ស្ថានភាពពិភពលោកមុនសង្រ្គាមលោកលើកទី១
នៅចុងសតវត្សរទី១៩
និងដើមសតវត្សរ៍ទី២០ ប្រទេសមហាអំណាចធំៗ ដែលត្រួតត្រាពិភពលោក
ភាគច្រើនស្ថិតនៅក្នុងតំបន់អឺរ៉ុប។ ក្រៅពីនេះ សុទ្ធសឹងជាមហាអំណាចបន្ទាប់បន្សំ។
សហរដ្ឋអាមេរិក គឺជាមហាអំណាចមួយ
ដែលទើបនឹងងើបមុខថ្មី ក៏ប៉ុន្តែ ជាមហាអំណាចខាងផ្នែកសេដ្ឋកិច្ច
និងឧស្សាហកម្ម ហើយមិនទាន់មានកម្លាំងទ័ពខ្លាំងក្លា
ជាមហាអំណាចពិភពលោកនៅឡើយទេ។ ម្យ៉ាងទៀត
សហរដ្ឋអាមេរិកនៅពេលនោះប្រកាន់យកនូវនយោបាយឯកោនិយម និងគោលការណ៍មិនធ្វើអន្តរាគមន៍នៅក្រៅប្រទេស។
សហរដ្ឋអាមេរិកគិតថា ខ្លួនមានសុវត្ថិភាព
ដោយសារមានមហាសមុទ្រធំៗពីរនៅការពារទាំងសងខាង គឺមហាសមុទ្រប៉ាស៊ីហ្វិកនៅខាងលិច
និងមហាសមុទ្រអាត្លង់ទិក នៅខាងកើត ដូច្នេះ ហើយបានជាមិនសូវជារវីរវល់នឹងកិច្ចការនៅក្រៅទ្វីបអាមេរិក
ប៉ុន្មាននោះទេ។
នៅអាស៊ីវិញ
ជប៉ុនក៏ជាមហាអំណាចដែលទើបនឹងងើបមុខថ្មីមួយដែរ ប៉ុន្តែ ផ្ទុយពី សហរដ្ឋអាមេរិក
ជប៉ុនបានបោះបង់ចោលនយោបាយឯកោនិយមរបស់ខ្លួន ហើយងាកមកចាប់យកនយោបាយអាណានិគមនិយម
ដូចជាបណ្តាប្រទេសមហាអំណាចនៅអឺរ៉ុបដែរ។ ក៏ប៉ុន្តែ បើទោះជាយ៉ាងនេះក៏ដោយ
ជប៉ុននៅពេលនោះ គ្រាន់តែជាមហាអំណាចក្នុងតំបន់អាស៊ីប៉ុណ្ណោះ ដោយនៅមិនទាន់មានកម្លាំងទ័ពខ្លាំងក្លា
ជាមហាអំណាចពិភពលោកដូចជាបណ្តាប្រទេសនៅអឺរ៉ុបនោះទេ។
នៅអឺរ៉ុប
គេឃើញមានមហាអំណាចធំៗចំនួន ៥ ដែលប្រកួតប្រជែងគ្នា រហូតដល់ឈានទៅផ្ទុះជាសង្រ្គាមលោកលើកទី១
គឺរួមមាន អង់គ្លេស បារាំង អាល្លឺម៉ង់ រុស្ស៊ី និងអូទ្រីសហុងគ្រី។
នៅក្នុងចំណោមប្រទេសទាំងនេះ
មហាអំណាចធំជាងគេបំផុត គឺចក្រភពអង់គ្លេស ដែលនៅក្នុងចន្លោះសតវត្សរ៍ទី១៩
ដល់ដើមសតវត្សរ៍ទី២០ គឺជាមហាអំណាចពិភពលោកលំដាប់ទីមួយ ពោលគឺ ដូចទៅនឹងសហរដ្ឋអាមេរិកដែលជាមហាអំណាចពិភពលោក
នៅក្នុងសតវត្សរ៍ទី២០ និងដើមសតវត្សរ៍ទី២១នេះដែរ។
ក៏ប៉ុន្តែ នៅចុងសតវត្សរ៍ទី១៩
មហាអំណាចថ្មីមួយបានចាប់លេចមុខមកប្រជែងជាមួយនឹងចក្រភពអង់គ្លេស
គឺអាល្លឺម៉ង់។
នៅមុនឆ្នាំ១៨៧០ អាល្លឺម៉ង់មិនទាន់ជាប្រទេសរួបរួមគ្នាមួយនៅឡើយទេ
