សង្រ្គាមវៀតណាម៖ យុទ្ធសាស្រ្តទ័ពអាមេរិក ទល់នឹងតាក់ទិក ទ័ពព្រៃកុម្មុយនិស្ត
នៅពេលដែលអាមេរិកចូលធ្វើអន្តរាគមន៍យោធានៅវៀតណាម
តើមានអ្នកណាដែលអាចរំពឹងទុកជាមុនថា មហាអំណាចយោធាដែលគ្មានគូប្រៀបមួយនេះនឹងត្រូវទទួលបរាជ័យទល់នឹង
ក្រុមឧទ្ទាមនិងប្រទេសតូចមួយដូចជាវៀតណាមខាងជើងបែបនេះ? តាមការពិត បរាជ័យរបស់អាមេរិកនៅវៀតណាម
មិនមែនមកពីកងទ័ពអាមេរិកខ្សោយជាងកងទ័ពវៀតណាមកុម្មុយនិស្តនោះទេ ប៉ុន្តែ
បរាជ័យដោយសារតែអាមេរិកមិនមានគោលដៅនយោបាយច្បាស់លាស់ បូករួមជាមួយនឹងយុទ្ធសាស្រ្តទ័ពមិនសមស្រប
ដែលជាហេតុធ្វើឲ្យសង្រ្គាមត្រូវអូសបន្លាយពេលយូរនាំឲ្យបាត់បង់ ការគាំទ្រពីសំណាក់សាធារណមតិ។
នៅពេលដែលអាមេរិកបញ្ជូនកងទ័ពទៅច្បាំងនៅវៀតណាម
នៅឆ្នាំ១៩៦៥ គោលដៅចម្បង គឺគ្រាន់តែចង់រារាំងកុំឲ្យវៀតណាមកុម្មុយនិស្តលេបយកប្រទេស
វៀតណាមខាងត្បូងតែប៉ុណ្ណោះ មិនមែនដើម្បីចូលឈ្លានពានកាន់កាប់ប្រទេសវៀតណាមខាងជើងនោះទេ
ដោយសារតែអាមេរិកមិនចង់ប្រឈមមុខដោយផ្ទាល់ជាមួយនឹងកងទ័ពចិន ដូចកាលពីសម័យសង្រ្គាមកូរ៉េ។
យន្តហោះទម្លាក់គ្រាប់បែកធុន B-52 ដែលអាមេរិកប្រើក្នុងសង្រ្គាមវៀតណាម (PhotoTime Life Pictures/Us Air Force/Getty Images) |
គេនៅចាំបានថា
នៅក្នុងសង្រ្គាមកូរ៉េ គឺដោយសារតែកងទ័ពអាមេរិកវាយលុកឆ្លងខ្សែស្របទី៣៨ ចូលកាន់កាប់ទឹកដីកូរ៉េខាងជើង
រហូតជិតទៅដល់ព្រំដែនចិន ទើបម៉ៅសេទុងបញ្ជូនទាហានចិនរាប់លាននាក់ឲ្យចូលមកជួយកងទ័ពកូរ៉េ
ខាងជើង។ ស្ថានភាពភូមិសាស្រ្តនៅវៀតណាម ក៏ស្រដៀងគ្នានឹងកូរ៉េដែរ គឺវៀតណាមខាងជើងកាន់កាប់ដោយពួកកុម្មុយនិស្ត
ហើយមានព្រំដែនជាប់នឹងប្រទេសចិន ហើយឆ្លងកាត់បទពិសោធន៍នៅកូរ៉េ អាមេរិកកំណត់ក្នុងចិត្តយ៉ាងច្បាស់ថា
ចិនប្រាកដជានឹងមិនឈរឱបដៃមើលទុកបណ្តោយឲ្យកងទ័ពអាមេរិកចូលទៅដល់ ទ្វាររបងរបស់ខ្លួននោះទេ។
ហេតុដូច្នេះហើយបានជាអាមេរិកមានការញញើតញញើមមិនបញ្ជូនទ័ពជើងគោក ឲ្យចូលឈ្លានពានកាន់កាប់វៀតណាមខាងជើង
ដោយផ្តោតតែទៅលើការទម្លាក់គ្រាប់បែកពីលើអាកាស។ រីឯកងថ្មើរជើងវិញធ្វើសកម្មភាពសំខាន់តែនៅក្នុងទឹកដីវៀតណាមខាង
ត្បូង។
និយាយជារួម
នៅក្នុងអំឡុងសង្រ្គាមវៀតណាម កងទ័ពអាមេរិកដៅមុខព្រួញចេញជាពីរ។ ទីមួយ គឺវាយប្រហារតាមផ្លូវអាកាសទៅលើទឹកដីវៀតណាមខាងជើង
ដើម្បីធ្វើយ៉ាងណាបង្ខំឲ្យរដ្ឋាភិបាលកុម្មុយនិស្តបញ្ឈប់ការគាំទ្រ ដល់ក្រុមឧទ្ទាមវៀតកុង។
