ចិនក្រោមការដឹកនាំរបស់ម៉ៅសេទុងក្រោយជ័យជម្នះឆ្នាំ១៩៤៩
សាធារណរដ្ឋប្រជាមានិតចិន (ចិនកុម្មុយនិស្ត) ត្រូវបានម៉ៅសេទុងប្រកាសបង្កើតឡើង នៅទីក្រុងប៉េកាំង នៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ ក្រោយពីបានបណ្តេញរដ្ឋាភិបាលគួមីនតាង របស់ចាង កាយចៀកឲ្យធ្លាក់ពីអំណាច ហើយរត់ទៅបង្កើតរដ្ឋាភិបាលនិរទេស នៅកោះតៃវ៉ាន់។
ការឡើងមកកាន់អំណាចរបស់បក្សកុម្មុយនិស្តចិនបានកើតឡើង
ដោយសារតែចរន្តបី នៃសាធារណមតិចិន ដែលវេញបញ្ចូលគ្នា៖
នៅក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត ប្រជាជនចិនទាំងអស់ត្រូវបានគេបែងចែកជាវណ្ណៈកសិករ វណ្ណៈមធ្យម និងវណ្ណៈអភិជនម្ចាស់ដី ហើយរដ្ឋាភិបាលកុម្មុយនិស្តចិនតែងតែរៀបចំឲ្យមានកិច្ចប្រជុំជា សាធារណៈ ដើម្បីបើកឲ្យវណ្ណៈកសិករធ្វើការរិះគន់ពួកអភិជន ព្រមទាំងដាក់សម្ពាធឲ្យពួកគេសារភាពនូវទោសកំហុសពីអតីតកាល ឬបោះបង់នូវដីធ្លី ឬទ្រព្យសម្បត្តិផ្សេងទៀត ដើម្បីយកទៅដាក់ជាសម្បត្តិរួម។
- ទីមួយ ចលនាជាតិនិយមចិនប្រឆាំងនឹងបរទេស ដែលបានកើតមានឡើងចាប់តាំងពីសង្រ្គាមអាភៀន នៅអំឡុងសតវត្សរ៍ទី១៩
- ទីពីរ ការចងអាឃាតរវាងវណ្ណៈខ្ពស់ទាប ជាពិសេស រវាងវណ្ណៈកសិករ និងអភិជនម្ចាស់ដី
- ទីបី ការខឹងសម្បាររបស់ប្រជាជនទូទៅគ្រប់វណ្ណៈទាំងអស់ចំពោះអំពើពុករលួយ និងអសមត្ថភាពរបស់របស់រដ្ឋាភិបាលគួមីនតាងរបស់ចាង កាយចៀក
នៅក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត ប្រជាជនចិនទាំងអស់ត្រូវបានគេបែងចែកជាវណ្ណៈកសិករ វណ្ណៈមធ្យម និងវណ្ណៈអភិជនម្ចាស់ដី ហើយរដ្ឋាភិបាលកុម្មុយនិស្តចិនតែងតែរៀបចំឲ្យមានកិច្ចប្រជុំជា សាធារណៈ ដើម្បីបើកឲ្យវណ្ណៈកសិករធ្វើការរិះគន់ពួកអភិជន ព្រមទាំងដាក់សម្ពាធឲ្យពួកគេសារភាពនូវទោសកំហុសពីអតីតកាល ឬបោះបង់នូវដីធ្លី ឬទ្រព្យសម្បត្តិផ្សេងទៀត ដើម្បីយកទៅដាក់ជាសម្បត្តិរួម។
នៅក្នុងចន្លោះពីឆ្នាំ១៩៤៩
ទៅឆ្នាំ១៩៥៧ ដីធ្លីកសិកម្មទាំងអស់នៅក្នុងប្រទេសចិនត្រូវបានរដ្ឋាភិបាល
កុម្មុយនិស្តរៀបចំដាក់ជាសម្បត្តិរួម ឬដាក់ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់សមូហភាព
ដែលគេឲ្យឈ្មោះថា “ក្រុមសាមគ្គីបង្កបង្កើនផល” ហើយផលដែលក្រុមសាមគ្គីផលិតបានត្រូវកាត់ឲ្យរដ្ឋពី
៥% ទៅ ១០%។
