Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

សង្រ្គាមឥណ្ឌូចិន ឆ្នាំ១៩៤៦-១៩៥៤

ការ​ប្រកាស​ឯករាជ្យ​របស់​ឥណ្ឌា​ពី​អាណានិគម​អង់គ្លេស នៅ​ក្រោយ​សង្រ្គាមលោក​លើកទី២ ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​ថា​ជា​គំរូ​នៃ​ការ​រំសាយ​អាណានិគម​ដោយ​ សន្តិវិធី តាមរយៈ​ការចរចា។ ក៏ប៉ុន្តែ ការរំសាយ​អាណានិគម​នេះ​មិនមែន​សុទ្ធតែ​ធ្វើឡើង​​ដោយ​សន្តិវិធី​ នៅ​គ្រប់កន្លែង​ទាំងអស់ ដូចជា​ករណី​ឥណ្ឌា​នោះទេ ហើយ​សង្រ្គាម​ដំបូង​បំផុត​​នៅ​ក្នុង​ចលនា​រំសាយ​អាណានិគម​ ក្រោយ​សង្រ្គាម​លោកលើកទី២ គឺ​សង្រ្គាម​​នៅ​ឥណ្ឌូចិន រវាង​កងទ័ព​បារាំង និង​​ក្រុម​ឧទ្ទាម​វៀតមិញ ដឹកនាំ​ដោយ​ហូ ជីមិញ។

តំបន់​ឥណ្ឌូចិន ដែល​រួមមាន​ កម្ពុជា វៀតណាម ឡាវ និង​ដែនដី​កូសាំងស៊ីន (កម្ពុជាក្រោម) ត្រូវ​ស្ថិត​ក្រោម​អាណានិគម​បារាំង តាំង​ពី​សតវត្សរ៍​ទី​១៩​។ ក៏ប៉ុន្តែ នៅ​ក្នុង​អំឡុង​សង្រ្គាម​លោកលើកទី២ (១៩៣៩-១៩៤៥) បារាំង ដែល​ចាញ់​សង្រ្គាម​ទល់​នឹង​អាល្លឺម៉ង់ ក៏​ត្រូវ​បង្ខំចិត្ត​​បើក​ឲ្យ​ជប៉ុន ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ហ៊ីត្លែរ ចូល​មក​តាំង​មូលដ្ឋាន​ទ័ព​ នៅ​ក្នុង​ដែនដី​ឥណ្ឌូចិន ជាពិសេស នៅ​វៀតណាម​ខាង​ជើង។ នៅ​ដើមឆ្នាំ​១៩៤៥ ទាហាន​ជប៉ុន​បាន​វាតទី​ពង្រីក​ទីតាំង​របស់​ខ្លួន នៅ​ស្ទើរតែ​ពាសពេញ​តំបន់​ឥណ្ឌូចិន​ទាំងមូល គឺ​ទាំង​នៅ​វៀតណាម កម្ពុជា និង​ឡាវ។ នៅ​ក្នុង​អំឡុង​ពេលនោះ ចលនា​ជាតិនិយម​​មួយ​បាន​រីកដុះដាល​ឡើង​នៅ​វៀតណាម គឺ​ បក្ស​សម្ព័ន្ធ​ដើម្បី​ឯករាជ្យ​វៀតណាម ដែល​គេ​ច្រើន​ហៅ​កាត់ជាទូទៅ​ថា វៀតមិញ ក្រោម​ការដឹកនាំ​របស់​មេចលនា​កុម្មុយនិស្ត ហូ ជីមិញ។

