វិបត្តិអ៊ុយក្រែនរំឭកអំពីការឈ្លានពានរបស់ហ៊ីត្លែរទៅលើ ឆេកូស្លូវ៉ាគី នៅឆ្នាំ១៩៣៨
នៅក្រោយសង្រ្គាមលោកលើកទី១
ចក្រភពអូទ្រីសហុងគ្រី ដែលចាញ់សង្រ្គាម ត្រូវដួលរលំ
ហើយបែកខ្ញែកទៅជាប្រទេសផ្សេងៗគ្នា ក្នុងនោះ ក៏រួមមានប្រទេសឆេកូស្លូវ៉ាគីផងដែរ។
នៅចន្លោះពីឆ្នាំ១៩១៨ ដល់ឆ្នាំ១៩៣៨ គេឃើញមានប្រជាជនដើមកំណើតអាល្លឺម៉ង់
ប្រមាណជា៣លាននាក់ រស់នៅក្នុងប្រទេសឆេកូស្លូវ៉ាគីជាពិសេសនៅក្នុងតំបន់ស៊ូដែត(Sudète)ឬSudetenlandតាមភាសាអាល្លឺម៉ង់។
នៅខែកញ្ញា ឆ្នាំ១៩៣៨ ដោយមានការជំរុញពីសំណាក់ហ៊ីត្លែរ មេដឹកនាំគណបក្សស្និទ្ធនឹងណាស៊ី នៅក្នុងតំបន់ស៊ូដែត បានទាមទារផ្តាច់តំបន់នេះ ចេញពីប្រទេសឆេកូស្លូវ៉ាគី ដើម្បីភ្ជាប់ខ្លួនជាមួយនឹងអាល្លឺម៉ង់។ រដ្ឋាភិបាលឆេកូស្លូវ៉ាគីបដិសេធ
ហ៊ីត្លែរក៏បានគំរាមធ្វើសង្រ្គាម ក្នុងហេតុផលថា ដើម្បីចូលទៅការពារប្រជាជនអាល្លឺម៉ង់ ដែលរស់នៅក្នុងតំបន់នេះ។ នៅក្នុងអំឡុងពេលនោះ
ទាំងបារាំង និងទាំងអង់គ្លេស ដែលទើបនឹងងើបចេញពីសង្រ្គាមលោកលើកទី១ តែងតែនាំគ្នាខិតខំព្យាយាមគ្រប់មធ្យោបាយ ដើម្បីបញ្ចៀសកុំឲ្យមានសង្រ្គាមផ្ទុះឡើងសាជាថ្មីទៀត។
នាយករដ្ឋមន្រ្តីអង់គ្លេស គឺលោក Neville Chamberlain បានធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់
ជួបហ៊ីត្លែរដោយផ្ទាល់ ដើម្បីជជែកអំពីវិបត្តិនៅស៊ូដែត។
នៅក្នុងជំនួបនេះ ហើយដោយគ្មានសួរយោបល់រដ្ឋាភិបាលឆេកូស្លូវ៉ាគី នាយករដ្ឋមន្រ្តីអង់គ្លេសបានព្រមព្រៀងឲ្យហ៊ីត្លែរកាត់យកទឹកដីមួយ ផ្នែក នៃតំបន់ស៊ូដែត (គឺកន្លែងណាដែលមានប្រជាជនដើមកំណើតអាល្លឺម៉ង់លើសពី
៥០%) យកមកដាក់បញ្ចូលក្នុងទឹកដីអាល្លឺម៉ង់។
បន្ទាប់មក
