Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

ពិភពលោកក្រោយសង្រ្គាមត្រជាក់

សង្រ្គាមត្រជាក់​គឺ​ជាការ​ប្រឈមមុខដាក់គ្នា​ខាងផ្នែក​យោធា រវាង​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត ដោយ​មិន​ឈាន​ទៅ​ដល់​ការ​ផ្ទុះសង្រ្គាម​នឹងគ្នា។ ក៏ប៉ុន្តែ បើទោះបីជា​សង្រ្គាម​ដោយផ្ទាល់​មិន​កើតមានឡើងក៏ពិតមិន តែ​មហាអំណាច​ទាំងពីរ​​តែងតែ​ធ្វើ​សង្រ្គាម​នឹងគ្នា​ដោយ​ប្រយោល ហើយ​បង្កើត​ឲ្យ​មាន​ជា​សង្រ្គាម​ស៊ីវិល នៅ​តាម​បណ្តា​ប្រទេស​តូចៗ​ជាច្រើន​នៅ​ទូទាំង​ពិភពលោក។ ការបញ្ចប់​សង្រ្គាម​ត្រជាក់ នៅ​ឆ្នាំ​១៩៩១ គឺ​ជា​កត្តា​ដ៏ចម្បង​មួយ ដែល​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​បញ្ចប់​សង្រ្គាម​ស៊ីវិល​អស់ទាំងនេះ ក្នុងនោះ ក៏​មាន​សង្រ្គាម​ស៊ីវិល​ដ៏រ៉ាំរ៉ៃ នៅ​ក្នុង​ប្រទេស​កម្ពុជា​មួយ​ផងដែរ។

ដំណើរការ​ចរចា​សន្តិភាព​ក្នុង​សង្រ្គាមស៊ីវិល​កម្ពុជា​​បាន​ចាប់ផ្តើម​ ធ្វើឡើង តាំង​ពី​អំឡុង​ឆ្នាំ​១៩៨៧ ក៏ប៉ុន្តែ ការចរចា​នេះ​ត្រូវ​ជួប​នឹង​បញ្ហា​ស្មុគស្មាញ​ច្រើន ដោយសារ​តែ​ភាគីជម្លោះ​សុទ្ធតែ​មាន​មហាអំណាច​បរទេស​​នៅ​ពី​ខាង​ក្រោយ គឺ​ចិន និង​អាមេរិក គាំទ្រ​ពួក​ខ្មែរក្រហម ចំណែក​ឯ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​វិញ មាន​វៀតណាម និង​សហភាព​សូវៀត​នៅ​ពី​ក្រោយ ជាពិសេស គឺ​វៀតណាម ដែល​បញ្ជូន​ជំនាញការ ព្រមទាំង​​​កងទ័ព​ យ៉ាងច្រើន​​សន្ធឹកសន្ធាប់​ឲ្យ​មក​ឈរជើង​​នៅ​ក្នុង​ទឹកដី​ កម្ពុជា​។
 
ការដួលរលំ​នៃ​ជញ្ជាំង​ប៊ែរឡាំង​នៅ​ឆ្នាំ​១៩៨៩ គឺ​ជា​​និមិត្តរូប​នៃ​ការ​បិទបញ្ចប់សង្រ្គាមត្រជាក់
    
នៅ​ចុងទសវត្សរ៍​ឆ្នាំ​៨០ សូវៀត​ក្រោម​ការដឹកនាំ​របស់​លោក​ហ្គ័របាឆូវ​បាន​កាត់បន្ថយ​អន្តរាគមន៍​ និង​ជំនួយ​ទៅ​បរទេស នៅ​ក្នុងនោះ​ ជំនួយ​ទៅ​វៀតណាម​ក៏​ត្រូវ​បាន​កាត់បន្ថយ​យ៉ាងច្រើន​ផងដែរ។ ការដកថយ​របស់​សហភាព​សូវៀត បាន​ជំរុញ​ឲ្យ​វៀតណាម​​ដក​កងទ័ព​របស់​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​១៩៨៩។ នៅ​ក្នុង​ពេល​ជាមួយគ្នា ចិន និង​សហរដ្ឋ​អាមេរិក ក៏​បាន​នាំគ្នា​ដក​ការគាំទ្រ​ពី​ខ្មែរក្រហម។ ចាប់ពីពេលនោះ​ហើយ ដែល​ដំណើរការ​ចរចា​សន្តិភាព​នៅ​កម្ពុជា​ចាប់មាន​សន្ទុះ​ទៅមុខ រហូត​ឈាន​ទៅដល់​ការ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព នៅ​ទីក្រុង​ប៉ារីស នៅថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​១៩៩១។

