ការដាក់អាណាព្យាបាលបារាំងនៅកម្ពុជានៅឆ្នាំ១៨៦៣
ចាប់តាំងពីពាក់កណ្តាលសតវត្សរ៍ទី១៥
អាណាចក្រខ្មែរ ដែលធ្លាប់តែជាមហាអំណាចដ៏ធំមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍
បានធ្លាក់ចុះទន់ខ្សោយឥតឈប់ ហើយដែនដីក៏ចេះតែរួញតូចទៅៗ ដោយសារតែការលេបត្របាក់ពីប្រទេសជិតខាង
គឺសៀម នៅខាងលិច និងអាណ្ណាម នៅខាងកើត។ មិនតែប៉ុណ្ណោះ
ទឹកដីដែលនៅសេសសល់របស់នគរខ្មែរ ក៏មិនមានឯករាជ្យពេញលេញនោះដែរ
ដោយត្រូវសៀម និងអាណ្ណាមផ្លាស់គ្នាគ្រប់គ្រងជានគរចំណុះម្តងម្នាក់ៗ ស្ទើរតែជាប់ជាប្រចាំ។
នៅអំឡុងសតវត្សរ៍ទី១៩
នគរអាណ្ណាម ដែលបានកាត់យកទឹកដីកូសាំងស៊ីន ឬកម្ពុជាក្រោម
ពីនគរខ្មែររួចទៅហើយ ដោយថែមទាំងបានត្រួតត្រាស្តេចខ្មែរជានគរចំណុះថែមទៀត
ប៉ុន្តែ នៅមិនអស់ចិត្ត ក៏មានគម្រោងចង់យកកាត់យកនគរខ្មែរទាំងមូលយកទៅធ្វើជាទឹកដី
ខ្លួនឯង។
នៅឆ្នាំ១៨៣៤
អាណ្ណាមបានលើកបន្តុបក្សត្រិយមួយអង្គព្រះនាម អង្គម៉ី ដែលត្រូវជាបុត្រីរបស់ព្រះបាទអង្គចន្ទ
ឲ្យឡើងមកគ្រងរាជ្យជាមហាក្សត្រខ្មែរ រួចហើយបានចាត់វិធានការគ្រប់យ៉ាង
ដើម្បីព្យាយាមបំបាត់ប្រពៃណី ទំនៀមទម្លាប់ សាសនា និងរបៀបរបបគ្រប់គ្រងរដ្ឋបាលពីបុរាណរបស់នគរខ្មែរ
។ ខេត្តរបស់ខ្មែរ ដែលមាន ៥៦ ត្រូវបានកាត់បន្ថយមកនៅត្រឹម ៣៣ ហើយត្រូវប្តូរឈ្មោះហៅតាមភាសាវៀតណាមវិញ
ហើយគ្រប់ចៅហ្វាយខេត្តទាំងអស់នេះ ត្រូវមានជំនាញការវៀតណាមម្នាក់មកត្រួតពីលើ។
ដោយទ្រាំមិនបាននឹងទង្វើនេះ
ប្រជារាស្រ្តខ្មែរក៏បាននាំគ្នាងើបឡើងបះបោរ ធ្វើការវាយឆ្មក់ កាប់ស្លាប់ទាហាន
និងប្រជាជនអាណ្ណាម ដោយឥតរើសមុខ។ ឆ្លៀតក្នុងឱកាសចលាចលនោះ
មន្រ្តីខ្មែរក៏បានឯកភាពគ្នា ទៅសុំអន្តរាគមន៍ពីសៀមឲ្យមកជួយវាយបណ្តេញអាណ្ណាម
និងលើកអ្នកអង្គម្ចាស់ អង្គឌួង ដែលមានការស្រឡាញ់ចូលចិត្តពីរាស្រ្ត ឲ្យឡើងសោយរាជ្យ
ជំនួសអង្គម៉ី។
ក្រោយពីបានធ្វើសង្រ្គាមនឹងគ្នាអស់ជាច្រើនឆ្នាំ
នៅឆ្នាំ១៨៤៥ នគរខ្មែរ សៀម និងអាណ្ណាមបានចរចាគ្នាបញ្ចប់សង្រ្គាម
ហើយទាំងសៀម និងទាំងអាណ្ណាមសុទ្ធតែបានទទួលយល់ព្រមឲ្យព្រះបាទអង្គឌួង ឡើងគ្រងរាជ្យជាព្រះមហាក្សត្រខ្មែរ។