ដោយត្រូវបែងចែកជារដ្ឋ ដែលមានរចនាសម្ព័ន្ធដឹកនាំដាច់ៗពីគ្នា ដោយក្នុងចំណោមនោះ
នគរព្រុស្ស៊ី (Prusse/Prussia)
គឺជានគរដែលមានទឹកដី និងកម្លាំងទ័ពខ្លាំងជាងគេ។
អូតូ វ៉ុន ប៊ីស្មាក់ (Otto von Bismarck) ដែលត្រូវបានព្រះមហាក្សត្រ
Wilhelm ទី១ តែងតាំងឲ្យធ្វើជាអធិការបតី (នាយករដ្ឋមន្រ្តី)
ព្រុស្ស៊ី នៅឆ្នាំ១៨៦២ គឺជាអ្នកនយោបាយអភិរក្សនិយម ដែលមានក្តីបំណងចង់ឃើញអាល្លឺម៉ង់រួបរួមគ្នា
បង្កើតទៅជាមហាអំណាចដ៏ធំមួយ។ ដើម្បីសម្រេចតាមក្តីបំណងនេះ ប៊ីស្មាក់បានរកឃើញយុទ្ធសាស្រ្តមួយ
គឺបង្កសង្រ្គាមជាមួយបារាំង ដែលជាគូសត្រូវរួមរបស់គ្រប់ដែនដីទាំងអស់របស់អាល្លឺម៉ង់។
ភាពជាសត្រូវដែលបានបន្សល់ទុក តាំងពីសម័យអធិរាជណាប៉ូឡេអុងទី១ (ណាប៉ូឡេអុង បូណាប៉ាត)។ ប៊ីស្មាក់ក៏បានគិតឃើញផងដែរថា ដើម្បីអាចដុតបញ្ឆេះចលនាជាតិនិយមអាល្លឺម៉ង់ឲ្យរួបរួមគ្នាច្បាំង
នឹងបារាំងបាន ចាំបាច់ត្រូវតែឲ្យប្រជាជនអាល្លឺម៉ង់ទាំងអស់មើលឃើញថា បារាំង
គឺជាអ្នកឈ្លានពានលើអាល្លឺម៉ង់។
ប៊ីស្មាក់ក៏បានចាប់ផ្តើមបង្ករឿងជាច្រើនជាមួយបារាំង
រហូតធ្វើឲ្យអធិរាជណាប៉ូឡេអុងទី៣ (ល្វីស ណាប៉ូឡេអុង) ប្រកាសសង្រ្គាមលើនគរព្រុស្ស៊ី
នៅខែកក្កដា ឆ្នាំ១៨៧០ ហើយប៊ីស្មាក់ក៏បានប្រមែរប្រមូលរដ្ឋទាំងអស់របស់អាល្លឺម៉ង់ឲ្យចងជា
សម្ព័ន្ធភាព ដើម្បីទប់ទល់នឹងសកម្មភាពដែលប៊ីស្មាក់ហៅថាជា "ការឈ្លានពានរបស់បារាំង"។
កងទ័ពអាល្លឺម៉ង់បានយកឈ្នះបារាំង
នៅឆ្នាំ១៨៧១ ហើយក្រោយពីទទួលបានជ័យជម្នះនេះ អាល្លឺម៉ង់បានរួបរួមគ្នាបង្កើតជាចក្រភពមួយឡើង
ក្រោមការដឹកនាំរបស់អធិរាជ Wilhelm
ទី១ និងដោយមានអូតូ វ៉ុន ប៊ីស្មាក់ ជាអធិការបតី
ពោលគឺ ជាប្រមុខរដ្ឋាភិបាល។
នៅពេលនោះ
ចក្រភពអាល្លឺម៉ង់ គឺជាមហាអំណាចដ៏ធំមួយ ខាងផ្នែកសេដ្ឋកិច្ច និងឧស្សាហកម្ម
ក៏ប៉ុន្តែ អាល្លឺម៉ង់មានមហិច្ឆតាចង់បានអ្វីៗលើសពីនេះទៀត ដើម្បីអាចក្លាយជាមហាអំណាចស្មើមុខជាមួយនឹងមហាអំណាចផ្សេងទៀត
ហើយអ្វីដែលមហាអំណាចផ្សេងមាន តែអាល្លឺម៉ង់មិនទាន់មាន គឺដែនដីអាណានិគម។
