Labels

Albert Einstein Alexandre le Grand ISIS La Terreur Pearl Harbor Renaissance កំណែទម្រង់ប៉េរេស្ត្រយកា កំណែទម្រង់សេដ្ឋកិច្ចចិន កម្ពុជា កម្ពុជាក្រោម កម្លាំងទំនាញសកល ការចាប់ផ្ដើម ការប្រជែងផ្នែកអវកាស ការវិលត្រឡប់ទៅកាន់អំណាច កាលីលេ កូសាំងស៊ីន ក្រិក ក្រុមជីហាតរដ្ឋអ៊ីស្លាម ក្រុមភេរវជនអន្តរជាតិ ខ្សែបន្ទាត់ព្រំដែន គ្រាប់បែកនុយក្លេអ៊ែរ គ្រីស្តូហ្វកូឡុំ គ្រឹស្តសាសនា ចក្រភពម៉ុងហ្គោល ចក្រភពរ៉ូម ចក្រភពអារ៉ាប់ ចលនាតស៊ូប្រដាប់អាវុធកុម្មុយនិស្ត ចិន ច្បាប់នៃចលនា ឆេកូស្លូវ៉ាគី ជប៉ុន ជ័យជម្នះរបស់ក្រុមសម្ព័ន្ធមិត្ត ជិនហ្គីស ខាន់ ដែនដីអាណានិគម តេងស៊ាវពីង តេងស៊ាវភីង ទ្រឹស្តីតារាសាស្រ្ត ទ្រឹស្តីសាសនា បក្សកុម្មុយនិស្តចិន បដិវត្តន៍ បដិវត្តន៍កសិកម្ម បដិវត្តន៍រាជានិយម បដិវត្តន៍វប្បធម៌ បដិវត្តន៍អ៊ីរ៉ង់ បារាំង បិតាកំណែទម្រង់សេដ្ឋកិច្ចចិន ប៊ិនឡាដិន បុរេប្រវត្តិ ប្រធានាធិបតីអាមេរិក ប្រវត្តិសាស្រ្ត ប្លុកកុម្មុយនិស្ត ផលវិបាក ភេរវកម្ម១១កញ្ញា មជ្ឈិមបូព៌ា មហាអំណាចអាណានិគមអាស៊ី មហាអំណាចអឺរ៉ុប មូលហេតុ ម៉ៅសេទុង យុគខ្មៅងងឹត យុគនៃពន្លឺ រដ្ឋធម្មនុញ្ រុស្សី លេនីន វាំងននដែក វិទ្យាសាស្រ្ត វិបត្តិប៊ែរឡាំង វិបត្តិព្រែកជីកស៊ុយអេ វិបត្តិមីស៊ីលគុយបា វៀតណាមខាងត្បូង សង្គ្រាមលោកលើកទី១ សង្គ្រាមលោកលើកទី២ សង្រ្គាមកូរ៉េ សង្រ្គាមឈូងសមុទ្រពែក្ស សង្រ្គាមត្រជាក់ សង្រ្គាមវៀតណាម សង្រ្គាមស៊ីវិល សង្រ្គាមអាហ្វហ្កានីស្ថាន សង្រ្គាមអ៊ីរ៉ាក់ សង្រ្គាមឥណ្ឌូចិន សព្វាវុធនុយក្លេអ៊ែរ សហភាពសូវៀត សហរដ្ឋអាមេរិក សាសនាអ៊ីស្លាម ស្ថានភាពពិភពលោក ហ៊ីត្លែរ ហ្គ័របាឆូវ អង់គ្លេស អធិរាជណាប៉ូឡេអុង អរិយធម៌ដ៏ចំណាស់បំផុតរបស់មនុស្សជាតិ អរិយធម៌មេឌីទែរ៉ាណេ អរិយធម៌អាស៊ីអាគ្នេយ៍ អាញ់ស្តាញ់ អាណាចក្រខ្មែរ អាណានិគម អាណាព្យាបាលបារាំង អាប្រាហាំលីនកុន អាមេរិក អារ៉ាប់ អាល់កៃដា អាល់ប៊ែរ អាញ់ស្តាញ់ អាស៊ីប៉ាសីហ្វិក អ៊ីតាលី អ៊ីសាក់ញូតុន អ៊ីស្រាអែល អឺរ៉ុបខាងកើត អ៊ុយក្រែន ឧស្សាហកម្ម

