សង្រ្គាមលោកលើកទី២៖ ការដួលរលំនៃរបបមូសូលីនី នៅអ៊ីតាលី
ក្រោយពីបានវាយបណ្តេញកងទ័ពអាល្លឺម៉ង់
និងអ៊ីតាលី ចេញពីតំបន់អាហ្វ្រិកខាងជើង នៅចន្លោះចុងឆ្នាំ១៩៤២
និងដើមឆ្នាំ១៩៤៣ សហរដ្ឋអាមេរិក អង់គ្លេស និងប្រទេសសម្ព័ន្ធមិត្ត ក៏បានចាប់ផ្តើមរៀបចំយុទ្ធសាស្រ្ត
ដើម្បីវាយលុកចូលរំដោះតំបន់អឺរ៉ុប និងឈានទៅសម្រេចគោលដៅចុងក្រោយ គឺយកជ័យជម្នះលើកងទ័ពរបស់អាល្លឺម៉ង់ណាហ្ស៊ី។
នៅពេលនោះ
ក្រុមសម្ព័ន្ធមិត្តត្រូវប្រឈមមុខនឹងជម្រើសពីរ៖ ទីមួយ គឺវាយលុកតាមច្រកសមុទ្រអង់គ្លេស
(English Chhanel) ទៅលើកងទ័ពអាល្លឺម៉ង់ នៅប៉ែកខាងជើងប្រទេសបារាំង និងទីពីរ វាយលុកតាមសមុទ្រមេឌីទែរ៉ាណេ
ទៅលើប្រទេសអ៊ីតាលី ដែលជាសម្ព័ន្ធមិត្តរបស់ហ៊ីត្លែរ
ហើយដែលនាយករដ្ឋមន្រ្តីអង់គ្លេស គឺលោក Winston Churchill ចាត់ទុកថាជាចំណុចខ្សោយនៃខ្សែក្រវ៉ាត់ការពារតំបន់ អឺរ៉ុប។
ក្រោយពីមានការជជែកគ្នាយ៉ាងច្រើន
ជាពិសេស រវាងអាមេរិក និងអង់គ្លេស នៅទីបំផុត
ក្រុមសម្ព័ន្ធមិត្តក៏បានឯកភាពគ្នាទៅលើជម្រើសទីពីរ គឺវាយលុកចូលតាមប្រទេសអ៊ីតាលី
ដោយបញ្ជូនកងទ័ពដែលភាគច្រើនកំពុងស្ថិតនៅក្នុងតំបន់មេឌីទែរ៉ាណេ ស្រាប់
ឲ្យចូលឈ្លានពានទៅលើតំបន់ស៊ីស៊ីល (Sicile)
ដែលជាកោះស្ថិតនៅចុងខាងត្បូងបំផុតនៃប្រទេសអ៊ីតាលី។ មុននឹងបើកការវាយលុកទៅលើតំបន់ស៊ីស៊ីល
អង់គ្លេសបានរៀបចំគម្រោងការណ៍សម្ងាត់ ដើម្បីបង្វែងដានបញ្ឆោតហ៊ីត្លែរ។
នៅខែមេសា ឆ្នាំ១៩៤៣
អង់គ្លេសបានយកសាកសពជនអនាថាម្នាក់ មកស្លៀកពាក់ក្លែងខ្លួនជាទាហានអង់គ្លេស
ដោយដាក់ខ្នោះដៃភ្ជាប់ទៅនឹងវ៉ាលីសមួយ ដែលផ្ទុកពេញទៅដោយឯកសារសម្ងាត់ក្លែងក្លាយ
រួចហើយយកទៅផ្លុងចោលនៅក្នុងសមុទ្រក្បែរឆ្នេរសមុទ្រអេស្ប៉ាញ ដែលនៅពេលនោះ
មានឈ្មោះជាប្រទេសអព្យាក្រឹត តែលួចសហការដោយសម្ងាត់ជាមួយអាល្លឺម៉ង់។
នៅពេលដែលសាកសពទាហានអង់គ្លេសក្លែងក្លាយត្រូវបានគេប្រទះឃើញ
ហើយស្រង់ចេញពីទឹក វ៉ាលីសផ្ទុកឯកសារសម្ងាត់ក្លែងក្លាយ ក៏ត្រូវបានអេស្ប៉ាញលួចបញ្ជូនបន្តទៅឲ្យភ្នាក់ងារចារកិច្ច
អាល្លឺម៉ង់។ នៅក្នុងឯកសារសម្ងាត់ក្លែងក្លាយនេះមានសរសេររៀបរាប់លម្អិតអំពី
គម្រោងការណ៍របស់កងទ័ពសម្ព័ន្ធមិត្ត ក្នុងការវាយលុកទៅលើអ៊ីតាលី ក៏ប៉ុន្តែ
ទិសដៅនៃការវាយលុក គឺ កោះ Corse