ក៏ប៉ុន្តែ នៅពេលនោះ នគរខ្មែរនៅតែស្ថិតក្រោមការត្រួតត្រាពីសំណាក់ស្តេចសៀម
និងអាណ្ណាម ហើយសូម្បីតែការធ្វើរាជាភិសេករបស់ព្រះបាទអង្គឌួង នៅឆ្នាំ១៨៤៧
ក៏ត្រូវបានធ្វើឡើង នៅចំពោះមុខតំណាងស្តេចនៃនគរជិតខាងទាំងពីរនេះដែរ។
ដែនដីកូសាំងស៊ីន
ដែលត្រូវបាននគរអាណ្ណាមដណ្តើមកាន់កាប់កាលពីមុន នៅតែបន្តស្ថិតក្រោមការកាន់កាប់របស់អាណ្ណាមដដែល
ហើយខេត្តទាំង ២១ នៃដែនដីកូសាំងស៊ីននេះត្រូវបានប្តូរឈ្មោះទៅជាភាសាវៀតណាមរហូតមក
ទល់នឹងសព្វថ្ងៃ។ ចំណែកនៅប៉ែកខាងលិចវិញ ខេត្តមួយចំនួន រួមមាន បាត់ដំបង
សៀមរាប មង្គលបុរី ស៊ីសុផុន ដែលត្រូវសៀមដណ្តើមយកទៅកាន់កាប់ពីមុនមកនោះ ក៏បន្តស្ថិតក្រោមការកាន់កាប់របស់សៀមជាបន្តទៀត។
លើសពីនេះទៅទៀត សៀមបានបង្ខំឲ្យព្រះបាទអង្គឌួងចុះកិច្ចព្រមព្រៀងទទួលស្គាល់
ការកាត់ខេត្តពីរទៀតឲ្យទៅសៀម គឺខេត្តម្លូព្រៃ និងទន្លេររពៅ។
ក្រោយពីបានឡើងគ្រងរាជ្យ
ព្រះបាទអង្គឌួងទ្រង់យល់ច្បាស់ក្នុងចិត្តថា ទាំងនគរសៀម និងនគរអាណ្ណាមសុទ្ធតែនាំគ្នាបន្តចិញ្ចឹមចិត្តចង់លេបត្របាក់យក
នគរខ្មែរ ហើយដោយបារម្ភថា នៅក្រោយពេលព្រះអង្គសោយទិវង្គតទៅ នគរខ្មែរអាចនឹងត្រូវសៀម
និងអាណ្ណាមពុះចែកគ្នា ព្រះអង្គក៏មានព្រះរាជតម្រិះចង់ស្វះស្វែងរកកិច្ចការពារពីចក្រភព
បារាំង។ ចក្រភពបារាំង ដែលក្រោយពីចាញ់សង្រ្គាមទល់នឹងអង់គ្លេស នៅឥណ្ឌា
បានចាប់ផ្តើមងាកមកផ្តោតលើការពង្រីកដែនអាណានិគម នៅក្នុងតំបន់ឥណ្ឌូចិន។
នៅឆ្នាំ១៨៥៣ ព្រះបាទអង្គឌួង បានផ្ញើរាជសារមួយច្បាប់ ដោយមានភ្ជាប់ជាមួយនឹងអំណោយយ៉ាងច្រើនផង
ទៅកាន់អធិរាជណាប៉ូឡេអុង ទី៣ (ត្រូវជាក្មួយរបស់ណាប៉ូឡេអុង បូណាប៉ាត) ដើម្បីស្នើសុំចងភ្ជាប់សម្ព័ន្ធមិត្តជាមួយចក្រភពបារាំង។
នៅឆ្នាំ១៨៥៥
បេសកជនបារាំងប្រចាំស្រុកចិន និងស្រុកសៀម ឈ្មោះ ស្ហាល ដឺម៉ុងទីញី (Charles
de Montigny) បានទទួលបញ្ជាពីអធិរាជណាប៉ូឡេអុងទី៣ ឲ្យរៀបចំចុះកិច្ចព្រមព្រៀងភ្ជាប់សម្ព័ន្ធមិត្តជាមួយនឹងនគរខ្មែរ
