សង្រ្គាមរវាងអ៊ីស្រាអែល និងប្រទេសអារ៉ាប់
នៅក្រោយការបង្កើតរដ្ឋអ៊ីស្រាអែល
នៅឆ្នាំ១៩៤៨ សង្រ្គាមបានកើតមានឡើងជាច្រើនលើក រវាងអ៊ីស្រាអែល និងបណ្តាប្រទេសអារ៉ាប់
ដែលប្រឆាំងនឹងការបែងចែកទឹកដីប៉ាឡេស្ទីនជាពីររដ្ឋ គឺរដ្ឋអ៊ីស្រាអែល
សម្រាប់ពួកជ្វីហ្វ និងរដ្ឋប៉ាឡេស្ទីន សម្រាប់ពួកអារ៉ាប់
ទៅតាមសេចក្តីសម្រេចរបស់អ.ស.ប។
សង្រ្គាមលើកទី១ ដែលអ៊ីស្រាអែលហៅថា
“សង្រ្គាមឯករាជ្យ” បានកើតមានឡើងនៅឆ្នាំ១៩៤៨
មួយថ្ងៃក្រោយពីអ៊ីស្រាអែលប្រកាសបង្កើតរដ្ឋឯករាជ្យ ដោយនៅពេលនោះ កងទ័ពអារ៉ាប់មកពីប្រទេសអេហ្ស៊ីប
ហ្សកដានី លីបង់ ស៊ីរី និងអ៊ីរ៉ាក់ ព្រមទាំងកងកម្លាំងប្រដាប់អាវុធរបស់ប៉ាឡេស្ទីន
បានរួមដៃគ្នាបើកការវាយប្រហារទៅលើអ៊ីស្រាអែល។ នៅក្នុងសង្រ្គាមនេះ អ៊ីស្រាអែលថ្វីដ្បិតតែមានតែម្នាក់ឯង
ក៏ប៉ុន្តែ មានកម្លាំងទ័ពខ្លាំងជាងប្រទេសអារ៉ាប់ ហើយក្រោយពីបានវាយប្រយុទ្ធគ្នាអស់រយៈពេលជាង
៩ខែ បណ្តាប្រទេសអារ៉ាប់ក៏សុខចិត្តចុះចាញ់ ហើយចុះកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម
នៅឆ្នាំ១៩៤៩។ កិច្ចព្រមព្រៀងនេះបានកំណត់នូវព្រំដែនបណ្តោះអាសន្នមួយ ដែលក្រោយមកត្រូវបានអ.ស.បទទួលស្គាល់ជាព្រំដែនស្របច្បាប់របស់រដ្ឋ
អ៊ីស្រាអែល។ ខ្សែបន្ទាត់ព្រំដែននេះ ដែលគេតែងតែហៅថា “បន្ទាត់បៃតង” (Green Line/Ligne verte) បានកាត់យកទឹកដីជាច្រើន
ដែលកាលពីមុនត្រូវបានអ.ស.បបែងចែកទុកធ្វើជាទឹកដីរដ្ឋប៉ាឡេស្ទីន។
ជាលទ្ធផល បណ្តាប្រទេសអារ៉ាប់មិនត្រឹមតែមិនអាចកម្ចាត់អ៊ីស្រាអែលចេញពី
តំបន់ដើមបូព៌ាដូចក្តីបំណងនោះទេ តែថែមទាំងត្រូវអ៊ីស្រាអែលវាយបំបាក់ឲ្យបរាជ័យ
ហើយពង្រីកទឹកដីបានកាន់តែធំលើសពីអ្វីដែលបានកំណត់នៅក្នុង សេចក្តីសម្រេចរបស់អ.ស.ប
កាលពីឆ្នាំ១៩៤៧ទៅទៀត។ សម្រាប់ប៉ាឡេស្ទីនវិញ រដ្ឋឯករាជ្យក៏មិនអាចបង្កើតឡើងបាន
ដោយទឹកដីមួយផ្នែកត្រូវអ៊ីស្រាអែលកាត់យក ចំណែកឯទឹកដីដែលនៅសេសសល់ត្រូវស្ថិតក្រោមការកាន់កាប់របស់ប្រទេស
អារ៉ាប់គ្នាឯង គឺតំបន់ហ្កាហ្សាស្ថិតក្រោមការកាន់កាប់របស់អេហ្ស៊ីប ចំណែកតំបន់
West Bank ឬ Cisjordanie
ត្រូវស្ថិតក្រោមការកាន់កាប់របស់ហ្សកដានី។
ប្រជាជនប៉ាឡេស្ទីនជាង ៧០ម៉ឺននាក់ ដែលរត់ភៀសខ្លួនក្នុងអំឡុងសង្រ្គាម ក៏មិនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