សកម្មភាពសេដ្ឋកិច្ចនៅតាមទីក្រុងវិញក៏ត្រូវដាក់ឲ្យស្ថិតក្រោម ការគ្រប់គ្រងរបស់បក្សកុម្មុយនិស្តផងដែរ ដោយគ្រប់សហគ្រាសឯកជនទាំងអស់ត្រូវរដ្ឋាភិបាលកុម្មុយនិស្តយកមកដាក់ ជាកម្មសិទ្ធិរបស់រដ្ឋ ហើយរាល់សកម្មភាពរកស៊ីជាលក្ខណៈឯកជនទាំងអស់ត្រូវដាក់ឲ្យនៅ ក្រៅច្បាប់។ អ្នកជំនួញណាដែលសុខចិត្តសហការជាមួយបក្សកុម្មុយនិស្ត ត្រូវបានរក្សាឲ្យនៅកាន់តំណែងនៅក្នុងក្រុមហ៊ុន តែក្នុងឋានៈជាបុគ្គលិករដ្ឋ។ ចំណែកឯអ្នកជំនួញដែលមិនព្រមសហការជាមួយបក្សកុម្មុយនិស្ត ត្រូវប្រឈមមុខនឹងការដាក់ទោស ហើយខ្លះក៏ត្រូវបង្ខំចិត្តចោលផ្ទះសម្បែង ចោលទ្រព្យសម្បត្តិ ដោយរត់ភៀសខ្លួនចេញទៅតៃវ៉ាន់ ឬហុងកុង។
និយាយពីទំនាក់ទំនងក្រៅប្រទេសវិញ សាធារណរដ្ឋប្រជាមានិតចិនមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងសហភាពសូវៀត ដែលជាប្រទេសកុម្មុយនិស្តដូចគ្នា។ នៅដើមឆ្នាំ១៩៥០ ម៉ៅសេទុង ដែលជាលេខាបក្ស និងជូ អេនឡាយ ដែលជានាយករដ្ឋមន្រ្តី បានធ្វើដំណើរទៅកាន់ទីក្រុងម៉ូស្គូ ដើម្បីចរចាចុះសន្ធិសញ្ញាមិត្តភាពជាមួយសហភាពសូវៀត។ តាមរយៈសន្ធិសញ្ញាមិត្តភាពនេះ សាធារណរដ្ឋប្រជាមានិតចិនទទួលបាននូវជំនួយជាច្រើនពីសំណាក់សហភាព សូវៀត។ យុវជនចិនប្រមាណជា ២ម៉ឺននាក់បានទទួលអាហារូបករណ៍ ដើម្បីទៅរៀននៅសហភាពសូវៀត ចំណែកសាស្រ្តាចារ្យ និងវិស្វករសូវៀតប្រមាណជា ១ម៉ឺននាក់ ត្រូវបានបញ្ជូនឲ្យមកបង្រៀន និងផ្តល់ប្រឹក្សាដល់អ្នកជំនាញចិន ក្នុងការសាងសង់ផ្លូវថ្នល់ ស្ពាន ទំនប់ និងរោងចក្រ។
សម្រាប់សហរដ្ឋអាមេរិក ការឡើងកាន់អំណាចរបស់ពួកកុម្មុយនិស្តនៅចិន គឺជាបរាជ័យដ៏ធំមួយនៃនយោបាយការបរទេសអាមេរិក នៅក្នុងសម័យកាលនោះ។ ក៏ប៉ុន្តែ បើទោះបីជាយ៉ាងនេះក៏ដោយ រដ្ឋការរបស់លោក Harry Truman បានទាញនូវក្តីសន្និដ្ឋានមួយថា រដ្ឋាភិបាលសាធារណរដ្ឋចិន ដឹកនាំដោយ ចាង កាយចៀក បានបាត់បង់ការគាំទ្រទាំងស្រុងពីសំណាក់ប្រជាជនចិន ដូច្នេះ រដ្ឋាភិបាលនេះមិនសក្តិសមនឹងទទួលជំនួយពីអាមេរិកតទៅទៀតទេ។
នៅឆ្នាំ១៩៥០ កងទ័ពកុម្មុយនិស្តចិនរៀបចំប្រុងប្រៀបខ្លួន ដើម្បីវាយលុកលើតៃវ៉ាន់ ក្នុងគោលដៅកម្ទេចរដ្ឋាភិបាលរបស់ចាង កាយចៀក ឈានទៅបញ្ចប់សង្រ្គាមស៊ីវិលឲ្យបានជាស្ថាពរ។ នៅពេលនោះ រដ្ឋាភិបាលក្រុងវ៉ាស៊ីងតោនបានកំណត់ថា អាមេរិកនឹងលែងលូកដៃចូលក្នុងសង្រ្គាមស៊ីវិលនេះតទៅទៀត ដោយចង់ទុកឲ្យតៃវ៉ាន់ប្រឈមមុខជាមួយចិនកុម្មុយនិស្តតែម្នាក់ឯង។ ក៏ប៉ុន្តែ អ្វីៗត្រូវផ្លាស់ប្តូរទាំងអស់ នៅពេលដែលសង្រ្គាមកូរ៉េផ្ទុះឡើង នៅខែមិថុនា ឆ្នាំ១៩៥០។