ការបញ្ចប់​នៃ​សង្រ្គាម​ត្រជាក់​មិនមែន​សុទ្ធតែ​ផ្តល់​ផល​វិជ្ជាមាន ក្នុងការ​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​សង្រ្គាម​ស៊ីវិល ឬ​សង្រ្គាម​ក្នុងតំបន់​នោះទេ។ នៅ​កន្លែង​ខ្លះ សង្រ្គាម​ដែល​កើតចេញ​ពី​សង្រ្គាម​ត្រជាក់​នៅតែ​បន្ត​កើតមាន ទោះបីជា​សង្រ្គាម​ត្រជាក់​ត្រូវ​បញ្ចប់ ដូចជា សង្រ្គាម រវាង​កូរ៉េ​ខាង​ត្បូង និង​កូរ៉េ​ខាង​ជើង​ ជាដើម ដែល​នៅ​​បន្ត​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន។ ចំណែក​នៅ​អឺរ៉ុប​ខាងកើតវិញ សង្រ្គាម​ដែល​ពីមុន​មិន​ធ្លាប់​កើត​បែរ​ជា​កើតឡើង គឺ​សង្រ្គាម​យូហ្គោស្លាវី ពី​ឆ្នាំ​១៩៩១ រហូតដល់​ឆ្នាំ​២០០១។ សង្រ្គាម​​​ដែល​កើតចេញ​ពី​​ការ​បាក់បែក​នៃ​រដ្ឋ​សហព័ន្ធ​យូហ្គោស្លាវី ដែល​បច្ចុប្បន្ន​ក្លាយ​ទៅជា​ប្រទេស​ឯករាជ្យ​​ដាច់ពីគ្នា គឺ​រួមមាន ក្រូអាស៊ី ស៊ែរប៊ី ម៉ុងតេណេហ្រ្គោ ស្លូវេនី បូស្ន៊ី ម៉ាសេដ្វាន និង​ចុងក្រោយ គឺ​ ​កូសូវ៉ូ ដែល​ប្រកាស​ឯករាជ្យ​ចេញ​ពី​ស៊ែរប៊ី កាល​ពី​ឆ្នាំ​២០០៨ ក៏ប៉ុន្តែ បច្ចុប្បន្ន​នៅមិនទាន់​ត្រូវ​បាន​ទទួល​ឲ្យ​ចូល​ជា​សមាជិក​ អ.ស.ប​ នៅឡើយ ដោយសារ​តែ​មាន  ​​ប្រទេស​សមាជិក​ អ.ស.ប  រហូត​ដល់​ទៅ​ជិត​ពាក់      កណ្តាល ក្នុងនោះ​ក៏​រួមមាន​ប្រទេស​កម្ពុជា​ផងដែរ ​មិន​​ទទួលស្គាល់​​​ឯករាជ្យ​របស់​​កូសូវ៉ូ។

