Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

ចក្រភពជប៉ុន៖ មហាអំណាចអាណានិគមអាស៊ីតែមួយគត់ នៅដើមសតវត្សរ៍ទី២០

     នៅ​ចុងសតវត្សរ៍​ទី១៩ និង​ដើម​សតវត្សរ៍ទី២០ មហាអំណាច​អាណានិគម ដែល​ត្រួតត្រា​ពិភពលោក​ស្ទើរតែ​ទាំងមូល សុទ្ធសឹង​តែ​ជា​បណ្តា​ប្រទេស​មក​ពី​លោក​ខាងលិច លើកលែង​តែ​ប្រទេស​មួយ ដែល​មក​ពី​អាស៊ី គឺ​ជប៉ុន។
      ជប៉ុន គឺ​ជា​ប្រជាជាតិ​ដ៏​ចំណាស់​មួយ ដែល​ចំណាយ​ពេល​រាប់​សតវត្សរ៍ ​រស់នៅ​ជា​ប្រទេស​ឯកោ មិនទទួល​រាប់រក​បរទេស​ណា​ទាំងអស់ ជាពិសេស គឺ​ពួកលោក​ខាងលិច។ ក៏ប៉ុន្តែ នយោបាយ​ឯកោនិយម​នេះ​ត្រូវ​បាន​បិទបញ្ចប់ នៅ​ពាក់​កណ្តាល​សតវត្សរ៍ទី១៩។
    អ្វីៗ​បាន​ចាប់ផ្តើម​ឡើង នៅ​ឆ្នាំ​១៨៥៣ នៅពេល​ដែល​កងទ័ព​ជើងទឹក​អាមេរិក ដឹកនាំ​ដោយ​ឧត្តមនាវី ឈ្មោះ Mathew Perry ជាមួយ​នឹង​កប៉ាល់​ចម្បាំង​ដ៏ទំនើបៗ​ចំនួន ៤គ្រឿង បាន​ធ្វើ​ដំណើរ​ចូល​​មក​ដល់​ទីក្រុង​តូក្យូ ហើយ​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ដើម្បី​បើក​កំពង់ផែ​ជប៉ុន សម្រាប់​ការ​ធ្វើ​ជំនួញ។ គឺ​ជា​កិច្ចព្រមព្រៀង​មួយ ដែល​មិនមាន​តុល្យភាព ក៏ប៉ុន្តែ ជប៉ុន​ត្រូវ​បង្ខំ​ចិត្ត​ទទួល​យក ដោយសារ​តែ​ខ្លាច​កម្លាំង​ទ័ព​អាមេរិក។
   វត្តមាន​កងទ័ព​ជើងទឹក​អាមេរិក​បាន​ដាស់​ស្មារតី​​មេដឹកនាំ​ជប៉ុន​​ឲ្យ​ មើលឃើញ​ពី​​ភាព​ទន់ខ្សោយ​នៃ​បច្ចេកវិទ្យា និង​កម្លាំង​ទ័ព​របស់ខ្លួន ធៀប​នឹង​សហរដ្ឋ​អាមេរិក ព្រមទាំង​បណ្តា​ប្រទេស​លោកខាង​លិច​ផ្សេងទៀត ហើយ​​ធ្វើ​ជប៉ុន​ដឹងខ្លួន​យ៉ាង​ច្បាស់​ថា ប្រសិន​បើ​ជប៉ុន​នៅ​ឈរឱបដៃ​​មិន​ធ្វើ​អ្វីសោះ ជប៉ុន​នឹង​ត្រូវ​ធ្លាក់​ក្រោម​ការ​ត្រួតត្រា​របស់​ប្រទេស​លោកខាងលិច​ដោយ​ចៀស ​មិនរួច។
