ការរំសាយអាណានិគមនៅក្រោយសង្រ្គាមលោកលើកទី២
គិតត្រឹមឆ្នាំ១៩៤៥
មហាអំណាចអាណានិគមនៅអឺរ៉ុប ជាពិសេស បារាំង និងអង់គ្លេស
កាន់កាប់ដែនដីប្រមាណជាពាក់កណ្តាលពិភពលោកទាំងមូល។ ប្រទេសភាគច្រើន
នៅក្នុងតំបន់អាហ្វ្រិក និងអាស៊ីត្រូវស្ថិតក្រោមការកាន់កាប់របស់មហាអំណាចអាណានិគមអឺរ៉ុប។
ក៏ប៉ុន្តែ នៅក្រោយសង្រ្គាមលោកលើកទី២ ប្រទេសដែលស្ថិតក្រោមអាណានិគមបានទទួលឯករាជ្យម្តងមួយៗ
ហើយដែនដីអាណានិគមនៅទូទាំងពិភពលោកក៏ត្រូវរួញតូចបន្តិចម្តងៗ។
ការរំសាយដែនដីអាណានិគម
នៅក្រោយសង្រ្គាមលោកលើកទី២បានកើតមានឡើង ដោយមកពីមូលហេតុច្រើនយ៉ាង។
មូលហេតុសំខាន់ទីមួយ គឺធ្លាក់ចុះទន់ខ្សោយនៃប្រទេសមហាអំណាចអាណានិគម
គឺបារាំង និងអង់គ្លេស ដែលត្រូវទទួលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារសង្រ្គាម។
ក្នុងពេលជាមួយគ្នា មហាអំណាចធំៗពីរដែលងើបមុខថ្មី គឺសហរដ្ឋអាមេរិក និងសហភាពសូវៀត
ដែលជាអ្នកឈ្នះសង្រ្គាមលោកដែរនោះ សុទ្ធសឹងជាប្រទេសដែលមាននិន្នាការប្រឆាំងនឹងអាណានិគម។
គេមិនត្រូវភ្លេចទេថា សហរដ្ឋអាមេរិកខ្លួនឯងផ្ទាល់ក៏មានដើមកំណើតដំបូងចេញពីការតស៊ូ
ទាមទារឯករាជ្យពីចក្រភពអង់គ្លេសដែរ កាលពីឆ្នាំ១៧៧៤។
លើសពីនេះទៅទៀត
នៅក្នុងអំឡុងសង្រ្គាមលោកលើកទី២ បារាំង និងអង់គ្លេស សុទ្ធតែត្រូវការជំនួយពីកងកម្លាំងតាមបណ្តាប្រទេសស្ថិតក្រោម
អាណានិគម ដើម្បីជួយចម្បាំងទល់នឹងកងទ័ពអាល្លឺម៉ង់ និងជប៉ុន ហើយជាថ្នូរនឹងជំនួយនេះបារាំង
និងអង់គ្លេសបាននាំគ្នាសន្យាថានឹងផ្តល់សិទ្ធិសេរីភាព ស្វ័យភាព ឬឯករាជ្យដល់បណ្តាប្រទេសដែលស្ថិតក្រោមអាណានិគមរបស់ពួកគេ។
នៅក្នុងអំឡុងសង្រ្គាមលោកលើកទី២នេះ ចលនាជាតិនិយមក៏បានរីកដុះដាលយ៉ាងខ្លាំងដែរ
នៅតាមបណ្តាប្រទេសស្ថិតក្រោមអាណានិគម។
នៅឆ្នាំ១៩៤៥
ភ្លាមៗក្រោយពីសង្រ្គាមលោកលើកទី២ត្រូវបញ្ចប់ អង្គការសហប្រជាជាតិត្រូវបានបង្កើតឡើង
ហើយនៅក្នុងធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់អ.ស.ប
មានចែងនូវគោលការណ៍ដ៏សំខាន់មួយ គឺការផ្តល់សិទ្ធិដល់គ្រប់ប្រជាជនទាំងអស់នៅលើពិភពលោក
ក្នុងការកំណត់ជោគវាសនាដោយខ្លួនឯង។ ចំណុចនេះហើយដែលជាគោលការណ៍ជាមូលដ្ឋានក្នុងដំណើរការរំសាយអាណានិគម។