នៅក្នុងរយៈពេល៣ឆ្នាំ (១៩៥០-១៩៥៣) កងទ័ពអាមេរិក និងកងទ័ពកុម្មុយនិស្តចិន ត្រូវប្រឈមមុខដាក់គ្នាដោយផ្ទាល់ នៅក្នុងសង្រ្គាមកូរ៉េ ដោយអាមេរិកគាំទ្រកូរ៉េខាងត្បូង ហើយចិនគាំទ្រកូរ៉េខាងជើង។ នៅពេលនោះ បក្សកុម្មុយនិស្តចិនគិតថា អាមេរិកចង់យកសង្រ្គាមកូរ៉េមកធ្វើជាលេស ដើម្បីចូលឈ្លានពានចិន ក្នុងគោលដៅផ្តួលរំលំរបបកុម្មុយនិស្ត ហើយនាំចាង កាយចៀក មកកាន់អំណាចវិញ។ ចំណែកសហរដ្ឋអាមេរិកវិញគិតថា សង្រ្គាមកូរ៉េផ្ទុះឡើង គឺដោយសារតែចិនជាអ្នកដុតបញ្ឆេះឡើង ក្នុងគោលដៅពង្រីកឥទ្ធិពលកុម្មុយនិស្ត នៅក្នុងតំបន់។ ដូច្នេះ សម្រាប់អាមេរិក ចិនកុម្មុយនិស្តគឺជាគ្រោះថ្នាក់ដ៏ចម្បងមួយចំពោះចលនាប្រជាធិបតេយ្យ នៃប្លុកសេរី។ ហេតុដូច្នេះហើយបានជា នៅពេលដែលសង្រ្គាមកូរ៉េចាប់ផ្តើមផ្ទុះឡើង លោកប្រធានាធិបតីអាមេរិក Harry Truman បានបញ្ជូនកងទ័ពជើងទឹកអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិកឲ្យទៅឈរជើងនៅ ច្រកសមុទ្រដែលនៅចន្លោះតៃវ៉ាន់ និងចិនដីគោក ដោយផ្លាស់ប្តូរទាំងស្រុងនូវនយោបាយដែលបានដាក់ចេញពីពេលមុនដែលថានឹង មិនលូកដៃធ្វើអន្តរាគមន៍ នៅក្នុងសង្រ្គាម រវាងចិនកុម្មុយនិស្ត និងចិនតៃវ៉ាន់។
សង្រ្គាមកូរ៉េ គឺជាចំណុចរបត់ដ៏សំខាន់មួយ ដែលកំណត់អនាគតនៃទំនាក់ទំនងចិន-អាមេរិក នៅក្នុងរយៈពេលរាប់ទសវត្សរ៍ក្រោយៗមកទៀត។ នៅក្នុងរយៈពេលជិត ៣០ឆ្នាំ ក្រោយសង្រ្គាមកូរ៉េ សហរដ្ឋអាមេរិកបានបដិសេធមិនទទួលស្គាល់រដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតចិន ព្រមទាំងបានហាមឃាត់ពលរដ្ឋអាមេរិកមិនឲ្យធ្វើដំណើរឬធ្វើការរកស៊ី អ្វីទាំងអស់ជាមួយចិនដីគោក។ សម្រាប់អាមេរិក រដ្ឋាភិបាលស្របច្បាប់របស់ចិនមានតែមួយគត់ គឺរដ្ឋាភិបាលរបស់ចាង កាយចៀក នៅតៃវ៉ាន់ ដែលត្រូវបានគេប្រគល់សិទ្ធិឲ្យកាន់កាប់អាសនៈជាតំណាងប្រទេសចិននៅ ក្នុងក្រុមប្រឹក្សាសន្តិសុខអ.ស.ប។ មេដឹកនាំកុម្មុយនិស្តចិនវិញបានកំណត់ថា សហរដ្ឋអាមេរិក ដែលកាលពីក្នុងអំឡុងសង្រ្គាមលោកលើកទី២ ធ្លាប់ជាសម្ព័ន្ធមិត្តនឹងគ្នា ក្នុងការប្រយុទ្ធតទល់នឹងជប៉ុន តែឥឡូវនេះ គឺអាមេរិកដែលជាសត្រូវដ៏ធំបំផុតរបស់ចិន៕