Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

សង្រ្គាមលោកលើកទី២៖ ការប្រែប្រួលនៃតុល្យភាពកម្លាំង

គិតត្រឹមឆ្នាំ​១៩៤២ បក្សសម្ព័ន្ធ​អាល្លឺម៉ង់-អ៊ីតាលី-ជប៉ុន​បាន​ទទួល​ជោគជ័យ​ជា​បន្ត​បន្ទាប់​ ស្ទើរតែ​គ្រប់​សមរភូមិ ដោយ​បាន​​​ដណ្តើម​កាន់កាប់​ទឹកដីភាគច្រើន​​នៅ​ទូទាំង​ពិភពលោក។

នៅ​អឺរ៉ុប ហ៊ីត្លែរ​ត្រួតត្រា​ទឹកដី​ស្ទើរតែ​ពេញ​ទ្វីបអឺរ៉ុប​ទាំងមូល ដោយ​រាប់ចាប់តាំង​ពី​ប្រទេស​បារាំង​នៅ​ទិស​ខាងលិច រហូតទៅដល់​តំបន់​សមុទ្រ​បាល់ទិក និង​ទឹកដី​មួយផ្នែក​របស់​សហភាព​សូវៀត នៅ​ទិស​ខាងកើត។ ចំណែក​បណ្តា​ប្រទេស​នៅ​​អឺរ៉ុប​ប៉ែកខាងត្បូង​ជាប់សមុទ្រ​មេឌីទែរ៉ាណេ និង​តំបន់​បាល់កង់វិញ ត្រូវ​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​អ៊ីតាលី។​ នៅ​ក្នុង​តំបន់​អាហ្វ្រិក ប្រទេស​ជាច្រើន​ដែល​ជា​ទឹកដី​អាណានិគម​របស់​អង់គ្លេស​ក៏​ត្រូវ​បាន​អ៊ីតាលី និង​អាល្លឺម៉ង់​វាយដណ្តើម​កាន់កាប់​ផងដែរ។ នៅ​អាស៊ីវិញ​ ជប៉ុន​កាន់កាប់​កូរ៉េ ចិន និង​តំបន់​អាស៊ី​អាគ្នេយ៍ រហូតទៅដល់​ព្រំដែន​ឥណ្ឌា ដែល​ជា​ដែន​អាណានិគម​ដ៏ធំមួយ​របស់​ចក្រភព​អង់គ្លេស។

សកម្មភាព​ឈ្លានពានរ​បស់​ជប៉ុន​នៅ​អាស៊ី​អាគ្នេយ៍​ និង​តំបន់​ប៉ាស៊ីហ្វិក​បាន​ចាប់ផ្តើម​ឡើង ក្រោយ​ពី​កងទ័ព​​ជប៉ុន​បាន​​ធ្វើការ​លប​វាយប្រហារ​ដោយ​ជោគជ័យ​ ទៅលើ​មូលដ្ឋាន​ទ័ព​ជើងទឹក​អាមេរិក នៅ​ Pearl Harbor នៅថ្ងៃ​ទី៧ ខែ​ធ្នូ ឆ្នាំ​១៩៤១។ ការ​វាយប្រហារ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​អាមេរិក​ដែល​ប្រទាញប្រទង់គ្នា​ រាប់ឆ្នាំ​មកហើយ​នោះ ចាប់​ផ្តើម​​​មូលគំនិតគ្នា​តែមួយ ក្នុងការ​ចូលខ្លួន​ក្នុង​សង្រ្គាម​។

អាមេរិក​ប្រកាស​សង្រ្គាម​លើ​ជប៉ុន នៅថ្ងៃ​ទី៨​ធ្នូ ឆ្នាំ​១៩៤១ ក៏ប៉ុន្តែ នៅ​ពេលនោះ អាមេរិក​នៅមិនទាន់​អាច​ស្តារ​កម្លាំង​ទ័ព​​​ពី​វិនាសកម្ម​នៅ Pearl Harbor ​បាន​ពេញលេញ​នៅឡើយទេ។ ហេតុដូច្នេះ​ហើយ​បាន​ជា​​នៅ​ក្នុងរយៈពេល ៦ខែ​ដំបូង គឺ​ចាប់​តាំង​ពី​ខែ​ធ្នូ ឆ្នាំ​១៩៤១ រហូតដល់​ពាក់​កណ្តាល​ឆ្នាំ​១៩៤២ កងទ័ព​អាមេរិក​ត្រូវ​ទទួល​បរាជ័យ​ជា​បន្តបន្ទាប់ ដោយ​ត្រូវ​ជប៉ុន​វាយ​ដណ្តើម​យក​ប្រទេស​ហ្វីលីពីន ព្រមទាំង​កោះ​មួយ​ចំនួន នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