អង់គ្លេសក៏បានបញ្ចុះបញ្ចូលបារាំងឲ្យទទួលយកដំណោះស្រាយនេះ។ ក្រោយពីបានព្រមព្រៀងគ្នាហើយ ទើបអង់គ្លេស និងបារាំង ទៅជួបរដ្ឋាភិបាលឆេកូស្លូវ៉ាគី ដើម្បីប្រាប់អំពីអ្វី ដែលគេបានព្រមព្រៀងគ្នា ជាមួយហ៊ីត្លែរ គឺឆេកូស្លូវ៉ាគីត្រូវតែសុខចិត្តប្រគល់ទឹកដីមួយផ្នែក នៃតំបន់ស៊ូដែត ទៅឲ្យហ៊ីត្លែរ ហើយជាថ្នូរមកវិញ អង់គ្លេស និងបារាំង ធានាថានឹងការពារឯករាជ្យ និងបូរណភាពទឹកដីដែលនៅសេសសល់របស់ឆេកូស្លូវ៉ាគី។ ឆេកូស្លូវ៉ាគីក៏យល់ព្រម ហើយនាយករដ្ឋមន្រ្តីអង់គ្លេសក៏ធ្វើដំណើរទៅជួបហ៊ីត្លែរ ដើម្បីប្រាប់អំពីដំណោះស្រាយនេះ។ ក៏ប៉ុន្តែ ហ៊ីត្លែរស្រាប់តែបានធ្វើការទាមទារបន្ថែមទៀត គឺទាមទារយកតំបន់ស៊ូដែតទាំងមូល មិនមែនត្រឹមតែតំបន់ ដែលមានប្រជាជនអាល្លឺម៉ង់លើសពី ៥០% ដូចដែលបានព្រមព្រៀងគ្នាពីមុននោះទេ។
នាយករដ្ឋមន្រ្តីអង់គ្លេសបដិសេធ។ ហ៊ីត្លែរក៏បានប្រកាសដាក់ឱសានវាទឲ្យឆេកូស្លូវ៉ាគីប្រគល់តំបន់តំបន់ ស៊ូដែតឲ្យអាល្លឺម៉ង់ ត្រឹមថ្ងៃទី ២៨ខែកញ្ញា។
ក្រោយទទួលឱសានវាទពីហ៊ីត្លែរ ឆេកូស្លូវ៉ាគីក៏បានកេណ្ឌកងទ័ព ដើម្បីត្រៀមការពារខ្លួនពីការឈ្លានពានរបស់កងទ័ពអាល្លឺម៉ង់។ សហភាពសូវៀត ដែលជាសម្ព័ន្ធមិត្តរបស់ឆេកូស្លូវ៉ាគី ក៏បានកេណ្ឌកងទ័ព ដើម្បីត្រៀមធ្វើសង្រ្គាមទល់នឹងហ៊ីត្លែរដែរ។ ក៏ប៉ុន្តែ អង់គ្លេស និងបារាំង នៅតែបន្តព្យាយាមរកវិធីចរចា ដើម្បីបញ្ចៀសសង្រ្គាមជាមួយហ៊ីត្លែរ។
រដ្ឋាភិបាលអង់គ្លេសនៅតែយល់ថា ការណ៍ដែលហ៊ីត្លែរចង់បានតំបន់ស៊ូដែត គឺពិតជាក្នុងគោលដៅចង់ការពារប្រជាជនដើមកំណើតអាល្លឺម៉ង់ពិតមែន ហើយជម្លោះអាចនឹងត្រូវដោះស្រាយបាន ប្រសិនបើគេយល់ព្រមតាមហ៊ីត្លែរ។ អង់គ្លេសក៏ត្រឡប់មកចរចាជាមួយហ៊ីត្លែរវិញ ហើយនៅថ្ងៃទី៣០ ខែកញ្ញា អាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស និងបារាំង ក៏បានចុះកិច្ចព្រមព្រៀង នៅក្នុងទីក្រុងមុយនិក ដោយគ្មានវត្តមានឆេកូស្លូវ៉ាគី ដោយព្រមព្រៀងឲ្យអាល្លឺម៉ង់ចូលកាន់កាប់តំបន់ស៊ូដែត។ ជាថ្នូរមកវិញ ហ៊ីត្លែរបានសន្យាថានឹងបញ្ឈប់ការទាមទារផ្តាច់ទឹកដីរបស់ខ្លួនតែ ត្រឹមតំបន់ស៊ូដែតនេះ។
