ការឡើងកាន់អំណាចនៃបក្សកុម្មុយនិស្តចិន ឆ្នាំ១៩៤៩
នៅឆ្នាំ១៩៣៩ នៅពេលដែលសង្រ្គាមលោកលើកទី២ចាប់ផ្តើមផ្ទុះឡើង ប្រទេសចិនត្រូវបែងចែកជា៣ផ្នែក៖ មួយផ្នែកខាងកើតស្ថិតក្រោមការកាន់កាប់របស់ជប៉ុន ខាងលិចនិងខាងត្បូងស្ថិតក្រោមការកាន់កាប់របស់កងទ័ពរដ្ឋាភិបាល ជាតិនិយមគួមីនតាង ដឹកនាំដោយ ចាង កាយចៀក ចំណែកពួកកុម្មុយនិស្តគ្រប់គ្រងតំបន់តូចមួយ នៅប៉ែកពាយ័ព្យ។
ជាផ្លូវការ
រដ្ឋាភិបាលគួមីនតាងរបស់ចាង កាយចៀក និងកងឧទ្ទាមកុម្មុយនិស្តរបស់ម៉ៅ សេទុង
គឺជាសម្ព័ន្ធមិត្តនឹងគ្នា។ ក៏ប៉ុន្តែ
សម្ព័ន្ធភាពនេះធ្វើឡើងដោយសារទេកាលៈទេសៈតម្រូវ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនតែប៉ុណ្ណោះ
ហើយវាក៏ជាសម្ព័ន្ធភាពដែលមានតែឈ្មោះផងដែរ ដោយនៅក្នុងភាពពិតជាក់ស្តែង
រដ្ឋាភិបាលជាតិនិយម និងក្រុមកុម្មុយនិស្ត គឺជាគូសត្រូវស៊ីសាច់ហុតឈាមនឹងគ្នា។
ម៉ៅសេទុង ក្នុងពេលប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងប៉េកាំង នៅថ្ងៃទី១ តុលា ឆ្នាំ១៩៤៩ |
នៅក្នុងអំឡុងសង្រ្គាមលោកលើកទី២ បក្សកុម្មុយនិស្តចិនមានកងទ័ពប្រមាណជា
១លាននាក់ និងគ្រប់គ្រងដែនដីដែលមានប្រជាជនប្រមាណជា ១០០លាននាក់។ បក្សកុម្មុយនិស្តក្រោមការដឹកនាំរបស់ម៉ៅសេទុង
បានគ្រប់គ្រងដែនដីរបស់ខ្លួន ដោយប្រើវិធីក្តៅផង និងត្រជាក់ផង។ វិធីក្តៅ
គឺតាមរយៈការដាក់ចេញនូវវិន័យយ៉ាងតឹងរ៉ឹង អមដោយការដាក់ទោសយ៉ាងធ្ងន់ធ្ងរចំពោះអ្នកល្មើសនឹងវិន័យ។
ចំណែកវិធីត្រជាក់ គឺការអប់រំ បំពាក់បំប៉នមនោគមន៍វិជ្ជាឲ្យប្រជាជនចេះលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន
ដើម្បីបក្ស និងរដ្ឋ។ វិធីដឹកនាំនេះ បូករួមជាមួយនឹងភាពវ័យឆ្លាតខាងយុទ្ធសាស្រ្តទ័ព
និងនយោបាយរបស់ម៉ៅសេទុង ព្រមទាំងភាពប្តូរផ្តាច់ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់
ជប៉ុន បានធ្វើឲ្យបក្សកុម្មុយនិស្តចិនទទួលបាននូវការគាំទ្រពីប្រជាជន ព្រមទាំងបានទាក់ទាញយុវជនក្មេងៗរាប់ម៉ឺននាក់ឲ្យចូលជាសមាជិកបក្ស។
ក្រឡេកទៅមើលកម្លាំងទ័ពរបស់ចាង
កាយចៀកវិញ ថ្វីដ្បិតតែទទួលបានជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសហរដ្ឋអាមេរិក
និងមានចំនួនកងទ័ពច្រើន ក៏ប៉ុន្តែ ច្រើនតែចំនួន ហើយខ្វះគុណភាព។ មេដឹកនាំកងទ័ពត្រូវបានតែងតាំងឡើងតែទៅតាមបក្សពួក
ដោយមិនខ្វល់ពីសមត្ថភាព ហើយអំពើពុករលួយបានកើតមានឡើងពាសពេញក្នុងជួរមេដឹកនាំកងទ័ព។