ចក្រភពអាល្លឺម៉ង់មានមហិច្ឆតាចង់ក្លាយជាមហាអំណាចអាណានិគម
ដោយយល់ឃើញថា ការវាតទីពង្រីកដែនដីអាណានិគមអាចនឹងជួយឲ្យអាល្លឺម៉ង់ពង្រីកទីផ្សារ និងគ្រប់គ្រងធនធានធម្មជាតិបានកាន់តែច្រើនផង
ព្រមទាំងធ្វើឲ្យអាល្លឺម៉ង់អាចក្លាយជាមហាអំណាចស្មើមុខនឹងមហាអំណាច អឺរ៉ុបផ្សេងទៀតផងដែរ។
អាល្លឺម៉ង់ក៏បានចាប់ផ្តើមដាក់ចេញនូវនយោបាយវាតទីពង្រីកដែនដី
អាណានិគម ដោយផ្តោតជាពិសេសទៅលើតំបន់អាហ្វ្រិក និងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ការពង្រីកដែនដីអាណានិគម ដែលធ្វើឲ្យអាល្លឺម៉ង់ត្រូវមានវិវាទជាមួយនឹងមហាអំណាចអាណានិគមចាស់
គឺបារាំង និងអង់គ្លេស។
ការប្រកួតប្រជែងគ្នា
រវាងប្រទេសមហាអំណាចនៅអឺរ៉ុប ដែលបានកើតមានឡើងកាន់តែខ្លាំង
ពីមួយថ្ងៃទៅមួយថ្ងៃ ក៏បានធ្វើឲ្យប្រទេសនីមួយៗខិតខំពង្រឹងកម្លាំងទ័ពរៀងៗខ្លួន
ហើយការប្រណាំងប្រជែងផ្នែកសព្វាវុធបានកើតមានឡើងយ៉ាងពេញទំហឹង ជាពិសេស
គឺការប្រណាំងប្រជែងសព្វាវុធខាងទ័ពជើងទឹក រវាងអាល្លឺម៉ង់ និងអង់គ្លេស។ ព្រមពេលជាមួយគ្នា
នឹងការប្រណាំងប្រជែងខាងសព្វាវុធ មហាអំណាចនៅអឺរ៉ុប ក៏បានស្វះស្វែងចងសម្ព័ន្ធមិត្តនឹងគ្នាយ៉ាងប្រទាក់ក្រឡាផងដែរ។
សម្ព័ន្ធភាពទ្វេភាគី
រវាងអាល្លឺម៉ង់ និងអូទ្រីសហុងគ្រី ត្រូវបានបង្កើតឡើង នៅឆ្នាំ១៨៧៩ ហើយ
៣ឆ្នាំក្រោយមក សម្ព័ន្ធភាពនេះ បានក្លាយជាសម្ព័ន្ធភាព ត្រីភាគី ក្រោយពីមានការចូលរួមពីសំណាក់ អ៊ីតាលី។
ដើម្បីទប់ទល់នឹងអាល្លឺម៉ង់និងសម្ព័ន្ធមិត្ត
បារាំងក៏បានទៅបង្កើតសម្ព័ន្ធភាពជាមួយនឹងប្រទេសផ្សេងទៀតផងដែរ គឺសម្ព័ន្ធភាពបារាំង-រុស្ស៊ី
នៅឆ្នាំ១៨៩២ និងសម្ព័ន្ធភាពបារាំង-អង់គ្លេស នៅឆ្នាំ១៩០៤។ នៅឆ្នាំ១៩០៧ ក្រោយពីអង់គ្លេស
និងរុស្ស៊ី បានចុះសន្ធិសញ្ញាបង្កើតសម្ព័ន្ធភាពនឹងគ្នា សម្ព័ន្ធភាពត្រីភាគី
បារាំង-អង់គ្លេស-រុស្ស៊ី ក៏បានចាប់កំណើតឡើង។
សម្ព័ន្ធភាពទាំងពីរក្រុម
គឺអាល្លឺម៉ង់-អូទ្រីសហុងគ្រី-អ៊ីតាលី និង បារាំង-អង់គ្លេស-រុស្ស៊ីនេះហើយ
ដែលជាតួអង្គដ៏សំខាន់ នៅក្នុងសង្រ្គាមលោកលើកទី១ នៅចន្លោះឆ្នាំ១៩១៤
ដល់ឆ្នាំ១៩១៨៕