    ប្រឈមមុខ​នឹង​ការ​គំរាម​កំហែង​ពី​មហាអំណាច​លោក​ខាងលិច មាន​ឥស្សរជន​ជប៉ុន​មួយក្រុម​យល់ថា ជប៉ុន​គួរតែ​រឹតបន្តឹង​នយោបាយ​ឯកោនិយម​បន្ថែម​ទៀត ដើម្បី​ទប់​ស្កាត់​ឥទ្ធិពល​លោកខាងលិច។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា​នោះ មាន​ឥស្សរជន​មួយក្រុម​ទៀត ដែល​ស្និទ្ធ​នឹង​អធិរាជ​ជប៉ុន បាន​ដុះគំនិត​ប្រកប​ដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​មួយ​ថា ដើម្បី​ទប់ទល់​នឹង​មហាអំណាច​លោក​ខាងលិច ជប៉ុន​ត្រូវ​តែ​​រៀនសូត្រ​តាម​លោក​ខាងលិច ក្នុងការ​ធ្វើ​ទំនើបកម្ម​វិស័យឧស្សាហកម្ម និង​កងទ័ព​របស់​ខ្លួន។
     នៅ​ឆ្នាំ​១៨៦៨ ព្រះអង្គម្ចាស់វ័យក្មេង​មួយ​អង្គ ឈ្មោះ មូតស៊ូហ៊ីតូ (Mutsuhito) បាន​ឡើង​មក​គ្រងរាជ្យ​ជា​អធិរាជ​ជប៉ុន ដោយ​យក​ព្រះនាម​ថា អធិរាជ​ម៉ីជី (Meiji)។ ក្រោយ​ពី​បាន​ឡើង​គ្រងរាជ្យ អធិរាជ្យ​ម៉ីជី ​បាន​ប្រមូល​អំណាច​រដ្ឋ​ទាំងអស់​យក​មក​កាន់កាប់​ ហើយ​បាន​ប្រកាស​​បើក​ទំព័រ​សករាជ​ថ្មី​មួយ​នៅ​ជប៉ុន ដែល​គេ​ឲ្យ​ឈ្មោះ​ថា សករាជ​ម៉ីជី
   នៅ​ក្រោម​ការដឹកនាំ​របស់​អធិរាជ​ម៉ីជី ជប៉ុន​បាន​ចាប់ផ្តើម​បើក​ទ្វារ​ទទួល​​អ្នកប្រាជ្ញ​​បរទេស​មក​ពី​គ្រប់ទិសទី ជាពិសេស មក​ពី​ប្រទេស​លោកខាងលិច។ រចនាសម្ព័ន្ធ​តាមបែប​សក្តិភូមិ​ត្រូវ​លុបបំបាត់​ចោល ហើយ​​ការ​អប់រំ​ត្រូវ​បាន​បើក​ចំហ​យ៉ាងទូលំទូលាយ។ វិស័យ​ឧស្សាហកម្ម​​ត្រូវ​បាន​ផ្លាស់ប្តូរ ពីការ​ផលិត​សម្លៀកបំពាក់ និង​ទំនិញ​ធុនស្រាល ទៅ​ជា​ការ​ផលិត​គ្រឿងម៉ាស៊ីន និង​គ្រឿងសព្វាវុធ​ធុនធ្ងន់។ កងទ័ព​សាមូរ៉ៃ​របស់​ជប៉ុន ក៏​ត្រូវ​បាន​កែប្រែ​ឲ្យ​ទៅ​ជា​កងទ័ព​ទំនើប ដែល​មាន​ឯកសណ្ឋាន គ្រឿងសព្វាវុធ និង​យុទ្ធសាស្រ្ត​ទ័ពតាមបែប​លោក​ខាងលិច។ ចំណែក​វិស័យ​នយោបាយ​វិញ ក៏​ត្រូវ​បាន​ជប៉ុនរៀបចំ​​​ធ្វើ​កំណែទម្រង់​​ស៊ីជម្រៅ​ផងដែរ ដោយ​នៅ​ឆ្នាំ​១៨៨៩ អធិរាជ​ម៉ីជី ​បាន​ប្រកាស​ឲ្យ​ប្រើ​នូវ​​​​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ ដែល​ចែង​ពី​ការ​​បង្កើត​​របបរាជានិយម​អាស្រ័យរដ្ឋធម្មនុញ្ញ ដោយ​យក​គំរូ​តាម​មហាអំណាច​លោក​ខាងលិច​មួយ​ចំនួន ជាពិសេស អង់គ្លេស និង​អាល្លឺម៉ង់។