ការបង្កើតរដ្ឋអ៊ីស្រាអែលនៅឆ្នាំ១៩៤៨

ការ​ស្វែងយល់​អំពី​ដំណើររឿង​នៃ​ការ​បង្កើត​រដ្ឋអ៊ីស្រាអែល គឺ​ជា​គន្លឹះ​មួយ ដើម្បី​យល់​អំពី​ជម្លោះ​ដ៏រ៉ាំរ៉ៃ​នៅ​តំបន់​ដើមបូព៌ា​នាពេល​បច្ចុប្បន្ន។

នៅ​មុន​ឆ្នាំ​១៩៤៨ នៅ​ក្នុង​តំបន់​ដើមបូព៌ា មិនមាន​ទេ​រដ្ឋ​អ៊ីស្រាអែល គឺ​មានតែ​ទឹកដី​ប៉ាឡេស្ទីន។ ហេតុដូច្នេះ​ហើយ​បាន​ជា​មនុស្ស​ជាច្រើន ជាពិសេស អ្នក​កាន់​សាសនា​អ៊ីស្លាម​យល់ថា វត្តមាន​របស់​អ៊ីស្រាអែល នៅ​ក្នុង​តំបន់​ដើមបូព៌ា​នេះ​ គឺ​ជា​រឿង​ខុសច្បាប់ ដោយសារ​តែ​រដ្ឋ​អ៊ីស្រាអែល​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅលើ​ទឹកដី​​របស់​ ប៉ាឡេស្ទីន។ ក៏ប៉ុន្តែ ដំណើររឿង​​វាមាន​លក្ខណៈ​ស្មុគស្មាញ​ជាងនេះ។

តាមពិត នៅ​ក្នុង​តំបន់​ដើមបូព៌ា​​មុនឆ្នាំ​១៩៤៨ ក៏​គ្មាន​រដ្ឋ​ប៉ាឡេស្ទីន​ដែរ​ គឺ​មាន​តែ​ទឹកដី​​មួយ ដែល​គេ​ឲ្យ​ឈ្មោះ​ថា "ប៉ាឡេស្ទីន" ហើយ​​ដែល​ត្រូវ​បាន ​ប្រទេស​មហាអំណាច​ដូរដៃ​គ្នា​កាន់កាប់​ពីមួយ​ទៅមួយ អស់រយៈពេល​រាប់​ពាន់​ឆ្នាំ។ ​ទឹកដី ដែល​គេ​ឲ្យ​ឈ្មោះ​ថា ប៉ាឡេស្ទីន នេះ ក៏​មាន​បន្ទាត់​ព្រំដែន​មិន​ស្ថិតស្ថេរ​ច្បាស់លាស់​ដែរ ដោយ​ពេល​ខ្លះ​ត្រូវ​គេ​រាប់​បញ្ចូល​ទាំង​ប្រទេស​មួយចំនួន ដែល​នៅ​ជុំវិញ​នោះ ដូចជា​​ លីបង់ ស៊ីរី និង​ហ្សកដានី ជាដើម អាស្រ័យ​ទៅ​តាម​សម័យកាល និង​អាស្រ័យ​ទៅតាម​​ការ​ចាត់ចែង​របស់​ប្រទេស​មហាអំណាច ដែល​កាន់កាប់​តំបន់​នេះ។
 