តាមសំណើរបស់ព្រះបាទអង្គឌួង។ ក៏ប៉ុន្តែ មុននឹងទៅនគរខ្មែរ ដឺម៉ុងទីញី
បានធ្វើដំណើរកាត់តាមនគរសៀម ហើយបានធ្លោយមាត់ប្រាប់សៀម អំពីគម្រោងមកចុះសន្ធិសញ្ញា សម្ព័ន្ធភាពជាមួយនឹងនគរខ្មែរ។
ដឹងអំពីរឿងនេះ ស្តេចសៀមបានចាត់មន្រ្តីម្នាក់ឲ្យក្លែងខ្លួនជាអ្នកដំណើរធម្មតា
ហើយចុះកប៉ាល់ជាមួយ ដឺម៉ុងទីញី ដើម្បីឃ្លាំតាមមើលដំណើររបស់ ដឺម៉ុងទីញីផង
និងដើម្បីនាំសារមកថ្វាយព្រះរាជាខ្មែរផង ដើម្បីគំរាមកុំឲ្យព្រះអង្គចុះសន្ធិសញ្ញាជាមួយបារាំង។
ពេលធ្វើដំណើរមកដល់ស្រុកខ្មែរ
ដឺម៉ុងទីញី បានប្រព្រឹត្តកំហុសឆ្គងមួយទៀត គឺលោកមកស្នាក់នៅត្រឹមខេត្តកំពតប៉ុណ្ណោះ
ដោយមិនបានធ្វើដំណើរទៅដល់រាជធានីឧត្តុង្គ ដើម្បីជួបព្រះរាជាខ្មែរដោយផ្ទាល់នោះទេ
តែបែរជាចាត់បុព្វជិតកាតូលិកម្នាក់ឲ្យជាតំណាងទៅចូលគាល់ព្រះបាទ អង្គឌួងទៅវិញ។
ណាមួយភ័យខ្លាចរងការវាយប្រហារពីសំណាក់នគរសៀម
ណាមួយទៀត មើលឃើញ អំពីចរឹក ខ្ជីខ្ជារបស់មន្រ្តីបារាំង
ដែលមិនគួរឲ្យទុកចិត្តថា បារាំងពិតជានឹងអាចជួយការពារខ្មែរពីការវាយប្រហាររបស់សៀមបាន
ព្រះបាទអង្គឌួង ក៏បានបដិសេធមិនចុះសន្ធិសញ្ញាជាមួយបារាំង ហើយលែងស្វះស្វែងរកអន្តរាគមន៍ពីបារាំងតទៅទៀត។
រហូតដល់ឆ្នាំ១៨៥៨ នៅក្រោយពេលឃើញបារាំងបញ្ជូនទ័ពមកវាយលុកលើអាណ្ណាម
នៅកូសាំងស៊ីន ទើបព្រះបាទអង្គឌួងចាប់ផ្តើមពិចារណាចង់ទាក់ទងបារាំងម្តងទៀត។ ក៏ប៉ុន្តែ
ព្រះអង្គត្រូវធ្លាក់ព្រះកាយប្រឈួន និងសោយទិវង្គត នៅឆ្នាំ១៨៦០
ហើយបុត្រាច្បងរបស់ព្រះអង្គ ឈ្មោះ អង្គវតី ក៏បានឡើងមកស្នងរាជ្យជាព្រះមហាក្សត្រខ្មែរ
ដោយយកព្រះនាមថា ព្រះបាទនរោត្តម។
នៅឆ្នាំ១៨៦២
បារាំងបានឈ្នះសង្រ្គាមនៅវៀតណាមខាងត្បូង ដោយដណ្តើមយកទឹកដីកូសាំងស៊ីនមកគ្រប់គ្រងជាអាណាខេត្តរបស់បារាំង។
មួយឆ្នាំក្រោយមកទៀត ទេសាភិបាលបារាំងនៅកូសាំងស៊ីន បានបញ្ជូនតំណាងម្នាក់
ឈ្មោះ ឌូដារ ដឺឡាក្រេ (Doudart de Lagrée) ឲ្យទៅចូលគាល់ព្រះបាទនរោត្តម
នៅរាជធានីឧត្តុង្គ។ ក្រោយពីបានឮបន្ទូលរបស់ព្រះបាទនរោត្តមដែលថា ព្រះអង្គមិនចង់នៅរណបសៀម
លោកឌូដារ ដឺឡាក្រេ ក៏បានស្នើឲ្យព្រះអង្គដាក់កម្ពុជាឲ្យស្ថិតក្រោមអាណាព្យាបាល