ដោយស្រុកភូមិរបស់ពួកគេត្រូវក្លាយជាទឹកដីអ៊ីស្រាអែល។ សិទ្ធិវិលត្រឡប់របស់ជនភៀសខ្លួនប៉ាឡេស្ទីននេះហើយ
ដែលជាបញ្ហាចម្រូងចម្រាសដ៏ចម្បងមួយ នៅក្នុងការចរចាសន្តិភាព រវាងអ៊ីស្រាអែល
និងប៉ាឡេស្ទីន រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ។
នៅឆ្នាំ១៩៥៦
(៧ឆ្នាំក្រោយពីសង្រ្គាមទី១ត្រូវបញ្ចប់) សង្រ្គាម រវាងអ៊ីស្រាអែល
និងប្រទេសអារ៉ាប់បានផ្ទុះឡើងសាជាថ្មីម្តងទៀត គឺសង្រ្គាមទល់នឹងអេហ្ស៊ីប
ក៏ប៉ុន្តែ លើកនេះ គឺអ៊ីស្រាអែល ដែលបានចូលដៃជាមួយបារាំង និងអង់គ្លេស ចូលឈ្លានពានទឹកដីអេហ្ស៊ីប
នៅក្នុងវិបត្តិព្រែកជីកស៊ុយអេ (Suez)។
នៅក្នុងសង្រ្គាមនេះ
បើនិយាយខាងផ្នែកយោធា អ៊ីស្រាអែល អង់គ្លេស និងបារាំង គឺជាអ្នកទទួលជោគជ័យ ដោយអាចវាយដណ្តើមកាន់កាប់ទីតាំងសំខាន់ៗរបស់អេហ្ស៊ីប
ជាពិសេស អ៊ីស្រាអែលបានវាយដណ្តើមកាន់កាប់តំបន់ស៊ីណៃ។ ក៏ប៉ុន្តែ ខាងផ្នែកនយោបាយ
និងការទូតវិញ ប្រទេសទាំង ៣នេះត្រូវទទួលរងនូវការរិះគន់ពីគ្រប់ទិសទី។ សូម្បីតែសហរដ្ឋអាមេរិក
ដែលជាសម្ព័ន្ធមិត្តក៏រិះគន់សកម្មភាពឈ្លានពានទៅលើអេហ្ស៊ីបនេះដែរ។ ចំណែកបណ្តាប្រទេសអារ៉ាប់
ដែលកំពុងតែមិនចូលចិត្តអ៊ីស្រាអែលស្រាប់ ក៏កាន់តែស្អប់អ៊ីស្រាអែលខ្លាំងឡើងថែមទៀត។
ទាហានអ៊ីស្រាអែលលើកទង់ជាតិ ក្រោយទទួលជ័យជម្នះក្នុងសង្រ្គាមជាមួយប្រទេសអារ៉ាប់ នៅឆ្នាំ១៩៤៨-១៩៤៩ |
នៅខែឧសភា ឆ្នាំ១៩៦៧
នៅក្នុងពេលដែលទំនាក់ទំនង រវាងអ៊ីស្រាអែល និងប្រទេសអារ៉ាប់ជិតខាងកំពុងតែស្ថិតក្នុងសភាពតានតឹងខ្លាំងស្រាប់
អេហ្ស៊ីបបានទទួលព័ត៌មានខុសពីទីភ្នាក់ងារចារកិច្ចសូវៀតថា អ៊ីស្រាអែលកំពុងប្រមូលកម្លាំងទ័ពយ៉ាងច្រើនសន្ធឹកសន្ធាប់
នៅក្បែរព្រំដែនស៊ីរី។ អេហ្ស៊ីប ដែលបានចុះសន្ធិសញ្ញាការពារជាតិជាមួយស៊ីរី ក៏បានប្រមូលកម្លាំងទ័ពឲ្យចូលមកក្បែរព្រំដែនអ៊ីស្រាអែល
ព្រមទាំងបានបណ្តេញកងកម្លាំងមួកខៀវរបស់អ.ស.បឲ្យចេញពីតំបន់ស៊ីណៃ និងហ្កាហ្សា។
នៅថ្ងៃទី៥ ខែមិថុនា
សង្រ្គាមក៏បានផ្ទុះឡើង រវាងម្ខាងអ៊ីស្រាអែល និងម្ខាងទៀត អេហ្ស៊ីប ស៊ីរី និងហ្សកដានី។
សង្រ្គាមអ៊ីស្រាអែល-អារ៉ាប់ លើកទី៣នេះមានរយៈពេលតែ ៦ថ្ងៃប៉ុណ្ណោះ។ ហេតុដូច្នេះហើយបានជាគេច្រើនហៅថា
“សង្រ្គាម៦ថ្ងៃ”។ ជាថ្មីម្តងទៀត
គឺអ៊ីស្រាអែលជាអ្នកទទួលជោគជ័យ ដោយបានវាយដណ្តើមកាន់កាប់ទឹកដីហ្កាហ្សា និង
