Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

ការភ្ជាប់ទឹកដីកម្ពុជាក្រោម (កូសាំងស៊ីន) ទៅក្នុងប្រទេសវៀតណាមឆ្នាំ១៩៤៩


សហភាព​ឥណ្ឌូចិន​ ដែល​ស្ថិត​ក្រោម​អាណានិគម​បារាំង តាំង​ពី​​សតវត្សរ៍​ទី​១៩ ​ត្រូវ​បែងចែក​ជា ៥រដ្ឋ​ផ្សេងគ្នា គឺ​ កម្ពុជា ឡាវ តុងកឹង (វៀតណាម​ខាង​ជើង) អាណ្ណាម (វៀតណាម​កណ្តាល) និង​កូសាំងស៊ីន (កម្ពុជាក្រោម) ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​វៀតណាម​បច្ចុប្បន្ន។ កម្ពុជា ឡាវ តុងកឹង និង​អាណ្ណាម ថ្វីដ្បិត​តែ​ត្រូវ​ស្ថិត​ក្រោម​អំណាច​អាណានិគម​បារាំង ក៏ប៉ុន្តែ នៅមាន​ទម្រង់​ជា​ប្រទេស​ និង​មាន​អំណាច​នយោបាយ​ដាច់​ពី​បារាំង។ ផ្ទុយទៅវិញ កូសាំងស៊ីន​ត្រូវ​បាន​បារាំង​កាត់យក​មក​ធ្វើ​ជាអាណាខេត្ត​របស់​ខ្លួន​ ទាំងស្រុង ដោយ​មាន​លក្ខន្តិកៈ​ជា​ដែនដីបារាំង​នៅ​នាយសមុទ្រ ​(Territoire dOutre-mer)

កូសាំងស៊ីន​​ធ្លាប់​ជា​ទឹកដី​របស់​នគរ​ខ្មែរ ក៏ប៉ុន្តែ ត្រូវ​នគរ​អាណ្ណាម​ចូល​មក​កាន់កាប់ និង​​កាត់​យក​ទៅ​ធ្វើ​ជា​ទឹកដី​របស់​ខ្លួន ចាប់ពី​​ក្នុង​អំឡុង​សតវត្សរ៍​ទី១៧ មុននឹង​ត្រូវ​បារាំង​ច្បាំង​ដណ្តើម​យក​មក​កាន់កាប់ នៅ​ឆ្នាំ​១៨៦២។
 
ផែនទី​សហភាព​ឥណ្ឌូចិន ដែល​ស្ថិត​ក្រោម​អាណានិគម​បារាំង
 
នៅ​ឆ្នាំ​១៨៦៤ នៅក្រោយ​ពេល​ដែល​ព្រះបាទ​នរោត្តម​ព្រម​ដាក់​កម្ពុជា​ឲ្យ​ស្ថិត​ក្រោម​ អាណាព្យាបាល​បារាំង លោក​ Pierre-Paul de la Grandière ទេសាភិបាល​បារាំង​នៅ​កូសាំងស៊ីន ធ្លាប់បាន​សន្យា​ថា​នឹង​ជួយ​កម្ពុជា​ឲ្យ​​យក​មកវិញ​នូវ​​ទឹកដី​ដែល​បាត់បង់​ ទៅ​ប្រទេស​ជិតខាង។ ក៏ប៉ុន្តែ ពាក្យសន្យា​នេះ បារាំង​បាន​ធ្វើ​​​តែ​ចំពោះ​ទឹកដី​ដែល​​ខ្មែរ​បាត់បង់​ទៅ​សៀម​តែ​ប៉ុណ្ណោះ។ ចំពោះ​ទឹកដី​កម្ពុជា​ក្រោម​វិញ បន្ទាប់​ពី​បាន​ដណ្តើម​ពី​វៀតណាម​មក​កាន់កាប់​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ អស់រយៈពេល​ជិត១សតវត្សរ៍ បារាំង​ស្រាប់​តែ​បាន​ប្រគល់​ទៅ​ឲ្យ​វៀតណាម​វិញ នៅ​ឆ្នាំ​១៩៤៩ ដោយ​មិន​កាត់​មក​ឲ្យ​ខ្មែរ​​ដែល​ជា​ម្ចាស់​ដើម​នោះទេ។ ការណ៍ដែល​បារាំង​សម្រេច​កាត់​ទឹកដី​  កម្ពុជាក្រោម​ទៅ​ឲ្យ​វៀតណាម​ត្រូវ​បាន​ ធ្វើឡើង នៅ​ក្នុង ​បរិបទ​នៃ​សង្រ្គាម​ឥណ្ឌូចិន ដែល​បារាំង​ត្រូវ​ប្រឈមមុខ​នឹង​ចលនាឧទ្ទាម​កុម្មុយនិស្ត​វៀតណាម គឺ​ពួក​វៀតមិញ។

