Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

ភាពធូរស្រាលក្នុងការប្រឈមមុខដាក់គ្នា រវាងប្លុកសេរីនិងកុម្មុយនិស្ត ក្នុងសង្រ្គាមត្រជាក់

នៅ​ពេញ​ក្នុង​សង្រ្គាម​ត្រជាក់ ពិភពលោក​ស្ថិត​ក្នុង​ការ​ប្រឈមមុខ​ដាក់គ្នា​យ៉ាងតឹងតែង​ និង​ជា​ប្រចាំ រវាង​ប្លុក​ពីរ គឺ​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត។ ក៏ប៉ុន្តែ ចាប់ពី​ទសវត្សរ៍​ឆ្នាំ​៦០ វិបត្តិផ្ទៃ​ក្នុង​ប្លុក​កុម្មុយនិស្ត​បាន​ចាប់ផ្ទុះឡើង ក្រោយ​ពី​មាន​​ការបែកបាក់គ្នា រវាង​សូវៀត និង​ចិន ហើយជម្លោះ​ផ្ទៃក្នុង​ប្លុក​កុម្មុយនិស្ត​បាន​នាំ​ទៅរក​ចំណុចរបត់​ដ៏សំខាន់​ មួយ នៅ​ក្នុង​សង្រ្គាម​ត្រជាក់ គឺ​​ភាពធូរស្រាល​នៅ​ក្នុង​ទំនាក់ទំនង​ រវាង​អាមេរិក និង​សូវៀត។
នៅក្រោយ​វិបត្តិ​មីស៊ីល​គុយបា មេដឹកនាំ​អាមេរិក និង​សូវៀត បាន​ព្រមព្រៀងគ្នា​បង្កើត​ខ្សែទូរស័ព្ទ​ពិសេស​មួយ​ទុក​ធ្វើ​ជា​មធ្យោបាយ​​ ទាក់ទង​និយាយ​គ្នា​ដោយផ្ទាល់ ដើម្បី​ដោះស្រាយ​ជម្លោះ​ជា​យថាហេតុ និង​​បញ្ចៀស​កុំ​ឲ្យ​ផ្ទុះ​ទៅ​ជា​សង្រ្គាម។

លោក​រីឆាត និចសុន ប្រធានាធិបតី​អាមេរិក (ស្តាំ) ពេល​ជួប​ជាមួយ​លោក​ឡេអូនីត ប្រេស្នេវ មេដឹកនាំ​សហភាព​សូវៀត នៅ​វ៉ាស៊ីងតោន ឆ្នាំ​១៩៧៣
ស្មារតី​ចង់​ដោះស្រាយ​ជម្លោះ​តាមរយៈ​ការ​ជជែក​គ្នា​នេះ គឺ​ជា​ជំហាន​ដំបូង​ដ៏សំខាន់​មួយ ឆ្ពោះទៅ​រក​​កិច្ចចរចា​​បង្កើត​បាន​ជា​កិច្ចព្រមព្រៀង​សំខាន់ៗ​មួយ​ចំនួន ជាពិសេស សន្ធិសញ្ញា​ស្តីពី​ការ​ហាមឃាត់​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ (ឆ្នាំ​១៩៦៣), កិច្ចព្រមព្រៀង​ស្តីពី​​ការ​គ្រប់គ្រង​សកម្មភាព​​ក្នុង​ទីអវកាស (ឆ្នាំ​១៩៦៧), សន្ធិសញ្ញា​មិនរីកសាយភាយ​អាវុធ​នុយក្លេអ៊ែរ (ឆ្នាំ​១៩៦៨) និងកិច្ចសន្ទនា​ ​ស្តីពី​ការ​កម្រិត​គ្រឿងសព្វាវុធ​នុយក្លេអ៊ែរ (Strategic Arms Limitation Talks/SALT) ដែល​​ចាប់ផ្តើម​បើក​ធ្វើ​នៅ​ក្នុង​ទីក្រុង​ហ៊ែលស៊ីនគី ប្រទេស​ហ្វាំងឡង់ នៅ​ឆ្នាំ​១៩៦៩ ហើយ​សម្រេច​បាន​ជា​កិច្ចព្រមព្រៀង​ នៅ​ឆ្នាំ​១៩៧២។