នៅថ្ងៃ​ទី២ ខែ​កញ្ញា ឆ្នាំ​១៩៤៥ ជប៉ុន​បាន​ប្រកាស​ចុះចាញ់​សង្រ្គាម​លោកលើកទី២។ នៅថ្ងៃ​ដដែ​លនោះ ហូ ជីមិញ ក៏បាន​ឆ្លៀត​ឱ​កាស​ប្រកាសជា​ឯកតោ​ភាគី​បង្កើត​ឡើង​នូវ​រដ្ឋ​វៀតណាម​ឯករាជ្យ ដោយ​ដាក់​ឈ្មោះ​ថា សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម។ ក៏ប៉ុន្តែ បារាំង ដែល​ទើប​តែ​នឹង​ទទួល​ជ័យជម្នះ​​ក្នុង​សង្រ្គាម​លោកលើកទី២ មិនសុខចិត្ត​ទុក​​បណ្តោយ​ឲ្យ​​វៀតណាម​ប្រកាស​ឯករាជ្យ​ជា​ឯកតោ​ភាគី​​ទេ។ បារាំង​ក៏​បាន​បញ្ជូន​ទាហាន​ឲ្យ​ចូល​មក​កាន់កាប់​ដែនដី​​អាណានិគម​នៅ​ ឥណ្ឌូចិន​ឡើងវិញ។ ក៏ប៉ុន្តែ បារាំង​​កាន់កាប់​បាន​តែ​ប្រទេស​ឡាវ កម្ពុជា ដែនដី​កូសាំងស៊ីន និង​ប៉ែក​កណ្តាល​ប្រទេស​វៀតណាម​តែ​ប៉ុណ្ណោះ។ ចំណែក​ឯ​នៅ​តំបន់​តុងកឹង (ប៉ែក​ខាងជើង​វៀតណាម) កងទ័ព​បារាំង​ត្រូវ​ប្រឈមមុខ​នឹង​កងកម្លាំង​របស់​ពួក​វៀតមិញ។

ក្រោយ​ពី​ចរចា​​អស់រយៈពេល​ជាច្រើន​ខែ​តែ​មិនមាន​ដំណោះស្រាយ នៅ​ខែ​ធ្នូ ឆ្នាំ​១៩៤៦ សង្រ្គាម​រវាង​កងទ័ព​បារាំង និង​ពួក​វៀតមិញ​ក៏​បាន​ផ្ទុះឡើង។ ​សង្រ្គាម​​ដែល​នឹង​ត្រូវ​អូសបន្លាយ​ពេល​​រហូត​ដល់​ទៅ​ជិត ១០ឆ្នាំ ហើយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា "សង្រ្គាម​ឥណ្ឌូចិន"

នៅ​ក្នុង​ដំណាក់កាល​ដំបូង កងកម្លាំង​របស់​ពួកវៀតមិញ ដែល​មាន​កម្លាំង​ខ្សោយ​ជាង មិន​បាន​ចេញមុខ​ច្បាំង​​ដោយ​ចំហ​ទល់​នឹង​​ទាហាន​បារាំង​នោះទេ ក៏ប៉ុន្តែ​ បាន​​ប្រើ​វិធី​វាយឆ្មក់​តាម​យុទ្ធសាស្រ្ត​ទ័ពព្រៃ។ ក៏ប៉ុន្តែ មិនយូរ​ប៉ុន្មាន​ពួក​ឧទ្ទាម​ទ័ពព្រៃ​នេះ​ក៏​បាន​ពង្រីក​ការ​កាន់កាប់​ តំបន់មួយ​ផ្នែក​ធំ នៅ​វៀត ណាម​ខាងជើង និង​តំបន់​មួយ​ចំនួន​ផ្សេងទៀត នៅ​វៀតណាម​ប៉ែក​កណ្តាល និង​កូសាំងស៊ីន។
 
ទាហាន​បារាំង​សួរ​ចម្លើយ​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ក្រុម​វៀតមិញ
 