នៅ​ក្នុង​អំឡុង​សង្រ្គាម​លោកលើកទី២ ពេល​ដែល​បារាំង​ត្រូវ​ធ្លាក់​ចុះខ្សោយ តំបន់​ឥណ្ឌូចិន​​ត្រូវ​ធ្លាក់​ក្រោម​ការ​កាន់កាប់​របស់​ជប៉ុន។ ​ក្រោយ​ពេល​ដែល​ជប៉ុន​ចាញ់​សង្រ្គាម​លោកលើកទី២ នៅ​ឆ្នាំ​១៩៤៥ ទើប​បារាំង​ចូល​មក​ត្រួតត្រា​ឥណ្ឌូចិន​ឡើងវិញ ក៏ប៉ុន្តែ ដោយ​មើល​ឃើញ​ពី​ការ​រីកដុះដាល​នៃចលនា​ទាមទារ​ឯករាជ្យ បារាំង​ដឹងច្បាស់​ថា ខ្លួន​នឹង​មិន​អាច​កាន់កាប់​តំបន់​ឥណ្ឌូចិន​ពេញ​ដៃ​ដូចកាល​ពីមុនសង្រ្គាម​ នោះទេ។ ហេតុដូច្នេះ​ហើយ​បាន​ជា​បារាំង​ដាក់ចេញ​នូវផែនការ​​មួយ គឺ​​កែប្រែ​សហភាព​ឥណ្ឌូចិន​ឲ្យ​ទៅ​ជា សហព័ន្ធ​ឥណ្ឌូចិន ដោយ​ប្រទេស​ជា​សមាជិក​នីមួយៗ​ត្រូវ​ទទួលបាន​ឯករាជ្យ​ស្ទើរតែ​ពេញលេញ ពោលគឺ​ ត្រូវ​ក្តោបក្តាប់​​អំណាច​ទាំងអស់ លើកលែង​តែ​​វិស័យ​កងទ័ព និង​ហិរញ្ញវត្ថុ ដែល​ត្រូវ​បន្ត​ស្ថិត​ក្នុងដៃ​បារាំង។

ជាមួយ​កម្ពុជា និង​ឡាវ ការចរចា​ជុំវិញ​លក្ខន្តិកៈ​ពាក់កណ្តាល​ឯករាជ្យ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​​ គ្មាន​ឧបសគ្គ​អ្វី​ធំដុំ​នោះទេ ហើយ​នៅ​ក្នុង​ពេល​កំពុង​រង់ចាំ​ការចុះ​សន្ធិសញ្ញា​ជា​ស្ថាពរ ​កិច្ចព្រមព្រៀង​បណ្តោះអាសន្ន​ (Modus vivendi) ត្រូវ​បាន​ចុះ​រវាង​បារាំង និង​កម្ពុជា នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៤៦ និង​រវាង​បារាំង និង​ឡាវ នៅ​ថ្ងៃ​ទី២៧ ខែ​សីហា​ឆ្នាំ​ដដែល។