អធិរាជ​ម៉ីជី (Meiji) នៅ​ឆ្នាំ​១៨៧៣
    កំណែទម្រង់ នៅ​ក្នុង​សម័យកាល​អធិរាជ​ម៉ីជី បាន​ធ្វើ​ឲ្យ​ជប៉ុន​​ប្រែក្លាយ​​ខ្លួន​ពី​ប្រទេស​ឯកោ និង​​​ទន់ខ្សោយ​ ទៅជា​ប្រទេស​ដែល​មាន​​​​​​កងទ័ព និង​ឧស្សាហកម្ម​​ជឿនលឿន​ ដើរ​ទាន់​ប្រទេស​លោកខាងលិច ​ក្នុងរយៈពេល​តែ​ប្រមាណ​ជា ២០ឆ្នាំ​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ ក្រៅពី​ផ្នែក​​ឧស្សាហកម្ម និង​កងទ័ព មាន​មេរៀន​មួយ​ទៀត ដែល​ជប៉ុន​​​បានរៀនសូត្រ​ពី​ប្រទេស​លោកខាងលិចដែរ​ គឺ​នយោបាយ​ឈ្លានពាន​​ដាក់អាណានិគម​ទៅលើ​ប្រទេស​ដទៃ។
     នៅ​ឆ្នាំ​១៨៩៤ ជប៉ុន​បាន​ប្រកាស​សង្រ្គាម​ជាមួយ​ចិន ដើម្បី​ដណ្តើម​កាន់កាប់​កូរ៉េ ដែល​​កន្លងមក​ធ្លាប់​តែ​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​អធិរាជចិន។ ក្រោយ​ពី​ការ​វាយប្រយុទ្ធគ្នា​អស់រយៈពេល​ជាង ៨ខែ  កងទ័ព​ជប៉ុន​បាន​បណ្តេញ​កងទ័ព​​ចិន​ចេញ​ពី​កូរ៉េ ហើយ​ថែម​ទាំង​បាន​ឈ្លានពាន​ចូល​កាន់កាប់​​​កោះតៃវ៉ាន់​ ព្រមទាំង​ដែនដី​មួយផ្នែក​នៃ​តំបន់​ម៉ាន់ជូរី​របស់​ចិន​ទៀតផង។
    នេះ គឺ​ជា​ចំណុច​ចាប់ផ្តើម​នៃ​នយោបាយ​អាណានិគម​និយម​របស់​ជប៉ុន។ ក៏ប៉ុន្តែ នៅ​ក្នុង​ការ​ឈ្លានពាន​វាតទីពង្រីក​ទឹកដី​នេះ ជប៉ុន​ត្រូវ​ប្រឈមមុខ​នឹង​មហាអំណាច​មួយទៀត ដែល​នៅពេលនោះ ​កំពុង​តែ​ព្យាយាម​វាតទី​​ចូលកាន់កាប់​កូរ៉េ និង​តំបន់​ម៉ាន់ជូរី​ដែរ នោះ​គឺ​ចក្រភព​រុស្ស៊ី។
    នៅ​ខែ​ឧសភា ឆ្នាំ​១៨៩៥ មួយខែ​ក្រោយ​ពី​ជប៉ុន​ទើប​នឹង​បាន​ចុះ​កិច្ចព្រមព្រៀង​បញ្ចប់​សង្រ្គាម​ ជាមួយចិន រុស្ស៊ី ដែល​​មាន​ការ​គាំទ្រ​ពី​សំណាក់​បារាំង និង​អាល្លឺម៉ង់ បាន​រួមគ្នា​ដាក់សម្ពាធ​ បង្ខំឲ្យ​ជប៉ុន​​ដកខ្លួន​ថយ​ចេញ​ពី​​តំបន់​ម៉ាន់ជូរី ដែល​ជប៉ុន​ទើប​នឹង​បាន​កាត់​យកពី​ចិន។ ជប៉ុន