នៅ​ក្នុង​អំឡុង​សង្រ្គាមត្រជាក់ នយោបាយ​​អន្តរជាតិ​ត្រូវ​បាន​គេ​រៀបចំឡើង​នៅ​ជុំវិញ​មហាអំណាច​ពីរ ដែល​មាន​កម្លាំង​ប្រហាក់ប្រហែល​គ្នា គឺ​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត។ នៅ​ក្រោយ​សង្រ្គាម​ត្រជាក់ សហភាព​សូវៀត​ត្រូវ​ដួលរលំ សហរដ្ឋ​អាមេរិក​ក៏​បាន​ក្លាយ​ទៅជា​មហាអំណាច​ផុតលេខ​គ្មាន​​គូប្រៀប ដោយ​បាន​គ្រប់គ្រង​ពិភពលោកទាំងមូល ទាំង​ខាង​វិស័យ​យោធា សេដ្ឋកិច្ច ការទូត និង​ខាងផ្នែក​វប្បធម៌ ហើយ​វប្បធម៌​របស់​អាមេរិក​ត្រូវ​រីកសាយភាយ​ទៅស្ទើរតែ​គ្រប់ទីកន្លែង​ នៅទូទាំង​ពិភពលោក គឺ​ដោយសារ​តែ​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​ខាង​​ទូរគមនាគមន៍ ព្រមទាំង​ចរន្ត​ដ៏សំខាន់​មួយ​ ដែល​គេ​ស្គាល់​ជាទូទៅ​ថា សកលភាវូបនីយកម្ម

នៅ​ក្នុង​អំឡុង​សង្រ្គាម​ត្រជាក់ ការប្រឈមមុខដាក់គ្នា​ រវាង​ប្លុក​សេរី និង​ប្លុក​កុម្មុយនិស្ត បាន​ជំរុញ​ឲ្យ​ភាគី​ម្ខាងៗ​នាំគ្នា​ខិតខំ​ចំណាយ​លុយ​យ៉ាងច្រើន​ សន្ធឹកសន្ធាប់ ក្នុងការ​​អភិវឌ្ឍ​បច្ចេកវិទ្យា​រៀងៗខ្លួន ដើម្បីយក​មក​ប្រកួតប្រជែងគ្នា​​ ជាពិសេស ខាង​ផ្នែក​យោធា និងក្នុង​វិស័យ​អវកាស។ នៅ​ពេល​ដែល​សង្រ្គាម​ត្រជាក់​ត្រូវ​បញ្ចប់ ការ​ប្រឈមមុខដាក់គ្នា​ រវាង​មហាអំណាច​ទាំងពីរ​ក៏​លែង​មាន​ដូចមុន បច្ចេកវិទ្យា​អស់ទាំងនេះ​ត្រូវ​បាន​គេ​បង្វែរ​មក​ប្រើ​ប្រាស់​នៅ​ក្នុង​ វិស័យ​ស៊ីវិល ហើយ​ពិភពលោក​ក៏​បាន​ស្គាល់​នូវដំណើរវិវឌ្ឍ​ន៍​ដ៏សំខាន់មួយ ដែល​អ្នក​ប្រវត្តិសាស្រ្ត​ជាច្រើនដាក់ឈ្មោះ​ថា​ជា បដិវត្តន៍​បច្ចេកវិទ្យាបដិវត្តន៍​ឌីជីថល
 
ម៉ាក់ដូណាល់​រួមជាមួយ​នឹង​ភេស្ជៈ​កូកាកូឡា​ តែងត្រូវ​បាន​គេ​ចាត់ទុក​ជា​និមិត្តរូប​នៃ​អនុត្តរភាព​វប្បធម៌​អាមេរិក​នៅលើ ​ពិភពលោក​ក្រោយ​សង្រ្គាម​ត្រជាក់

ដំណើរវិវឌ្ឍន៍​ខាង​បច្ចេកវិទ្យា​ ដែល​នាំ​មក​នូវ​ការ​ផ្លាស់ប្តូរ​ដ៏​ធំជាងគេ នៃ​ពិភពលោក​ក្រោយ​សម័យសង្រ្គាម​ត្រជាក់ គឺ​​ការរីកចម្រើន​នៃ​ប្រព័ន្ធ​កុំព្យូទ័រ ទូរស័ព្ទដៃ និង ​ជាពិសេស​បំផុត គឺ​បណ្តាញ​អ៊ីនធ័រនែត​។