ជាមួយ​វៀតណាមវិញ ការចរចា​ត្រូវ​ជួប​នឹង​បញ្ហា​ស្មុគស្មាញ​ច្រើន ម្យ៉ាង ដោយសារ​តែ​វៀតណាម​នៅ​ពេលនោះ​មិនមែន​ជា​ប្រទេស​រួមគ្នា​តែមួយ ពោលគឺ​ ត្រូវ​ចែក​ជា​តុងកឹង និង​អាណ្ណាម ដែល​មាន​អំណាច​នយោបាយ​ដាច់ចេញ​ពី​គ្នា​ ហើយ​ម្យ៉ាងទៀត គឺ​ដោយសារ​តែ​មាន​ចលនា​កុម្មុយនិស្ត​វៀតមិញ ដែល​បាន​ប្រកាស​ឯករាជ្យ​ជា​ឯកតោ​ភាគី​បង្កើត​ជា​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ វៀតណាម​រួចទៅហើយ តាំង​ពីថ្ងៃ​ទី២ ខែ​កញ្ញា ឆ្នាំ​១៩៤៥។

នៅ​ក្នុងការ​ចរចា​ជាមួយ​បារាំង ហូ ជីមិញ ដែល​ជា​ប្រមុខដឹកនាំ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម​ ហើយ​ដែល​មាន​មូលដ្ឋាន​នៅ​តុងកឹង (វៀតណាម​ខាងជើង) បាន​ទាមទារ​ឲ្យ​បារាំង​ប្រគល់​ឯករាជ្យ​ភ្លាមៗ​ដល់​វៀតណាម ហើយ​​ប្រទេស​វៀតណាម​ឯករាជ្យ​នេះ​​ត្រូវ​តែ​រួមបញ្ចូល​គ្នា​នូវ​តំបន់​ទាំង ៣ គឺ ​តុងកឹង អាណ្ណាម និង​​កូសាំងស៊ីន ដែល​វៀតណាម​ចាត់ទុក​ថា​ជា​ទឹកដី​របស់​ខ្លួន ដែល​បារាំង​ច្បាំង​ដណ្តើម​យក​ទៅ​​ធ្វើ​ជា​អាណាខេត្ត។

លក្ខខណ្ឌ​នេះ​ត្រូវ​បាន​បារាំង​ច្រានចោល ដោយសារ​តែ​នៅ​ពេលនោះ បារាំង​ចង់​រក្សា​ទឹកដី​កូសាំងស៊ីន​ទុក​​ជា​អាណាខេត្ត​របស់​ខ្លួន​តទៅទៀត។ ក្រោយ​មក​ទៀត បារាំង​បាន​សុខចិត្ត​​ធ្វើ​សម្បទាន​ដល់​ហូ ជីមិញ ដោយ​យល់ព្រមបើក​ឲ្យ​មាន​ការ​បោះឆ្នោត​ប្រជាមតិ ដើម្បី​ឲ្យ​ប្រជាជន​ជា​អ្នក​សម្រេច​ថា តើ​គួរ​បញ្ចូល​តំបន់​ទាំង ៣ ជា​ប្រទេស​វៀតណាម​តែមួយ​ឬ​ក៏​យ៉ាងណា។ តំណាង​រដ្ឋាភិបាល​បារាំង និង​ហូ ជីមិញ ក៏​បាន​ចុះកិច្ចព្រមព្រៀង​មួយ​ក្នុង​ន័យ​នេះ នៅថ្ងៃ​ទី៦​ ខែមីនា ឆ្នាំ​១៩៤៦ ដោយ​ត្រៀម​រៀបចំ​បើក​ធ្វើ​សន្និសីទ​មួយ នៅ​ហ្វុងតែនប្លូ (Fontainebleau) ប្រទេស​បារាំង ដើម្បី​ចរចា​លើ​កិច្ចព្រមព្រៀង​ស្ថាពរ។