West Bank/Cisjordanie របស់ប៉ាឡេស្ទីន តំបន់ស៊ីណៃរបស់អេហ្ស៊ីប និងតំបន់ខ្ពង់រាប Golan
របស់ស៊ីរី។ និយាយជារួម
អ៊ីស្រាអែលបានពង្រីកទឹកដីរបស់ខ្លួនមួយជាបី។ ក៏ប៉ុន្តែ
ទឹកដីដែលអ៊ីស្រាអែលទើបនឹងដណ្តើមកាន់កាប់ថ្មីនេះ មិនត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិនោះទេ។
នៅថ្ងៃទី២២ វិច្ឆិកា ១៩៦៧ ក្រុមប្រឹក្សាសន្តិសុខអ.ស.បបានចេញសេចក្តីសម្រេចមួយ (សេចក្តីសម្រេចលេខ ២៤២)
ទាមទារឲ្យអ៊ីស្រាអែលដកថយចេញពីដែនដី ដែលខ្លួនទើបនឹងដណ្តើមកាន់កាប់
ក្នុងសង្រ្គាម ៦ថ្ងៃ ដោយវិលត្រឡប់ទៅរកបន្ទាត់ព្រំដែនចាស់ (បន្ទាត់បៃតង) ដែលកំណត់ដោយកិច្ចព្រមព្រៀងកាលពីឆ្នាំ១៩៤៩។
ជាថ្នូរមកវិញ ប្រទេសអារ៉ាប់ដែលជាប់ជម្លោះត្រូវចុះសន្ធិសញ្ញាសន្តិភាពជាមួយនឹង
អ៊ីស្រាអែល។
លើកលែងតែប្រទេសស៊ីរីមួយចេញ
ប្រទេសជាប់ជម្លោះទាំងអស់ ដោយរួមទាំងអ៊ីស្រាអែលផង សុទ្ធតែសុខចិត្តទទួលយកសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ
អ.ស.ប។ ក៏ប៉ុន្តែ ការបកស្រាយផ្សេងគ្នាបានធ្វើឲ្យការអនុវត្តសេចក្តីសម្រេចនេះត្រូវ
ជាប់គាំង ដោយប្រទេសអារ៉ាប់ទាមទារឲ្យអ៊ីស្រាអែលដកទ័ពចេញពីទឹកដីរបស់គេ ជាមុន
ទើបសុខចិត្តបើកការចរចាលើសន្ធិសញ្ញាសន្តិភាព ចំណែកអ៊ីស្រាអែលវិញទាមទារឲ្យប្រទេសអារ៉ាប់ទទួលស្គាល់រដ្ឋ
អ៊ីស្រាអែល និងចុះសន្ធិសញ្ញាសន្តិភាពជាមួយគ្នាជាមុន ទើបសុខចិត្តដកទ័ព។
នៅថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៧៣
នៅក្នុងពេលដែលការចរចាត្រូវជាប់គាំង អេហ្ស៊ីប និងស៊ីរី ក៏បានបើកការវាយប្រហារទៅលើអ៊ីស្រាអែល
ក្នុងគោលដៅដណ្តើមតំបន់ស៊ីណៃ និងខ្ពង់រាប Golan ពីអ៊ីស្រាអែលមកវិញ។ សង្រ្គាមនេះត្រូវបានគេឲ្យឈ្មោះថា
“សង្រ្គាមយ៉ុមគីពួរ” (Yom Kippour) ដោយសារតែវាកើតឡើង
នៅចំថ្ងៃយ៉ុមគីពួរ ដែលជាថ្ងៃបុណ្យសាសនាដ៏ធំរបស់ពួកជ្វីហ្វ។
សង្រ្គាមយ៉ុមគីពួរនេះ ក៏បានបង្កឲ្យមានការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងដែរ
រវាងសហរដ្ឋអាមេរិក ដែលគាំទ្រអ៊ីស្រាអែល និងសហភាពសូវៀត ដែលគាំទ្រអេហ្ស៊ីប។
ក្រោយពីមានការចរចាសម្រុះសម្រូលគ្នា
សហរដ្ឋអាមេរិក និងសហភាពសូវៀត ក៏បានព្រមព្រៀងឲ្យក្រុមប្រឹក្សាសន្តិសុខអ.ស.ប
ចេញសេចក្តីសម្រេចមួយបង្គាប់ឲ្យអ៊ីស្រាអែល អេហ្ស៊ីប និងស៊ីរី ចុះកិច្ចព្រមព្រៀងឈប់បាញ់
ដើម្បីបញ្ចប់សង្រ្គាម។ បទឈប់បាញ់ ដែលត្រូវភាគីជម្លោះទទួលយក នៅថ្ងៃទី២៥