ចំណែកឯមុខព្រួញទីពីរ គឺវាយប្រហារទាំងតាមផ្លូវអាកាសនិងផ្លូវគោកទៅលើក្រុមឧទ្ទាមវៀតកុង
និងកងទ័ពកុម្មុយនិស្តដែលវៀតណាមខាងជើងបញ្ជូនឲ្យចូលមកធ្វើ សកម្មភាពនៅក្នុងទឹកដីវៀតណាមខាងត្បូង។
រីឯយុទ្ធសាស្រ្តទ័ពនៅក្នុងទឹកដីវៀតណាមខាងត្បូងនោះទៀតសោត អាមេរិកក៏មិនផ្តោតអាទិភាពទៅលើការវាយកាន់កាប់ទីតាំងរបស់ក្រុមឧទ្ទាម
នោះដែរ គឺគិតតែធ្វើយ៉ាងណាវាយប្រហារឲ្យសត្រូវទទួលរងការខូចខាតជាអតិបរមា
ដោយអាមេរិករំពឹងថា ប្រឈមមុខនឹងការស្លាប់និងការខូចខាតដ៏ខ្លាំងក្លាបែបនេះ ពួកកុម្មុយនិស្តវៀតណាមនឹងត្រូវបង្ខំចិត្តសុំចុះចាញ់
បោះបង់ការប្រយុទ្ធ ហើយដកថយចេញដោយខ្លួនឯង។ ក៏ប៉ុន្តែ ផ្ទុយពីការរំពឹងទុក
កងទ័ពកុម្មុយនិស្តវៀតណាមមិនព្រមចុះញ៉ម ហើយយុទ្ធសាស្រ្តទ័ពរបស់អាមេរិកត្រូវទទួលបរាជ័យនៅចំពោះមុខតាក់ទិក
ទ័ពព្រៃរបស់ពួកកុម្មុយនិស្ត។
យុទ្ធសាស្រ្តប្រើកម្លាំងទ័ពបង្កការខូចខាតបង្ខំឲ្យសត្រូវចុះចាញ់
ដែលអាមេរិកប្រើនៅវៀតណាមត្រូវទទួលបរាជ័យ ដោយមកពីមូលហេតុធំៗចំនួនពីរ។
ទីមួយ កងទ័ពអាមេរិកនៅពេលនោះ ត្រូវប្រឈមមុខនឹងគូសត្រូវដែលបដិសេធមិនចេញមុខច្បាំង។
ផ្ទុយទៅវិញ ពួកកុម្មុយនិស្តវៀតណាមបានប្រើតាក់ទិកលបវាយឆ្មក់ ហើយរត់គេចនិងលាក់ខ្លួនតាមរបៀបទ័ពព្រៃ
ដែលជាហេតុធ្វើឲ្យកងទ័ពអាកាសអាមេរិកពិបាកនឹងរកគោលដៅវាយប្រហារ។ តាក់ទិកទ័ពព្រៃនេះកាន់តែមានប្រសិទ្ធភាព
ដោយសារតែកងទ័ពកុម្មុយនិស្តវៀតណាមស្ថិតនៅក្នុងទឹកដីរបស់ពួកគេ ស្គាល់ភូមិសាស្រ្តច្បាស់លាស់
ហើយជាកងទ័ពដែលមានបទពិសោធន៍ក្នុងការធ្វើសង្រ្គាមទល់នឹងកងទ័ព បរទេស
តាំងពីសម័យសង្រ្គាមឥណ្ឌូចិនលើកទី១ទល់នឹងកងទ័ពបារាំង។ ម្យ៉ាងវិញទៀត
ពួកកុម្មុយនិស្តបានយកទឹកដីប្រទេសជិតខាង គឺកម្ពុជា និងឡាវ
មកធ្វើជាទីជម្រកលាក់ខ្លួន ឬជាច្រកផ្លូវដឹកជញ្ជូនភស្តុភា ដែលបង្កបញ្ហាឈឺក្បាលកាន់តែខ្លាំងដល់កងទ័ពអាមេរិក។
ទល់នឹងតាក់ទិកទ័ពព្រៃនេះ ប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិក
នៅក្នុងអំឡុងសង្រ្គាមវៀតណាម បានបង្កការខូចខាតដល់ជនស៊ីវិលច្រើនជាងដល់កងទ័ពវៀតណាម
កុម្មុយនិស្ត ដែលជាហេតុធ្វើឲ្យអាមេរិកត្រូវទទួលរងនូវការរិះគន់ពីសំណាក់មតិ
សាធារណៈ។
មូលហេតុដ៏សំខាន់មួយទៀត ដែលធ្វើឲ្យយុទ្ធសាស្រ្តទ័ពអាមេរិកត្រូវទទួលបរាជ័យនៅវៀតណាម
