ហេតុការណ៍សំខាន់ៗដែលនាំទៅរកសង្រ្គាមលោកលើកទី១
រហូតមកទល់នឹងពេលនេះ
១០០ឆ្នាំគត់ ដែលសង្រ្គាមលោកលើកទី១បានចាប់ផ្ទុះឡើង ក៏ប៉ុន្តែ មូលហេតុដែលនាំឲ្យផ្ទុះសង្រ្គាមនេះ
នៅតែជារឿងចម្រូងចម្រាស ក្នុងចំណោមអ្នកប្រវត្តិសាស្រ្ត។
ការធ្វើឃាតព្រះអង្គម្ចាស់ហ្វ៊ែរឌីណង់
នៃចក្រភពអូទ្រីសហុងគ្រី នៅទីក្រុងសារ៉ាយេវ៉ូ នៅខែមិថុនា ឆ្នាំ១៩១៤ គឺជាឆ្នួនដែលដុតបញ្ឆេះសង្រ្គាម
ក៏ប៉ុន្តែ ដើមឫសនៃជម្លោះបានកើតមានឡើងតាំងពីរាប់សិបឆ្នាំមុនម៉្លេះ ដោយដុះពន្លកចេញពីការប្រកួតប្រជែងគ្នា
រវាងប្រទេសមហាអំណាចអឺរ៉ុប និងការផ្ទុះឡើងនៃចលនាជាតិនិយម នៅតាមបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប។
![]() |
រូបគំនូរ ព្រះអង្គម្ចាស់ហ្វ៊ែរឌីណង់ និងមហេសី គឺម្ចាស់ក្សត្រិយសូហ្វ៊ី (Sophie) ត្រូវបានឃាតករបាញ់សម្លាប់ |
សង្រ្គាមបារាំង-អាល្លឺម៉ង់ ១៨៧០-១៨៧១
ផ្កាភ្លើងនៃសង្រ្គាមលោកលើកទី១បានចាប់ផ្តើមលេចឡើង
តាំងពីឆ្នាំ១៨៧១ គឺចេញពីសង្រ្គាម រវាងអាល្លឺម៉ង់ និងបារាំង។ អាល្លឺម៉ង់ដែលឈ្នះសង្រ្គាមបានបង្រួបបង្រួមប្រទេសបង្កើតជាចក្រភព
ថ្មីមួយ ដែលមានមហិច្ឆតាចង់ក្លាយជាមហាអំណាចប្រជែងជាមួយនឹងមហាអំណាច ផ្សេងទៀតនៅអឺរ៉ុប។
បារាំងវិញ ដែលចាញ់សង្រ្គាម ត្រូវបានអាល្លឺម៉ង់កាត់យកទឹកដីនៃតំបន់ Alsace-Laurraine
យកទៅកាន់កាប់។ ប្រជាជនបារាំង ដែលណាមួយទទួលរងនូវភាពអាម៉ាស់នឹងបរាជ័យផ្នែកយោធា
និងណាមួយទៀត ខឹងនឹងការបាត់បង់ទឹកដី ក៏បានចិញ្ចឹមចិត្តរង់ចាំតែឱកាស ដើម្បីសងសឹកនឹងអាល្លឺម៉ង់វិញ។
គំនុំគំគួន
ការមិនទុកចិត្តគ្នា និងការប្រណាំងប្រជែងគ្នាដណ្តើមដែនដីអាណានិគម បានជំរុញឲ្យបណ្តាប្រទេសនៅអឺរ៉ុបនាំគ្នាខិតខំពង្រឹងកម្លាំងទ័ព
រៀងៗខ្លួនផង និងព្យាយាមចងសម្ព័ន្ធមិត្តយ៉ាងប្រទាក់ក្រឡាគ្នាផង ដើម្បីជាបង្អែកទុកបង្កាក្នុងករណីមានសង្រ្គាមផ្ទុះឡើង។
បារាំងបានទៅបង្កើត សម្ព័ន្ធភាពត្រីភាគីជាមួយអង់គ្លេស និងរុស្ស៊ី។ ចំណែកអាល្លឺម៉ង់វិញបានបង្កើតជាសម្ព័ន្ធមិត្តជាមួយនឹងចក្រភព
