សង្រ្គាមលោកលើកទី២៖ ដំណើរឆ្ពោះទៅរក ជ័យជម្នះរបស់ ក្រុមសម្ព័ន្ធមិត្ត លើហ៊ីត្លែរ
ការវាយលុកទៅលើតំបន់ឆ្នេរសមុទ្រ
Normandie ប៉ែកខាងជើងប្រទេសបារាំង
នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩៤៤ ត្រូវបានគេចាត់បញ្ចូលជាប្រតិបត្តិការវាយលុកចេញពីទីសមុទ្រសំដៅ
ឡើងគោកដ៏ធំបំផុតមួយ នៅក្នុងប្រវត្តិសាស្រ្ត។ វាគឺជាចំណុចចាប់ផ្តើម ដែលបើកផ្លូវឆ្ពោះទៅរកជ័យជម្នះរបស់ប្រទេសសម្ព័ន្ធមិត្តលើ
អាល្លឺម៉ង់។
នៅឆ្នាំ១៩៤៤
សង្រ្គាមលោកលើកទី២បានឈានចូលដល់ឆ្នាំទី៥។ កាលពី ៤ឆ្នាំមុន កងទ័ពអាល្លឺម៉ង់បានចូលឈ្លានពានកាន់កាប់តំបន់ប៉ែកខាងជើងប្រទេស
បារាំង ហើយបានរៀបចំសាងសង់ខែលការពារយ៉ាងរឹងមាំ នៅតាមបណ្តោយឆ្នេរសមុទ្រជាប់នឹងច្រកសមុទ្រអង់គ្លេស
និងមហាសមុទ្រអាត្លង់ទិក ដើម្បីទុកទប់ទល់នឹងការវាយលុករបស់គូសត្រូវ។ នៅខែមករា
ឆ្នាំ១៩៤៤ ឧត្តមសេនីយ៍អាមេរិក Dwight Eisenhower ត្រូវបានគេតែងតាំងឲ្យធ្វើជាអគ្គបញ្ជាការដឹកនាំប្រតិបត្តិការវាយលុក
លើ Normandie ដែលគេឲ្យឈ្មោះសម្ងាត់ថា « Operation Overlord »។
នៅព្រឹកព្រលឹមថ្ងៃទី៦
មិថុនា នៅពេលដែលនាវាដឹកទ័ពសម្ព័ន្ធមិត្តធ្វើដំណើរជិតទៅដល់ឆ្នេរសមុទ្រ បារាំង
នាវាចម្បាំង ព្រមទាំងយន្តហោះចម្បាំងជាង១ម៉ឺនគ្រឿង បានបើកការវាយប្រហារទៅលើទីតាំងអាល្លឺម៉ង់នៅតាមបណ្តោយឆ្នេរ
ដើម្បីបើកផ្លូវឲ្យកងថ្មើរជើងចុះចត។ ចំណែកកងឆ័ត្រយោងរាប់ពាន់នាក់ផ្សេងទៀតបានលោតឆ័ត្រចុះពីខាងក្រោយ
ខ្សែត្រៀមអាល្លឺម៉ង់ ដើម្បីកម្ទេចកាំភ្លើងធំ ព្រមទាំងវាយកាត់ផ្តាច់ផ្លូវកុំឲ្យកងរថក្រោះអាល្លឺម៉ង់ធ្វើដំណើរ
ទៅកាន់ឆ្នេរ។
នៅម៉ោង
៦និង៣០នាទីព្រឹក ប្រតិបត្តិការទ័ពថ្មើរជើងសម្ព័ន្ធមិត្តបានចាប់ផ្តើម ដោយកងទ័ពអង់គ្លេស
និងកាណាដាបើកការវាយលុកទៅលើឆ្នេរ Sword, Juno និង
Gold ចំណែកកងទ័ពអាមេរិកវាយលុកទៅលើឆ្នេរ Utah និង Omaha។ គិតត្រឹមល្ងាចថ្ងៃដដែលនោះ កងកម្លាំងសម្ព័ន្ធមិត្តបានវាយដណ្តើមកាន់កាប់បានទាំងស្រុងនូវឆ្នេរ
Normandie ក៏ប៉ុន្តែ ជោគជ័យនេះបានមក ដោយត្រូវចំណាយអាយុជីវិតទាហានរហូតដល់ទៅប្រមាណជាង
៤ពាន់នាក់ ក្នុងនោះ គ្រាន់តែនៅឆ្នេរ Omaha មួយ
មានទាហានអាមេរិកស្លាប់ រហូតដល់ទៅ ២ពាន់នាក់។
ជោគជ័យនៅ Normandie
នៅថ្ងៃទី៦ មិថុនា គឺជាការបើកច្រកផ្លូវឲ្យប្រទេសសម្ព័ន្ធមិត្តបញ្ជូនទាហាន