លោក David Ben-Gourion ប្រកាស​ឯករាជ្យ​អ៊ីស្រាអែល នៅ​ថ្ងៃ​ទី១៨ ឧសភា ១៩៤៨
 

កាលពី​ជាង​៣ពាន់​ឆ្នាំមុន តំបន់​ដែល​គេ​ឲ្យឈ្មោះ​ថា ប៉ាឡេស្ទីន នេះ មាន​ប្រជាជន​ជាច្រើន​អម្បូរ​រស់​នៅ ក្នុងនោះ​ក៏​មាន​ដែរ​ជនជាតិជ្វីហ្វ ដែល​បាន​បង្កើត​ជា​រដ្ឋ និង​បាន​សាងសង់​បុរី​ជា​ទីសក្ការៈ​មួយ គឺ​ទីក្រុង​យេរូសាឡឹម។ ក៏ប៉ុន្តែ នៅ​ក្នុង​សម័យកាល​ចក្រភពរ៉ូម ទីក្រុង​យេរូសាឡឹម​ត្រូវ​បាន​ទាហាន​រ៉ូម​វាយកម្ទេច​ចោល ហើយ​ជនជាតិជ្វីហ្វ ដែល​ហ៊ាន​ងើបឡើង​បះបោរ​ប្រឆាំង​នឹង​អាជ្ញាធរ​រ៉ូម ត្រូ​វ​បាន​គេ​បណ្តេញ​ចេញ​ពី​ទឹកដី​កំណើត​ឲ្យ​បែក​ខ្ចាត់ខ្ចាយ ទៅ​រស់នៅ​ជា​សហគមន៍​ជនជាតិ​ជ្វីហ្វ​នៅ​បរទេស។ ចាប់ពីពេលនោះ​មក ទឹកដី​អ៊ីស្រាអែល​ក៏​​លែង​ស្គាល់​ឯករាជ្យ ដោយ​ត្រូវ​ប្រទេស​មហាអំណាច​ប្តូរ​ដៃគ្នា​គ្រប់គ្រង​ពីមួយទៅមួយ ដោយ​ភាគច្រើន ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​មហាអំណាច​កាន់សាសនា​អ៊ីស្លាម រួមមាន​ដូចជា ចក្រភព​អារ៉ាប់ អេហ្ស៊ីប និង​តួកគី​ក្នុង​សម័យកាល​ចក្រភព​អូតូម៉ង់។ នៅ​ក្រោយ​សង្រ្គាម​លោកលើកទី១ ចក្រភព​អូតូម៉ង់​ដែល​ចាញ់​សង្រ្គាម​ត្រូវ​ដួលរលំ។ តំបន់​​ដែល​ស្ថិត​នៅ​ចន្លោះ​សមុទ្រ​មេឌីទែរ៉ាណេ និង​ទន្លេយ័រដាន់ (Jordan) ពោលគឺ ទឹកដី​ប៉ាឡេស្ទីន និង​រដ្ឋ​អ៊ីស្រាអែល​​បច្ចុប្បន្ន ​ក៏​ត្រូវធ្លាក់​ក្រោម​ការ​កាន់កាប់​របស់​ចក្រភព​អង់គ្លេស។

នៅ​ក្នុង​អំឡុង​សតវត្សរ៍​ទី១៩ និង​ដើម​សតវត្សរ៍​ទី២០ ចលនា​មួយ​បាន​រីកដុះដាល​ឡើង នៅ​ក្នុង​ចំណោម​សហគមន៍​ជ្វីហ្វ​នៅ​អឺរ៉ុប ដែល​មាន​គំនិត​ចង់​​ឲ្យ​ជនជាតិជ្វីហ្វ​វិលត្រឡប់​ទៅ​បង្កើត​រដ្ឋ​នៅ​ទឹកដី​ កំណត់​របស់​ខ្លួនវិញ។ ចលនា​នេះ​ត្រូវ​បាន​គេ​ឲ្យឈ្មោះ​ថា ស៊ីយ៉ូនិស្ត (Sioniste)ស៊ីយ៉ូន គឺ​ជា​ឈ្មោះ ដែល​គេ​ឃើញ​មាន​ប្រើ​នៅក្នុង​គម្ពីរប៊ីប ដោយ​សម្តៅ​ទៅលើ​ទីក្រុង​យេរូសាឡឹម។

ចលនា​អន្តោប្រវេសន៍​របស់​ជនជាតិ​ជ្វីហ្វ ដែល​ចូលទៅ​តាំងទីលំនៅ នៅ​ក្នុង​ទឹកដី​ប៉ាឡេស្ទីន​ក៏​ចាប់ផ្តើម​កើតមានឡើង ហើយ​នៅ​ពេល​ដែល​ចំនួន​ជនជាតិជ្វីហ្វ​មាន​ការ​កើនឡើង ភាពតានតឹង​ជាមួយ​ជនជាតិ​អារ៉ាប់​​ប៉ាឡេស្ទីន​ក៏​ចាប់ផ្តើម​កើតមាន​ឡើង​​ដែរ ដែល​បង្ក​ជា​បញ្ហា​ស្មុគស្មាញ​ដល់​ចក្រភព​អង់គ្លេស​ ដែល​ជា​អាណា​ព្យាបាល។ អង់គ្លេស​ធ្លាប់​បាន​សន្យា​ជាមួយ​នឹង​ពួក​អារ៉ាប់​ប៉ាឡេស្ទីន​ថា​នឹង​ឲ្យ​ ពួកគេ​បង្កើត​រដ្ឋ​ឯករាជ្យ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា​ អង់គ្លេស​ក៏​បាន​សន្យា​​ដល់​ចលនា​ស៊ីយ៉ូនិស្ត​​ផងដែរ​ថា​នឹង​ឲ្យ​ពួកគេ​​មាន ​ទឹកដី​ជា​មាតុភូមិ​មួយ​នៅ​ប៉ាឡេស្ទីន។