ក៏ប៉ុន្តែ ការ​ខ្វែងគំនិត​គ្នា​ រវាង​បារាំង និង​ពួក​វៀតមិញ​ក៏​បាន​កើតឡើង​ម្តងទៀត ជុំវិញ​ដំណើរការ​នៃ​ការ​បោះឆ្នោត​ប្រជាមតិ។ ​ហូ ជីមិញ ទាមទារ​ឲ្យ​​​តុងកឹង អាណ្ណាម និង​កូសាំងស៊ីន​រៀបចំ​ធ្វើ​ប្រជាមតិ​រួមគ្នា​​ជាប្លុក។ ចំណែក​​​​លោក​ Thierry dArgenlieu ដែល​នៅពេលនោះ​ជា​អគ្គស្នងការ​បារាំង​ប្រចាំ​តំបន់​ឥណ្ឌូចិន (Haut-commissaire de France en Indochine) ​យល់ឃើញ​ថា ការ​បោះឆ្នោត​ប្រជាមតិ​ជាប្លុក​នេះ​មិនមាន​ភាព​យុត្តិធម៌ ពីព្រោះ​ថា ប្រជាជន​នៅ​តុងកឹង និង​អាណ្ណាម​ ដែល​សុទ្ធតែ​ចង់​ទាមទារ​យក​កូសាំងស៊ីន​ទៅវិញ គឺ​មាន​ចំនួន​ច្រើន​លើសលុប​ធៀប​នឹង​ប្រជាជន​នៅ​កូសាំងស៊ីន។ ហេតុដូច្នេះ​ហើយ​បាន​ជា​លោក​ទាមទារ​​ថា បារាំង​ត្រូវ​តែ​​បើកផ្លូវ​ឲ្យ​កូសាំងស៊ីន​អាច​​​ក្លាយ​ជា​រដ្ឋ​ឯករាជ្យ​មួយ ​ដូច​ជារដ្ឋផ្សេងទៀត​ក្នុង​សហព័ន្ធ​ឥណ្ឌូចិន​ដែរ ហើយ​រដ្ឋ​កូសាំងស៊ីន​​ថ្មី​នេះ​គឺ​ជា​អ្នក​មាន​សិទ្ធិ​សម្រេច​ដោយ​ ខ្លួនឯងអំពី​ទំនាក់ទំនង​ជាមួយ​នឹង​វៀតណាម។

នៅថ្ងៃ​ទី១ ខែ​មិថុនា ឆ្នាំ​១៩៤៦ នៅ​ក្នុងពេល​ដែល ហូ ជីមិញ ដឹកនាំ​គណៈប្រតិភូវៀតណាម​ចេញ​ទៅ​បារាំង ដើម្បី​​ចូល​រួម​ក្នុង​សន្និសីទ​នៅ​ហ្វុងតែនប្លូ លោក Thierry dArgenlieu បាន​ប្រកាស​​ឲ្យ​កូសាំងស៊ីន​ក្លាយ​ជា​​​រដ្ឋ​ស្វយ័ត ដោយ​មាន​ឈ្មោះ​ថាសាធារណរដ្ឋ​កូសាំងស៊ីន និង​​​មាន​រដ្ឋាភិបាល​បណ្តោះអាសន្ន នៅ​ទីក្រុង​សៃហ្កន (ព្រៃនគរ)។ រដ្ឋាភិបាល​បណ្តោះអាសន្ន​​នេះ​ហើយ ដែល​នឹង​ត្រូវ​ទទួល​បន្ទុក​រៀបចំ​ការ​បោះឆ្នោត​ប្រជាមតិ​ សម្រេច​ជោគវាសនា​កូសាំងស៊ីន។

សម្រាប់​ ហូ ជិមិញ ការ​ផ្តាច់​កូសាំងស៊ីន​ឲ្យ​ទៅ​ជា​រដ្ឋ​ឯករាជ្យ​នេះ​ គឺ​ជា​ការ​រំលោភ​លើ​កិច្ចព្រមព្រៀង ដែល​បានចុះ​កាល​ពី​ខែមីនា។ សន្និសីទ​នៅ​ហ្វុងតែនប្លូ​ត្រូវ​ទទួល​បរាជ័យ។​ ការចរចា​ រវាង​បារាំង និង​ហូ ជីមិញ ក៏​ត្រូវ​ជាប់គាំង។ ​នៅ​ខែ​ធ្នូឆ្នាំ​១៩៤៦ សង្រ្គាម​ រវាង​បារាំង និង​វៀតមិញ (សង្រ្គាមឥណ្ឌូចិន) ​ក៏​ចាប់ផ្ទុះឡើង។