និង Sardaigne ដែលស្ថិតនៅខាងលិចអ៊ីតាលី
ឆ្ងាយពីតំបន់ស៊ីស៊ីល ដែលជាគោលដៅពិតប្រាកដ។ ដោយនឹកស្មានថា
ឯកសារសម្ងាត់នេះ គឺជាឯកសារពិត ហ៊ីត្លែរ និងមូសូលីនី ក៏បានបង្វែរកម្លាំងទ័ពភាគច្រើនឲ្យទៅចាំការពារកោះ
Corse និង Sardaigne ដែលជាហេតុធ្វើឲ្យតំបន់ស៊ីស៊ីលត្រូវថយកម្លាំងការពារ។
នៅពេលដែលប្រតិបត្តិការវាយលុកលើតំបន់ស៊ីស៊ីលបានចាប់ផ្តើមឡើង អាល្លឺម៉ង់ទុកកងទ័ពតែ២កងពលប៉ុណ្ណោះ
នៅស៊ីស៊ីល ដើម្បីជួយកងទ័ពអ៊ីតាលី។
ប្រតិបត្តិការវាយលុកទៅលើតំបន់ស៊ីស៊ីលរបស់អ៊ីតាលី
ដែលត្រូវបានគេឲ្យឈ្មោះសម្ងាត់ថា “ប្រតិបត្តិការ Husky”
បានចាប់ផ្តើមឡើង នៅព្រឹកព្រលឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៤៣
ដោយមានការចូលរួមពីកងទ័ពចំនួន ១៥ម៉ឺននាក់ នាវាចម្បាំង ៣ពាន់គ្រឿង យន្តហោះចម្បាំង
៤ពាន់គ្រឿង ព្រមទាំងរថក្រោះជាច្រើនគ្រឿងផ្សេងទៀត។ គិតត្រឹមរសៀលថ្ងៃដដែលនោះ
កងកម្លាំងសម្ព័ន្ធមិត្តទាំង ១៥ម៉ឺននាក់ ចែកចេញជា ៧កងពល គឺ
៣កងពលមកពីអាមេរិក ៣កងពលមកពីអង់គ្លេស និង១កងពលមកពីកាណាដា បានចូលទៅដល់តំបន់ឆ្នេរសមុទ្រប៉ែកខាងត្បូងតំបន់ស៊ីស៊ីល
ដោយនាំទៅជាមួយនូវរថក្រោះប្រមាណ ៦០០គ្រឿង។ កងទ័ពសម្ព័ន្ធមិត្តក៏បានធ្វើការវាយលុករុលទៅមុខ
ដោយជួបនឹងឧបសគ្គតិចតួចបំផុត ដោយសារតែនៅពេលនោះ កងទ័ពពូកែៗរបស់អាល្លឺម៉ង់ត្រូវបានគេបង្វែរទៅការពារទីតាំងផ្សេង
ដោយសារចាញ់ឧបាយកលរបស់អង់គ្លេស។
តាមការពិត ប៉ុន្មានថ្ងៃក្រោយពីឃើញក្រុមសម្ព័ន្ធមិត្តបើកការវាយប្រហារទៅលើ
តំបន់ស៊ីស៊ីល ហ៊ីត្លែរនៅតែរក្សាកម្លាំងទ័ពនៅចាំការពារកោះ Corse និងកោះ Sardaigne
ដោយមិនព្រមបង្វែរកម្លាំងឲ្យមកស៊ីស៊ីលវិញនោះទេ ដោយសារតែពេលនោះ
ហ៊ីត្លែរនៅតែជឿថា ឯកសារសម្ងាត់ដែលគេយកបានពីសាកសពទាហានអង់គ្លេស
គឺជាឯកសារពិត ហើយនឹកស្មានថា ការណ៍ដែលក្រុមសម្ព័ន្ធមិត្តបើកការវាយប្រហារនៅតំបន់ស៊ីស៊ីល
គ្រាន់តែជាការបង្វែងដានទៅវិញ។ ទម្រាំតែហ៊ីត្លែរ និងមូសូលីនីភ្ញាក់ដឹងខ្លួន
កងកម្លាំងសម្ព័ន្ធមិត្តបានវាយដណ្តើមកាន់កាប់តំបន់ស៊ីស៊ីលបាន ស្ទើរតែទាំងស្រុង
ហើយជំហានបន្ទាប់ គឺប្រទេសអ៊ីតាលីទាំងមូល ដែលត្រូវប្រឈមមុខនឹងគ្រោះថ្នាក់។
បរាជ័យនៅស៊ីស៊ីលបានធ្វើឲ្យរបបហ្វាស៊ីសមូសូលីនីត្រូវធ្លាក់ដុនដាប
