ការចាប់ផ្ទុះឡើងនៃសង្រ្គាមលោកលើកទី១ ឆ្នាំ១៩១៤
មូលហេតុ
ដែលបណ្តាលឲ្យផ្ទុះសង្រ្គាមលោកលើកទីមួយ នៅឆ្នាំ១៩១៤ មានឫសគល់ពីបញ្ហាយ៉ាងច្រើន
ដែលកើតមានឡើងតាំងពីរាប់សិបឆ្នាំមុន ដូចជា សង្រ្គាមរវាងបារាំង
និងព្រុស្ស៊ី នៅឆ្នាំ១៨៧០-១៨៧១ ការលេចមុខនៃចក្រភពអាល្លឺម៉ង់ ដែលមានមហិច្ឆតាចង់ក្លាយជាប្រទេសមហាអំណាចអាណានិគម ប្រជែងជាមួយនឹងមហាអំណាចអឺរ៉ុបផ្សេងៗទៀត ការងើបឡើងនៃចលនាជាតិនិយម នៅតាមបណ្តាប្រទេសនៅអឺរ៉ុប ការប្រជែងសព្វាវុធ រវាងអាល្លឺម៉ង់ និងអង់គ្លេស ព្រមទាំងការបង្កើតសម្ព័ន្ធមិត្តយ៉ាងប្រទាក់ក្រឡា រវាងប្រទេសដែលជាគូប្រជែង។ ក៏ប៉ុន្តែ ហេតុការណ៍
ដែលជាឆ្នួនដុតបញ្ឆេះសង្រ្គាម គឺកើតចេញពីការលបធ្វើឃាតព្រះអង្គម្ចាស់ហ្វ៊ែរឌីណង់ ដែលជាទាយាទរបស់ចក្រភពអូទ្រីសហុងគ្រី នៅទីក្រុងសារ៉ាយេវ៉ូ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩១៤។ សារ៉ាយេវ៉ូ គឺជាទីក្រុងរបស់បូស្នី ដែលចក្រភពអូទ្រីសហុងគ្រីកាត់យកពីចក្រភពអូតូម៉ង់មកដាក់ជាខេត្តរបស់ ខ្លួន ក្រោមក្រសែរភ្នែកក្តៅក្រហាយរបស់ស៊ែរប៊ី។
![]() |
គំនូរត្លុកស្តីពីចំណងសម្ព័ន្ធភាពប្រទាក់ក្រឡាគ្នា នៅមុនសង្រ្គាមលោកលើកទី១ |
ដោយសារតែឃាតកម្មទៅលើព្រះអង្គម្ចាស់ហ្វ៊ែរឌីណង់ត្រូវបានធ្វើឡើង ដោយក្រុមអ្នកជាតិនិយមស៊ែរប៊ី អូទ្រីសហុងគ្រី ក៏ដូចជាបណ្តាប្រទេសជាច្រើនផ្សេងទៀត
នៅពេលនោះ
នាំគ្នាទម្លាក់ការទទួលខុសត្រូវទៅលើប្រទេសស៊ែរប៊ី
ហើយអូទ្រីសហុងគ្រី ដែលកំពុងតែមានជម្លោះជាមួយស៊ែរប៊ីស្រាប់ ក៏ចង់ឆ្លៀតយកហេតុការណ៍នេះមកធ្វើជាលេស ដើម្បីកម្ចាត់ស៊ែរប៊ី ដែលគូប្រជែង និងឈានទៅលុបបំបាត់ជាស្ថាពរ នូវបញ្ហាជាតិនិយមនៅបូស្នី។
ក៏ប៉ុន្តែ
ដោយសារតែស៊ែរប៊ីមានរុស្ស៊ីជាខ្នងបង្អែក ទើបអូទ្រីសហុងគ្រីមិនហ៊ានប្រកាសសង្រ្គាមលើស៊ែរប៊ីភ្លាមៗ ដោយរង់ចាំការធានាពីអាល្លឺម៉ង់ថានឹងចេញមុខមកជួយអូទ្រីសហុងគ្រី ក្នុងករណីមានអន្តរាគមន៍យោធារបស់រុស្ស៊ី ស្របទៅតាមកិច្ចព្រមព្រៀងសម្ព័ន្ធភាពដែលបានចុះកាលពីមុន។
ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩១៤ ក្រោយពីបានទទួលនូវការធានាពីអធិរាជអាល្លឺម៉ង់ ចក្រភពអូទ្រីសហុងគ្រីក៏បានផ្ញើលិខិតផ្លូវការមួយ ដោយដាក់ឱសានវាទតែ ៤៨ម៉ោងប៉ុណ្ណោះ ឲ្យស៊ែរប៊ីបំពេញតាមលក្ខខណ្ឌ ១០ចំណុច ដែលក្នុងចំណោមនោះ មានចំណុចខ្លះពិបាកនឹងបំពេញក្នុងរយៈពេលដ៏ខ្លីត្រឹម
៤៨ម៉ោង
ហើយចំណុចខ្លះទៀត គឺជាលក្ខខណ្ឌ ដែលស៊ែរប៊ី
ក្នុងនាមជារដ្ឋអធិបតេយ្យ មិនអាចនឹងបំពេញតាមបាន។
តាមការពិត ការដាក់ឱសានវាទនេះ គ្រាន់តែជាការធ្វើ
ដើម្បីបង្រ្គប់កិច្ចតែប៉ុណ្ណោះ។ អូទ្រីសហុងគ្រីបានសម្រេចចិត្តរួចទៅហើយថានឹងប្រកាសសង្រ្គាម ទៅលើស៊ែរប៊ី។
នៅថ្ងៃទី២៥ កក្កដា រដ្ឋាភិបាលស៊ែរប៊ីបានឆ្លើយតបទៅនឹងឱសានវាទរបស់អូទ្រីសហុងគ្រី ដោយបានសន្យាបំពេញតាមលក្ខខណ្ឌស្ទើរតែទាំងអស់ លើកលែងតែលក្ខខណ្ឌខ្លះ
ដែលស៊ែរប៊ីមិនអាចធ្វើតាមបាន ដោយសារតែវាធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យរបស់ស៊ែរប៊ី។
ក៏ប៉ុន្តែ
អូទ្រីសហុងគ្រីមិនសុខចិត្ត
ក៏បានប្រកាសសង្រ្គាមលើស៊ែរប៊ី នៅថ្ងៃទី២៨ ខែកក្កដា
ឆ្នាំ១៩១៤។
ដោយសារតែមានការចុះសម្ព័ន្ធភាពប្រទាក់ក្រឡាគ្នា
កាលពីមុន សង្រ្គាម រវាងអូទ្រីសហុងគ្រី និងស៊ែរប៊ី បានរាលដាលបន្តិចម្តងៗ ទៅកាន់ប្រទេសផ្សេងៗទៀត។
ក្រោយពីអូទ្រីសហុងគ្រីប្រកាសសង្រ្គាមលើស៊ែរប៊ី ចក្រភពរុស្ស៊ីបានចាប់ផ្តើមកេណ្ឌកងទ័ព ដើម្បីត្រៀមចូលជួយស៊ែរប៊ី ដែលជាសម្ព័ន្ធមិត្ត។ ឃើញបែបនេះ អាល្លឺម៉ង់ក៏បានចាប់ផ្តើមកេណ្ឌកងទ័ពរបស់ខ្លួនដែរ ហើយក្នុងពេលជាមួយគ្នា អាល្លឺម៉ង់បានប្រកាសដាក់ឱសានវាទ ១២ម៉ោង ឲ្យរុស្ស៊ីបញ្ឈប់ការត្រៀមខ្លួនធ្វើសង្រ្គាមជួយស៊ែរប៊ី។ ដោយមិនបានទទួលចម្លើយវិជ្ជមានពីរុស្ស៊ី អាល្លឺម៉ង់ក៏បានប្រកាសសង្រ្គាមលើរុស្ស៊ី
នៅថ្ងៃទី១ ខែសីហា។
អាល្លឺម៉ង់ក៏បានទាមទារផងដែរឲ្យបារាំងប្រកាសជំហរអព្យាក្រឹត្យ ក្នុងសង្រ្គាម រវាងអាល្លឺម៉ង់ និងរុស្ស៊ី។ ក៏ប៉ុន្តែ បារាំងបដិសេធ ដោយប្រាប់ទៅអាល្លឺម៉ង់វិញថា បារាំងនឹងធ្វើអ្វីៗ ដែលស្របនឹងផលប្រយោជន៍ជាតិរបស់បារាំង។ នៅថ្ងៃទី៣ សីហា អាល្លឺម៉ង់ក៏បានប្រកាសសង្រ្គាមលើបារាំង ហើយមួយថ្ងៃក្រោយមក អង់គ្លេស ដែលជាសម្ព័ន្ធមិត្តរបស់បារាំង ក៏បានប្រកាសសង្រ្គាមលើអាល្លឺម៉ង់វិញដែរ។