ខែតុលា។
សង្រ្គាមយ៉ុមគីពួរ ត្រូវបានគេចាត់ទុកថាជាសង្រ្គាមទ្រង់ទ្រាយធំលើកចុងក្រោយ
រវាងអ៊ីស្រាអែល និងប្រទេសអារ៉ាប់។ ក៏ប៉ុន្តែ ក្រោយៗមកទៀត សង្រ្គាមក្នុងទ្រង់ទ្រាយតូចៗផ្សេងទៀតបានកើតមានឡើងជាញឹកញាប់
រវាងអ៊ីស្រាអែល និងលីបង់ ឬអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីន។ ការងើបឡើងបះបោររបស់ប្រជាជនប៉ាឡេស្ទីន
ដែលគេហៅតាមភាសាអារ៉ាប់ថា “អ៊ីនទីហ្វាដា” ដើម្បីប្រឆាំងនឹងអ៊ីស្រាអែលក៏បានកើតឡើងចំនួនពីរលើកផងដែរ
គឺលើកទី១ ពីឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩៣ និងលើកទី២ នៅឆ្នាំ២០០០ ដោយអ៊ីនទីហ្វាដាមួយលើកៗបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ត្រូវ
បាត់បង់ជីវិត
ភាគច្រើន
គឺជនស៊ីវិលប៉ាឡេស្ទីន។
ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន មិនមែនដូចកុនល្ខោន ដែលមានម្ខាងជាតួចិត្តល្អ
ហើយម្ខាងទៀតជាតួចិត្តអាក្រក់នោះទេ ក៏ប៉ុន្តែ វាជាសោកនាដកម្មមួយ ដែលភាគីម្ខាងៗសុទ្ធតែមានហេតុផលសមរម្យរៀងៗខ្លួន។ ម្ខាងៗសុទ្ធតែជាជនរងគ្រោះផង
និងជាអ្នកបង្ករឿងផង។ កាលពីដំបូង អ៊ីស្រាអែលទទួលយកនូវដំណោះស្រាយរបស់អ.ស.ប ដែលបែងចែកទឹកដីប៉ាឡេស្ទីនជារដ្ឋឯករាជ្យពីរ
គឺរដ្ឋអ៊ីស្រាអែល និងរដ្ឋប៉ាឡេស្ទីន ក៏ប៉ុន្តែ គឺភាគីប៉ាឡេស្ទីន និងប្រទេសអារ៉ាប់ដែលមិនព្រម ដោយចង់បានទឹកដីប៉ាឡេស្ទីនទាំងមូលសម្រាប់តែខ្លួនឯង ហើយនាំគ្នាលើកទ័ពមកវាយប្រហារលើអ៊ីស្រាអែល។
បច្ចុប្បន្ននេះ ប៉ាឡេស្ទីនចង់បានត្រឹមតែសុខសន្តិភាព និងអាចបង្កើតរដ្ឋឯករាជ្យមួយផ្ទាល់ខ្លួននឹងគេ
ក៏ប៉ុន្តែ គឺអ៊ីស្រាអែលវិញម្តងដែលចេះតែយកជើងរាទឹកមិនឲ្យរដ្ឋប៉ាឡេស្ទីននេះ បង្កើតឡើងបាន។
អ៊ីស្រាអែលចេះតែបន្ត និងពង្រីកអាណានិគមទៅលើទឹកដីរបស់ប៉ាឡេស្ទីន ដោយរំលោភទៅលើច្បាប់អន្តរជាតិ និងផ្គើននឹងការទាមទាររបស់សហគមន៍អន្តរជាតិ ធ្វើឲ្យជម្លោះដ៏រ៉ាំរ៉ៃមួយនេះមិនអាចរកដំណោះស្រាយចេញរួច។ នៅទីចុងបំផុត
អ្នកដែលរងទុក្ខវេទនាខ្លាំងជាងគេ គឺប្រជាជនស៊ីវិលប៉ាឡេស្ទីន ដែលរងគ្រោះដោយអំពើជិះជាន់របស់អ៊ីស្រាអែល រងគ្រោះដោយកត្តាភូមិសាស្រ្តនយោបាយនិងការប្រជែងគ្នា រវាងមហាអំណាចអ៊ីស្លាមស៊ុននីត
និងស្ហ៊ីអ៊ីតនៅក្នុងតំបន់ រងគ្រោះដោយសារនយោបាយរបស់មេដឹកនាំប៉ាឡេស្ទីនខ្លួនឯងផ្ទាល់៕