មេទ័ពភាគច្រើននាំគ្នាបំប៉ោងចំនួនកូនទាហាន ព្រមទាំងកាត់យករបបរបស់កូនទាហានយកទៅលក់នៅក្នុងផ្សារងងឹត
ដោយទុកឲ្យកងទ័ពដែលនៅតាមសមរភូមិត្រូវខ្វះស្បៀង និងគ្រឿងសព្វាវុធ ហើយត្រូវបាត់បង់ស្មារតីប្រយុទ្ធ។
ជាទូទៅ គេសង្កេតឃើញថា ទាហានរបស់ចាង កាយចៀក ត្រូវស្លាប់ និងធ្លាក់ចុះទន់ខ្សោយ
ដោយសារការខ្វះស្បៀង និងជំងឺ
ជាជាងស្លាប់ដោយត្រូវគ្រាប់កាំភ្លើងរបស់សត្រូវ។ សូម្បីតែមន្រ្តីយោធាជាន់ខ្ពស់របស់សហរដ្ឋអាមេរិកដែលជា
សម្ព័ន្ធមិត្ត ក៏ធ្លាប់បានរិះគន់ ចាង កាយចៀកដែរ ថា ជាមេដឹកនាំដែលគិតតែពីអំណាចផ្ទាល់ខ្លួន
និងពីជម្លោះជាមួយពួកកុម្មុយនិស្ត ច្រើនជាងគិតពីការប្រយុទ្ធប្រឆាំងនឹងអំពើឈ្លានពានរបស់ជប៉ុន។
នៅក្រោយសង្រ្គាមលោកលើកទី២
នៅពេលដែលជប៉ុនត្រូវទទួលបរាជ័យ ហើយត្រូវដកខ្លួនថយចេញពីចិន សហរដ្ឋអាមេរិកចាប់ផ្តើមបារម្ភខ្លាចសង្រ្គាមស៊ីវិល
រវាងរដ្ឋាភិបាលចាង កាយចៀក និងក្រុមឧទ្ទាមកុម្មុយនិស្តត្រូវផ្ទុះឡើងវិញ ក៏បានបញ្ជូនមន្រ្តីយោធាកំពូលម្នាក់
គឺឧត្តមសេនីយ៍ George Marshall ឲ្យទៅចិន ដើម្បីព្យាយាមសម្របសម្រួលជម្លោះ រវាងភាគីទាំងពីរ។ ក៏ប៉ុន្តែ
បេសកកម្មនេះត្រូវទទួលបរាជ័យ ហើយនៅឆ្នាំ១៩៤៧ សង្រ្គាមស៊ីវិលក៏បានឆាបឆេះឡើងយ៉ាងសន្ធោរសន្ធៅ។
នៅពេលនោះ សហរដ្ឋអាមេរិក ថ្វីដ្បិតតែមិនចូលចិត្តការដឹកនាំរបស់ចាង កាយចៀក
ក៏ប៉ុន្តែ នៅតែសុខចិត្តផ្តល់ជំនួយយោធារាប់ពាន់លានដុល្លារដល់រដ្ឋាភិបាល គួមីនតាង
ដើម្បីធ្វើយ៉ាងណាទប់ស្កាត់កុំឲ្យចិនត្រូវធ្លាក់ក្រោមការ គ្រប់គ្រងរបស់បក្សកុម្មុយនិស្តចិន
ដែលនៅពេលនោះទទួលបានជំនួយពីសហភាពសូវៀត។
បើគេពិនិត្យមើលទៅលើតុល្យភាពនៃកម្លាំង
នៅក្នុងសង្រ្គាមស៊ីវិលនេះ គេឃើញថា កងទ័ពរបស់រដ្ឋាភិបាលគួមីនតាង មានចំនួនច្រើនជាងកងកម្លាំងឧទ្ទាមកុម្មុយនិស្តដល់ទៅ៤ដង (ទាហានរដ្ឋាភិបាលមាន
៤លាននាក់ ចំណែកកម្លាំងឧទ្ទាមកុម្មុយនិស្តមានតែ ១លាននាក់)
ហើយគ្រឿងសព្វាវុធរបស់កងទ័ពរដ្ឋាភិបាលក៏មានច្រើន និងទំនើបជាង
ដោយសារតែមានជំនួយពីសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ
បើទោះបីជាយ៉ាងនេះក៏ដោយកងទ័ពរបស់ ចាង កាយចៀក ដែលខ្វះវិន័យ ហើយមេទ័ពគ្មានសមត្ថភាព
ត្រូវទទួលបរាជ័យជាបន្តបន្ទាប់នៅក្នុងសមរភូមិ។ នៅឆ្នាំ១៩៤៨ កងកម្លាំងរបស់ម៉ៅសេទុងបានវាយដណ្តើមកាន់កាប់តំបន់ម៉ាន់ជូរី
ដោយបានចាប់ខ្លួនទាហានរបស់រដ្ឋាភិបាលប្រមាណជា ៤០ម៉ឺននាក់ ដែលសុទ្ធសឹងជាទាហានឆ្នើម