ដោយត្រូវបាត់បង់នូវការគាំទ្រពីសំណាក់ប្រជាជន ព្រះមហាក្សត្រ និងមេដឹកនាំយោធាកំពូលៗរបស់អ៊ីតាលី
ហើយនៅថ្ងៃទី២៤ ខែកក្កដា មូសូលីនីក៏ត្រូវគេដកតំណែង និងចាប់ឃុំខ្លួន ហើយតំណែងនាយករដ្ឋមន្រ្តីត្រូវបានព្រះមហាក្សត្រអ៊ីតាលី
ប្រគល់ទៅឲ្យសេនាប្រមុខព្យេត្រូ បាដូហ្គ្លីយ៉ូ (Pietro Badoglio) ដែលជាឥស្សរជនធ្លាប់តែមានជំហរប្រឆាំងនឹងការចងសម្ព័ន្ធមិត្តជាមួយ
នឹងហ៊ីត្លែរ។
គ្រាន់តែបានឡើងអំណាចភ្លាម
សេនាប្រមុខបាដូហ្គ្លីយ៉ូ ក៏បានចាប់ផ្តើមបើកការចរចាជាមួយអាមេរិក
និងអង់គ្លេស ដើម្បីឈានទៅបញ្ចប់សង្រ្គាម។ ក៏ប៉ុន្តែ ការចរចានេះត្រូវបានធ្វើឡើងដោយលាក់ការណ៍យ៉ាងសម្ងាត់បំផុត
ដោយសារតែនៅពេលនោះ កងទ័ពរបស់ហ៊ីត្លែរមានវត្តមានយ៉ាងច្រើនសន្ធឹកសន្ធាប់ពាសពេញក្នុង
ទឹកដីអ៊ីតាលី។
នៅថ្ងៃទី៣ កញ្ញា ១៩៤៣ អ៊ីតាលីបានចុះកិច្ចព្រមព្រៀងជាមួយក្រុមសម្ព័ន្ធមិត្ត
ដោយសុខចិត្តចុះចាញ់សង្រ្គាម ហើយផ្តាច់ខ្លួនចេញពីបក្សសម្ព័ន្ធត្រីភាគីជាមួយហ៊ីត្លែរ។
ក៏ប៉ុន្តែ គ្រាន់តែកិច្ចព្រមព្រៀងនេះត្រូវបានប្រកាសជាសាធារណៈភ្លាម អាល្លឺម៉ង់
ដែលមានកងទ័ពនៅក្នុងប្រទេសអ៊ីតាលីស្រាប់ ក៏បានចាប់ផ្តើមវាយដណ្តើមកាន់កាប់ទីតាំងទ័ពសំខាន់ៗរបស់អ៊ីតាលី
ហើយបន្ទាប់មកទៀត ហ៊ីត្លែរបានបញ្ជូនកងកុម្ម៉ង់ដូមួយក្រុមឲ្យទៅរំដោះមូសូលីនីចេញពី
ពន្ធនាគារអ៊ីតាលី ដើម្បីយកទៅបន្តុបឲ្យធ្វើជាមេដឹកនាំរដ្ឋាភិបាលអាយ៉ងមួយ
ដែលហ៊ីត្លែរបានរៀបចំឡើង នៅដែនដីប៉ែកខាងជើងអ៊ីតាលី។
ចាប់ពីពេលនោះមក អ៊ីតាលីជាប្រទេសដែលមានត្រឹមតែឈ្មោះប៉ុណ្ណោះ ក៏ប៉ុន្តែ ទឹកដីអ៊ីតាលីស្ទើរតែទាំងមូលត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ ហ៊ីត្លែរ។ កងទ័ពសម្ព័ន្ធមិត្ត ដែលចង់ចូលកាន់កាប់ទឹកដីអ៊ីតាលី ក៏ត្រូវកងទ័ពអាល្លឺម៉ង់វាយស្ទាក់ជាប់នៅត្រឹមខ្សែត្រៀមខាងត្បូង ទីក្រុងរ៉ូម លែងអាចរុលទៅមុខទៀតបាន។ យុទ្ធសាស្រ្តរបស់ Winston Churchill ដែលចង់យកអ៊ីតាលីធ្វើជាច្រកផ្លូវ សំដៅទៅវាយលុករំដោះតំបន់អឺរ៉ុបពីដៃហ៊ីត្លែរត្រូវបរាជ័យ។ នៅខែមិថុនា ឆ្នាំ១៩៤៤ ក្រុមសម្ព័ន្ធមិត្តក៏អនុវត្តជម្រើសយុទ្ធសាស្រ្តជំហានទីពីរ គឺការវាយលុកឆ្លងកាត់តាមច្រកសមុទ្រអង់គ្លេស ទៅលើកងទ័ពអាល្លឺម៉ង់ នៅប៉ែកខាងជើងប្រទេសបារាំង៕