![]() |
ពីឆ្វេងទៅស្តាំ៖ ប្រមុខដឹកនាំអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី នៅក្នុងពេលចុះកិច្ចព្រមព្រៀងក្រុងមុយនិក ស្តីពីការកាត់ទឹកដីមួយផ្នែករបស់ឆេកូស្លូវ៉ាគី ទៅឲ្យអាល្លឺម៉ង់ |
បន្ទាប់មក បារាំង និងអង់គ្លេសបានប្រាប់ទៅឆេកូស្លូវ៉ាគី អំពីអ្វីដែលគេបានព្រមព្រៀងជាមួយហ៊ីត្លែរ នៅមុយនិក ដោយបញ្ជាក់ថា ប្រសិនបើឆេកូស្លូវ៉ាគីមិនព្រមប្រគល់តំបន់ស៊ូដែតទៅឲ្យហ៊ីត្លែរទេ ឆេកូស្លូវ៉ាគីនឹងត្រូវប្រឈមមុខនឹងកងទ័ពអាល្លឺម៉ង់តែម្នាក់ឯង ដោយគ្មានជំនួយពីអង់គ្លេស និងបារាំងនោះទេ។ ឆេកូស្លូវ៉ាគីដែលដឹងច្បាស់ថាខ្លួនមិនមានកម្លាំងទ័ពអាចទប់ទល់នឹង ហ៊ីត្លែរបាន ក៏សុខចិត្តធ្វើតាម ហើយកងទ័ពអាល្លឺម៉ង់ក៏បានចូលកាន់កាប់តំបន់ស៊ូដែត
នៅថ្ងៃទី១០
ខែតុលា ឆ្នាំ១៩៣៨។ នៅអង់គ្លេស
លោក Neville
Chamberlain នាយករដ្ឋមន្រ្តីអង់គ្លេស ត្រូវបានគេចាត់ទុកជាវីរបុរសដ៏ឆ្នើមមួយ ដែលបានដោះស្រាយបញ្ចប់វិបត្តិឆេកូស្លូវ៉ាគី ដោយសន្តិវិធី ហើយបញ្ចៀសបាននូវសង្រ្គាម។ ក៏ប៉ុន្តែ នៅអាល្លឺម៉ង់វិញ ហ៊ីត្លែរបានកំណត់ក្នុងចិត្តថា សម្បទានគ្រប់យ៉ាង ដែលអង់គ្លេស និងបារាំង បានធ្វើនៅក្នុងវិបត្តិឆេកូស្លូវ៉ាគី គឺបញ្ជាក់យ៉ាងច្បាស់ថា
អង់គ្លេស និងបារាំងកំពុងតែខ្លាចអាល្លឺម៉ង់។
ក្រោយមកមិនដល់មួយឆ្នាំផង នៅថ្ងៃទី១៦
ខែមីនា ឆ្នាំ១៩៣៩ ហ៊ីត្លែរក៏បានចូលឈ្លានពានកាន់កាប់ទឹកដីដែលនៅសេសសល់របស់ ឆេកូស្លូវ៉ាគី ព្រមទាំងទាមទារយកទឹកដីរបស់ប្រទេសផ្សេងៗទៀត នៅក្នុងតំបន់ក្បែរៗនោះ។ រហូតមកទល់ពេលនោះ
ទើបអង់គ្លេស និងបារាំងភ្ញាក់ដឹងខ្លួនថា អ្វីដែលហ៊ីត្លែរបានសន្យា
នៅទីក្រុងមុយនិក កាលពីឆ្នាំមុន គឺជាការបោកប្រាស់សុទ្ធសាធ
ហើយសម្រេចបញ្ឈប់នយោបាយធ្វើសម្បទាន ដើម្បីផ្គាប់ចិត្តហ៊ីត្លែរដូចពីមុនទៀត។