ក៏ប៉ុន្តែ ដំណើរការនៃការរំសាយអាណានិគមនេះមិនមែនកើតឡើងដូចគ្នានៅគ្រប់
ទីកន្លែងនោះទេ។ ប្រទេសខ្លះបានទទួលឯករាជ្យដោយសន្តិវិធី តាមរយៈការចរចា ចំណែកឯប្រទេសខ្លះទៀតបានទទួលឯករាជ្យតាមរយៈការធ្វើសង្រ្គាម
បង្ហូរឈាម។ ស្ថានភាពនៅក្រោយពេលទទួលឯករាជ្យក៏មិនដូចគ្នានៅគ្រប់ទីកន្លែង
នោះដែរ ដោយប្រទេសខ្លះបង្កើតបាននូវរដ្ឋាភិបាល ដែលមានស្ថិរភាពភ្លាមៗក្រោយពីទទួលបានឯករាជ្យ
ចំណែកប្រទេសខ្លះទៀត ត្រូវប្រឈមមុខនឹងសង្រ្គាមស៊ីវិលរាប់ទសវត្សរ៍។ ប្រទេសខ្លះបង្កើតបានជារបបដឹកនាំតាមបែបប្រជាធិបតេយ្យ
ចំណែកប្រទេសខ្លះទៀត ស្ថិតក្រោមការដឹកនាំ
ដោយរបបសឹក ឬរបបផ្តាច់ការស៊ីវិល
អស់រយៈពេលរាប់សិបឆ្នាំ។
លោកមហាត្មះគន្ធី (ស្តាំ) មេដឹកនាំចលនាទាមទារឯករាជ្យឥណ្ឌា និងលោក Muhammad Ali Jinnah មេដឹកនាំចលនាទាមទារឯករាជ្យប៉ាគីស្ថាន |
នៅក្រោយសង្រ្គាមលោកលើកទី២ត្រូវបញ្ចប់
លោក Clement Attlee ដែលបានឡើងមកកាន់តំណែងជានាយករដ្ឋមន្រ្តីអង់គ្លេសជំនួសលោក Winston
Churchill កាលពីខែកក្កដា ឆ្នាំ១៩៤៥
ប្រកាន់យកនូវនយោបាយមួយថា អង់គ្លេសគួរតែផ្តោតអាទិភាពលើការស្តារប្រទេសចេញពីផេះផង់នៃ
សង្រ្គាម ជាជាងចំណាយកម្លាំងលើការប្រឹងប្រែងរក្សាដែនដីអាណានិគម។ អង់គ្លេសដែលដឹងខ្លួនថាការប្រគល់ឯករាជ្យទៅឲ្យឥណ្ឌា
គឺជារឿងដែលចៀសមិនរួច ក៏បានបើកកិច្ចចរចាជាមួយរដ្ឋាភិបាលឥណ្ឌា រហូតឈានទៅចេញច្បាប់មួយ
នៅខែកក្កដា ឆ្នាំ១៩៤៧ ដែលចែងពីការផ្តល់ឯករាជ្យដល់ឥណ្ឌា។
ក្រោយពីស្ថិតក្រោមការកាន់កាប់របស់អង់គ្លេសអស់រយៈពេលជាង
២០០ឆ្នាំ (១៦១២-១៩៤៧) ឥណ្ឌាក៏ទទួលបានឯករាជ្យយ៉ាងពេញលេញ។ ក៏ប៉ុន្តែ ការបាក់បែកគ្នា
រវាងអ្នកកាន់សាសនាហិណ្ឌូ និងអ្នកកាន់សាសនាអ៊ីស្លាម ក៏បានធ្វើឲ្យឥណ្ឌាត្រូវពុះចែកជាប្រទេសពីរដាច់ពីគ្នា
គឺប្រទេសឥណ្ឌាបច្ចុប្បន្ន ដែលប្រជាជនភាគច្រើនជាអ្នកកាន់សាសនាហិណ្ឌូ
និងប៉ាគីស្ថាន ដែលប្រជាជនភាគច្រើន ជាអ្នកកាន់សាសនាអ៊ីស្លាម។ ក្រោយមកទៀត ប្រទេសប៉ាគីស្ថានក៏ត្រូវបាក់បែកគ្នាជាពីរដែរ
ដោយប៉ាគីស្ថានខាងកើតបានផ្តាច់ខ្លួននៅឆ្នាំ១៩៧១ បង្កើតជាប្រទេសឯករាជ្យថ្មីមួយ
គឺបង់ក្លាដែស។
ជារួម គេសង្កេតឃើញថា ឯករាជ្យរបស់ឥណ្ឌាពីក្រោមនឹមអាណានិគមអង់គ្លេសបានមកដោយគ្មាន