នៅ​ក្នុង​អំឡុង​ពេលនោះ សហភាព​សូវៀត​ស្ថិត​ក្រោម​ការដឹកនាំ​របស់​លោក ឡេអូនីត ប្រេស្នេវ (Leonid Brezhnev) ដែល​ឡើង​មក​កាន់​អំណាច​ជំនួស​លោក​នីគីតា គ្រូឆេវ កាល​ពីឆ្នាំ​១៩៦៤។ ចំណែក​ឯ​សហរដ្ឋ​អាមេរិក​វិញ លោក​​រីឆាត និចសុន មកពី​គណបក្ស​សាធារណរដ្ឋ​បាន​ជាប់ឆ្នោត​ឡើង​មក​កាន់​តំណែង​ជា​ប្រធានាធិបតី នៅ​ខែ​មករា ឆ្នាំ​១៩៦៩។ នៅ​ក្នុង​អំឡុង​អាណត្តិ​របស់​លោក​រីឆាត និចសុន​​នេះ​ហើយ ដែល​​ការប្រឈមមុខ​ដាក់គ្នា រវាង​ប្លុក​សេរី និង​ប្លុក​កុម្មុយនិស្ត​បាន​ស្គាល់​នូវ​ភាព​ធូរស្រាល​​ខ្លាំង ដោយ​លោក​រីឆាត និចសុន បាន​ស្តារទំនាក់ទំនង​ឲ្យ​មាន​ភាព​ប្រសើរ​ឡើងវិញ ទាំងជាមួយ​សហភាព​សូវៀត និង​ជាមួយ​ចិន។

នៅ​ក្នុងពេល​ដែល​លោក​រីឆាត និចសុន ឡើង​មក​កាន់​អំណាច អាមេរិក​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ដ៏​គួរ​ឲ្យ​ឈឺក្បាល​មួយ គឺ​សង្រ្គាម​វៀតណាម។ ​ដោយសារ​តែ​ត្រូវ​ប្រឈមមុខ​នឹង​ចលនា​ប្រឆាំង​នឹង​សង្រ្គាម​​ ដែល​ផ្ទុះឡើង​យ៉ាងក្តៅគគុក​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក អាទិភាព​សំខាន់​បំផុត​របស់​លោក​រីឆាត និចសុន គឺ​ត្រូវ​ស្វែងរក​វិធី​ធ្វើ​យ៉ាងណា បញ្ចប់​សង្រ្គាម​​វៀតណាម​ឲ្យ​បាន​ឆាប់ ហើយ​ដើម្បី​បញ្ចប់​សង្រ្គាម​វៀតណាម អាមេរិក​ត្រូវការ​ចិន ដែល​នៅពេលនោះ គឺ​ជា​ខ្នងបង្អែក​ដ៏​ធំបំផុត​របស់​ក្រុង​ហាណូយ។

ស្របពេល​ជាមួយគ្នា​នោះ ចិន និង​សហភាព​សូវៀត​កំពុងតែ​មាន​ជម្លោះ​នឹង​គ្នា​យ៉ាងខ្លាំង ហើយមេដឹកនាំ​កុម្មុយនិស្ត​ចិន​​យល់ឃើញ​ថា ចិន​មិន​អាច​ប្រឈមមុខ​ជាមួយ​នឹង​អាមេរិក​ផង និង​សូវៀត​ផង ក្នុងពេល​តែមួយ​បែបនេះ​ទេ គឺ​ត្រូវ​តែ​ជ្រើសរើស​យក​មួយ។ នៅពេលនោះ ម៉ៅសេទុង​​បាន​កំណត់​យក​​សហភាព​សូវៀត​ធ្វើ​ជា​គូសត្រូវ​ធំ ហើយ​ក៏​បាន​សម្រេច​​ងាក​ទៅ​ស្តារ​ទំនាក់ទំនង​ជាមួយ​អាមេរិក។

ភាពធូរស្រាល​នៃ​ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក​នេះ​ហើយ ដែល​បាន​ជួយ​ឲ្យ​ចិន អាច​ក្លាយ​ជា​សមាជិក​អ.ស.ប នៅ​ឆ្នាំ​១៩៧១ ហើយ​អាសនៈ​ជា​សមាជិក​អចិន្រ្តៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ ដែល​ពីមុន​ត្រូវ​កាន់កាប់​ដោយ​​សាធារណរដ្ឋ​ចិន (តៃវ៉ាន់) ក៏​ត្រូវ​បាន​គេ​ប្រគល់​មក​​ឲ្យ​ចិន​​វិញ។ នៅ​ខែ​កុម្ភៈ ឆ្នាំ​១៩៧២ ទំនាក់ទំនង​ រវាង​សហរដ្ឋ​អាមេរិក និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ស្គាល់​នូវ​ការ​វិវឌ្ឍ​ជា​ប្រវត្តិសាស្រ្ត​មួយ​ទៀត ជាមួយ​នឹង​ដំណើរទស្សនកិច្ច​របស់​លោក​រីឆាត និចសុន នៅ​ក្នុង​ទីក្រុង​ប៉េកាំង ដែល​ជា​ដំណើរទស្សនកិច្ច​លើក​ដំបូង​បង្អស់​របស់​ប្រធានាធិបតី​អាមេរិក ទៅកាន់​ប្រទេស​ចិន ចាប់តាំង​ពី​បក្ស​កុម្មុយនិស្ត​ឡើង​កាន់​អំណាច នៅ​ឆ្នាំ​១៩៤៩។