នៅថ្ងៃទី៣១ ខែមីនា ១៩៣៩ ក្រោយពីហ៊ីត្លែរបានទាមទារផ្តាច់ទឹកដីមួយផ្នែករបស់ប៉ូឡូញ
បារាំង
និងអង់គ្លេស
ក៏បានប្រកាសជាសាធារណៈធានាការពារឯករាជ្យ និងបូរណភាពទឹកដីរបស់ប៉ូឡូញ
ពីការឈ្លានពានរបស់ហ៊ីត្លែរ។ ក៏ប៉ុន្តែ ការប្រកាសនេះមិនបានធ្វើឲ្យហ៊ីត្លែរខ្លាចរអានោះទេ។
ហ៊ីត្លែរ
ដែលធ្លាប់មើលឃើញពីជំហរទន់ជ្រាយរបស់បារាំង
និងអង់គ្លេស
កាលពីអំឡុងវិបត្តិនៅឆេកូស្លូវ៉ាគី
ក៏បានចូលឈ្លានពានប្រទេសប៉ូឡូញ នៅថ្ងៃទី១ ខែកញ្ញា
ឆ្នាំ១៩៣៩។ ពីរថ្ងៃក្រោយមក បារាំង និងអង់គ្លេស បានប្រកាសសង្រ្គាមលើអាល្លឺម៉ង់ ហើយសង្រ្គាមលោកលើកទី២ក៏ចាប់ផ្ទុះឡើង។
នៅក្នុងពេលបច្ចុប្បន្ននេះ វិបត្តិដែលកំពុងកើតឡើងនៅអ៊ុយក្រែនកំពុងតែធ្វើឲ្យគេនឹកឃើញឡើងវិញ អំពីអ្វីដែលបានកើតឡើង នៅឆេកូស្លូវ៉ាគី កាលពីជាង ៧០ឆ្នាំមុន។ នៅឆ្នាំ២០១៤ រុស្ស៊ី ក្រោមការដឹកនាំរបស់លោកវ៉្លាឌីមៀរ ពូទីន បានបញ្ជូនទាហានចូលទៅឈ្លានពានកាន់កាប់តំបន់គ្រីមេរបស់អ៊ុយក្រែន ក្នុងហេតុផលថា ដើម្បីការពារប្រជាជនរុស្ស៊ី ដូចដែលហ៊ីត្លែរធ្លាប់ទាមទារកាន់កាប់តំបន់ស៊ូដែត
របស់ឆេកូស្លូវ៉ាគី ក្នុងហេតុផលថា ដើម្បីការពារប្រជាជនអាល្លឺម៉ង់ កាលពីឆ្នាំ១៩៣៨ដូច្នោះដែរ។
ក៏ប៉ុន្តែ នៅក្នុងប្រទេសអ៊ុយក្រែន មិនមែនមានតែតំបន់គ្រីមេមួយទេ ដែលមានប្រជាជនរុស្ស៊ីរស់នៅ។ តំបន់ជាច្រើនផ្សេងទៀត ជាពិសេស តំបន់នៅប៉ែកខាងកើត ជាប់ព្រំដែនរុស្ស៊ី ក៏មានប្រជាជនរុស្ស៊ីរស់នៅយ៉ាងច្រើនផងដែរ។
ម្យ៉ាងទៀត
ក្រៅពីអ៊ុយក្រែន នៅមានប្រទេសជាច្រើនផ្សេងទៀត ជាពិសេស ប្រទេសធ្លាប់ស្ថិតក្នុងអតីតសហភាពសូវៀត ដែលមានប្រជាជនរុស្ស៊ីរស់នៅយ៉ាងច្រើនផងដែរ។
ដូច្នេះ
សំណួរដែលគេចោទឡើងនៅពេលនេះ គឺនៅត្រង់ថា តើលោកពូទីននឹងបញ្ឈប់ត្រឹមតំបន់គ្រីមេនេះ ឬក៏អាចឈានទៅកាន់កាប់តំបន់ផ្សេងៗទៀត
នៅពេលខាងមុខ?