អូទ្រីសហុងគ្រី និងអ៊ីតាលី។
វិបត្តិបូស្នី ១៩០៨-១៩០៩
នៅក្នុងពេលជាមួយគ្នានោះ
បញ្ហានៅតំបន់បាល់កង់បានកើតឡើងកាន់តែខ្លាំង ក្រោយពីចក្រភពអូតូម៉ង់បានធ្លាក់ចុះដុនដាប
ហើយបណ្តារដ្ឋដែលធ្លាប់ជាផ្នែកមួយនៃចក្រភពអូតូម៉ង់បាននាំគ្នា ប្រកាសឯករាជ្យជាបន្តបន្ទាប់។
ស្ថិតក្នុងស្ថានភាពបែបនេះ បណ្តាប្រទេសនៅក្នុង
និងនៅក្បែរតំបន់បាល់កង់ បានប្រណាំងប្រជែងគ្នាដណ្តើមត្រួតត្រាប្រទេស ដែលជាអតីតដែនដីរបស់ចក្រភពអូតូម៉ង់។
នៅឆ្នាំ១៩០៨ ចក្រភពអូទ្រីសហុងគ្រីបានប្រកាសកាត់យកដែនដីបូស្នី ដែលជាអាណាខេត្តមួយរបស់ចក្រភពអូតូម៉ង់ មកធ្វើជាដែនដីរបស់ខ្លួន។ ទង្វើនេះបានបង្កឲ្យមានការតវ៉ាយ៉ាងខ្លាំងពីសំណាក់ស៊ែរប៊ី ដែលមានព្រំដែនជាប់នឹងបូស្នី មានភាសា និងអម្បូរប្រជាជនដូចបូស្នី ហើយធ្លាប់ជាប្រទេសមួយក្នុងចក្រភពអូតូម៉ង់ជាមួយបូស្នី។ ចំណែករុស្ស៊ីវិញ ដែលជាសម្ព័ន្ធមិត្តរបស់ស៊ែរប៊ី ក៏បានចេញមុខតវ៉ានឹងការកាត់យកទឹកដីបូស្នី ដោយអូទ្រីសហុងគ្រីនេះដែរ។ វិបត្តិនៅបូស្នី បានធ្វើឲ្យជម្លោះ រវាងអូទ្រីសហុងគ្រី និងរុស្ស៊ី ឈានដល់ដំណាក់កាលមួយ ដែលមិនអាចផ្សះផ្សាគ្នាបាន ហើយជម្លោះនេះរាលដាលកាន់តែខ្លាំងឡើងថែមទៀត នៅពេលដែលសង្រ្គាម នៅតំបន់បាល់កង់ បានផ្ទុះឡើង នៅឆ្នាំ១៩១២ និងឆ្នាំ១៩១៣។
នៅឆ្នាំ១៩០៨ ចក្រភពអូទ្រីសហុងគ្រីបានប្រកាសកាត់យកដែនដីបូស្នី ដែលជាអាណាខេត្តមួយរបស់ចក្រភពអូតូម៉ង់ មកធ្វើជាដែនដីរបស់ខ្លួន។ ទង្វើនេះបានបង្កឲ្យមានការតវ៉ាយ៉ាងខ្លាំងពីសំណាក់ស៊ែរប៊ី ដែលមានព្រំដែនជាប់នឹងបូស្នី មានភាសា និងអម្បូរប្រជាជនដូចបូស្នី ហើយធ្លាប់ជាប្រទេសមួយក្នុងចក្រភពអូតូម៉ង់ជាមួយបូស្នី។ ចំណែករុស្ស៊ីវិញ ដែលជាសម្ព័ន្ធមិត្តរបស់ស៊ែរប៊ី ក៏បានចេញមុខតវ៉ានឹងការកាត់យកទឹកដីបូស្នី ដោយអូទ្រីសហុងគ្រីនេះដែរ។ វិបត្តិនៅបូស្នី បានធ្វើឲ្យជម្លោះ រវាងអូទ្រីសហុងគ្រី និងរុស្ស៊ី ឈានដល់ដំណាក់កាលមួយ ដែលមិនអាចផ្សះផ្សាគ្នាបាន ហើយជម្លោះនេះរាលដាលកាន់តែខ្លាំងឡើងថែមទៀត នៅពេលដែលសង្រ្គាម នៅតំបន់បាល់កង់ បានផ្ទុះឡើង នៅឆ្នាំ១៩១២ និងឆ្នាំ១៩១៣។