ក៏ប៉ុន្តែ អ្វីៗ​ចាប់ផ្តើម​ប្រែប្រួល ចាប់ពីខែ​ឧសភា ឆ្នាំ​១៩៤២ ក្រោយ​ពី​អាមេរិក​រកវិធី​បំបែកកូដ ​អាច​លួច​ស្តាប់​ការឆ្លើយឆ្លងគ្នា រវាង​កងទ័ព​ជើងទឹកជប៉ុន ហើយ​អាច​ដឹង​ជាមុន អំពី​​គម្រោងការណ៍ និង​ចលនា​ទ័ព​របស់​ជប៉ុន នៅ​ក្នុង​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ នៅ​ខែ​ឧសភា​នោះ អាមេរិក​ដឹង​ថា ជប៉ុន​កំពុង​រៀបចំ​គម្រោងការណ៍​វាយប្រហារ​ទ្រង់ទ្រាយធំ ទៅលើ​កោះ Midway របស់​អាមេរិក ដើម្បី​ព្យាយាមកម្ទេច​នាវាផ្ទុក​យន្តហោះ​របស់​អាមេរិក ដែល​នៅសេសសល់​ពី​ការ​វាយប្រហារ​លើ​ Pearl Harbor។ តាមគម្រោងការណ៍ ជប៉ុន​នឹង​បើក​ការ​វាយប្រហារ​ទៅលើ Midway នៅ​ព្រឹកព្រលឹម​ថ្ងៃ​ទី៤​មិថុនា ដោយ​មិន​ឲ្យ​អាមេរិក​ដឹងខ្លួន​ជាមុន ពោលគឺ​​ប្រើ​តាក់ទិក​ដែល​ធ្លាប់​ប្រើ​ដោយ​ជោគជ័យ​នៅ Pearl Harbor។ ក៏ប៉ុន្តែ លើកនេះ​ខុស​ពី​កាល​ពី​នៅ Pearl Harbor ពីព្រោះ​ថា អាមេរិក​បានដឹង​ទាំងអស់​នូវ​គម្រោងការណ៍​របស់​ជប៉ុន ហើយ​បាន​រៀបចំ​អន្ទាក់​ទុក​ជាស្រេច​ ដើម្បី​ចាំ​ទទួល​ជប៉ុន។ នៅទីបំផុត គឺ​កងទ័ព​ជប៉ុន​ទៅវិញ​ទេ ដែល​ដើរ​ចូល​ក្នុង​អន្ទាក់​របស់​អាមេរិក​ដោយ​មិនដឹង​ខ្លួន។

លោក Franklin D Roosevelt ប្រធានាធិបតី​អាមេរិក ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​សង្រ្គាម​លើ​ជប៉ុន

ជោគជ័យ​របស់​កងទ័ព​​អាមេរិក​លើ​កងទ័ព​ជប៉ុន​ នៅ Midway នៅ​ខែ​មិថុនា ឆ្នាំ​១៩៤២ ត្រូវ​បាន​អ្នក​ប្រវត្តិសាស្រ្ត​ទូទៅ​ចាត់ទុក​ថា​ជា​ចំណុច​របត់​ដ៏​សំខាន់​ មួយ នៃ​តុល្យភាព​កម្លាំង នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ក៏ដូចជា នៅ​ក្នុង​សង្រ្គាម​លោកលើកទី២​ទាំងមូល។  បរាជ័យ​នៅ Midway ធ្វើ​ឲ្យ​កងទ័ព​ជើងទឹកជប៉ុន​ត្រូវ​ទទួលរងនូវការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ ដែល​ជប៉ុន​នឹកស្មាន​មិនដល់។ នាវាផ្ទុកយន្តហោះ​ដ៏ខ្លាំងៗ​ទាំង ៤​ របស់​ជប៉ុន​​ ដែល​នៅលើ​នោះ​មាន​យន្តហោះ​ចម្បាំង​ ៣២២គ្រឿង និង​ទាហាន​ជាង ៥ពាន់នាក់ ត្រូវ​កងទ័ព​អាមេរិក​បាញ់​ពន្លិច។
 