ជប៉ុនវិញ ដែលជាប់ក្នុងកិច្ចព្រមព្រៀងសម្ព័ន្ធភាពជាមួយអង់គ្លេស បានប្រកាសសង្រ្គាមលើអាល្លឺម៉ង់ និងអូទ្រីសហុងគ្រី នៅថ្ងៃទី២៣ និង២៥សីហា។
អាល្លឺម៉ង់បានចាប់ផ្តើមធ្វើសង្រ្គាម
ដោយវាយលុកជាពីរមុខព្រួញ ក្នុងពេលតែមួយ
គឺវាយលុកចូលឈ្លានពានប្រទេសបារាំង នៅទិសខាងលិច និងទប់ទល់នឹងកងទ័ពរបស់រុស្ស៊ីមកពីទិសខាងកើត។
នៅថ្ងៃទី៤ សីហា កងទ័ពអាល្លឺម៉ង់បានចាប់ផ្តើមវាយលុកចូលក្នុងប្រទេសប៊ែលហ្ស៊ិក សំដៅចាក់ចុះមកប្រទេសបារាំង តាមទិសខាងជើង។ កងទ័ពបារាំងវិញបានចាប់ផ្តើមវាយលុកលើអាល្លឺម៉ង់
នៅទិសខាងកើត
ក្នុងគោលដៅដណ្តើមយកតំបន់ Alsace-Laurraine ដែលអាល្លឺម៉ង់កាត់យកពីបារាំង កាលពីពេលបារាំងចាញ់សង្រ្គាម នៅឆ្នាំ១៨៧១។ ក៏ប៉ុន្តែ កងទ័ពបារាំងត្រូវកងទ័ពអាល្លឺម៉ង់វាយបកឲ្យដកថយក្រោយវិញ។ នៅខាងជើងឯណោះវិញ កងទ័ពអាល្លឺម៉ង់បានឆ្លងផុតប៊ែលហ្ស៊ិក ហើយវាយលុកចូលក្នុងប្រទេសបារាំង សំដៅមកក្រុងប៉ារីស។
មកត្រឹមប្រមាណជា ៧០គីឡូម៉ែត្រពីប៉ារីស កងទ័ពអាល្លឺម៉ង់ត្រូវបានកងទ័ពបារាំង ដែលពេលនោះមានជំនួយពីកងទ័ពអង់គ្លេស វាយទប់ជាប់លែងអាចរុលទៅមុខទៀតបាន។ នៅពេលនោះហើយ ដែល “សង្រ្គាមលេណដ្ឋាន” បានចាប់ផ្តើមឡើង ពោលគឺ គូបដិបក្ខទាំងសងខាងបាននាំគ្នាជីកលេណដ្ឋានទល់មុខគ្នា ហើយធ្វើការវាយឆ្មក់ និងបាញ់ផ្លោងដាក់គ្នាចេញពីក្នុងលេណដ្ឋាន។
“សង្រ្គាមលេណដ្ឋាន” នេះហៅតាមភាសាបារាំងថា (“Guerre de tranchées”) បានអូសបន្លាយពេលចំនួន ៣ឆ្នាំ ពោលគឺ ស្ទើរតែពេញក្នុងអំឡុងសង្រ្គាមលោកលើកទី១ ហើយវាបានបង្កនូវការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត
ដល់ភាគីទាំងសងខាង។ នៅក្នុងសមរភូមិនីមួយៗ ទាហានរហូតទៅដល់រាប់សែន
ឬរហូតដល់លាននាក់ ទាំងខាងបារាំង និងខាងអាល្លឺម៉ង់ ត្រូវបាត់បង់ជីវិត ហើយរាប់លាននាក់ផ្សេងទៀតត្រូវរងរបួស៕