សង្រ្គាមបាល់កង់
១៩១២-១៩១៣
នៅឆ្នាំ១៩១២
ពីរឆ្នាំមុនសង្រ្គាមលោកលើកទី១ ប្រទេសចំនួន ៤ ដែលសុទ្ធតែធ្លាប់ជាអតីតដែនដីក្នុងចក្រភពអូតូម៉ង់ដូចគ្នា
គឺ ស៊ែរប៊ី ក្រិក ម៉ុងតេណេហ្គ្រោ និងប៊ុលហ្ការី បានចងសម្ព័ន្ធភាពយោធានឹងគ្នា ដែលគេឲ្យឈ្មោះថា
"បក្សសម្ព័ន្ធបាល់កង់" ដើម្បីប្រយុទ្ធតទល់នឹងចក្រភពអូតូម៉ង់។
ក្នុងរយៈពេលតែប៉ុន្មានខែ ក្រុមបក្សសម្ព័ន្ធបាល់កង់ក៏បានយកជ័យជម្នះ ដោយបានដណ្តើមយកដែនដីជាច្រើនរបស់ចក្រភពអូតូម៉ង់មកកាន់កាប់។
ក៏ប៉ុន្តែ មិនយូរប៉ុន្មានសង្រ្គាមមួយទៀតក៏បានផ្ទុះឡើង ដោយម្តងនេះ ជាសង្រ្គាមរវាងប្រទេសក្នុងបក្សសម្ព័ន្ធបាល់កង់គ្នាឯង
គឺរវាងម្ខាង ប៊ុលហ្ការី និងម្ខាងទៀត ស៊ែរប៊ី និងក្រិក។ សង្រ្គាមនេះបានផ្ទុះឡើងដោយមកពីជម្លោះ
ក្នុងការបែងចែកដែនដី ដែលពួកគេដណ្តើមបានពីចក្រភពអូតូម៉ង់។
ក្រោយពីសង្រ្គាមនៅបាល់កង់បានបញ្ចប់ទៅ
នៅខែសីហា ឆ្នាំ១៩១៣ ស៊ែរប៊ីបានក្លាយជាប្រទេសដែលមានកម្លាំងយោធាខ្លាំងជាងគេបំផុត
នៅក្នុងតំបន់បាល់កង់ ហើយតុល្យភាពអំណាច នៅបាល់កង់ ក៏បានផ្អៀងទៅរករុស្ស៊ី
ដែលជាហេតុធ្វើឲ្យអូទ្រីសហុងគ្រីមិនសប្បាយចិត្ត ហើយមានគំនិតចង់ចាត់វិធានការគ្រប់យ៉ាង
ដើម្បីទប់ស្កាត់ស៊ែរប៊ី កុំឲ្យបង្កើនអំណាចនៅបាល់កង់តទៅទៀត។
ការធ្វើឃាតព្រះអង្គម្ចាស់ហ្វ៊ែរឌីណង់ ទាយាទនៃចក្រភពអូទ្រីសហុងគ្រី
ព្រឹកថ្ងៃទី២៨
ខែមិថុនា ឆ្នាំ១៩១៤ ព្រះអង្គម្ចាស់ហ្វ៊ែរឌីណង់ (Franz Ferdinand) ទាយាទរបស់ចក្រភពអូទ្រីសហុងគ្រី បានធ្វើដំណើរតាមរថភ្លើងមកដល់ទីក្រុងសារ៉ាយេវ៉ូ
រដ្ឋធានីរបស់បូស្នី។ បូស្នី ដែលអូទ្រីសហុងគ្រីបានកាត់ពីចក្រភពអូតូម៉ង់មកធ្វើជាខេត្តរបស់
ខ្លួន កាលពីឆ្នាំ១៩០៨ ក្រោមក្រសែភ្នែកក្តៅក្រហាយរបស់ស៊ែរប៊ី។
ក្រុមយុវជនជាតិនិយមស៊ែរប៊ី
៧នាក់ ដែលមានការជួយជ្រោមជ្រែងពីក្រុមភេរវជនស៊ែរប៊ី បានរៀបគម្រោងការណ៍លបធ្វើឃាតព្រះអង្គម្ចាស់ហ្វ៊ែរឌីណង់
