​ហ្គ័របាឆូវ​បាន​លើកឡើង​នូវ​សំណើ​​កំណែទម្រង់​ដ៏​សំខាន់​មួយ ដើម្បី​ផ្តល់​អំណាច​ដល់​រដ្ឋ​ជា​សមាជិក ក្នុងការ​ចាត់ចែងកិច្ចការ​ក្នុង​រដ្ឋ​របស់​ខ្លួន​ស្ទើរតែ​ដូច​ប្រទេស​ ឯករាជ្យ ក៏ប៉ុន្តែ ត្រូវ​​ស្ថិត​នៅ​ជា​​រដ្ឋ​សមាជិក​​​សហភាព​សូវៀត​​ដូចពីមុន​ដដែល។

ទោះជាយ៉ាងណា សំណើ​កំណែទម្រង់​របស់​លោក​ហ្គ័របាឆូវ​នេះ​ត្រូវ​ប្រឈមមុខ​នឹង​ការ​ប្រឆាំង​ ពី​ចរន្ត​ធំៗ​ពីរ។ រដ្ឋ​​ចំនួន ៣ គឺ អេស្តូនី ឡេតូនី លីទុយអានី អាមេនី ហ្សកហ្ស៊ី និង​ម៉ុលដាវី ទាមទារ​ដាច់ខាត​ចង់​ផ្តាច់ខ្លួន​ជា​ប្រទេស​ឯករាជ្យ​ដាច់ចេញ​ទាំងស្រុង​ពី​ សហភាព​សូវៀត។ ចំណែក​ឯ​ក្រុម​អ្នកនយោបាយ​ប្រកាន់​តឹង​នៅ​ក្នុង​បក្ស​កុម្មុយនិស្ត​សូវៀត ដែល​ក្នុង​ចំណោម​នោះ​​ក៏​មាន​មន្រ្តី​កាន់អំណាច​ធំៗ​ជាច្រើន​ផងដែរ គឺ​រួមមាន អនុប្រធានាធិបតី​ នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ និង​ប្រមុខក្រសួង​ចារកិច្ច (KGB) ​នាំគ្នា​ប្រឆាំង​នឹង​ជំហរ​សម្រុះសម្រួល​របស់​លោក​ហ្គ័របាឆូវ ដោយ​ទាមទារ​ឲ្យ​ចាត់វិធានការ​ក្តៅ​បង្រ្កាប​ទៅលើ​ចលនា​ផ្តាច់ខ្លួន ដើម្បី​រក្សា​អំណាច​សហភាព​សូវៀត​ឲ្យ​នៅ​ខ្លាំង​ដូច​កាល​ពីមុន។ ដើម្បី​សម្រេច​តាម​បំណង​របស់​ខ្លួន ក្រុម​នេះ​ក៏​បាន​នាំគ្នា​រៀបចំ​គម្រោងការណ៍​ ដើម្បី​ច្បាម​យក​អំណាច​ពី​លោក​ហ្គ័របាឆូវ តាមរយៈ​រដ្ឋប្រហារ។

ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ​១៩៩១ ក្រុម​មេដឹកនាំ​រដ្ឋប្រហារ​បាន​បញ្ជូន​មនុស្ស​ពី​ម៉ូស្គូ ​ឲ្យ​ទៅ​ជួប​លោក​ហ្គ័របាឆូវ​ដែល​​​កំពុង​សម្រាកលំហែរកាយ​នៅ​ឯ​តំបន់​គ្រីមេ ដោយ​បាន​ទាមទារ​ឲ្យ​លោក​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ដើម្បី​ដាក់ពង្រាយ​កម្លាំង​ទ័ព​ទៅ​បង្រ្កាប​ក្រុម​អ្នក​ទាមទារ​ផ្តាច់ទឹកដី។ លោក​ហ្គ័របាឆូវ​បដិសេធ​ ពួកមេដឹកនាំ​រដ្ឋប្រហារ​ក៏​បាន​ចាប់លោក​ដាក់ឃុំ​នៅ​ក្នុង​ផ្ទះ ដោយ​កាត់ផ្តាច់​រាល់​បណ្តាញ​ទាក់ទង​ទៅ​ពិភព​ខាង​ក្រៅ ហើយ​មួយថ្ងៃ​ក្រោយ​មក  មេដឹកនាំ​រដ្ឋប្រហារ​បាន​ប្រកាសថា លោក​ហ្គ័របាឆូវ​មាន​ជំងឺ ហើយ​បាន​ប្រគល់​អំណាច​ទៅ​ឲ្យ​គណៈកម្មាធិការ​មួយ ដែល​មាន​សមាជិក ៨រូប ជា​អ្នក​គ្រប់គ្រង​ជា​បណ្តោះអាសន្ន ហើយ​ក្នុងពេល​ជាមួយគ្នា​គណៈក​ម្មាធិការ​នេះ​បាន​ប្រកាស​ដាក់​សហភាព​សូវៀត​ ទាំងមូល​ឲ្យ​ស្ថិត​ក្រោម​ច្បាប់​អាជ្ញាសឹក ព្រមទាំង​បញ្ជូន​កម្លាំង​ឲ្យ​ទៅ​បង្រ្កាប​ពួក​អ្នក​ទាមទារ​ផ្តាច់ខ្លួន​ជា​ រដ្ឋ​ឯករាជ្យ។

មកត្រឹម​ពេលនោះ អ្នកណា​ក៏ដឹង​ដែរ​ថា អ្វី​ដែល​កំពុង​កើតឡើង គឺ​ជា​រដ្ឋប្រហារ​ទម្លាក់​លោក​ហ្គ័របាឆូវ​ពី​តំណែង។ ក៏ប៉ុន្តែ រដ្ឋប្រហារ​នេះ​មានអាយុកាល​តែ៣ថ្ងៃ​ប៉ុណ្ណោះ ក៏​ត្រូវ​ទទួល​បរាជ័យ​ទៅវិញ។ បរាជ័យ​នៃ​រដ្ឋប្រហារ​នេះ​កើតឡើង​ដោយ​សារ​តែ​​មូលហេតុធំៗ​ពីរ គឺ​ការ​ខ្វះគាំទ្រ​ពី​សំណាក់​មន្រ្តី​ថ្នាក់​ក្រោម​ទាំង​នៅ​ក្នុង​ជួរកងទ័ព និង​ក្នុង​ក្រសួង​ចារកិច្ច KGB ហើយ​កាន់តែ​សំខាន់​ជាងនេះ​ទៅទៀត គឺ​ដោយសារ​តែ​ក្រុមរដ្ឋប្រហារ​​​មិន​អាច​ចាប់ខ្លួន​ ​លោក​បូរីស យែលស៊ីន ប្រធានាធិបតី​រុស្ស៊ី ដែល​ជារដ្ឋ​ដ៏មាន​អំណាច​បំផុត​ក្នុង​សហភាព​សូវៀត។
 
រថក្រោះ​ដែល​ត្រូវ​បាន​គេ​ដាក់ពង្រាយ​នៅ​ទីលាន​ក្រហម ក្រុង​ម៉ូស្គូ ក្នុង​អំឡុង​រដ្ឋប្រហារ​ទម្លាក់​លោក​ហ្គ័របាឆូវ នៅ​ឆ្នាំ១៩៩១
នៅថ្ងៃ​ទី១៩​សីហា លោក​បូរីស យែលស៊ីន បាន​ចេញមុខប្រកាស​បដិសេធ​មិន​ទទួលស្គាល់​មេដឹកនាំ​ថ្មី ដែល​កើតចេញ​ពី​អ្វី ដែល​លោក​ហៅថា​ជា​រដ្ឋប្រហារ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ ហើយ​លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាជន ព្រមទាំង​កងកម្លាំង​ប្រដាប់អាវុធ​ទាំងអស់​ស្តាប់​តាមតែ​បទបញ្ជា​ចេញដោយ​ រដ្ឋាភិបាល​របស់​លោក។ សេចក្តីប្រកាស​របស់​លោក​បូរីស យែលស៊ីន បាន​ទទួល​នូវការ​គាំទ្រ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ពី​សំណាក់​ប្រជាជន ក៏ដូចជា ពី​សំណាក់​សហគមន៍​អន្តរជាតិ ជាពិសេស ពី​សំណាក់​មេដឹកនាំ​ប្រទេស​មហាអំណាច ដូចជា លោក​ប៊ូស ប្រធានាធិបតី​អាមេរិក លោក​ហ្វ្រង់ស័រ មីតេរ៉ង់ ប្រធានាធិបតី​បារាំង លោក​ចន មេជ័រ នាយករដ្ឋមន្រ្តី​អង់គ្លេស និង​លោក​អេលមូត កូល អធិកាបតី​អាល្លឺម៉ង់។