នៅ​ក្នុងពេល​ដែល​សង្រ្គាម​ឥណ្ឌូចិន​កំពុងឆាបឆេះ​ពេញ​បន្ទុក បារាំង​​បាន​ចាប់ផ្តើមគិតគូរ​បង្កើត​រដ្ឋាភិបាល​វៀតណាម​ថ្មីមួយ ដើម្បី​ប្រជែង​ជាមួយ​នឹង​រដ្ឋាភិបាល​កុម្មុយនិស្ត នៅ​វៀតណាម​ខាងជើង។ គោលដៅ​របស់​បារាំង គឺ​ធ្វើ​យ៉ាងណា​​កាត់ផ្តាច់​ពួក​វៀតមិញ ពី​ការ​គាំទ្រ​របស់​ប្រជាជន​វៀតណាម តាមរយៈ​ការ​សន្យា​ផ្តល់​ឯករាជ្យ​ដល់​វៀតណាម ដឹកនាំ​ដោយ​រដ្ឋាភិបាល​មួយ ដែល​មិនមែន​កុម្មុយនិស្ត។ នៅ​ពេលនោះ បារាំង​សំឡឹង​ឃើញ​ថា មាន​ឥស្សរជន​តែ​ម្នាក់​គត់ ​ដែល​អាច​ឡើង​មក​ដឹកនាំ​រដ្ឋាភិបាល​វៀតណាម​ប្រជែង​នឹង​ប្រជាប្រិយភាព​របស់​ ហូ ជីមិញបាន គឺ បាវដាយ ​អតីត​អធិរាជ​នៃ​នគរ​​​អាណ្ណាម ដែល​ត្រូវ​ពួក​វៀតមិញ​បង្ខំ​ឲ្យ​ដាក់រាជ្យ និង​រត់ទៅ​រស់នៅ​និរទេសខ្លួន នៅ​ហុងកុង។
   
លោក Vincent Auriol ប្រធានាធិបតី​បារាំង​ពី​ឆ្នាំ​១៩៤៧ ដល់​១៩៥៤ និង​អតីត​អធិរាជ​​អាណ្ណាម បាវ ដាយ

 នៅឆ្នាំ​១៩៤៧ បារាំង​បាន​ចាប់ផ្តើម​ទាក់ទង​ជាមួយ​បាវដាយ ដើម្បី​សុំ​ឲ្យ​ទ្រង់មក​ដឹកនាំ​រដ្ឋាភិបាល​វៀតណាម​​ថ្មី ដែល​បារាំង​គ្រោង​បង្កើត ដើម្បី​ប្រឆាំង​នឹង​វៀតមិញ។ ក៏ប៉ុន្តែ បាវដាយ​មិនបាន​យល់ព្រម​ភ្លាមៗ​នោះទេ ដោយ​បាន​ធ្វើជា​កិកកុក ដើម្បី​ទាមទារ​នូវ​លក្ខខណ្ឌ​ជាច្រើន​ ជាពិសេស គឺ​ទាមទារ​​ឲ្យ​បារាំង​ទទួលស្គាល់​ឯករាជ្យ​របស់​វៀតណាម​ជា​ប្រទេស​រួមគ្នា​ នូវ​ដែនដី​ទាំង៣ គឺ​តុងកឹង អាណ្ណាម និង​កូសាំងស៊ីន។ និយាយ​ឲ្យ​ចំ លក្ខខណ្ឌ​ដែល​បាវដាយ​ទាមទារ​នេះ គឺ​ដូចគ្នា​ទៅនឹង​ការទាមទារ​របស់​ហូ ជីមិញ ហើយ​ដែល​បារាំង​ធ្លាប់​បាន​បដិសេធ​រួចទៅហើយ។