នៅ​ឆ្នាំ​១៩៤៩​ សង្រ្គាម​ឥណ្ឌូចិន​បាន​ស្គាល់​នូវ​របត់​ដ៏​សំខាន់​មួយ។ ​បក្ស​កុម្មុយនិស្ត​ចិន​​ដឹកនាំ​ដោយ​ម៉ៅសេទុង បាន​វាយ​កាន់កាប់​ចិនដីគោក ហើយ​បណ្តេញ​រដ្ឋាភិបាល​របស់​លោក​ចាង កាយចៀក ឲ្យ​និរទេស​ទៅ​កាន់​កោះតៃវ៉ាន់។ សាធារណរដ្ឋ​ប្រជាមានិតចិន​ក៏​បាន​ក្លាយ​ទៅជា​ខ្នងបង្អែក​យ៉ាង​ធំ​មួយ ដែល​​បាន​ផ្តល់​ទាំង​លុយកាក់ និង​គ្រឿង​សព្វាវុធ​ទៅ​ឲ្យ​​​ក្រុម​  ឧទ្ទាម​វៀតមិញ ដើម្បី​ច្បាំង​ទល់​នឹង ​កងទ័ព ​បារាំង។

សហរដ្ឋ​អាមេរិក​វិញ ដែល​តាមពិត​​ជា​ប្រទេស​មាន​គោលនយោបាយ​ប្រឆាំង​នឹង​អាណានិគម ក៏ប៉ុន្តែ បែរ​ជា​​ចូល​មក​ជួយ​បារាំង​ ដើម្បី​បង្រ្កាប​ពួក​វៀតមិញ ដែល​ជា​ចលនា​ឧទ្ទាម​ទាមទារ​ឯករាជ្យ។ នេះ​ក៏ដោយសារ​តែ​អាមេរិក​បារម្ភ​ខ្លាច​តំបន់​ឥណ្ឌូចិន​ត្រូវ​ធ្លាក់​ក្រោម​ ការ​គ្រប់គ្រង​របស់​ប្លុក​កុម្មុយនិស្ត ហើយ​អាច​គំរាមកំហែង​ដល់​ប្រទេស​ផ្សេងៗ​ទៀត នៅ​អាស៊ី​អាគ្នេយ៍។ ចាប់ពីពេលនោះ​មក ​សង្រ្គាម​ឥណ្ឌូចិន ដែល​កាល​ពីដំបូង​ជា​សង្រ្គាម​ទាមទារ​ឯករាជ្យ​ពី​អាណានិគម ក៏​ត្រូវ​បាន​ប្រទេស​មហាអំណាច​ទាញ​ទម្លាក់​បន្តិចម្តងៗ​ឲ្យ​ធ្លាក់​​ចូល​ទៅ​ ក្នុង​សង្រ្គាមត្រជាក់​ ហើយ​តំបន់​ឥណ្ឌូចិន​ក៏​បាន​ក្លាយ​ទៅ​ជា​ចំណុច​ក្តៅ​មួយ នៃ​ការ​ប្រជែងគ្នា រវាង​សហរដ្ឋ​អាមេរិក និង​ប្លុក​កុម្មុយនិស្ត។

ដើម្បី​ស្វែងរក​កម្លាំង​នយោបាយ​ទប់ទល់​នឹង​ពួក​វៀតមិញ បារាំង​បាន​សម្រេច​បង្កើត​រដ្ឋ​វៀតណាម​មួយ​នៅ​ប៉ែក​ខាង​ត្បូង នៅ​ឆ្នាំ​១៩៤៩ ដោយ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​អធិរាជ​បាវដាយ។ កងទ័ព​ជាតិ​​​វៀតណាម​ខាង​ត្បូង​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ផងដែរ ក្រោម​ការ​ជួយជ្រោមជ្រែង​របស់​បារាំង និង​ដោយ​មាន​ជំនួយ​យោធា​យ៉ាងច្រើន​ពី​​​សំណាក់​សហរដ្ឋ​អាមេរិក។

ក៏ប៉ុន្តែ បើទោះបី​ជា​មាន​ជំនួយ​យោធា​ពី​សហរដ្ឋ​អាមេរិកក៏ដោយ កងទ័ព​បារាំង និង​កងទ័ព​វៀតណាម​ខាង​ត្បូង នៅតែ​ពិបាក​នឹង​​យក​ជ័យជម្នះ​លើ​ពួក​វៀតមិញ​ ដោយសារ​ចលនា​ឧទ្ទាម​កុម្មុយនិស្ត​នេះ​ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​សំណាក់​ ប្រជាជន​វៀតណាម​ជាទូទៅ ដែល​ទាមទារ​ចង់​បាន​ឯករាជ្យ​ពេញលេញ​ពី​នឹម​អាណានិគមបារាំង។