នៅទីបំផុត មេដឹកនាំ​រដ្ឋប្រហារ​ក៏​ត្រូវ​បង្ខំចិត្តដោះលែង​លោក​ហ្គ័របាឆូវ​ពី​គ្រីមេ​ ឲ្យ​ត្រឡប់​មក​កាន់​អំណាចវិញ។ ក៏ប៉ុន្តែ ទោះជា​ត្រូវ​បរាជ័យ​ក៏ដោយ រដ្ឋប្រហារ​នៅ​ខែ​សីហា ឆ្នាំ​១៩៩១​នោះ បាន​ធ្វើ​ឲ្យ​អំណាច​នយោបាយ​របស់​​លោក​ហ្គ័របាឆូវ​ត្រូវ​ធ្លាក់​ចុះខ្សោយ​ យ៉ាង​ខ្លាំង ដោយ​លោក​មាន​តែ​តំណែង ចំណែក​ឯ​អំណាច​ពិតប្រាកដ​ត្រូវ​ស្ថិត​ក្នុងដៃ​លោក​បូរីស យែលស៊ីន។

៤ខែ​ក្រោយ​រដ្ឋប្រហារ នៅថ្ងៃ​ទី៨​ខែ​ធ្នូ រដ្ឋទាំង ១៥ ក្នុង​សហភាព​សូវៀត​ក៏​បាន​ប្រកាស​ឯករាជ្យ​រៀងៗខ្លួន ហើយ​នៅថ្ងៃ​ទី​២៤​ធ្នូ​ រុស្ស៊ី ដោយ​មាន​ការ​គាំទ្រ​ពី​អតីត​រដ្ឋ​សូវៀត​ផ្សេងទៀត បាន​ជូន​ដំណឹង​ទៅ​អ.ស.ប​​ថា ចាប់ពីពេលនោះទៅ រុស្ស៊ី​នឹង​​កាន់កាប់​អាសនៈ​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​ សន្តិសុខ​អ.ស.ប ជំនួស​សហភាព​សូវៀត។ មួយថ្ងៃ​ក្រោយមក នៅថ្ងៃ​ទី២៥​ធ្នូ ដែល​ចំថ្ងៃ​បុណ្យណូអែល លោក​ហ្គ័របាឆូវ​បាន​ប្រកាស​លាឈប់​ពីមុខតំណែង​ជា​ប្រធានាធិបតី​នៃ​សហភាព​​ សូវៀត ហើយ​​នៅថ្ងៃ​ទី២៦ធ្នូ ទង់​ក្រហម​ ដែល​មាន​កណ្ដៀវ​និង​ញញួរ​ត្រូវ​បាន​គេ​បង្ហូតចុះ​ពី​វិមានក្រេមឡាំង ជំនួស​មកវិញ​ដោយ​ទង់ជាតិ​រុស្ស៊ី។

សហភាព​សាធារណរដ្ឋ​សង្គមនិយម​សូវៀត ដែល​បាន​បង្កើតឡើង​តាំង​​ពីឆ្នាំ​១៩២២ ក៏​ត្រូវ​រំលាយ​ជាផ្លូវការ ជំនួសមកវិញ​ដោយ​ប្រទេស​ឯករាជ្យ​ចំនួន ១៥ គឺ​ រុស្ស៊ី អ៊ុយក្រែន បេឡារុស ហ្សកហ្ស៊ី ម៉ុលដាវី អាមេនី អេស្តូនី ឡេតូនី លីទុយអានី អាស៊ែបៃហ្សង់ កាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន តាហ្ស៊ីគីស្ថាន កៀហ្ស៊ីស៊ីស្ថាន និង​តួកម៉េនីស្ថាន៕