ភាព​ធូរស្រាល​នៃ​ទំនាក់ទំនង​ចិន-អាមេរិក មិនបាន​រំលង​ពីក្រសែភ្នែក​របស់​មេដឹកនាំ​សហភាព​សូវៀតនោះទេ ហើយ​ក្រុង​ម៉ូស្គូ ក៏​មិន​ចង់​ទុកបណ្តោយ​ឲ្យ​គូសត្រូវ​ដ៏ធំទាំងពីរ​របស់ខ្លួន​ចាប់ដៃគ្នា​មក​​ ប្រឆាំង​នឹង​សូវៀតនោះដែរ។ ប៉ុន្មាន​ខែ​ក្រោយ​ពី​ដំណើរទស្សនកិច្ច​របស់​លោក​រីឆាត និចសុន នៅ​ប៉េកាំង ជំនួបកំពូល រវាង​លោក​ប្រេស្នេវ និង​លោក​និចសុន ក៏​ត្រូវ​បាន​គេ​រៀបចំ​ធ្វើឡើង នៅ​ក្នុង​ទីក្រុង​ម៉ូស្គូ នៅ​ខែ​ឧសភា ឆ្នាំ​១៩៧២ ហើយ​មួយឆ្នាំ​ក្រោយ​មក​ទៀត នៅ​ខែមិថុនា ឆ្នាំ​១៩៧៣ គឺ​លោក​ប្រេស្នេវ​ម្តង ដែល​ធ្វើ​ដំណើរទៅ​បំពេញ​ទស្សនកិច្ច នៅ​រដ្ឋធានី​វ៉ាស៊ីងតោន ដើម្បី​បើក​ធ្វើ​ជំនួបកំពូល​លើកទី២ ជាមួយ​លោក​ រីឆាត និចសុន។
  
ដំណើរទស្សនកិច្ច​របស់​លោក​រីឆាត និចសុន នៅ​ក្នុង​ទីក្រុង​ប៉េកាំង
 ​
គិត​ជា​សរុប​ នៅ​ក្នុង​ចន្លោះ​ពី​ឆ្នាំ​១៩៧២ ដល់​ឆ្នាំ​១៩៧៩ មេដឹកនាំ​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត បាន​បើក​ធ្វើ​ជំនួបកំពូល​ទ្វេភាគី រហូតដល់​ទៅ ៦លើក ហើយ​ជំនួបកំពូល​នៅ​ទីក្រុង​ហ៊ែលស៊ីនគី ប្រទេស​ហ្វាំងឡង់ នៅ​ឆ្នាំ​១៩៧៥ បាន​សម្រេច​ចេញ​ជា​លទ្ធផល​​ជា​ប្រវត្តិសាស្រ្ត​មួយ​នៃ​សង្រ្គាម​ត្រជាក់ គឺ​កិច្ចព្រមព្រៀង​បង្កើត​ អង្គការ​សន្តិសុខ​និង​សហប្រតិបត្តិការ​អឺរ៉ុប ហៅកាត់ថា OSCE (Organization for Security and Co-operation in Europe/Organisation pour la sécurité et la coopération en Europe) ដែល​ជា​អង្គការ​អន្តរជាតិ​ផ្នែក​សន្តិសុខ​ដ៏ធំបំផុត​នៅលើ​ពិភពលោក ហើយ​ជាពិសេស ជា​អង្គការ​ដែល​មាន​ប្រទេស​​សមាជិក​ទាំង​មក​ពី​បក្ស​សម្ព័ន្ធ​អូតង់ (ប្លុកសេរី) និង​បក្ស​សម្ព័ន្ធ​វ៉ាសូវី (ប្លុកកុម្មុយនិស្ត) រួមបញ្ចូល​គ្នា​តែមួយ។

គិតជាសរុប ដំណាក់កាល​ធូរស្រាល​នៃ​សង្រ្គាម​ត្រជាក់ ដែល​គេ​ឲ្យ​ឈ្មោះ​តាម​ភាសា​បារាំង​ថា Détente មាន​រយៈពេល​ ១៧ឆ្នាំ ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ​១៩៦២ នៅ​ក្រោយ​វិបត្តិ​មីស៊ីល​គុយ​បា រហូត​ដល់​ឆ្នាំ​១៩៧៩ នៅ​ពេល​ដែល​សូវៀត​ចូលឈ្លាន​ពាន​ប្រទេស​អាហ្វហ្កានីស្ថាន ហើយ​បង្ក​ឲ្យ​ផ្ទុះឡើងវិញ នូវការ​ប្រឈមមុខដាក់គ្នា​ខាង​ផ្នែក​យោធា រវាង​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត៕