ក៏ប៉ុន្តែ បារាំង​ក្នុងពេល​ចរចាជាមួយ​បាវដាយ គឺខុសគ្នា​ពី​បារាំង​ក្នុងពេល​ចរចា​ជាមួយ​ហូជីមិញ។ រដ្ឋាភិបាល​បារាំង​បាន​ផ្លាស់ប្តូរ​ប្រមុខ​ដឹកនាំ​ជាច្រើន​ដំណាក់កាល​រួច​ ទៅហើយ ហើយ​​របប​នយោបាយ​ថ្មីមួយ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​បារាំង គឺ​របបសាធារណរដ្ឋ​ទី៤ ដោយ​មាន​ប្រធានាធិបតី​ថ្មី គឺ​លោក Vincent Auriol ដែល​បាន​ឡើង​មក​កាន់​តំណែង នៅដើម​ឆ្នាំ​១៩៤៧។ លោក Thierry dArgenlieu អគ្គស្នងការ​បារាំង​ប្រចាំ​តំបន់​ឥណ្ឌូចិន​ក៏​ត្រូវ​បាន​ផ្លាស់ចេញ នៅ​ខែ​មីនា ឆ្នាំ​១៩៤៧។

សម្រាប់​រដ្ឋាភិបាល​បារាំង​ថ្មី​ ការ​កម្ចាត់​ចលនា​កុម្មុយនិស្ត​វៀតមិញ ​ដើម្បី​បញ្ចប់​សង្រ្គាម​ឥណ្ឌូចិន គឺ​ជា​អាទិភាព​ធំជាង​ជោគវាសនា​នៃ​ដែនអាណានិគម​កូសាំងស៊ីន។ ហេតុដូច្នេះ​ហើយ​បាន​ជា​បារាំង​សុខចិត្ត​ប្រគល់​កូសាំងស៊ីន​ឲ្យ​ទៅ​វៀតណាម ទៅតាម​ការ​ទាមទារ​របស់​បាវដាយ ធ្វើ​យ៉ាងណា​ឲ្យ​តែ​បាវដាយ​សុខចិត្ត​​ទៅដឹកនាំ​រដ្ឋាភិបាល​វៀតណាម ប្រឆាំង​នឹង​ពួក​វៀតមិញ។

ការចរចា​​ជាមួយ​បាវដាយ​ក៏​បាន​ឈាន​ទៅដល់​ការ​ចុះ​កិច្ចព្រមព្រៀង នៅ​បេដាឡុង នៅថ្ងៃ​ទី៥ ខែ​មិថុនា ឆ្នាំ​១៩៤៨ ហើយ​នៅថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​១៩៤៩ លោក Vincent Auriol ប្រធានាធិបតី​បារាំង​បាន​ផ្ញើ​លិខិត​​ជាលាយលក្ខណ៍​ទៅ​​បាវដាយ ដោយ​បញ្ជាក់​ពី​ការ​ព្រមព្រៀង​​ឲ្យ​វៀតណាម​ក្លាយ​​ទៅជា​ប្រទេសឯករាជ្យ​មួយ ដោយ​រួមបញ្ចូល​​តំបន់​ទាំង៣ គឺ តុងកឹង អាណ្ណាម និង​កូសាំងស៊ីន។

នៅថ្ងៃ​ទី៤ ខែមិថុនា ឆ្នាំ​១៩៤៩ សភា​បារាំង​ក៏​បាន​អនុម័ត​ច្បាប់​មួយ​បញ្ចប់​លក្ខន្តិកៈ​ជា​ទឹកដី​នៅនាយ​ សមុទ្រ​របស់​កូសាំងស៊ីន ដោយ​ភ្ជាប់​​អតីត​ដែនដី​របស់​នគរ​ខ្មែរ​នេះ ទៅជាមួយ​នឹង​ប្រទេស​វៀតណាម។ ១០ថ្ងៃ​ក្រោយ​មក គឺ​នៅថ្ងៃ​ទី១៤ ខែមិថុនា តុងកឹង អាណ្ណាម និង​កូសាំងស៊ីន​ត្រូវ​បាន​គេ​ច្របាច់​បញ្ចូល​គ្នា​បង្កើត​ជា​​រដ្ឋវៀតណាម​ ឯករាជ្យ​មួយ ដែល​មាន​រដ្ឋធានី​នៅ​សៃហ្គន (ព្រៃនគរ) ក្រោម​ការ​ដឹកនាំ​របស់​អតីត​អធិរាជ​បាវដាយ៕