អ៊ីនធ័រនែត​គឺ​ជា​បច្ចេកវិទ្យា​ដែល​មាន​ដើមកំណើត​ចេញ​ពី​សហរដ្ឋ​អាមេរិក នៅ​ក្នុង​អំឡុង​សង្រ្គាម​ត្រជាក់ ក៏ប៉ុន្តែ នៅ​ក្នុង​អំឡុង​ពេលនោះ បច្ចេកវិទ្យា​នេះ​ត្រូវ​បាន​គេ​យក​ទៅប្រើប្រាស់​តែ​ក្នុង​វិស័យ​យោធា​តែ​ ប៉ុណ្ណោះ ហើយ​​រដ្ឋាភិបាល​អាមេរិក​បាន​ធ្វើការ​រឹតបន្តឹង​យ៉ាងខ្លាំង​បំផុត​នូវការ​ ចែកចាយ​​បច្ចេកវិទ្យា​នេះ​ ក្នុងគោលដៅ​ចៀសវាង​កុំ​ឲ្យ​វា​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ដៃ​សត្រូវ។

ក៏ប៉ុន្តែ ចាប់ពីក្រោយ​ពេល​ដែល​ការប្រឈមមុខដាក់គ្នា​ជាមួយ​នឹង​សហភាព​សូវៀត​ត្រូវ​ បិទបញ្ចប់ អាមេរិក​ក៏​បាន​អនុញ្ញាត​ឲ្យ​យក​បច្ចេកវិទ្យា​អ៊ីនធ័រនែត ទៅ​ប្រើ​ប្រាស់​នៅ​ក្នុង​វិស័យ​ស៊ីវិល។ ចាប់ពីពេលនោះ​ហើយ ដែល​បណ្តាញ​អ៊ីនធ័រនែត​បាន​ស្គាល់​នូវ​ការ​រីកចម្រើន​​យ៉ាង​លឿន ហើយ​ក្លាយ​ទៅជា​មធ្យោបាយ​ទំនាក់ទំនង​ប្រកប​ដោយ​ប្រសិទ្ធភាព​មិនធ្លាប់​មាន​ ក្នុង​ប្រវត្តិសាស្រ្ត។

តាមរយៈ​ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា​កុំព្យូទ័រ ទូរស័ព្ទដៃ និង​បណ្តាញ​អ៊ីនធ័រនែត​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​​ការទាក់ទងគ្នា​ពី​កន្លែងមួយ​ទៅកន្លែងមួយ ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត មាន​ភាព​ងាយស្រួល​ និង​លឿន​ជាងមុន។ ចម្ងាយ​លែង​ជា​បញ្ហា ព្រំដែន​លែង​ជា​ឧបសគ្គ ហើយ​ទាំងអស់​នេះ គឺ​ជា​កត្តា​ជំរុញ​ឲ្យ​មាន​ការកើនឡើង​យ៉ាងលឿន​នូវ​ការ​ដោះដូរ​ទាំង​ខាង​ ពាណិជ្ជកម្ម ខាង​វប្បធម៌ ការចែកចាយ​ចំណេះដឹង និង​លំហូរ​នៃ​ព័ត៌មាន។

ដំណើរវវិឌ្ឍ​ន៍​អស់ទាំងនេះ​បាន​ធ្វើ​ឲ្យ​រីកដុះដាលឡើង​នូវ​ទស្សនទាន​ ដ៏សំខាន់​មួយ​ទៀត ដែល​គេ​អាច​រាប់​ថា​ជា​លក្ខណៈ​ពិសេស​មួយ​ដែរ នៃ​ពិភពលោក​ក្រោយ​សង្រ្គាម​ត្រជាក់ គឺ​ការចេះ​​គិតគូរ​ខ្វល់​ខ្វាយ​​អំពី​បញ្ហា​រួម​ ក្នុង​ក្របខ័ណ្ឌ​នៃ​មនុស្សជាតិ​ទាំងមូល ដោយ​មិន​កម្រិត​ត្រឹម​ព្រំដែន​នៃ​ប្រទេស​របស់​ខ្លួន ជាពិសេស គឺ​ការការពារបរិស្ថាន និង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​​ឡើងកម្តៅ​នៃ​ភពផែនដី ដែល​នៅតែ​ជា​​ប្រធានរឿង​​​ពេញនិយម​យ៉ាងខ្លាំង​រហូត​មក​ទល់​នឹង​ពេល​ បច្ចុប្បន្ន៕