សង្រ្គាមបង្ហូរឈាម ក៏ប៉ុន្តែ គឺនៅក្រោយពេលបានទទួលឯករាជ្យ ដែលសង្រ្គាមត្រូវផ្ទុះឡើង
គឺសង្រ្គាម នៅពេលបង់ក្លាដែសទាមទារផ្តាច់ខ្លួនពីប៉ាគីស្ថាន និងសង្រ្គាមរហូតដល់ទៅ
៤លើក រវាងឥណ្ឌា និងប៉ាគីស្ថាន ដែលកើតចេញពីជម្លោះដណ្តើមទឹកដីគ្នា
នៅតំបន់កាស្មៀរ។ ជម្លោះ ដែលនៅបន្តកើតមានរហូតមកទល់នឹងពេលបច្ចុប្បន្ន។
បើនិយាយអំពីស្ថានភាពនយោបាយវិញ
គេសង្កេតឃើញថា នៅក្រោយពីទទួលបានឯករាជ្យពីអង់គ្លេស ឥណ្ឌាបានបង្កើតជារដ្ឋធម្មនុញ្ញ
និងប្រព័ន្ធដឹកនាំតាមបែបប្រជាធិបតេយ្យ ព្រមទាំងមានស្ថិរភាពនយោបាយជាប់ជាប្រចាំ។
ផ្ទុយទៅវិញ ប៉ាគីស្ថានតែងតែឆ្លងកាត់នូវការដឹកនាំតាមបែបរបបសឹកផ្តាច់ការ ការធ្វើរដ្ឋប្រហារដណ្តើមអំណាចគ្នា
និងអស្ថិរភាពនយោបាយរហូតមកទល់នឹងពេលបច្ចុប្បន្ន។
ការដកខ្លួនថយរបស់អង់គ្លេសពីឥណ្ឌា
គឺជាចំណុចចាប់ផ្តើមមួយ ដែលបើកផ្លូវនាំទៅរកការរំលាយបន្តិចម្តងៗនៃដែនដីចក្រភពអង់គ្លេស
នៅលើពិភពលោក។ ប៉ុន្មានឆ្នាំក្រោយពីអង់គ្លេសបានប្រគល់ឯករាជ្យឲ្យឥណ្ឌា និងប៉ាគីស្ថាន
ប្រទេសផ្សេងទៀត ដែលនៅក្បែរនោះ ក៏បាននាំគ្នាប្រកាសឯករាជ្យពីអង់គ្លេសជាបន្តបន្ទាប់ដែរ
គឺភូមា ក្រោមការដឹកនាំរបស់លោកអ៊ុងសាន (ឪពុករបស់លោកស្រីអ៊ុងសាន ស៊ូជី) បានចរចាទាមទារឯករាជ្យពីអង់គ្លេស
នៅឆ្នាំ១៩៤៨ ស្រីលង្កា ទទួលឯករាជ្យនៅឆ្នាំ១៩៤៨ និងម៉ាឡេស៊ី ទទួលឯករាជ្យ
នៅឆ្នាំ១៩៥៧។
ក៏ប៉ុន្តែ ខុសពីប្រទេសផ្សេងៗទៀត ដែលដំណើរការទាមទារឯករាជ្យត្រូវប្រព្រឹត្តទៅដោយសន្តិវិធី
ម៉ាឡេស៊ីបានឆ្លងកាត់សង្រ្គាមបង្ហូរឈាមជាច្រើនឆ្នាំទម្រាំតែបាន ឯករាជ្យពីអង់គ្លេស
នេះក៏ដោយសារតែនៅក្នុងចលនាទាមទារឯករាជ្យម៉ាឡេស៊ីមានឡូកឡំជាមួយ ចលនាឧទ្ទាមកុម្មុយនិស្តស្និទ្ធនឹងចិន
ហើយអង់គ្លេសមិនចង់ឲ្យម៉ាឡេស៊ីឯករាជ្យត្រូវធ្លាក់ក្រោមការគ្រប់គ្រង របស់ពួកកុម្មុយនិស្ត។
ទាល់តែបានវាយបំបាក់កម្លាំងឧទ្ទាមកុម្មុយនិស្តបានហើយ ទើបអង់គ្លេសសម្រេចប្រគល់ឯករាជ្យទៅឲ្យម៉ាឡេស៊ី។
ក៏ប៉ុន្តែ ៨ឆ្នាំក្រោយពីបានទទួលឯករាជ្យពីអង់គ្លេស សិង្ហបុរី ដែលពីមុនស្ថិតក្នុងរដ្ឋសហព័ន្ធម៉ាឡេស៊ី
បានផ្តាច់ខ្លួនទៅបង្កើតជាប្រទេសឯករាជ្យដាច់តែឯង នៅឆ្នាំ១៩៦៥ ក្រោមការដឹកនាំរបស់លោក
លី ក្វានយូ៕