ប្រដាប់ដោយគ្រឿងសព្វាវុធទំនើបៗ។ ប៉ុន្មានខែក្រោយមកទៀត
កងទ័ពរដ្ឋាភិបាលមួយក្រុមផ្សេងទៀត ដែលមានគ្នាប្រមាណ ៤៦ម៉ឺននាក់ ត្រូវបានក្រុមឧទ្ទាមកុម្មុយនិស្តធ្វើការឡោមព័ទ្ធជុំជិត។
ដោយបារម្ភខ្លាចទាហានទាំងអស់នេះ រួមទាំងគ្រឿងសព្វាវុធទំនើបៗរបស់ពួកគេត្រូវក្រុមកុម្មុយនិស្ត
ចាប់បាន ដូចកាលពីនៅម៉ាន់ជូរី ចាង កាយចៀក ក៏មានគម្រោងប្រើយន្តហោះចម្បាំង ដើម្បីទម្លាក់គ្រាប់បែកកម្ទេចទីតាំងទ័ពរបស់ខ្លួនឯង។
ដឹងពីគម្រោងនេះ កងទ័ពដែលស្ថិតនៅក្រោមការឡោមព័ទ្ធ ក៏សុខចិត្តទម្លាក់អាវុធ
ហើយចុះចូលជាមួយនឹងក្រុមឧទ្ទាមកុម្មុយនិស្ត។
ចាប់តាំងពីពេលនោះមក
តុល្យភាពកម្លាំងទ័ពក៏ត្រូវផ្អៀងកាន់តែខ្លាំង ទៅខាងបក្សកុម្មុយនិស្តចិន។
ក្នុងពេលជាមួយគ្នានោះ រដ្ឋាភិបាលសាធារណរដ្ឋចិនរបស់ចាង កាយចៀក ក៏ធ្លាក់ចុះទន់ខ្សោយខាងផ្នែកនយោបាយយ៉ាងខ្លាំងផងដែរ
ដោយបាត់បង់នូវការគាំទ្រពីសំណាក់ប្រជាជនចិនទូទៅ។ ក្រៅពីបញ្ហាពុករលួយដែលកើតមានស៊ីរូង
នៅគ្រប់ជាន់ថ្នាក់ ក្នុងជួររដ្ឋាភិបាល ប្រជាប្រិយភាពរបស់ចាង កាយចៀក
ត្រូវធ្លាក់ចុះខ្លាំង ដោយមកពីអសមត្ថភាពក្នុងការគ្រប់គ្រងសេដ្ឋកិច្ចជាតិ ជាពិសេស
គឺបញ្ហាអតិផរណា។ ចាប់តាំងពីចប់សង្រ្គាមលោកលើកទី២ រហូតដល់ពាក់កណ្តាលឆ្នាំ១៩៤៨
តម្លៃទំនិញសព្វសារពើមានការកើនឡើង ១គុណនឹង៦៧។ គ្រាន់តែក្នុងរយៈពេល
៦ខែចុងក្រោយនៃឆ្នាំ១៩៤៨ តម្លៃទំនិញបានកើនឡើងរហូតដល់ទៅ ៨ម៉ឺន៥ពាន់ដង ហើយលុយត្រូវធ្លាក់ចុះថោកដូចក្រដាស។
នៅខែមេសា ឆ្នាំ១៩៤៩ កងទ័ពឧទ្ទាមកុម្មុយនិស្តបានវាយចូលកាន់កាប់ក្រុងណានជីង
ដែលជារដ្ឋធានីរបស់សាធារណរដ្ឋចិន ហើយចាង កាយចៀក និងរដ្ឋាភិបាលគួមីនតាងក៏រត់ភៀសខ្លួនទៅតាំងមូលដ្ឋាននៅក្វាងទុង
រួចហើយទៅស៊ីឈ័ន មុននឹងរត់ភៀសខ្លួនទៅកាន់កោះតៃវ៉ាន់ ដោយនាំទៅជាមួយនូវមន្រ្តី
កងទ័ព ព្រមទាំងសាច់ញាតិប្រមាណជាជិត២លាននាក់។ ចិនដីគោកទាំងមូលត្រូវធ្លាក់ក្រោមការគ្រប់គ្រងរបស់បក្ស
កុម្មុយនិស្តចិន ហើយនៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ ម៉ៅសេទុងបានប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិន
ដោយបានរើរដ្ឋធានីពីណានជីង ទៅតាំងនៅប៉េកាំង។
នៅឯកោះតៃវ៉ាន់ឯណោះវិញ ចាង កាយចៀក បានប្រកាសយកក្រុងតៃប៉ិជារដ្ឋធានីបណ្តោះអាសន្នរបស់សាធារណរដ្ឋចិន ហើយបន្តអះអាងថា រដ្ឋាភិបាលរបស់លោក គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ប្រទេសចិនទាំងមូល៕