ក្រោយពី​ទទួលបរាជ័យ​​នៅ Midway កងទ័ព​ជើងទឹក​​របស់​ជប៉ុន ដែល​ធ្លាក់​ចុះខ្សោយ​​បាន​បញ្ឈប់​សកម្មភាព​ឈ្លានពាន​ ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយ​អាមេរិក​ក៏​មាន​ឱកាស​ពង្រឹង​កងទ័ព​របស់​ខ្លួន​ឡើងវិញ។ ចាប់ពី​ចុងឆ្នាំ​១៩៤២ រហូតដល់​ដើមឆ្នាំ​១៩៤៣ កងទ័ព​អាមេរិក​បាន​យក​ជ័យជម្នះ​ជា​បន្ត​បន្ទាប់​លើ​កងទ័ព​ជប៉ុន នៅ​ក្នុង​ការ​វាយប្រយុទ្ធគ្នា​ ដណ្តើម​កោះ នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ គិត​ត្រឹម​ពាក់​កណ្តាល​ឆ្នាំ​១៩៤៣ តុល្យភាព​កម្លាំង​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ទាំងមូល​ត្រូវ​ផ្អៀង​ទៅខាង​អាមេរិក ដែល​បាន​វាយដណ្តើម​កាន់កាប់​កោះ​ជាច្រើន​នៅ​ក្បែរ​ប្រទេស​ជប៉ុន ដើម្បី​យក​ទុកធ្វើ​ជា​មូលដ្ឋាន ឈាន​ទៅ​សម្រេច​គោលដៅ​ចុងក្រោយ គឺ​វាយលុក​ចូល​ឈ្លានពាន​​ទៅលើ​ប្រទេស​ជប៉ុន។

នៅ​តំបន់​អាហ្វ្រិក​វិញ កងទ័ព​អង់គ្លេស ដែល​មាន​ជំនួយ​ពី​កងទ័ព​អាមេរិក និង​កងកម្លាំង​​ចលនា​តស៊ូ​បារាំង ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ Charles De Gaulle​ ក៏​បាន​ចាប់ផ្តើម​យក​ប្រៀបលើ​កងទ័ព​អ៊ីតាលី និង​អាល្លឺម៉ង់​​ផងដែរ។ បណ្តា​ប្រទេស​អាហ្វ្រិក​​ដែល​ស្ថិត​ក្រោម​អាណានិគម​បារាំង ហើយ​ដែល​ពីមុន​ស្ថិត​ក្រោម​អំណាច​រដ្ឋាភិបាល​រណប​ហ៊ីត្លែរ​របស់​សេនាប្រមុខ Philippe Pétain ត្រូវ​បាន​​រដ្ឋាភិបាល​និរទេស​របស់​ឧត្តមសេនីយ៍ Charles De Gaulle ដណ្តើម​កាន់កាប់​ម្តងមួយៗ។ គិត​ត្រឹម​ឆ្នាំ​១៩៤៣ កងទ័ព​អាមេរិក និង​អង់គ្លេស​វាយ​ដណ្តើម​កាន់កាប់​តំបន់​អាហ្វ្រិក​ខាងជើង ហើយ​គ្រប់គ្រង​សមុទ្រ​មេឌីទែរ៉ាណេ​ ដើម្បី​បើកផ្លូវ​ឈាន​ទៅ​វាយលុក​រំដោះ​តំបន់​អឺរ៉ុប​ពីដៃ​ហ៊ីត្លែរ និង​មូសូលីនី។