ព្រមទាំងអាវុធយុទ្ធភ័ណ្ឌកាន់តែច្រើនចូលមកក្នុងប្រទេសបារាំង។ គិតត្រឹមចុងខែមិថុនា
ទាហានសម្ព័ន្ធមិត្តរហូតដល់ទៅជាង១លាននាក់ ព្រមទាំងរថក្រោះ
និងរថយន្តផ្សេងៗទៀតសរុបជាង ២០ម៉ឺនគ្រឿង ត្រូវបានគេបញ្ជូនចូលមកប្រទេសបារាំងតាម
Normandie ហើយបានវាយរុញច្រានកងទ័ពអាល្លឺម៉ងឲ្យដកថយចេញពីតំបន់ខាងជើងប្រទេស
បារាំង នៅខែសីហា។
នៅក្នុងពេលជាមួយគ្នានោះ
កងកម្លាំងនៃចលនាតស៊ូបារាំង រួមជាមួយនឹងកងកម្លាំងអាមេរិកបានបើកការវាយប្រហារពីសមុទ្រ
មេឌីទែរ៉ាណេ ទៅលើឆ្នេរសមុទ្រប៉ែកខាងត្បូងប្រទេសបារាំង ដោយអនុវត្តតាមយុទ្ធសាស្រ្ត
ដែលគេប្រើ នៅ Normandie។
នៅចុងខែសីហា
កងពលធំរថក្រោះនៃចលនាតស៊ូបារាំង ដឹកនាំដោយឧត្តមសេនីយ៍ Philippe
Leclerc ដោយមានជំនួយពីកងពលថ្មើរជើងរបស់អាមេរិក បានវាយលុកចូលរំដោះក្រុងប៉ារីស
ពីការកាន់កាប់របស់កងទ័ពអាល្លឺម៉ង់។ ការរំដោះក្រុងប៉ារីស
ដែលជានិមិត្តរូបនៃការរំដោះប្រទេសបារាំង ចេញពីនឹមត្រួតត្រារបស់អាល្លឺម៉ង់
ដែលបានចាប់ផ្តើមឡើងតាំងពីពាក់កណ្តាលឆ្នាំ១៩៤០។
នៅក្នុងរយៈពេលប៉ុន្មានខែបន្ទាប់ពីបានរំដោះប្រទេសបារាំង
កងទ័ពសម្ព័ន្ធមិត្តក៏បានវាយលុកចូលឈ្លានពានប្រទេសអាល្លឺម៉ង់ពីទិស ខាងលិច
ក្នុងពេលដែលកងទ័ពក្រហមរបស់សហភាពសូវៀតវាយលុកពីទិសខាងកើត។ នៅថ្ងៃទី២៥មេសា
ឆ្នាំ១៩៤៥ កងទ័ពអាមេរិក និងកងទ័ពសហភាពសូវៀតបានជួបចាប់ដៃគ្នានៅត្រង់ទន្លេរ
Elbe ចម្ងាយប្រមាណជាង
១០០គីឡូម៉ែត្រខាងត្បូងទីក្រុងប៊ែរឡាំង។ ចាប់ពីពេលនោះហើយ
ដែលប្រទេសអាល្លឺម៉ង់ត្រូវពុះចែកជាពីរ គឺអាល្លឺម៉ង់ខាងកើតស្ថិតក្រោមការកាន់កាប់របស់កងទ័ពសហភាពសូវៀត
និងអាល្លឺម៉ង់ខាងលិចស្ថិតក្រោមការកាន់កាប់របស់កងទ័ពអាមេរិក។
នៅទីក្រុងប៊ែរឡាំង
កងទ័ព និងរដ្ឋាភិបាលណាហ្ស៊ី ដែលទទួលរងនូវការទម្លាក់គ្រាប់បែកពីយន្តហោះអាមេរិកនិង
សម្ព័ន្ធមិត្ត ចាប់តាំងពីខែកុម្ភៈមកនោះ ត្រូវទទួលរងនូវការបាញ់ផ្លោងឥតដាច់
ពីសំណាក់កងទ័ពសូវៀត ដែលបានឡោមព័ទ្ធប៊ែរឡាំង ចាប់តាំងពីថ្ងៃទី២០មេសា។
នៅថ្ងៃទី៣០ ខែមេសា
ឆ្នាំ១៩៤៥ នៅពេលដែលកងទ័ពសូវៀតវាយលុកចូលទៅដល់ទីក្រុងប៊ែរឡាំង ហ៊ីត្លែរក៏បានសម្លាប់ខ្លួនឯង
ហើយជាងមួយសប្តាហ៍ក្រោយមក រដ្ឋាភិបាលអាល្លឺម៉ង់បានសុខចិត្តចុះចាញ់សង្រ្គាមដោយឥតលក្ខខណ្ឌ។
សង្រ្គាមលោកលើកទី២ នៅក្នុងតំបន់អឺរ៉ុប ក៏ត្រូវបញ្ចប់៕