ដោយបានពង្រាយគ្នា នៅតាមបណ្តោយផ្លូវ ដែលក្បួនរថយន្តរបស់ព្រះអង្គត្រូវឆ្លងកាត់។
ព្រះអង្គម្ចាស់ហ្វ៊ែរឌីណង់ ថ្វីដ្បិតតែដឹងថា ដំណើរទៅកាន់ទីក្រុងសារ៉ាយេវ៉ូ
ជាដំណើរប្រកបដោយគ្រោះថ្នាក់ ក៏ប៉ុន្តែ នៅតែជម្នះជិះក្នុងរថយន្តបើកដំបូល
ដើម្បីចង់បង្ហាញពីភាពស្និទ្ធស្នាលដល់ប្រជារាស្រ្ត នៅទីនោះ។ នៅម៉ោងប្រមាណជា
១០ព្រឹក នៅពេលក្បួនរថយន្តរបស់ព្រះអង្គម្ចាស់ហ្វ៊ែរឌីណង់បើកមកដល់ ឃាតកម្នាក់ក៏បានគប់គ្រាប់បែកសំដៅទៅលើរថយន្តរបស់ព្រះអង្គ។
ក៏ប៉ុន្តែ គ្រាប់បែកបានធ្លាក់ខុសគោលដៅ ដោយផ្ទុះត្រូវរថយន្តដែលបើកពីក្រោយ។
អ្នកបើកបរក៏បានបើករត់ ហើយនាំព្រះអង្គម្ចាស់ហ្វ៊ែរឌីណង់
ទៅកាន់សាលាក្រុងសារ៉ាយេវ៉ូ។ ចំណែកឃាតកវិញ បានព្យាយាមសម្លាប់ខ្លួនឯង
ក៏ប៉ុន្តែ មិនបានសម្រេច ហើយក៏ត្រូវប៉ូលិសចាប់ខ្លួនបាន។ នៅសាលាក្រុង
ព្រះអង្គម្ចាស់ហ្វ៊ែរឌីណង់បានចូលរួមក្នុងពិធីផ្លូវការ ដែលបានគ្រោងទុកពីមុនជាធម្មតា
ក៏ប៉ុន្តែ ក្រោយចប់ពិធី ព្រះអង្គបានសម្រេចលុបចោលកម្មវិធីដែលគ្រោងទុកផ្សេងទៀត
ដើម្បីយាងទៅសួរសុខទុក្ខអ្នករបួស ដោយគ្រាប់បែក កាលពីព្រឹក ហើយដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យសារ៉ាយេវ៉ូ។
នៅតាមផ្លូវពីសាលាក្រុងទៅមន្ទីរពេទ្យ ព្រះអង្គម្ចាស់ហ្វ៊ែរឌីណង់ និងមហេសី
គឺម្ចាស់ក្សត្រិយសូហ្វ៊ី (Sophie) ត្រូវបានឃាតករម្នាក់ទៀតបាញ់សម្លាប់។
![]() | |
|
ចក្រភពអូទ្រីសហុងគ្រីបានទម្លាក់ការទទួលខុសត្រូវនៃការធ្វើឃាត
ព្រះអង្គម្ចាស់ហ្វ៊ែរឌីណង់ ទៅលើរដ្ឋាភិបាលស៊ែរប៊ី។ អូទ្រីសហុងគ្រីក៏បានប្រកាសសង្រ្គាមលើស៊ែរប៊ី
ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩១៤។
ដោយសារតែការចងសម្ព័ន្ធមិត្តគ្នាយ៉ាងប្រទាក់ក្រឡា នៅក្នុងចំណោមប្រទេសមហាអំណាចនៅអឺរ៉ុប
សង្រ្គាមទ្វេភាគី រវាងអូទ្រីសហុងគ្រី និងស៊ែរប៊ី ក៏បានរាលដាលទៅដល់ប្រទេសមហាអំណាចអឺរ៉ុបផ្សេងទៀត
រួមមាន អាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស បារាំង និងរុស្ស៊ី៕