នៅ​ក្រោយ​សង្រ្គាម​លោកលើកទី២ ហេតុការណ៍​នៃ​ការ​សម្លាប់​រង្គាល​ជនជាតិជ្វីហ្វ​ដោយ​អាល្លឺម៉ង់​ណាហ្ស៊ី​​ បាន​ធ្វើឲ្យ​ចលនា​អន្តោប្រវេសន៍​​ជនជាតិជ្វីហ្វ​ចូល​ទៅ​ក្នុង​ទឹកដី​ ប៉ាឡេស្ទីន​បាន​កើតមាន​កាន់តែ​ខ្លាំង ការ​បង្កើត​រដ្ឋ​​ឲ្យ​ពួកជ្វីហ្វ​នៅ​ប៉ាឡេស្ទីន​ក៏​ចាប់ផ្តើម​ទាក់ទាញ​នូវ​ ការ​គាំទ្រ​កាន់​តែ​ច្រើន​ពី​សំណាក់​បណ្តា​ប្រទេស​នៅ​ទូទាំង​ពិភពលោក ជាពិសេស បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ដែល​គិត​ថា​ខ្លួន​មាន​ចំណែក​ទទួលខុសត្រូវ នៅ​ក្នុង​សោកនាដកម្ម​របស់​ពួកជ្វីហ្វ។

នៅ​ឆ្នាំ​១៩៤៧ ដោយ​មើល​ឃើញ​អំពី​ស្ថានភាព​ស្មុគស្មាញ​នៅ​ប៉ាឡេស្ទីន​ អង់គ្លេស​ក៏​​បាន​ប្រកាស​​បញ្ចប់​​​អាណត្តិ​ជាអ្នក​គ្រប់គ្រង​​ទឹកដី​ ប៉ាឡេស្ទីន ប៉ុន្តែ មិន​​ព្រម​​កំណត់​ឲ្យ​បាន​ច្បាស់លាស់​ថា តើ​​ទឹកដី​ប៉ាឡេស្ទីន​នឹង​ត្រូវចាត់ចែង​បង្កើត​ជា​រដ្ឋ​យ៉ាង​ដូចម្តេច​នោះទេ ​​ ដោយ​​បាន​រុញ​​សំណុំរឿង​​នេះ​ទៅ​ឲ្យ​អង្គការ​សហប្រជាជាតិ​ជា​អ្នក​ដោះស្រាយ។

អ.ស.ប​ក៏​បាន​សម្រេច​បង្កើត​គណៈកម្មាធិការ​ពិសេស​មួយ ដែល​មាន​​សមាជិក​មក​ពី​ប្រទេស​ចំនួន ១១ ឲ្យ​ធ្វើការ​សិក្សា​អំពី​ដំណោះស្រាយ​​នៅ​ប៉ាឡេស្ទីន។ នៅ​ក្នុង​គណៈកម្មាធិការ​នេះ មាន​ប្រទេស​ខ្លះ រួមមាន អ៊ីរ៉ង់ ឥណ្ឌា និង​យូហ្គោស្លាវី បាន​ស្នើ​នូវ​គំនិត​បង្កើត​ជា​រដ្ឋ​សហព័ន្ធ​ប៉ាឡេស្ទីន​មួយ ដោយ​មាន​រដ្ឋ​ពីរ​ជា​សមាជិក គឺ​រដ្ឋមួយ​សម្រាប់​ពួក​អារ៉ាប់ និង​រដ្ឋ​មួយ​ទៀត សម្រាប់​ពួក​ជ្វីហ្វ។ ក៏ប៉ុន្តែ ប្រទេស​ចំនួន ៧​ផ្សេងទៀត (កាណាដា ឆេកូស្លូវ៉ាគី ហូឡង់ ស៊ុយអែត ក្វាតេម៉ាឡា ប៉េរូ អ៊ុយរូហ្កាយ) ស្នើ​ឲ្យ​​អារ៉ាប់ និង​ជ្វីហ្វ បង្កើត​រដ្ឋ​ពីរ​ឯករាជ្យ​ដាច់ពី​គ្នា​ទាំងស្រុង។