ដែល​មើលឃើញ​ថា ខ្លួន​មិន​មាន​កម្លាំង​ទ័ព​អាច​ទប់ទល់​នឹង​មហាអំណាច​អឺរ៉ុប​ទាំង៣​នេះ​បាន ក៏​បង្ខំ​ចិត្ត​ដក​ខ្លួន​ថយ​ចេញ​ពី​ម៉ាន់ជូរី ទៅតាម​ការ​ទាមទារ​នេះ ហើយ​ក្រោយ​ពី​ការ​ដកថយ​របស់​ជប៉ុន រុស្ស៊ី​ក៏​ស្រាប់តែ​បាន​ចូល​ទៅកាន់កាប់​តំបន់ម៉ាន់ជូរី​នេះ​ភ្លាមៗ​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ជប៉ុនផ្ទុះកំហឹង​យ៉ាង​ខ្លាំង ក៏ប៉ុន្តែ មិនហ៊ាន​ធ្វើ​អ្វី​រុស្ស៊ី ដោយសារ​តែ​ជប៉ុន​យល់ថា ខ្លួន​នៅ​មាន​កម្លាំង​ទ័ព​ខ្សោយ​ជាង​រុស្ស៊ី។
       នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ទៀត ជប៉ុន​បាន​ផ្តោត​អាទិភាព​ទៅលើ​ការ​ពង្រឹង​កម្លាំង​ទ័ព​របស់​ខ្លួន ហើយ​ក្នុង​ពេល​ជាមួយគ្នា ជប៉ុន​បាន​ព្យាយាម​ចរចា​ជាមួយ​រុស្ស៊ី ដើម្បី​ធ្វើការ​បែងចែក​ដែន​ឥទ្ធិពល​គ្នា ពោលគឺ ជប៉ុន​ទុក​ឲ្យ​​រុស្ស៊ី​​ត្រួតត្រា​តំបន់​ម៉ាន់ជូរី ជាថ្នូរមកវិញ រុស្ស៊ី​​ត្រូវ​ទុក​ឧបទ្វីប​កូរ៉េ​​ឲ្យ​ជប៉ុន​ជា​អ្នក​ត្រួតត្រា។ ក៏ប៉ុន្តែ រុស្ស៊ី​​មិន​ព្រម ដោយ​ចង់​ត្រួតត្រា​​ទាំង​តំបន់​ម៉ាន់ជូរី និងទាំង​ឧបទ្វីបកូរ៉េ។
  នៅ​ឆ្នាំ​១៩០២ ជប៉ុន​ក៏​បាន​ចង​​សម្រេច​ចងសម្ព័ន្ធភាព​ជាមួយអង់គ្លេស។ យោងតាម​ខ្លឹមសារ​នៃ​​កិច្ចព្រមព្រៀង​នេះ ប្រសិន​បើ​ប្រទេស​ណា​ហ៊ាន​​ចូលមក​​ជួយ​រុស្ស៊ី ក្នុងករណី​មាន​សង្រ្គាម​ជាមួយ​ជប៉ុន អង់គ្លេស​​ក៏​នឹង​ចូល​មក​ជួយ​ខាង​ជប៉ុន​វិញ​ដែរ។ ដូច្នេះ ជប៉ុន​អាច​ប្រឈមមុខ​ជាមួយ​នឹង​រុស្ស៊ី​មួយទល់នឹងមួយ ​ដោយ​មិន​បារម្ភ​ខ្លាច​​បារាំង និង​អាល្លឺម៉ង់​លូកដៃ​ចូល​ធ្វើ​អន្តរាគមន៍។
     នៅខែ​កុម្ភៈ​​ឆ្នាំ​១៩០៤ ជប៉ុន​បាន​ប្រកាស​សង្រ្គាម​ជាមួយ​នឹង​រុស្ស៊ី ហើយ​កងទ័ព​ជើងទឹក​ជប៉ុន​ក៏​បាន​បើក​ការ​វាយប្រហារ​ទៅលើ​ទីតាំង​ទ័ព​ជើងទឹក​ រុស្ស៊ី ដែល​កំពុង​ឈរជើង នៅ​ក្នុង​តំបន់​ម៉ាន់ជូរី។ ក្រោយ​ពី​វាយប្រយុទ្ធគ្នា​អស់រយៈពេល​ជាង ១៨ខែ (ពី​ថ្ងៃ​ទី​៨ កុម្ភៈ ១៩០៤ ដល់​ថ្ងៃ​ទី៥ កញ្ញា ១៩០៥) កងទ័ពរុស្ស៊ី​ត្រូវ​​ទទួល​បរាជ័យ ហើយ​ស្នើ​​​សុំ​ចរចា​បញ្ចប់​សង្រ្គាម ក្រោម​កិច្ចសម្របសម្រួល​របស់​ប្រធានាធិបតី​អាមេរិក គឺ​លោក ​Theodore Roosevelt។ ការ​សម្របសម្រួល​បញ្ចប់​សង្រ្គាម​រុស្ស៊ី-ជប៉ុន ដែល​បាន​ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី Theodore Roosevelt ទទួល​រង្វាន់​ណូបែល​សន្តិភាព នៅ​ឆ្នាំ​១៩០៦។
    នៅ​ក្នុង​សន្ធិសញ្ញា​បញ្ចប់​សង្រ្គាមរុស្ស៊ី-ជប៉ុន​នេះ រុស្ស៊ី ដែល​ជា​អ្នក​ចាញ់​សង្រ្គាម​បាន​ព្រមព្រៀង​ដកខ្លួន​ថយ​ចេញ​ពី​តំបន់​ ម៉ាន់ជូរី ព្រមទាំង​​​​ទទួលស្គាល់​ឧបទ្វីបកូរ៉េ​ថា​ជា​ដែន​ឥទ្ធិពល​ផ្តាច់មុខ​របស់​ ជប៉ុន។ លើសពីនេះ​ទៅទៀត កោះ​សាខាលីន (Sakhalin) ដែល​ជា​ដែនដី​របស់​រុស្ស៊ី ក៏​ត្រូវ​បាន​ជប៉ុន​កាត់​យក​​មួយផ្នែក​ខាង​ត្បូងទៅកាន់​កាប់​ផងដែរ។
    សង្រ្គាម​រុស្ស៊ី-ជប៉ុន ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​សង្រ្គាម​សម័យទំនើប​​​លើក​ដំបូង​បង្អស់ ដែល​មហាអំណាច​អាស៊ី យក​ឈ្នះលើ​មហាអំណាច​អឺរ៉ុប។ ជោគជ័យ​ក្នុង​សង្រ្គាម​ជាមួយ​រុស្ស៊ី​បាន​លើកមុខ​លើកមាត់​ជប៉ុន ឲ្យ​ក្លាយ​ទៅជា​មហាអំណាច​​ដ៏ធំមួយ ក្នុង​ចំណោម​មហាអំណាច​លោកខាងលិច​ផ្សេងទៀត ក៏ប៉ុន្តែ ជោគជ័យ​នេះ​ក៏​ជា​ការ​លើកទឹកចិត្ត​ផងដែរ​​ ឲ្យ​ជប៉ុន​បង្កើន​នយោបាយ​វាតទី​​ពង្រីក​អាណានិគម​ នៅ​ក្នុង​តំបន់​អាស៊ី។
      ក្រោយ​ពី​បាន​ដាក់​អាណាព្យាបាល​លើ​កូរ៉េ នៅ​ឆ្នាំ​១៩០៥ ជប៉ុន​បាន​កាត់យក​​ប្រទេស​កូរ៉េ​ទាំងមូល​មក​បញ្ចូល​ជា​ដែនដី​របស់​ជប៉ុន នៅ​ឆ្នាំ​១៩១០ ហើយ ៤ឆ្នាំ​ក្រោយ​មក​ទៀត ជប៉ុន​បាន​ប្រឡូក​ចូល​ក្នុង​សង្រ្គាម​លោក​លើកទី១ ដោយ​ឈរ​នៅ​ខាង​ក្រុម​បក្សសម្ព័ន្ធ​បារាំង-អង់គ្លេស-​រុស្ស៊ី ប្រយុទ្ធ​តទល់​នឹង​សម្ព័ន្ធមិត្ត​អាល្លឺម៉ង់-អូទ្រីសហុងគ្រី-អ៊ីតាលី៕