នៅ​ក្នុង​ប្រទេស​បារាំង​វិញ ចលនា​ប្រឆាំង​នឹង​សង្រ្គាម​នៅ​ឥណ្ឌូចិន​បាន​រីកដុះដាល​កាន់តែ​ខ្លាំងឡើងៗ ដោយ​អ្នក​នយោបាយ និង​សាធារណមតិ​បារាំង​ជាច្រើន​យល់ថា អាណានិគម​នៅ​តំបន់​ឥណ្ឌូចិន​នេះ​មិន​មាន​តម្លៃ​អ្វី​ធំដុំ ដែល​​បារាំងត្រូវ​ចំណាយ​លុយ និង​អាយុជីវិត​ទាហាន​​​យកទៅ​ធ្វើ​សង្រ្គាម​នេះ​ទេ។
 
រដ្ឋាភិបាល​បារាំង ដែល​មើលឃើញ​ថា តាមផ្លូវ​យោធា​ក៏​ពិបាក​នឹង​យក​ជ័យជម្នះ​លើ​ពួក​វៀតមិញ ហើយ​ចលនា​ប្រឆាំង​ក្នុងស្រុក​ក៏​មាន​កាន់តែ​ច្រើន ក៏​ចាប់ផ្តើម​សំឡឹង​មើល​ទៅ​រក​ដំណោះស្រាយ​តាម​ផ្លូវ​ចរចា។ ក៏ប៉ុន្តែ នៅ​ក្នុង​ពេល​ដែល​ការចរចា​បាន​បើក​ធ្វើ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ការ​វាយប្រយុទ្ធគ្នា​ក៏​នៅតែ​បន្ត​ធ្វើ​ ដោយ​ភាគី​ម្ខាងៗ​ព្យាយាម​វាយ​ដណ្តើម​យក​ទីតាំង​សំខាន់ៗ ដើម្បី​យក​ប្រៀប​​លើ​តុចរចា។
 

សន្និសីទ​ក្រុង​ហ្សឺណែវ ស្តីពី​ឥណ្ឌូចិន ថ្ងៃ​ទី២១ កក្កដា ១៩៥៤
 
នៅ​ខែមេសា​ ឆ្នាំ​១៩៥៤ ទាហាន​បារាំង​ជាង​១ម៉ឺននាក់ ត្រូវ​បាន​កងកម្លាំង​វៀតមិញ​​ប្រមាណ​ជា ៨ម៉ឺននាក់​វាយ​ឡោមព័ទ្ធ នៅ​ឌៀនបៀនភូ ដែល​ជា​ទីតាំង​យុទ្ធសាស្រ្ត​ដ៏​សំខាន់​មួយ ស្ថិត​នៅ​ក្បែរ​ព្រំដែន រវាង​វៀតណាម​ និង​ឡាវ។ ក្រោយ​ពី​បាន​វាយប្រយុទ្ធគ្នា​អស់រយៈពេល​ជិត ២ខែ កងទ័ព​បារាំង​ក៏​ត្រូវ​ទទួល​បរាជ័យ។ ដៀនបៀនភូ​ត្រូវ​ធ្លាក់​ក្នុង​ដៃ​វៀតមិញ។ ទាហាន​បារាំង​ជាង​២ពាន់​នាក់​ត្រូវ​ស្លាប់ ជាង​៥ពាន់​នាក់​ត្រូវរងរបួស ហើយ​ជាច្រើន​ពាន់​នាក់​ផ្សេងទៀត​ត្រូវ​ចាប់ជា​ឈ្លើយសឹក។