នៅទីបំផុត គឺ​ដំណោះស្រាយ​បង្កើត​រដ្ឋឯករាជ្យ​ពីរ​​ដាច់ពី​គ្នា​ ដែល​ត្រូវ​បាន​​មហាសន្និបាត​អ.ស.ប​​អនុម័ត នៅ​ថ្ងៃ​ទី២៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៤៧ (សេចក្តីសម្រេច​លេខ ១៨១)។ នៅ​ក្នុង​សេចក្តីសម្រេច​​នេះ មហាសន្និបាត​អ.ស.ប​ក៏​បាន​កំណត់​ផងដែរ​ថា ទីក្រុង​យេរូសាឡឹម ដែល​ជា​ចំណុច​ប្រទាញប្រទង់​ខ្លាំង​រវាង​អារ៉ាប់ និង​ជ្វីហ្វ ​នឹង​មិន​ត្រូវ​បញ្ចូល​ទៅ​​ក្នុងរដ្ឋ​ណាមួយ​នោះទេ ​តែ​ត្រូវ​ដាក់​ជា​តំបន់​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​​អន្តរជាតិ។ សេចក្តីសម្រេច​លេខ ១៨១​ ត្រូវ​បាន​ប្រទេស​ជា​សមាជិក​អ.ស.ប​​ អនុម័ត​ដោយ​សំឡេង​គាំទ្រ​លើស​ពី ២ភាគ៣ ក៏ប៉ុន្តែ គ្រប់​​បណ្តា​ប្រទេស​អារ៉ាប់​ និង​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​ទាំងអស់​​​​បាន​នាំគ្នា​​​​បោះឆ្នោត​ ប្រឆាំង។

បណ្តា​ប្រទេស​អារ៉ាប់​បាន​​ប្រឆាំង​ដាច់ខាត​នឹង​ការ​បង្កើត​រដ្ឋ​អ៊ីស្រាអែល ដោយ​ទាមទារ​ឲ្យ​យក​ទឹកដី​ប៉ាឡេស្ទីន​ទាំងអស់​បង្កើត​ជា​រដ្ឋ​តែមួយ សម្រាប់​ពួក​អារ៉ាប់។ អ៊ីស្រាអែលវិញ​​​បាន​ទទួល​ស្វាគមន៍​ចំពោះ​​​ដំណោះស្រាយ​របស់​​​អ.ស.ប. ហើយ​មេដឹកនាំ​ពួកជ្វីហ្វ​នៅ​ប៉ាឡេស្ទីន គឺ​លោក David Ben-Gourion ក៏​បាន​ប្រកាស​បង្កើត​រដ្ឋ​​អ៊ីស្រាអែល​ជាផ្លូវការ នៅថ្ងៃ​ទី១៤ ខែ​ឧសភា ឆ្នាំ​១៩៤៨។ មួយថ្ងៃ​ក្រោយ​ការ​ប្រកាស​បង្កើត​រដ្ឋ​អ៊ីស្រាអែល បណ្តា​ប្រទេស​អារ៉ាប់ ដែល​នៅ​ជុំវិញ​នោះ គឺ​រួមមាន អេហ្ស៊ីប ស៊ីរី ហ្សកដានី លីបង់ និងអ៊ីរ៉ាក់ ក៏​បាន​នាំគ្នា​​លើកទ័ព​បើក​ការ​វាយប្រហារ​លើ​អ៊ីស្រាអែល។
 
សង្រ្គាម​នេះ​ត្រូវ​បាន​គេ​ឲ្យឈ្មោះ​ថា សង្រ្គាម​អារ៉ាប់-អ៊ីស្រាអែល​លើកទី១ ហើយ​មាន​រយៈពេល​ជាង ៩ខែ។ ជាលទ្ធផល គឺ​អ៊ីស្រាអែល​ជា​អ្នក​ទទួល​ជោគជ័យ។ រដ្ឋ​អ៊ីស្រាអែល​ត្រូវ​បាន​បណ្តា​ប្រទេស​ជាច្រើន​ទទួល​ស្គាល់​ជាផ្លូវការ។ ចំណែក​ឯ​រដ្ឋ​​ប៉ាឡេស្ទីនវិញ​នៅតែ​មិន​អាច​បង្កើត​បាន រហូតមកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ៕