នៅ​ខែ​មករា ឆ្នាំ​១៩៤៣ លោក​ Franklin Roosevelt ប្រធានាធិបតី​អាមេរិក លោក Winston Churchill នាយករដ្ឋមន្រ្តី​អង់គ្លេស ឧត្តមសេនីយ៍ Charles De Gaulle មេដឹកនាំ​ចលនា​តស៊ូ​បារាំង និង​ឧត្តមសេនីយ៍ Henri Giraud មេទ័ព​បារាំង​ប្រចាំ​តំបន់​អាហ្វ្រិក​ខាងជើង បានបើក​ធ្វើ​សន្និសីទ​មួយ នៅ​ក្នុង​ទីក្រុង​ Casablanca (ប្រទេស​ម៉ារ៉ុក) ដើម្បី​ជជែក​​គ្នា​អំពី​ជំហាន​បន្ទាប់ ក្នុង​​សង្រ្គាម​តទល់​នឹង​បក្ស​សម្ព័ន្ធ​អាល្លឺម៉ង់-អ៊ីតាលី-ជប៉ុន។

នៅ​ក្នុង​សន្និសីទ​នេះ ប្រមុខដឹកនាំ​អាមេរិក អង់គ្លេស និង​បារាំង បាន​ព្រមព្រៀង​គ្នា​ថា​ នឹង​មិនមាន​ប្រទេស​ណាមួយ​សុខចិត្ត​ចូល​ទៅ​​​ចរចា​ទទួល​យកសំណើ​​​អ្វី​ ទាំងអស់​ពី​ហ៊ីត្លែរ និង​សម្ព័ន្ធមិត្ត ពោលគឺ ត្រូវ​បន្ត​រួមគ្នា​​ធ្វើ​សង្រ្គាម​រហូត​ដល់​​គូសត្រូវ​​សុខចិត្ត​ប្រកាស​​​ ចុះចាញ់​​​​ដោយ​គ្មាន​លក្ខខណ្ឌ។ ក៏ប៉ុន្តែ នៅ​ក្នុងការ​ជជែក​គ្នា​នោះ អាមេរិក និង​អង់គ្លេស​មាន​ការ​ខ្វែងគំនិត​គ្នា​ទៅលើ​​យុទ្ធសាស្រ្ត​ទ័ព​នៅ​អឺរ៉ុប។

លោក Franklin Roosevelt ចង់​​​​​ចូលរំដោះ​អឺរ៉ុប តាមរយៈ​ការ​វាយលុក​​ទៅលើ​កងទ័ព​អាល្លឺម៉ង់ នៅ​ខាងជើង​ប្រទេស​បារាំង។ ចំណែក​លោក Winston Churchill វិញ ​បាន​ព្យាយាម​បញ្ចុះបញ្ចូល​លោក Franklin Roosevelt ថា កងទ័ព​អាល្លឹម៉ង់​នៅ​ខាងជើង​ប្រទេស​បារាំង​មាន​ទីតាំងរឹងមាំ​ខ្លាំង ដែល​​ពិបាក​នឹង​វាយបែក​ ហើយ​ថា គេ​គួរតែ​ធ្វើការ​វាយលុក​ចូល​ពី​ទិស​​ខាង​ត្បូងវិញ គឺ​​តាមរយៈ​ការ​​ចូល​ឈ្លានពាន​អ៊ីតាលី ដែល​ជា​ចំណុច​ខ្សោយ​នៃ​ខ្សែ​ក្រវ៉ាត់​ការពារ​​តំបន់អឺរ៉ុប។

ចុងក្រោយ លោក​ប្រធានាធិបតី​អាមេរិក​ក៏​សុខចិត្ត​​​ផ្អាក​គម្រោងការណ៍​​​វាយលុក​ចូល​ ខាងជើង​ប្រទេស​បារាំង ហើយ​ងាក​ទៅ​បើក​ប្រតិបត្តិការ​ចូល​ឈ្លានពាន​​ប៉ែក​ខាង​ត្បូង​ប្រទេស​អ៊ីតាលី ​វិញ ​តាម​សំណើ​របស់​លោក​នាយករដ្ឋមន្រ្តី​អង់គ្លេស។ ជាថ្នូរមកវិញ លោក​Winston Churchill បាន​ព្រមព្រៀង​បញ្ជូន​កងទ័ព​អង់គ្លេស​​ឲ្យ​ទៅ​ជួយ​អាមេរិក ក្នុងការ​ច្បាំង​ទល់​នឹង​ជប៉ុន នៅ​​​អាស៊ី​ប៉ាស៊ីហ្វិក៕