បរាជ័យ​នៅ​ឌៀនបៀន​ភូ​បាន​ធ្វើ​ឲ្យ​កក្រើក​រញ្ជួយ​​ទាំង​នៅ​ផ្ទៃក្នុង​ប្រទេស ​បារាំង និង​នៅលើ​ពិភពលោក​ទាំងមូល ហើយ​រដ្ឋាភិបាល​បារាំង​​ក៏​ត្រូវ​បង្ខំ​ចិត្ត​ចុះកិច្ចព្រមព្រៀង​សន្តិភាព​ ជាមួយ​ពួកវៀតមិញ នៅ​ក្នុង​សន្និសីទ​ក្រុង​ហ្សឺណែវ នៅថ្ងៃ​ទី២១ ខែ​កក្កដា ឆ្នាំ​១៩៥៤។ តាមរយៈ​កិច្ចព្រមព្រៀង​​ហ្សឺណែវ​នេះ បារាំង​បាន​​សុខចិត្ត​​ប្រគល់​ឯករាជ្យ​ពេញលេញ​ដល់​ប្រទេស​វៀតណាម។ ​ឯករាជ្យ​របស់​​កម្ពុជា និង​ឡាវ ក៏​ត្រូវ​បាន​បារាំង​ទទួលស្គាល់​យ៉ាង​ពេញលេញ​ផងដែរ។

សង្រ្គាម​ឥណ្ឌូចិន​ត្រូវ​បញ្ចប់។ តំបន់​ឥណ្ឌូចិន​ទាំងមូល​ត្រូវ​រួចផុត​ពី​នឹម​អាណានិគម​បារាំង។ ក៏ប៉ុន្តែ សង្រ្គាម​ត្រជាក់​នៅតែ​បន្ត​ឆាបឆេះ​នៅ​ក្នុង​តំបន់​នេះ។ ​នៅ​ក្នុង​សន្និសីទ​ក្រុង​ហ្សឺណែវ ប្រទេស​វៀតណាម​​ត្រូវ​បាន​គេ​​បន្ត​ទុក​ឲ្យ​នៅ​បែក​គ្នា​​ជា​ពីរ គឺ​វៀតណាម​​ខាងជើង និង​​វៀតណាម​ខាង​ត្បូង ដោយ​កំណត់​គ្នា​ថា វៀតណាម​ទាំងពីរ​នេះ​នឹង​ត្រូវ​បង្រួបបង្រួម​គ្នា​មកវិញ នៅ​ក្រោយ​ការបោះឆ្នោត​ជាតិ ដែល​គេ​គ្រោង​ធ្វើ​ នៅ​ឆ្នាំ​១៩៥៦។ ក៏ប៉ុន្តែ រដ្ឋាភិបាល​វៀតណាម​ខាង​ត្បូង ដែល​មាន​ការ​គាំទ្រ​ពី​សំណាក់​សហរដ្ឋ​អាមេរិក បាន​បដិសេធ​មិន​ទទួល​ស្គាល់​កិច្ចព្រមព្រៀង​ក្រុង​ហ្សឺណែវ​ ដោយ​លើកហេតុផល​ថា កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះ​តែ​រវាង​បារាំង និង​ពួក​វៀតមិញ​តែ​ប៉ុណ្ណោះ ដោយ​គ្មាន​ការចូលរួម​ពី​វៀតណាម​ខាង​ត្បូង​នោះទេ។

ទីបំផុត ការ​បោះឆ្នោតជាតិ​មិន​អាច​ធ្វើ​ទៅបាន​តាម​ការ​គ្រោង​ទុក ប្រទេស​វៀតណាម​ក៏​នៅ​បន្តបែក​ជា​ពីរ គឺ​វៀតណាម​ខាងជើង​​ស្និទ្ធ​នឹង​ប្លុក​កុម្មុយនិស្ត និង​វៀតណាម​ខាង​ត្បូង​ស្និទ្ធ​នឹង​សហរដ្ឋ​អាមេរិក ហើយ​មិនយូរ​ប៉ុន្មាន​ក្រោយ​មក តំបន់​ឥណ្ឌូចិន​ក៏​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ភ្នក់ភ្លើង​សង្រ្គាម​សាជាថ្មី៕