បារាំង ដោយសន្យាថា បារាំងនឹងការពារកម្ពុជាឲ្យរួចផុតពីការត្រួតត្រារបស់នគរសៀម
និងអាណ្ណាម។ ព្រះបាទនរោត្តមយល់ព្រម ហើយបានក៏បានចុះសន្ធិសញ្ញាទទួលយកអាណាព្យាបាលបារាំង
នៅថ្ងៃទី១១ ខែសីហា ឆ្នាំ១៨៦៣។
ក្រោយពីបារាំងបានដាក់អាណាព្យាបាលលើកម្ពុជា
នគរសៀមក៏បានបញ្ជូនកេតនភណ្ឌ ដែលរួមមានទាំងព្រះខ័ណ្ឌរាជ្យផងយកមកឲ្យស្តេចខ្មែរវិញ
ហើយព្រះបាទនរោត្តមក៏បានទទួលរាជាភិសេកជាផ្លូវការ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ១៨៦៤
ដោយបានរើរាជធានីចេញពីឧត្តុង្គ មកតាំងនៅភ្នំពេញ។
នៅអាណ្ណាមឯណោះវិញ
បារាំង ដែលបានយកកូសាំងស៊ីនធ្វើជាអាណាខេត្តរបស់ខ្លួនរួចទៅហើយនោះ បានប្រើកម្លាំងទ័ពព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួន
ទៅកាន់ទឹកដីប៉ែកកណ្តាល និងប៉ែកខាងជើងនគរអាណ្ណាមជាបន្តទៀត។ នៅទីបំផុត
នៅឆ្នាំ១៨៨៤ បារាំងបានយកនគរអាណ្ណាមទាំងមូលយកមកដាក់ក្រោមអាណាព្យាបាលបារាំង
គឺទាំងភូមិភាគកណ្តាល ដែលគេហៅថា អាណ្ណាម និងភូមិភាគខាងជើងជាប់ព្រំដែនចិន
ដែលគេហៅថា តុងកឹង។
នៅឆ្នាំដដែលនោះ
គឺនៅយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៨៨៤ នៅកម្ពុជា បារាំងបានបង្ខំឲ្យព្រះបាទនរោត្តម
ឡាយព្រះហស្តលេខាលើអនុសញ្ញាថ្មីមួយទៀត ដើម្បីប្រគល់រាល់កិច្ចការផ្ទៃក្នុងនគរខ្មែរទាំងអស់ទៅឲ្យបារាំង
ជាអ្នកគ្រប់គ្រង បន្ថែមពីលើវិស័យការពារជាតិ និងកិច្ចការបរទេស ដែលបានព្រមព្រៀងគ្នា
ក្នុងសន្ធិសញ្ញាឆ្នាំ១៨៦៣។ ការបះបោរប្រឆាំងនឹងបារាំងក៏បានចាប់ផ្ទុះឡើង
ចាប់ពីចុងឆ្នាំ១៨៨៤ រហូតដល់ដើមឆ្នាំ១៨៨៧។
ក្រោយពីមានការបះបោរនេះ
បារាំងក៏បានប្រគល់អំណាចខ្លះៗទៅឲ្យព្រះរាជាខ្មែរវិញ ព្រមទាំងបានចាត់ចែងឲ្យមានគណៈរដ្ឋមន្រ្តី
ព្រមទាំងរដ្ឋបាលសាធារណៈខ្មែរឡើង ក៏ប៉ុន្តែ រ៉េស៊ីដង់ជាន់ខ្ពស់បារាំង
(Résident supérieur) ព្រមទាំងរ៉េស៊ីដង់បារាំង
នៅតាមខេត្តចំនួន ៤ គឺ កំពត កំពង់ធំ ក្រចេះ និងពោធិសាត់ នៅតែមានអំណាចច្រើន ក្នុងកិច្ចការរដ្ឋបាលរបស់ខ្មែរ៕