គឺភាពប្តូរផ្តាច់ស្លាប់រស់របស់ពួកកុម្មុយនិស្ត។ គេនៅចាំបានថា នៅចុងឆ្នាំ១៩៦៦
នៅពេលដែលកងទ័ពអាមេរិកចាប់ផ្តើមប្រឡូកចូលដោយផ្ទាល់ក្នុងសង្រ្គាម វៀតណាម
លោកផាម វ៉ាន់ដុង នាយករដ្ឋមន្រ្តីវៀតណាមខាងជើងបានប្រាប់សារព័ត៌មានអាមេរិកថា
នៅទីបំផុតអាមេរិកប្រាកដជាត្រូវទទួលបរាជ័យ ពីព្រោះប្រជាជនវៀតណាមដែលសុខចិត្តពលីជីវិតដើម្បីការពារទឹកដី
វៀតណាមមានចំនួនច្រើនជាងអាមេរិក ដែលជាអ្នកចូលទៅឈ្លានពានវៀតណាម។ នេះគឺជាអ្វីដែលបានកើតឡើង
នៅក្នុងសង្រ្គាមវៀតណាម។
តាមការពិតទៅ វៀតណាមឈ្នះអាមេរិកមិនមែនព្រោះតែទាហានវៀតណាមខ្លាំងជាងទាហាន
អាមេរិកនោះទេ ក៏ប៉ុន្តែ ព្រោះតែវៀតណាមស៊ូស្លាប់ជាងអាមេរិក។ ជាក់ស្តែង គេសង្កេតឃើញថា
នៅពេញក្នុងសង្រ្គាមវៀតណាមទាំងមូល មានទាហានអាមេរិកស្លាប់តែប្រមាណជា
៦ម៉ឺននាក់ប៉ុណ្ណោះ ចំណែកឯទាហានវៀតណាមកុម្មុយនិស្តវិញ
(ទាំងកងទ័ពវៀតណាមខាងជើង និងពួកឧទ្ទាមវៀតកុង) ស្លាប់រហូតដល់ទៅប្រមាណជា
១លាននាក់ ពោលគឺ ច្រើនជាងទាហានអាមេរិករហូតដល់ទៅជិត២០ ដង។
ក៏ប៉ុន្តែ
បើទោះបីជាស្លាប់ច្រើនប៉ុណ្ណា ក៏វៀតណាមកុម្មុយនិស្តនៅតែទទួលនូវការគាំទ្រពីសំណាក់ប្រជាជន
ពីព្រោះតែពួកគេយល់ថា វាជាតម្លៃដែលត្រូវបង់ ដើម្បីការពារប្រទេសពីការឈ្លានពានរបស់បរទេស។
ផ្ទុយទៅវិញ ការបាត់បង់ជីវិតទាហានអាមេរិកម្នាក់ៗ តែងតែបង្កឲ្យមានការរិះគន់ពីសំណាក់ប្រជាជនអាមេរិក
ដោយសារតែពួកគេយល់ឃើញថា វៀតណាម ដែលស្ថិតនៅរាប់ម៉ឺនគីឡូម៉ែត្រពីទឹកដីអាមេរិក
គ្មានតម្លៃអ្វីដែលគួរឲ្យចំណាយអាយុជីវិតទាហាន ដើម្បីការពារនោះទេ។
ជាការពិតថា បើតាមហេតុផលដែលមេដឹកនាំអាមេរិកបានលើកឡើងនៅពេលនេះ
អាមេរិកធ្វើសង្រ្គាមនៅវៀតណាម គឺដើម្បីការពារលទ្ធិប្រជាធិបតេយ្យសេរី ដែលជាគោលការណ៍គ្រឹះដ៏មានតម្លៃរបស់អាមេរិក
ទល់នឹងពួកកុម្មុយនិស្ត។ ក៏ប៉ុន្តែ របបដឹកនាំវៀតណាមខាងត្បូង ដែលអាមេរិកធ្វើសង្រ្គាមការពារនៅពេលនោះ
ក៏មិនមែនជារបបប្រជាធិតេយ្យនោះដែរ តែតាមពិតគឺជារបបផ្តាច់ការ ពុករលួយ ហើយអសមត្ថភាពក្នុងការចាត់ចែងកិច្ចការរបស់ប្រទេសជាតិថែមទៀត។
សរុបសេចក្តីមកវិញ គេគួរនិយាយថា បរាជ័យរបស់អាមេរិកនៅក្នុងសង្រ្គាមវៀតណាម
មិនមែនជាបរាជ័យទល់នឹងវៀតណាមកុម្មុយនិស្តនោះទេ ក៏ប៉ុន្តែ អាមេរិកចាញ់ខ្លួនឯង
គឺចាញ់ដោយសារនយោបាយខ្លួនឯង និងជាពិសេស ចាញ់សាធារណមតិជាតិខ្លួនឯង៕